ខេត្តស្ទឹងត្រែង ៖ពិតជារឿងដ៏ចម្លែក ខណៈដែលនារីម្នាក់លង់ទឹកអស់រយៈ៦ម៉ោង រួចផុសមករស់ឡើងវិញ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។
នារីរងគ្រោះមានឈ្មោះ ថែង ជីឡា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។ ឱពុកឈ្មោះ ផែង ថង ថែងអាយុ៤២ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ឃឿង យ៉ាន់អាយុ៤១ឆ្នាំ មុខរបរកសិករស់នៅភូមិកំភុន។
ប្រជាលរដ្ឋរស់នៅក្បែរខាងបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ក្មេងស្រីដែលបានលង់ទឹកទន្លេតាំងព្រឹកម៉ោង១១ថ្ងៃត្រង់ ហើយការមុជទឹករាវរកក្មេងស្រីរងគ្រោះនោះអស់រយៈជាច្រើនម៉ោងតែនៅរកមិនឃើញសោះ។ ប្រភពបន្តថា រហូតមកដល់ម៉ោង៤ និង៣០នាទីល្ងាចថ្ងៃដដែលក៏ស្រាប់តែនារីដែលបានលង់ទឹកនោះក៏ផុសពាក់កណ្ដាលខ្លួនឡើងធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង។
ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា នារីរងគ្រោះបានផុសពាក់កណ្ដាលខ្លួននៅក្នុងស្ថានភាពមិនដឹងខ្លួន ហើយក៏បានក្រុមគ្រួសារដឹកយកមកមណ្ឌលសុខភាពកំភុនដើម្បីជួយសង្គ្រោះ ប្រហែលជា១៥នាទីក្រោយមកនារីរងគ្រោះក៏ដឹងខ្លួនឡើងវិញ។
បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថា មានពស់ពីរក្បាលមកយកនាងទៅលេងអស់រយៈពេល៥ទៅ៦ម៉ោងរួចក៏អោយនាងត្រលប់មកវិញ។ ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា រឿងនេះគឺជាលើកទី១ហើយដែលបានកើតឡើងហើយក៏ជារឿងចម្លែកមួយដែលនៅក្នុងភូមិរបស់ពួកគាត់មិនដែលមានទាល់តែសោះ៕
អាមេរិក ៖កាលពីថ្ងៃចន្ទ លោក Donald Trump បានតែងតាំងកូនប្រសាប្រុសឈ្មោះ Jared Kushner ជាទីប្រឹក្សាជាន់ខ្ពស់សេតវិមានដោយសារតែគំនិតដ៏ទូលំទូលាយនៅពីក្រោយការឈ្នះឆ្នោតរបស់គាត់ប៉ុន្តែបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីច្បាប់ និងសីលធម៌។
អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនិងជាអ្នកបោះពុម្ភទស្សនាវដ្តីវ័យ៣៦ឆ្នាំរូបនេះនឹងក្លាយជាសមាជិកកំពូលក្មេងបំផុតនៃរដ្ឋបាលនេះដោយនឹងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយអគ្គសេនាធិការ Reince Priebus និងប្រធានផ្នែកយុទ្ធសាស្ត្រ Steve Bannon ។
ប្រធានាធិបតីជាប់ឆ្នោតនៃគណបក្សសាធារណរដ្ឋបានប្រកាសថា “Jared បានក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់និងជាទីប្រឹក្សាគួរឲ្យជឿទុកចិត្តក្នុងយុទ្ធនាការនិងក្នុងក្រុមរៀបចំការផ្ទេរអំណាចហើយខ្ញុំមានមោទនភាពណាស់ដែលបានដាក់គាត់នៅក្នុងតួនាទីជាអ្នកដឹកនាំមួយរូបដ៏សំខាន់នៅក្នុងរដ្ឋបាលរបស់ខ្ញុំ”។
ការតែងតាំងនេះត្រូវបានប្រកាសពីរថ្ងៃមុនពេលដែលលោក Trump នឹងត្រូវធ្វើសន្និសីទកាសែតរបស់លោកជាលើកដំបូងចាប់តាំងពីការបោះឆ្នោតនៅក្នុងខែវិច្ឆិកាដែលក្នុងនោះលោកនឹងលម្អិតអំពីផែនការសម្រាប់ក្រុមរបស់គាត់និងជម្លោះសក្តានុពលខណៈពេលដែលលោកកាន់តំណែងសេតវិមាន។
លោក Kushner ដែលបានរៀបការជាមួយកូនស្រីច្បងរបស់លោក Trump គឺនាង Ivanka គឺជាមេខ្លោងនៃទិន្នន័យដែលជំរុញយុទ្ធនាការដែលបានជួយលោក Trump ឲ្យឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។
ក្រុមរៀបចំការផ្លាស់ប្តូរអំណាចបានឲ្យដឹងថា លោក Kushner ដែលទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទឹកប្រាក់១.៨កោដិដុល្លារជាមួយឪពុកម្តាយនិងប្អូនប្រុសរបស់គាត់នោះគឺនឹងលះបង់ចោលប្រាក់ខែរបស់គាត់ខណៈកាន់តំណែង។
ច្បាប់សហព័ន្ធដែលបានអនុម័តបន្ទាប់ពីលោកប្រធានាធិបតី John F. Kennedy តែងតាំងប្អូនប្រុសរបស់លោកជាអគ្គរដ្ឋអាជ្ញានោះគឺបានហាមឃាត់ប្រធានាធិបតីណាមួយពីការតែងតាំងសាច់ញាតិ៕
បាល់ទាត់ ៖យោងតាមផេក Facebook របស់ក្លិបបឹងកេតអង្គរ បានឲ្យដឹងថា ក្លិបជើងឯកលីគកំពូលកម្ពុជាមួយនេះ បានប្រកាសតែងតាំងលោក John McGlynn ជាគ្រូបង្គោលបណ្ដោះអាសន្ន។
គ្រូបង្វឹកជនជាតិអូស្ត្រាលី ដើមកំណើតអង់គ្លេស តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នសារជាថ្មីម្តងទៀត បន្ទាប់លោក ប្រាក់ សុវណ្ណារ៉ា បានប្រកាសចែកផ្លូវគ្នាការពីពេលថ្មីនេះក្រោយពីដឹកនាំបឹងកេតធ្លាក់ពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2016។ McGlynn បានចូល ដឹកនាំបឹងកេតអង្គរ មួយរយៈនៅចុងឆ្នាំ២០១៤ ហើយ បច្ចុប្បន្នកំពុងដឹកនាំក្រុមពាក់កណ្ដាលអាជីព Cambodian Future និង ធ្លាប់ជាគ្រូជំនួយភ្នំពេញក្រោន នៅរដូវកាល២០១៤។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា គ្រូបង្វឹកកម្រិត License ខាងលើនឹងមានភារកិច្ចដឹកនាំបឹងកេតអង្គរក្នុងវគ្គ Play-Off ពានរង្វាន់ AFC Cup នៅចុងខែមករានេះ៕
ភ្នំពេញ ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់មេការសំណង់ម្នាក់ តាមពាក្យបណ្ដឹងរបស់ បុរសម្នាក់ដោយបានចោទប្រកាន់ថា បានបោកយកលុយរបស់គាត់ចំនួន២ពាន់ដុល្លារ ដោយមានកិច្ចសន្យា ព្រមព្រៀងថា ធ្វើផ្ទះឲ្យ ហើយក្រោយពេលទទួលបានលុយដល់ដៃ មិនព្រមធ្វើតាមកិច្ច សន្យានោះឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជនសង្ស័យខាងលើនោះឈ្មោះ ស៊ី ថា អាយុ ប្រហែល៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកឯជនរងគ្រោះឈ្មោះ ខាន់ ស្រស់ ណា អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។
ប្រភពរាយការណ៍ថា
ស្ត្រីជាជនរងគ្រោះ កាលពី៩ ថ្ងៃមុន បានទាក់ទង ជាមួយជន សង្ស័យដើម្បីឲ្យ ជននោះធ្វើផ្ទះឲ្យ ហើយបាននិយាយ ត្រូវរ៉ូវគ្នាក្នុង តម្លៃ១៣,០០០ដុល្លារ ហើយជនរង គ្រោះបានកក់លុយមុន ចំនួន២ពាន់ដុល្លារ ដោយជនកំហូចនោះ បានប្រាប់នាងម្ចាស់ថា ចង់ធ្វើនៅថ្ងៃណាខលប្រាប់ ខ្លួននិងទៅធ្វើឲ្យ ពេលនោះជនរងគ្រោះបានទៅមើលហោរាទស្សន៏ទាយពីថ្ងៃល្អ ហើយគ្រូបានប្រាប់ថាថ្ងៃច័ន្ច គឺជាថ្ងៃល្អ បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជននោះទៅធ្វើផ្ទះនៅថ្ងៃច័ន្ចទី២ ខែមករា ឆ្នាំ២០១៧ ពេលនោះជនខាងលើក៏បានទៅ ប៉ុន្តែទើបតែកាប់រណ្ដៅបាន២រណ្ដៅប៉ុណ្ណោះ ឯសម្ភារៈសំណង់ក៏មិនឃើញដឹកចូលទៅ ទីតាំងដែលត្រូវធ្វើឡើយ ហើយជនឆបោកខាងលើ បានទាមទារឲ្យជនរងគ្រោះកក់លុយចំនួន៥ ពាន់ដុល្លារបន្ថែមទៀត ទើបធ្វើឲ្យ បើមិនដូច្នេះទេ លុយកក់២ពាន់ដុល្លារនោះនីងត្រូវដាច់ ហើយខ្លួនក៏មិនធ្វើ ឡើយ។
ដោយសារតែមើលឃើញពីទង្វើបោកស្រស់ៗពេក ជនរងគ្រោះក៏បានប្ដឹងឲ្យនគរបាលចុះទៅចាប់ ខ្លួនតែម្ដង ហើយពេលចុះទៅដល់ ជននោះរួមនឹងសាច់ញាតិ បានឡូឡាដាក់នគរបាល ព្រមទាំងចង្អុលមុខ និងគំរាមប្ដឹងនគរបាលថែមទៀតផង ដោយអាងមានបងប្រុសជាមន្ត្រីស័ក្ដិ៥នៅពីក្រោយខ្នង ។
ក្រោយមកទើបនគរបាល ប៉ុស្តិ៍ចោមចៅចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនមេការ សំណង់នោះ នាំទៅសាកសួរនៅ ប៉ុស្ដិ៍ដើម្បីដោះស្រាយ៕
រាជធានីភ្នំពេញ ៖នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងចំនួន២៣រូប ចូលបំភ្លឺជូនគណៈកម្មការទី៧នៃរដ្ឋសភា។
ការចូលបំភ្លឺនេះធ្វើឡើងតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣៖ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត។ ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោងរបស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Realmadrid កីឡាករ Cristiano Ronaldo បានឈ្នះពានកីឡាករលេងល្អបំផុតរបស់ស្ថាប័នកំពូល FIFA (The Best FIFA Football Awards) នាយប់មិញនេះ នៅក្នុងទីក្រុង Zurich ប្រទេសស្វីស។ នេះបើយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ប្រគល់ជូនបុរសវ័យ៣១ឆ្នាំ ដែលខិតខំលេងបានយ៉ាងល្អទាំងក្នុងក្លឹបអាជីព Real Madrid របស់អេស្ប៉ាញ និងក្រុមជម្រើសជាតិព័រទុយហ្គាល់ពេញ ១ឆ្នាំ (ឆ្នាំ២០១៦) បូករួមទាំងការឈ្នះពានផ្សេងៗថែមទៀតផង។
គួរបញ្ជាក់ថា អតីតកីឡាកររបស់ក្លឹប Sporting Lisbon និងក្លឹប Manchester United, Cristiano Ronaldo ក៏បានឈ្នះពានបាល់មាស Ballon d’Or មួយរួចទៅហើយកាលពីខែមុន ដែលធ្វើឡើងពីការបោះឆ្នោតដោយអ្នកគាំទ្រ គ្រូបង្វឹក សមាជិកក្នុងក្រុម រួមទាំងអ្នកសារព័ត៌មានផងដែរ គ្រាដែល Messi ជាប់លេខ២ និង Griezmann ជាប់លេខ៣៕
អេហ្ស៊ីប ៖មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និង២២នាក់ទៀតទទួលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅខាងក្រៅអគារប៉ូលិសមួយកន្លែងភាគខាងជើងតំបន់ Sinai របស់ប្រទេសអេហ្ស៊ីបកាលពីម្សិលមិញ។
សន្តិសុខបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើកបររថយន្តដឹកសំរាមមួយគ្រឿង ជាមួយនឹងគ្រាប់បែកបុកចូលទៅក្នុងកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅខាងក្រៅអគារប៉ូលិសមួយកន្លែង ភាគខាងជើងតំបន់ Sinai របស់ប្រទេសអេហ្ស៊ីបបណ្តាលឲ្យផ្ទុះតែម្តង។
ទោះបីយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងថា ការវាយប្រហារសម្លាប់មនុស្សនេះ គឺជាសកម្មភាពរបស់ខ្លួនដែរ៕
រាជធានីភ្នំពេញ ៖ក្រសួងរ៉ែ និងថាមពលបានធ្វើការកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យសម្រាប់ឆ្នាំ២០១៧ មានចំនួន៥នាក់ដែលរួមមាន ៖ លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ទុន លាន អនុរដ្ឋលេខាធិការ, លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និងលោក ឆែ លីឌីន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការ និងកិច្ចការអាស៊ាន៕
ប៉េកាំង ៖កាសែតរដ្ឋរបស់ចិន Global Times បានព្រមានប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹង “សងសឹក” ប្រសិនបើលោក Trump បំភ្លេចពាក្យសន្យាលើគោលនយោបាយចិនតែមួយ។ ការព្រមាននេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីតៃវ៉ាន់ធ្វើដំណើរឆ្លងកាត់ទីក្រុង Houston ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបសមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកក្នុងពេលឈប់សំណាក់របស់លោកស្រីក្នុងទីក្រុង Houston អំឡុងដំណើរឆ្ពោះទៅអាមេរិកកណ្តាលដែលលោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសហុងឌូរ៉ា នីការ៉ាហ្គួ ហ្គាតេម៉ាឡានិង អែលសាល់វ៉ាឌ័រ ។
រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើដល់ក្រុងវ៉ាស៊ីនតោនកុំអនុញ្ញាតឲ្យលោកស្រី Tsai ចូលសហរដ្ឋអាមេរិកនិងថា លោកស្រីមិនមានកិច្ចប្រជុំរបស់រដ្ឋាភិបាលជាផ្លូវការណាមួយទេនៅក្រោមគោលនយោបាយចិនតែមួយ។
បទវិចារណកថារបស់កាសែត Global Times បានឲ្យដឹងថា “ការធ្វើឲ្យខុសគោលការណ៍ចិនតែមួយគឺមិនមែនជាអ្វីដែលចិនចង់បាននោះទេប៉ុន្តែសហរដ្ឋអាមេរិកគឺមានកាតព្វកិច្ចមួយត្រូវរក្សាទំនាក់ទំនងចិន-អាមេរិកនិងគោរពអ្វីដែលមានស្រាប់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
លោក Trump បានបង្កឲ្យមានការតវ៉ាពីទីក្រុងប៉េកាំងកាលពីខែមុនដោយការនិយាយទូរស័ព្ទអបអរសាទរជាមួយលោកស្រី Tsai និងការចោទសួរពីគោលជំហរយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថាតៃវ៉ាន់គឺជាផ្នែកមួយនៃគោលការណ៍ចិនតែមួយ។ លោកបាននិយាយថា លោកនឹងមិនជួបជាមួយលោកស្រី Tsai ទេ។
កាសែត Global Times បានលើកឡើងទៀតថា ទីក្រុងប៉េកាំងគ្មានអារម្មណ៍ត្រេកអរទេចំពោះលោក Trump ដែលមិនបានជួបលោកស្រី Tsai ប៉ុន្តែបានបន្ថែមថា “ប្រសិនបើលោក Trump បំភ្លេចសន្យាលើគោលនយោបាយចិនតែមួយបន្ទាប់ពីឡើងកាន់អំណាចនោះ ប្រជាជនចិននឹងទាមទារឲ្យរដ្ឋាភិបាលសងសឹក។ គ្មានអ្វីសម្រាប់ការចរចាទេ”៕
រាជធានីភ្នំពេញ ៖ទោះបីជាតួលេខនៃការឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀន ដែលរហូតមកដល់ពេលនេះ មានរហូតដល់ជាង៧០០នាក់ បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការក្នុងទូទាំងប្រទេសពីថ្ងៃទី០១មករា ឆ្នាំ២០១៧ ប៉ុន្តែប្រតិបត្តិការនោះកំពុងរងនូវការរិះគន់យ៉ាងខ្លាំងផងដែរពីប្រជាពលរដ្ឋ។
តាមសំដីពលរដ្ឋលើកឡើងថា ពួកគាត់គាំទ្រប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងទូទាំងប្រទេស ព្រោះគ្រឿងញៀនកំពុងតែបំផ្លាញសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែប្រតិបត្តិការមួយរយះនេះ គេហាក់ដូចជាបានកត់សម្គាល់ថា សមត្ថកិច្ចបង្ក្រាបបានតែអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនតូចតាចឬកំប៉ិកកំប៉ុកប៉ុណ្ណោះ។
ពលរដ្ឋបានលើកឡើងទៀតថា មេក្លោងគ្រឿងញៀនធំៗ ឬកន្លែងប្រើប្រាស់គ្រឿងញៀនជាអចិន្ត្រៃនិងចំហរ មិនទាន់ត្រូវបានគេបង្ក្រាបនិងបង្ហាញមុខនៅឡើយ ហើយរូបភាពនោះត្រូវបានគេសង្ស័យថា ប្រតិបត្តិការនោះអាចនឹងមិនទទួលបានជោគជ័យនោះឡើយ។
ពលរដ្ឋបញ្ជាក់ថា អ្នកជួញនិងអ្នកជក់តូចតាចនោះអាចថា គ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ ។ ចំណែកអ្នកជួញដែលជាមេក្លោងធំៗ ឯណោះទើបជាមុខសញ្ញាដែលត្រូវបង្ក្រាបមុនគេ ព្រោះថា បើបង្ក្រាបពួកមេក្លោងបាននោះ ប្រាកដណាស់អ្នកជួញដូរ ឬអ្នកញៀនតូចតាចវានឹងរលាយទៅដោយស្វ័យប្រវត្តិ។ ដូច្នេះសំណួរសួរថា តើហេតុអ្វីក៏ប្រតិបត្តិការនោះមិនសំដៅទៅមេក្លោងជួញដូរគ្រឿងញៀនគ្រាគ់ៗ ដែលកន្លងមកគេតែងតែល្បីថា មេខ្លោងទាំងនោះពាក់ផ្កាយដាបស្មាឯណោះ។
ចំណែកទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយចំហរនោះគឺកន្លែងក្លិបកំសាន្តតែម្តង ខណដែលទីនោះប្រមូលប្តុំទាំងអ្នកជួញនិងអ្នកជក់តាមរយះម្ចាស់ក្លិបទាំងអស់នោះ ។ ចំណែកសមត្ថកិច្ចជំនាញមិនអាចនិយាយថា មិនដឹងក្លិបទាំងនោះជាកន្លែងចរាចរឬកន្លែងជួបជុំជក់គ្រឿងញៀននោះឡើយ ព្រោះថា ពលរដ្ឋណាក៏ដោយដឹងរឿងជួញរឿងជក់នៅក្នុងក្លិបកំសាន្តទាំងអស់នោះដែរ ហើយបើសមត្ថកិច្ចមិនដឹងគឺអន់ណាស់។
ផ្តើមពីនោះពលរដ្ឋអំពាវនាវសុំឲ្យសមត្ថកិច្ចបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនជាមុនសិន ទើបអាចកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសបាន ។ ចំណែកតាមក្លិបកំសាន្តត្រូវតែបង្ក្រាបផងដែរ ព្រោះក្លិបកំសាន្តទាំងអស់នោះជាសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនដ៏សកម្មនិងគ្រោះថ្នាក់ជាងគេបំផុត៕
រាជធានីភ្នំពេញ ៖សមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមដៃគ្នា ធ្វើការចុះបង្ក្រាបបទល្មើស នៅទូទាំងប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់បានចំនួន ២៨៤ករណី និងឃាត់ខ្លួនជនល្មើស បានចំនួន ៧៣៣នាក់ផងដែរ តែក្នុងរយៈពេលតែ ៨ថ្ងៃប៉ុណ្ណោះ ។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះថា ក្រោយពេលដែលសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមដៃគ្នា ក្នុងការចុះបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់ចាប់ពីថ្ងៃទី១មករា រហូតដល់ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ ជាលទ្ធផលគឺបង្ក្រាបបានចំនួន ២៨៤ករណី (ប្រើប្រាស់ និងជួញដូរ) និងឃាត់ខ្លួនជនល្មើសបានចំនួន ៧៣៣នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៥ភាគរយ ។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានមានប្រសាសន៍បន្តថា ”បន្ទាប់ពីបានធ្វើការបង្ក្រាប ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ យើងឃើញថា ករណីនេះមានការកើនឡើង ជាងរាល់ថ្ងៃ ព្រោះកន្លងមកក្នុងមួយថ្ងៃ យើងបង្ក្រាបបានតែ ១០ករណីប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ យើងនៅមិនទាន់បានកំណត់ មុខសញ្ញាជួញដូរគ្រឿងញៀនធំៗ នៅឡើយទេ៕
បាល់ទាត់ ៖យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្រុមស្រុកមួយបានឲ្យដឹងថា ក្លឹបយក្សពីរនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញកំពុងតែប្រជែងដាក់តម្លៃដល់ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស Dele Alli ពីក្រុម Tottenham Hotspur រហូត ៧០លានផោន។
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះ ត្រូវ Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការតាមប្រមាញ់ យកខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេសខាងលើ ខណៈដែលក្រុម Real Madrid ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងផង បន្ទាប់ពី Alli បង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងចំណោម៤ប្រកួតចុងក្រោយ ។
Barcelona និង Real Madrid គ្រោងចំណាយយ៉ាងហោចណាស់ ៧០លានផោន ដើម្បីបានកីឡាករ Dele Alli ពី Spurs។ ខ្សែបម្រើប្រយុទ្ធ Dele Alli ត្រូវបានក្រុមមាន់ខ្នាយមាស Tottenham Hotspur ចំណាយត្រឹមតែ ៥លានផោនប៉ុណ្ណោះ ទិញយកមកពីក្លឹប MK Dons ដែលកំពុងលេងក្នុងក្របខ័ណ្ឌលំដាប់ទី ៣របស់អង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០១៥៕
ថៃ ៖យោងតាមអង្គភាពទប់ស្កាត់ និងបង្ការគ្រោះមហន្តរាយនៅប្រទេសថៃបានបញ្ជាក់ថា ខេត្តចំនួន១០ក្នុងចំណោម១៤ខេត្តស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃបានរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ដោយបណ្តាលឲ្យមនុស្សចំនួន២១បានស្លាប់ ខណៈប្រជាពលរដ្ឋជាង២៨ម៉ឺនគ្រួសាររងផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ។
មន្ត្រីនៅអង្គភាពនេះបានបន្តទៀតថា សេវារថភ្លើងមួយចំនួននឹងបន្តផ្អាកជាបណ្ដោះអាសន្ន ហើយព្រលានយន្តហោះនៅក្នុងទីក្រុងណាខនស៊ីថាម៉ារ៉ាតនៅភាគខាងត្បូងនៃប្រទេសនេះនឹងបន្តបិទទ្វាររហូតដល់ថ្ងៃចន្ទទី៩ខែមករានេះទើបចាប់ផ្ដើមដំណើរការឡើងវិញ។
អង្គភាពឧតុនិយមនៅប្រទេសថៃបានព្យាករថា ការធ្លាក់ភ្លៀងខ្លាំងលាយឡំដោយផ្គររន្ទះនឹងបន្តវាយប្រហារនៅផ្នែកមួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃរហូតដល់ថ្ងៃចន្ទទី៩ខែមករានេះទើបអាកាសធាតុអាក្រក់នេះប្រហែលជាអាចការចុះស្ងប់ទៅវិញ៕
ភ្នំពេញ ៖រថយន្តមួយគ្រឿងម៉ាក ប៉ាស៊ីរ៉ូ ឆ្លងប្រព័ន្ធភ្លើងបណ្តាលឲ្យឆាបឆេះសន្ធោរសន្ធៅនៅសល់តែ គ្រោងឆ្អឹងចំណែកម្ចាស់រថយន្តបានមិនមានគ្រោះថ្នាក់ទេទេបានរត់គេចខ្លួនបាត់ស្រមោលហេតុការណ៍នេះបានបង្កអោយមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ លើកំណាត់ផ្លូវវេងស្រេង ក្បែររោងចក្រក្រោន ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
រថយន្តខាងលើ ម៉ាក ប៉ាស៊ីរ៉ូ ស្លាកលេខ ភ្នំពេញ 2C-7253 បើកបរដោយជនជាតិចិន ក្រោយកើតហេតុ គេចខ្លួនទៅបាត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគឺគេបានឃើញជនជាតិចិនម្នាក់ធ្វើដំណើតដោយជិះរថយន្តខាងលើក្នុងទិសដៅពីលិចទៅកើត ពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តឆ្លងប្រព័ន្ធភ្លើងហើយក៏អែបខាងលើចិញ្ចឹមផ្លូវ ឃើញរថយន្តបែកផ្កាភ្លើងភ្លាមនោះជនជាតិចិនក៏បានរត់ទៅយកក្រណាត់ខ្មៅទៅគ្របពីលើ ប៉ុន្តែភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធិរសន្ធៅបាត់ទៅហើយ ភ្លាមៗម្ចាស់រថយន្តក៏គេចខ្លួនទៅបាត់ហើយក៏ធ្វើអោយមានការភ្ញាក់ផ្អើលដ៏ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានទងទាក់ទៅរថយន្តពន្លត់អគ្គិភ័យបានមួយគ្រឿងរបស់ស្នងការរាជភ្នំពេញបាញ់អស់ទឹកមួយគ្រឿងទើបរលត់ទៅវិញ តែនៅសល់តែគ្រោងឆ្អឹងរថយន្តតែប៉ុណ្ណោះ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍