បាល់ទាត់៖សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ (FIFA) បានអនុម័តកែប្រែទម្រង់ថ្មីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដោយបន្ថែមចំនួនក្រុមពី៣២ទៅដល់៤៨ក្រុម។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រជុំនៅទីក្រុង Zurich ប្រទេសស្វីស នៅថ្ងៃអង្គារនេះ FIFA បានសម្រេចបង្កើនចំនួនក្រុមលេងនៅ World Cup ដល់ទៅ៤៨ក្រុម ចាប់ពីឆ្នាំ២០២៦។
គួរបញ្ជាក់ថា ទម្រង់ថ្មីនេះ នឹងកើនឡើងពូលរហូតដល់ ១៦ពូល ហើយក្នុង១ពូលមាន៣ក្រុម។ យកលេខ១ និងលេខ២ ក្នុងពូលនីមួយៗ សល់ត្រឹម ៣២ក្រុម ប្រកួតវគ្គខ្វែងជម្រុះចាញ់ធ្លាក់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដូចតាមទម្រង់ចាស់តាំងពីឆ្នាំ១៩៩៨មកដែរ៕

រាជធានីភ្នំពេញ៖យ៉ាងតិចណាស់ក៏មានពលរដ្ឋខ្មែរចំនួន៤៤នាក់ ដែរត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី៩ខែមករា ដោយចោទថាអ្នកទាំងនោះឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារធ្វើតាមរយៈមេខ្យល់សម្របសម្រួល ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គនគរបាលជាតិកម្ពុជា ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ពលរដ្ឋទាំងនោះឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីថៃក្នុងខេត្តស្រះកែវ ហើយជិះរថយន្តពីរគ្រឿងគ្រោងទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការងារ ប៉ុន្តែត្រូវសមត្ថកិច្ចថៃឃាត់ទាំងរថយន្តទាំងពលរដ្ឋខ្មែរ ។ ពលរដ្ឋខ្មែរទាំងនោះត្រូវបានមេខ្យល់សម្របសម្រួលរត់ការឲ្យទៅធ្វើការ ជាថ្នូលពេលពួកគេទៅដល់បាងកកបានធ្វើការងារធ្វើ បង់លុយឲ្យមេខ្យល់ម្នាក់ចំនួន២៥០០បាត ស្មើនឹងប្រមាណ៣០០ ០០០រៀល។ ទោះយ៉ាងណា មិនមានព័ត៌មានថា អ្នក៤៤នាក់នោះត្រូវបានដោះលែងឬទេ៕

រាជធានីភ្នំពេញ៖សាលាក្តីខ្មែរក្រហមបានបិទបញ្ចប់កិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៣ ប្រឆាំងនឹងលោក មាស មុត អតីតមេទ័ពសម័យខ្មែរក្រហម បន្ទាប់ពីធ្វើកិច្ចការនេះរយៈពេលជាង៨ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានជូនដំណឹងថា ក្រោយពីបានបិទបញ្ចប់ហើយ ភាគីពាក់ព័ន្ធនានាមានរយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបសួរបន្ថែមទៀត។
លោក មាស មុត ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្វើឡើងរវាងថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ដោយឡែក កិច្ចស៊ើបសួរប្រឆាំងនឹងអតីតសហជនសង្ស័យមួយរូបទៀត ឈ្មោះ ស៊ូ ម៉េត ក៏ត្រូវបានបិទ បន្ទាប់ពីគាត់បានស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕

ខេត្តបន្ទាយមានជ័យ៖ស្ត្រីជនជាតិខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចថៃស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនWYចំនួន៦០គ្រាប់។ ការឃាត់ខ្លួនឃាត់ខ្លួនធ្វើឡើងកាលពីម្សិលមិញនៅចំណុចស្ពានស ស្ថិតក្នុងភូមិខងផែង ឃុំទ័ពស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។
យោងតាមរបាយការណ៍របស់អាវុធហត្ថស្នាក់ការសន្តិសុខ៨៨៨ នៃបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី និត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក សៅ សាន្ត ប្រធានស្នាក់ការសន្តិសុខ៨៨៨ បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចថៃកំពុងឃុំខ្លួននៅអធិការស្រុកតាប្រាយ៉ា ខេត្តស្រះកែវ រង់ចាំការសម្រេចពីតុលាការថៃ ចាត់ការតាមនីតិធីច្បាប់៕


បាងកក៖យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ការិយាល័យព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន បានស្នើឲ្យផ្លាស់ប្ដូរសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលមានការទាក់ទងនឹងអំណាចរបស់រាជវង្ស។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សំណើនោះបានលើកឡើងថា មានបញ្ហា ៣ ទៅ ៤ចំណុច ដែលត្រូវតែកែលម្អ ដើម្បីធានាអំពីអំណាចរបស់ព្រះមហាក្សត្រ។ លោក ប្រាយុទ្ធ បន្តថា បញ្ហានេះ មិនទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែលោកមិនផ្ដល់ព័ត៌មានលម្អិតនោះឡើយ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញដែលសរសេរដោយពួកយោធា គឺជាផ្នែកមួយនៃផែនការរបស់របបយោធា ឈានទៅរកការបោះឆ្នោតជាតិនាខាងមុខ ដើម្បីផ្លាស់ប្ដូរប្រទេសនេះ ទៅរករបបប្រជាធិបតេយ្យវិញ។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើប្រជាមតិកាលពីឆ្នាំមុន ហើយកំពុងរង់ចាំការអនុម័តពីព្រះមហាក្សត្រ៕

ប៉េកាំង៖មន្ត្រីជាន់ខ្ពស់ចិនបាននិយាយថា មនុស្សជិត១.២លាននាក់ត្រូវបានគេដាក់ទោសនៅក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសចិន ជាទីដែលមន្ត្រីចិនអះអាងថា រដ្ឋាភិបាលចិននឹងបង្កើនការបង្ក្រាបអំពើពុករលួយ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃម្សិលមិញមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអធិការកិច្ចរដ្ឋចិន លោក លូ តុងឈាន់ បានសន្យាថា យុទ្ធនាការបង្ក្រាប់អំពើពុករលួយ នឹងនៅតែបន្ត ហើយលោកថា រដ្ឋាភិបាលគួរតែរក្សាយុទ្ធនាការប្រឆាំងអំពើពុករលួយ។
ដោយលែកយោងតាមគណៈកម្មការអធិការកិច្ចរដ្ឋចិនបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សព្វផ្សាយនៅថ្ងៃនេះថា ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាប់អំពើពុករលួយ ជនរត់គេចខ្លួនជិត ២៦០០នាក់ ត្រូវបានគេធ្វើបត្យាប័ន ឬចាប់បញ្ជូនខ្លួនត្រឡប់មកវិញ ហើយទ្រព្យសម្បត្តិប្រហែល ១.២ពាន់លានដុល្លារ ត្រូវបានគេរឹបអូសយក។
គួរបញ្ជាក់ថា ចិនបានធ្វើបត្យាប័នជាមួយប្រទេសចំនួន ៤៨ ក្នុងនោះមានអេស្ប៉ាញ អ៊ីតាលី និងបារាំង ដែលធ្លាប់បានចាប់បញ្ជូនជនរត់គេចខ្លួនត្រឡប់ទៅចិនវិញ កាលពីខែកញ្ញាឆ្នាំមុន៕

ខេត្តបន្ទាយមានជ័យ៖រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានជម្លៀសទាន់រួចផុតពីគ្រោះថ្នាក់មួយនេះ។ គ្រោះថ្នាក់បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី ១០ មករា ឆ្នាំ២០១៧។
ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានមនុស្សជិះពេញ ក្នុងទិសដៅពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប។ ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងនោះទេ ហើយក៏មិនទាន់ដឹងថា រថយន្តខាងលើជារបស់ក្រុមហ៊ុនណាដែរ៕


អាហ្វហ្គានីស្ថាន៖ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា មានការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នាបានកើតឡើងនៅក្បែរការិយាល័យឧបសម្ព័ន្ធនៃសភាអាហ្វហ្គានីស្ថាន ក្នុងរដ្ឋធានីកាប៊ូល ដោយក្នុងនោះក៏មានការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាតបណ្តាលឲ្យសម្លាប់មនុស្សយ៉ាងហោច ណាស់២១នាក់ និង៤៥នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរនៅក្នុងតំបន់បាននិយាយថា ការវាយប្រហារភេរវកម្មពីរលើកផ្ទួនៗគ្នានេះ រួមមានទាំងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងរថយន្ដអត្តឃាតបង្កៃគ្រាប់បែក ដោយមានគោលដៅទៅលើរថយន្ដក្រុងធុនតូចមួយគ្រឿង ដឹកបុគ្គលិកនៃនាយកដ្ឋានជាតិសន្តិសុខ ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដ៏សំខាន់នៃរដ្ឋាភិបាលទីក្រុងកាប៊ូល។
ព្រមពេលជាមួយគ្នានេះក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងហើយ ថាខ្លួនអ្នកនៅពីក្រោយ ការវាយប្រហារបំផ្ទុះគ្រាប់បែកពីរ លើកផ្ទួនៗគ្នា៕

ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីកណ្តាលក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកពាក់ពន្ធ័ចំនួន៥នាក់បញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។
លោកឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះកម្លាំងការិយាល័យជំនាញបានចុះបង្ក្រាបទីតាំងលេងល្បែងហ្គេមបាញ់ត្រីចំនួន២កន្លែងនៅក្នុងក្រុងបាត់បាត់ដំបងដែលលួចលាក់បើកការលេងល្បែងផ្ទុយនិងច្បាប់ជ្រកកោនក្រោមផ្លាកខារ៉ាអូខេជាលក្ខណះគ្រួសារ។
ប្រតិបត្តិការបង្ក្រាបនេះលើគោលដៅក្នុងក្លឹបខារ៉ាអូខេKTVក្បែរផ្សារបឹងឈូកនិងមួយកន្លែងទៀតឋិតនៅចំនុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនបានម្ចាស់អ្នកបើកហ្គេមចំនួន២នាក់ឈ្មោះស៊ាំ វៃឃឿន ភេទប្រុស អាយុ២៩ឆ្នាំ ឈ្មោះហយ រក្សា ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិអញ្ចញ សង្កាត់អូរចា ក្រុងបាត់ដំបងនិងអ្នកលេងហ្គេមចំនួន៣នាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តបានអោយដឹងដែរថា ម្ចាស់លួចលាក់បើកទូរហ្គេមខាងលើអាចប្រឈមនិងការបញ្ជួនបន្តរទៅកាន់តុលាកាចំណែកជនប្រព្រឹត្តិតម្រូវអោយធ្វើកិច្ចសន្យាបញ្ឍប់និងទទួលការអប់រំណែនាំ។
លើគោលដៅបង្ក្រាបទាំង២កន្លែងកម្លាំងសមត្ថកិច្ចរឹបអូសបានទូរហ្គេមចំនួន៤ទូរ កុំព្យួទ័រចំនួន២គ្រឿង ក្បាលកាម៉ារ៉ា១ តុ កៅអីនិងកង្ហាមួយចំនួនផងដែរ៕



រាជធានីភ្នំពេញ៖កម្ពុជា និងឡាវបានឯកភាពគ្នា ឱ្យប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនប្រទេសទាំងពីរ ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ ។ នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន កាលពីព្រឹកមិញ នៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ៕

រាជធានីភ្នំពេញ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជួបពិភាក្សាការងារជាមួយ លោក អិនហ្គូ កាស្តិន(Ingo Karsten) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ ជំនួបនោះបានលើកឡើងជាសំខាន់អំពីស្ថានភាពនយោបាយនៅកម្ពុជា។
បើតាមលោក កឹម សុខា ដែលសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ជំនួបដែលបានប្រព្រឹត្តទៅនៅការិយាល័យក្រុមមតិភាគតិចនៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ មករា ២០១៧ ផ្ដោតលើស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ការបោះឆ្នោត និង ទស្សនៈនយោបាយរបស់លោក កឹម សុខា ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៕


រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម រួមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងនេះចំនួន២៣រូប នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះកំពុងចូលបំភ្លឺជូនគណៈកម្មការទី៧នៃរដ្ឋសភា។
គួរបញ្ជាក់ថា ចូលបំភ្លឺនេះ ធ្វើតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣ គឺ៖ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ ទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា៕

រាជធានីភ្នំពេញ៖លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរបានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺជុំវិញពាក្យបណ្ដឹងបរិហារកេរ្តិ៍ និងប៉ុនប៉ងឃាតកម្មដែលប្តឹងដោយស្ត្រីម្នាក់។
លោកសុក សំអឿន មេធាវីការពារក្តីឲ្យលោក សួន សេរីរដ្ឋាបានថ្លែងថា រឿងក្ដីនេះមានដើមបណ្ដឹងឈ្មោះ ម៉ៃ ស្រីលក្ខណ៍ ជាអតីតបុគ្គលិកគណបក្សអំណាចខ្មែរ។ លោកមេធាវី បន្ថែមថា ស្ត្រីរូបនេះ បានប្តឹងលោក សួន សេរីរដ្ឋា ពីបទប៉ុនប៉ងឃាតកម្ម និងបទបរិហារកេរ្តិ៍ជាសាធារណៈដោយភ្ជាប់ការសន្ទនាតាមឆាតក្នុងគ្រុបមួយ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ៕

ខេត្តបន្ទាយមានជ័យ៖លោកស័ក្តិ៤ ឈាន ពិសិដ្ឋ ដែលចោទប្រកាន់លោក ឌិន ពុទ្ធី បានបើករថយន្តបង្កឱ្យរងរបួសនោះ គ្រោងផ្លាស់ប្តូរចេញពីច្រកទ្វារប៉ោយប៉ែត ដើម្បីឱ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ ដែលត្រូវបានលោកអភិបាលខេត្តប្រាប់ឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីរសៀលថ្ងៃទី០៩ មករា ២០១៧ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រជុំនោះ លោក សួន បវរ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានលើកឡើងថាកាលពីថ្ងៃទី២២ ធ្នូ កន្លងមក ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានករណីលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្តឹងចោទប្រកាន់លោកឌិន ពុទ្ធី ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើករថយន្តបុកបណ្តាលឱ្យរងរបួសភ្លៅស្តាំរហូតដួលសន្លប់ ។
ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ក្រោយពេលភ្លាមៗ នោះកម្លាំងនគបាលអន្តប្រវេសន៍បានឃាត់ខ្លួនលោក ឌិន ពុទ្ធី ប្រគល់ជូនទៅកម្លាំងនគបាលខេត្តបញ្ជូនខ្លូនទៅតុលាការបានចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវបានឃុំខ្លួន ។ រហូតដល់ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ ត្រូវសាច់ញាតិ និងប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោក សួន បវរ បានលើកឡើងថា ដើម្បីឱ្យមានភាពស្ងប់ស្ងាត់ថ្នាក់ដឹកនាំបានឱ្យលោកស័ក្តិ៤ ឈាន ពិសិដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ ត្រូវមកធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយលោក ឌិន ពុទ្ធី ដើម្បីបញ្ចប់រឿងនិងធ្វើឱ្យប្រជាពលរដ្ឋមានភាពស្ងប់អារម្មណ៍ គឺលោកស័ក្តិ៤ ឈាន ពិសិដ្ឋ អនុប៉ុស្តិ៍នគរបាលអន្តប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាចប្រឈមការផ្លាស់ប្តូរចេញទៅធ្វើការកន្លែងផ្សេង ។
ក្នុងឱកាសនោះ លោកបានដឹកវិធានការដល់កម្លាំងប្រដាប់អាវុធត្រូវមានវិធានការលុបបំបាត់ការជួញដូរ និងចែកចាយប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់ការជួញដូរមនុស្ស និងពលករចំណាក់ស្រុកខុសច្បាប់ការពារសុវត្ថិភាពប្រជាពលរដ្ឋទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដែលកើតមានកម្លាំងដែលឈជើង តាមបន្ទាត់ព្រំដែនចូលទប់ស្កាត់ទំនិញគេចពន្ធ តាមបន្ទាត់ព្រំដែន និងស្វែងរកចាប់ខ្លួនក្រុមប្រចាំងបោះខិតប័ណ្ណប្រចាំរាជរដ្ឋាភិបាល ដើម្បីផ្តន្ទាទោសតាមច្បាប់៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍