បាល់ទាត់ ៖អ្នកចាំទីរបស់ក្រុម Chapecoense កីឡាករ Nivaldo បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់បន្ទាប់ពីមិត្តរួមក្រុមរបស់លោកភាគច្រើន ត្រូវបានស្លាប់នៅក្នុងសោកនាដកម្មការធ្លាក់យន្តហោះនៅកូឡុំប៊ីកាលពីយប់ថ្ងៃចន្ទ។
អ្នកចាំទីវ័យ ៤២ឆ្នាំរូបនេះ ជាសមាជិកដ៏តិចតួចបំផុតនៃកីឡាករក្រុម Chapecoense ដែលបានខកខានធ្វើដំណើរតាមជើងហោះហើរ ដែលជាអកុសលបានធ្លាក់ និងសម្លាប់ មនុស្សស្ទើរទាំងស្រុង ខណៈដែលក្រុមមួយនេះកំពុងឆ្ពោះដំណើរទៅកាន់ប្រទេសកូឡុំប៊ីដើម្បីជួបមុខ Atletico Nacional ក្នុងដំណើរប្រជែងពានកំពូលក្លឹបទីពីរប្រចាំទ្វីបអាមេរិក Copa Sudamerica ។
លោកបានបញ្ជាក់ប្រាប់ Globoesporte ទាំងអារម្មណ៍ដ៏ក្តុកក្តួលថា “ខ្ញុំបានសន្មត់ថានឹងទៅជាមួយនឹងដំណើរមួយនោះ ប៉ុន្តែចុងបញ្ចប់គឺស្នាក់នៅក្លឹប។”អ្វីគ្រប់យ៉ាងវាសុទ្ធតែមានហេតុផល។ខ្ញុំមិនបានធ្វើដំណើរទៅកាន់ក្លឹប Palmeirasដោយសារតែវានឹងអាចធ្វើឱ្យការប្រកួតលាចុងក្រោយរបស់ខ្ញុំលេងនៅទីនេះក្នុងជំនួបជាមួយ Atletico Mineiro ពេលដែលខ្ញុំនឹងបង្គ្រប់ការប្រកួតលើកទី ៣០០សម្រាប់ក្លឹប។ ខណៈដែលមានការផ្លាស់ប្តូរការធ្វើដំណើរ ពួកគេមិនបានត្រឡប់ទៅ Chapeco ទេ តែជំនួសមកវិញបានធ្វើដំណើរបន្តពី Sao Paulo ទៅកាន់ Medellin។ ដូច្នេះ Caio (អ្នកចាត់ការទូទៅ) បាននិយាយថា គាត់នឹងមិនមកទទួលខ្ញុំឡើយ”។
គួរបញ្ជាក់ថា អ្នកចាំទី Nivaldo បានត្រៀមខ្លួនដើម្បីលេងសម្រាប់ការប្រកួតលើកទី ៣០០របស់គាត់ និងជាការប្រកួតជាលើកចុងក្រោយសម្រាប់ Chapecoense ពេលដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុម Atletico Mineiro ៕
រាជធានីភ្នំពេញ ៖ក្នុងរយៈពេលពេញ១ខែវិច្ឆិកា ឆ្នាំ២០១៦កម្លាំងនគរបាលជាតិបានធ្វើការបង្ក្រាបគ្រឿងញៀនដោយបានឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់ប្រាស់គ្រឿងជិត៥០០នាក់ និងដកហូតបានថ្នាំញៀនជាច្រើនផងដែរ។
យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមការបូកសរុបរបាយការណ៍ បង្ក្រាបគ្រឿងញៀន ប្រចាំថ្ងៃរបស់នគរបាល បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលទូទាំងប្រទេស បានបង្ក្រាបជនជួញដូរ និងប្រើប្រាស់ចំនួន ៤៨១នាក់ ក្នុងនោះមានជនជួញដូរចំនួន២៥៧នាក់ និងអ្នកប្រើប្រាស់២២៤នាក់៕
រាជធានីភ្នំពេញ ៖អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងពាក់ព័ន្ធភាពមិនប្រក្រតីនៃពេលបំពេញការងាររយៈពេល៣ឆ្នាំ។
ការប្រកាសាលក្រមនេះធ្វើឡើងដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕
ស៊ីរី ៖ជនស៊ីវិលយ៉ាងហោចណាស់២១នាក់បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសមួយលើតំបន់ជនភៀសសឹករស់នៅមួយកន្លែងនៅភាគខាងកើតនៃទីក្រុងអាឡិបប៉ូដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរីកាលពីម្សិលមិញ។
ជាមួយគ្នានេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសស៊ីរីបាននិយាយថា ជនស៊ីវិលចំនួន៨នាក់ទៀតបានស្លាប់ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងទៅលើតំបន់ស្ថិតភាគខាងលិចនៃទីក្រុងអាឡិបប៉ូដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល។
ហើយកាលពីថ្ងៃអង្គារ ជនស៊ីវិលចំនួន២៥នាក់ក៏បានស្លាប់ដោយការវាយប្រហារតាមអាកាសផងដែរ ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់នៅភាគខាងកើតនៃទីក្រុងអាឡិបប៉ូបានភៀសខ្លួនទៅកាន់សង្កាត់ជូបអាល់ហ្គូបា និងសង្កាត់មួយចំនួនទៀតនៅពេលកងកម្លាំងរដ្ឋាភិបាលវាយសម្រុកទៅលើក្រុមឧទ្ទាម។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋរាប់ម៉ឺននាក់បាននាំគ្នារត់ភៀសសឹកនៅក្នុងទីក្រុងអាឡិបប៉ូនៅពេលកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីបានបន្តប្រតិបត្តិការវាយសម្រុកដើម្បីដណ្ដើមយកទីក្រុងនេះត្រឡប់មកពីក្រុមឧទ្ទាមវិញ៕
រាជធានីភ្នំពេញ ៖សំណុំរឿង លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ពាក់ព័ន្ធភាពមិនប្រក្រតីនៃពេលបំពេញការងាររយៈពេល៣ឆ្នាំ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅបានបើកសវនាការជំនុំជម្រះសំណុំរឿងមួយនេះ ក្រោមការដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ទន្ទឹមនោះតុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយបានរកឃើញថា លោកមានការ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែង បាន៣ឆ្នាំ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា រយៈពេលពីថ្ងៃទី១ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៣៧លើក និងបានសម្លាប់មនុស្ស១៥១នាក់ ខណៈមនុស្ស៦០៩នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។
របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ ដោយសារបើកបរក្នុងល្បឿនលឿន ១២៣លើក ស្រវឹង២៦លើក ប្រជែង៣៨លើក មិនប្រកាន់ស្តាំ៤៧លើក បត់គ្រោះថ្នាក់៤៥ មិនគោរពសិទ្ធិ ៤៦លើក និងកត្តាមួយចំនួនទៀត។
ជាមួយគ្នានេះក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញ១ខែនេះបណ្តាលឲ្យខូចខាតម៉ូតូ ៣៥០គ្រឿង រថយន្តតូច១២៩គ្រឿង រថយន្តធំ៦៧គ្រឿង និងយានផ្សេងៗ១៨គ្រឿង ខណៈខេត្ត-រាជធានីដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺ រាជធានីភ្នំពេញ ស្លាប់២៧នាក់ របួស៥២នាក់ បាត់ដំបង ស្លាប់១៤នាក់ របួស២១នាក់ កំពង់ធំ ស្លាប់១១នាក់ របួស១៩នាក់ ព្រៃវែង ស្លាប់១០នាក់ របួស៦នាក់ បន្ទាយមានជ័យ ស្លាប់៩នាក់ របួស២៤នាក់ កំពត ស្លាប់៩នាក់ របួស៦៤នាក់ តាកែវ ស្លាប់៩នាក់ របួស១៧នាក់ កណ្តាល ស្លាប់៨នាក់ របួស៤៥នាក់ និងខេត្តកំពង់ស្ពឺ ស្លាប់៧នាក់ របួស៥៣នាក់៕
ខេត្តព្រះសីហនុ ៖បុរសជនជាតិចិន២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពចាក់ជនរងគ្រោះ២នាក់របួសប្លន់យកទ្រព្យសម្បត្តិ។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅកាស៊ីណូលើភ្នំ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនបង្កមានគ្នា២នាក់៖ ១.ឈ្មោះ ដឹង ហូសេង អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E84415478 និង២.ឈ្មោះ លាំង ម៉ូឆាង អាយុ ២២ឆ្នាំ បុគ្គលិកកាស៊ីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E50008409។ ចំណែកជនរងគ្រោះមានគ្នា២នាក់៖ ១.ឈ្មោះ អ៊ូ យ៉ាងកូចឹង ភេទប្រុស មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិទចុងស្រួច ត្រូវចំដើមដៃខាងស្តាំ រងរបួសស្រាល និង២.ឈ្មោះ លាវ សៀវលីវ ភេទប្រុស មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ ត្រូវជនសង្ស័យចាក់១កាំបិតចុងស្រួច ត្រូវចំកណ្តាលខ្នង រងរបួសស្រាល ចំពោះសម្ភារៈដែលបាត់បង់ ប្រាក់ចំនួន ៣០០០ដុល្លារ និងកុំព្យួទ័រចំនួន១គ្រឿង។
លោកស្នងការបានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញសហការជាមួយ កំលាំងមូលដ្ឋានបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួនរួមមាន៖ លុយ១០៩៣ដុល្លារ, លុយយ័ន៤០០, លុយខ្មែរ៤៩០០រៀល, កុំព្យួទ័រ១គ្រឿង ពណ៌ខ្មៅ និងកាំបិតចុងស្រួច១ដើម ជាឧបករណ៍ប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្ត និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
ដោយ៖បញ្ញា
ភ្នំពេញ ៖មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញេសន្យានឹងលុបបំបាត់ឲ្យបានចំពោះលោកគ្រូ អ្នកគ្រូណាដែល បន្តយកលុយកូនសិស្សខុសពីគោលការណ៍ ដោយព្រមាននឹងដាក់ពិន័យយ៉ាងតឹងរឹង។
ដោយឡែកនៅសាលាបឋមសិក្សាជម្ពូរវ័ន្តគ្រូៗបង្រៀនមួយចំនួននៅតែបន្តយកលុយកូនសិស្សចំនួនមួយថ្ងៃម្នាក់ៗ៥០០៛រីឯសិស្សដែលមានជីវភាពក្រក្រីគ្មានលទ្ធភាពត្រូវបង្ខំចិត្តផ្អាកការសិក្សា។
លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានធ្វើការអំពាវនាវឆ្លើយតបទៅនឹងសំណើរបស់ អាណាព្យាបាលសិស្សក្នុងវេទិកាសាធារណៈកាលពីកន្លងទៅបានចាត់ទុកថាការយកលុយសិស្សានុសិស្សខុសពីគោលការណ៍ជាទង្វើខុសច្បាប់ត្រូវតែដាក់ពិន័យឲ្យបានម៉ឹងម៉ាត់ជាទីបំផុត។
ដើម្បីលុបបំបាត់ភាពអសកម្មរបស់លោកគ្រូ អ្នកគ្រូ នេះគឺត្រូវបានជួយលើក កំពស់គុណភាពអប់រំនិងធ្វើការប្រកួតប្រជែងជាមួយសាលាឯកជនផងដែរ។
ប្រសិនបើក្រសួងនិងមន្ទីរអប់រំអនុវត្តការលុបបំបាត់គ្រូយកលុយសិស្សបាន មែននោះវាជារឿងល្អបំផុត ដើម្បីអោយកូនចៅអ្នកក្រីក្រមានលទ្ធភាពបានចូលរៀនដូចគ្នាៗ ទៅនឹងសិស្សដ៏ទៃទៀតដែលមានលទ្ធភាពធូរធារ៕
បាងកក ៖យោងតាមសារព័ត៌មានបាងកកប៉ុស្តិសិ៍បានរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់បែកកែច្នៃនៅស្រុកមួង នៃខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យពលទាហានម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។
សារព័ត៌មានដដែលបញ្ជាក់ថា គ្រាប់បែកចំនួនមួយគ្រាប់ដែលបានផ្ទុះឡើងនៅវេលាម៉ោង ៥ និង២០នាទីទៀបភ្លឺ (ម៉ោងក្នុងទីក្រុងបាងកក) លើដងផ្លូវវិថីដែលស្ថិតនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Sapan Dam ក្នុងស្រុកមួង នៅពេលទាហានទាំងបួននាក់ជិះម៉ូតូធ្វើដំណើរឆ្លងកាត់ចំណុចនោះដើម្បីទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យគ្រាប់បែកកែច្នៃមួយគ្រាប់នោះ ក៏ត្រូវបានបំផ្ទុះពីចម្ងាយដោយប្រព័ន្ធវិទ្យុទាក់ទង និងបានស្លាប់ពលទាហានម្នាក់ ខណៈបីនាក់ទៀតរងរបួស៕
ម៉ាឌ្រីដ ៖កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ព័រទុយហ្គាល់ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid Cristino Ronaldo បានចូលរួមរំលែកទុក្ខ និងបរិច្ចាគផ្ទាល់ខ្លួនចំនួន៣លានអឺរ៉ូដល់ក្លឹប Chapecoense របស់ប្រេស៊ីល និងគ្រួសារនៃសពរបស់កីឡាករដែលជួបធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ីកាលពីម្សិលមិញ។
Ronaldo បានសរសេរសាររំលែកទុក្ខនៅលើ Facebook របស់ខ្លួនថា «ពិតជាតក់ស្លុតខ្លាំងណាស់ ដែលហេតុការណ៍ អាក្រក់បានកើតឡើងចំពោះក្រុម Chapecoense។ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព និងមិត្តភ័ក្ត្ររង ទាំងអស់សម្រាប់ក្លឹប និងកីឡាករប្រេស៊ីលផងដែរ»៕
បាល់ទាត់ ៖ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានរៀបចំបើកការចរចាលើកិច្ចសន្យាថ្មីជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Juan Mata ។
កីឡាករវ័យ២៨ ឆ្នាំរូបនេះកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយនេះ ប៉ុន្តែវាត្រូវបានគេយល់ថាក្រុមបិសាចក្រហមអាចនឹងបន្តផ្តល់ជូនកិច្ចសន្យាបន្ថែមរយៈពេល១២ ខែដើម្បីរក្សារកីឡាកររូបនេះរហូតដល់ រដូវក្តៅនៃឆ្នាំ២០១៩ ។
បើយោងតាមការចេញផ្សាយរបស់កាសែត The Sun បានឲ្យដឹងថា លោក Jose Mourinho ចង់ផ្តល់ជូនកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បន្ទាប់ពីលោក Mourinho បានចាប់អារម្មណ៍នៅទម្រង់លេងនៅកីឡាដ្ឋាន Old Trafford នៅរដូវកាលនេះរបស់គាត់។
ពីដំបូង Mata គិតថានឹងផ្លាស់ចេញពីកិឡាដ្ឋាន Old Trafford នៅពេលដែលលោក Mourinho មកគ្រប់គ្រងដំបូងសម្រាប់ក្រុមនេះ ប៉ុន្តែ Mata ជាកីឡាករសំខាន់សម្រាប់គ្រួបង្វឹកសញ្ជាតិព័រទុយហ្គាល់ទៅវិញ ក្រោយ Mata ជួយឲ្យក្រុមតាមបាន ១-១ ជាមួយក្រុម West Ham United កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ។
គួរបញ្ជាក់ថា Mata បានស៊ុតបញ្ចូលទីចំនួន៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ប្រកួតឲ្យ Man United ក្នុងរដូវកាលនេះ៕
ខេត្តព្រៃវែង ៖នគរបាលស្រុកកំចាយមារបានឃាត់បុរសម្នាក់ពាក់ព័ន្ធករណីចាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់រំលោភ បន្ទាប់ពីបុរសរូបនោះបបួលក្មេងស្រីម្នាក់ទៅបេះល្ពាក់ក្នុងព្រៃ។ ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១ និង៥៦នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរភូមិបឹងព្រះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ណាង ណៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រះ ឃុះគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯក្មេងស្រីរងគ្រោះទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ រស់នៅជាមួយជីដូន ដោយឪពុកម្ដាយបានលែងលះគ្នាហើយ។
នគរបាលបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅបេះផ្លែល្ពាក់នៅក្នុងព្រៃខាងលិចផ្ទះចម្ងាយប្រហែល១៧០ម៉ែត្រ ដោយជនសង្ស័យថាចាំឲ្យលុយ១៥០០រៀល តែពេលទៅដល់ក្នុងព្រៃក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ-ខណ្ឌឫស្សីកែវបានចាប់ក្របួចមុខសញ្ញាចោរកម្ម២នាក់ត្រៀមខ្លួនចេញរកស៊ីនៅពេលរាត្រី និងដកហូតឧបករណ៍កាច់-កម៉ូតូមួយចំនួន កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ៩ ៣ កែងផ្លូវ៦៨ ស្ថិតក្នុងក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួសង្កែ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋានយាមល្បាតនៅពេលរាត្រីបានប្រទះឃើញ និងដាក់ការសង្ស័យទៅលើជនសង្ស័យជិះម៉ូតូ១គ្រឿងតាមដងផ្លូវ ដោយមានការសង្ស័យក៏ធ្វើការឃាត់ដើម្បីត្រួតពិនិត្យស្រាប់តែរកឃើញសម្ភារៈកាច់-កសោ ម៉ូតូមួយឈុត ដែលមុខសញ្ញានេះ បានរក្សាលាក់ទុកបម្រុង យកទៅធ្វើសកម្មភាពចោរកម្មផ្សេងៗ តាមខ្នងផ្ទះប្រជាពលរដ្ឋទើបឈានដល់ការបង្ក្រាបតែម្ដង ដោយជាប់ពីបទលួចកាច់-កម៉ូតូ។ នគរបាលបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើម្នាក់ឈ្មោះ កើន រ័ត្ន (ហៅអាដំ) ភេទប្រុស អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះជា ហៃ (ហៅចយ)ភេទប្រុស អាយុ៣៣ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។
វត្ថុតាងត្រូវដកហូតរួមមាន៖ សោខ្សៀរលេខ៨មួយដើម ដែកចុងស្រួចកែរឆ្នៃប្រវែង៨ស.មមួយសម្រាប់ ដែកឆាបមួយដើ មប្រវែង២០ស.ម និងម៉ូតូ១គ្រឿងម៉ាក Susuki ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១.០-៩៣២៤ផងដែរ។
ក្រោយឃាត់ខ្លួន មុខសញ្ញាចោរកម្មទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
រាជធានីភ្នំពេញ ៖យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២,៧២១នាក់បានទៅចុះឈ្មោះបោះឆ្នោត៕
បាល់ទាត់ ៖អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថាខ្សែប្រយុទ្ធ Philippe Coutinho នឹងត្រូវអវត្តមានរហូតទៅដល់ប្រាំសប្តាហ៍ដោយសាររបួសកជើង។
តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ បានទទួលការស្កេនមួយនៅថ្ងៃចន្ទបន្ទាប់ពីរងរបួសកជើងក្នុងអំឡុងពេលការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមឆ្មាខ្មៅ Sunderland នៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍។
មុនពេលការប៉ះគ្នាជាមួយក្រុម Leeds Unitedនៅក្នុងពានរង្វាន់ EFL Cup របស់ក្រុម Liverpool លោក Klopp បានប្រាប់ BBC Sport ថា ” Philippe Coutinho នឹងត្រូវអវត្តមានរហូតទៅដល់ប្រាំសប្តាហ៍ ហើយយើងនឹងរងចាំកីឡាកររូបនេះ ត្រឡប់មកវិញយើងនឹងឃើញមិនគាត់ សម្រាប់យប់នេះ ប៉ុន្តែយើងនឹងឃើញគាត់ សម្រាប់ការប្រកួតនៅសប្ដាហ៍ក្រោយ ” ។
គួរបញ្ជាក់ថា Philippe Coutinhoបានស៊ុតបាល់បញ្ចូលទីចំនួន៥គ្រាប់ក្នុងការប្រកួតទាំងនៅ រដូវកាលនេះនឹងបានជួយហង្សក្រហមឈរនៅចំណាត់ទី២ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ក្រោយការប្រកួត ១៣លើក៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍