ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖កម្លាំងជំនាញបានបញ្ជូនជនសង្ស័យដែលជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបងម្នាក់បន្ទាប់ពីបានប្រើប្រាស់អាវុធខ្លីម៉ាក K54 លេខ31001971 បាញ់ចំនួន២គ្រាប់ (មិនផ្ទុះ០១គ្រាប់) បណ្តាលឲ្យបុរសម្នាក់រងរបួសទៅអយ្យការអមសាលាដំបូងតាមនីតិវិធីកាលពីវេលាម៉ោង១៤ និង០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ។
នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចជិតហាងស៊ុបយីហោពន្លឺត្បូង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកអនុសេនីយ៍ទោ ទែន ភាន ជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រើប្រាស់អាវុធខ្លីម៉ាក K54 លេខ31001971 បានបាញ់ចំនួន២គ្រាប់ (មិនផ្ទុះ ០១គ្រាប់) លើជនរងគ្រោះ មានឈ្មោះ ព្រឿន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាចុងភៅសណ្ឋាគារក្លាស់ស៊ី មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បណ្តាលត្រូវចំកំភួនជើងខាងឆ្វេង ចំនួន ០១គ្រាប់ បណ្តាលឲ្យរងរបួស ។ មូលហេតុដោយជនសង្ស័យខឹងជាមួយជនរងគ្រោះ ដែលបានរោទ៍ម៉ូតូជាច្រើនលើកនៅមុខផ្ទះរបស់ខ្លួន ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
សូមបញ្ជាក់ថា កងរាជអាវុធហត្ថជាមន្ត្រីប្រតិបត្តិច្បាប់ កាលណាអនុវត្តតួនាទីរបស់ខ្លួនមិនស្របនឹងច្បាប់ត្រូវទទួលទោសដូចប្រជាពលរដ្ឋផងដែរ។ សិទ្ធិនៃការប្រើប្រាស់ត្រូវបានផ្សព្វផ្សាយនិងអប់រំជាប្រចាំដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស៕


ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ចុងភៅម្នាក់រងរបួសត្រង់ជើងបញ្ជួនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមន្ត្រីកងរាជអាវុធដៃដល់ម្នាក់បានប្រើកាំភ្លើងធុនកា៥៤បាញ់អោយរបួសព្រោះតែខឹងស៊ីផ្លេម៉ូតូស្ទើររាល់យប់មុខផ្ទះ។ ពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការបង្ករការភ្ញាក់ផ្អើលខាងលើកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ក្នុងចំនុចក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនដៃដល់ជាមន្ត្រីកងរាជអាវុធខេត្តឈ្មោះភាន រស់នៅកន្លែងកើតហេតុខាងលើ រីឯជនរងគ្រោះឈ្មោះព្រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ របរជាចុងភៅក្នុងសណ្ឋាគារក្លាស៊ី មានទីលំនៅក្នុងភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រពន្ធជនដៃដល់បានបញ្ជាក់ជនរងគ្រោះនៅយប់កើតហេតុបានឈប់ចតម៉ូតូនៅមុខផ្ទះរបស់ខ្លួនហើយបានស៊ីផ្លេម៉ូតូបង្ករការរំខានដំណេកស្ទើររាល់យប់និងពេលខ្លះទៀតរ៉ូម៉ូតូដើម្បីជាសញ្ញាហៅគូរកនដែលជួលផ្ទះស្នាក់នៅនៅក្បែរគ្នាទៀត។
បច្ចុប្បន្នកម្លាំងជំនាញនៃទីបញ្ជាការកងរាជខេត្តកំពុងស៊ើបសួរនិងធ្វើកំណត់ហេតុដើម្បីអោយជនដៃដល់ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន៕


អាមេរិក៖នៅសល់តែរយៈពេល៧ថ្ងៃទៀតប៉ុណ្ណោះ អាមេរិកនឹងធ្វើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាណត្តិថ្មី មកឡើងកាន់តំណែង ជំនួសលោកប្រធានាធិបតី អាមេរិកបច្ចុប្បន្ន បារ៉ាក់អូបាម៉ា។ ប៉ុន្តែសន្ទស្សន៍នៃការគាំទ្រលោក ដូណាល់ត្រាំ ហាក់ខ្ពស់ជាងបន្តិចពីលោកស្រី ហ៊ីលឡារីក្លីនតុន ។
មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស អាមេរិកនឹងត្រូវធ្វើឡើង នៅក្នុងរដ្ឋទាំង៥០ ព្រមទាំងវ៉ាស៊ិនតោនឌីស៊ីរបស់ខ្លួន ដោយក្នុងនោះវាត្រូវបែកចែក ទៅក្នុងតំបន់ដែលមានល្វែង ម៉ោងខុសគ្នាដល់ទៅ៦តំបន់។
ប្រជាជនអាមេរិក ដែលមានចំនួនប្រមាណជា១២០លាននាក់ នឹងត្រូវបានគេជឿជាក់ថា នឹងទៅចូលរួមការបោះឆ្នោត លើកនេះហើយម៉ោងនៃការបោះឆ្នោត អាចចាប់ផ្តើមចាប់ពីម៉ោង៦ព្រឹក ឬ៧ព្រឹក នឹងបិទនៅម៉ោង៧ ឬ៨ល្ងាចថ្ងៃដដែល ដោយក្នុងនោះរដ្ឋ Iowa និងរដ្ឋ North Dakota ការបោះឆ្នោតនឹងត្រូវបន្ត ដល់ម៉ោង៩យប់៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖មានករណីមនុស្សដើរសុំទាន២នាក់ប្តីប្រពន្ធបានមកដេកស្លាប់ ដោយគ្មានមូលហេតុនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ម៉ោង១៨ និង២០នាទី បុរសរងគ្រោះដេកស្លាប់ខាងលើម្នាក់នេះ មានឈ្មោះ មាស នី ភេទប្រុស អាយុ ៥៤ឆ្នាំ និង ប្រពន្ធ ឈ្មោៈ ភឹម នី អាយុ ៥៣ឆ្នាំ ដោយបាន ចេញពីស្រុកកំណើតដើម្បីដើរសុំទានតាមបណ្តាខេត្តផ្សេងៗដែលមានស្រុកកំណើតនៅក្នុងភូមិត្រពាំងក្រសាំងឃុំ ព្រៃពោធិ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងទាំងពីនាក់ប្ដីប្រ ពន្ធ ដើរសុំទាន ក្នុងក្រុង បាត់ដំបងនិងស្នាក់នៅបណ្តោៈ អាសន្នក្រុម២២ភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុង បាត់ដំបង ។
ប្ដីជាជនរងគ្រោះកន្លងមកគាត់មានជំងឺប្រចាំកាយផង (តាមការរៀបរាបរបស់ប្រពន្ធ) នៅវេលាម៉ោងខាងលើ គាត់បានដើរមកដេកស្លាប់ ក្បែរ ផ្លូវកាច់កែង ថ្នល់លេខ៤ចូលផ្សារទួលតាឯក ស្ថិតនៅក្រុម៣ភូមិ អូរតាគាំ៣ សង្កាត់ ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។
ករណីខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលនិង អាជ្ញាធរ ភូមិ សង្កាត់បានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងរៀបចំសំណំឯកសាទៅតាមផ្លូវច្បាប់និងចាត់ចែងដឹកសពទៅវត្តទួលតាឯកដើម្បីរៀបចំទៅតាមប្រពៃណី៕



រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៦,៦៨១,៤៨៤នាក់ ហើយ ស្មើជាង៦៩.១៤ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕

ភ្នំពេញ៖សង្ស័យករណីរឃាតកម្មប្តីសម្លាប់ប្រពន្ធនៅក្នុងបន្ទប់ជួល ទុកចោលនៅក្រោមគ្រែ១ថ្ងៃទើបដឹងក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៦នៅចំណុចផ្ទះជួលភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សពជនរងគ្រោះឈ្មោះ ផាត ស្រីណេត អាយុ២២ឆ្នាំមុខរបរជាអ្នករត់តុក្នុងហាងកាហ្វេស្រុកកំណើតនៅភូមិទួលបណ្តោល ឃុំជីគោ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្តីឈ្មោះ អំ ឌឿន អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិរលួស ឃុំព្រះធាតុ ស្រុកកំពុងត្របែក ខេត្តព្រៃវែង ដែលសមត្ថកិច្ចដាក់ការសង្ស័យជាបឋមថាជាឃាតកម្មសម្លាប់ប្រពន្ធ។
នៅពេលនេះសមត្ថកិ្ចកំពុងធ្វើការស្រាវជ្រាវ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល៕



រាជធានីភ្នំពេញ៖យុវជនម្នាក់ដែលជាប់ចោទពីបទចាប់រំលោភ ក្មេងស្រីអាយុ១៣ឆ្នាំ នៅក្នុងបន្ទប់ឡៅតឿ មិនបានសម្រេចដោយសារតែនាងឈឺប្រដាប់ភេទនិងបានរើបម្រាស់រួចរត់ចុះមកក្រោមប្រាប់ម្ដាយប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លេខA-155 ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះគុយ ហាវ អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខA155 ភូមិត្រពាំងអញ្ចាញទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រវាងយុវជនខាងលើនិងក្មេងស្រីរងគ្រោះ បានស្រលាញ់គ្នាដែលកន្លងមក ពួកគេធ្លប់និយាយសាសងគ្នា ដែលឪពុកម្ដាយទាំងសង្ខាងទំនងជាមិនបានដឹងនោះឡើយ ហើយឆ្លៀតពេលដែល ឪពុកម្ដាយខាងស្រីមិននៅផ្ទះមួយភ្លែត យុវជននោះបានធ្វើដំណើរទៅកាន់ ផ្ទះ នាង ហើយបានសាសងក្នុងខណៈពេល ដែលនាងកំពុងឈរលាងចានឆ្នាំងតែម្នាក់ឯង។លុះលាងរួចនាង ម្នាក់នោះបានឡើងទៅលើបន្ទប់ឡៅតឿ ដើម្បីយកសម្លៀកបំពាក់ ដែលប្រឡាក់ចុះមកក្រោមបោកគក់ ស្រាប់តែក្មេងយុវជននោះបានឡើងទៅតាម រួចបានចាប់នាងផ្ដួលនៅក្នុងបន្ទប់នោះ និងបានស្រាតខោនាងដល់ ត្រឹមក្រោមជង្គង់ រួចបានធ្វើសកម្មភាពរួមរ័ក។ប៉ុន្តែខណៈនោះដោយសារតែ នាងមានការឈឺចាប់ប្រដាប់ភេទ ខ្លាំងពេកទើបការរួមរ័កនោះ មិនបានសម្រេចឡើយ នាងក៏បានស្ទុះក្រោកស្លៀកខោវិញ និងបានដើរចេញពី ក្នុងបន្ទប់ឡៅតឿនោះ យកសម្លៀកបំពាក់ចុះក្រោម នៅសល់តែយុវជននោះកំពុងស្លៀកខោ ហើយស្រប ពេលនោះម្ដាយរបស់នាងបាន ទៅដល់មានការសង្ស័យពីទឹកមុខកូនស្រី ក៏បានឡើងទៅមើលលើបន្ទប់ ឡៅតឿ ហើយបានឃើញយុវជន នោះកំពុងស្លៀកខោ ក៏បានហៅឲ្យប្ដីគាត់ទៅមើលនិង ប្ដឹងឲ្យនគរបាលចាប់ ខ្លួនយុវជននោះចោទប្រកាន់ពីបទរំលោភសេពសន្ធវៈកូនស្រីគាត់ ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសាកសួរនិងក៍សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់បន្ត៕

ប៉េកាំង៖យោងតាមសារព័ត៌មានស៊ិនហួរបានចេញផ្សាយថា កម្មករអណ្ដូងរ៉ែយ៉ាងតិចចំនួន១៥នាក់ត្រូវបានគេអះអាងថា ស្លាប់បាត់បង់ជីវិត ខណៈដែល១៨នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយបន្ទាប់ពីផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែងស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Chongqing ប្រទេសចិន។
ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា អណ្ដូងរ៉ែធ្យូងថ្មដែលផ្ទុះនេះជារបស់ឯកជនមួយ ឈ្មោះថា Jinshangou Coal Mine ស្ថិតនៅតំបន់ Laisu Town នៃស្រុក Yongchuan ។ អាជ្ញាធរបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង១១ និង៣០នាទី(ម៉ោងក្នុងតំបន់) ដែលមានកម្មករសរុប៣៥នាក់ កំពុងធ្វើការ។ ជាមួយគ្នានេះអាជ្ញាធរឱ្យម្ចាស់អណ្ដូងរ៉ែនេះផ្អាកសកម្មភាពរបស់ខ្លួនដើម្បីមានភាពងាយស្រួលដល់ក្រុមអ្នកជួយសង្គ្រោះ៕

រាជធានីភ្នំពេញ៖បុរសម្នាក់ដេកផ្កាប់មុខស្លាប់គួរឲ្យអាណោចអាធ័ម ខណៈពេលជិះម៉ូតូមកពីស្រុកកំណើតវិញត្រូវរថយន្តកៀរ បុកអូសជាច្រើនម៉ែត្រ រួចកិនពីលើថែមទៀត ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១-១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរូបលោកមិនបានដឹងថាមានមនុស្សស្លាប់ទេ ពេលដែលបើកជិតដល់កន្លែងកើតហេតុក៏ឃើញមនុស្សដេកផ្កាប់មុខបែកក្បាលខ្ទេចដាច់លលាដ៍ក្បាលខាងលើ និងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7048 ដួលកណ្តាលផ្លូវ ទើបរូបលោករាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗដែរ។
សមត្ថកិច្ចពិនិត្យជាជំហានដំបូងបានសន្និដ្ឋានថា សពអាចត្រូវរថយន្តបើកកៀរពីក្រោយអូសជាច្រើនម៉ែត្រ ហើយទើបកិនពីលើដាច់លលាដ៍ក្បាលផ្នែកខាងលើស្លាប់តែម្តង ព្រោះគេពិនិត្យឃើញពីកន្លែងបុកដល់ទីតាំងសពមានប្រវែង១០ម៉ែត្រ ។ សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ សាយ ម៉ាយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិគងជ័យលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បាក់ខែង១យប់រង់ចាំពេលព្រឹកឲ្យខាងសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ៕

រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងខែតុលាកន្លងទៅនេះ កើតឡើងចំនួន២៨១លើកបណ្តាលឲ្យមនុស្ស១២៤នាក់បានស្លាប់ របួស៦៥៦នាក់ (របួសស្រាល ៣០៩នាក់ និងរបួសធ្ងន់ ៣៤៧នាក់)។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយខែតុលានេះចំនួនអ្នកស្លាប់បានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ កើតឡើង ២៧៥លើក អ្នកស្លាប់១៣៣នាក់ ខណៈដែលអ្នករបួសកើនឡើងបើធៀបនឹងឆ្នាំមុន ដែលមានអ្នករបួសចំនួន ៤៣៥នាក់ (របួសស្រាល ១៦៤ នាក់ និងធ្ងន់ ២៧៣នាក់)។
គ្រោះថ្នាក់ចរាចរណ៍ទាំង ២៨១លើកបណ្តាលឲ្យខូចខាតរថយន្តតូច១០២គ្រឿង រថយន្តធំ ៥៧គ្រឿង និងម៉ូតូ ២៩២គ្រឿង ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ងងុយដេក និងកត្តាយានយន្តជាដើម៕

ខេត្តស្វាយរៀង៖យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យ៉ាងហោចណាស់កម្មករជាង១០នាក់បានរងរបួស គ្រាដែលរថយន្តកូរ៉េមួយគ្រឿងដែលដឹកកម្មករតាមផ្ទះ ទៅធ្វើការនៅរោងចក្រ បុកជាមួយរថយន្តជនជាតិថៃដែលមកតាំងពិព័រណ៍នៅក្រុងស្វាយរៀង ។ ករណីនេះកើតឡើងនាព្រឹកព្រលឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរថយន្តដឹកកម្មករ ក្រឡាប់ ហើយជះកម្មករ មកដីរបួសធ្ងន់ស្រាល ជាង១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ខណ:ជនជាតិថៃមិនមានរបួសនោះទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងយករថយន្តទាំង២ រក្សាទុកជាបណ្តាះអាសន្នរង់ចាំការដោះស្រាយបន្តទៀត៕




ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេសឈរជើងខេត្តស្ទឹងត្រែង បានរកឃើញទីតាំងលាក់ទុកឈើប្រភេទលេខ១ជាង១០០កំណាត់ នៅវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ។ មន្ត្រីជំនាញអះអាងថា ឈើទាំងនោះប្រភេទឈើសុក្រំ កកោះ ធ្នុង និងឈើត្រសេក។
សមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើបានចុះបង្ក្រាបសម្មភាពប្រមូលទិញ ដឹកជញ្ជូន ឈើខុសច្បាប់បានជាច្រើនកន្លែង។ ដោយឡែកនៅខេត្តស្ទឹងត្រែងនេះ សមត្ថកិច្ចកំពុងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ដើម្បីធ្វើការត្រួតពិនិត្យវាស់វែងបញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី រួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងបន្តស្រាវជ្រាវរកឲ្យឃើញនូវម្ចាស់ឈើក៏ដូចជាអញ្ញត្តិជន ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជា ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសព្រៃឈើ៕

ដោយ៖ប៉ែនសុផល
បាត់ដំបង៖ពលរដ្ឋខ្មែរចំនួន២នាក់បានលួចចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ក្នុងប្រទេសគេហើយត្រូវពួកទាហានថៃបាញ់ប្រហារបណ្តាលឲ្យរងរបួសកាលពីថ្ងៃទី២៩ តុលា ២០១៦ វេលាម៉ោងប្រហែល១៩ និង០០នាទី។
ជនរងគ្រោះទី១ត្រូវពួកទាហានថៃបាញ់ប្រហារបណ្តាលឲ្យរងរបួសចំស្មាខាងឆ្វេង ឈ្មោះ ស៊ុន វណ្ណនេ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានមកស្នាក់នៅភូមិអូរ ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងម្នាក់ទៀត ឈ្មោះ ឡុង សារិន ភេទប្រុស អាយុ៣២ឆ្នាំ បានរត់បែកគ្នាមិនដឹងរត់ចេញទៅដល់កន្លែងណានោះទេ ខណៈពេលពួកទាហានថៃបានបាញ់រះទៅលើពួកគេទាំង២នាក់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចូលទៅទឹកដីថៃដោយខុសច្បាប់ខាងលើពួកគេមិនស្គាល់ភូមិសាស្ត្រ
ដឹងថាចូលតាមច្រកណាទេ ពេលទៅដល់ចំណុចកើតហេតុជនរងគ្រោះក៏មិនដឹងថា នៅចំណុចណាដែរ ។
ក្រោយពីពួកទាហានថៃបានបាញ់ប្រហារទៅលើពួកគេបណ្តាលឲ្យរងរបួសនោះជនរងគ្រោះមិនបានចេញតាមច្រកអូររំដួលទេ គឺរត់តាមផ្លូវជើងក្នុងភូមិសាស្ត្រឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកក៍បានជួបនិងអ្នកចំការបានដឹកនាំមកសង្គ្រោះចំណុចមួយ ប៉ុន្តែមិនបានចាំថាកន្លែងណាអោយពិតប្រាកដទេ គ្រាន់តែដឹងថាចូលតាមភូមិសាស្ត្រក្នុងតំបន់ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក។
ជនរងគ្រោះបានបន្តដំណើរតាមការចង្អុលបង្ហាញពីអ្នកចំការទើបមកដល់មណ្ឌលសុខភាពពេជ្រចិន្តានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា២០១៦ ហើយត្រូវបានខាងមណ្ឌលសុខភាពបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនជាបន្ត។
បច្ចុប្បន្នជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពខាងលើ រីឯម្នាក់ទៀតសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីជួយសង្គ្រោះជាបន្តទៅទៀត ៕


រាជធានីភ្នំពេញ៖លោក ប៉ុល ហំម តំណាងរាស្ត្របក្សប្រឆាំងបានឲ្យដឹងថា សពលោក ប៉ែន សុវណ្ណ នឹងហែពីស្រុកកំណើតនៅខេត្តតាកែវ ដើម្បីយកមកតម្កល់នៅវត្តថាន់ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ។ លោកបញ្ជាក់ថា សពលោក ប៉ែន សុវណ្ណ នឹងហែចេញខេត្តតាកែវ នៅម៉ោង៧ព្រឹក យកមកតកម្កល់នៅវត្តថាន់ ក្នុងទីក្រុងភ្នំពេញ ហើយគ្រោងបូជានៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា វេលាម៉ោង៩ព្រឹកតែម្តង។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ដែលមានអាយុ៨០ឆ្នាំ ដោយរោគាពាធ។លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ ហើយលោកធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ ក្រោយមកលោកត្រូវបានចោទប្រកាន់ថា បានលួចចរចាស្ងាត់ៗ ជាមួយក្រុមខ្មែរក្រហម៕

ខេត្តបន្ទាយមានជ័យ៖មានការភ្ញាក់ផ្អើលកាលពីព្រលឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីសាកពសយុវជនកម្មករចាក់លូក្រុមហ៊ុនឯកជនម្នាក់ចងកសម្លាប់ខ្លួននៅក្បែរស្រះទឹក ដែលករណីនេះកើតឡើងក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះ ហៀត ម៉េងឡុង អាយុ១៧ឆ្នាំ ជាកម្មករចាក់លូឲ្យក្រុមហ៊ុនឯកជនមួយ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅចំណុចកើតហេតុ ។
ឪពុកបង្កើតជនរងគ្រោះឈ្មោះ ណ ម៉េងហៀត អាយុ៤៤ឆ្នាំ បានរៀបរាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុកាលពីម៉ោងប្រហែល៨យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កូនប្រុសរបស់គាត់ផឹកស៊ីជាមួយកម្មកររួមអាជីពក្នុងក្រុមហ៊ុនចាក់លូ គាត់ក៏ស្តីបន្ទោសតិចតួចស្រាប់តែកូនគាត់ខឹង និងបោកកម្ទេចទូរស័ព្ទដៃ១គ្រឿង ហើយដើរចេញទៅបាត់ លុះព្រឹកឡើងអ្នកស្រុកទៅរែកទឹកស្រះស្រាប់តែប្រទះឃើញសពជនរងគ្រោះ ខណៈក្រុមកម្មករនាំគ្នាទៅមើលទើបដឹងថាជាកូនរបស់គាត់តែម្តង។
សមត្ថកិច្ចនគរបាលក្រុង និងក្រុមគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសព ។ គ្រូពេទ្យជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចង.កពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ប្រគល់សពទៅសាច់ញាតិ និងឪពុកម្តាយដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍