រថយន្ត Mazda ស៊េរី ២០២០ ចេញលក់ម្ដងពីរម៉ូដែល ដែលបង្ហាញពីតម្រូវការរថយន្តប្រភេទថ្មីនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមហ៊ុន HGB Group ដែលនាំចូលផ្តាច់មុខនូវរថយន្ត Mazda កាលពីរាត្រីថ្ងៃទី៩ខែសីហានេះ បានប្រារព្ធកម្មវិធីធំមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីឆ្នាំ២០២០ ចំនួនពីរម៉ូដែល បង្ហាញដល់អតិថិជនរបស់ខ្លួន ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ពិតមានតម្រូវការរថយន្ត ប្រភេទថ្មីស្រឡាង មានការកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស្តា បានថ្លែងឱ្យដឹងថា The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង និងមុខមាត់ថ្មីទាំងស្រុង កាន់តែទំនើប ទាក់ទាញ ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ព្រីមៀម(Premium) តាមរយះការផ្លាស់ប្តូររូបរាងភាពទំនើបនៃគំនិតរចនាបថនិងបច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត។ផ្នែកប៉ាណាខាងមុខ មានលក្ខណះជាសំណាញ់រឹងមាំស្រស់ស្អាត កាងដ៍លេចធ្លោនិង អំពូលភ្លើងអូតូ LED និងភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ យ៉ាងស្រស់ស្អាត។

The All New Mazda 3 ជំនាន់ទី ៧ រូបរាងថ្មី ដែលចេញលក់នៅប្រទេសកម្ពុជា ជាប្រភេទ Full Option មានម៉ាស៊ីន សាំងចំណុះ ១,៥ លីត្រ Skyactiv engine មានស៊ីឡាំងចំនួន៤ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូ និង៦លេខដែ ហើយផលិតនិងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ។ រថយន្តនេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ដើម្បីបង្កើនលំនឹងលើសពីប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត។ ក្រៅពីនេះក៏មានប្រព័ន្ធវ័យឆ្លាត ទំនើប ទាន់សម័បបំផុតជាច្រើនទៀត បូករួមទាំងពោងសុវត្ថិភាពចំនួន៧ កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ អាចមើលជុំវិញរថយន្តទាំងមូលទៀតផង។

លោកស្រីបញ្ជាក់ថា រថយន្ត រូបរាងថ្មី មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រពន្ធ័ប្រើប្រាស់ដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកមាន Sensor នឹងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបាន៧ បែបនិងអាចជ្រើសរើសកំណត់កៅអីដល់ទៅ៤នាក់ មាន Mazda Connectivity, Car Play/Android Auto ជាមួយ Speaker Bose ចំនួន១២គ្រាប់ ដែលផ្តល់នូវសំលេងពិរោះរណ្តំ និងចំណុចទំនើបៗជាច្រើនទៀត។
ចំណែក BT-50 Thunder ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទ Pick Up មានលក់នៅកម្ពុជាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២ លីត្រ មានចំនួន ៥ ស៊ីឡាំង ប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូនិង៦លេខដែ និងប្រព័ន្ធ កាពីតាស វិលកង់ទាំង ៤។

ក្រៅពីនេះរថយន្ត BT-50 Thunder ស៊េរីឆ្នាំ ២០២០ ក៏មាននូវប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ចែកដាច់គ្នា, បង្អួតកញ្ចក់បិទ/បើកដោយអេឡិចត្រូនិក, មានប្រើសារធាតុស្បែកស្រោបលើកៅអី, មានរន្ធ USB និងអាចបញ្ជាមុខងារមួយចំនួនដោយប្រើសំឡេង រួមទាំងចំណុចពិសេសៗច្រើនទៀត។

នាឱកាសនោះផងដែរ ក្រុមហ៊ុនក៏បាន ធ្វើការប្រកាសប្រូម៉ូសិន ដ៏មហាអស្ចារ្យមួយនោះគឺ “ប្រ៉ូម៉ូសិនមាស១២គីឡូ” ជាមួយនឹងតម្លៃពិសេសរបស់រថយន្ត Mazda BT-50 Thunder ត្រឹមតែ ៣៥,៩៩៩ នឹងតម្លៃ ៤០,៩៩៩ដុល្លាតែប៉ុណ្ណោះ៕