រាជធានីភ្នំពេញ ៖យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញនៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងមានលុយ ៧,២ លានដុល្លាអាមេរិក មានមាសគីឡូចំនួន ៣៣៩ តម្លឹង ស្មើនឹង ១២,៧៤ គីឡូក្រាម»៕ សូមអានប្រកាសព័ត៌មានលម្អិតរបស់អង្គភាពប្រឆាំងអំពើពុករលួយខាងក្រោម៖
ប៉ាគីស្ថាន ៖មនុស្សយ៉ាងហោចណាស់៩២នាក់ស្លាប់ និង៧៧នាក់ផ្សេងទៀតរងរបួស ដោយសារហេតុការណ៍ភ្លៀងធ្លាក់យ៉ាងគំហុករយៈពេលជាង៥ថ្ងៃកន្លងមកនេះបង្កឲ្យបាក់ដីនៅតំបន់ភាគខាងជើងប្រទេសប៉ាគីស្ថាន។ ជាមួយគ្នានោះប្រជាជនប៉ាគីស្ថានជាច្រើនគ្រួសារត្រូវបង្ខំចិត្តឈរ នៅលើកំណាត់ផ្លូវជាតិ ដែលត្រូវបានបំផ្លាញ ដោយការបាក់ដី នៅតំបន់កូហ៊ីស្ទេន ភាគខាងជើងប្រទេស៕
បាល់ទាត់ ៖យោងតាមការចុះផ្សាយរបស់គេហទំព័រ Sky Sports បានឲ្យដឹងថា ក្រុម Real Madrid បានកំណត់តម្លៃលក់ចេញ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងតម្លៃខ្លួនជាង ៦០លានផោន។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣១ឆ្នាំរូបនេះ បានលេងឱ្យ Real Madrid សរុប ៣៣៩ប្រកួត ហើយស៊ុត បញ្ជូលទីបាន ៣៥៥គ្រាប់។
ទោះបីជាកីឡាកររូបនេះស៊ុតបានច្រើនគ្រាប់ហើយបានជួយឲ្យក្លិបឈ្នះពាន LaLiga តែម្ដង និង UFEA Champions League តែម្ដងប៉ុណ្ណោះ ក្នុងរយៈពេល៧រដូលកាល ហើយប្រៀបធៀបជាមួយនឹង Messi គឺចាញ់ឆ្ងាយ ដោយ Messi បានឈ្នះ LaLiga ចំនួន៤ដង និង UEFA Champions League ២ដង ក្នុងេយៈពេល៧រដូលកាលចុងក្រោយដូចគ្នា។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះ កំពុងជាប់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០១៨ ត្រូវបានក្លឹប កំណត់ថ្ងៃលក់លើទីផ្សារហើយក្នុងតម្លៃជិត ៦០លានផោន បើក្លិបណាចង់បាននោះ៕
រាជធានីភ្នំពេញ ៖លោក សុខ ឥសាន្តអ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) ថ្លែងថា រឿងលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងរិះគន់រាជរដ្ឋាភិបាល វាមិនមែនជារឿងចម្លែកនោះទេ ។ ប៉ុន្តែអ្វីដែលចម្លែកគឺលោក សម រង្ស៊ី សរសើររាជរដ្ឋាភិបាលទៅវិញទេ ។ ការថ្លែងដូច្នេះ គឺបន្ទាប់ពី ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានប្រដូចរាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ទៅនឹងរបបការដឹកនាំប្រទេសប៉ូឡូញមុននិងអំឡុងឆ្នាំ ១៩៩០។
លោក សុខ ឥសាន្ត បានឲ្យដឹងថា លោក សម រង្ស៊ី មិនដែលនិយាយសរសើរ រាជរដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជាទេ ព្រោះវាជាទម្លាប់ និងផ្នត់គំនិត របស់គាត់ទៅហើយ អីចឹងមិនមែនជារឿងចម្លែកទេ ដែលតែងតែរិះគន់ និងវាយប្រហារ គណបក្សប្រជាជននោះ។
អ្នកនាំពាក្យ CPP រូបនោះ បានបន្ថែមថា ទង្វើររិះគន់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមិនមែនតែ លោក សម រង្ស៊ីនោះទេ គឺតាំងពីពូជពង្ស របស់គាត់មកម្ល៉េះ ។ ឪពុករបស់គាត់ (សម សារី) បានធ្វើបាបអតីត ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមរតនកោដ្ឋមិនតិចនោះទេ អីចឹងគឺស្លឹកឈើជ្រុះ មិនឆ្ងាញពីគល់នោះឡើយ៕
រាជធានីភ្នំពេញ ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា បានចេញដីកាបង្គាប់ឲ្យលោកស្រីឧកញ៉ា សៀង ចាន់ហេង ចូលខ្លួនឆ្លើយដោះបន្ទុកលើសំណុំរឿងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ។ ការចេញដីកាកោះហៅនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់លោកស្រីឧកញ៉ា លឹម ឃី អាយុ៣៩ឆ្នាំ ទីលំនៅសង្កាត់ផ្សារដេប៉ូ០២ ខណ្ឌទួលគោក។
យោងតាមដីការបស់ព្រះរាជអាជ្ញា បញ្ជាក់ថា៖ «សម្រេចបង្គាប់ឲ្យជនជាប់ចោទឈ្មោះ សៀង ចាន់ហេង ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល»។
គេមិនទាន់ដឹងព័ត៌មានច្បាប់លាស់ ទាក់ទងសំណុំរឿងខាងលើនេះនៅឡើយទេ ដោយគ្រាន់តែដឹងថា លោកស្រីឧកញ៉ា សៀង ចាន់ហេង មានបញ្ហាច្រើនក្នុងមុខរបរ៕
រាជធានីភ្នំពេញ ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU សម្រេចបញ្ជូនលោក ស៊ុត ឌីណា មកកាន់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ ដើម្បីបន្តសាកសួរអំពី ការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីសាកសួរនៅ ACU អស់រយៈពេល៤ថ្ងៃ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងអំពើពុករលួយរបស់ លោក ស៊ុត ឌីណា ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង និងសាកសួរអំពីដំណើររឿងថា តើត្រូវចោទប្រកាន់ ឬមិនចោទប្រកាន់។
គួរបញ្ជាក់ថា លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមកសាកសួរជាលើកទី២ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះបន្ទាប់ពីលោកបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣មេសា ពាក់ព័ន្ធនឹងអំពើពុករលួយ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក យប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ២២នាក់ (ស្រី៧នាក់) និងរបួសស្រាល ៨នាក់ (ស្រី៣នាក់)។ យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងនគរបាលជាតិ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៧គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូច ៥គ្រឿង ,រថយន្តធំ លើកថ្មើរជើង ២នាក់ ។ មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៩លើក (ស្លាប់៥នាក់) ,មិនគោរពសិទ្ធិ ២លើក ,ប្រជែង ២លើក, មិនប្រកាន់ស្តាំ ៣លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៣នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១២លើក , ផ្លូវខេត្តក្រុង ៤លើក។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក , រថយន្តធុនធំ។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៥.៧០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២.៣១៤គ្រឿង ពិន័យសរុប ៣.៣៩១គ្រឿង៕
ខេត្តបន្ទាយមានជ័យ ៖មន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខតាកែវ 3A-1599 ដោយពិនិត្យរកឃើញលួចនាំចូលកាំភ្លើងខ្លី ប្រើហ្គាសចំនួន៣០ដើម ដែលឈ្មួញទុច្ចិរតលួច បង្កប់ចូលក្នុងរថយន្តដឹកទំនិញ នាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។ ការឃាត់នេះធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦៕ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖
រាជធានីភ្នំពេញ ៖លោក សម រង្ស៊ី បានចាត់ទុកកម្ពុជា សព្វថ្ងៃដូចនឹងរបបការដឹកនាំ នៃប្រទេសប៉ូឡូញ មុននិងអំឡុង១៩៩០ ។ ប្រធានគណបក្សប្រឆាំង បានលើកឡើងក្នុង Face book ថា ហេតុអ្វីបានជារដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ត្រូវបង្ក្រាបកម្មករ និងសហជីព តាមរយៈអំពើហិង្សាមកលើកម្មករផង និងតាមរយៈច្បាប់គាប សង្កត់ សហជីពផង? ឯកឧត្តម បានបញ្ជាក់ថា “ដោយសារតែក្រុមអ្នកកាន់ អំណាចសព្វថ្ងៃ ភ័យខ្លាចចលនាកម្មករ ដែលទាមទារសេរីភាព និងយុត្តិធម៌ មកផ្តួលរំលំអំណាចផ្តាច់ការ របស់ពួកគេ ដូចចលនាកម្មករ និងសហជីពសេរី បានផ្តួលរំលំរបបកុម្មុយនីស្តផ្តាច់ការ នៅប្រទេសប៉ូឡូញ (Pologne/Poland) កាលពីឆ្នាំ ១៩៩០”។
លោកលើកឡើងថា ក្នុងចន្លោះឆ្នាំ ១៩៨០ ដល់១៩៩០ ចលនាកម្មករ និងសហជីពឯករាជ្យ ពីបក្សកុម្មុយនីស្តឈ្មោះ Solidarność (មានន័យថា សាមគ្គីភាព) ដឹកនាំដោយលោក Lech Wałęsa បានជម្រុញឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី នៅប្រទេសប៉ូឡូញ ដែលជាប្រទេសកុម្មុយនីស្ត រណបសហភាពសូវៀត នៅពេលនោះ។ ប្រទេសប៉ូឡូញ ជាប្រទេសមុនគេបង្អស់ ក្នុងចំណោមប្រទេសកុម្មុនីស្ត នៅទ្វីបអឺរ៉ុបខាងកើត ដែលបានរើបម្រះពីរបបកុម្មុយនីស្ត ហើយបានទាមទារឯករាជ្យភាព ប្រកបដោយជោគជ័យ ពីសហភាពសូវៀត។
មេបក្សប្រឆាំងសង្កត់ធ្ងន់ថា នៅទីបញ្ចប់ របបកុម្មុយនីស្តបានដួលរលំ នៅទូទាំង ទ្វីបអឺរ៉ុប ព្រមទាំងនៅសហភាពសូវៀតផងដែរ ក្នុងឆ្នាំ ១៩៩១។ ដូច្នេះ គេឃើញថាចលនាកម្មករ និងសហជីពសេរី ជាកម្លាំងនាំមុខ ដែលអាចមានឥទ្ធិពលខ្លាំងណាស់ ក្នុងការនាំមកនូវ លទ្ធិប្រជា ធិបតេយ្យ សេរីភាព និងយុត្តិធម៌សង្គម នៅក្នុងប្រទេស ដែលធ្លាប់តែគ្រប់គ្រង ដោយអំណាច កុម្មុយនីស្តផ្តាច់ការ។ លោក Lech Wałęsa បានទទួលជ័យលាភី ពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ក្នុងឆ្នាំ១៩៨៣ ពេលដែលកំពុងតែប្រយុទ្ធ ដោយសន្តិវិធី ហើយលោកបានជាប់ឆ្នោត ជាប្រធានាធិបតីថ្មី នៃប្រទេសប៉ូឡូញ ក្នុងឆ្នាំ ១៩៩០៕
ខេត្តក្រចេះ ៖កម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់សម្លាប់ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ប្លន់យកលុយអស់ប្រមាណ២លានរៀលបានហើយកាលពីយប់មិញ។
ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់)។ ដោយឡែក ជនសង្ស័យ២នាក់ទៀតដែលជាអ្នកធ្វើសកម្មភាពត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល ខេត្តមណ្ឌលគិរី តាមទៅចាប់ខ្លួននៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ជនសង្ស័យទី១ឈ្មោះ អឿន រស់នៅភូមិឃុំខាងលើ និងទី២ឈ្មោះ ចាន់ វី។
គួរបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារ ដើម្បីប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ៕
រាជធានីភ្នំពេញ ៖អគ្គិសនីកម្ពុជា EDC បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ដើម្បីអនុវត្តការងារធ្វើការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ៕ ព័ត៌មានលម្អិតនៃតំបន់ ដែលត្រូវផ្អាកអគ្គិសនីនេះ សូមអានសេចក្តីជូនដំណឹង៖
ខេត្តកំពត ៖មេចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលត្រូវបានកម្លាំងនគរបាលខេត្តកំពត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បង្ក្រាប និងចាប់ខ្លួនពីថ្ងៃម្សិលមិញនោះ បានរៀបរាប់ពីសកម្មភាពប្លន់ទាំង៩ករណី នាពេលកន្លងទៅ នៅតាមមូលដ្ឋាន ដោយទទួលបានទ្រព្យសម្បត្តិ ជាលុយកាក់ និងគ្រឿងអលង្ការយ៉ាងច្រើន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា សកម្មភាពប្លន់ទាំង៩ករណីដែលពួកគេធ្វើសកម្មភាពរួមមានទី ១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ដោយយកលុយជាង១លាន និងគ្រឿងអលង្ការមួយចំនួន ទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិតំដាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស យកអស់ម៉ូតូមួយគ្រឿង ទី៣ថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៦ ប្លន់នៅភូមិទួល ឃុំល្បឿក ស្រុកឈូក យកអស់ម៉ូតូមួយគ្រឿង លុយជាង១០ម៉ឺនរៀល និងទូរស័ព្ទ២គ្រឿង ទី៤ នៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅភូមិតូច ឃុំក្រាំងស្ទាយ យកអស់គ្រឿងអលង្ការមួយចំនួន ទី៥ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិអង្គរជាតិ ឃុំចំប៉ី ស្រុកអង្គរជ័យ យកអស់គ្រឿងអលង្ការមួយចំនួនទៀត ទី៦ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ យកអស់គ្រឿងអលង្ការមួយចំនួន ទី៧ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ យកអស់ម៉ូតូមួយគ្រឿង និងគ្រឿងអលង្ការមួយចំនួន ទី៨ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិតានាន់ ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន និងទី៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិដាន់គោមខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន។
មន្ត្រីនគរបាលខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមានទី១ឈ្មោះ មួង រ៉េត អាយុ៥៣ឆ្នាំង និងទី២ឈ្មោះ អ៊ុក មឿន អាយុ៤០ឆ្នាំ ។
លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាលរបស់លោក បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅឲ្យជនរងគ្រោះចង្អុលមុខ នៅន្លែងដែលពួកគេធ្វើសកម្មភាពនាពេលកន្លងទៅ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត ៕
ខេត្តក្រចេះ ៖ជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធវែងបានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះចំនួន២គ្រាប់ ចំ-ពោះ និងឆ្អឹងជំនីបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រួចប្រមូលយកប្រាក់អស់ចំនួន២លានរៀល រត់គេចខ្លួនបាត់អស់ទៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះ ស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបច្ចុប្បន្នកំលាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្តកំពុងត្រួតពិនិត្យនិង ធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា ដើម្បីធ្វើការតាមចាប់ក្រុមចោរប្លន់ទាំងអស់នោះ យកមកផ្តន្ទាទោសតាមច្បាប់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍