ខេត្តតាកែវ៖ មន្ដ្រីរាជការជាង២០នាក់ ក្នុងចំណោមជាង ៣០នាក់ នៃមន្ទីរការងារខេត្ត បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅលោករដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំដកលោក មឹង វីរិយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដតាកែវ។
ការលិខិតទាមទារដកលោក មឹង វីរិយ៉ា ពីចេញពីតំណែងនេះ បានសរសេរចោទប្រកាន់ថា ប្រធានមន្ទីររូបនោះប្រើអំណាចគំរាមបំបែកបំបាក់សាមគ្គី និងញុះញង់ឱ្យមន្ដ្រីថ្នាក់ក្រោម ឈ្លោះគ្នារហូតមានការប្ដឹងផ្ដល់ដល់តុលាការទៀតផង។
ខ្លឹមសារនៃលិខិតបណ្តឹងរបស់មន្ដ្រីមន្ទីរ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដតាកែវ ដែលផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ បានលើកឡើងពីសកម្មភាពការងារដឹកនាំរបស់លោក មឹង វីរិយ៉ា ដោយប្រើអំណាចគំរាមកំហែងប្រមាថមន្ដ្រីថ្នាក់ក្រោមចំនួន ១០ ចំណុចមានដូចខាងក្រោមនេះ ៖
១- ការញុះញង់មន្ដ្រីថ្នាក់ក្រោម ឱ្យឈ្លោះគ្នា មិនទុកចិត្ដគ្នា បំបែកបំបាក់ សាមគ្គីរបស់មន្ដ្រីរហូត ដល់មានមន្ដ្រីខ្លះ បានប្ដឹងផ្ដល់គ្នាទៅតុលាការ ហើយ លោក មឹង វីរិយ៉ា ប្រធានមន្ទីរ បានតាំង ខ្លួនធ្វើជាសាក្សីឱ្យមន្ដ្រីដើមបណ្ដឹង។
២- បានគំរាមមន្ដ្រីក្នុងអង្គប្រជុំថា គាត់មានលុយចំនួន ៥.០០០ ដុល្លារ អាមេរិក សម្រាប់ប្ដឹងមន្ដ្រីណាម្នាក់ ហ៊ាននិយាយរឿងប៉ះពាល់ដល់កិត្ដិ- យសរបស់គាត់ គាត់នឹងប្ដឹងឱ្យជាប់គុក រយៈពេល ២ខែ ទៅ ៣ ខែ មិនតែ ប៉ុណ្ណោះថែមទាំងនិយាយគំរាមថា គាត់ មានបងប្អូនជាអ្នកធ្វើការធំ និងជាតុលា-ការសម្រាប់ជួយគាត់ផង។
៣- បានហៅមន្ដ្រីថ្នាក់ក្រោម ទៅគំរាមថា ក្នុងមន្ទីរការងារ មានបីបក្ខ បក្ខដែលមានអំណាចគឺ បក្ខពួករបស់ គាត់ ដូច្នេះបើមន្ដ្រីណាចង់រស់បានយូរ ឬចង់មានលុយចាយ ត្រូវចូលជាបក្ខពួក គាត់ បើមន្ដ្រីណាមានបក្ខផ្សេងៗពីគាត់ គាត់ឱ្យងាប់ គឺត្រូវតែងាប់។
៤- គាត់បានប្រកាសក្នុងអង្គ- ប្រជុំថា គាត់បានជ្រើសរើសមនុស្សជំនិត របស់គាត់ ដែលហៅថាសេនាដៃស្ដាំ និងសេនាដៃឆ្វេង និងមានគិញដាក់គ្រប់ ការិយាល័យទាំងអស់ ដូច្នេះបើមន្ដ្រី ម្នាក់ណាធ្វើអ្វីក៏គាត់ដឹងដែរ សូម្បីតែ ចាបមួយក្បាលហើរចូលក៏គាត់ដឹងដែរ។
៥- បានគំរាមដល់ មន្ដ្រីថ្នាក់ ក្រោមទាំងអស់ថា បើអ្នកណាម្នាក់ហ៊ាន ប៉ះពាល់មនុស្សរបស់គាត់ គឺគាត់មិនឱ្យ អ្នកនោះ មានសេចក្ដីសុខឡើយតែបើ ហ៊ាន ត្រូវឆ្លងកាត់គាត់សិន។
៦- ការងារបក្ខពួកនិយម មន្ដ្រី ដែលមិនមែនជាបក្ខពួករបស់ពួកគាត់ គាត់ចង់ដក ឬដាក់តាមអំពើចិត្ដ ហើយ ធ្វើអ្វីតែងតែ ត្រូវបានស្ដីបន្ទោសនិងមិន ត្រូវបានយកចិត្ដទុកដាក់ឡើយ។
៧- បានប្រាប់ទៅមន្ដ្រី សរុប របាយការណ៍ថា បើចង់បានរបាយ ការណ៍ពីបក្ខពួកគាត់ចាំគាត់សរសេរ ជំនួសឱ្យ។
៨- គាត់នឹងយកមនុស្សពីក្រៅ ឬពីក្រសួងមកធ្វើជាអនុប្រធានមន្ទីរ ឬប្រធានការិយាល័យ។
៩- គ្មានទំនួលខុសត្រូវ ក្នុង នាមជាអ្នកដឹកនាំបន្ដវេនការងារអនុវត្ដ ឆ្នាំចាស់នៅពេលសវនកម្ម មកពិនិត្យ គាត់បែរជានិយាយថា ពីរនាក់ហ្នឹង កុំតែគាត់ជួយ កុំអីជាប់គុក។
១០- គាត់បាននិយាយអួតថា គាត់មិនចង់មកធ្វើ ជាប្រធានមន្ទីរទេ តែដោយមានគេបង្ខំ ចាញ់នៅឯភ្នំពេញ មួយខែគាត់រកបាន ១.៨០០ដុល្លារ អាមេរិក។
លោក មឹង វីរិយ៉ា បានបញ្ជាក់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី០៥តុលា ដោយច្រានចោល ការចោទប្រកាន់របស់មន្ដ្រីក្រោមឱវាទ។ លោកថា ការចោទប្រកាន់ទាំងអស់គឺជាការ មិនពិតទេ ហើយថា លោករង់ចាំខាងក្រសួងដែលនឹងចុះមកនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីពិភាក្សាគ្នាសិន៕ដោយះរដ្ឋា
ឪឡឹកជាផ្លែឈើដ៏មានប្រយោជន៍សម្រាប់សុខភាព វាមិនត្រឹមតែជួយអោយបាត់ស្រេកទឹកនោះទេ វាថែមទាំងជាប្រភពថាមពលនិងជួយរាងកាយយើងប្រឆាំងនឹងជំងឺមួយចំនួនដោយរាប់ទាំងជំងឺលើសឈាមជំងឺបេះដូងជំងឺមហារីកនិងជាប្រភពជីវជាតិនិងជាតិរ៉ែជាច្រើនទៀតផង។ សំខាន់ដែរនោះសម្រាប់បុរសគឺវាជួយការពារមិនអោយមានបញ្ហាអសមត្ថភាពផ្លូវភេទផងដែរ។
ក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហារ ប្រចាំសាកលវិទ្យាល័រដ្ឋផ្លររីដារបស់សហរដ្ឋអាមេរិកបានអះអាងពី ការរកឃើញរបស់ខ្លួនថាឪឡុកអាចក្លាយជាឳសថពីធម្មជាតិដែលជួយដល់អ្នកកើតរោគជំងឺលើសឈាមបានមួយកម្រិតធំ។ ពួកគេបានអះអាងពីការរកឃើញរបស់ខ្លួនថាសារជាតិពីឪឡឹកអាចទប់ស្កាត់រោគលើសឈាមនិងរោគបេះដូងបានយ៉ាងល្អប្រសើរ។
លោកសាស្ត្រាចារ្យ អាជូរ៉ូភិ ក្រេវ ដែលបានដឹកនាំក្នុងការសិក្សាពីរឿងនេះបានគូសបញ្ជាក់ឲ្យដឹង ថានៅពេលគេចម្រាញ់យកអាស៊ីតអាមីណូពីឪឡឹកផ្តល់ឲ្យបុរសស្ត្រី៩នាក់ដែលស្ថិតក្នុងអាយុ៥១ដល់៥៧ឆ្នាំរៀងរាល់ថ្ងៃអស់រយៈពេល៦សប្តាហ៍មកគេបានរកឃើញថាមិនត្រឹមជួយឲ្យអ្នកជំងឺមានឈាមរត់ល្អ ទេវានៅជួយឲ្យអាការៈរោគជំងឺលើសឈាមថយចុះទៀតផង។
សាស្ត្រាចារ្យរូបនេះអះអាងថាឪឡឹកជាប្រភេទរុក្ខជាតិផ្តល់ផលយ៉ាងល្អដល់អ្នកកើតជំងឺលើសឈាម ពិសេសអាចទប់ស្កាត់មិនឲ្យអាការៈកើតធ្ងន់ធ្ងរដែលជាមូលហេតុសំខាន់នាំឲ្យកើតរោគបេះដូង។លោក អាជូរ៉ូភិ ក្រេវ បញ្ជាក់ថា”យើងសង្ឃឹមថាក្រុម អ្នកស្រាវជ្រាវអាចនឹងរកឱសថដែលចម្រាញ់ពីឪឡឹកមកព្យាបាលអ្នកកើតជំងឺលើសឈាមយ៉ាងមានប្រសិទ្ធភាពនៅថ្ងៃខាងមុខជាក់ជាពុំខាន”។
គេក៏បានដឹងរួចមកហើយថាឪឡឹកជាប្រភពសំខាន់នៃវីតាមីនបេដែលមាន ប្រយោជន៍នៅក្នុងការផលិតថាមពល។ ក្រៅពីនេះវាសម្បូរជាតិប្រឆាំង អុកស៊ីតកម្មដែលមានប្រយោជន៍ជាខ្លាំងចំពោះសុខភាព។
គេក៏បានគិតផងដែរថាឪឡឹកជួយដល់គំហើញរបស់ភ្នែកផងដែរ។ វាក៏បានជួយការពារប្រឆាំងនឹងជំងឺមហារីកផងដែរ។ ទាក់ទងនឹងជាតិរ៉ែវា សម្បូរជាតិប៉ូតាស្យូមនិងម៉ាញេស្យូម៕
អ៊ីរ៉ាក់ ៖ស្ត្រីម្នាក់ដែលរួចផុតពីការក្លាយជាទាសកររបស់ពួកឧទ្ទាមរដ្ឋឥស្លាម ISISបានថ្លែងថា ស្ត្រីជាច្រើននាក់ដែលត្រូវបានក្រុមឧទ្ទាមនេះចាប់យកទៅធ្វើជាទាសករបានធ្វើអត្តឃាតខ្លួនជាជាងរង់ចាំការជួយសង្គ្រោះ បន្ទាប់ពីរងនូវការធ្វើបាប និងរំលោភជាច្រើនដង។ នេះបើយោងតាមការផ្សាយពីបណ្តាញសារព័ត៌មាន CNN។
ថ្លែងទាំងទឹកភ្នែកលោកស្ត្រី Ameena Saeed Hasan បន្តថា លោកស្រីពិតជាចង់រំដោះជនរងគ្រោះទាំងនោះ ជាពិសេសគឺកុមារីជាច្រើនរយនាក់បានធ្វើអត្តឃាតខ្លួនឯងដើម្បីបញ្ចៀសពីការចាប់រំលោភ។
គួរបញ្ជាក់ថា ស្ត្រី និងកុមារ Yazidi រាប់ពាន់នាក់ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានពួកឧទ្ទាម ISISចាប់ខ្លួននាពេលកន្លងមក ព្រមទាំងសម្លាប់បុរសៗចោល៕
រាជធានីភ្នំពេញ៖ប្រភពព័ត៌មានពីក្រុមកីឡាប្រដាល់បានឲ្យដឹងថា រហូតមកដល់ពេលនេះកីឡាករ ឡុង សុភី នៅតែប្រកាន់ជំហរមិនយល់ព្រមទទួលយកតម្លៃខ្លួនចំនួន១ពាន់ដុល្លារ ដែលផ្តល់ដោយស្ថានីយទូរទស្សន៍បាយ័នដើម្បីឡើងប្រកួតការពារខ្សែក្រវ៉ាត់ក្រុមហ៊ុន ខារ៉ាបាវ ដែលកីឡាកររូបនេះទើបទទួលបានកាលពីប៉ុន្មានខែមុននេះ។
ប្រភពដដែលបានបញ្ជាក់ថា ស្ថាន័យទូរទស្សន៍បាយ័នគ្រោងនឹងរៀបចំកម្មវិធីប្រដាល់មួយ នៅថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥ ខាងមុខនៅស្តាតអូរឡាំពិក ដើម្បីឲ្យកីឡាករថៃ ឈ្មោះ Rareung Lukchampachai ឡើងដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករ ឡុង សុភី របស់ក្រុមហ៊ុន ខារ៉ាបាវ។ ការប្រកួតនោះអាចជាការបិទបញ្ចប់ផងដែរ នូវកម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់វគ្គ២ របស់ក្រុមហ៊ុនមួយនេះ។
តាមប្រភពនោះឲ្យដឹងថា ឡុង សុភី កីឡាករល្បីឈ្មោះនៅកម្ពុជា នឹងទទួលបានតម្លៃខ្លួនត្រឹមតែ១ពាន់ដុល្លារប៉ុណ្ណោះ ប្រសិនបើគេឈ្នះ ។ ប៉ុន្តែបើចាញ់វិញទទួលបានតែ៤០០ ទៅ ៤៥០ដុល្លារតែប៉ុណ្ណោះ។ ដោយសារតែតម្លៃខ្លួន១ពាន់ដុល្លារនោះហើយទើបធ្វើឲ្យកីឡាករ ឡុង សុភី មិនទទួលយកដោយគេអះអាងថា តិចពេក ហើយមិនសមនឹងកម្មវិធីប្រកួតដ៏ធំនោះទេ។ ផ្តើមពីនោះក៏បានបង្កជាជម្លោះបែកផ្សែងតែម្តងជាមួយលោក នាង ស៊ីវត្ថា អ្នកចាត់ការកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន គ្រាដែលលោក នាង ស៊ីវត្ថា អះអាងថា តម្លៃខ្លួននោះសមល្មមហើយ ហើយក្រុមហ៊ុនក៏មានការឧបត្ថម្ភមានកម្រិតទាបផងដែរ។
តាមប្រភពពីមន្ត្រីស្ថានីយទូរទស្សន៍បាយ័នបានឲ្យដឹងថា លោក នាង ស៊ីវត្ថា បានព្រមានកីឡាករ ឡុង សុភី ផងដែរ ប្រសិនបើគេមិនព្រមឡើងប្រកួត ក្នុងកម្មវិធីខាងលើនេះ ព្រោះថា អវត្តមានកីឡាករ ឡុង សុភី នឹងធ្វើឲ្យអាក់ខានដល់ការរៀបចំកម្មវិធីប្រដាល់មួយនេះ ។ ប៉ុន្តែគេមិនដឹងថា ការព្រមានរបស់លោក នាង ស៊ីវត្ថា ចំពោះកីឡាករ ឡុង សុភី មានចរិកត្រឹមត្រូវតាមច្បាប់កីឡាប្រដាល់ ឬ យ៉ាងណានោះទេ ព្រោះថា កីឡាករជាទូទៅមុននឹងឡើងប្រកួតត្រូវតែយល់ព្រមដោយស្មគ្រ័ចិត្ត នូវតម្លៃខ្លួន ហើយបើតម្លៃខ្លួនមិនអាចទទួលយកបានម្ចាស់កម្មវិធីមិនអាចបង្ខិតបង្ខំ បាននោះឡើយ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅទាមទារឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជាយកចិត្តទុកដាក់ ចំពោះតម្លៃខ្លួនកីឡាករ ព្រោះតាមដឹងសព្វថ្ងៃនេះនៅកម្ពុជា តម្លៃខ្លួនកីឡាករប្រដាល់នៅកម្រិតទាបពេក ដែលមិនសមនឹងការចំណាយពេលវេលាហ្វិកហាត់រួមទាំងការឈឺសាច់ពេល ប្រកួតម្តងៗ។ ប៉ុន្តែតាមដឹងខាងភាគីក្រុមហ៊ុន បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរៀបចំកម្មវិធីប្រដាល់នៅតាម ស្ថានីយទូរទស្សន៍នីមួយៗ។ ប្រសិនបើតម្លៃខ្លួនទាបពេក ឬ ការបង្ខំឲ្យកីឡាករឡើងសង្វៀនដោយមិនមានការស្មគ្រ័ចិត្តនោះ វិស័យមួយនេះប្រាកដជាមិនអាចរឹងមាំ ឬ អភិវឌ្ឍន៍បាននោះឡើយ។ ម្យ៉ាងទៀតកម្មវិធីប្រដាល់បែបបង្ខំនោះនឹងមិនសូវទទួលបានការ ចាប់អារម្មណ៍ពីទស្សនិកជននោះទេ គ្រាដែលប្រជាជនកម្ពុជាភាគច្រើនកំពុងពេញនិយមនឹងកីឡាប្រដាល់៕
ស៊ីរី ៖ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានដាក់បំផ្ទុះគ្រាប់បែកកម្ទេចវិមាន Arch of Triumph ជាវិមានបុរាណមួយ ដែលមានអាយុកាលប្រមាណ២០០០ឆ្នាំ នៅក្នុងទីក្រុង Palmyra ប្រទេសស៊ីរី។ នេះបើយោងតាមព័ត៌មាន Channel News Asia។
នាយកវត្ថុបុរាណស៊ីរី លោក Maamoun Abdulkarim បាននិយាយថា វិមានយុគសម័យ Roman ដែលក្រុមរដ្ឋឥស្លាមដាក់គ្រាប់បែកបំផ្ទុះនេះ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោក ដោយវាត្រូវបានក្រុមឧទ្ទាមវាយដណ្តើមយក ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងខែឧសភា ដោយវិមាននេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងស័ក្តិសិទ្ធិ។
ដោយឡែកអង្គការ UNESCO បានហៅសកម្មភាពទាំងនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម និងបានឲ្យដឹងថា ក្រុម IS កំពុងព្យាយាមបំផ្លាញភស្តុតាងបេតិកភណ្ឌរបស់ស៊ីរី។
គួរបញ្ជាក់ថា កាលពីខែសីហា ក្រុមឧទ្ទាម Sunni បានដាក់គ្រាប់បែកបំផ្លាញប្រាសាទ Baal Shamin បន្ទាប់មកបំផ្លាញប្រាសាទ Bel ជាប្រាសាទស្ថិតក្នុងយុគសម័យ Roman ដែលត្រូវបានគេការពារ។ ទន្ទឹមនោះក្រុម ISISបានប្រកាសដាក់ការិយាល័យរបស់ខ្លួន នៅលើទឹកដីដែលខ្លួនបានគ្រប់គ្រង នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ហើយបានបំផ្លាញនូវវិមានបុរាណជាច្រើន ដោយបាននិយាយថា ខ្លួនមិនមានសាសនា និងគោរពវត្ថុស័ក្តិសិទ្ធិអ្វីនោះទេ៕
ម្ចាស់ក្លិបហង្សក្រហម Liverpool លោក John W Henry បាននិយាយថា លោក Jurgen Klopp អាចនឹងត្រូវផ្ដល់ទំនុកចិត្តខ្លាំងជាងគេក្នុងការតែងតាំងធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លិបមួយនេះ ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំផងដែរ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail បានឲ្យដឹងថា អតីតអ្នកចាត់ការទូទៅរបស់ក្លិប Borussia Dortmund លោក Jurgen Klopp គឺជាជម្រើសទីមួយដែលអាចមកធ្វើការដឹកនាំក្លិបងហង្សក្រហម Liverpool ច្រើនជាងលោក Carlo Ancelotti បន្ទាប់ពីធ្វើការបណ្ដេញចេញលោកគ្រូបង្វឹក Brendan Rodgers កាលពីម្សិលមិញនេះ។
គួរបញ្ជាក់ថា លោក Jurgen Klopp កំពុងស្ថិតនៅក្នុងទឹកដី Anfield របស់ក្លិបហង្សក្រហម Liverpool ដើម្បីមើលទម្រង់លេងរបស់កីឡាករនីមួយៗ៕
ប៉ោយប៉ែតះ ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី ចោទប្រកាន់ចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាក្ដោបក្ដាប់អំណាចតែម្នាក់ឯង មិនប្រគល់ភារកិច្ចមុខនាទីឲ្យគណបក្សជាប់ឆ្នោត បានបំពេញការងារបម្រើប្រជាពលរដ្ឋនោះទេ។ ចៅសង្កាត់រងបញ្ជាក់ថា ការក្ដោបក្ដាប់អំណាចនេះ បានរាំងស្ទះជាខ្លាំងដល់ការធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋ។
ប្រព័ន្ធផ្សព្វផ្សាយ អែអេហ្វអេ បានរាយការណ៍ថា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រឆាំង និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អំពាវនាវឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើចៅសង្កាត់ប៉ោយប៉ែត ដែលទើបកាន់តំណែងថ្មី ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍នៅថ្ងៃទី៥ តុលា ថា លោកជាប់ឆ្នោតជាចៅសង្កាត់រងទី២ ប្រមាណ ៣ឆ្នាំមកហើយ និងបានផ្លាស់ប្ដូរចៅសង្កាត់អស់ចំនួន ៣នាក់មកដែរ ប៉ុន្តែចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ទាំងនោះ រួមទាំងចៅសង្កាត់ដែលទើបកាន់តំណែងថ្មីផង ពុំបានបែងចែកភារកិច្ចឲ្យលោកបំពេញការងារជូនប្រជាពលរដ្ឋ ឲ្យបានពេញលេញដែលស្របតាមច្បាប់នោះឡើយ៖ «បើទោះបីជាចៅសង្កាត់ និងចៅសង្កាត់រងមកពីគណបក្សប្រជាជនកម្ពុជា អវត្តមានទាំងពីរនាក់ក៏ដោយ ក៏គេមិនប្រគល់ការងារឲ្យខ្ញុំធ្វើជំនួសដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាពុំទាន់បែងចែកភារកិច្ចការងារឲ្យបានច្បាស់លាស់ ឲ្យមន្ត្រីក្រោមឱវាទប្រាកដមែន។ លោកអះអាងថា បញ្ហានេះពុំមែនលោកចង់ក្ដោបក្ដាប់អំណាចតែម្នាក់ឯងនោះទេ គឺដោយហេតុថា លោកទើបតែឡើងកាន់តំណែងថ្មីថ្មោងប្រមាណពីរសប្ដាហ៍ប៉ុណ្ណោះ៖ «ចៅ សង្កាត់រងទី២ គាត់បានដឹង និងឯកភាពគ្នានៅក្នុងទីប្រជុំអស់ហើយ ពាក់ព័ន្ធនឹងការបែងចែកអំណាចយឺតយ៉ាវនេះ ហើយគាត់មិនគួរនិយាយមិនបានបែងចែកការងារឲ្យធ្វើបែបនេះសោះ»។
លោក អាំង គីហេង ឡើងកាន់តំណែងជាចៅសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ជំនួស លោក នុត លី ចៅសង្កាត់ចាស់ដែលបានលាលែងពីតំណែង។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ចៅសង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រជាជនកម្ពុជា ទាំង ៣រូបនោះ ពុំបានបែងចែកភារកិច្ចការងារឲ្យទៅគណបក្សជាប់ឆ្នោតឲ្យបានស្មើ ភាពគ្នានោះទេ។ លោកបញ្ជាក់ថា ការបែងចែកអំណាចនៅក្នុងសង្កាត់មិនបានត្រឹមត្រូវនេះ ធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការធ្វើលិខិតស្នាមរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៖ «ចៅសង្កាត់ក្ដោបក្ដាប់អំណាចតែម្នាក់ឯងនេះ សបញ្ជាក់ឲ្យឃើញថា រូបគាត់ចង់ទាញយកផលប្រយោជន៍នៅក្នុងតួនាទីឲ្យបានច្រើន»។
របាយការណ៍សង្កាត់ប៉ោយប៉ែត បង្ហាញថា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋរស់នៅចំនួនជិត ៥ម៉ឺននាក់ (៤៩.២២៧នាក់) និងមានភូមិចំនួន ១១ភូមិ ព្រមទាំងមានក្រុមប្រឹក្សាសង្កាត់ចំនួន ១១នាក់ មកពីគណបក្សប្រជាជនកម្ពុជា ៩នាក់ និងគណបក្ស សម រង្ស៊ី ២នាក់៕
ក្វាតេម៉ាឡា ៖តាមការប្រកាសរដ្ឋាភិបាលប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មនុស្សជាង១០០នាក់បានស្លាប់ដោយសារការរអិលបាក់ដីល្បាប់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។បំណាក់ដីល្បាប់នេះបានហូរកប់ផ្ទះសម្បែងប្រជាជនជាច្រើនកន្លែង។
ក្រុមជួយសង្គ្រោះបានបន្ដធ្វើប្រតិបត្ដិការ ទាញយកបំណែកបែកបាក់ចេញដើម្បីស្វែងរកអ្នករស់រានមានជីវិត។ មន្ដ្រីជាន់ខ្ពស់របស់ក្វាតេម៉ាឡាបានបញ្ជាក់ថា មនុស្សប្រមាណ៥០០នាក់កំពុងបារម្ភថាបានស្លាប់ ព្រោះទំនងជាកប់នៅក្នុងល្បាប់។
បើតាមតួលេខបណ្ដោះអាសន្នមានសាកសព១០៧នាក់បានរកឃើញ៩៦នាក់ស្គាល់អត្ដសញ្ញាណ។ បើតាមនាយកដ្ឋានកាត់បន្ថយនិងសម្របសម្រួលគ្រោះមហន្ដរាយជាតិ បានឲ្យដឹងថា មានផ្ទះប្រមាណ១២៥ខ្នងត្រូវកប់ក្នុងដីល្បាប់៕
ប៉េងប៉ោះត្រូវបានអ្នកជំនាញខាងអាហារូបត្ថម្ភជាច្រើនអះអាងថាមានប្រយោជន៍ច្រើនណាស់ដល់សុខភាពមនុស្សយើងដូចជា៖
ភ្នែក
ប៉េងប៉ោះគឺជាវីតាមីនAដែលមានក្នុងផ្ទះហើយជាសារធាតុដ៏ល្អសម្រាប់សុខភាពភ្នែកដែរ។ វាអាចជួយបង្ការជំងឺខ្វាក់មាន់ និងកាត់បន្ថយការប្រឈមនឹងជំងឺខូចភ្នែក Macular Degeneration ទៀតនៅពេលប្រើវីតាមីន A បានទៀងទាត់។
តម្រងនោម
គ្រួសក្នុងតម្រងនោម និងថង់ទឹកប្រមាត់ទំនងជាមិនសូវកើតមានលើអ្នកដែលនិយមញ៉ាំប៉េងប៉ោះឡើយ។
គ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ
ដើម្បីលុបបំបាត់ការឈឺចាប់នោះប៉េងប៉ោះអាចជួយដោះស្រាយបានដែរ។ ការឈឺខ្នង សន្លាក់និងការឈឺចាប់រ៉ាំរ៉ៃផ្សេងៗទៀតសុទ្ធតែអាចគ្រប់គ្រងបានដោយប៉េងប៉ោះទាំងអស់។ សារធាតុ Carotenoid និង Flavonoids អាចជួយប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃបាន ព្រោះវាជាភ្នាក់ងារប្រឆាំងនឹងការរលាក។
សម្រកទម្ងន់
កម្មវិធីសម្រកទម្ងន់មួយដែលគ្មានប៉េងប៉ោះទេ វាហាក់បីដូចជាគ្មានប្រយោជន៍ឡើយ ព្រោះវាអាចជួយសម្រកទម្ងន់បានដែរ។ បើសិនជាអ្នកឆាប់ចូលចិត្តញ៉ាំអាហារ និងមានគម្រោងហាត់ប្រាណដែរនោះ ចូរធ្វើយ៉ាងណាញ៉ាំប៉េងប៉ោះឱ្យបានច្រើន និងរាល់ថ្ងៃទៅ។
មានជាតិរ៉ែ
សារធាតុ Folate, ប៉ូតាស្យូម វីតាមីន A, C និង K សុទ្ធតែមាននៅក្នុងផ្លែប៉េងប៉ោះដែរ។ ដោយសារតែប៉េងប៉ោះមានកាឡូរី និងកាឡូរីទាបពីធម្មជាតិនោះ ទើបធ្វើឱ្យវាក្លាយទៅជាជម្រើសរបបអាហារដែល ផ្តល់សុខភាពល្អបំផុត។ ក្រៅពីនេះវាក៏ផ្តល់ជាជាតិដែក ម៉ាញ៉េស្យូម Niacin និង Thiamin ដែលសុទ្ធសឹងតែល្អសម្រាប់សុខភាព។
ជាតិសរសៃ
រាល់ការញ៉ាំប៉េងប៉ោះមួយពេល ស្មើនឹងការទទួលបានជាតិសរសៃ៧ភាគរយនៃតម្រូវការប្រចាំថ្ងៃដែរ ហើយតម្រូវការនោះគឺរហូតដល់ ២ក្រាមឯណោះ។
ជាតិស្ករក្នុងឈាមមានតុល្យភាព
សារធាតុ Chromium នឹងជួយសម្របសម្រួលដល់ជាតិស្ករក្នុងឈាមបាន ប៉ុន្តែប៉េងប៉ោះគឺជាប្រភពដ៏ល្អមួយនៃសារធាតុនេះហើយ។
សារធាតុ Lycopene
សារធាតុមួយនេះបូករួមនឹងកាល់ស្យូម និងវីតាមីន K ក្នុងប៉េងប៉ោះ គឺជាអ្វីដែលអ្នកមិនអាចខ្វះបានឡើយ ដើម្បីជួយពង្រឹងដល់សុខភាពឆ្អឹង ហើយក៏ជាវិធីសាស្ត្រដ៏អស្ចារ្យមួយដើម្បីប្រឆាំងនឹងជំងឺពុកឆ្អឹងដែរ៕
បើតាមប្រភពពីសារព័ត៌មានដាណឺម៉ាក BT បានឲ្យដឹងថា តារាឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានចាប់ផ្ដើមទាក់ទងជាមួយតារាម៉ូដែលវ័យក្មេងដ៏ស្រស់ស្អាត របស់ដាណឺម៉ាកវ័យ១៩ឆ្នាំ Maja Darving។
បើតាមប្រភពពីសារដដែលបានឲ្យដឹងថា កញ្ញា Maja Darving បានធ្វើដំណើរទៅទស្សនាការប្រកួត UEFA Champions League របស់ Real Madrid កាលសប្តាហ៍មុន ខណៈដែលប៉ះជាមួយក្រុម Malmo ។ ប្រភពបន្តថា តារាជម្រើសជាតិព័រទុយហ្គាល់ Ronaldo និង Maja Darving បានណាត់ជួបគ្នាដើរលេងនៅទីក្រុង Madrid និងធ្លាប់ដើរកម្សាន្តជាមួយគ្នាកាលពីខែសីហាផងដែរ។
គួរបញ្ជាក់ថា Ronaldo និង Maja Darving បានក្លាយជាមិត្តភក្ដិនឹងគ្នាលើបណ្ដាញសង្គម ខណៈដែលមិត្តភក្ដិរបស់កីឡាករជម្រើសជាតិព័រទុយហ្គាល់ គឺជាអ្នកធ្វើមេអណ្ដើក៕
ភ្នំពេញ៖ បុរសជនជាតិបរទេសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានធ្លាក់ពីលើសណ្ឋាគារសុខាជាន់ទី២០ មានទីតាំងនៅត្រើយខាងកើតស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្លាប់នៅវេលាម៉ោង១:០០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ ដោយមិនទាន់ដឹងពីមូលហេតុ។
សេចក្តីរាយការណ៍បឋមបានអោយដឺងថា បុរសជនជាតិបរទេសខាងលើបានចូលមកជួលបន្ទប់លេខ៧២៨ ស្នាក់នៅសណ្ឋាគារសុខាកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ហើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរលំហែកាយលេងនៅជាន់ទី២០ ក៍ស្រាប់តែនៅវេលាកើតហេតុគេឃើញបុរសនោះធ្លាក់ស្លាប់នៅជ្រុងខាងជើង នៃសណ្ឋាគារសុខា ដោយមិនទាន់ដឹងពីមូលហេតុតែម្តង។
ប្រភពព័ត៌មានមួយផ្សេងទៀតដែលគេនិយាយតៗគ្នាក្រោយពេលកើតហេតុភ្លាមៗ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានមនុស្សចំនួន៣នាក់នៅលើអាគារត្រង់ចំណុចកើតហេតុក្នុងនោះមានប្រុស២ស្រី១ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ មួយសន្ទុះក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលករណីធ្លាក់ពីលើអាគារនៃសណ្ឋាគារនោះស្លាប់តែម្តង។
ករណីនេះសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា មិនអាចបញ្ជាក់ពីមូលហេតុពិតប្រាកដបាននៅឡើយទេ ព្រោះកំពុងចុះពិនិត្យ និងស្រាវជ្រាវ៕ដោយះរដ្ឋា
បារាំង ៖ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបាត់ខ្លួនក្នុងហេតុការណ៍ព្យុះ និងទឹកជំនន់វាយប្រហារនៅតំបន់ឆ្នេរ Rivera ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃនេះ។
គួរបញ្ជាក់ថា លោក Hollande បានចុះត្រួតពិនិត្យនៅទីតាំងរងគ្រោះផ្ទាល់តែម្តង ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបារាំង រងការវាយប្រហារ ដោយទឹកភ្លៀងដែលមានកម្ពស់១៨០មិល្លីម៉ែត្រក្នុងរយៈពេលត្រឹម៣ម៉ោងប៉ុណ្ណោះ។
ទោះជាយ៉ាងណាបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី Francois Hollande បានឲ្យដឹងថា ចំពោះចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀត៕
អង់គ្លេស ៖យោធាចំនួន៣៦ពាន់នាក់ដែលមកពីបណ្តាប្រទេសជាង៣០នៅលើពិភពលោក ដោយមានយន្តហោះចម្បាំងជាង១៤០គ្រឿង នាវាចម្បាំងប្រមាណជាង៦០គ្រឿងបានចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងអំឡុងពេល១៣ឆ្នាំមកនេះ។ នេះបើយោងការប្រកាសរបស់អង្គការNATO។
បើតាមការបញ្ជាក់របស់ក្រសួងការពារអង់គ្លេសបានឲ្យដឹងថា តាំងពីឆ្នាំ២០០២មក អង្គការណាតូ បានបើកសមយុទ្ធយោធារបស់ខ្លួនក្នុងលក្ខណៈទ្រង់ទ្រាយធំម្តងដែរ ក្នុងគោលបំណងដើម្បីឲ្យសម្ព័ន្ធមិត្តរបស់ណាតូទាំងអស់ និងដៃគូទាំងឡាយ អាចធ្វើការងារទាំងអស់គ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សេចក្តីប្រកាសដដែលបញ្ជាកថា ក្នុងពេលធ្វើសមយុទ្ធយោធានេះ នឹងមានវត្តមាននាវារបស់ព្រះរាជវាំង កងយោធពលខេមភូមិន្ទអាកាស និងកងទ័ពអង់គ្លេស ដែលចូលរួមផងដែរក្នុងលំហាត់ដ៏ធំនេះ។
បើយោតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ថា អង្គការណាតូ បានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលកម្រកើតមានក្នុងអំឡុងពេល១៣ឆ្នាំមកនេះ ដោយមានការចូលរួមពីកងយោធាអន្តរជាតិមិនតិចជាង៣៦ពាន់នាក់ ជាមួយនឹងអាវុធយុទ្ធភ័ណ្ឌ និងគ្រឿងចក្រច្បាំងទំនើបៗ ក្នុងនោះមានយន្តហោះ និងនាវាជ្រមុជទឹករាប់សិបគ្រឿងផងដែរ៕
អាមេរិក ៖ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក Najib Razak បានប្រកាសថា នឹងបើកទ្វារទទួលយកជនស៊ីរីចំនួន៣ពាន់នាក់នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ និងបានអំពាវនាវដល់ប្រទេសម៉ូស្លីមផ្សេងទៀតឲ្យចូលរួមទទួលបន្ទុកវិបត្តិដ៏ធ្ងន់ធ្ងរមួយដែលធ្វើឲ្យភាពតានតឹងសង្គម និងសេដ្ឋកិច្ចនៅអឺរ៉ុប។ ការថ្លែងបែបនេះរបស់លោក Najib Razak បានធ្វើឡើងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
គួរបញ្ជាក់ថា បើយោងតាមការបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនភៀសខ្លួនស៊ីរីប្រមាណ៤លាននាក់បាននិងកំពុងរសាត់អណ្ដែតចេញពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីឆ្នាំ២០១១មកដោយសារតែវិបត្តិសង្គ្រាមស៊ីវិល៕
ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការទទួលទានបន្លែ-ផ្លែឈើច្រើនអាចនឹងជួយសង្គ្រោះមនុស្សពីការប្រឈមមុខនឹងការស្លាប់ដោយសារជំងឺបេះដូង។ អ្នកស្រាវជ្រាវបានវិភាគទៅលើទិន្នន័យដែលបានមកពីមនុស្សមានអាយុចាប់ពី៤០ទៅ៨៥ឆ្នាំចំនួន៣០០.០០០នាក់មកពីប្រទេស៨នៅអឺរ៉ុបជិត៨ឆ្នាំកន្លះមកហើយ។
តាមការអង្កេតបានអោយដឹងថា មានមនុស្សចំនួន ១.៦៣៦ នាក់បានស្លាប់ដោយសារជំងឺស្ទះ សរសៃឈាមបេះដូង ដែលជាជំងឺបណ្តាលអោយស្លាប់នាំមុខគេនៅក្នុងទ្វីបអឺរ៉ុប។ ជំងឺនេះ ធ្វើអោយកាត់បន្ថយការហូរឈាមទៅចិញ្ចឹមបេះដូង ដែលជាហេតុធ្វើអោយចុកទ្រូង, ឈឺទ្រូងនិង គាំងបេះដូង។
យោងទៅលើការសិក្សាស្រាវជ្រាវ, មនុស្សដែលបានទទួលទានបន្លែនិងផ្លែឈើយ៉ាងហោចណាស់៨ ចំណែក ក្នុងមួយថ្ងៃ គឺអាចមានអត្រាស្លាប់ដោយជំងឺស្ទះសរសៃឈាម បេះដូងចំនួន ២២ ភាគរយទាបជាងអ្នកដែលបានទទួលទានបន្លែនិងផ្លែឈើតិចជាង៣ចំណែកក្នុងមួយថ្ងៃ ។ មួយចំណែកនេះត្រូវបានគេសន្មត់ថាស្មើនឹង៨០ក្រាម ដែលប៉ុននឹងផ្លែចេកតូចមួយផ្លែ,ផ្លែប៉ោមល្មមមួយ ឬក៏ការ៉ុតតូចមួយមើម។
បន្ថែមពីនេះ, ការញ៉ាំតែ ២ ចំណែកនៃបន្លែនិងផ្លែឈើប៉ុណ្ណោះអាចនាំអោយកត្តាប្រឈមមុខ នឹងការស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូងត្រូវបានកាត់បន្ថយ៤ភាគរយ ។
លោក Francesca Crowe មកពីសាកលវិទ្យាល័យ Oxford បាននិយាយនៅក្នុងសារព័ត៌មានចេញថ្មីៗនេះថា “មួយវិញទៀត, ការប្រឈមមុខទៅនឹងការស្លាប់សំរាប់អ្នកដែល ទទួលទានបន្លែនិងផ្លែឈើ ៥ ចំណែកក្នុងមួយថ្ងៃ នឹងទាបជាង ៤ ភាគរយនៃអ្នកដែលបាន ទទួលទានបន្លែនិងផ្លែឈើ ៤ ចំណែកក្នុងមួយថ្ងៃហើយវាក៏ដូចគ្នានេះដែរចំពោះ ការបរិភោករហូតដល់ ៨ ចំណែក ឬ ច្រើនជាងនេះ”។
ទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នពីការបកស្រាយនៃលទ្ធផលនេះ ពីព្រោះតែយើងមិនមានភាពច្បាស់លាស់ថាតើ ការបញ្ចូលគ្នារវាងបន្លែ និង ផ្លែឈើ សំរាប់អ្នកបរិភោគ ហើយនឹងការប្រឈមមុខទៅនឹងជំងឺស្ទះសរសៃរឈាមបេះដូងអាច បណ្តាលមកពីសមាសភាពនៃចំណីអាហារផ្សេងៗទៀត ឬ ក៏របៀបរបបរស់នៅទេ។
“ប្រសិនបើយើងអាចយល់ច្បាស់ពីយន្តការជីវសាស្ត្រដែលអាចជាដើមហេតុនៃការបញ្ចូល គ្នារវាងបន្លែ និង ផ្លែឈើ រួមទាំង ជំងឺស្ទះសរសៃរឈាមបេះ, ទាំងនោះគឺអាចកំណត់បានថា តើបន្លែ និង ផ្លែឈើមានការ ទាក់ទងគ្នាទៅនឹងជំងឺស្ទះសរសៃឈាមបេះដូងឬក៏អត់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍