All posts by មេគង្គ ប៉ុស្តិ៍

ចិន​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មី ២៨​ករណី​បន្ថែមទៀត​

ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​នៅថ្ងៃនេះ បានប្រកាស​រក​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ COVID-19 ចំនួន ២៨ ករណី​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដោយ​ក្នុងនោះ​មាន ២៤​ករណី​ជា​ប្រភេទ​ករណី​ឆ្លង​ក្នុងស្រុក និង​៤​ករណី​ទៀត​ជា​ករណី​នាំចូល​ពី​បរទេស​។​ នេះ​បើ​យោងតាម ការចុះផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ក្នុងចំណោម​ប្រភេទ​ករណី​ឆ្លង​ក្នុងស្រុក​ទាំង ២៤ ករណី​ខាងលើនេះ រដ្ឋធានី​ប៉េកាំង​បាន​រ៉ាប់​រ៉ង​ចំនួន ២១ ករណី​តែឯង​។ ចំណែកឯ ០៣ ករណី​ទៀត​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Hebei ចំនួន​០២ ករណី និង​០១​ករណី​ពី​ទីក្រុង Tianjin​។​

​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន ១៥​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៧៨,៣៩៤​នាក់​។​

​យ៉ាងណាមិញ​បើ​បូក​បញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើ បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៨៣,២៩៣​ករណី ខណៈ​តួលេខ​នៃ​អ្នកស្លាប់​គឺ​នៅ​រក្សាបាន​ត្រឹម ៤,៦៣៤​នាក់​ដដែល ខណៈ​គ្មាន​ករណី​ស្លាប់​ឡើយ​សូម្បីតែ​ម្នា​ក់នៅ​ថ្ងៃ​ម្សិលមិញ​៕

 

ថ្ងៃនេះ កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​៥៩​ករណីថែម​ទៀត​

កូរ៉េខាងត្បូង ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅថ្ងៃនេះ​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៥៩ ករណី​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់ ១២ ២៥២ នាក់​។ ​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួរ​។​

​ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខាងលើ​បាន​កើនឡើង​លើសពី ៥០ ភា​ឡ​រយ​ក្នុង​រយៈពេល​៦​ថ្ងៃ​។ ក្នុងចំណោម​ករណី​ថ្មី​ទាំង​ខាងលើ​គឺ ៨​ករណី​ត្រូវបាន​នាំចូល​ពី​បរទេស ដែល​ធ្វើឱ្យ​តួលេខ​សរុប​ករណី​នាំចូល​កើន​ដល់ ១.៣៧៩ ។​

​ការឆ្លង​មេរោគ​ជា​ចង្កោម​តូចៗ​នៅតែ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់ទាក់ទង​នឹង​ការជួបជុំ​ខាង​សាសនា និង​មណ្ឌល​ថែទាំ​កន្លែង​សុខភាព កន្លែង​លេង​កីឡា ផ្ទះ​អ្នក​លក់រាយ និង​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​។​

​ការស្លាប់​ថ្មី​ម្នាក់​បន្ថែមទៀត​ត្រូវបាន​បញ្ជាក់​ដែល​បណ្តាលឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២៨០ នាក់ ស្មើ​និង ២,២៨ ភាគរយ​។ អ្នកជំងឺ​សរុប​ចំនួន ២៦ នាក់​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​នាំ​ឲ្យ​អ្នកជា​សរុប​កើន​ដល់ ១០ ៨០០ នាក់​ស្មើនឹង ៨៨,១ ភាគរយ​។​

​សូមជម្រាបថា គិត​តាំង​ការ​ពី​ផ្ទុះឡើង​នៅ​វិ​រុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃទី ៣ ខែមករា​ប្រទេស​នេះ​បានធ្វើ​តេស្ត៍​លើ​មនុស្ស​ជាង ១,១៤ លាន​នាក់​ក្នុងនោះ ១.១១១.៧៤១ នាក់​បានធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ចំពោះ​វីរុស​នេះហើយ ២១.៧១៤ កំពុង​ត្រូវបាន​គេ​ពិនិត្យ​៕

 

ព្រះរាជជីវប្រវត្តិសង្ខេបសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា។ ក្នុងថ្ងៃប្រារព្ធព្រះពិធីចម្រើនព្រះជន្មវស្សានេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ត្រូវបានអនុញ្ញាតឱ្យឈប់ សម្រាកពីការងារ ដើម្បីជាការចូលរួមអបអរសាទរ ចំពោះពិធីបុណ្យចម្រើនព្រះជន្ម។

ខាងក្រោមនេះគឺជាព្រះជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

សម្តេចព្រះមហាក្សត្រីមានព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៉ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៉ី ដើមកំណើតអ៊ីតាលី តែបានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជនជាតិខ្មែរ។ ព្រះអយ្យិកា របស់ព្រះមហាក្សត្រី ព្រះនាមអ៊ុក។ ព្រះមហាក្សត្រី មានព្រះអនុជព្រះនាម អាន ម៉ារី អ៊ីហ្សហ្ស៉ី (Ann Mary Izzi)។

កាលពីកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅលីសេដេកាត ក្រុងភ្នំពេញ។ សម្តេចម៉ែ អាចមានព្រះបន្ទូលជាភាសាបារាំង និងអង់គ្លេស។ សម្តេចម៉ែ បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៥២។

សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយព្រះរោគាពាធ។

នៅចុងឆ្នាំ១៩៦០ សម្តេចម៉ែ បំពេញព្រះរាជកិច្ចជាព្រះប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្តេចម៉ែ ទ្រង់ជាមហេសីសំណព្វព្រះហឫទ័យរបស់ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ។

សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា ដោយថ្វាយព្រះបរមងារថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕ 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨.៣លាននាក់ ស្លាប់ជាង ៤៥ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,៣៩១,៧៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៥០,៤៣៧នាក់ និងជាសះស្បើយឡើងវិញ ៤,៣៧៨,៩៦២នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,២៣៣,៨៥៤នាក់ ស្លាប់ចំនួន ១១៩,៩៤០នាក់ និងជាសះស្បើយចំនួន ៩១២,៥៦៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៩៦០,៣០៩នាក់ ស្លាប់ចំនួន ៤៦,៦៦៥នាក់ និងជាសះស្បើយ ៤៧៧,៣៦៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៥៣,៣០១នាក់ ស្លាប់ ៧,៤៧៨នាក់ និងជាសះស្បើយ ៣០៤,៣៤២នាក់៕

 

ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ជាការនាំចូលពីម៉ាឡេស៊ី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបានមុននេះបន្តិច។ 

ក្រសួងសុខាភិបាលបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។

បុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

សួមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

 

(Video) ពលរដ្ឋ៥៤៦គ្រួសារព្រមទទួលយកដីកសិកម្មតាមការបែងចែក ២ហិតាក្នុង១គ្រួសារ

បន្ទាយមានជ័យ ៖ តាមការសម្របសម្រួលរបស់ លោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហា ករណីរឿងរ៉ាវវិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ៥៤៦គ្រួសារដែលភាគច្រើនពួកគាត់នៅឯ ខេត្តឩត្តមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ដោយបងប្អូនប្រជាពលរដ្ឋ បានព្រមព្រៀងទទួលយកដីកសិកម្មចំនួន ២ហិកតាក្នុងមួយគ្រួសារៗ

ករណីរឿងរ៉ាវវិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ៥៤៦គ្រួសារ ដែលភាគច្រើនពួកគាត់ជាអ្នករស់នៅឯខេត្តឩត្តរមានជ័យ តែបានកេណ្ឌគ្នាមករុករានទន្ទ្រានយកដីដែលគ្រប់គ្រងដោយរដ្ឋ ១ចំណែក និង១ចំណែកទៀត ជាដីរបស់ក្រុមហ៊ុន មេត្រីភាព មានទីតាំងស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្កទៅជាវិវាទអូសបន្លាយជាច្រើនឆ្នាំមកហើយ ពេលនេះ ត្រូវបាន ឯកឩត្តម ប្រាក់ សុវណ្ណា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបម្រុះសម្រួលឲ្យវិវាទនេះ បានជាសះស្បើយ ដោយពលរដ្ឋទាំជាង៥០០គ្រូសារបានព្រមព្រៀងបញ្ចប់ទំនាស់ និងទទួលយកដំណោះស្រាយរបស់លោកអភិបាលចខេត្តជាផ្លូវការ។

សូមជម្រាបថា ប្រជាពលរដ្ឋទាំង ៥៤៦គ្រួសារ ក្នុងនោះមាន ១១៣គ្រួសារ នៅស្រុកត្រពាំងប្រាសាទ ខេត្តឩត្តមានជ័យ កាលពីព្រឹក១៧ និង ៨៧គ្រួសារ ជាអតីតពលរដ្ឋរស់នៅក្បែរវត្តស្ទឹងមានជ័យ នារាជធានីភ្នំពេញ សរុបទាំងអស់ 113នាក់
ដោយកន្លងមកពួកគាត់ចាញ់បោកមេខ្យល់ ក៏បានព្រព្រៀងទទួលយកដីសប្បទានសង្គមកិច្ច ដែលរាជរដ្ឋបាលបានផ្តល់ជូនដល់ពួកគាត់ក្នុង ១គ្រួសារចំនួន ២ហិកតា ដូចគ្នាដែរ។

លោក សំ សារឿន ប្រធានមន្ទីរសូរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបញ្ឈប់ករណីលើកគ្នាឡើងទៅតវ៉ានៅភ្នំពេញ តាមការអូសទាញ ឬក៏ញុះញង់ពីសំណាក់មេខ្យល់មួយចំនួនជាបន្តទៀត ព្រោះវាមិនអាចទទួលបានលទ្ធផលតាមទាមទារនោះទេ ហើយនាឲ្យឃាត់បង់ពេលវេលាធ្វើការរកស៊ីថែមទៀតផង៕ ដោយ ៖ កូវ ប៊ុនហេង

ប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez ឆ្លងជំងឺ COVID-19

ហុងឌូរ៉ាស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានឆ្លងជំងឺ COVID-19។

នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកបានប្រកាសដោយផ្ទាល់នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះទៅកាន់ប្រជាជាតិថា លោកបានឆ្លងជំងឺ COVID-19ហើយ។ ទន្ទឹមនោះ លោកក៏បានបញ្ជាក់អំពីអការៈនៃជំងឺ COVID-19 របស់លោកផងដែរថា លោកមានរោគសញ្ញាស្រាកប៉ុណ្ណោះ និងកំពុងទទួលការព្យាបាលតាមក្បួនខ្នាតវេជ្ជសាស្ត្រ។ ជាធម្មតាអ្នកធ្លាប់ស្និទ្ធស្នាលជាមួយ ប្រធានាធិបតីវ័យ ៥១ឆ្នាំនេះទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ នឹងតម្រូវឲ្យទៅធ្វើតេស្តរក COVID-19 រួចស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអការៈ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហុងឌូរ៉ាសមានករណីឆ្លង COVID-19 សរុប ៩,៦៥៦ករណី ក្នុងនោះស្លាប់ ៣៣០នាក់ និងជាសះស្បើយវិញ ១,០៧៥នាក់៕

 

ចំណតរថយន្តក្រោមដីខាងលិចវត្តភ្នំ ផ្ទុករថយន្តបានជាង៣០០គ្រឿង ដាក់ឲ្យប្រើប្រាស់ហើយ

ភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ចំណតរថយន្តក្រោមដី និងសួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង សាងសង់រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ។

លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតឡាន ប្រព័ន្ធអគ្គិភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងពេលផ្សែងពេលមានអគ្គិភ័យ និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។

គោលបំណងនៃការសាងសង់ចំណតរថយន្តក្រោមដី ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។

បច្ចុប្បន្នសាលារាជធានីភ្នំពេញ សហការជារជាមួយក្រុមហ៊ុន OCIC បាននឹងកំពុងខិតខំសាងសងចំណតយានយន្តក្រោមដីសរុបចំនួន ៤ កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែងហើយ ៖ ទី១ នៅក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី មាត់ទន្លេ ។ ទី ២ នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច ហើយចំពោះ ២កន្លែងផ្សេងទៀតនៅសួនស្ពាននាគ ក៏គ្រោងនឹងបញ្ចប់ការសាងសងក្នុងពេលឆាប់ៗខាងមុខ៕

ដឹងរឿងនេះទេ ! នៅភ្នំពេញ ក្នុងមួយថ្ងៃបង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តដោះស្រាយបញ្ហាសំរាមដែលជាក្តីកង្វល់យ៉ាងខ្លាំងរបស់អ្នកទីក្រុង ស្របពេលដែលកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងនេះ បានកើនជាង ៣លាននាក់។ បើតាមអភិបាលរាជធានីភ្នំពេញមួយថ្ងៃពលរដ្ឋនៅភ្នំពេញបង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី១៦ មិថុនា នេះ នាទីស្តីការគណៈរដ្ឋមន្ត្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បញ្ហាសំរាមនៅតែជាបញ្ហាប្រឈមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់។ អភិបាលរាជធានី បានអំពាវនាវ ប្រជាពលរដ្ឋជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលសំរាម និងដើម្បីសោភ័ណភាពរបស់ប្រជាពលរដ្ខ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្ត្រី។ បើតាមឯ.ឧ ឃួង ស្រេង ក្នុងមួយថ្ងៃប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន ក្នុងមួយថ្ងៃ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមគ្រប់គ្រងសំរាមដោយផ្ទាល់ តាមរយៈការបង្កើតរដ្ឋការស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ជួបនូវបញ្ហាប្រឈម និងសត្យានុម័ត គឺការផ្លាស់ប្តូររបៀបរបបការងារពីការគ្រប់គ្រងសេវា មកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់។

គួរបញ្ជាក់ថា រដ្ឋបាលរាធានីភ្នំពេញ ក្រោមការដឹកនាំ ជាគោនយោបាយ និង បច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន បានរៀបចំការគ្រប់គ្រងបញ្ហាសំរាម ជា២ដំណាក់កាល គឺដំណាក់កាល អន្តរកាល និងដំណាក់កាល ក្រោយពេលបានជ្រើសរើស ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញរួច” ។ សម្រាប់ដំណាក់កាលអន្តរកាលនេះ ការផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ គឺអនុញ្ញាតអោយក្រុមហ៊ុនស៊ិនទ្រី ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ជាបណ្តោះអាស្នសិន រហូតដល់មានក្រុមហ៊ុនថ្មី បានមកជំនួស។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការផ្តាស់ប្តូរ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ តាមយន្តការថ្មី គឺការបង់ថ្លៃសំរាម តាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចាប់ផ្តើម អនុវត្តទទួលការបង់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ” ។ រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះ នឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើរើសក្រុមហ៊ុនដែលមានសមត្ថភាព ពេញលេញ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់អោយក្រុមហ៊ុន ធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង៕

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់ ១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

 

ក្នុងមួយខែ ការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍នៅភ្នំពេញបានជាង ២ពាន់លានរៀល

ភ្នំពេញ ៖ រយៈពេលមួយខែឧសភាកន្លងទៅនេះ នគរបាលចរាចរណ៍ បានអនុវត្តការផាកពិន័យ យានយន្តល្មើសសរុបថវិកាបានជាង ២ពាន់លានរៀល។ នេះបើតាមការបញ្ជាក់របស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

លោក ស ថេត បានបញ្ជាក់ថា គោលដៅនៃការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកតាមអនុក្រិត៣៩ មិនមែនបំណង ទៅធ្វើបាបប្រជាពលរដ្ឋ ឬជញ្ជក់ឈាមប្រជាពលរដ្ឋដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែគឺ ដើម្បីជួយការពារប្រជាពលរដ្ឋកុំឲ្យរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងសន្និសីទកាសែតនៅព្រឹកម៉ិញនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក តាមអនុក្រិតលេខ៣៩ នៅភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថ ក្នុងការបើកបរ។ អ្នកដែលមិនគោរពច្បាប់ អ្នកមិនពាក់មួកសុវត្ថិភាព បានចាប់ ផ្តើមយកចិត្តទុកដាក់ និងគោរពច្បាប់យ៉ាងល្អ។ ស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា ការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោគនាពេលនេះ មិន មែនដើម្បីគាបសង្កត់ និងជំរិតប្រាក់ពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែដើម្បីការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋទៅវិញទេ។ តាមអនុក្រិតលេខ៣៩ បទល្មើសដែលមានចែង មានចំនួន៨១បទល្មើស ប៉ុន្តែការអនុវត្តការរិតបន្តឹងនៅពេល នេះ នគរបាលជ្រើសយកបទល្មើសតែចំនួន៩ចំណុចសម្រាប់រថយន្ត និង៧ចំណុចប៉ុណ្ណោះសម្រាប់ម៉ូតូ ព្រោះបទល្មើសទាំងនោះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាប្រធា នគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានប្រកាសមិនរាថយ ក្នុងការបន្តអនុវត្តការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកនោះឡើយ ត្បិតអត្រា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក បានកើនឡើងដល់កំរិតប្រកាសអាសន្នហើយ។ របាយការណ៏ពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹង ថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៥ ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន១៧,៦៦០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣,៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

រយៈពេល១៥ថ្ងៃ ក្នុងខែមិថុនា នេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

សិក្ខាកាមយោធានចំនួន៣០នាក់មកពីវៀតណាម បានធ្វើចត្តាឡីស័កដោយគ្មានកូវីដ១៩

ភ្នំពេញ ៖ សិក្ខាកាមយោធា ដែលបានបញ្ចប់ការសិក្សាពីប្រទេសវៀតណាម ចំនួន៣០នាក់បន្ថែម ត្រូវបានយកដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ មិថុនាមក។ ក្រោយរយៈពេល១៤ថ្ងៃ ពួកគាត់ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញ ដោយសារមិនមានវិជ្ជមានកូវីដ១៩នោះទេ។

លោកឧត្តមសេនីយ៏ទោ អៀង លីស័ក នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បានបញ្ជាក់ថា វគ្គទី៤ ដែលមានសិក្ខាកាមចំនួន៣០នាក់ មិនមានផ្ទុកកូវីដ១៩នោះទេ។ ឯ.ឧ នាយកមជ្ឈមណ្ឌល នៅតែ បន្តអំពាវនាវសិក្ខាកាមដែលត្រូវវិលត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ ត្រូវរក្សា អនាម័យខ្ពស់បំផុត ពិសេសអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ មិនអោយមានការរីករាលដាលជាលើកទី២នៅកម្ពុជា។ ឯ.ឧ បញ្ជាក់ថា ឆ្លើយតបទៅនឹងសភាពការណ៏កូវីដ១៩ កងយោធពលខេមរភូមិន្ទ បានចូលរួមចំនែកដ៏សំខាន់ក្នុងការឆ្លើយតប គ្រាដែលពេទ្យយោធា ជំនាញរបស់ចិន ក៏បានមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដល់គ្រូពេទ្យយោធាកម្ពុជា ក្នុងការទប់ស្កាត់កូវីដ១៩។ លោកឧត្តមសេនីយ៏ទោ អៀង លីស័ក បានបន្ថែមថា មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅតែបន្តទទួលនិស្សិតមកពីក្រៅប្រទេស ដើម្បីធ្វើចត្តាឡីស័ក នៅពេលនិស្សិតបានបញ្ចប់ការសិក្សា និងត្រូវវិលត្រលប់មកកម្ពុជាវិញ នៅពេលខាងមុខ រាប់ទាំងមកពីប្រទេសវៀតណាម និងប្រទេសរុស្ស៊ីជាដើម។

គួរបញ្ជាក់ថា នេះជាលើកទី៤ ហើយដែល មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បានធ្វើការចត្តាឡីស័កនិស្សិតកម្ពុជាមកពីវៀតណាម ដែលសរុប មានចំនួន៧៩នាក់។ សិក្ខាកាមទាំង ៣០រូបនេះ ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី០៣ មិថុនាកន្លងទៅកំពុងត្រូវបានធ្វើ ចត្តាឡីស័ក១៤ថ្ងៃផងដែរ ដោយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ មិថុនា សម្រាប់វគ្គទី៤៕

ឆែកឆេរឃ្លាំង ក្រុមហ៊ុន អាតូមី រកឃើញផលិតគ្រឿងសម្អាងខុសច្បាប់៣៩មុខ

ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកលិតផលរបស់ក្រុមហ៊ុនអាតូមី(ខេមបូឌា) ខូ អិល ធី ឌី មួយកន្លែងត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គម នៃក្រសួងមហាផ្ទៃចុះឆែកឆេរដោយរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៣៩មុខ ដែលស្តុកទុកក្នុងឃ្លាំងដោយគ្មានច្បាប់អនុញ្ញាតព្រមទាំង នាំខ្លួនម្ចាស់ជាជនជាតិកូរ៉េ ទៅសាកសួរ។

ការឆែកឆេរ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១០និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅ ទីតាំងឃ្លាំង អត់ច្បាប់មួយកន្លែង ស្ថិតនៅ ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយ បានបញ្ចប់ នៅវេលាល្ងាចដោយមានការចម្រោងចម្រាស់គ្នាផងដែរ។

ក្នុងប្រតិបត្តិការនេះដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គមនិងមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋានផងដែរ។

តាមព័ត៌មានអោយដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ច ចម្រុះ បានរកឃើញលផលិតផល គ្រឿង សម្អាង ចំនួន ៣៩មុខ ដែលសមត្ថកិច្ច មានការសង្ស័យ ថា ស្តុប,ឆែកចាយ វេចខ្ទប់ ក្លែម៉ាកគ្មានច្បាប់អនុញ្ញាត។

តាមលោក ឧត្តមសេនីយ៍ ទូច យុទ្ធា ដែលជាអ្នកដឹកនាំ ក្នុងប្រតិបត្តិការបានអោយដឹងថា ទីតាំង ស្តុបផលិតផលគ្រឿងសម្អាងនេះពុំមានច្បាប់អនុញ្ញាតិពីក្រសួង សុខាភិបាលនោះទេ ហើយ ចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនោះ គឺមានកម្តៅចំនួន៣៦អង្សារដែលខុស បែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល ។បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចព្រះរាជ្ញារង បានសម្រេច ដកហូតវត្ថុតាងខាងលើ នេះជាបណ្តោះអាសន្នហើយ រក្សាទុក នៅក្នុងទីតាំងដដែល ដោយធ្វើការបិទឃ្លុំបេ ជាបណ្តោះអាសន្នតម្រូវ អោយម្ចាស់ ទីតាំង ជាអ្នកមើលការ ទទួលខុសត្រូវមិនអោយបាត់បង់ឬមានការខូចខាតរងចាំការសម្រេច ជាក្រោយ ។

ដោយឡែក ចំណែក ម្ចាស់ទីតាំងឈ្មោះ OH JAE HOON ជាជនជាតិកូរ៉េ នាំខ្លួនទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨.២លាននាក់ ស្លាប់ជាង ៤៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,២៥១,០៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៤៥,១៨៥នាក់ និងជាសះស្បើយឡើងវិញ ៤,២៩៩,២២០នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,២០៨,២៤០នាក់ ស្លាប់ចំនួន ១១៩,១២៩នាក់ និងជាសះស្បើយចំនួន ៨៩៩,៥០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៩២៨,៨៣៤នាក់ ស្លាប់ចំនួន ៤៥,៤៥៦នាក់ និងជាសះស្បើយ ៤៦៤,៧៧៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៤៥,៤៥៨នាក់ ស្លាប់ ៧,២៨៤នាក់ និងជាសះស្បើយ ២៩៤,៣០៦នាក់៕

 

យោធាឥណ្ឌា២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចជាមួយយោធាចិននៅតាមបណ្តោយព្រំដែន

ឥណ្ឌា ៖ មន្រ្តីយោធាឥណ្ឌាបានថ្លែងអះអាងថា កម្លាំងយោធាឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីយប់ថ្ងៃចន្ទ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។

ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិន បានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។

សូមជម្រាបថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ៕