All posts by មេគង្គ ប៉ុស្តិ៍

ចិនបញ្ជូនបុគ្គលិកពេទ្យយោធាជិត៨០០នាក់ និងបរិក្ខារពេទ្យ៥៨តោនទៅ Wuhan

វូហាន ៖ បុគ្គលិកពេទ្យយោធា៧៩៥នាក់ និងបរិក្ខារពេទ្យ៥៨តោនត្រូវបានបញ្ជូនតាមយន្ដ ហោះដឹកជញ្ជូនសរុបចំនួន០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យន្ដហោះដឹកជញ្ជូនខាងលើ បានចាកចេញពីមូលដ្ឋានយោធាមួយកាលពីថ្ងៃអាទិត្យម្សិលមិញ និងបានទៅដល់ទីក្រុង សិនយ៉ាង (Shenyang), ឡានចូវ (Lanzhou), ក្វាងចូវ (Guangzhou) ព្រមទាំងទីក្រុង ណាននីង (Nanjing) ហើយក្រោយទម្លាក់បុគ្គលិកពេទ្យយោធា និងបិរក្ខារពេទ្យ យន្ដហោះទាំងនេះបានបន្តដំណើរជាថ្មី និងបានទៅដល់ទីក្រុង វូហាន ដោយជោគជ័យនៅចន្លោះម៉ោង ៨៖៥៥ និងម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។

នេះគឺជាការបញ្ជូនយន្ដហោះដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតមួយ របស់កងទ័ពរំដោះប្រជាជនចិន ដែលមិនស្ថិតនៅក្រោមប្រតិបត្តិការយោធា បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយរញ្ជួយដីនៅឆ្នាំ២០០៨ ក្នុងខេត្ត ស៊ីឈាន់ (Sichuan) និងគ្រោះរញ្ជូយដីវាយប្រហារខេត្ត ឈីងហៃ (Qinghai) នៅឆ្នាំ២០១០។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណា បានកើនដល់៤២៥នាក់ និងមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លងនៅក្នុងប្រទេសចិន៕

 

ក្រសួងធនធានទឹក ៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ដល់១៧អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពី០៤ ដល់ ១០ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី០៤ ដល់ ទី១០ ខែកុម្ភៈ ជ្រលងសម្ពាធខ្ពស់រំកិលគ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* នៅថ្ងៃទី៤-៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក
– សីតុណ្ហភាពអប្បបរមា មានពី១៧-២១អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

* តំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

* តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម៕

 

ក្រសួងកសិកម្ម បង្កើនការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ ឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងនឹងខិតខំជំរុញវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ការពឹងផ្អែកទៅលើទិន្នផលធម្មជាតិ មិនអាចបំពេញសេចក្តីត្រូវការនៃកំណើនប្រជាពលរដ្ឋបានទេ។
នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមមន្ត្រី ស្តីពីភាពរីកចំរើន និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី០៣ កុម្ភៈ លោក ស្រី វុឌ្ឍី អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាន បញ្ជាក់ថា ទិន្នផលត្រីទឹកសាប និងទឹកប្រៃ មិនអាចបំពេញតម្រូវការប្រជាពលរដ្ឋ ដែលចេះតែមានកំណើនពី មួយថ្ងៃទៅមួយថ្ងៃបានទេ ព្រោះត្រីទឹក សាបមានចំនួនតិចតួចជាងឆ្នាំមុនៗ។ ក្នុងមួយឆ្នាំ កម្ពុជា អាចប្រមូលផលទិន្នផលត្រីបានប្រមាណ៦០ម៉ឺនតោន ប៉ុន្តែចំនួននេះ មិនអាចបំពេញតម្រូវការ កំណើនប្រជាជនបានទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ក្រសួងនឹងខិតខំជំរុញការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន ចន្លោះពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំ ពោលគឺនឹងបង្កើនពីជាង២៩ម៉ឺនតោន ក្នុងឆ្នាំ២០១៩ ឲ្យដល់ជិត៦២ម៉ឺនតោនក្នុងឆ្នាំ២០២៣។

បើតាមរបាយការណ៏របស់ក្រសួងកសិកម្ម បានបង្ហាញថា វិស័យកសិកម្ម បានរួមចំណែកក្នុងសេដ្ឋកិច្ចចំនួន២៣,៥ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ទិន្នផលដំណាំផ្សេងៗក្នុងឆ្នាំ២០១៩កន្លងទៅបានថយចុះធៀបទៅនឹងឆ្នាំ២០១៨ ដោយសាររងនូវផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុ មានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត គ្រាន់តែទិន្នផលស្រូវរងនូវការខូចខាតមានចំនួនជាង៦ម៉ឺន៧ពាន់ហិចតា។ ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតស្រូវបានជាង១០ លាន៨សែនតោន ហើយមានអតិរេកស្រូវចំនួន៥លាន៧សែនតោន មានថយ ចុះបន្តិចបន្តួចធៀបទៅនឹងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៩ កន្លងទៅ ផលដំណាំ របស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជិត៥លានតោន ក្នុងនោះនាំចេញអង្ករផ្លូវការបានប្រមាណ៦២ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះចិនស្រូបយក៤០ភាគរយ អឺរ៉ុប៣២ភាគរយ អាស៊ាន១៣ភាគរយ និងទីផ្សារដទៃទៀតចំនួន១៣ភាគរយ៕

EU គាំទ្រវាយតម្លៃការរីកចម្រើនក្នុងវិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន

ខេត្តបាត់ដំបង ៖ លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានវាយតម្លៃពីវិស័យអប់រំនៅកម្ពុជាថានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងប្រាក់បៀរវត្សចំពោះលោកគ្រូ អ្នកគ្រូ រួមទាំងការខិតខំរបស់រាជរដ្ឋាភិបាលនិងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ផងនោះ ធ្វើឲ្យកុមារនៅកម្ពុជាដែលមានអាយុគ្រប់ចូលរៀនក្នុងមួយឆ្នាំៗស្ទើរតែ ១០០ភាគរយ(បានចុះឈ្មោះចូលរៀន) ។
ការលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួប៣០ឆ្នាំនៃការការពារសិទ្ធិកុមារ កាលពីព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សា២ធ្នូ ក្រោមអធិបតីភាព លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងលោកគ្រួអ្នកគ្រួ អាជ្ញាធរមួលដ្ឋានផងដែរ។
លោក Franck VIAULT ជាអគ្គទីប្រឹក្សានិងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថាសហភាពអឺរ៉ុប (EU)សហការជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន តាមរយៈការផ្ដល់ជំនួយដល់អង្គការនានា ធ្វើការងារអប់រំនៅតាមមូលដ្ឋាន ក្នុងការចុះជួយកុមារដោយផ្ទាល់ឬសាងសង់ជាហេដ្ឋារចនាសម្ព័ន្ធមានសាលារៀន ការធ្វើកំណែរទម្រង់ក្នុងក្រសួងអប់រំ ធ្វើឲ្យមន្ត្រីអប់រំធ្វើការមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់កុមារ។ការខំប្រឹងរបស់រាជរដ្ឋាភិបាលនិងការចូលរួមពីអង្គការដៃគូនេះ ធ្វើឲ្យវិស័យអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ន មានការរីកចម្រើនច្រើន ដោយកុមារគ្រប់អាយុចូលរៀនប្រមាណ៩៧ភាគរយ បានចូលរៀនដែលលទ្ធផលនេះ ធ្វើឲ្យអង្គការដៃគូបានចូលរួមអភិវឌ្ឍន៍ដែលមានសហភាពអឺរ៉ុបមានការពេញចិត្ត។ជាគោលដៅជួយឲ្យកុមារនិងយុវជននៅកម្ពុជា មានភាពឆ្លាតវៃនិងកាត់បន្ថយគម្លាតពីយុវជននៅក្នុងតំបន់នោះ សហភាពអឺរ៉ុប EU បានគាំទ្រឲ្យមានការចាប់ដៃគូររវាងសាកលវិទ្យាល័យនៅកម្ពុជាចំនួន៣១និងសាកលវិទ្យាល័យជាង១០០ ក្នុងបណ្ដាប្រទេសជាង២០នៅអឺរ៉ុប ដែលសហការគ្នាតាមរយៈផ្លាស់ប្តូរជំនាញដល់គ្នាទៅវិញទៅមក។
លោកជំទាវ ផាវ៉ាន់ សាកឿត អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានសហការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកុមារនិងយុវជនកម្ពុជា មានឱកាសចូលរួមប្រកួតប្រជែងពាក់ព័ន្ធនឹងវិស័យអប់រំនៅថ្នាក់តំបន់និងថ្នាក់អន្តរជាតិ ហើយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
លោកជំទាវ ផាវ៉ាន់ សាកឿត បានជំរុញដល់លោកគ្រូ អ្នកគ្រូ បន្តអភិវឌ្ឍន៍វិស័យអប់រំថែមទៀត ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើន ចូលរួមអភិវឌ្ឍន៍ប្រទេស ហើយកុមារនិងយុវជន ត្រូវខំរៀនសូត្រទាំងជំនាញខ្លី វែង ដោយនាំគ្នាចូលរួមអនុវត្តន៍ច្បាប់កម្ពុជាទាំងអស់ឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវសេពគប់គ្រឿងញៀនជាដាច់ខាត៕

ឆ្នាំ២០១៩ ចាប់ខ្លួនមនុស្ស៥៩នាក់ រថយន្តជិត៥០០គ្រឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះចំនួន ៩ ២១៥,៨៧៦ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រមជាមួយគ្នានោះយើងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។

ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬ​ឆេះ​ដោយ​ប្រការ​ណា​មួយ​ឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។ គណៈ​កម្មការ​ជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បី​ឱ្យ​បុគ្គល​គ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុង​ន័យ​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និង​ពិភព​លោក​ទាំងមូល។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តថា នាពេលបច្ចុប្បន្ននេះ តាម​រយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការ​លូច​បន្លំ​ដឹក​ជញ្ជូន​ផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក ជា​ដើម៕

 

ជនបរទេសចំនួន១.៥៣៣នាក់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា

ភ្នំពេញ ៖ ជនបរទេសចំនួន ១.៥៣៣ នាក់ ( ៦៣ សញ្ជាតិ) ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពីនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗក្នុងឆ្នាំ ២០១៩។

នេះបើតាមរបាយការណ៍បង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅទីស្តីការក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជាច្រើនជាងគេ គឺជនជាតិចិន។ ក្នុងនោះចិនមានចំនួន ១ ០១៣ នាក់ថៃ ២២០ នាក់ វៀតណាម ១៤៩នាក់ នីហ្សេរីយ៉ា ៩៤ នាក់ ឥណ្ឌា ៣១ នាក់ កូរ៉េខាងត្បូង ២៥ នាក់ និងអាមេរិក ១៧ នាក់។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះបានរកឃើញមានបទល្មើសបង្កឡើងដោយជនបរទេសចំនួន ៥៣៨ លើកគិតជាមនុស្សមានចំនួន ១៨០២ នាក់។ ជនល្មើសទាំងនេះបានធ្វើសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតល្បែងតាមអនឡាញខុសច្បាប់ជាដើម៕

កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ នឹងធ្លាក់ចុះក្នុងរង្វង់ ៦,១ភាគរយ

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ នេះមាន ៦,៥ភាគរយ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈម នឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន ផល្លា បានថ្លែងថា «ការព្យាករសេដ្ឋកិច្ចរបស់យើងសម្រាប់ឆ្នាំ ២០២០ នឹងស្ថិតក្នុងចំនួន ៦,១ ភាគរយ ធ្លាក់ចុះពីការព្យាករលើកមុន ៦,៥ ភាគរយ»។ ការធ្លាក់ចុះនេះគឺដោយសារតែកំណើនយឺតរបស់វិស័យកសិកម្ម ការធ្លាក់ចុះផ្នែកសំណង់ ទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់។
លោក ផាន ផល្លា បានថ្លែងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ ថាទោះបីជាភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក បានធូរស្បើយបន្តិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់ពួកគេនៅតែធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ភូមិសាស្ដ្រនយោបាយ ហើយជាពិសេសការផ្ទុះវីរុសកូរ៉ូណា នៅទីក្រុងវូហាន ដែលនឹងរារាំងកំណើនសេដ្ឋកិច្ចពិភពលោក៕

មេរោគកូរ៉ូណា នៅថ្ងៃទី៣ ខែកុម្ភៈ ស្លាប់៣៦១នាក់ និងឆ្លងកើនដល់ ១៧.៣៨៧នាក់

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់៣៦១នាក់ និងមានអ្នកឆ្លងកើនដល់ ១៧ ៣៨៧នាក់។ ក្នុងចំណោមអ្នកស្លាប់នោះគឺ៣៦០នៅក្នុងប្រទេសចិន ហើយ១ករណីកើតមាននៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។

របាយការណ៍របស់អាជ្ញាធរចិនបង្ហាញថា គិតតែក្នុងថ្ងៃអាទិត្យម្សិលមិញគឺមានអ្នកស្លាប់៥៧នាក់ និងអ្នកឆ្លងថ្មីចំនួន២ ៨២៩។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដាក់ពិភពលោកក្នុងភាពអាសន្នដោយការគម្រាមកំហែងនៃវីរុសឆ្លងនូវែល កូរ៉ូណា ខណៈតួលេខមនុស្សស្លាប់ និងអ្នកជំងឺបង្កដោយវីរុសរាតត្បាតនេះ បន្តកើនឡើងជាលំដាប់។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ក្នុង អំឡុងពីរបីសប្តាហ៍កន្លងមក ពិនិត្យឃើញភាពអាសន្ននៃការរីករាលដាលបានកើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិនធ្លាប់មានក្តី។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អង្គការសុខភាពអន្តរជាតិមួយនេះបានបញ្ជាក់ថា ការសម្រេចដាក់ពិភពលោកក្នុងគ្រាអាសន្ននេះ គឺដោយសារវីរុសនេះបានឆ្លង ចូលដល់ប្រទេសផ្សេងៗក្នុងពិភពលោកកាន់តែច្រើន៕

 

 

 

សម្តេចតេជោអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកលនៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣ កុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី៣-៥ កុម្ភៈ ២០២០។

មន្ត្រីដែលអមដំណើរសម្តេចតេជោ រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងដំណើរអញ្ជើញទៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។

កិច្ចប្រជុំកំពូលពិភពលោក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។

សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។

ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍និងគ្រួសារជាដើម៕

ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ កើនឡើង៦.៦ភាគរយ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប៦,៦១០,៥៩២នាក់មកទស្សនាកម្ពុជា កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ លោកថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅការរក្សាបានកំណើនភ្ញៀវទេសចរ ដោយ សារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.៦១លាននាក់ ក្នុងកំណើន ៦.៦% ប្រៀប២០១៨ និងមានទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស ចំនួន២.០១លាននាក់ ក្នុងកំណើន២.០១% បើប្រៀបធៀប២០១៨»។
ចំនួនទេសចរអន្ដរជាតិផ្ទៃក្នុងទៅទស្សនាតំបន់អាទិភាព (ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨) រួមមាន ៖  តំបន់ភ្នំពេញ ទទួលបានទេសចរអន្ដរជាតិ ចំនួន៤,៤០៤,៨៩៥នាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុបកើនឡើង ២២ភាគរយធៀបនឹងឆ្នាំ២០១៨។ សៀមរាបអង្គរ ទទួលបានទេសចរអន្ដរជាតិ ចំនួន២,២០៥,៦៩៧នាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុបថយចុះ១៤.៩ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់ឆ្នេរសមុទ្រទទួលបានទេសចរអន្ដរជាតិ ចំនួន១,២០៤,៣៧៤នាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ៣៧.៣ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ដទទួលបានទេសចរអន្ដរជាតិ ចំនួន៨១,៥៨៨នាក់ ស្មើនឹង១ភាគរយនៃចំនួនសរុបកើនឡើង ៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ និងតំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិ ចំនួន៥៤,៦០៦នាក់ ថយចុះ ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។
នៅឆ្នាំ២០១៩កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជារួមមាន ៖ ចិន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧%។ វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦%។ ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២%។ ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦%។ កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥%។ អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨%។ ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣%។ ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩%។ បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩% និងអង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥%។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបញ្ជាក់ទៀថា ចំពោះទេសចរក្នុងស្រុកឆ្នាំ២០១៩ មានចំនួនប្រមាណ១១.៥លាននាក់កើន២.១% ប្រៀបធៀបនឹង២០១៨ ។ ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១%៕

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការដាក់ទណ្ឌកម្មសង្កត់លើប្រទេសតូចជានយោបាយមិនត្រឹមត្រូវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នយោបាយទណ្ឌកម្មសង្កត់លើប្រទេសតូច ជានយោបាយមិនត្រឹមត្រូវនោះឡើយ ប៉ុន្តែគួ ផ្តល់ជំរើសដល់ប្រទេសនោះ ដើរលើផ្លូវរបស់ខ្លួនសម្រាប់អភិវឌ្ឍប្រទេស។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣១ ខែមករា នេះ។

ថ្លែងនៅចំពោះមុខមន្ត្រីការទូតកម្ពុជា រាប់រយនាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃ ទី ៣១ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សហគមន៍ អន្តរជាតិ គប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុច បង្អាក់ឱ្យចុះខ្សោយ តាមវិធានការដែលនឹងអាចក្លាយជាកំហុសលើកទី៣ របស់ខ្លួន។ សម្តេចសង្កត់ធ្ងន់ថា នយោបាយទណ្ឌកម្មសង្កត់លើប្រទេសតូច ជានយោបាយមិនត្រឹម ត្រូវ នោះឡើយ ប៉ុន្តែគួរផ្តល់ជំរើសដល់ប្រទេសនោះ ដើរលើផ្លូវរបស់គេ ដើម្បីអនុវត្តបែប ផែននយោបាយ របស់ប្រទេសទាំងនោះ ដោយមិនគួរបង្ខំឲ្យប្រទេសតូច ត្រូវជ្រើសរើសអ្វី មួយទៅតាមបន្ទាត់នយោបាយរបស់ខ្លួននោះឡើយ។ សម្តេចកត់សំគាល់ថា ភាពអន្តរាយ នានាដែលកើតឡើងថ្មីៗនេះ គឺបានកើតឡើងដោយសារការជ្រៀតជ្រែក របស់មហា អំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស អធិបតេយ្យដូចគ្នា នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។

សម្តេចតេជោ បន្ថែមថា ការប្រើលេសស្តីពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ មនុស្ស តាមស្តង់ដារទ្វេ និងមិនសមស្រប ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រទេស ទីទៃ តាមការប្រើប្រាស់ឧបករណ៍ នយោបាយនិងសេដ្ឋកិច្ច នឹងបន្តដាក់សម្ពាធ ធ្ងន់ធ្ងរលើ ប្រទេសទន់ខ្សោយ រាប់ទាំងកម្ពុជាផង។ ស្ថានការណ៍បែបនេះ តម្រូវឱ្យកម្ពុជាប្រកាន់ នយោបាយការបរទេសមួយ ដែលបំរើ លើកស្ទួយ និងការពារផលប្រយោជន៍ គោលរបស់ ជាតិ តាម រយៈការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារ ឱ្យបានគត់ម៉ុតនូវ សន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម។ ពិសេសអនុវត្តនយោបាយ «បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ»។

បើតាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិបានឲ្យដឹងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ កម្ពុជាបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូត យើង នៅក្រុងសូហ្វីយ៉ា និងបែលក្រាដ ព្រមទាំងបើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ។ ក្រសួងបានបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត ធ្វើឱ្យចំនួន សរុបកើនដល់៣៤៕

កម្ពុជានឹងបើកស្ថានទូតពីរទៀតនៅប្រេស៊ីល និងនៅអាហ្វ្រិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ឯកភាពឲ្យ ក្រសួងការបរទេសបើកស្ថានទូតពីរទៀតនៅទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន នៅឆ្នាំ ២០២០ និង២០២១ ជាមួយនឹងការត្រៀមថវិកាដើម្បីដំណើរការស្ថានទូត។

ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះ គឺ ក្រោយពីមានសំណើសុំបើកស្ថានទូតបន្ថែមពីររបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ថ្មីឆ្នាំ ២០២០។ បច្ចុប្បន្ននៅទ្វីបអាហ្វ្រិក កម្ពុជាមានស្ថានទូតតែមួយប៉ុណ្ណោះនៅទីក្រុងគែ ប្រទេស អេហ្ស៉ីប ដោយឡែកនៅអាមេរិកឡាទីន មិនទាន់មាននោះឡើយ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការបង្កើនចំនួនស្ថាន បេសកកម្ម នៅលើពិភពលោក គឺជាការដាក់ទម្ងន់បន្ថែមនៅលើស្មាសម្រាប់រាជរដ្ឋាភិបាល។ ប៉ុន្តែ កម្ពុជា សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងផ្តល់ក្តោងកាន់តែធំ ខណៈទូករបស់ កម្ពុជារីក កាន់តែធំ ដើម្បីស្រូបខ្យល់រុញទូកក្នុងល្បឿនមួយ ដែលស្របនឹងល្បឿននៃការវិវត្តន៍ សភាពការណ៍ និងការផ្លាស់ប្តូរនៃពិភពលោក។ លោក ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាង ប្រចាំនៅបរទេសចំនួន៦៣។ កម្ពុជាបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ ផ្តើមជួសជុលស្ថានទូតយើងនៅក្រុងសូហ្វីយ៉ា និងបែលក្រាដ ព្រមទាំងបើកស្ថានអគ្គ កុងស៊ុល ថ្មី នៅទីក្រុងហៃគូ។ ក្រសួងបានបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត ធ្វើឱ្យចំនួន សរុប កើនដល់៣៤៕

សភា​អាមេរិក​អនុម័ត​សេចក្ដីព្រាងច្បាប់​​​២ ​ដើម្បី​ទប់ស្កាត់​អំណាច​សង្គ្រាម​របស់​ប្រធានាធិបតី​

អាមេរិក ៖ សភា​តំណាង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​បានអនុម័តនូវ​សេចក្ដីព្រាងច្បាប់​ចំនួន​២ ​ដើម្បី​ទប់ស្កាត់​អំណាច​សង្គ្រាម​របស់​ប្រធានាធិបតី​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​សភា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បានអនុម័តច្បាប់មួយ​ដើម្បី​លុបចោល​ច្បាប់​ឆ្នាំ​២០០២​សម្រាប់​ការប្រើប្រាស់​កម្លាំងយោធា​សម្រាប់​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ដោយមានការ​បោះឆ្នោត​តាម​បណ្តា​គណបក្សគាំទ្រដោយ​សំឡេង​ច្រើន​ពី ២៣៦ ដល់ ១៦៦​។ ការអនុម័ត​សេចក្តីព្រាងច្បាប់​មួយទៀត​ដោយ​សំឡេង ២២៨-១៧៥ ដើម្បី​ព្យាយាម​រារាំង​យោធា​អាមេរិក សកម្មភាព​ប្រឆាំងនឹង​អ៊ីរ៉ង់​ដោយ​គ្មាន​ការយល់ព្រម​ពីស​ភា​។​

​យ៉ាងណាមិញ​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ នៅតែ​ត្រូវបញ្ជូន​បន្តទៅ​កាន់​ព្រឹទ្ធសភា​ជា​បន្តទៀត ខណៈ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ព្រឹទ្ធសភា​ដែល​បច្ចុប្បន្ន ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ នឹង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ទាំង​នេះដែរ ឬ​យ៉ាង​ណោះ​ទេ​៕

 

អ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​កើន​ដល់២១៣​នាក់ ខណៈ​មនុស្ស​ជិត១ម៉ឺន​នាក់​​បាន​ឆ្លង​

ចិន ៖  យោង​តាម​តួលេខ​ផ្លូវ​ការ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​បាត់​បង់ជីវិត​នៅ​ទូទាំង​ប្រទេស ​ដោយសារ​កា​រ​ផ្ទុះ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​ចិន បាន​កើន​ឡើង​ដល់ ២១៣​នាក់ និង​ជិត ១ម៉ឺននាក់​បាន​ឆ្លង​។ នេះបើយោងតាមសារព័ត៌មាន CNA។

​​ក្នុង​របាយការណ៍​វិវឌ្ឍ​ប្រចាំថ្ងៃ​របស់គណៈកម្មាធិការ​សុខភាព​ជាតិ​របស់​​ចិនបាន​និយាយ​ថា​ ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន៤៣​នាក់​ទៀតបាន​កើត​ឡើង​ដោយសារ​វីរុស​នេះ ទាំងអស់​លើកលែងតែ​ម្នាក់​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ដែល​រងគ្រោះ​ខ្លាំង​បំផុត ជាទី​ដែល​វីរុស​នេះ​ចាប់ផ្ដើម​ផ្ទុះ​ជា​លើកដំបូង​។​ គណៈកម្មាធិការ​នេះបាន​និយាយ​ថា មានការ​ឆ្លង​ថ្មី​ជិត២ពាន់​ករណី​ត្រូវ​បាន​បញ្ជាក់​ ដែល​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​ឡើង​ដល់​ជាង ៩.៦០០​ករណី​។

សូមជម្រាបថា តួលេខ​ថ្មី​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ភាព​អាសន្ន​សកល​លើ​ធាតុ​បង្ក​ជំងឺ ដែល​បាន​រាលដាល​ដល់​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភព​លោក​៕

 

 

ភ្លៀងធ្លាក់មួយមេឆ្លងចរន្តបង្គោលភ្លើងរាលឆេះតូបលក់ខោអាវអស់មួយល្វែង៣០តូប

ភ្នំពេញ ៖ តូបលក់ខោអាវក្បែររោងចក្រកាត់ដេរត្រូវភ្លើងឆេះលេបត្របាក់អស់ទាំងស្រុងក្រោយពេលភ្លើងមួយមេធ្លាក់យ៉ាងខ្លាំងបណ្តាលអោយឆ្លងចរន្តប្រអប់បង្គោលភ្លើងរាលឆេះតូបលក់ខោអាវប្រជាពលរដ្ឋអស់មួយល្វែងស្មើនិង៣០តូបដែលនៅជាប់និងបង្គោលភ្លើង។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី៣១ខែមករាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង(ផ្លូវចោមចៅ)។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានភ្លើងមួយមេធ្លាក់យ៉ាងខ្លាំងបណ្តាលអោយឆ្លងចរន្តប្រអប់បង្គោលភ្លើងចេញជាអណ្តាតភ្លើងយ៉ាងសន្ធសន្ធៅរាលឆ្លងឆេះតូបផ្សារលក់ខោអាវអស់មួយល្វែង។
ក្នុងហេតុការណ៏អគ្គីភ័យខាងលើនេះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿងទៅជួយបាញ់ទប់ស្កាត់កុំអោយមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែៗកន្លែងកើតហេតុ
ហើយអគ្គីភ័យនេះត្រូវបានរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាមូលហេតុនៃការឆេះតូបលក់ខោអាវខាងលើគឺបណ្តាលមកពីឆ្លងចរន្តខ្សែរភ្លើងខណះភ្លើងមួយមេបានធ្លាក់យ៉ាងខ្លាំង។
ក្នុងហេតុការណ៏ខាងលើនេះពុំមាននណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតអស់តូបមួយល្វែងចំនួន៣០កន្លែងនិងម៉ូតូមួយគ្រឿងរួមនិងខោអាវមួយចំនួនធំ៕