All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងឧស្សាហកម្ម និងសិប្បកម្មសម្រេចកែសម្រួលតម្លៃទឹកស្អាត

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

យោងតាមសេចក្តីសម្រេចនេះ តម្លៃទឹកត្រូវបានបញ្ចុះថ្លៃចំពោះអតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ) ដែលបានប្រើប្រាស់មិនលើសពី២៥ម៉ែត្រគូប ក្នុង១ខែ ខណៈអ្នកប្រើប្រាស់លើសពី២៥ ម៉ែត្រ គូប ក្នុង១ខែឡើងទៅនឹងត្រូវដំឡើងថ្លៃ។

សម្រាប់ប្រភេទអតិថិជនអាជីវកម្ម ត្រូវបានរក្សានៅតម្លៃដដែល លើកលែងតែប្រើប្រាស់ទឹកចាប់ពីលើស ១៥ម៉ែត្រគូបក្នុង១ខែឡើងទៅ នឹងត្រូវដំឡើងថ្លៃ។ ចំណែកអតិថិជនជាក្រសួងស្ថាប័ន អង្គភាពនានា និងស្ថានទូតវិញ តម្លៃទឹកនឹងត្រូវដំឡើងទ្វេគុណ៕

 

ក្រសួងរ៉ែ ចាប់ផ្ដើមនីតិវិធីរឹតបន្តឹងមុនផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែនៅកម្ពុជា

ភ្នំពេញ ៖ ស្របពេលធនធានរ៉ែនៅកម្ពុជា ដល់ដំណាក់កាលប្រមូលផលបណ្ដើរៗនោះ ក្រសួងរ៉ែនិងថាមពលដែលសមត្ថកិច្ចគ្រប់គ្រងក្នុងវិស័យចាប់ផ្ដើមធ្វើនីតិវិធី ស្មុគស្មាញ មុននឹងផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលចង់ធ្វើអាជីវកម្មរ៉ែនៅកម្ពុជា ។ ការធ្វើបែបនេះ ត្រូវបានកក្រសួងអះអាងថា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងមិនធ្វើអោយផលប៉ះពាល់ពលរដ្ឋក៏ដូចជាវិស័យរ៉ែទាំងមូល។

យោងតាមប្រសាសន៍លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមាបន្រសាសន៍នៅក្នុងវេទិការវាងពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី ២២ វិច្ឆិកានេះថា កាលពីមុនការផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ ត្រូវបានធ្វើឡើងដោយស្ងាត់ៗ ។ ឧទាហរណ៍ថា ក្រុមហ៊ុនរុករកបានឃើញ នូវសក្ដានុពលរ៉ែនៅតំបន់ណា ហើយចង់ធ្វើអាជីវកម្មទាញយក អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមកក្រសួងរ៉ែ និងថាមពល រួចក្រសួងនឹងពិនិត្យមើល ក៏ផ្ដល់អាជ្ញាប័ណ្ណជូន ។ ឥឡូវ មិនអញ្ចឹងទៀតទេ , ការផ្ដល់អាជ្ញាប័ណ្ណ ត្រូវបានធ្វើឡើងជាដំណាក់ៗ ។ មុននឹងក្រសួងផ្ដល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ក្រសួងត្រូវប្រកាសជាសាធារណៈ  ដោយក្រសួងនឹងប្រកាសប្រាប់ថាតំបន់ណាមួយអាចធ្វើអាជីវកម្មបាន ដើម្បីអោយក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ មកក្រសួង ។

លោកបន្តថា ការធ្វើបែបនេះ ដើម្បីងោយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ អាចប្ដឹងតវ៉ាមកក្រសួងបើសិនជាមានផលប៉ះពាល់ណាមួយដល់ជីវភាពឬប្រយោជន៍ធំរបស់ពួកគាត់ ដើម្បីអោយក្រសួងយកបញ្ហានោះ មកជជែកពិភាក្សាទាំងអស់គ្នា ។នៅពេលដែលក្រសួងពិនិត្យមើល និងពិគ្រោះយោបល់ហើយ វាមានផលប៉ះពាល់អវិជ្ជមានច្រើន នោះក្រសួងនឹងមិនផ្ដល់អាជ្ញាប័ណ្ណទៅ អោយក្រុមហ៊ុនឯកជននោះសម្រាប់ធ្វើអាជីវកម្មនោះឡើយ ។

លោកបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ បើសិនជាមានអ្វីត្រូវលើកឡើងឬជំទាស់ត្រូវធ្វើមុនក្រសួងចេញអាជ្ញាប័ណ្ណ ព្រោះនៅពេលដែលយើងចេញអាជ្ញាប័ណ្ណរួចហើយ យើងមិនចេះតែដកឬបញ្ឈប់គេបាននោះទេ ព្រោះគេបានដាក់ទុនលុយជាច្រើនដើម្បីបង្កើតក្រុមហ៊ុនមួយៗចឹងបើសិនជាដកឬបញ្ឈប់យើងត្រូវសងគេ  ។ នេះជាច្បាប់ដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងទាំងអស់គ្នានិងត្រូវយល់ពីគ្នាផងដែរ ។

បើតាមប្រសាសន៍ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអោយដឹងថា ការជំរុញ អភិវឌ្ឍន៍វិស័យរ៉ែ និងប្រេងកាតមួយ ប្រកបដោយការទទួលខុសត្រូវ និងស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាឆន្ទៈនយោបាយនិងជាគោលដៅយុទ្ធសាស្ត្រ ដ៏ចំបងរបស់ក្រសួងរ៉ែនិងថាមពល ។ ការផ្ដល់ពីការបង្កើតក្រសួងរ៉ែនិងថាមពល បំបែកចេញពីអតីតក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ការអនុវត្តកម្មវិធី កំណែទម្រង់ត្រូវបានអនុវត្តដោយបានឆ្លងកាត់ដំណាក់កាលសំខាន់ជាយុទ្ធសាស្ត្រចំនួនពីររួចហើយគឺ ១.ដំណាក់កាលពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៦ ជាដំណាក់កាលនៃការរៀបចំ កសាងនិងពង្រឹងសមត្ថភាពស្ថាប័នកិច្ចនៅក្នុងវិស័យរ៉ែ និងប្រេងកាត ទី២ .ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ជាដំណាក់កាលនៃការពង្រឹងភាពអនុលោម និងការអនុវត្តច្បាប់ ។

លោកបន្តថា បច្ចុប្បន្ន ដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ គឺជាដំណាក់កាលនៃការប្រមូលផល ដែលកម្ពុជាអាចចាប់ផ្ដើមកសាងបានជាលើកដំបូងនូវខឿនឧស្សាហកម្មប្រភេទថ្មីរបស់ខ្លួន ឧស្សាហកម្ម និស្សារណៈកម្ម បន្ថែមលើខឿនឧស្សាហកម្មនិងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ការចាប់ផ្ដើមឡើងនៃខឿន ឧស្សាហកម្មថ្មីនេះ បាននិងកំពុងស្ដែងឡើងតាមរយៈការបង្កើតបាននូវរោងចក្រឧស្សាហកម្មផលិតស៊ីម៉ង់ត៍ធំៗ ការអភិវឌ្ឍអណ្ដូង រ៉ែ និងបង្កើតរោងចក្រចម្រាញ់រ៉ែមាសទំនើបខ្នាតធំ និងការអភិវឌ្ឍអណ្ដូងអាជីវកម្មរ៉ែ ប្រេងកាតរបស់កម្ពុជាជាលើកដំបូងនៅពេលឆាប់ៗខាងមុខនេះ ។ខឿនឧស្សាហកម្មនេះ មានសារៈសំខាន់ធំធេងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ទាំងការចូលរួមដោយផ្ទាល់ និងទាំងដោយប្រយោល ។

តាមលោកម៉េង សក្ដិធារ៉ា នៅព្រឹកថ្ងៃទី ២២ វិច្ឆិកាថា បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែទាំងនៅក្នុងប្រទេសមានប្រមាណជិត១០០ក្រុមហ៊ុន ក៏ប៉ុន្តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលមានឆន្ទៈក្នុងការសហការជាមួយពលរដ្ឋនិងអាជ្ញាធរ ដើម្បីធ្វើអាជីវកម្មមួយប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់ ៕

ក្រុមហ៊ុនចិនចំនួន ២០ ថ្មីទៀត មកស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនចិនចំនួន ២០ ថ្មីទៀត បានមកស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា ខណៈការធ្វើពាណិជ្ជកម្មទ្វេភាគីកើនដល់៦ពាន់លានដុល្លារអាមេរិកក្នុងពេលប្រទេសកម្ពុជា និង ចិនកំពុងតែរឹតចំណងមិត្តភាពទាំងការទូត និងពាណិជ្ជកម្ម វិនិយោគិនមកពីប្រទេសចិនជាច្រើនបានមកសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងក្រុមហ៊ុនមកពីប្រទេសចិនចំនួនប្រមាណ២០ក្រុមហ៊ុនបានមកដល់កម្ពុជា ដើម្បីសិក្សាសក្ដានុពល និងកាលានុវត្តនភាពសម្រាប់វិនិយោគនៅកម្ពុជា ។ 

ក្នុងជំនួបជាមួយនិងគណៈប្រតិភូខេត្តសានតុងប្រទេសចិន ដឹកនាំដោយ លោក វ៉ាង ស៊ូជាន  សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុងកាលពីថ្ងៃទី២១វិច្ឆិកា ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មជាពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំ លោក វ៉ាង ស៊ូជាន ឱ្យជួយកៀងគរវិនិយោគិនបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។

លោក វ៉ាង ស៊ូជាន សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុងមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ បាននាំមកនូវក្រុមហ៊ុនមកពីខេត្តសានតុងចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។

លោកបន្តថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ( ហ្គូម៉ី លីនហ្កូ គ្រុប ) ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ, ការវេចខ្ចប់, លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group (ហ្វូឡៃឈុនគ្រុប) ដើម្បីដំឡើងរថយន្ត ។ លើសពីនេះក្រុមហ៊ុន Guomei Linqor ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០ តោន នៅខេត្តក្រចេះ»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិនបានដាក់ចេញ ៖គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ ។

លោកសង្កត់ធ្ងន់ថា«សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦. ០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១. ៦៤៤ លានដុល្លារឤមេរិក។

សូមបញ្ជាក់ថា កម្ពុជា ក៏បាននិងកំពុងត្រៀមខ្លួន ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នាផងដែរ ដើម្បីជំរុញទំហំពាណិជ្ជកម្មអោយបានដល់១០ពាន់លានដុល្លារអាមេរិកស្របតាមផែនការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ៕

ទីបំផុត កីឡាការិនីប៉េតង់ កែ ឡេង ឈ្នះមេដាយមាសពិភពលោក ជាលើកទី៤

ភ្នំពេញ ៖ វីរកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោកជាលើកទី៣ បានសម្រេចហើយ បន្ទាប់ពីផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕

 

ស្ត្រីអ្នកជំងឺម្នាក់ស្លាប់ក្នុងគ្លីនិកសុខាប៉ោយប៉ែត តែម្ចាស់គ្លីនិកបដិសេធមិនទទួលខុសត្រូវ

ប៉ោយប៉ែត ៖ ស្រ្តីវ័យ៤០ឆ្នាំម្នាក់ បានចូលព្យាបាលជំងឺ បានបែកពពុះមាត់ស្លាប់នៅគ្លីនិកឯកជនមួយឈ្មោះ គ្លីនិក សុខាប៉ោយប៉ែត មានវេជ្ជបណ្ឌិតឈ្នោះ វ៉ាន់ ចេស កាលពីយប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ ឋិតនៅភូមិ បាលិលេយ្យ១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការអះអាងរបស់សាច់ញាតិស្ត្រី រងគ្រោះ។

ស្ត្រីរងគ្រោះមានឈ្មោះ ទេព ចន្តា  អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសាច់ញាតិនៃសពបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះមានអាការៈធីងធោងអស់កម្លាំងខ្លាំងគ្រានោះសាច់ញាតិបានដឹកទៅក្នុងគ្លឹនិកខាងលើ ហើយត្រូវគ្រូពេទ្យ និពិនិត្យ ព្យាបាលដោយដាក់សេរ៉ូមផងដែរ មួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង និងបែកពពុះមាត់។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យក្នុងគ្លីនិកខាងលើ បានជំរុញឲ្យដឹកបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកដីថ្មី ដើម្បីបំភ័ន្តភ្នែកបញ្ចៀសពីការទទួលខុសត្រូវ នៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្ដង ដែលគេអាចសង្ស័យថា ប្រតិកម្មថ្នាំ និងសេរ៉ួមដែលគ្លិនិកខាងលើ បានព្យាបាល។

ប្រភពព័ត៌មានមួយផ្សេងទៀតបានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន កូនអធិការរងម្នាក់ក៏បានស្លាប់ក្នុងគ្លីនិក សុខាប៉ោយប៉ែត នេះដែរ ហើយកាលណោះភាគីទាំងពីរ បានសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធច្បាប់ស្ងប់ស្ងាត់បាត់ទៅ តែគេឃើញគ្លីនិកដដែលនេះ នៅបន្តបើកដំណើរការរហូតមកដល់ពេលនេះ ក៏ធ្វើឲ្យស្ត្រីរងគ្រោះខាងលើនេះបានស្លាប់ម្នាក់ទៀត ។នៅក្នុងទីក្រុងប៉ោយប៉ែតគេឃើញមានគ្លីនិកដែលគ្មានបច្ចេកទេសត្រឹមត្រូវភាគច្រើន ដែលធ្វើឲ្យពលរដ្ឋឈមនិងប៉ះពាល់សុខភាពនិងបាត់បង់ជីវិតព្រោះតែគ្មានវិធានការពីមន្ទីសុខាភិបាលខេត្តបណ្ដោយឲ្យបើកលក់ថ្នាំគ្រប់កន្លែងបែបអាណាធិប្បតេយ្យ។

សពស្ត្រីខាងលើត្រូវបានសាច់ញាតិដឹកមកធ្វើបុណ្យតាមគន្លងប្រពៃណី ដែលក្នុងឱកាសនោះ ម្ចាស់គ្លីនិក ក៏បានមកទទួលសារភាពកំហុសចំពោះសាច់ញាតិផងដែរ ដោយស្នើមិនឲ្យមានការប្ដឹងផ្ដល់ និងមិនឲ្យទម្លាយព័ត៌មានដ៏អាស្រូវនេះប្រាប់អ្នកណានោះឡើយ។

ជុំវិញករណីខាងលើនេះ ម្ចាស់គ្លីនិក សុខាប៉ោយប៉ែត បានបដិសេធប្រាប់ភ្នាក់ងារព័ត៌មានថា ស្ត្រីខាងលើ គាត់ស្លាប់នៅមន្ទីរពេទ្យបង្អែក មិនមែនស្លាប់នៅក្នុងគ្លីនិករបស់ខ្លួនឡើយ ដោយជំរុញឲ្យសួរទៅមន្ទីរពេទ្យ  បង្អែកផ្ទាល់ ហើយថាកំពុងជាប់រវល់ប្រជុំ។ យ៉ាងណាក៏ដោយ ករណីគ្លីនិកឯកជននៅក្រុងប៉ោយប៉ែត មួយចំនួន ដែលធ្វើឲ្យអ្នកជំងឺស្លាប់ ច្រើនតែបង្វែរកំហុសទៅអ្នកជំងឺវិញ ឬក៏ មន្ទីរពេទ្យបង្អែកដោយមិនទទួលខុសត្រូវនោះឡើយ ។

មជ្ឈដ្ឋានមួយចំនួន បានរង់ចាំមើលថា ម្ចាស់គ្លីនិកខាងលើ នឹងមានទោសដែរទេ ឬបានត្រឹមតែដោះស្រាយគ្នាក្រៅប្រព័ន្ធច្បាប់ហើយរួចខ្លួន រួចបន្តបើកដំណើរការដូចលើកមុនៗដដែល។

ទាក់ទិននឹងបញ្ហានេះដែរ លោកប្រធានសុខាភិបាលខេត្តបន្ទាយមានជ័យ កែវ សុភ័ត្ត្រា ប្រាប់តាមទូរសព្ទថា លោកមិនទានទទួលព័ត៏មានខាងលើនេះទេ ព្រោះលោកកំពុងនៅទីក្រុងភ្នំពេញ ចាំលោកទៅពីភ្នំពេញវិញ នឺងស្រាវជ្រាវថា តើព័ត៌មាននោះវាបែបណា ?៕

UNICEF ៖ កុមារ​ជាង​ ៦៥០នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី​

ស៊ីរី ៖ ​តាម​​ការ​បញ្ជាក់​​ពី​មន្ត្រី​​ផ្នែក​មូលនិធិ​កុមារ​ របស់អង្គការ​សហប្រជាជាតិ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា កុមារ​ជាង ៦៥០នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​ឆ្នាំ​នេះ​ ខណៈដែលតួ​លេខ​​ខ្ពស់​​បាន​កើត​ឡើង​ចំ​ពេល​មាន​​សេចក្ដីរាយការណ៍​ ​នៃ​ការ​បាញ់​​ផ្លោង​​មួយ​ចំនួន​​នៅ​ក្បែរ​​ជំរំ​មួយ​កន្លែង​ សម្រាប់​​ទទួល​ក្រុម​អ្នក​ធ្វើ​បម្លាស់ទី​​នៅ​ក្បែរ​ព្រំដែន​​ប្រទេសតួកគី ​​នៅ​ភាគ​​ពាយ័ព្យ​របស់​ប្រទេស​ស៊ីរី។

​លោក​ ហ្វ្រង់ អេគីហ្សា អ្នក​តំណាង​​អង្គការ​ UNICEF ​នៅ​ក្នុង​​ប្រទេស​ស៊ីរីបាននិយាយថា ​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ផ្លោង​​កាំភ្លើង​ធំ​ ​ទៅ​លើ​ជំរំ​​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​សម្លាប់​មនុស្ស១៥នាក់ និង​​​​រង​របួស​​​​ជា​ច្រើន​នាក់​ ចំណែក​កុមារ​​មួយ​ចំនួន​ក៏​ស្ថិត​​ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​ និង​​រង​របួស​នោះ​ដែរ​ នេះ​ជា​ការ​បញ្ជាក់​​បន្ថែម​​របស់​។ ​លោក អេគីហ្សា បាន​បន្ត​ថា ​យ៉ាង​ហោច​ណាស់​​កុមារ ២៥០នាក់​ស្ថិត​ក្នុង​ចំណោម​​​ជន​រង​​គ្រោះ​​ទាំង​នោះ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​។

គួរបញ្ជាក់ថា ​កង​ទ័ព​ស៊ីរី​​បាន​ផ្ដើម​វាយប្រហារ​​អស់​រយៈ​ពេល ៤ខែ​​នៅ​ដើម​ឆ្នាំ​នេះ ​ប្រឆាំង​ទៅ​លើ​មូលដ្ឋាន​​ក្រុម​ប្រឆាំង​ចុង​ក្រោយ​របស់​ប្រទេស​នេះ​ ដែល​ត្រូវ​បាន​ត្រួត​ត្រា​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​​ មាន​ទំនាក់​ទំនង​ជាមួយ​ពួក​អាល់​កៃដា៕​​

ព្រះសពសម្ដេចរាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី នឹង​ត្រូវ​បូជា​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានឲ្យដឹងថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី នឹងត្រូវរំកិលពីវត្ដបទុមវតីរាជវរារាម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្ពោះ​ទៅ​កាន់​ព្រះ​មេរុ នៅមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជាព្រះសព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើមសប្តាហ៍ក្រោយ។

សូមជម្រាថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ព្រះ​សព​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា និង​ដង្ហែ​ទៅ​កាន់​វត្ត​បទុមវតី កាល​ពី យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

កម្មការិនី​ម្នាក់​ស្លាប់​ក្នុង​ថ្លុ​ក​ឈាមសង្ស័យ​ត្រូវ​ឃាតករ​អាករ​សម្លាប់​

​ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​មួយកន្លែង​ស្ថិត​ភូមិ​ដើម​ពោ​ធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដោយសារ​កម្មការិនី​ម្នាក់​ត្រូវ​ឃាតករ អាករ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​ ករណី​ប្រទះឃើញ​សាកសព​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩។​

​កម្មករ​បម្រើ​ការងារ​ជាមួយ​ជនរងគ្រោះ​បាន​បង្ហើប​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ខឹម ពិសាល ​អាយុ​២៤​ឆ្នាំ​ នៅភូមិ​សង្កែ​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ​ហើយ​កម្មការិនី​រងគ្រោះ​នេះ បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​គ្រប់​ប្រភេទ ធី វ៉ា​យ អេ​ឡិ​ក​ទ្រិ​ក ឯ​.​ក​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ប្រាប់ថា ករណីនេះ ជា​ករណី​ឃាតកម្ម ​ឬ​យ៉ាងណា​នោះទេ​រង់ចាំ​ការស្រាវជ្រាវ​បន្ត​៕

 

សហគមន៍ទេសចរណ៍កំពង់ភ្លុក បាននិងកំពុងទាក់ទាញទេសចរតាមរយៈអ្នកអុំទូកជាស្ត្រី

ខេត្តសៀមរាប ៖  សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

ដោយសហគមន៍នេះមានភាពទាក់ទាញដល់អ្នកទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។

ចំពោះលក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ៩៦១។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកបានតាមរយ: រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ដោយប្រើរយៈពេលប្រមាណ ២០ នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក៕

 

កីឡាការិនី កែវ ឡេង ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​វិញ្ញាសា​វាយយក​ពិន្ទុ​

​ភ្នំពេញ ៖ កីឡាការិនី កែវ ឡេង ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​វាយយក​ពិន្ទុ ក្រោយ​ឈ្នះ​កីឡាការិនី​កាណាដា Bergeron Maryse ៣៤ ទល់នឹង​២៨ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​​ជើងឯក​ពិភពលោក​ប៉េតង់​យុវជន និង​ស្ត្រី​លើក​ទី​១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

សូមជម្រាបថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន៤៩ប្រទេសទៀត៕

 

 

ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​កើន​ជិត១០០ភាគរយ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩នេះ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម ៨ខែ ឆ្នាំ២០១៩នេះ ការ វិនិយោគ​លើ​វិស័យ​ទេស​ចរណ៍​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​រហូត​ដល់​៩៤% បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៨។ លោកថ្លែង​បែប​នេះ​ នៅ​ក្នុង​វេទិកា​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លើក​ទី២ នៅ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា នៅ​សណ្ឋាគារ​សូហ្វី​តែល ដោយយោង​តាម​ទិន្នន័យ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ដោយ​ឡែក​សម្រាប់​ការវិនិយោគពីឆ្នាំ ២០១៦ ដល់ ខែសីហា ឆ្នាំ២០១៩ ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​កើន​ឡើង​​ប្រមាណ ៤៧% មាន ៨១៣គម្រោង​មាន​ទុន​វិនិយោគ សរុប​ប្រមាណ ២២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និង​ផ្នែក​ពាក់​ព័ន្ធ​មាន​ចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លា៕

ប្រធានាធិបតី​អាមេរិក​ផ្ញើ​លិខិតសំខាន់២​ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​

ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​សរ​សេរ​លិខិត​ដោយ​ផ្ទាល់ដៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន​ ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការរិតចំណងទាក់ទង កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​ឱ្យ​កាន់​តែ​មាន​ការ​រីកចម្រើនល្អប្រសើរឡើងថែមទៀត គោរពអធិបតេយ្យភាពកម្ពុជានិង មិនមានការគាំទ្រ ឱ្យ​មាន​ការប្តូររបបនៅកម្ពុជា​នោះទេ។​ នេះបើ​តាមការបញ្ជាក់របស់ លោក កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបរវាងសម្តេច ហ៊ុន​ សែន​ ជាមួយលោក​ Patrick Murphy​ ​​កាល​ពីថ្ងៃទី២១​ ខែវិច្ឆិកា នៅវិមាមសន្តិភាព​។

លោក កៅ គឹមហួន បានបន្តឱ្យដឹងទៀតថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក គាំ​ទ្រក​ម្ពុជា​ទទួ​លស្គា​ល់កម្ពុជា​តាំង​ពីមុ​នកម្ពុជា​ទទួលបានឯ​ករាជ្យ​ពី​បារាំង​នៅឆ្នាំ១៩៥៣ ទៅទៀត។

នៅ​ក្នុង​ជំនួបនេះ​ លោក​ឯកអគ្គ​រដ្ឋ​ទូត​ក៏​បាន​សម្ដែង​រួម​ការ​សោក​ស្ដាយ​និង​កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ព្រះ​រាជបុត្រី ព្រះរៀម បុប្ផា ទេវី ហើយ​សម្ដេច​ក៏បានអ​រគុណ​ចំពោះ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូលរួ​មមរណ​ទុក្ខ​នេះ​ហើយ​ក៏​បានអរគុណដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ​ដែ​ល​កន្លង​មក​បាន​ចូលរួម យ៉ាងសកម្ម ​ក្នុង​ការគោរពនិងចូលរួមបុណ្យជាតិរបស់កម្ពុជា គឺ​ជាបុ​ណ្យអុំ​ទូក​ និងបានធ្វើកា​រជាបន្ត​បន្ទាប់​ជាមួយ​នឹង​មន្ត្រី​ដូចជាជួបជាមួយសម្ដេចទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ,ជួបជាមួយនឹងរដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ជាដើ​ម ហើ​យ​សម្ដេចពិ​តជា​មាន​ការ​រី​ក​រាយ​ដែលលោកទូតបា​នប​ន្តធ្វើ​ការ​ជាមួ​យមន្ត្រី​របស់​រដ្ឋាភិ​បាល​។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បាននាំនូវលិខិតមួយផ្សេងទៀត ពាក់ព័ន្ធនឹ​ងកិ​ច្ចស​ហប្រ​តិ​ប​ត្តិ​កា​រ​រវា​ង​អាស៊ា​ន​និង​សហរដ្ឋ​អាមេ​រិ​ក​ព្រោះ​លិ​ខិតនេះគឺជាលិខិតផ្ទាល់ដែលចុះហត្ថលេខាដោយប្រធានា​ធិប​តីដូណាល់​ត្រាំផ្ញើ​ជូនមកសម្ដេ​ចជួប​ផ្ទាល់​ដែរ​ ហើយអ្វីដែលសំ​ខាន់​នៅក្នុង​លិខិតនេះ ​ប្រធានា​ធិបតី​ដូ​ណាល់ត្រាំ​បាន​អញ្ជើញ​សម្ដេច​នាយករដ្ឋ​មន្ត្រី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​សហ​រដ្ឋ​អាមេរិក​នៅសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០២០ ខាងមុខ។

ដោយសារ​អា​មេរិក​ជាដៃ​គូ​យុទ្ធសាស្ត្ររ​បស់​អា​ស៊ានដូ​ច្នេះស​ម្ដេច​បាន​មា​នប្រសាស​ន៍ថា​សម្ដេច​គាំ​ទ្រ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រធានាធិបតី ដូណាល់​ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក ដែលជា​កិច្ច​ប្រជុំ​ពិសេស។

ឆ្នាំ២០១០ បានធ្វើម្ដងរួចមកហើយៗនៅទីក្រុងញូយ៉កក្នុងឆ្នាំ២០២០នោះ កម្ពុជាគាំទ្រកិច្ច​ប្រជុំ​នេះ​ដោ​យសា​រអា​មេរិ​កជា​ដៃគូយុទ្ធ​សាស្ត្ររបស់អា​ស៊ាន ព្រោះថាអា​ស៊ា​ន​និ​ង​សហរដ្ឋអា​មេរិ​ក​មា​ន​កិ​ច្ច​ស​ហ​ប្រ​តិបត្តិការ​ជា​ច្រើន​វិស័យ​​​​កំពុងដើម្បីផលប្រ​យោជន៍​ទាំង​សងខា​ង។​សម្ដេ​ច​ថាក្នុងប​ញ្ហា​នេះ ​ស​ម្ដេ​ច​នឹ​ងពិភាក្សា​ជាមួ​យមេ​ដឹ​កនាំអា​ស៊ាន​ដទៃ​​ទៀត​ដើម្បី​គាំទ្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ សម្រាប់​ការចូល​កិច្ច​ប្រជុំ​នៅពេ​លខា​ង​មុខ​នេះ ដូច្នេះ​គោល​ជំហរ​របស់​សម្ដេច​គឺ​ច្បាស់​លាស់​គាំទ្រ​ធ្វើយ៉ាងណាឱ្យ​ដៃគូ​យុទ្ធ​សាស្ត្រ​អាស៊ា​នស​ហ​រដ្ឋអាមេរិក​នេះបន្ត​រីក​ចម្រើន បន្តផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្តេចក៏បានជំរាបឯកអគ្គរដ្ឋទូតផងដែរថា សម្តេចនឹងធ្វើ​លិខិ​ត​ឆ្លើយ​តបវិញ ទៅ​នឹង​លិខិត​របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ដែលបាន​សរសេរ​ដោយ​ផ្ទាល់​ដៃ​ផ្ញើ​ជូន​សម្តេច​នៅ​ពេល​នេះ៕

 

 

ថៃ និងកម្ពុជា ប្រជែងចង់ចាប់ដៃជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគធំៗរបស់ថៃ បានបង្ហាញការចង់បានចិនជាដៃគូរក្នុងការធ្វើអាជីវកម្មនិងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនកាន់តែធំឡើង ខណៈកម្ពុជាក៏មានទំនោរចង់បានចិនមកជាដៃគូរវិនិយោគ បន្ថែមទៀតផងដែរ បើទោះបីជាបច្ចុប្បន្ននេះ ចិនបានឈរលំដាប់ទី១ជាអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយក្ដី ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនសំណង់ដ៏ធំរបស់ថៃ បានអោយដឹងថា ខ្លួនបានយល់ព្រមចាប់ដៃជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតនៅលើពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍនិងចែករំលែកចំណេះដឹងលើវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងវិស័យចំនួន ។

លោក Roongrote Ransiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនសំណង់ដ៏ធំនៅតំបន់អាស៊ាន បានឲ្យដឹងថា SCG ដាក់ចេញនូវទស្សនវិស័យបង្កើតភាពជាដៃគូជាមួយបណ្ដាវិទ្យាស្ថាន និងអង្គការឈានមុខគេ ទាំងនៅក្នុងស្រុក និងទាំងនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព និងជំរុញការចែករំលែកចំណេះដឹង ដែលផ្ដល់លទ្ធភាពឲ្យ SCG អាចអភិវឌ្ឍផលិតផលនិងសេវាកម្មបានលឿនរហ័ស និងកាន់តែមានប្រសិទ្ធផលជាងមុន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទូទាំងតំបន់អាស៊ាន ។ ភាពជាដៃគូ គឺជាយន្តការដ៏សំខាន់មួយ ដើម្បីពង្រឹងក្រុមហ៊ុននានា ដូចដែលឆ្លុះបញ្ចាំងនៅក្នុងចំណូលកើនឡើងនៅក្នុងឆ្នាំ២០១៨ ពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលសម្រេចបានទឹកប្រាក់សរុប ១៨៤.៩៦៥លានបាត ឬ ៣៩% នៃចំណូលសរុបពីការលក់ ខណៈដែលការចំណាយលើការស្រាវជ្រាវនិងនវានុវត្តន៍ មានទឹកប្រាក់សរុបចំនួន ៤.៦៧៤លានបាត ឬត្រឹមតែ ១% នៃចំណូលសរុបពីការលក់ ប៉ុណ្ណោះ ។

លោកបន្តថា យើងរីករាយបំផុតដែលបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតមួយ ដែលដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងរួមចំណែកគួរឲ្យកត់សម្គាល់នៅក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍របស់ប្រទេសចិន បានបង្កើតភាពជាដៃគូជាមួយ SCG ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ ។ លោកថា គោលដៅនៃកិច្ចប្រឹងប្រែងរួមនេះ គឺ ពន្លឿន បច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារថ្មីៗ តាមរយៈសកម្មភាពនានា ដូចជា ទស្សនកិច្ចសិក្សានៅតាមវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យា, ការរុករកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលត្រូវនឹងតម្រូវការដ៏សម្បូរបែប និងការធ្វើតេស្តសាកល្បងនវានុវត្តន៍នានា ដូចជា Sensor/IoT, អគារនិងរោងចក្រឆ្លាត, និងការគ្រប់គ្រងការបំពុលខ្យល់ ។

លោកបណ្ឌិត Jiang Biao ( ជាំង ពាវ ) នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ប្រចាំបាងកក បានឱ្យដឹងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន មានវិទ្យាស្ថានស្រាវជ្រាវជាង ១០០កន្លែង និងមានអ្នកស្រាវជ្រាវនិងសមាជិកក្រុម សរុបប្រមាណ ៧០.០០០នាក់ ព្រមទាំងមានបណ្ដាញអ្នកស្រាវជ្រាវជាន់ខ្ពស់ ៨០០នាក់ និងសាកលវិទ្យាល័យជាដៃគូសហការចំនួន ៣ ដូច្នេះ ក្នុងកិច្ចសហការជាមួយថៃ លោករំពឹងថាវានឹងហុចផលអោយភាគីទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ។

សម្រាប់ប្រទេសកម្ពុជាវិញ បើយោងតាមតាមរបាយការណ៍របស់ក្រុមហ៊ុន SCG បានបង្ហាញថាបើទោះបីជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ការលក់មានការធ្លាក់ចុះក្ដី តែសម្រាប់កម្ពុជានៅតែមានកំនើនរឹងមាំ ដោយសារតែកំណើននៃវិស័យសំណង់ក្នុងប្រទេសនេះ មានការរីកលូតលាស់កាន់តែខ្លាំង ក្នុងការរួមទាំងមានការវិនិយោគមកពីបរទេស ការវិនិយោគក្នុងស្រុកជាដើម ដែលជំរុញអោយតម្រូវការនៃការផលិតផលសម្ភារៈសំណង់កាន់តែឡើងខ្ពស់ ជាពិសេសការវិនិយោគផ្ទាល់មកពីប្រទេសចិន ។

កាលពីពេលថ្មីៗនេះលោក ហេរ៉ូ សុជាតិ អ្នកជំនាញវិស័យអចលនទ្រព្យ បាននិយាយថា វត្តមានចិនមានស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោក ហើយប្រទេសខ្លះក៏គេបង្កើតអោយមានឈ្មោះទីក្រុងរបស់ចិន ( China Town ) ។ ការបង្កើតឈ្មោះទីក្រុងរបស់ចិននេះ មិនមែនអោយទឹកដីនោះទៅចិនទេ ហើយក៏កុំភ័យរឿងចិនយកទឹកដីនោះអោយសោះ តែការបង្កើតឈ្មោះនេះ ដើម្បីទាក់ទាញការវិនិយោគ ពាណិជ្ជកម្មពីប្រទេសចិន ទៅកាន់ប្រទេសគេរៀងខ្លួនប៉ុណ្ណោះ ៕

GMAC និង ILO ចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្តគម្រោងរោងចក្រឲ្យកាន់តែប្រសើរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា“ ស្តីពី គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍ នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការចូលរួមចំណែក ក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់បងប្អូនកម្មករនិយោជិត និងផ្អែកលើភាពជោគជ័យ នៃការអនុវត្តគម្រោងនេះ។

​លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយ នៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះកម្ពុជា ទៅជាប្រទេសដែលឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូ សម្រាប់ប្រទេសមួយចំនួន យកទៅធ្វើបទពិសោធន៍ សម្រាប់អនុវត្ត និងរៀនសូត្រតាម។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន GMAC ឲ្យដឹងថា “GMAC នឹងបន្តធ្វើការជាមួយរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជា។

ដោយឡែក លោក Grame Buckley នាយកការិយាល័យ អង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា ដោយភាពជោគជ័យក្នុងធ្វើការ ជាមួយ រាជរដ្ឋាភិបាល និង GMAC យើងនឹងបន្តរួមគ្នាលើកកម្ពស់ ការងារសមរម្យ សម្រាប់កម្មករ រាប់រយ រាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករ និយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេ ចាកផុតពីភាពក្រីក្រផងដែរ៕

កម្ពុជា បញ្ជូនជនជាតិថៃជាង១៧០នាក់ដែលបើកល្បែងតាមអនឡាញត្រឡប់ទៅស្រុកវិញ

ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីកម្លាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលស្នងការខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបល្បែងអនឡាញអត់ច្បាប់នៅកាស៊ីណូចំនួន២កន្លែងផ្សេងគ្នា នៅក្រុងប៉ោយប៉ែងអស់រយៈពេលពីថ្ងៃកន្លងមក នៅរសៀលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ នេៈ អាជ្ញាខេត្តបន្ទាយមានជ័យ បានប្រគល់ជនជាតិថៃប្រុស ស្រីចំនួន ១៧៣នាក់ក្នុងនោះស្រី១១៧នាក់ ទៅឲ្យអាជ្ញាធរថៃ នៅចំណុចលើស្ពានមិតភាពកម្ពុជា-ថៃ។

នៅក្នុងកិច្ចការរៀបចំប្រគល់ ទទួលនេះ អាជ្ញាធរកម្ពុជាដឹកនាំដោយលោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុ រាត្រី រួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ ចំណែកអាជ្ញាធរថៃ ដឹកនាំដោយលោកអភិបាលខេត្តស្រះកែវ (ថៃ) លោក វីរៈផាន់សុវ៉ាន់នុត និងមន្ត្រីក្រោមឱវាទជាច្រើនរូបផងដែរ ដោយបានបិទផ្លូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នប្រហែលមួយម៉ោង ដើម្បីឲ្យរថយន្តដឹកជនជាតិថៃ ចូលមកដល់គល់ស្ពានមិត្តភាព និងងាយស្រូលក្នុងការផ្ទេរ និងរាប់ចំនួនមនុស្សប្រគល់ទៅឲ្យអាជ្ញាធរថៃ។

ប្រភពពីសន្តិសុខកាស៊ីណូបង្ហើបថា បើទោះជាប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបិទល្បែងស៊ីសង (អនឡាញ) នៅក្នុងកាស៊ីណូ យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានបើកល្បែងអនឡាញលួចលាក់ ទើបកម្លាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា មកបង្ក្រាបហើយរកឃើញថា ក្នុងកាស៊ីណូខាងលើ នៅមានល្បែងអនឡាញលួចលាក់ខុសច្បាប់ ដែលគេសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បង្ក្រាបល្បែងស៊ីសងនៅមានកំរិត ដោយដៃម្ខាងបង្ក្រាប ដៃម្ខាងទៀតជំរាបសួរ ទើកើតមានល្បែងខុសច្បាប់ទាំងនេះ។

ជុំវិញករណីជនជាតិថៃ មកស្នាក់នៅបើកល្បែងស៊ីសងក្រៅច្បាប់ជ្រកក្រោមស្លាកកាស៊ីណូ ខាងលើនេះ ក្រុមអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីមន្ត្រីអន្តោប្រវេសន្ត៍ទាំងខេត្ត ទាំងប្រធានស្នាក់ការ ឬមន្រ្តីណាម្នាក់ក្នុងកម្មវិធីនោះទេ  ដោយជំរុញឲ្យអ្នកសារព័ត៌មាន សាកសួរបន្តទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ បើចង់ដឹងព័ត៌មានច្បាស់ហាក់បីដូចជាមានការលាក់បាំង៕