All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងកសិកម្ម ណែនាំ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប ពង្រីក​ទីផ្សារ​នាំចេញ

​សៀមរាប ៖ ខណៈ​ចុះ​កសិដ្ឋាន​ញ្ចឹ​ម​សត្វ​ក្រពើ នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ​ម្ចាស់​កសិដ្ឋាន​សហការ​ជាមួយ​រដ្ឋ បាល​ជលផល ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស និង​ទីផ្សារ ធ្វើយ៉ាងណា​ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា ដែលមាន​សក្តារ​នុព​ល​ខាង​សេដ្ឋកិច្ច ឱ្យបាន​ទូលំទូលាយ ពិសេស​ទីផ្សារ​ប្រទេស​ចិន​។​

​បើតាម​ការផ្សាយ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​ថ្ងៃទី​២៨​ខែមករា​នេះ មកទល់​បច្ចុប្បន្ន កសិដ្ឋាន​បាន​ដំណើរការ​មកជា​ង​២០​ឆ្នាំ​ហើយ សព្វថ្ងៃ​កសិដ្ឋាន​មាន​មេ​-​បា ចំនួន​១២០០ ក្បាល និង​ជំទង់​ចំនួន ៣២០០​ក្បាល ចិញ្ចឹម​លើ​ផ្ទៃដី ១៦០០០​ម៉ែត្រការ៉េ ដោយ​បែង​ចែកជា​អាង​មេ​-​បា ពូជ កូន និង​ក្រពើ​ជំទង់​។ ទីផ្សារ​បច្ចុប្បន្ន​កូន​ក្រពើ ១​ក្បាល​ថ្លៃ ១៥-២០​ដុល្លារ ចិញ្ចឹម​បាន​អាយុ ៣​ឆ្នាំ តម្លៃ ៥-៦​ដុល្លារ​/kg ហើយ​ជា​បច្ចេកទេស​ក្រពើ​មាន​អាយុ ៣​ឆ្នាំ ទើប​ស្បែក​របស់​វា​មានគុណ​ភាពល្អ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​៕

 

ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​២០​ម៉ឺន​តោន ទទួល​ចំណូល​ជិត​៣០០​លាន​ដុល្លារ

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត ៣០០​លាន​ដុល្លារ​អាមេរិក កើនឡើង​ចំនួន ២៨.៦៦៧​តោន ស្មើនឹង​១៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៨ ខែមករា​នេះ​។​

​សូមជម្រាបថា ជ័រកៅស៊ូ កម្ពុជា ត្រូវបាន​នាំចេញ​ទាំងស្រុង ទៅកាន់​ប្រទេស​ចិន វៀតណាម ស​ង្ហឹ​បុរី និង​ម៉ាឡេស៊ី ។ កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ សរុប​ចំនួន ៤៣៦.៦៨២ ហិកតា ដែល​ក្នុងនោះ មាន​ផ្ទៃដី​ដំណាំ​កៅស៊ូ​អាចចៀរ​ជ័រ មាន​ចំនួន​ជាង ២០​ម៉ឺន​ហិកតា បាន​កើនឡើង​ចំនួន ៤,៨១២​ហិកតា​៕

ស្នងការ​នគរបាល​ខេត្តកំពង់ចាម ប្រជុំ​បូកសរុប​សភាព​ការណ៍​ខែមករា​

​ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ប្រជុំ​បូកសរុប​សភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សង្គម ការងារ​នគរបាល និង​សហគមន៍​ប្រចាំ​ខែមករា និង​លើក​ទិសដៅ​បន្ត​ខែកុម្ភៈ ឆ្នាំ​២០១៩ ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ស្នងការរង លោក​អនុប្រធាន​ផែន​ជំនាញ លោក លោកស្រី នាយ នាយរង​ការិយាល័យ លោកនាយ​ផ្នែក​នគរបាល​បេ​តិក​ភ័​ណ្ឌ លោក​អធិការ អធិការរង​នគរបាល​ស្រុក ក្រុង ទាំង​១០​លោកនាយ​ប៉ុស្តិ៍ ទាំង​១០៩​នាក់​។

​លោក​វរសេនីយ៍ទោ វ៉ា សុធា​រ៉ា ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ បាន​អាន​របាយការណ៍​បូកសរុប​សភាពការណ៍​សង្ខេបនៃ​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ ដោយបាន​បញ្ជាក់ថា សភាពការណ៍​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ចាម ពុំមាន​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ធ្វើការ​កោតសរសើរ​ដ​ល់​នគរបាល​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ សង្គម​បានល្អ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​សមត្ថកិច្ច និង​ជា​មោទនភាព​របស់​ស្នងការ​ខេត្តកំពង់ចាម​។

​ក្នុងនោះដែរ លោកស្នងការ​បានដាក់​បទបញ្ជា​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ផ្សព្វផ្សាយ បង្រៀន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ច្បាប់ ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស ចលនា​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ធ្វើ​ប្រជា​ការពារ​នៅតាម ភូមិ​នីមួយៗ ឱ្យមាន​ការកើនឡើង និង​ដោះស្រាយ​បទល្មើស​ដែល​នៅ​សេសសល់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ឱ្យ​បានល្អ​បន្តទៀត​តាម​ជំនាញ និង​តួនាទី​រៀងៗ​ខ្លួន​។ ជាមួយ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ណែនាំ និង​ពង្រឹង​ការងារ​ជំនាញ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ឱ្យ​កាន់តែ​យល់ដឹង​បន្ថែម​ដើម្បី​យកទៅអនុវត្ត​ភារកិច្ច​បាន​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ ៖ សុផល​

​

ជនរងគ្រោះ​ករណី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ពយ​ម៉ា​ចូ​វ កំពុង​ព្យាបាល​របួស​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ២៨.១.២០១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ លោក ចេ​វ គឹម​ហេង តំណាងរាស្ត្រ​ខេត្ត​ព្រះសីហនុ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ចូល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ទទួល​រងរបួស ដោយ​ការផ្ទុះអាវុធ អំឡុងពេល​ការចុះអនុវត្ត​សាលដីកា​លេខ ៣៤៨ “ ឈ “ កាលពី​ថ្ងៃទី ២៤.១.១៩ នៅ​ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​មកដល់ពេលនេះ លោក ពៅ សា​រ័ត្ន មិនបាន​បាត់បង់​ជីវិត​ដូច​ការចុះផ្សាយ​តាម​បណ្តាញ​សង្គម មួយចំនួន​នោះទេ​។ បច្ចុប្បន្ន លោក ពៅ សា​រ័ត្ន កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទី​ពេទ្យ​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ចំនួន​ប្រមាណ​៤០០​នាក់ ក្នុងនោះ ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​៥​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ចុះ​អនុវត្តន៍​សាលក្រម​ស្ថាពរ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៤ មករា ឆ្នាំ ២០១៩ លើ​ទីតាំង​ដី​ទំនាស់ ទំ​ហុំ​៧១​ហិកតា ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​តាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​តំបន់​ពយ​ម៉ា​ចូ​វ​)៕

អ្នក​ប្រើ​ស្លាក​សញ្ញា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​មានទោស​

​ភ្នំពេញ ៖ ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បែបនេះ ខណៈ​ក្រុម​អ្នកប្រឆាំង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ប្រើ ឡូហ្គោ​រូប​ព្រះអាទិត្យ ដែល​និមិត្តសញ្ញា​របស់​គណបក្ស​នេះ​ដដែល បើទោះបីជា​ត្រូវបាន​រំលាយ​ដោយ​ច្បាប់​រួចទៅហើយ​ក្តី​។

​ជាង​នេះ​អតីត​បក្សប្រឆាំង នេះ តែងតែ​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​នានា​ដោយ ប្រើ​រូប​ឡូហ្គោ​បក្ស​ថែម​ទៀតផង​។ ក្នុងពេល​គណបក្ស​មិនមាន​រូបរាង ដោយសារតែ​ការរំលាយចោល ពី​អំណាចតុលាការ កាលពី​ចុងឆ្នាំ​២០១៧ ។

​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ឯ​.​ឧ អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​បញ្ជាក់ថា អតីត​បក្សប្រឆាំង ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយចោល​រួចហើយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដូច្នេះ​រាល់​រចនាសម្ព័ន្ធ ឡូហ្គោ របស់​អតីត​គណបក្ស​នេះ ត្រូវអស់​សុពលភាព​ប្រើប្រាស់​ហើយ ។ លោក​បញ្ជាក់ថា “​បើ​មាន​អ្នកណា​ប្រើប្រាស់​ទៀត គឺជា​ទង្វើ​ខុសច្បាប់ ដោយសារ​ប្រឆាំងនឹង​សាលដីកា​សា្ថ​ពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល ដែល​មានន័យថា ប្រឆាំង​ច្បាប់​” ។

​អ្នកនាំពាក្យ​កាន់អំណាច​បន្ថែមថា សមត្ថកិច្ច​មាន​ភារកិច្ច​អនុវត្ត​ច្បាប់ ណែនាំ​ឲ្យ​មានការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ បើ​នៅតែ​រឹងទទឹង​ត្រូវមាន​វិធានការណ៍​ទប់ស្កាត់ និង​បង្ក្រាប​តាមច្បាប់​ជា​ធរមាន​៕

កម្ពុជា ប​ញ្ជូ​ជន​ជាតិចិន​ពាក់ព័ន្ធ​បទល្មើស​ចំនួន ៦៩​នាក់ ទៅ​ប្រទេស​ដើម​វិញ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ​២០១៩ នេះ ជនជាតិ​ចិន​ចំនួន​៦៩​នាក់ ក្នុងនោះ​មាន​ស្រី​១៨​នាក់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​របស់​ប៉ូលិស​ចិន ។​

​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្ក​ត និង​អនុវត្តន៍​នីតិវិធី បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង​៦៩​នាក់ លើក​នេះ បន្ទាប់ពី នគរបាល​ចិន រួមជាមួយ​សមត្ថកិច្ច​ជំនាញ​នាយកដ្ឋាន ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​កន្លងមក នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អិន​ធឺ​ណេ​ត​៕

សូម​ប្រយ័ត្ន ! ចំពោះ​ការពាក់ ខុន​ថេ​កឡេ​ន ក្នុង​កែវភ្នែក ដើម្បី​ភាព​ស៊ី​វិ​ល័យ​

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​កាន់តែ​ច្រើនឡើងៗ ដោយសារ​មាន​សុភាពនារី​មួយចំនួន​ដែល​និយម​ភាព​ស៊ី​វិ​ល័យ បាន​រង​ផលប៉ះពាល់​ដោយ​កា​សារ​រពាក់​កញ្ចក់ contact lens ក្នុង​ភ្នែក ដើម្បី​បង្កើន​ភាពទាន់សម័យ រហូត​ធ្វើ​ឲ្យ​កែវ​ភ្នែកមាន​អា​ការៈឈឺចាប់ ក្រោយពេល​ដោះ​វា​ចេញ និង​មិនអាច​មើល​អ្វី​ឃើញ​ឡើយ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ទាំង​អារម្មណ៍​មិន​ប្រាកដប្រជា​ថា អាចជា​សះស្បើយ​វិញ​នោះឡើយ​។​

​គួររំលឹកថា ថ្មី​នេះ មាន​ករណី​ប្អូនស្រី​ម្នាក់​លេង PUBG បណ្តាលអោយមាន​ផល​បញ្ហា​ប៉ះពាល់​ភ្នែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែមាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Cino Kimchi បាន​បង្ហោះ​សារ​បង្ហោះ​សារ​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា “​សូម​ចែក​រំ​លែ​ចំពោះ​អ្នក​ចូលចិត្ត​ពាក់ contact lens ទាំងឡាយ​ដែល​ចង់​ស្អាត​ឆើតឆាយ ដោយ មិនបាន​គិតពី​លទ្ធផល​សម័យ​គីមី​ជឿនលឿន អ្នក​គ្រប់គ្នា​ដឹង​ច្បាស់​ណាស់ ទាំង​របស់​ញាំ និង​សំភារ​:​ប្រើប្រាស់ ទោះជា​របស់​ថ្លៃ​ក៏​មិន​ប្រាកដថា​សុវត្ថិភាព​ចំពោះ​សុខភាព​ដែរ​។​

​កែវភ្នែក​ធម្មជាតិ​រប​ស់​យើង​មិនមាន​លក់​នៅ​ទីផ្សារ​ទេ ទោះ​មាន​លុយ​ក្រាល​ពេញ​ដី ក៏​មិនអាច​ទិញ​គ្រប់ យ៉ាង អោយ​ត្រឡប់មក​ដូចដើម​ដែរ បើ​ស្រលាញ់​កែវភ្នែក ចង់​មើលឃើញ​មនុស្ស​ដែល យើង​ស្រលាញ់ បានយូរ សូម​ឈប់​ប្រើប្រាស់ contact lens ទៅ បើ​មិនចាំបាច់ ពិសេស​មនុស្ស​ស្រី​ដែល​ចូលចិត្ត​make up តែង​ពាក់​វា​ពេល​មាន​កម្មវិធី​ម្ដងៗ វា​មិន​ស្អាត​អស្ចារ្យ​អី​ត្រឹម​ពាក់​បន្ថែម contact lens នឹង​ទេ ហេតុ អី​ត្រូវយក​កែវភ្នែក​ដ៏​ល្អ​របស់​យើង​ដូរ​ជាមួយនឹង​ភាព​ឆើយ​ឆាយ ល្អ​បាន​តែមួយ​ភ្លែត ហើយ​បានមក វិញ គឺ​ភាព ពិការ​មើល​អ្វី​លែងឃើញ​ដូន​គ្នា សួរថា​ពិបាក​ទេ​? បើ​ងងឹតភ្នែក មើលលែងឃើញ​ពិភពលោក​នេះ តើ​អ្នកនឹង​ធ្វើយ៉ាងណា​? ឬ ត្រូវ​អោយគេ​ដឹក​ដៃ​ពេញ​មួយជីវិត​?
​ជាក់ស្ដែង​ដូច​រូប​ខាងក្រោម ប្អូន​របស់ខ្ញុំ គាត់​ចូលចិត្ត​ពាក់ contact lens ពេល make up ទៅ​កម្មវិធី​ណាស់ រាល់ដង​មិន​អី​នោះទេ តែ​ថ្ងៃនេះ​ជួប​ហើយ គាត់​កំពង់​រលាក​ភ្នែក​កំ​រឹត​ធ្ងន់​ដែល បណ្ដាលមកពី​ពាក់ contact lens ត្រឹម​ត្រឹមតែ 2-3h បន្ទាប់ពី​គាត់​បាន​ដោះចេញ ពេល​មក​កម្មវិធី​វិញ​ពេលយប់ លុះ​ព្រឹក​ចាប់ផ្ដើម ធ្វើទុក្ខ ខ្លាំង រហូត​កម្រើក​ភ្នែក​លែង​បាន មើល​អី​ក៏​មិនឃើញ ។ មកដល់ពេលនេះ គាត់​ទទួលបាន​ការព្យាបាល​រួចហើយ តែ​នៅ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះទេ​៕

 

រដ្ឋាភិបាល​ចិន បញ្ជាក់​ពី​ជំហរ​បន្ត​ជួយ​លើ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​

​ភ្នំពេញ ៖ លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ប្រចាំ​កម្ពុជា បានបញ្ជាក់​ជូន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ពី​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ព្រមទាំង​បាន ប្រកាស​គាំទ្រ​ជួយ​ដល់​កម្ពុជា​ទៅលើ​វិស័យសេដ្ឋកិច្ច គ្រា​ដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ការដាក់​សម្ពាធ​ពី​បណ្តា​ប្រទេស​មួយចំនួន​ថែម​ទៀតផង​។

ការបញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា​បែបនេះ ធ្វើឡើង តាមរយៈ​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នេះ​។​

ជាមួយនឹង​ជំហរ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ចិន​នាពេលនេះ អគ្គរដ្ឋទូត វ៉ាង វិ​ន​ធាន បានបញ្ជាក់ ថា​៖ ភាគី​ទាំងពីរ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ចំនួន​៨​រួចហើយ នៅក្នុង​អំឡុងពេល​នៃ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅ​ដើម ឆ្នាំ​២០១៩​នេះ ពោលគឺ​កាលពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ។

​មន្ត្រី​ទូត បាន​រំលឹក​ពី​ខ្លឹម​សារសំខាន់ៗ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ជូន​លោកជំទាវ​ឧ​ប​នាយ​រដ្ឋមន្ត្រី ម៉ែន សំអន ពិសេស​ការជួយ​លើក​កំពស់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការនាំ​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​២០១៩​ទៅកាន់​ប្រទេស​ចិន ហើយ​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦០០​លាន​ដុល្លា​អាមេរិក​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ និង​បង្កើន​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​ឲ្យ​បាន ៥​លាន​នាក់​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ព្រមទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ។​

ជាការ​ឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ហៅ​ប្រទេស​ចិន​ថា​ជា​មិត្ត​ល្អ គ្រា​ដែល​កម្ពុជា​ជួប​ការលំបាក ចិន​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ ។​
លោកជំទាវ​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការគាំទ្រ​នយោបាយ​ចិន​តែមួយ និង​នយោបាយ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។ លោកជំទាវ ម៉ែន សំអន បាន​សាទរ​ចំពោះ​អនុស្សារណៈ​ចំនួន​៨ ដែល​បាន​ចុះហត្ថលេខា​រួចហើយ កាលពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់ ប្រទេស​ចិន​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ជម្រាបជូន​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​អំពី​ការងារ​ស្នូល របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ថា ក្រសួង​នេះ​មាន​ភារកិច្ច​ធ្វើជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់ ទប់ស្កាត់​អំពើពុករលួយ ភាពអយុត្តិធម៌​ក្នុងសង្គម និង​ការរំលោភបំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បំរើ​ប្រយោជន៍​បុគ្គល និង​បក្ខពួក និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ពោលគឺ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ៕

កម្ពុជា បញ្ជូន​កម្លាំង​មួក​ខៀវ​ប្តូរ​វេន ១៨៤​នាក់ ទៅកាន់​ប្រទេស​លី​បង់​

​ភ្នំពេញ ៖ កម្ពុជា បញ្ជូន​កងវិស្វកម្ម​ក​ម្លាំ​ង​មួក​ខៀវ​លេខ​៦៩៣ ចំនួន​១៨៤​នាក់ ចេញទៅ​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ ដើម្បី​ធ្វើការ​ប្តូរ​វេន​កម្លាំង​ចាស់​ក្នុង បំណង​ស្វែ ង​រក​សន្តិភាព​សំរាប់​ប្រទេសមួយ​នេះ​។​

​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​នៅ​យប់​ថ្ងៃទី​២៧ ខែមករា នៅ​អាកាសយានដ្ឋាន​អន្តេរ​ជាតិ​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ថ្លែងថា “​នេះ​ជា​លើក​ទី​៤០​ហើយ​ដែល​កម្ពុជា​បញ្ជូន​កម្លាំង ទៅ​ចូលរួម បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ និង​ជា​លើក​ទី​៩ ចូលរួម​បេសកកម្ម​នៅ​សាធារណៈ រដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​នេះ​។​

​កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ​ដើម្បី​ប្តូរ​កម្លាំង​ចាស់​ដែល​បានបញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា​នេះដែរ ដែល​ពួក គេ​នឹង​មកដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​២៩ ខែមករា នេះ​”​។​
​កងវិស្វកម្ម​ទាំង​១៨៤​នាក់​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់ថា “ ក៏មាន​អមដោយ​កម្លាំង​ដោះមីន​ផងដែរ គឺជា​កម្លាំង​បានទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បស់ អង្គការសហប្រជាជាតិ ដែល​កម្លាំង​ទាំងនោះ​មាន​មកពី​ស្ថាប័ន ចំណុះ​ផ្ទាល់​ក្រសួងការពារជាតិ កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការដ្ឋាន​កងទ័ព​អាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​ចំនួន​ជិត​១០០០​នាក់ ដែល កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី ហើយ​កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ាន​៕

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៧ ខែមករា ស្លាប់​៧​នាក់ និង​របួស​១៩​នាក់

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ របួសស្រាល​១០​នាក់ និង​របួសធ្ងន់ ស្រាល ៩​នាក់ ។

​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត ម៉ូតូ​ចំនួន ១១​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង និង​យានយន្ត​ផ្សេងៗ​១​គ្រឿង ហើយ​មូល ហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, មិន​គោរព​សិទ្ធិ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២៨៤​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២១​នាក់​, របួសធ្ងន់​២៨៣​នាក់ និង​របួសស្រាល​១៥៧​នាក់​៕

​

ផ្ទះ​ពលរដ្ឋ ៤​ខ្នង ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ទទួលរង​ការឆាបឆេះ​ទាំងស្រុង សង្ស័យ​ករណី​ទុស្សេ​ខ្សែរ​ភ្លើង

​ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​១៥ ថ្ងៃអាទិត្យ ទី​២៧ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​អគ្គីភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ករណី នៅ​ចំណុច​ផ្សារ​ប៉ាង​រលឹម ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាលអោយ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ដោយ​ឆេះ​ទាំងស្រុង ចំនួន ៣​ខ្នង និង​១​ខ្នង​ទៀត​ឆេះ​តិចតួច តែ​គ្មាន​នរណាម្នាក់​រងរបួស​ដល់​អាយុជីវិត​ទេ​។​

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ៖ មូលហេតុ​នៃ​ការឆេះ​ខាងលើនេះ គឺ បណ្តាល មកពី​ផ្ទុះ​សេ​ខ្សែភ្លើង ដែល​ឆេះ​ចេញ ពី​ផ្ទះ​របស់​ជាងក្រឡឹង​គ្រឿង​ម៉ាស៊ីន ពេល​ម្ចាស់​មិន​នៅផ្ទះ ដោយ​ចាក់សោ​ផ្ទះ​ចោល ។​

​សូមបញ្ជាក់ថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន និង​អភិ បាល​ក្រុងប៉ៃលិន បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ចូលរួម​រំ​លេក​ទុក្ខ​សោកស្តាយ ដល់​ជនរងគ្រោះ ទាំងអស់ ដែល​បាន​បាត់​ផ្ទះសម្បែង និង​ទ្រព្យ​ស​ម្បិ​ត្ត ចំណែក​ការខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត មិនទាន់​ដឹង ចំនួន​នៅឡើយ​ទេ​៕

គ​.​ជ​.​ប ចាប់ផ្តើម​ចុះឈ្មោះ​អ្នកសង្កេតការណ៍​បោះឆ្នោតក្រុមប្រឹក្សា

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ ជ ប​)​នឹង​ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ឧសភា ខាងមុខ​។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ស្ថិតនៅក្នុង​តំណែង​ប៉ុណ្ណោះ​។

​បើ​យោងតាម គ ជ ប បាន​ឲ្យ​ដឹងថា ការចុះឈ្មោះ​ភ្នាក់ងារ​អ្នកសង្កេតការណ៍​មកពី គណបក្ស​ន​យោ បាយ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃទី​២ ខែឧសភា ចំណែក​ការចុះបញ្ជីឈ្មោះ​គណ បក្ស នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៧ មីនា ដល់​ថ្ងៃទី ១១​ខែមីនា ឆ្នាំ ២០១៩ ។ ហើយ​ការឃោសនាបោះឆ្នោត នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ខែ​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា​។ រីឯ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃ អាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩៕

ត្រី​បា​ឡែ​ន​១​ក្បាលមាន​ទម្ងន់​ប្រមាណ​១​តោន បណ្តែត​ខ្លួន​ក្បែរ​កោះរ៉ុង​សន្លឹម​

ខេត្ត​ព្រះសីហនុ ៖ ត្រី​បាន​ឡែ​ន​ដ៏​ធំ ១​ក្បាល ត្រូវបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រទះឃើញ​បង្ហាញខ្លួន នៅក្នុង​ដែនសមុទ្រ​ក្បែរ​កោះរ៉ុង ដែលជា​កោះ​ទេសចរ​ដ៏​ល្នី​ឈ្មោះ​របស់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមករា ឆ្នាំ​២០១៩ នា​ខេត្ត​ព្រះសីហនុ​។​

​ការបង្ហាញ​ខ្លួន​ត្រី​បា​ឡែ​ន​១​ក្បាល​នេះ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន ការចាប់អារម្មណ៍ និង​បង្ហាញ​ការរីករាយ​យ៉ាងខ្លាំង នៅពេល​ពួកគេ​បាន​ប្រទះឃើញ​ត្រី​បា​ឡែ​ន ដ៏​ធំ​១​ក្បាល ដែល​មិន​ធ្លាប់​បានឃើញ​ដោយផ្ទាល់​ភ្នែក​ពីមុនមក​នោះទេ នៅ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​។​

​ទាក់ទិន​បញ្ហា​នេះ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ព្រះសីហនុ មានប្រសាសន៍ថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​ជុំវិញ​ត្រី​បា​ឡែ​ន​១​ក្បាល​បង្ហាញខ្លួន នៅក្បែរ​កោះរ៉ុង​សន្លឹម ភ្លាមៗ​នោះ លោក​ក៏បាន​ប្រាប់​ទៅ​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​នោះ និង​ប្រជា​នេសាទ​ទាំងអស់ មិន​ឲ្យ​ចូលមក​ក្បែរ ឬ​នេសាទ​ត្រី​បា​ឡែ​ន​នោះ​ជាដាច់ខាត ព្រោះ​វា​ជា​ប្រភេទ​ត្រី​កម្រ និង​ស្លូតបូត​ណាស់​។ លោ​ក្ថា ក្នុង​ច្បាប់​ជលផល ក៏​ហាមឃាត់​មិន​ឲ្យ​នេសាទ ឬ​ចាប់​ត្រី​កម្រ​ប្រភេទ​នេះដែរ​។​

​ទន្ទឹមគ្នានេះ លោក នេន ចំរើន ក៏បាន​សំណូមពរ​ដល់​ប្រជា​សហគមន៍​នេសាទ ឲ្យ​ជួយ​តាមដាន​មើល និង​ការពារ​ត្រី​បា​ឡែ​ន​១​ក្បាល​នេះ ឲ្យ​បានល្អ​ផង ទុក​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មកលេង​ខេត្ត​ព្រះសីហនុ​ទស្សនា​កម្សាន្ដ​។​
​ចំណែក​លោក កៅ មុន្នី​រិ​ទ្ធ នាយរង​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​សមុទ្រ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ត្រី​បា​ឡែ​ន​នេះ គឺជា​ប្រភេទ​សត្វ ឬ​ត្រី​កម្រ និង​ត្រូវបាន​ច្បាប់​អភិរក្ស ហាម​មិន​ឲ្យ​ធ្វើ​នេសាទ​ទេ​។ លោក​បន្តថា ត្រី​ប្រភេទ​នេះ គឺជា​ប្រភេទ​ត្រី​បា​ឡែ​ន ដែលមាន​ឈ្មោះ​ជា​ភាសា​បច្ចេកទេស​ថា ត្រី​បាណន់​គីង្គក់ ឬ​ជា​ភាសា​អង់គ្លេស​ថា Whale Shark (​អម្បូរ Rhincodontidae)​។​

​លោក កៅ មុន្នី​រិ​ទ្ធ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា កាលពី​ជាង ៣​ខែ កន្លងទៅ ប្រភេទ​ត្រី​បា​ឡែ​ន ខាងលើនេះ វា​បាន​បង្ហាញខ្លួន​ម្ដង​ដែរ នៅ​តំបន់​ក្បែរ​ប្រជុំ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​នេះដែរ​។ លោក​ថា ការបង្ហាញ​ខ្លួន​របស់​ត្រី​បា​ឡែ​ន នៅ​ដែនសមុទ្រ​ក្នុង​តំបន់​ខាងលើនេះ ទំនងជា​ដោយសារ​វា​តាមរក​ចំណី​របស់​វា ព្រោះ​តំបន់​នេះ​សម្បូរ​ទៅដោយ​ជីវ​សមុទ្រ​ចម្រុះ ផ្កាថ្ម ជាពិសេស សត្វ​គី (​កូន​ត្រី​តូចៗ ដែល​គេ​យក​ធ្វើ​កាពិ​) និង​ស្មៅ​សមុទ្រ ដែលជា​ចំណីអាហារ​ចាំបាច់​របស់​ត្រី​ប្រភេទ​នេះ​។​

​លោក មុន្នី រិ​ទ្ធ ឲ្យ​ដឹង​បន្តថា ត្រី​បា​ឡែ​ន​នេះ មាន​ប្រវែង​ប្រមាណ ៧​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ១​តោន ហើយ​វា​ធ្វើដំណើរ​តាម​សមុទ្រ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ដែលមាន​ចំណី​របស់​វា​។ លោក ថា បានជា​ត្រី​បា​ឡែ​ន​ខាងលើនេះ បង្ហាញខ្លួន​នៅ​ចន្លោះ​ចំណុច​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​នេះ ពីព្រោះថា នៅ​តំបន់​កោះ​ទាំងពីរ​នោះ សម្បូរ​ទៅដោយ​ជីវចម្រុះ​សម្រាប់​ជា​ចំណី​របស់​វា​។ ម្យ៉ាងទៀត​តំបន់​នោះ ក៏​ត្រូវបាន​ក្រសួងបរិស្ថាន និង​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ធ្វើជា​តំបន់​អភិរក្ស​ឧទ្យាន​សមុទ្រ ឬ​ឧទ្យាន​បាតសមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ផងដែរ​៕
​

​នាយទាហាន ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​

​ព្រះវិហារ ៖ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុភ​ក្ត្រា័ មេបញ្ជាការរង​យោធ​ភាគ​ទី​៤ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​បាន​ដឹកនាំ​អនុប្រធាន​ក្រុមការងារ​សមាជិក​ក្រុមការងារ​ចុះជួយ​ស្រុក​ឆែប​។​អាជ្ញាធរ​ដែនដី​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​៧០០​នាក់ ចូលរួម​មី​ទ្ទិញ​អបអរ​សារ​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវាជ​យ័​ជំនះ ៧ មករា​(៧ មករា​១៩៧៩-៧​មករា​២០១៩ )​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​លោក ច័ន្ទ សុភ​ក្ត្រា័ បាន​លើកឡើងថា ៤០​ឆ្នាំ មកនេះ ប្រទេស​កម្ពុជា​បានប្រែក្លាយ​ពី​គំនរ​ផេះផង់ រហូត​មានការ​អភិវឌ្ឍន៍​រីកចំរើន​គ្រប់​វិស័យ​ប្រកបដោយ​ក្តី​មោទនភាព​បំផុត​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាគ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយពី​បាន​ស្តាប់​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​រួចមក​,​លោក​ច័ន្ទ​សុភ​ក្ត្រា័​បាន​លើកឡើងថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ដែល​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណ​មក​បំភ្លៃ​ឬ​បំផ្លាញ​បានឡើយ​។​

​លោក​បាន​បន្ដទៀតថា​មាន​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ទើប​មាន​អ្វីៗ ដូច​សព្វថ្ងៃនេះ​។​ថ្ងៃ​៧​មករា​បានកើត​ចេញពី​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​និង​ភាព​អង់អាច​ក្លាហាន​របស់​ថ្នាក់ដឹកនាំ​យុទ្ធជន​កម្ពុជា​បាន​វាយ​ដណ្តើម​ជោគជ័យ​លើ​របប​ប្រល័យពូជសាសន៍​ដូច្នេះ​សូម​ស្មារតី ថ្ងៃ​៧ មករា ស្ថិតស្ថេរ​ជា​អមតៈ​។​

​ជាមួយគ្នា​នោះ​លោក​ច័ន្ទ​សុភ​ក្ត្រា័​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ជួយ​ថែរក្សា សុខសន្តិភាព​ដែល​រកបាន​ដោយ​លំបាក​បំផុត​។​នាបច្ចុប្បន្ន​នេះ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​ជា​និរន្ត​សម្រាប់​អនាគត​យូរអង្វែង​របស់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តទៅទៀត​។​

​គួរបញ្ជាក់​ថា​មី​ទ្ទិញ​អបអរ​សារ​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវាជ​យ័​ជំនះ ៧ មករា​(៧ មករា​១៩៧៩-៧​មករា​២០១៩ )​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​ទើបនឹង​បានធ្វើ​នាពេលនេះ​៕
​

​បើក​គោយន្ត​ដឹកអុស​ដុត​ធ្យូង ជាន់​ម៉ី​ន​តោន​ផ្ទុះ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់​

​ប៉ោយប៉ែត ៖ បុរស​២​នាក់ បើក​គោយន្ត​កន្ត្រៃ​ដឹកអុស​ជាន់​ម៉ី​ន​ផ្ទុះ​ស្លាប់​ម្នាក់ ចំណែក​ម្នាក់ទៀត រងរបួស​ធ្ងន់ កាល​ព​វេលា​ម៉ោង ១០​និង ៣០ នាទី​ី​ថ្ងៃ​សុក្រ ០៤ រោច ខែ បុស្ស​ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុ​ុ​ង​ភូមិ ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។
​
ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆា​ម ឆ​ង ភេទ ប្រុស អាយុ ៣២​ឆ្នាំ​ចំណែក​
អ្នករងរបួស​មានឈ្មោះ តាម សុខ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​អ្នក​ទាំង​២​រស់នៅក្នុង​ភូមិ​រស្មី​សាមគ្គី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លោក​អធិការ​ស្រុក​ម៉ាឡៃ​បេន សំអាត​ប​ញ ជាក់​ជនរងគ្រោះ​មុន​កើតហេតុ​បាន​បើក​គោយន្ត​កន្ត្រៃ​ទៅ​កាប់​អុស​យកមក​ដុត​ធ្យូង​ក្នុងព្រៃ ក្រោយពី​ការកាប់​អុស​រួច​អ្នក​ទាំ​២​នាក់​បាន​បើក​គោយន្ត​វិល​ត្រលប់មក​ផ្ទះ​វិញ ដោយ​ការបើកបរ​របស់គាត់​ខុស​គន្លង​ចាស់​ទើប​បណ្ដាល​ឲ្យ​ជាន់​ម៉ី​ន​តោន​ផ្ទុះ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​អន្តរា​គម​ន៏​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ម​នី្ទ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល់​បូរី​ខេត្តបន្ទាយមានជ័យ​។​គួ​រំលឹកថា​:​នៅក្នុង​ស្រុក​ម៉ាឡៃ​នៅតែមាន​គ្រាប់​យុ​ត្តិ​ភ​ន្ធ័​មិនទាន់​ផ្ទុះ​(​ម៉ី​ន​)​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ព្រោះថា​តំបន់​ភូមិសាស្ត្រ​ក្នុងស្រុក​ម៉ាឡៃ​គី​ជា​ខ្សែប្រយុទ្ធ​ក្ដៅ​រវាង​កងទ័ព​រាជរ​ដ្ឋា​ភិ​បាល​ជាមួយ​កងទ័ព​ខ្មែរក្រហម ហើយ​បើទោះជា​មានការ​ដោះ​ម៉ី​ន​ពី​មន្ត្រី​ស៊ីម៉ាក​ក៏ដោយ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​និង​នៅមាន​សេសសល់​គ្រាប់​ម៉ី​ន​ពី​សម័យ​សង្គ្រាម​ដែរ គួ​តែ​បងប្អូន​រស់នៅ​ភូមិសាស្ត្រ​ក្នុងស្រុក​ម៉ាឡៃ​ម ការ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​បញ្ជៀ​ស​ពី​ការគ្រោះថ្នាក់​ដល់​ជីវិត​៕