All posts by មេគង្គ ប៉ុស្តិ៍

ប្រតិភូរដ្ឋបាលរាជធានី ចុះសួរសុខទុក្ខកម្លាំងប្រដាប់ អាវុធសម្ព័ន្ធមេត្រីភាពនៅខេត្តព្រះព្រះវិហារ

ព្រះវិហារ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាប្រតិភូអមដំណើរ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្តេច ទាំងទ្វេ មកឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងកម្លាំងនគរបាលជាតិការពារព្រំដែនគោក វរសេនាតូច ៧៩៣ នាឱកាសអបអរសាទរបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅអគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឋិតក្នុងភូមិពាក់ស្បែក ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង តាមបណ្ដាការិយាល័យជំនាញ នាយនិងពលទាហានជាច្រើននាក់ផងដែរ។

មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ក្នុងនាមនាយ និងពលទាហានទាំងអស់ ដែលកំពុងបំពេញកត្តព្វកិច្ចឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងលោក លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាប្រតិភូអមដំណើរទាំងអស់ ដែលតែងតែជួយទំនុកបំរ៉ុង ទាំងសម្ភារះ គ្រឿងចក្រ និងថវិកា ក្នុងការជួយទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួុយអភិវឌ្ឍន៍ លើកតម្កើងជីវភាពគ្រួសារកងទ័ព នៅតំបន់ជួរមុខ ឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចទាំងទ្វេ ក៏ដូចជាអង្គភាព សម្ព័ន្ធមេត្រីភាព លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា កងកម្លាំង ប្រដាប់ អាវុធ ទាំងអស់នៅក្នុងទិសទី១ ត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារអធិបតេយ្យភាពជាតិ រួមជាមួយកម្លាំងផ្សេងទៀត ដើម្បីរក្សាសន្តិភាពស្ថិរភាពនយោបាយ ចូលរួមនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងតម្លៃណាក៏ដោយ មិនអោយក្រុមណាបំផ្លាញសន្តិភាព ដែលយើងរក បានដោយលំបាកនោះទេ។ ប្រឆាំងភារវកម្ម វាយកំទេចចោល ឲ្យទាន់នូវឧបាយកល បដិវត្តន៍ពណ៌ គាំទ្រកម្លាំងអនុវត្តច្បាប់ធានាការពារព្រៃឈើ និងធនធានដទៃទៀត។ គាំទ្រការប្រមូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៊ីគេចពន្ធ ដាក់ទោស អ្នកដែលរកស៊ីខុសច្បាប់ និងការពារអ្នករកស៊ីស្របច្បាប់។ ខិតខំ ពង្រឹងវិន័យកងទ័ព និង ពង្រឹងសមត្ថភាពគ្រប់ផ្នែក ថែរក្សាគ្រឿងយុទ្ធោបករណ៍ យកចិត្តទុកដាក់លើ ជីវភាពរស់ នៅកងទ័ពនិងគ្រួសារ ព្យាយាមរក្សាការទំនាក់ទំនងគ្នាកាន់តែល្អបន្តជាមួយកម្លាំងថៃ.ឡាវ ដែលកំពុងឈរជើងនៅទល់មុខគ្នាជាប់ជាប្រចាំ។

ដើម្បីបញ្ចៀសបានរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យឈានទៅរកការប្រឈម មុខដាក់គ្នាដោយប្រដាប់អាវុធ។ ជារួមរហូតមកដល់ពេលនេះយើង អនុវត្តបាននៅយុទ្ធ សាស្រ្ត ៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនាពេលកន្លងមក។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ ឈ្លាសវៃរបស់សម្តេច និងការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលរាជ ធានីភ្នំពេញ នៅតែប្តេជ្ញាចិត្តបន្តជួយឧបត្ថម្ភគាំទ្រជានិច្ច ចំពោះនាយទាហាន នាយទាហាន រង និងពលទាហាន ព្រមទាំងបងប្អូនគ្រួសារកងទ័ព នៅសមរភូមិមុខ ក្រោមសម្ព័នមេត្រី ភាព នៃអង្គភាពសមរភូមិក្រោយ។

ទន្ទឹមនិងនោះ លោក បានសម្តែងនូវការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះវីរភាព អង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង ពលទាហាន វរៈយុទ្ធជន យុទ្ធ នារីទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្ម ដ៍ឧត្តុងឧត្តម ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថែរក្សាសុខសន្តិភាព ជូន ប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់បច្ចុប្បន្ននេះ។ ​លោកបន្តថា កងកម្លាំងប្រដាប់អាវុធគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហើយក៏ជាឆ្អឹងខ្នង ប្រទេស ដែលមិន អាចខ្វះបាន ក្នុងការជួយទ្រទ្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេស។ លោកបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាព នោះក៏គ្មានការអភិវឌ្ឍន៍ឡើយ។ ជាក់ស្ដែងបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាជនរស់ នៅក្នុងជីវភាពសមរម្យ មានសិទ្ធិសេរីភាពពេញលេញ ដោយគោរពទៅតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ដែលទាំងអស់នេះកើតឡើង ពីការដឹកនាំ ដ៏ត្រឹមត្រូវ នឹងប៉ុនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ព.ស.

​វិទ្យុ VOA និង RFA អាច​បើក​ឡើងវិញ ដោយ​ភ្ជាប់​កាតព្វកិច្ច​សារពើពន្ធ​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​១​ច្បាប់​ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ជូន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ក្នុង​ខ្លឹមសារ​បានបញ្ជាក់​ពី​នីតិវិធី​ចំពោះ​ការស្នើសុំ​បើក​ឡើងវិញ​នូវ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា «​ករណី​ស្នើសុំ​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែល​បានស្នើ​មក​ក្រសួង​ព័ត៌មាន មុន​ការផ្តល់​អាជ្ញា​បណ្ណ ឬ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ចុះបញ្ជី​ស្របច្បាប់​ដល់​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នេះ គួរ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការគោរព​កាតព្វកិច្ច​សារពើពន្ធ​ជាមុន​…»​។​

​នៅក្នុង​លិខិត​ដដែល ក៏បាន​បញ្ជាក់​ផងដែរ​ថា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិ​ទ្យ​អាស៊ីសេរី (RFA) កន្លងមក បានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​បើក​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​ពុំបាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន និង​ពុំបាន​យកចិត្តទុកដាក់​នូវ​ការអនុវត្ត​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​នោះទេ ហើយ​ក្រោយមក វិទ្យុ​ទាំងពីរ​នេះ បានសម្រេច​បិទ​ការិយាល័យ​តំណាង​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ ដោយ​ខ្លួនឯង​ហើយ​ពុំបាន​ជូនដំណឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៀតផង​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុងការ​លើកតម្កើង​នូវ​សិទ្ធិសេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការបញ្ចេញមតិ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែលមាន​ជា​ធរមាន ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់ខ្លួន​ដោយ​ខ្លួនឯង​ ដូច្នេះ​វិទ្យុ​ទាំងពីរ​នេះ ក៏មាន​សេរីភាព​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​កម្ពុជា ឡើងវិញ​បានដែរ​៕
​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង កំពុង​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ទៅ​តំបន់​ស្វាយជ្រុំ

​ភ្នំពេញ ៖ លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បាន​អះអាងថា គម្រោង​សាងសង់ ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅកាន់​តំបន់​ស្វាយជ្រុំ មិនអាច​ដំណើរ​បាន​នៅឡើយ​ទេ ក្រោយពី​ប្រគល់​សិទ្ធិ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង ធ្វើការ​សិក្សា បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ក្រុមហ៊ុន​របស់​ចិន​។ នេះ​បើ​តា​មារ​ផ្សារ​របស់​ទីភ្នាក់ងារ សារព័ត៌មាន កម្ពុជា AKP កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។​

​លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា គម្រោង​សាងសង់ ស្ពាន​ជ្រោយចង្វារ​-​ស្វាយជ្រុំ ត្រូវបាន​ភាគី​ចិន​សិក្សា​ចប់​ម្តង​រួចមកហើយ ។ ប៉ុន្តែ​បច្ចុប្បន្ននេះ ស្ថិតក្រោម​ការសិក្សា​គម្រោង​របស់​ភាគី​ប្រទេស​កូរ៉េខាងត្បូង​វិញ​ម្តង ដែល​ការសិក្សា​នេះ ក៏​មិនដឹង​ចប់​ពេលណា​ដែរ​។​

​សូម​រំឭកថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស ក្នុងឱកាស​អញ្ជើញ​សម្ពោធ​បើកដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៦០​ម៉ែត្រ កាលពី​ឆ្នាំ​២០១៧ ដោយបាន​លើក ឡើង​ពី​គម្រោង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ ភ្ជាប់​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយជ្រុំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក ល្វាឯម ខេត្តកណ្តាល នា​អំឡុង​ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះ បាន​ឲ្យ​ដឹង​ដែរ​ថា កូរ៉េខាងត្បូង បាន​យល់ព្រម​ទទួល​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ ពី​រាជធានី​ភ្នំពេញ​ទៅ​ត្រើយម្ខាង​៕

 

រដ្ឋបាល​រាជធានី នឹង​ចាត់វិធានការ​លើ​ការរំលោភ​ចិញ្ចើមផ្លូវ នៅ​ចុងខែ​ក្រោយ​

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ទុកពេល​១​ខែ គិត​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២២ ខែមករា នេះ​តទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​បញ្ឈប់​ការរំលោភ​លើ​ដងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈម​ចំពោះ​ការបិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារ និង​រុះរើ​សំណង់ ឬ​អាច​ត្រូវ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីដើម​សប្តាហ៍​នេះ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី បាន​បង្ហាញថា ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ត្រូវ​កែសម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ខ្លឹមសារ​ណែនាំ ដូចជា ត្រូវ​ចៀសវាង​ដាច់ខាត ការឈប់ ឬ​ចត​យានជំនិះ​នៅ​កន្លែង​ហាមឃាត់​ដូចជា នៅលើ​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែល​ទុក​បម្រុង​សម្រាប់​អ្នក​ថ្មើរជើង​។ ហាម​ដាច់ខាត ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ​លើសពី ១ ភាគ ៣ ប្រើប្រាស់​ទ្រូងផ្លូវ​ដាក់​សម្ភារ​សំណង់​របស់ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម​។ រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចេញចូល​ក្រុង​ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ក្នុង ការលើកដាក់​ផ្ទេរ​ទំនិញ បាញ់​បេតុង ឬ​ឈប់​សំចត ដោយ​អនាធិបតេយ្យ​។

​សេចក្តីជូនដំណឹង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការរៀបចំ​សម្ភារ ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង លក់ អាច​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ត្រឹម ១ ភាគ ៣ ជា​លក្ខណៈ​បណ្ដោះអាសន្ន ហើយ ២ភាគ៣ សម្រាប់​ថ្មើរជើង និង​ចរាចរណ៍​។ រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ជាទី​តាំង​ផ្ញើ​កង់​ម៉ូតូ មិនត្រូវ​លើសពី ១ ភាគ ៣ នៃ​ចិញ្ចើមផ្លូវ​ឡើយ​។​

​ប៉ុន្តែ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់ថា ចិញ្ចើមផ្លូវ​នៅតែ​អាច​យកទៅ​ប្រើប្រាស់​បា​នស​ម្រា​ប់​បម្រើ​សកម្មភាព​មួយចំនួន​ដូចជា ការធ្វើ​ចរាចរណ៍​ដោយ​ថ្មើរជើង ធ្វើ​សកម្មភាព​វប្បធម៌ កីឡា ការតាំងពិព័រណ៍ និង​ពិធីបុណ្យ​ផ្សេងទៀត នៅលើ​ដងផ្លូវ ប៉ុន្តែ​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ទៅតាម​កម្រិត​នៃ​ពិធី និង​ភាពចាំបាច់​។​
​គួររំលឹកថា ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​ខាងមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បញ្ឈប់​ការអនុញ្ញាតឱ្យ​មានការ​រៀបចំ​រោងការ និង​រោងបុណ្យ​នៅតាម​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​ទៀតឡើយ ដោយ​តម្រូវឱ្យ​ពលរដ្ឋ​ត្រូវ​ទៅ​ស្វែងរក​ទីតាំង​សមស្រប​ណាមួយ ដូចជា​នៅក្នុង​វត្ត​អារាម ឬ​រក​ទីតាំង​ឯកជន​៕

តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ទទួលមរណភាព​ហើយ នៅ​ប្រទេស​ឥណ្ឌា​

​ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព នៅ​ម៉ោង​ប្រមាណ ១​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់ លោក ខេមរៈ ភា​រុណ បងប្រុស ខេមរៈ ស្រី​ពៅ​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ខេមរៈ ភា​រុណ បងប្រុស ខេមរៈ ស្រី​ពៅ បាន​សរសេរ ដោយ​ភ្ជាប់​ជាមួយ​រូបថត​របស់ ខេមរៈ ស្រី​ពៅ ថា ៖ «​ប្អូន​ពៅ​បង​លា​យើងទាំងអស់គ្នា​ហើយ​»​។ លោក​បាន​រៀបរាប់ថា​៖ «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ​»​។​

​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​ជា​ហូរហែ​រួចមកហើយ អំពី​ដំណឹង​កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​បង្កើត​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ ក៏​លេចលឺ​ព័ត៌មាន​ថា សុខភាព​របស់​នាង​បាន​វិលត្រឡប់​មក​សភាព​ធម្ម​តា​ល្អប្រសើរ​វិញ​ហើយ ។ តែ​ទោះ​យ៉ាងនេះ​ក្តី ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​មិនដែល​ឃើញ​វត្តមាន​របស់​នាង​បង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍ ឬ​កម្មវិធី​ផ្សេងៗ​នោះទេ ។​

​បើតាម​ក្រុមគ្រួសារ​របស់លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា តាម​ការពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ យូរណាស់​មកហើយ ប៉ុន្តែ​ក្រុមគ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះទេ ពោលគឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រួសារ សម្រេច​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុមគ្រូពេទ្យ មិនអាច​ជួយសង្គ្រោះ​ជីវិត​របស់​នាង​បានឡើយ​។​

​សូមជម្រាបថា ខេមរៈ ស្រី​ពៅ ជា​ប្អូនស្រី​របស់​តារាចម្រៀង លោក ខេមរៈ សេរី​មន្ត ។ កញ្ញា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​ជាប់​កាយ អស់​រយៈពេល ៤​ឆ្នាំ​មកហើយ​។ ប៉ុន្តែ យើងទាំងអស់គ្នា​ពិតជា​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះ ដែល​ថ្មីៗ​នេះ ស្រាប់តែ​លេច​លឺដំណឹង​ដ៏​សោកសៅ​បំផុត​ចេញពី​បងប្រុស​របស់ នាង​ថា ខេមរៈ ស្រី​ពៅ បាន​លាចាក​លោក​ហើយ​៕​

តុលាការ​សម្រេច​ដោះលែង​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក វិញ​ហើយ​

​ភ្នំពេញ ៖ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ដ្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ បាន​បង្ហើប​ឲ្យ​ដឹងថា ថៅកែ​ហាង​កែ​សម្ផស្ស (​ឌែ​ម៉ូ​គ្លីនិក​) និង​អ្នកគ្រូ​ពេទ្យវះកាត់ ត្រូវបាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ សម្រេច​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ជា បណ្តោះអាសន្ន​ហើយ​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅវេលា ម៉ោង​៧ និង ៣៥​នាទី​យប់ ។

​សូម​រំលឹក​ផងដែរ ថៅកែ​ហាង​កែ​សម្ផស្ស (​ឌែ​ម៉ូ​គ្លីនិក​) និង អ្នកគ្រូ​ពេទ្យវះកាត់ ត្រូវ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ​លោក ម៉ុង មុ​នី្ន​សោភា សម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ ពន្ធនាគារ​PJ បណ្តោះអាសន្ន កាលពី រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​។​

​ថៅកែ​ហាង​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក​មានឈ្មោះ​ហូ​វ ដា​ណេ និង គ្រូពេទ្យ​វះកាត់ ឈ្មោះ​ពៅ ស៊ី​ណាត ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​៖
-​ប៉ះពាល់​ដល់​សិទ្ធ​ខាង​រូបភាព​នៃ​បុគ្គល​តាម​មាត្រា ៣០២​នៃ​ក្រមព្រហ្មទណ្ឌ​
-​កំហែង​យកតាម​មាត្រា ៣៦៣​និង​មាត្រា​៣៦៤​នៃ​ក្រមព្រហ្មទណ្ឌ​
-​ការគំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា ២៧២​និង​មាត្រា​២៧៣​នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​. និង​. បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ ការបន្ត​ទៅតាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​០៤ មករា ឆ្នាំ​២០១៩ ៕​

ក្រុមហ៊ុន​មកពី​ឥណ្ឌា នឹង​ចាប់ផ្តើម​ចម្រាញ់​រ៉ែ​មាស នៅ​កម្ពុជា នៅ​ចុង​ឆ្នាំនេះ​

​ភ្នំពេញ ៖ លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស ឥណ្ឌា Mesco Gold ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា គ្រោង ចាប់ផ្តើម​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ ខណៈ​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​គម្រោង​រ៉ែ​មាស ភូមិ​ស៊ី​យ៉ា​រុង ក្នុង​ខេត្តរតនគិរី​។

​លោក យស មុនី​រ៉ាត់ Mesco Gold (Cambodia) បានទទួល​ការអនុញ្ញាត​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម រួមមាន​ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដោយ​ក្រសួងបរិស្ថាន ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ពាណិជ្ជកម្ម និង​ទទួលបាន​ការអនុម័ត​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​លោក​បន្តថា ការវាយតម្លៃ​បរិស្ថាន និង​ផលប៉ះពាល់​សង្គម (ESIA) របស់​ក្រុមហ៊ុន Mesco គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប ១២ គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​គ្របដណ្ដប់​លើ​ការផលិត​លើ​ផ្ទៃដី ១​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា Mesco Gold (Cambodia) បាន​ទិញ​សិទ្ធិ​ដើម្បី​អភិវឌ្ឍ​អណ្ដូងរ៉ែ និង​រុករក​រ៉ែ​នៅ​ភូមិ​ស៊ី​យ៉ា​រុង​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស កាណាដា Angkor Gold Corp កាលពី​ឆ្នាំ ២០១៣ ក្នុង​កិច្ចព្រមព្រៀង​លក់​មានតម្លៃ ១,២ លាន​ដុល្លារ​។ ក្រុមហ៊ុន Angkor Gold Corp ប៉ាន់ប្រមាណ​ថា រ៉ែ​នៅក្រោម​ដី​នៅ​ក្នុងភូមិ​ស៊ី​យ៉ា​រុង ខេត្តរតនគិរី ទាញយក​រ៉ែ​មាស​រហូតដល់ ១០ ឆ្នាំ ដែល​អាច​ផលិត​មាស​បាន ១០ ០០០ អោ​សន៍​ក្នុង​មួយឆ្នាំ​៕
​

ក្រសួង​សេដ្ឋកិច្ច​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ ឲ្យ​គាំទ្រ និង​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​.

លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​បុគ្គលិក​មន្ត្រីរាជការ ឱ្យចូល រួម​គាំទ្រ និង​ប្រើប្រាស់ បណ្ណ​សមាជិក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្ក​ម (​ប​.​ស​.​ស​) រាល់ពេល​ទៅ​ទទួល​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ពី ព្រោះថា នេះ​ជា​អត្ថប្រយោជន៍ ដែល​មន្ត្រី​គ្រប់រូប​ត្រូវ​ទទួលបាន​។ លោក បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ផ្សព្វផ្សាយ គោលនយោបាយ​អនុវត្ត​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កាល ពីថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩​។​

​គួរ​ជម្រាប​ថា ការអនុវត្តន៍​របប​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត យុទ្ធជន ដែល​រដ្ឋាភិបាល ជា​អ្នកទទួលបន្ទុក​បង់​វិភាគទាន​ជំនួស គឺ​ចាប់​ផើម​តាំងពី​ឆ្នាំ​២០១៨ និង បន្ត​រហូតដល់​ឆ្នាំ​២០២០​។​បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ និង​តម្កល់​ឧ​ត្ត​ម ប្រយោជន៍​មន្ត្រី​សាធារណៈ ដោយ​សន្យា​ដាក់ឱ្យ​អនុវត្តន៍​បន្ថែម​មួយទៀត នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ​២០១៩ នេះ​៕

រកឃើញ​ត្រី​បបែល​ក្រៀម និង​បន្លែ​មួយចំនួន​នៅក្នុង​ផ្សារ​ស្នួល មាន​សំណល់​គីមី​

​ខេត្តក្រចេះ ៖ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ និង​មន្ត្រី​មកពី មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​សហ​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​ផ្សារ​ស្នួល ស្រុក ស្នួល ខេត្តក្រចេះ​។​

​មន្ត្រី​ជំនាញ បាន​រកឃើញ​ភាពមិនប្រក្រតី​នៅលើ​ម្ហូបអាហារ មានដូចជា ៖ ត្រី​បបែល​ក្រៀម​ចំនួន ០,៥ គីឡូក្រាម ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់​។ ម្ទេសដៃនាង មើម​ខ្ទឹមស ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម ដែលមាន​ផ្ទុក​សារធាតុ​សំណល់​គីមីកសិកម្ម​។ បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ ហេតុ​ដកហូត និង​យកមក​កម្ទេចចោល​ភ្លាមៗ ផងដែរ​។​

​ក្នុងឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល បានធ្វើ​ការណែនាំ​ដល់​អាជីវករ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕

គ្រូពេទ្យ​កម្ពុជា នឹង​ទទួលបាន​ទីផ្សារការងា​រ​ក្នុង​កម្រិត​អន្តរជាតិ និង​ប្រាក់កម្រៃ​ខ្ពស់​នៅ​ជប៉ុន

​ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានលើកឡើង​ថា និស្សិត ដែល​កំពុង​សិក្សា​ផ្នែក​គិលានុបដ្ឋាក​តាម​គ្រឹះស្ថានសិក្សា​នានា នឹង​ទទួលបាន​ទីផ្សារការងា​រ​ក្នុង កម្រិត​អន្តរជាតិ ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ នាពេលខាងមុខ​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​សហការ ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។ ដោយ​ជប៉ុន បានចាប់ផ្តើម រៀប ចំ​បង្កើតឱ្យមាន​គម្រោង​ថ្មី​សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេងៗ​និង​សម្រាប់​អនុវត្ត នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ជំនាញ​មួយ ចំនូ​ន​នៅ​ប្រទេស​ជប៉ុន​៕
​ ​

អាជ្ញាធរ​ថៃ ចុះ​ចាប់​ទំនិញ​របស់​អាជីវ​ករ​ខ្មែរ​នៅ​ច្រកព្រំដែន​ចាំ​យាម

​កោះកុង ៖ ក្រុម​ក្រសួងពាណិជ្ជកម្ម​ថៃ និង​ទាហានជើងគោក​ថៃ បាននាំគ្នា​ចុះមក​ធ្វើការ​ចាប់​ទំនិញ របស់​ក្រុម​អា​ជីករ​ខ្មែរ ដោយ​អះអាងថា លក់​ទី​និ​ញ​រំលោក​លើ​កម្មសិទ្ធិបញ្ញា ។ ហេតុការណ៍​នេះ​ធ្វើ ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បាន​កើតឡើង​រហូតដល់​មាន​ទាំង​ការបិទ​ច្រកទ្វារព្រំដែន​ហាត​ឡិ​ក​(​ថៃ​) ស្រុក​ខ្លុង​យ៉ៃ ខេត្ត​ត្រាត ជាប់​ខេត្តកោះកុង ផងដែរ​។​

​លោក ង៉ុ​យ ជាង នាយប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ព្រំដែន​ចាំ​យាម ថ្លែង​ឲ្យ​ដឹងថា ពិត​ជាមាន​ករណីនេះ មែន តែ​ត្រូវបាន​លោក​មេឃុំ​ហាត​ឡិ​ក (​ថៃ​) បាន​អន្តរាគមន៍​រារាំង​មិន​ឲ្យ​ចាប់យក​ទំនិញ​ទាំង​នោះទេ និង​បាន​ឲ្យ​អាជីវករ​ខ្មែរ​វិល​ចូលមក​ខេ​ត​កោះកុង​វិញ បន្ទាប់មក ក្រុម​ទាហាន​ថៃ ក៏បាន​ធ្វើការ​បិទទ្វារ​ព្រំដែន​ជា​បណ្តោះអាសន្ន ដើម្បី​កុំអោយ​មានការ​ចលាចល​កើតឡើង ។​

​សូមជម្រាបថា ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង បាន​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ថ្ងៃ​ដដែល បន្ទាប់ពី អាជ្ញាធរ​ព្រំដែន​នៃ​ភាគី​ទាំងពីរ​កម្ពុជា ថៃ បាន​ពិភាក្សាគ្នា​ចប់​រួចរាល់​៕

   

ព្រឹក​ថ្ងៃទី​២៥ នេះ សម្តេច​តេ​ជោ អញ្ជើញ​ជួប​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្តកំពត

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ ទៅកាន់​ខេត្តកំពត ដើ​ម្ប​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជិត​ប្រមាណ ១១.៧៣៨​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ១២​។​

​នេះ គឺជា​ជំនួប​លើក​ទី​២ ហើយ​សម្រាប់​ឆ្នាំ​២០១៩ ដែលជា​ពិធី​ជួប​សំណេះសំណាល រវាង​សម្តេច តេ​ជោ ហ៊ុន សែន និង​កម្មករ និយោជិត និង​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត កំពត​៕

ម៉ូតូ​ដឹក​សាំង​៤​ប៊ីដុង ដួល​ផ្ទុះ​ឆេះ​បុរស​ម្នាក់​ស្លាប់ និង​ឆេះ​រថយន្ត​លុច​ស៊ិ​ស​គ្រឿង​(Video)

​ភ្នំពេញ ៖ នេះ​ជាហេតុ​ការណ៍​មួយ​ដ៏​គួរអោយ​រន្ធត់ ប​ណ្តោ​ល​អោយ​បុរស​ជិះ​ម៉ូតូ​ដឹក​សាំង​ម្នាក់ ត្រូវ​ភ្លើង​ឆាបឆេះ​រហូតដល់​ស្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​សាំង ហើយ​បាន​ដួល​ម៉ូតូ ខ្ទាត​សាំង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំនុច​មុខ​ហាង​កាហ្វេ​អា​មេ​ហ្សូ​ន​ផ្លូវ​លេខ​៣៣៧​កែង​នឹង​ផ្លូវ​លេខ​៥២៨ សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ដឹក​ប្រេងសាំង​ចំនួន​៤​កាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​បានគេច​ពី​រ៉ឺម៉ក​មួយគ្រឿង​ឆ្លងផ្លូវ​នៅខាងមុខ ហើយ​បាន​ដួល​បែក​ប៊ីដុង​សាំង ខ្ទាត​សាំង​ប៉ះ​បង្គោល​ភ្លើង និង​រថយន្ត​លុច​ស៊ិ​ស ដែល​ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​បង្ក​ឱ្យចេញ​ជា​អណ្តាតភ្លើង​យ៉ាង​ខ្មួលខ្មាញ់​ធ្វើឱ្យ​បុរស​ខាងលើ​ឈ្លក់ផ្សែង​ភ្លើង​ដួល​ឆេះ​ខ្លោច​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អធម និង​រាលដាល​ឆេះ​រថយន្ត​លុច​ស៊ិ​ស​មួយគ្រឿង និង​ប្រអប់​បង្គោល​ភ្លើង​របស់ EDC ជាច្រើន​ប្រអប់​។​

​ភ្លាមៗ​នោ​ដែរ​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង ចេញ​អន្តរ​គម​ន៍​បាញ់​ពន្លត់​អស់​មួយគ្រឿង ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជា​រដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ឱ្យ​រលត់ទៅវិញ​ជា​ស្ថាពរ នៅវេលា​ម៉ោង​១០​និង ០០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​ចំណែក​សព​ត្រូវបាន​រថយន្ត​ដឹក​សព​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


​

ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង៥៣គ.ម. នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ក្រោយពេលផ្លូវ ក្រវាត់ក្រុងទី៣សាងសង់រួចរាល់នៅកំលុងឆ្នាំ២០២១ នឹង លែងឱ្យរថយន្តកុងតឺន័រ ឬរថយន្ត ធំៗចូលរាជធានីភ្នំពេញទៀតហើយ។ លោកអភិបាលរាជធានីភ្នំពេញ លើកទឹកចិត្ត ឱ្យថៅកែរោងចក្រ សហ គ្រាសទាំងអស់ ពិចារណាយករោងចក្រ សហគ្រាស ឬឃ្លាំងរបស់ ខ្លួនទៅ ដាក់នៅតាមបណ្តោយក្រវាត់ក្រុងទី៣នេះវិញ ដើម្បីសម្រួលការដឹកជញ្ជូន ទំនិញ។

លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ផ្លូវនេះ បម្រើប្រយោជន៍ធំបំផុត គឺបញ្ចៀសចរាចរណ៍ ក្នុង រាជធានីភ្នំពេញ និងជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដឹកជញ្ជូនតភ្ជាប់ពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ ហើយផ្លូវនេះត្រូវ ជាមួយគ្នានេះ លោកអភិបាលបាន លើក ឡើងថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់នៅអំឡុងឆ្នាំ២០២១ នឹងលែងឱ្យរថយន្តកុងតឺន័រ ឬរថយន្តធំៗ ចូលរាជធានីភ្នំពេញទៀតហើយ។

លោក ឃួង ស្រេង លើកឡើងថា ផ្លូវនេះ មានទំហំទទឹង ២៧ម៉ែត្រ សម្រាប់ ទីប្រជុំជន ហើយសម្រាប់ក្រៅ ទីប្រជុំជន វិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់ កំណាត់ផ្លូវក្នុងក្រុង និងដើម ឈើ លម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងទី៣ នឹងមានសាងសង់ ស្ពានអាកាសឆ្លងកាត់ចំនួន ០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ ២ និងលេខ២១) ប្រវែងសរុប ១០០០ម៉ែត្រ។
គួរជម្រាបថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅ ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមាន ចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុង បញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

ទន្ទឹមនឹងនោះ ក៏មានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់០២កន្លែង នៅ កោះអន្លង់ចិន ដែលមានប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះស្ពានទន្លេ បាសាក់ ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានទន្លេបាសាក់ខាងលិច ប្រវែង៣៦៦ ម៉ែត្រ។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ ការដោះស្រាយ ផល ប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ផ្លូវដែល ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយខ្សែនេះ នឹងប្រើរយៈពេល សាង សង់ចំនួន ៤២ខែ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕ ប្រភព ៖ AKP

ឆ្នាំ​២០១៨ ការទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង ថយចុះ​១៤,៥៥% បើ​ធៀប​ឆ្នាំ​២០១៤

​ភ្នំពេញ ៖ លើកឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លើក​ទិសដៅ​ការងារ​សម្រាប់​អាណត្តិ​ទី​៦ របស់​អាជ្ញាធរ​អគ្គិសនី កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ មករា​នេះ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ បាន​ឲ្យ​ដឹងថា បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម​១៤,៥៥% នៅ​ឆ្នាំ​២០១៨ ហើយ​ថា នៅក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុ​ជា ប​ច្ចុ​ប្បន្ន ប្រភព​អគ្គិសនី​ដែល​យើង​មាន និង​អាច​ប្រើប្រាស់​បាន​មាន​២​ប្រភេទ​គឺ ប្រភព អគ្គិសនី​ដែល​អភិវឌ្ឍ​ក្នុងស្រុក និង​ប្រភព​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេសជិតខាង​។​

​លោក យឹម វិសិដ្ឋ បាន​បន្តថា ចំពោះ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ក្នុងស្រុក សំរាប់​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល​កន្លងមក​យើង​បានដាក់​ឲ្យ​ដំណើរការ​ប្រភព​អគ្គិសនី​ថ្មីៗ បន្ថែម​សរុប​ចំនួន ១០៩៩.២ មេ​ហ្កា​វ៉ា​ត់ ជាមួយនឹង​ការបញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ ប្រេង​ខ្មៅ​ចំនួន ៥២.៧ មេ​ហ្កា​វ៉ា​ត់ និង​លុបចោល​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តូចៗ តាម​តំបន់​នានា​ចំនួន ៣៦.២៣ មេ​ហ្កា​វ៉ា​ត់ ធ្វើ​ឲ្យ​អនុភាព​សរុប​នៃ​ប្រភព​អគ្គិសនី​ក្នុងស្រុក​បាន កើនឡើង​ពី ១០២៥.១៩ មេ​ហ្កា​វ៉ា​ត់ នៅ​ចុងឆ្នាំ​២០១៤ មក ២២០៧.៧៦ មេ​ហ្កា​វ៉ា​ត់ នៅ​ចុង ឆ្នាំ​២០១៨ គឺ​កើនឡើង ២.១៥​ដង​។ ដោយឡែក​បរិមាណ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​បាន ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​ដែលមាន​ខាងលើ​បាន​កើនឡើង​ពី ៤៨៧៣.០៧ លាន​គីឡូ វ៉ា​ត់​ម៉ោង នៅ​ឆ្នាំ​២០១៤ មក ៨៥,៤៥% នៅ​ឆ្នាំ​២០១៨ ធ្វើ​ឲ្យ​បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំ ចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម ១៤,៥៥% នៅ ឆ្នាំ​២០១៨​។​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា គោលដៅ​ទី​១ នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្រាប់​កម្ពុជា គឺ​ការអភិវឌ្ឍ ប្រភព​អគ្គិសនី​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង ណា​ឲ្យ​កម្ពុ​ជាមាន​ខ្សែ​បញ្ជូន​អគ្គិសនី​ធំៗ និង​អនុ​ស្ថានីយ​កាន់តែច្រើន​ត​ភ្ជាប់​ការផ្គត់ផ្គង់​អគ្គិ​ស នី​ទូទាំងប្រទេស និង​អាច​ប្រទាក់​គ្នា​កាន់តែ​រឹងមាំ ពង្រឹង​ស្ថិរភាព​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ខ្ពស់​ក្លាយជា ឆ្អឹងខ្នង​នៃ​ការផ្គត់ផ្គង់​ដែល​ប្រមូលផ្តុំ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ទាំងអស់​បញ្ចូល​គ្នា រួច​ធ្វើ ការបែងចែក និង​បញ្ជូន​ល្បាយ​ប្រភព​អគ្គិ​នី​ទៅ​ឲ្យ​អនុ​ស្ថានីយ​តាម​បណ្តា​រាជធានី​/​ខេត្ត​នីមួយៗ ហើយ​ថា ជាមួយនឹង​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ជាតិ​ខាងលើ យើង​ក៏ត្រូវ ធ្វើការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​រង​ដើម្បី​បញ្ជូន​ប្រភព​អគ្គិសនី​ពី​អនុ​បណ្តាញ​ជាតិ​ទៅ​ឲ្យ​តំបន់ ចែកចាយ​នានា ដែលជា​អ្នក​ចែកចាយ​តាម​តំបន់​ចែកចាយ​នីមួយៗ​ទាំង​រដ្ឋ និង​ទាំង​ឯកជន ត្រូវមាន​កាតព្វកិច្ច​ធ្វើការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​តំបន់​ចែកចាយ របស់ខ្លួន ដើម្បី​អាច​ផ្គត់ផ្គង់​អគ្គិសនី​រាយ​ឲ្យ​គ្រប់​អ្នកប្រើប្រាស់​ក្នុង​តំបន់​របស់ខ្លួន ដើម្បី​ធានាថា គ្រប់​ភូមិ​ទាំងអស់​ក្នុងប្រទេស​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២០៕
​