All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាល បង្កើត​ក្រុង ស្រុក ខណ្ឌចំនួន​៦ថ្មី​ទៀត នៅ​រាជធានី​-​ខេត្ត​ចំនួន​៥

​ភ្នំពេញ ៖ បើតាម​សេចក្ដីសម្រេច​ក្រុង ស្រុក ខណ្ឌ ចំនួន​៦​ថ្មី​នោះ​រួមមាន​៖
*​ទី​១៖ ខណ្ឌ​បឹង​កេងកង (​រាជធានី​ភ្នំពេញ​)
*​ទី​២៖ ខណ្ឌ​កំបូល (​រាជធានី​ភ្នំពេញ​)
*​ទី​៣៖ ក្រុង​កោះរ៉ុង (​ខេត្ត​ព្រះសីហនុ​)
*​ទី​៤៖ ស្រុក​តាំងគោក (​ខេត្តកំពង់ធំ​)
*​ទី​៥៖ ស្រុក​តា​លោ​សែន​ជ័យ (​ខេត្តពោធិ៍សាត់​)
*​ទី​៦៖ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ (​ខេត្តស្ទឹងត្រែង​)​។​
​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​ដាក់សំណើរ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ កំណត់​ចំនួន​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ផងដែរ​។

​ក្រសួងមហាផ្ទៃ ស្នើសុំ​កំណត់ថា ក្នុង​មួយ​ក្រុង ស្រុក ខណ្ឌ​ថ្មី​នេះ មាន​ចំនួន​គណៈ​អភិបាល ៥​នាក់​៕

កម្ពុជា​ទិញ​សិទ្ធិ​សេវាកម្ម​ជួល​ពី​អាមេរិក​ដើម្បី​កាត់បន្ថយ​ដល់​ការចំណាយ​របស់​វិនិយោគិន​ក្នុងស្រុក​

​ភ្នំពេញ ៖ សេវាកម្ម​ជួល​រថយន្ត ជួល​គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់ ត្រូវបាន ក្រុមហ៊ុន​ក្នុងស្រុក​មួយ នាំចូល​ពី​សហរដ្ឋអាមេរិក ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​កំពុងដំណើរការ​ក្នុងប្រទេស​កម្ពុជា​។

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​មួយ នៅ​ពិធី​ប្រកាស​ដំណើរការ​សេវាកម្ម​ជួល​នេះ​នៅ​កម្ពុជា ថា ដោយ​មើលឃើញថា សេវា​កម្មជួល​នៅក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​កម្រិត​ទាប​នៅឡើយ ទើប​ក្រុមហ៊ុន អ អិ​ម អេ​ខេ​ម​បូ​ឌា បាន​នាំ​សិទ្ធិ​សេវាកម្ម​ជួល​របស់ Avis Budget មកកាន់​ប្រទេស​កម្ពុជា ដោយ​បន្ថែម​ការជួល​ទៅលើ​រថយន្ត​សម្រាប់​ធ្វើដំណើរ រថយន្ត​ដឹកទំនិញ​ធំ​ធុន​តូច និង​ធុន​ធំ ដូចជា​រថយន្ត​ដឹក​ប្រេង គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​សម្រាប់​លើកដាក់​ទំនិញ​ក្នុង​ឃ្លាំង ក៏ដូចជា​គ្រឿងចក្រ ក្នុង​វិស័យ​សំណង់ និង​ឧបករណ៍​គ្រឿងចក្រ​ជាច្រើន​ទៀត ។

​លោក​បន្តថា ការបើក​សេវាកម្ម​ទាំងនេះ គឺ​ជួយ​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុងប្រទេស ក្នុងការ​កាត់បន្ថយ​នូវ​ថ្លៃដើម​ផងដែរ ។ ជាក់ស្ដែង​គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់​នីមួយៗ មានតម្លៃ​ខ្ពស់​ណាស់ ហើយ​បើសិនជា​គាត់​ត្រូវ​ការទិញ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន នឹងធ្វើ​អោយ​គាត់​បន្ថែម​ការចំណាយ​ទៅលើ​ការវិនិយោគ​ក្នុង​គម្រោង ក៏ប៉ុន្តែ​បើសិនជា​គាត់​ជួល​គ្រឿងចក្រ​ទាំងនោះ​ទៅប្រើ​ប្រាស់​ពេល​គម្រោង​ចប់ អាច​យក​ត្រលប់​មកវិញ ដោយ​អស់​ថ្លៃដើម​តិចជាង​រប​ស់​ផ្ទាល់ខ្លួន ។
​លោក​បន្ថែមថា នៅក្នុង​ប្រទេស​កម្ពុជា សេវាកម្ម​បែបនេះ គឺ​នៅមានកម្រិត​នៅឡើយ ហើយក៏​កំពុង​ដើរ​ក្រោយ​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ផងដែរ ដូច្នេះ ការនាំ​ចូលមក​នេះ លោក​សង្ឃឹមថា នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ដំណើរ​ការសាងសង់​លើ​វិស័យ​សំណង់ អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជួយ​ដល់​ធុរជន​ដែល​កំពុង​ស្វែងរក​រថយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​ផងដែរ ។

​លោក​បញ្ជាក់ថា តាមពិតទៅ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បង្កើត​សេវា​កម្មជួល​នេះ តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ក៏ប៉ុន្តែ​កាលនោះ គឺមាន​ជួល​តែ​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ប៉ុណ្ណោះ តែដោយសារ​តែ​មើល​ពី​សក្ដានុពល និង​ការរីកចម្រើន​លើ​វិស័យនេះ ទើប អ អិ​ម អេ នាំចូល​នូវ​សេវាកម្ម​ជួល​ថ្មី​នេះ មកកាន់​កម្ពុជា តែម្ដង​៕

SONY DSC

ពលរដ្ឋ​រកស៊ី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង ផ្ទុះ​ការតវ៉ា​បន្ទាប់ពី​អាជ្ញាធរ​ឲ្យ​រើចេញ​

​ភ្នំពេញ ៖ ប្រជាព​រដ្ឋ​ជិត ១០០​គ្រួសារ ក្នុងចំណោម​ជាង​៣០០​គ្រួសារ ដែល​រកស៊ី​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​សំរោង ដែល​ស្ថិតនៅ​ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ផ្ទុះ​ការតវ៉ា​នៅ​ព្រឹក ថ្ងៃទី​២៣ ខែ មករា ឆ្នាំ ២០១៩ នេះ ដើម្បី​ទាមទារ​អោយ​អាជ្ញាធរ ទុកពេល​មួយឆ្នាំ ដើម្បី​ប្រមូល​ត្រី​សិន ទើប​ឯកភាព​រុះរើ​ចេញ បន្ទាប់ពី អាជ្ញាធរ ចេញ​សេចក្តី​ជួន​ដំណឹង​ឲ្យ​រុះរើ ក្រោមរូបភាព​ស្តា​របឹង ដោយ​ទុក​រយះពេល​តែ​១០​ថ្ងៃ​។

ប្រជាពលរដ្ឋ​ថា ពួកគាត់​ព្រមធ្វើ​កិច្ចសន្យា បើសិនជា​ដល់​ថ្ងៃ​កំណត់​មិន​ព្រម​រុះរើ​ទេ ពួកគាត់​សុខចិត្ត​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​បើសិន​គ្មាន​ការដោះស្រាយ​នោះទេ ពួកគាត់​នឹង​លើកគ្នា​ទៅ​សាលា​រាជធានី​ភ្នំពេញ ។

​គួរ​បញ្ជាក់ថា រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ជូនដំណឹង​ដល់ ពលរដ្ឋ​ដែលជា​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី និង​ស្រះ​ចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង និង​ថែ​ក​រក្សា​មុខងារ​បឹង​ជា​អាង​ស្តុ​ប​ទឹក ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគពី​រាជធានី​ភ្នំពេញ និង​ពី​បណ្តា​ខេត្ត​នានា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការស្តា​របឹង​សំរោង​ឡើងវិញ ហើយ​តម្រូវអោយ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ទាំងអស់​រុះរើ​ចេញ​៕

សមត្ថកិច្ច​រកឃើញ​ទីតាំង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​នៅ​ក្រុង​ប៉ោយប៉ែត​

​ប៉ោយប៉ែត ៖ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តបន្ទាយមាន ជ័យ បាន​រកឃើញ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយកន្លែង​កាល ពី​ ព្រឹក​ថ្ងៃទី​២៣ ខែមករា នេះ នៅ​ខាងកើត​ផ្សារ​សមាគម​ន៏​ចំងាយ​ប្រហែល ២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​បេតុង ឋិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ទោ រស់ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់ថា​: ម្ចាស់​ទីតាំង​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សុខ ម៉ី អាយុ​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បញ្ជាក់ថា ស្ក​ត្នោត​ក្លែងក្លាយ​ខាងលើ​ពេល​យើង​យកទៅ​បរិភោគ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដូចជា​ក្អួតចង្អោរ ឈឺ​ក្រះ​ពះ ពោះវៀន​/​ទឹកនោមផ្អែម​/​ឡើ​ជាតិ​អាស៊ីត​/​រលាក​ពោះវៀន​។​ល​។​ជាពិសេស​ក្មេងៗ​។​

​ម្ចាស់ផ្ទះ​ត្រូវ​សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​។ ចំណែក​ផ្ទះ​ដែលជា​ទីតាំង​ផលិត​ស្ក​ត្នោត​ត្រូវបាន​សមត្ថកិច្ច​ចាក់សោ​បិទ​បណ្ដោះអាសន្ន​៕

អាជ្ញាធរខេត្ត​ព្រះវិហារ ចុះ​ពិនិត្យ​ការវាស់វែង​បែង​ចែង​ដីឡូត៍​ជូន​ពលរដ្ឋ​

​ព្រះវិហារ ៖ អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់​ដា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​រៀបចំ​ដី​សម្បទាន​គោលនយោបាយ​សង្គមកិច្ច​លំនៅឋាន និង​ដី​សម្បទាន​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​។​

​ពួកគាត់​នៅក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​មកពី​ចំណុច​ស្វាយជ្រុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដែល​ផ្លាស់​មក​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​ជាក់ស្តែង​នៃ​ក្រុមការងារ​ខេត្ត ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖១.​ក្រុមការងារ​នឹង​ចុះ​កំណត់​ប្លង់ និង​បោះបង្គោល​ការរៀបចំ​បិទ​បញ្ជី​ក្បាល​ដីឡូត៍​លំនៅដ្ឋាន​នាពេល​ឆាប់ៗ​ដល់​ប្រជា ពលរដ្ឋ ដែល​មិនទាន់បាន​ទទួលបាន​ដី​កន្លងមក ស្ថិតនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។​

២.​ដី​សម្បទាន​កសិកម្ម​ដែល​ស្ថិតនៅ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ចំនួន​៥.០០០​ហិកតា​នឹងត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ចំនួន​២​ហិកតា​សម្រាប់​យកទៅ​បង្កបង្កើនផល​។​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើនេះ ក៏មាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​ព្រះវិហារ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ផងដែរ​៕

​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឡប់​មកពី​ប្រទេស​ចិន វិញ នៅ​រសៀល​ថ្ងៃនេះ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចាក​ចេញពី​ប្រទេស​ចិន​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ​ខ្ពស់​នៅលើ​ទឹកដី​មហាមិត្ត​ចិន​រយៈពេល​៣​ថ្ងៃ​កន្លងទៅ​។​

​តាម​ការគ្រោងទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ហោះហើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ចិន​រយៈពេល​៣​ថ្ងៃ​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សារ​ទ្វេភាគី​ជាមួយ​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​, លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​, លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​, លោក លី ចាន់​ស៊ូ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន និង​លោក សុង តាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ចំនួន​៣ រួមមាន​៖ ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​, ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​អនុញ្ញាត​ឲ្យ​ប្រធាន​ធនាគារ​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​វិនិយោគ​មួយចំនួន​ផងដែរ​។​

​លោក​ប្រធានាធិបតី​ចិន ក៏បាន​ប្រកាស​បង្កើន​ការទិញ​ផលិតផល និង​កសិផល​របស់​ក​ម្ពុ​ជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​ផងដែរ​។ ការប្រកាស​ផ្តល់ជំនួយ ក៏ដូចជា​ការទិញ​អង្ករ និង​កសិផល​ផ្សេងៗ​នេះ ត្រូវបាន​គេ​មើលឃើញ​ពី​ការបង្ហាញ​ជំហរ​ដ៏​ម៉ឹងម៉ាត់​របស់​ចិន​ក្នុងការ​លើកកម្ពស់ និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​៕

​តុលា​ការបើក​ជម្រះ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា នេះ តុលាការ​រាជធានី បាន​បើកសវនាការ​លើ​សំណុំរឿង​អតីត អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណ​: ដែល​ជាប់ចោទ​លើ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​កំណាន់ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ។​

​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​ខាងលើនេះ គឺមាន​ជនសង្ស័យ​ចំនួន​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២៖ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត តាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។

​សូម​រំលឹកថា លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​៕

​

អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ម្តងទៀត ចាប់ពី​ថ្ងៃទី​២៤-២៨ ខែមករា

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ជ្រលង​សម្ពាធ​ខ្ពស់ បាន​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា នឹង​បង្ក​ឲ្យ​អាកាសធាតុ​ចុះ​ត្រជាក់ ជាថ្មី​ម្ដងទៀត​ចាប់ពី​ថ្ងៃទី​២៤-២៨ នៅតាម​តំបន់​ជួរ​ភ្នំ​ដងរែក ខេត្តព្រះវិហារ រតនគិរី និង​មណ្ឌលគិរី​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់ ប្រជា​ពល រដ្ឋ​ជាពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​ប្រុងប្រយ័ត្ន ចំពោះ អាកាសធាតុ​ចុះ​ត្រជាក់​នេះ​៕

លោក គង់ គាំ ចូល​បំភ្លឺ​តុលាការ​សំណុំរឿង​លោក កឹម សុខា​ ​ព្រឹក​មិញ​នេះ

​ភ្នំពេញ ៖ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់ គណ បក្ស​សង្គ្រោះ​ជាតិ នៅវេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ នេះ បាន ចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​លោក កឹម សុខា ឃុបឃិត​ជាមួយ​ជន បរទេស​ក្បត់ ជាតិ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក គង់ គាំ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង​ដែលមាន ជន​ត្រូវ ចោទ​ឈ្មោះ កឹម សុខា ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស (​ក្បត់ជាតិ​)​។​

​សូម​រំលឹកថា លោក គង់ គាំ គឺជា​សាក្សី​ទី​១០ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​លោក កឹម សុខា ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​៕

អ្នករកស៊ី​ទិញ លក់ ផ្កាអង្គារសីល​ត្អូញត្អែរ​ដោយសារ​ផ្កា​នេះ ចេះតែ​បាត់បង់​ទៅៗ

​ភ្នំពេញ ៖ ខណៈដែល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នឹង​ចូល​មក ដល់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ខាងមុខនេះ ឃើញថា ដើម​ផ្កា​អង្គា​សីល(អង្គាលឿង) ត្រូវបាន​គេ​ដឹកយក​មកពី​តាម​បណ្តា​ខេត្ត នានា​មក​ដាក់លក់​តាម​ទីប្រជុំជន​ក្នុង​ទីក្រុង​ភ្នំពេញ ជា​បណ្តើរៗ​ហើយ​។​

​អ្នក​ប្រក​បរបរ ទិញ លក់ ដើម​ផ្កា​អង្គា​សីល តាម​រដូវ​កាល​ម្នាក់ បាន​ត្អូញត្អែរថា រាល់​ឆ្នាំ គាត់​តែង​ទៅរក​ទិញ​ពី​តំបន់​ព្រៃភ្នំ យកមក​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ តែ​ឆ្នាំនេះ គាត់ ទៅ​ទិញ​ដល់​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ហើយ​ពិបាក​ណាស់ ព្រោះ​តំបន់​ខ្លះ​ក្លាយ ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន ឬ​គេ​អភិវឌ្ឍន៍​អស់ហើយ គ្មាន​ផ្កាអង្គារសីល ឬផ្កាអង្គាលឿង នោះ​ទៀតទេ​។​

​បុរស​ម្នាក់​ដែល​ឈរ​ទិញ​ផ្កា​អង្គា​សីល បាន​ឲ្យ​ដឹងថា ផ្កា​អង្គា​សីល គឺ​ស្ថិតក្នុង​ជំនឿ អមតៈ របស់​ជនជាតិ​ចិន ដោយ​ពួកគេ​ជឿជាក់ថា ជា​ផ្កា​នាំ​សំណាងដ៏រុងរឿង ប្រសិនបើ​ថ្ងៃ​ចូលឆ្នាំ​ចិន​ផ្កា​អង្គា​សិល្ប៍​រីក​ច្រើន​ល្អ គឺ​បានសេចក្តីថា ឆ្នាំនេះ​ពួកគេ​នឹង​រកស៊ី​មានបាន​ប្រាក់ ហូរហៀរ តែ​ប្រសិនបើ​ផ្កា​នោះ​រីក​មិនសូវ​ល្អ ការរកស៊ី​នៅ​ឆ្នាំនេះ ក៏​ទៅតាម​នោះដែរ៕

​

ស្ករត្នោត​ខ្មែរ កំពុងមាន​ទីផ្សារ នៅ​ប្រទេស​ក្នុង​តំបន់ និង​នៅ​អឺរ៉ុប​

​ភ្នំពេញ ៖ ស្ក​ត្នោត​ខ្មែរ បាន និង​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ នៃ​បណ្តារ​ប្រទេស​ក្នុង​តំបន់ និង នៅ​អឺរ៉ុប ខណៈ​ស្ក​ត្នោត​សរីរាង្គ របស់​សហគមន៍​កសិក​ម្ម​ត្នោត កំពុង​មានការ​ពេញ និយម នៅក្នុង​តំបន់​អាស៊ី កាន់តែ​ច្រើនឡើងៗ ក្នុង​មួយឆ្នាំៗ​។​

​លោក ចាន់ ពេជ្រ នាយក​គ្រប់គ្រង ក្រុមហ៊ុន Signatures of Asia បានអោយដឹង ថា ក្រុមហ៊ុន​ត្រូវការ​ស្ករត្នោត​សរីរាង្គ​ ចំនួន​១៦០​តោន​ បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក និង​ក្រៅប្រទេស ក្នុង​ក្របខ័ណ្ឌ ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា ដែល​នាំ ផល ប្រយោជន៍ ដល់​កសិករ ដែលជា​អ្នក​ផលិត​ស្ករ ត្នោត​លក់ បាន​តម្លៃ​ខ្ពស់​សមរម្យ​។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន Signatures of Asia នៅតែ​បន្ត​ជួយ​ដល់​កសិករ​ក្រីក្រ ក្នុង ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​មាន​នាំចេញ​នូវ អង្ករ​សរីរាង្គ ស្ករ ត្នោត​សរីរាង្គ ដោយមាន​កសិករ​រាប់ម៉ឺន​នាក់ កំពុង​ទទួលផល​ពី​ការលក់​កសិផល ទាំង ក្នុង និង​ក្រៅប្រទេស​៕

ចិន ផ្តល់​ជំនួយឥតសំណង​៦០០​លាន​ដុល្លារ ដល់​កម្ពុជា និង​បង្កើន​ការទិញ​អង្ករ ច្រើនជាង​មុន​

​ភ្នំពេញ ៖ ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​(​ចាប់ពី​ថ្ងៃទី​២០ ដល់​២៣​មករា​) របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន បាន​នាំមក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ដោយ​ប្រទេស​ចិន បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន ៤​ពាន់​លាន​យ័ន ដែល​ប្រហែលជា ៦០០​លាន​ដុល្លារ អាមេរិក​។

​ជាមួយគ្នានេះ លោក ស៊ី ជីន​ពីង ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ​២០១៩ ចិន​នឹង​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​កំរិត ៤០​ម៉ឺន​តោន និង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ចិន កម្ពុជា ឲ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ដោយ​រួមទាំង​ការបន្ត​លើកទឹកចិត្ត​អ្នកវិនិយោគទុន​ចិន ទៅធ្វើ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានចាត់ទុក​ទំនាក់ទំនង​រវាង ចិន និង​កម្ពុជា គឺជា​ទំនាក់ទំនង​ដ៏​ពិសិដ្ឋ និង​សំខាន់បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងទៀត​៕

នៅ​ឆ្នាំ​២០១៩ កម្ពុជា អាច​នាំចេញ​ចេកអំបូង​លឿង​ជាង ១​លាន​តោន​

​ភ្នំពេញ ៖ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានបញ្ជាក់​ក្នុងឱកាស​ចុះ​ពិនិត្យ​ការនាំចេញ​ចេកអំបូង​លឿង​របស់​ក្រុមហ៊ុន​ឡុង ស្រេង បឹងកេត នីហរ័ណ អាហរ័ណ កាលពី​ថ្ងៃទី​២០ ខែមករា នេះ​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​អាច​នាំចេញ​ចេកអំបូង​លឿង ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជាង ១​លាន​តោន ព្រោះ​គ្រាន់តែ​នៅ​ដើមឆ្នាំ​២០១៩ ប៉ុណ្ណោះ ចេកអំបូង​លឿង ត្រូវបាន​នាំចេញ​ជាង ៦​ពាន់​តោន​។

​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត នីហរ័ណ អាហរ័ណ បានដាក់​ទុនវិនិយោគ​ប្រមាណ​ជាង ៨​លាន​ដុល្លារ ដើម្បី​ដាំ​ដុះ​ចេកអំបូង​លឿង លើ​ផ្ទៃដី​សាកល្បង ៥០០​ហិកតា ក្នុងនោះ​ផ្ទៃដី ១០០​ហិកតា កំពុងធ្វើការ​ប្រមូល​ផល​និង​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ហើយ​គ្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់ ១.៥០០​ហិកតា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​៕

រោងចក្រ​វាយ​ន​ភណ្ឌ និង​ឃ្លាំង​ស្តុក​ទំនិញ​ធំៗ គ្រោងរំកិលចេញ​ទៅ​នៅ​ជាយក្រុង​ភ្នំពេញ​វិញ

​ភ្នំពេញ ៖ រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់ និង​ឃ្លាំង​ផ្ទុកទំនិញ​ធំៗ ដែល​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ គ្រោងរៀបចំ​ប្ដូរ​ទីតាំង​ទៅ​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ជាយក្រុង​ភ្នំពេញ​វិញ បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ហើយ​រួចរាល់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​កាសែត​ក្នុងស្រុក កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែមករា ម្សិលមិញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​រថយន្ត​ធំៗ​បើកបរ​ចូលក្នុង​ក្រុង​បង្ក​ការកកស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គម្រោង​ឱ្យ​រថយន្ត​ធុន​ធំ​មួយចំនួន អាច​បើកបរ​ចូលក្នុង​ក្រុង​ស្ថិតក្នុង​ម៉ោង​ហាមឃាត់​ដដែល​ថ្វីបើ​មាន​បម្រាម​ក្ដី ប៉ុន្តែ​លោក​ថា ករណីនេះ​កើតឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ក្នុងនោះ​ក៏មាន​រថយន្ត​ធំ​មួយចំនួន ត្រូវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ផងដែរ​។​

​គួរ​ជម្រាប​ថា ការលើកឡើង​របស់លោក ឃួ​ង ស្រេង ពាក់ព័ន្ធនឹងគម្រោងរំកិលទីតាំងរោងចក្រវាយនភណ្ នេះ គឺ​បាន​ធ្វើឡើង​នៅក្រោយពេល សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ពី​ចក្ខុវិស័យ​នាពេល​អនាគត​របស់​រា​ជ​ធានីភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ខណៈ​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង​ជាង ៥២​គីឡូម៉ែត្រ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់ថា ផ្លូវ​នេះ​គឺជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ​បម្រើ​ដល់​ការដឹកជញ្ជូន​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវ​លេខ​២១ ផ្លូវជាតិ​លេខ​១ និង​តទៅ​ដល់​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ​។ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១៕

​

លោក ឆែ សុធា ៖ ឆ្នាំ​២០១៨ គយ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន​ជិត ១​លាន​ដុល្លា​ក្នុង​១​ថ្ងៃ

​បន្ទាយមានជ័យ ៖ អតីត​ប្រ​ធា​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា បាន​លើកឡើងថា ឆ្នាំ​២០១៨ ចំណូល​ពន្ធគយ​ខេត្តបន្ទាយ មានជ័យ រកបាន​ជិត ១​លាន​ដុល្លា ក្នុង​១​ថ្ងៃ ។​

​ការលើកឡើង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ បានប្រកាស​តែងតាំង​លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ មក​បំពេញភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​ប្រធាន​ចាស់​លោក ឆែ សុធា ដែល​ត្រូវបាន​ចូលនិវត្តន៍ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក ងួន កុសល ពី​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង​ភ្នំពេញ មក​បំពេញភារកិច្ច ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ហ៊ុយ សុជាតិ ដែល​ត្រូវ​ទៅ​បំពេញភារកិច្ច ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី ។​

​លោក ឆែ សុធា បញ្ជាក់ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ ដែល​លោក​បម្រើ​ការងារ​ជា​មន្ត្រី​គយ ជាពិសេស​រយៈពេល​ចុងក្រោយ​ដែល​លោក ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ នេះ លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង ដែល​លោក​បាន​បំពេញការងារ​ប្រកបដោយ​លទ្ធផល​ល្អ ពោលគឺ ការរកចំណូល​ពន្ធគយ​មានការ​កើនឡើង ជាកស្តែង​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន ៣៣១​លាន​ដុល្លា គិត​ទៅក្នុង​មួយថ្ងៃ​រកបាន ជិត​១​លាន​ដុល្លា ។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​ឲ្យ​បានល្អ និង​ពង្រឹង​កិច្ចសហការ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ។​

​ជាមួយគ្នានេះ លោក ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី​គយ និង​រដ្ឋាករ ក្រោយពេល​ប្រកាស​ទទួល​ភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ធ្វើយ៉ាងណា​ត្រូវខិតខំ​បំពេញភារៈកិច្ច​ការងារ ឲ្យ​បានល្អ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ត្រូវ​បង្កើន​ការទប់ស្កាត់ កាត់បន្ថយ​អំពើ​រត់ពន្ធ​៕
​