All posts by មេគង្គ ប៉ុស្តិ៍

លោក ឆែ សុធា ៖ ឆ្នាំ​២០១៨ គយ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន​ជិត ១​លាន​ដុល្លា​ក្នុង​១​ថ្ងៃ

​បន្ទាយមានជ័យ ៖ អតីត​ប្រ​ធា​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា បាន​លើកឡើងថា ឆ្នាំ​២០១៨ ចំណូល​ពន្ធគយ​ខេត្តបន្ទាយ មានជ័យ រកបាន​ជិត ១​លាន​ដុល្លា ក្នុង​១​ថ្ងៃ ។​

​ការលើកឡើង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ បានប្រកាស​តែងតាំង​លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ មក​បំពេញភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​ប្រធាន​ចាស់​លោក ឆែ សុធា ដែល​ត្រូវបាន​ចូលនិវត្តន៍ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក ងួន កុសល ពី​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង​ភ្នំពេញ មក​បំពេញភារកិច្ច ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ហ៊ុយ សុជាតិ ដែល​ត្រូវ​ទៅ​បំពេញភារកិច្ច ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី ។​

​លោក ឆែ សុធា បញ្ជាក់ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ ដែល​លោក​បម្រើ​ការងារ​ជា​មន្ត្រី​គយ ជាពិសេស​រយៈពេល​ចុងក្រោយ​ដែល​លោក ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ នេះ លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង ដែល​លោក​បាន​បំពេញការងារ​ប្រកបដោយ​លទ្ធផល​ល្អ ពោលគឺ ការរកចំណូល​ពន្ធគយ​មានការ​កើនឡើង ជាកស្តែង​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន ៣៣១​លាន​ដុល្លា គិត​ទៅក្នុង​មួយថ្ងៃ​រកបាន ជិត​១​លាន​ដុល្លា ។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​ឲ្យ​បានល្អ និង​ពង្រឹង​កិច្ចសហការ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ។​

​ជាមួយគ្នានេះ លោក ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី​គយ និង​រដ្ឋាករ ក្រោយពេល​ប្រកាស​ទទួល​ភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ធ្វើយ៉ាងណា​ត្រូវខិតខំ​បំពេញភារៈកិច្ច​ការងារ ឲ្យ​បានល្អ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ត្រូវ​បង្កើន​ការទប់ស្កាត់ កាត់បន្ថយ​អំពើ​រត់ពន្ធ​៕
​

ខេត្តកំពង់ធំ បង្កើត​ស្រុក​មួយ​ថ្មី​ឈ្មោះ «​ស្រុក​តាំងគោក​»

​ខេត្តកំពង់ធំ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​ថ្មី​មួយទៀត​នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការ គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​។ ស្រុក​បង្កើត​ថ្មី​នេះ មាន​ឈ្មោះថា «​ស្រុក​តាំងគោក​» ដោយ​កាត់​យក​ឃុំ ចំនួន​៨ ចេញពី​ស្រុក​បារាយណ៍ រួមមាន​៖ ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូ​យោង ឃុំ​ស្រឡៅ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោធិ៍ ដោយបាន​កំណត់​យក​ទីតាំង​រដ្ឋបាល​សាលាស្រុក ស្ថិតនៅក្នុង​ឃុំ​សូ​យោង​។​

​សូមបញ្ជាក់ថា ខេត្តកំពង់ធំ គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​សរុប ១៣.៨១៤​គីឡូម៉ែត្រ​ការ៉េ ដោយ​បែង​ចែកជា ៨​ស្រុក​-​ក្រុង​, ៨១​ឃុំ​-​សង្កាត់ និង ៧៣៤​ភូមិ បូក បន្ថែម​ជាមួយ​ស្រុក​ទើប​បង្កើត​ថ្មី​មួយ​ថែមទៀត ដូច្នេះ​ស្រុក​-​ក្រុង​ក្នុង​ខេត្តកំពង់ធំ ឡើងដល់​៩​ហើយ ។ ស្រុក​-​ក្រុង​ទាំង​៩ នោះ​រួមមាន​៖ ក្រុង​ស្ទឹងសែន​, ស្រុក​បារាយណ៍​, ស្រុក​កំពង់ស្វាយ​, ស្រុក ប្រាសាទ​បល្ល័ង្ក​, ស្រុក​ប្រាសាទ​សំបូរ​, ស្រុក​សណ្ដាន់​, ស្រុក​សន្ទុក​, ស្រុក​ស្ទោង និង ស្រុក តាំងគោក​៕

​

មន្ត្រី​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា

​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook ) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​នៃ​ក្រសួងមហាផ្ទៃ ។

​ភាគី​ទាំង​ង​ពីរបាន​ពិភាក្សា​ផ្ដោតលើ​ចំណុច​សំខាន់ៗ​ចំនួន ៣ គឺ​ទី​១ ការស្វែងយល់​អំពី​ស្ថានភាព​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ប្រទេស​កម្ពុជា ទី​២ កិច្ចសហការ​រវាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​ការប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ​។

និង​ទី​៣ ពង្រឹង​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ រវាង​ក្រុមហ៊ុន​ហ្វេ​ស​និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នា​នា​កើត​ឡើងលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

លោក សុខ ឥសាន ៖ ករណី​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក មិនបាច់​ត្រៀមកម្លាំង​ទទួល​ទេ គុក​ចាំ​ទទួល​រួចហើយ

​ភ្នំពេញ ៖ សមាសភាព​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១៥​នាក់ រួមទាំង​លោក អេង ឆៃអ៊ាង ផងដែរ បានធ្វើ​សន្និសីទកាសែត​នៅក្រៅ​ប្រទេស បន្ទាប់​ធ្វើ​កិច្ចប្រជុំ​ជាមួយ​លោក សម រង្ស៊ី​ដោយ​ប្រយោល ដោយ​លើកឡើងថា នឹង​ត្រៀមកម្លាំង​មនុស្ស​ទៅ​ទទួល​លោក សម រង្ស៊ី ពេល​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

​ទាក់ទង​នឹង​ការប្រកាស​វិលត្រឡប់​របស់ លោក សម រង្ស៊ី មកកាន់​កម្ពុជា​នាពេល​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ថា គឺជា​សង្គ្រាមចិត្តសាស្ត្រ ព្រោះ ប្រឆាំងនឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល ដែល​ត្រូវ​មានទោស​។

លោក បន្តថា «​មិនបាច់​ត្រៀម​ស្អី​ទេ ទ្វារ​បាន​បើកចំហ​រួចហើយ មាន​ខ្នោះដៃ និង​គុក​រង់ចាំ​ទទួល​រួចជាស្រេច មិន​ពិបាក​ទេ បើ​ពិបាក ពិបាក​រក សម រង្សី ដាក់​ខ្នោះ​មិនបាន ដោយសារ​ទណ្ឌិត សម រង្ស៊ី ជា​មនុស្ស​កំសាក​មិន​ហ៊ាន​មក​កម្ពុជា​ឡើយ​»៕

ស្ពាន​ឫស្សី កោះ​ប៉ែន កំពុងរង​ការ​គំរាមកំហែង​ពី​ទឹកទន្លេ​មេគង្គ​

​កំពង់ចាម ៖ ​នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ទៅ ពិនិត្យមើល​ស្ពាន​ឫស្សី ​កោះប៉ែន ដែល​កំពុង​រង​ការគំរាមកំហែង ដោយសារ​ការកើនឡើង​ទឹកទន្លេ​មេគង្គ ដែល​បណ្ដាលមកពី នៅ​ភាគ​ខាងលិច​ប្រទេស​ចិន ទទួលរង​គ្រោះ​ដោយ​ទឹកភ្លៀង ទើប​បណ្ដាល​ឲ្យ​ចរន្តទឹក​ទន្លេមេគង្គ មានការ​កើនឡើង គួរអោយកត់សម្គាល់​។

ការកើនឡើង​នេះ បើតាម​របាយការណ៍ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បានអោយ ដឹងថា មាន​រយៈពេល​ប្រមាណ​ជាមួយ​សប្តាហ៍ នឹង​អាច​ស្រក​ទៅវិញ​។​

​ឯកឧត្តម គួច ចំរើន ក៏បាន​បញ្ជាក់​ផងដែរ​ថា​ថ្វីដ្បិតតែ ទឹកទន្លេ មេគង្គ កើនឡើង​ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ស្ពាន​ឫស្សី​នេះ ក៏ពិតមែន តែ​ឯកឧត្តម ក៏បាន​បញ្ជា​ឲ្យ​អ្នកជំនាញ​ការជួសជុល ស្ពាន​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ទាន់​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នាពេល​ខាងមុខនេះ ដែល​អាចអោយ​បងប្អូន​ប្រជាពលរដ្ឋ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បានមក​មើល​ឆ្លងកាត់ និង​ធ្វើដំណើរ​កំសាន្ត​ទៅលេង​ឆ្នេរ​កោះ​ប៉ែន​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​។​

​គួរ​បញ្ជាក់ថា ទោះជា​ទឹកទន្លេរ​មេគង្គ​បាន​ហក់​ឡើង​ខ្ពស់​បន្តិច​ក្តី តែ​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការប្រកប​របប​ចិញ្ចឹមជីវិត របស់​បងប្អូន​នៅតាម​ដង​ទន្លេ​នោះទេ​៕ ដោយ ៖ សុផល​
​

ក្រុមហ៊ុន​វិនិយោគ​ស្ពាន ថ្នល់ ចិន គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​​បាវិត​

 

​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន ថ្នល់ ចិន​នឹងដាក់​ទុនវិនិយោគ​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​​បាវិត ខេត្តស្វាយរៀង ព្រំដែន​កម្ពុជា​-​វៀតណាម​។ ម​ន្ត្រៅ​ក្រុមហ៊ុន​ចិ​ប បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​។​

​ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ត្រូវតែ​សិក្សា​និង​ជជែក​គ្នា​បន្ថែម​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួចមកហើយ​។​

​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា គម្រោង​នេះ​បាន​សិក្សា​ចប់សព្វគ្រប់​អស់ហើយ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣.៨០០​លាន​ដុល្លារ​។

សូមជម្រាបថា កន្លងមក រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្ដរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង​១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​នេះ​៕

 

កម្ពុជា នឹងរង​ឥទ្ធិពល El Nino ដែល​ក្តៅ​ខ្លាំង​នា​ខែមេសា និង​ខែឧសភា

​ភ្នំពេញ ៖ ឥទ្ធិពល​នៃ​បាតុភូត El Nino នេះ នឹង​បង្ក​ឱ្យ​ធាតុអាកាស​នា​រដូវប្រាំង​ក្នុងឆ្នាំនេះ (​ពិសេស​ក្នុង​ខែមេសា និង​ឧសភា​) មាន​សភាព​ក្តៅ​ហួតហែង ដោយ​សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០ ទៅ ៤២​អង្សារ​សេ​។

ស្ថានភាព​នេះ នឹង​ធ្វើឱ្យ​ព្រៃឈើ​នៅ​កម្ពុជា​ងាយ​ទទួលរង​នូវ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយសារ​កត្តា​ធម្មជាតិ និង​សកម្មភាព​មនុស្ស​។​

​ក្រសួងបរិស្ថាន បានកត់សម្គាល់​ឃើញថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ តែងតែ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នានា​របស់​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ក្នុង​រដូវប្រាំង​។ ដូច្នេះ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន បាន​សេចក្តីណែនាំ ៦​ចំណុច​ដើម្បី​បង្ការ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ឱ្យ​អ្នកពាក់ព័ន្ធ​អនុវត្ត​៕

ខេត្តពោធិសាត់ នឹង​បង្កើត​ស្រុក​មួយ​ថ្មី​ឈ្មោះ​ស្រុក តា​លោ​សែន​ជ័យ

​ពោធិសាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា នាពេល​ឆាប់ៗ​ខាងមុខនេះ ខេត្តពោធិសាត់ នឹង​បង្កើត​ស្រុក​ថ្មី​មួយទៀត គឺ​ស្រុក​តា​លោ​សែន​ជ័យ ដើម្បី​រំកិល​សេវា​រដ្ឋបាល ឲ្យ​កៀក​នឹង​ខ្នង​ផ្ទះ​របស់​ប្រជាពល រដ្ឋ​។

ដូច្នេះ​ស្រុក​ថ្មី​នេះ ក៏ដូចជា​បណ្តា​ស្រុក​ក្រុង​ដទៃទៀត​ដែរ ដែ ត្រូវការ​ខ្លាំងណាស់ ​នូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព មានការ​បណ្តុះ​គំនិត​,​បណ្តុះ​នូវ​វប្បធម៌​កតញ្ញូ និង​ច​រឹក​ជាតិនិយម ស័ក្តិ​សមជា​អ្នក​បន្តវេន​ដ៏​ល្អ​។​

​លោក ម៉ៅ ធនិន បាន​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ឲ្យ​ចូលកាន់​មុខតំណែង មន្ត្រីរាជការ​រដ្ឋបាល ស្រុក និង​ប្រធាន​អនុប្រធាន​កា​រិ​យា ល័យ​ជំនាញ ចំណុះ​រដ្ឋបាល​ស្រុក​ក្រគរ ដោយមាន​ការចូល រួម​ពី​ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្រុម ប្រឹក្សា​ស្រុក ឃុំ មេ​ប៉ុស្តិ៍​គ្រប់​ប៉ុស្តិ៍ និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក ប្រមាណ​ជាង ៣០០​នាក់ ៕

 

សម្តេច​តេ​ជោ ស្វាគមន៍ចំពោះគម្រោង​ក្រុមហ៊ុន​ចិន វិនិយោគវិស័យ​ថាមពលព្រះអាទិត្យ​

​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សាងសង់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​ខណៈ​សម្តេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។

ក្រុមហ៊ុន​ចិន​នេះ នឹង​ធ្វើការ​ការសិក្សា គម្រោង​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​កម្ពុជា ។

តាមរយៈ​កិច្ចសន្ទនា​គ្នា​នោះដែ​ឬ សម្តេច​តេ ជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដើម្បី​បណ្តាក់​ទុនវិនិយោគ ពិសេស​ការផលិត​ថាមពល​ស្អាត​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន​ពី​ខេត្ត​ព្រះសីហនុ មកកាន់​រាជធានី​ភ្នំពេញ ជាមួយ និង​គម្រោង​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​។

​គួរបញ្ជាក់​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​កៀរគរ​ថវិកា​មួយចំនួន​ពី​ប្រទេស​ចិន ដើម្បី​យកមក ធ្វើការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​បណ្តាញ​អគ្គិសនី​ឲ្យ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​កម្ពុជា​៕

 

ក្រុមហ៊ុន​ចិន គ្រោង​វិនិយោគ​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ ទៅ​ហុងកុង​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្វា​គម​ន៏​ចំពោះ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន ចំពោះ​បំណង​ក្នុងការ​វិនិយោគ​លើ​គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ ពី​ភ្នំពេញ​ទៅ​ហុងកុង ដើម្បី​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត របស់​កម្ពុជា កាន់​តែមាន​ល្បឿន​លឿន​។

​សម្តេច​តេ​ជោ បាន​ឯកភាព​ទៅនឹង​ការស្នើសុំ​នោះ ដោយសារតែ​កម្ពុជា ទើប​តែមាន​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​តែមួយ​ខ្សែ​តែប៉ុណ្ណោះ​។

​លោក ស៊ូ ស៊ី​វេ បាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក កំពុង​អនុវត្ត​ក្នុងប្រទេស​កម្ពុជា ពិសេស​ទាក់ទិន​ទៅនឹង​ការផលិត​វា​រី​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រួមទាំង​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​លោក ពាក់ព័ន្ធ​ទៅនឹង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា ដោយ​ឈរលើ​នយោបាយ បើកចំហរ​របស់​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្វាគមន៍​អ្នកវិនិយោគ​បរទេស​ទាំង អស់ ក្នុងការ​មក​បណ្តាក់ទុន​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕

កម្ពុជា ស្នើ​ឲ្យ​ក្រុម​ផ្លូវ​ស្ពាន​ចិន សិក្សា និង​ជជែក​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Coorporation CRBC) បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់ គ្រា​ដែល​រាជរដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​រួចរាល់​មកហើយ​នោះ​។​

គួរ​កត់សំគាល់ថា ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Coorpo ration CRBC) កន្លងមក​បានរួម​ចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុងប្រទេស​កម្ពុជា សម្រាប់​ពេលខាងមុខ ក្រុមហ៊ុន នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

ជាមួយគ្នានេះ​ក្រុមហ៊ុន ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម បាវិត ការស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង​។ ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយនឹង​ផ្លូវ​ល្បឿន​លឿន គឺ​ត្រូវ​សិក្សា​ជាបន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់​។

​ដោយឡែក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត សម្តេច​តេ​ជោ បន្តថា ក្រុមហ៊ុន​ត្រូវតែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយនិង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន សិក្សា​រួចមកហើយ​នោះ​៕

ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ពេល​រំលង​អា​ធ្រា​ត្រ​

​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​ចំនួន ២​ឃ្លាំង ដែលមាន​ម្ចាស់ ឈ្មោះ ហេង ឆាយ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ក្រុមទី​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​កាលពី​ម៉ោង​១ និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​។​

​បើតាម​ម្ចាស់​ឃ្លាំង​បាន​ឲ្យ​ដឹងថា មូលហេតុ​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ មកពី​ឆ្លង​ចរន្តអគ្គិសនី និង​ខាតបង់​ទ្រព្យសម្បត្តិ​គិត​ជា​សាច់ប្រាក់​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ តែ​ទោះជា​យ៉ាងណា​ក៏​ក្រុមការងារ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​គ្រប់គ្រង​ស្ថានការណ៍ និង​ទប់ស្កាត់ ការពារ មិន​ឲ្យ​ឆ្លង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​រួមទាំង មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ​។​

​បើតាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ ក្រុមការងារ​បង្ការ​ព​ន្ល​ត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រើ​ឡានទឹក​ក្នុង​ការបាញ់​ពន្លត់ ដោយ​ប្រើ​ឡាន​អគ្គស្នងការ​រាជធានី​ភ្នំពេញ​អស់​៨​គ្រឿង ប្រើ​ទឹក​អស់​២០​ជើង រួមទាំង​ឡាន របស់​បញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង ស្មើនឹង​៣​ជើង​ឡានទឹក សរុប​ទាំងអស់​ចំនួន​១១​គ្រឿង ប្រើប្រាស់​អស់​ទឹក ២៣​ជើង​ឡានទឹក ទើប​រលត់ទៅវិញ​នៅវេលា​ម៉ោង ៣ ទៀបភ្លឺ​៕

​

ប៉ា​គី​អៅ បបួល ផ្ល​យ ឡើង​សង្វៀន​ម្ដងទៀត

​កីឡា ៖ កីឡាករ​ប្រដាល់សកល​ដ៏​ល្បីល្បាញ​របស់​ហ្វីលីពីន Manny Pacquiao បាន​បបួល​ម្ចាស់​ជើងឯក​ពិភពលោក​៥​សម័យកាល Floyd Mayweather ឡើង​សង្វៀន​ម្ដងទៀត​។ នេះ​បើ​យោងតាម​ប្រភពពី BBC ។​

Pacquiao អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ ៤០​ឆ្នាំ​រូបនេះ បានលើកឡើង​ដូច្នេះ ក្រោយពី​បាន​ប្រកួត​យកឈ្នះ​គូប្រជែង​ជនជាតិ​អាមេរិក Adrienne Broner ដោយ​ពិន្ទុ​ក្នុងចំណោម​១២​ទឹក កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ និង​បន្ត​គ្រប់គ្រង​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ដដែល និង​ទទួលបាន​ទឹកប្រាក់ ២០​លាន​ដុល្លារ​ផងដែរ នៅលើ​សង្វៀន MGM Grand Garden លើក​ទឹកដី​អាមេរិក​។​

Pacquiao បាន​និយាយថា ការវិលត្រឡប់​ទៅកាន់​សង្វៀន​វិញ ហើយ​យើង​នឹង​ប្រកួត​ម្តងទៀត ប្រសិនបើ​គេ​ចង់បាន ។ ប្រសិនបើ​គាត់​ចង់​ចាក​ចេញពី​ការចូលនិវត្តន៍ គួរតែ​ប្រកា​សវា​ទៅហើយ​បបួល​ខ្ញុំ​។ ខ្ញុំ​ជា​ជើងឯក​ម្នាក់ ហើយ​ខ្ញុំ​មិន​រើស​គូប្រកួត​ណា​ទេ​” ។ “​សារ​របស់ខ្ញុំ គឺ​ខ្ញុំ​នៅតែ​ប្រកួត ហើយ​ប្រសិន បើ​គាត់​វិល​ត្រលប់​មកកាន់​សង្វៀន ហើយ​ចង់​ប្រកួត​ជាមួយ​ខ្ញុំ ។ ខ្ញុំ​គឺជា​ជើងឯក​ម្នាក់​។ ខ្ញុំ​គ្រាន់តែ​រង់ចាំ​មើលថា តើន​រណា​នឹង​បបួល​ខ្ញុំ នរណា​នឹង​ដណ្ដើម​ខ្សែក្រវាត់​របស់ខ្ញុំ​។​

​គួរ​បញ្ជាក់ថា Pacquiao វ័យ ៤០​ឆ្នាំ បាន​ប្រកួត​ចាញ់​កីឡាករ Mayweather កាលពី ឆ្នាំ​២០១៥ ដោយ​ឯកច្ឆ័ន្ទ ហើយ​បាន​បាត់បង់​ខ្សែក្រវាត់ WBO welteight៕

និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន​ជិត​៥​រយ​នាក់ បាន​ជួបជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម្សិល​ម៉ិ​ញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន​ជិត​៥​រយ​នាក់ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន និង​បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​ដើម្បី​កៀងគរ​រក​កម្ចី​ឥណទាន ក្នុងការ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​កម្ពុជា​។​

​សម្តេច​តេ​ជោ ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ទៅកាន់​ប្រទេស​ចិន​នាពេលនេះ សម្តេច​នឹង​ជួបចរចា​ជាមួយ​ភាគី​ចិន ក្នុងការ​កៀងគរ​រក​កម្ចី​ឥណទាន ក្នុងការ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្របដណ្តប់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក នៅ​បណ្តា​ឆ្នាំ​ខាងមុខៗ ធានា​នូវ​ការបែងចែក​ផ្លែផ្កា នៃ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចក្ខុវិស័យ​នៃ​ការបន្ត​បញ្ចុះតម្លៃ​អគ្គិសនី នឹង​បន្តធ្វើ​រហូត​ឆ្នាំ​២០២១ ដើម្បី​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​ថែមទៀត និង​ធានាថា​ប្រជាពលរដ្ឋ​នៅ​ភូមិឋាន​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​។

​គួរ​បញ្ជាក់ថា នាឱកាស​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​និស្សិត​ផ្ទាល់ និង​បាន​ជួយ​ដល់​សមាគមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ចំនួន​៣​ម៉ឺន​ដុល្លារ បូក​រួមទាំង​ប្រាក់ឧបត្ថម្ភ​តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា ចំនួន ៥​ម៉ឺន​ដុល្លារ និង​ថវិកា​របស់​ថ្នាក់ដឹកនាំ​ចំនួន ១​ម៉ឺន​ដុល្លារ​ផ្សេងទៀត ដើម្បី​ទំនុកបម្រុង​សមាគមនិស្សិត​នៅ​ប្រទេស​ចិន អោយមាន​ល​ទ្ឋ​ភាព​បន្ត​កិច្ចការ​របស់ខ្លួន​៕

ប៉ូលិស​ស្រុក​ជើងព្រៃ បង្ក្រាប​សង្វៀន​ជល់​មាន់​ដកហូត​ម៉ូតូ​៨​គ្រឿង​

​ខេត្តកំពង់ចាម ៖​សង្វៀន​ជល់​មាន់​ភ្នាល់់​ដាក់​លុយ​មួយកន្លែង ត្រូវបាន​កំលាំង​នគរបាល​ស្រុក​ជើងព្រៃ ចុះបង្ក្រាប​ដោយបាន​ដកហូត​វត្ថុតាង​មួយចំនួន​នៅ​កន្លែងកើតហេតុ ដែល​អ្នកលេង​បន្សល់ទុក មុនពេល​ពួកគេ​រត់​យករួចខ្លួន បន្ទាប់ពី​ដឹងថា សមត្ថកិច្ច​នឹង​ចុះ​ទៅដល់​។

​លោក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ បានអោយដឹងថា ជនខិលខូច​មួយចំនួន​នៅតែ​លួចលាក់​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ដោយ​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។​តែ​ទោះបី​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅតែ​តាម​ប្រ​ម៉ាញ់ និង​ដុត​កំទេច​សង្វៀន​ចោល​ជារឿយៗ​ជាក់ស្តែង នៅ​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០១៩​ម៉ោង​១១:០០​នាទី កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពង​ជ័យ ចំនួន ០៣ នាក់​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ​ព្រីង​ជ្រុំ ២​នាក់ បានធ្វើការ​ល្បាត​ចល័ត​ដល់​ចំណុច​ភូមិ សណ្ដែក បាន​ប្រទះឃើញ​ក្រុមអ្នកលេង​ជល់​មាន់​មួយក្រុម ពេលដែល​សមត្ថកិច្ច​ចូលទៅ​បង្ក្រាប​ត្រូវបាន​អ្នកលេង​ល្បែង​រត់​អស់​។

​លោក​អធិការ​បាន​បន្តថា​ដោយ​ភូមិសាស្ត្រ​ស្នុ​គ​ស្មាញ និង​មានព្រៃ​ក្រាស​ខ្លាំងពេក សមត្ថ​មិនអាច​ដេញទាន់​ក៏បាន​ដកហូត វត្ថុតាង​បាន​បន្សល់ទុក គឺ ម៉ូតូ​ចំនួន ៨ គ្រឿង កន្ត្រក​ដាក់​មាន់​ចំនួន​០៣ ស្បែកជើង​ចំនួន ០១ គូរ​។​លោក​អធិការ​បន្តថា សមត្ថកិច្ច​បាន​យក​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ នាំមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ ៖ សុផល​