ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈតាមស្ថានីយ ចាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដោយតម្លៃសាំងធម្មតា និងម៉ាស៊ូត ធ្លាក់ចុះបន្ថែមទៀត គឺមកនៅត្រឹម ៣.២០០រៀលក្នុងមួយលីត្រ ដូចគ្នា។
សេចក្តីជូនដំណឹង ក៏បានលើកឡើងផងដែរថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និង ដោយមានការចូលរួមពីក្រុមហ៊ុនចែកចាយប្រេងឥន្ថនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ថនៈចំនួន ៤សេន ក្នុងមួយលីត្រ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃ ទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕

ភ្នំពេញ ៖ ព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានវិលត្រឡប់មករកភាពល្អប្រសើរវិញហើយ បន្ទាប់ពីព្រះអង្គបានទទួលការព្យាបាលរបួសនៅក្រៅប្រទេសអស់រយៈពេលជាច្រើនខែ ដោយសារព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីខែ មិថុនា ឆ្នាំ២០១៨កន្លងទៅ។
លោក ណុប សុធារិទ្ធិ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បាន អះអាងថា ស្ថានភាពព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះ មានភាពល្អប្រសើរឡើងវិញហើយ ដោយព្រះអង្គអាចសោយ និងយាងបានធម្មតាឡើងវិញ។
នៅសប្តាហ៍ក្រោយព្រះអង្គ នឹងចូលទៅពិនិត្យសុខភាពចុងក្រោយ ហើយអាចយាងមកប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។
លោកថា នៅសប្តាហ៍ក្រោយក្រុមគ្រូពេទ្យ នឹងពិនិត្យព្រះរាជសុខភាពព្រះអង្គលើកចុងក្រោយ ហើយបើមានការអនុញ្ញាត ព្រះអង្គនឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ៕

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកជួយថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន Russia Today (RT) និងសកម្មជនដីធ្លី សកម្មជន និងបរិស្ថាន ប្រមាណជាង១០នាក់ បាននាំ គ្នាធ្វើការតវ៉ានៅមុខស្ថានទូតរុស្ស៊ី នារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ី ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យមានការដោះលែងប្តី របស់អ្នកស្រី លោក រ៉ាត់ រ័ត្នមុនី ចេញពីពន្ធនាគារ។
សូមបញ្ជាក់ថា ក្រុមគ្រួសារលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកជួយថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ បានដាក់ញ្ញត្តិនៅស្ថានទូតរុស្ស៊ី ដើម្បីជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ាត់ រ័ត្នមុនី ចេញពីពន្ធនាគារ។
អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោកលោក រ៉ាត់ រ័ត្នមុនី បានថ្លែងប្រាប់អ្នកកាសែតនៅមុខស្ថានទូតរុស្ស៊ីថា វិដេអូនេះ វាគ្រាន់តែបង្ហាញពីក្មេងស្រីទុក្ខវេទនារបស់ក្មេងស្រីជួបរឿងទុក្ខសោក ដើម្បីបានរស់ត្រូវបានម្តាយយកទៅលក់ឲ្យបម្រើសេវាផ្លូវភេទ។ ជាមួយគ្នានេះ អ្នកស្រី ឡុង គឹមហ៊ាង បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ីបង្ហាញជាសាធារណៈពីភាពត្រឹមត្រូវរបស់សារព័ត៌មាន Russia Today (RT)។
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនសកម្មជនសិទ្ធិការងារលោក លោក រ៉ាត់ រត្នមុនី បណ្ដោះអាសន្ន ពីបទញុះញង់ឲ្យមានការរើសអើង ក្រោយបញ្ចប់ការសាកសួរកាលពីល្ងាចថ្ងៃទី ១៣ ធ្នូ ឆ្នាំ២០១៨ ៕







ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ ៤ ខែមករា ឆ្នាំ២០១៩ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តបែកខាងក្រោម និងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ ៣មករា ធាតុអាកាសត្រជាក់បន្តកើតមាននៅ តែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឱ្យប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឱ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
គួរជម្រាបថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ ហើយនៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩) ហើយព្យុះនេះ នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ៕
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើត ឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសធ្ងន់ស្រាល ចំនួន ស្រាល ២៨នាក់។
តាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន បញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន ២៥គ្រឿង, រថយន្តតូច ២គ្រឿង និងរថយន្ដធុនធំ ១គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង,កត្តាយានយន្ត, មិនប្រកាន់ស្តាំ និងស្រវឹង៕

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានជូនដំណឹងដល់ផលិតករ និងអ្នកនាំចេញទាំងអស់ដែលមានបំណងនាំចេញ ទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុបស្ថិតក្រោមគម្រោងការអនុគ្រោះ ពន្ធលើមុខទំនិញគ្រប់មុខទាំងអស់ លើកលែងតែសព្វាវុធ (EBA) រួមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GPS) របស់ប្រទេសណ័រវេស ស្វីស និងប្រទេសតួកគី អញ្ជើញ ទៅចុះបញ្ជីប្រព័ន្ធអនុគ្រោះពន្ធនៅក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងដដែល បានអំពាវនាវឲ្យអាជីវករ ផលិតករ មកដាក់ពាក្យចុះឈ្មោះក្នុងប្រព័ន្ធចុះ បញ្ជីអ្នកនាំចេញ របស់សហភាពអឺរ៉ុប នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម ជំនួសឲ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ អេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិស ដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌ ដូនពេញរយៈពេលពេញ១ ឆ្នាំ២០១៨ សរុបចំនួន ៣.៦១៨ គ្រឿង។ នេះបើយោងតាម ផេក ហ្វេសបុក ផ្លូវការ របស់រដ្ឋបាលសាលាខណ្ឌដូនពេញ។
ប្រភពបញ្ជាក់ថា ពេញ១ឆ្នាំ ២០១៨ នៃការអនុវត្តយុទ្ធនាការឃាត់យានយន្ត បើកបញ្ច្រាសទិសដៅ ចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ សរុបចំនួន ៣.៦១៨ គ្រឿង។ រួមមាន ៖ ១- ម៉ូតូចំនួន ៣.១០៤ គ្រឿង។ ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ៣៨២គ្រឿង និងរថយន្តចំនួន១៣២ គ្រឿង៕



យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំង នគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២.១២៥គ្រឿង រកឃើញល្មើសច្បាប់ចំនួន ៤៤៥ គ្រឿង (ម៉ូតូ៥៧%) អប់រំចំនួន ១៣៧គ្រឿង និងផាកពិន័យ ចមនួន ៣០៨គ្រឿង។
នេះបើ យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់នៅថ្ងៃទី១ ខែមករា នេះដែរ ត្រួតពិនិត្យរួមបានចំនួន ១. ៥១៦គ្រឿង, អប់រំ៨ ចំនួន ៦គ្រឿង និងផាកពិន័យ ចំនូន ២៥៥ គ្រឿង៕

ខេត្តត្បូងឃ្មុំ ៖ សង្វៀនបញ្ជល់មាន់អមដោយវង់អាប៉ោង បានលេងចាក់ភ្នាល់លុយរាប់រយពាន់ដុល្លារ បានដំណើរការយ៉ាងរលូន ដោយមិនឃើញសមត្ថកិច្ចណាបង្ក្រាបឡើយ មិនតែប៉ុណ្ណោះ អ្នកមើលការខុសត្រូវ ដែលដង្ខៅល្បែងផ្តល់រហស្សនាមក្នុងឋានៈជា « អ្នកសម្របសម្រួល » មានឫកពារក្រអើតក្រទម ចេញមុខមកអួតអាង ច្រង៉េងច្រង៉ាង មិនខ្លាចអ្វីឡើយ។
សង្វៀនបញ្ជល់មាន់ខាងលើនេះ ស្ថិតនៅចំណុចដើមពោធិ ភូមិអន្លង់ពោង ឃុំទន្លេបិត ស្រុកត្បូងឃ្នុំ ខេត្តត្បូងឃ្មុំ ដែលមានអ្នកមើលការខុសត្រូវ ឈ្មោះ ណាន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះ អ្នកយកសារព័ត៌មាន មេគង្គប៉ុស្តិ៍ បានចុះយកពត៍មាននៅចំណុចខាងលើ ឃើញការបញ្ជល់មាន់ និងលេងអាប៉ោងដាក់លុយស៊ីសងរាប់រយពាន់ដុល្លារ អមដោយអ្នកញៀនល្បែងយ៉ាងច្រើនកុះករ បានប្រព្រឹត្តិទៅយ៉ាងគគ្រឹកគគ្រេង។ ឃើញស្ថានភាពបែបនេះ ក៏បានរាយការណ៍តាមរយៈទូរស័ព្ទ ទៅលោក សួស សា៑ងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ ហើយត្រូវបាន លោកអធិការទទួល និងឆ្លើយតបវិញថា « …ចាំលោកអោយកូនចៅទៅមើល …) តែចាំបាត់ៗ មិនឃើញ មានសមត្ថកិច្ចណាម្នាក់មកអើតមើលសោះ។ ចាំយូរពេក ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ បានព្យាយាមទូរស័ព្ទសម្ភាសន៍លោកអធិការ សួស សា៑ងលី ម្តងទៀត តែពេលទូរស័ព្ទចូលម្តងនេះ មិនមានអ្នកទទួលឡើយ ឬមួយលោកអធិការមានចេតនាមិនចង់បង្ក្រាបបទល្មើសនេះក៏មិនដឹង ព្រោះទូរស័ព្ទក៏លោកលែងទទួល និងកម្លាំងរបស់លោកក៏មិនឃើញចុះមកបង្ក្រាបសង្វៀនល្បែងដ៏ធំមួយនេះទៀត។
ការធ្វើព្រងើយកន្តើយបែបនេះ ត្រូវបានប្រជាពលរដ្ឋដែលដឹងរឿងរ៉ាវនេះ បាននិយាយ ដោយដាក់ការសង្ស័យថា លោកអធិការត្រូវថ្នាំសណ្តំរបស់ដង្ខៅល្បែងបញ្ជល់មានខាងលើនេះ ទើបបិតភ្នែកបិតត្រជៀក ធ្វើមិនដឹងមិនឮបែបនេះ ឬក៏មានភាគហ៊ុនទេដឹង ? ។
បុរសចំណាស់ម្នាក់ ដែលអះអាថា ជាពលរដ្ឋរស់នៅទីនោះយូរឆ្នាំមកហើយ បានប្រាប់អ្នកសារពត៍មានថា សព្វថ្ងៃនេះ អស់ទំនុកចិត្តលើលោកអធិការហើយ ដូច្នេះ សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជៀម សុភណ្ឌ័ អភិបាលខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ និងចំណាត់ការរឿងនេះផង បើបណ្តោយឲ្យមានករណីល្បែងស៊ីសងកើយឡើងក្នុងស្រុកភូមិយ៉ាងអនាធិតេយ្យបែបនេះ វានឹងជះឥទ្ធិពលផ្នែកអសន្តិសុខលើការរស់នៅរបស់ប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕

ភ្នំពេញ ៖ តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបចាប់ពីថ្ងៃទី១ មករាដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបបទល្មើសបានសរុបចំនួន ៧.៩៧៩ករណី ឃាត់ខ្លួនមនុស្ស ចំនួន ១៦.១៣៩ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថែ្លងប្រាប់ថា ចំនួនករណីបង្ក្រាបអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនមានការថយចុះ ដោយសារតែការចូលរួមពីគ្រប់សមាសភាពនៅក្នុងសង្គម ទាំងការធ្វើសកម្មភាព និងការគាំទ្រពីប្រជាពលរដ្ឋ។
លោក មាស វីរិទ្ធ បញ្ជាក់បន្ថែមថា៖ «យើងព្យាយាមទប់ស្កាត់តាមរយៈការផ្សព្វផ្សាយអប់រំ និងផ្សព្វ ផ្សាយឲ្យអ្នកប្រើប្រាស់គ្រឿងញៀនដែលលាក់ខ្លួនស្ម័គ្រចិត្តមកទទួលសេវាព្យាបាល»៕

ភ្នំពេញ ៖ របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ខែធ្នូ គ្រោះ ថ្នាក់ចរាចរផ្លូវគោក បានកើតឡើងចំនួន ៣.២៦៧លើក សម្លាប់មនុស្ស ១.៧៦១នាក់ និងរបួសធ្ងន់ ស្រាល ៤.៧៧១នាក់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៨ ភាគច្រើនដោយសារការបើកបរល្មើសល្បឿនកំណត់ បើកបរប្រជែង មិនគោរពសិទ្ធិ និងបើកបរមិនប្រកាន់ស្តាំ ជាដើម។
របាយការណ៍របស់ប៉ូលិសចរាចរណ៍ ក៏បានបង្ហាញថា កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេសបានសម្លាប់មនុស្ស ១.៧៨០នាក់ និងរបួស ៥.៥៣៩ នាក់។ កាលពីឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១៧១៧ នាក់ និងរបួស ៦៦០៧ នាក់៕

ភ្នំពេញ ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
ការកំណត់ថ្ងៃប្រជុំរដ្ឋ សភា នេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម្រេចនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ ពីចប់កិច្ចប្រជុំថា ច្បាប់ពីរនេះ គឺជាការកែទម្រង់ពីការបំពេញបន្ថែមនូវច្បាប់ពីមុនដែលយកទៅអនុ វត្ត ដែលនៅមានការខ្វះចន្លោះមិនទាន់បានគ្រប់ជ្រុងជ្រោយ។
លោក ឈាង វុន បន្ថែមថា «នៅមានច្បាប់មួយចំនួនទៀត ដែលត្រូវធ្វើវិសោធនកម្មជាបន្តបន្ទាប់ ពី ព្រោះដើមអាណត្តិនៃសភានីមួយៗអ្នកតំណាងរាស្ត្រត្រូវតែមើលថា តើអ្វីខ្លះដែលជាតម្រូវការសង្គម ការវិវត្តសង្គម ហើយត្រូវធ្វើការកែសម្រួលធ្វើវិសោធនកម្មទៅតាមហ្នឹង»៕

ថៃ ៖ ពលករខ្មែម្នាក់ត្រូវកម្លាំងសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន បន្ទាប់ពីសម្លាប់ពលករខ្មែរដូចគ្នា កាលពីវេលា ម៉ោង១១ថ្ងៃទី២៩ធ្នូឆ្នាំ២០១៨ នៅមុខអគាររបស់កម្មករស្នាក់នៅ ត្រង់ចំណុចស្ថិតក្នុងចំការអំពៅ ភូមិ ១០ឃុំវ៉ាំងយិន ស្រុកវ៉ាំងយិន ខេត្តស្រះកែវ ប្រទេសថៃ។
បុរសសង្ស័យឈ្មោះ ច័ន្ទ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំ សន្តិភាពស្រុក សំពៅលូន ខេត្ត បាត់ដំបង។ បុសរងគ្រោះមានឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅ ដូចគ្នា ។ ជនរងគ្រោះ ត្រូវបានជនដៃដល់កាប់ស្លាប់ ខណៈកំពុងអង្គុយហូបកាហ្វេនៅខាងមុខ អគារស្នាក់ នៅ ដោយបានក្រាបដេកនៅលើតុក្នុងសភាពងងុយដេក។
ក្រោយពីធ្វើសកម្មភាពជនដៃដល់បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចថៃ តាមចាប់ខ្លួនបាន បញ្ជូនទៅ តុលាការខេត្តស្រះកែវ ចំណែកសពជនរងគ្រោះ ត្រូវបានបញ្ជូនអោយក្រុមគ្រួសារនាំយកទៅស្រុក កំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យនៅស្រុកកំណើត៕



កណ្តាល ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ដីមាត់ច្រាំងទន្លេនៅចំណុចប្រាសាទបក្សីចាំក្រុង វត្តកែវមណីជោតិ ហៅវត្ត រកាកោងក្រៅ ដែលស្ថិតនៅភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានបាក់ធ្លាក់ចុះចូលទៅក្នុងទឹកទន្លេ តែមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍ទេ។
ពលរដ្ឋនៅតំបន់នោះ បានប្រាប់ថា មានការបាក់ច្រាំងទន្លេ ហើយបានបាក់ខ្លោងទ្វារនៅមុខព្រះវិហារ និងមានការបាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នង ហើយមកដល់នៅព្រឹកថ្ងៃទី១ ខែ មករា នេះ បានបន្តបាក់ចូលមកជិតដល់ក្លោងទ្វារវត្តកែវមណីជោតិ ដែលបានធ្វើឱ្យប្រាសាទបក្សីចាំក្រុង នៅខាងមុខក្លោងទ្វារវត្ត បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ។
ជាមួយគ្នានេះ គ្រឹះនៃបង្គោលដងទង់ជាតិដ៏ខ្ពស់នៅក្បែរនោះ មានកម្ពស់រហូតដល់៥៣ម៉ែត្រ បានហើបប៉ើងអាចនឹងរលំធ្លាក់ចូលទៅក្នុងទឹកទន្លេទៀត។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់កំពុងតែមានការព្រួយបារម្មណ៍ខ្លាំងណាស់ ចំពោះផ្ទះរបស់ពួកគាត់ដែលនៅក្បែរៗនោះមិនដឹងថា យប់នេះអាចនឹងបាក់ធ្លាក់ដល់ចំណុចណាទៀតនោះទេ បើគ្រាន់តែមួយយប់ បានបាក់អស់យ៉ាងច្រើនដូចនេះ ហើយផ្ទះរបស់ពលរដ្ឋមួយចំនួន ដែលនៅក្បែរនោះបានចាប់ផ្តើមរើរបស់របរជាបន្តបន្ទាប់ហើយ៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍