All posts by មេគង្គ ប៉ុស្តិ៍

ដឹក​ធ្ងន់​ហួសហេតុ​ ដាច់​ហ្វ្រាំងពេល​​ចុះពីស្ពាន​ព្រះ​មុន្នី​វ​ង្យ​ចាស់ ​បុក​រះ​ពេញផ្លូវ

​ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ពេលចុះពីលើ​ស្ពាន​ព្រះ​មុន្នី​វ​ង្យ​ចាស់​ បានដាច់​ហ្វ្រាំង​រអិល​បុក​រថយន្ត​បន្តកន្ទុយ​គ្នា​ចំនួន​៤​គ្រឿង និង​បណ្តាលអោយ​តៃកុង​រថយន្ត​បង្ក និង​ព្រូ​រងរបួស​ឆ្ង​ន់​។

​ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោងជាង ៩ និង ២០​នាទី ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​គល់ស្ពាន​ព្រះ​មុ​នី្ន​វង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​៥​តោន មាន​ស្លាក​លេខ (​កំពង់ចាម ៣A ៤៨១៤)​មាន​ដឹកទំនិញ​បាន​ជិះ​ចុះ​ពីលើ​ស្ពាន​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ភ្លាមៗ​នោះបាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​(​ព្រូស​)​ស្លាក​លេខ​ភ្នំពេញ​ពណ៌ ស ២AR ២៨៣០ បា​នុ​ក​ពីក្រោយ​ពេញទំហឹង​រួច​ក៏​ទៅបុក​ជាមួយរ​ម៉ក​និង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​(​ព្រូស​)​ដូចគ្នា​ដែល​ទើប​និង​ទិញ​បណ្តាលអោយ​រង​កា​ខូចខាត​ផ្នែក​ខាងក្រោយ​និង​ខាងមុខ​ហើយក៏​ន្ត​ទៅបុក​ជាមួយនិង​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ចំ​ពី​ខាងក្រោយ​ទៅមុខ​លែង​រួចហើយ​រថយន្ត​បង្ករ​នោះ​រង​កា​ខូចខាត​មួយ​កំណា់​ខាងមុខ​យ៉ាង​ដំណាំ​បណ្តាលអោយ​អ្នកបើកបរ​រថយន្ត​បង្ក​និង​ព្រូ​រងរបួស​បាក់ជើង​ជាប់​នៅក្នុង​រថយន្ត​ហើយ​ភ្លាមៗ​និះ​ក៏មាន​អ្នកដំណើរ​នាំគ្នា​ជួយ​គាស់​យកទៅ​កាន់​មន្ទី​ពេទ្យ​។

​ប៉ូលីស​បានអោយដឹងថា​តៃកុង​ឡាន​បង្ករ​និង​ព្រូ​ដែល​រងរបួស​មានឈ្មោះ ស៊ឹម សេង អាយុ​២៧​ឆ្នាំ​បាក់ឆ្អឹង​ជើងឆ្វេង​ពីរ​កំណាត់​និង​របួស​ជើង​ខាងស្តាំ​។​
​ឈ្មោះ ម៉ាប់ ម៉ុក អាយុ​១៧​ឆ្នាំ របួស​ត្រង់​ភ្នែក​ខាងឆ្វេង អ្នក​ទាំងពីរ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាយ័ន ដែល​នៅ​ជិត​កន្លែងកើតហេតុ​។

​គួរបញ្ជាក់​ផងដែរ សូមអោយ​អជ្ញាធរ​ជួយ​ពិនិត្យ និង​យកចិត្ត​ទុក្ខ​ដាក់​ទៅលើ​រថយន្ត​ធុន​ធំៗ ដែល​បានដឹង​លើស​ទំងន់​ដែល​អាច និង​មានកា​បង្ករ​ដូចជា​គ្រោះថ្នាក់​នេះ​ចឹ​ង​សំណាង​ហើយ ដែល​មិន​បង្ក​របួសស្នាម​ដល់​អាយុជីវិត​អ្នកដទៃ​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​ហើយ​បាន​យក​រថយន្ត​ដែល​បង្ករ និង​រថយន្ត​៣​គ្រឿង​ទៀត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​ទៀត​៕

កម្ពុជា អាមេរិក នឹង​ចុះ​អនុស្សរណៈ​លើ​គម្រោង ស៊ើបអង្កេត​រួមគ្នា ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម

​ភ្នំពេញ ៖ កម្ពុជា អាមេរិក គ្រោង​ចុះ​អនុស្សរណៈ​លើ​គម្រោង​ស៊ើបអង្កេត​រួមគ្នា ដើម្បី​ទប់ស្កាត់​ទៅលើ​បទល្មើស​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា​ទប់ស្កាត់​បញ្ហា ជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋ​នានា​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​របស់​អគ្គស្នងការ​នគរបាលជាតិ​។

​គម្រោង​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​រវាង ឯ​.​ឧ​.​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជាមួយ​លោក ច​ន ឌី​. វៀល​សុន (Jonh D. Wilson) ដែលជា​អនុព័ន្ធ​ផ្នែក​ច្បាប់ តំណាង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ អេ​ហ្វ​ប៊ី​អាយ អាមេរិក (FBI) កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ជាការ​ឆ្លើយតប ឯ​.​ឧ​.​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែង​ដោយ​ជំរុញអោយមាន​ការត្រួត​ពិនិត្យ​ខ្លឹមសារ អឹម​អូ​យូ (MoU) នេះ​បន្ថែមទៀត ដើម្បី​ព​ន្លឿ​ន​ពេលវេលា​នៃ​ការចុះ MoU លើ​គម្រោង ស៊ើបអង្កេត​រួមគ្នា នេះ ឲ្យ​បាន​ឆាប់​៕

មន្ត្រី​ក្រសួងបរិស្ថាន​ព្រមាន ផាកពិន័យ​អ្នក​បោះចោល​សំរាម​ក្នុង​ពិធីបុណ្យ​អុំទូក

​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៣០០​នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផល​ប៉ះ ពាល់​ដោយសារ​ការបោះ​ចោល​សំរាម ជាមួយនិង​ការព្រមាន​ផាកពិន័យ​ចំពោះ​អ្នក​បោះចោល​សំរាម ផងដែរ​។

​លោក នេត្រ ភក្ត្រា ថ្លែងថា «​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​មាន​អ្នកស្ម័គ្រចិត្ត​ជា​យុវជន ស​.​ស​.​យ​.​ក និង​មន្ត្រី​ប្រមាណ​៣០០​នាក់ ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ការគ្រប់គ្រង​សំរាម​ដល់​អាជីវករ ប្រជា​ពល រដ្ឋ ឱ្យ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ទីតាំង​នានា​ដែល​អាជ្ញាធរ​បានកំណត់​ក្នុង រយៈ ពេល​៣ ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​។​

​សូមជម្រាបថា អាជ្ញាធរ បាន​ត្រៀម​ធុងសំរាម​យ៉ាង​ហោចណាស់ ២.០០០​ធុង ទាំង​តូច​ទាំង​ធំ​នឹងត្រូវ​ដាក់ពង្រាយ​តាម​ទីតាំង​នានា​នៃ​បរិវេណ​ប្រារព្ធ​ពិធី ខណៈ​ក្រុមហ៊ុន ស៊ិន​ទ្រី ក៏​នឹងដាក់​ពង្រាយ​កម្មករ​ចំនួន ២៧៤​នាក់ និង​ឡាន​ចំនួន​៤៥​គ្រឿង ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធី បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃ​៕

រដ្ឋសភា​អនុម័ត​ទាំងស្រុង​ថវិកាជាតិ​ឆ្នាំ​២០១៩ ជាង​៦,៧​ពាន់​លាន​ដុល្លារ

​ភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​ក្រោម​វត្តមាន​ដឹកនាំ​ដោយ​សម្តេច​មហា​ពញា​ចក្រី ហេង សំរិន នៅ ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ​២០១៩​។

​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ជាង​២១​លាន​លាន​រៀល (២១ ១៦៤ ៩៩៦ លាន​រៀល ) ឬ​ប្រមាណ​ជា ៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​នានា​របស់ខ្លួន​។ ចំនួន​នេះ​កើនឡើង​១១,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ប្រមាណ​៦០៣៣​លាន​ដុល្លារ​អាមេរិក​។​

​សូម​រំឭកថា ឯ​.​ឧ​. ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាងថា ឆ្នាំ​២០១៩ រដ្ឋា ភិ​បាល​កម្ពុជា មាន​គម្រោង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជិត​២.០០០​លាន​ដុល្លារ ដោយ ឯ​.​ឧ​. បញ្ជាក់ថា ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹងមិន​បង្កើតជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ ព្រោះថា នៅពេលដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នោះ សម​ត្ថិ​ភាព​សង​របស់​កម្ពុជា​ក៏មាន​ខ្ពស់ជាង​មុន​ដែរ​៕

អាជ្ញាធរ​បង់​ក្លា​ដេ​ស​ត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ទាំង​ស​ម្រូ​ង​ចម្រាស់


​បង់​ក្លា​ដេ​ស ៖ អាជ្ញាធរ​បង់​ក្លា​ដេ​សបាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១៤ វិច្ឆិកា ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចាប់ផ្តើម​ធ្វើ​មាតុភូមិ និវត្តន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧​សែន​នាក់ ដែល​បាន​ភៀសខ្លួន​ចេញពី​អំពើហិង្សា​ដែល​ដឹកនាំ​ដោយ​កងទ័ព​នៅ​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ឆ្នាំមុន​មក​ស្នាក់នៅ​តំបន់​ព្រំ​ដៃ​ន​នៃ​ប្រទេស​ខ្លួន​នោះ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ជនភៀសខ្លួន​ដែល​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​បង់​ក្លា​ដេ​ស បាន​និយាយថា ពួកគេ​នឹង​បដិសេធ​មិន​វិល​ត្រលប់​ទៅ​រដ្ឋ រ៉ា​ក់​ឃី​ន វិញ​ទេ ដោយសារតែ​ពួកគេ​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។ អ្នកខ្លះ​និយាយថា សាច់ញាតិ​របស់​ពួកគេ​មួយចំនួន​បាន​ភៀសខ្លួន​ពី​ជំរំ​ស្នាក់នៅ​ក្នុងប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​គេច​ពី​ការបញ្ជូន​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​នោះ​។​

​អាជ្ញាធរ​បង់​ក្លា​ដេ​សបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាន​ក្រុមគ្រួសារ​ជនភៀសខ្លួន​ចំនួន​៣០ នឹង​ត្រូវគេ​ប្រគល់ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ច្រកទ្វារព្រំដែន Ghumdhum ដែល​នៅ​ជិត​ទីក្រុង​ឆ្នេរសមុទ្រ Cox’s Bazar ភាគ​អាគ្នេយ៍​នៃ​ប្រទេស បង់​ក្លា​ដេ​ស ដែលជា​ទីតាំង​ជំរុំ​បណ្តោះអាសន្ន​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រស់នៅ​។​

​សូមជម្រាបថា បង់​ក្លា​ដេ​ស​និង​មី​យ៉ាន់​ម៉ា បាន​យល់ព្រម​ចាប់​ផ្តើមធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​មូ​ស្លីំ​រ៉ូ​ហ៊ីង​យ៉ា កាលពី​ខែមករា​ឆ្នាំមុន ប៉ុន្តែ​បាន​លុបចោល​គម្រោង​នេះ​វិញ ចំពេល​ដែលមាន​ការព្រួយបារម្ភ​ពី​សំណាក់​មន្ត្រី​អង្គការសហប្រជាជាតិ​និង និង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ផ្ទាល់​តែម្តង អំពី​សុវត្ថិភាព​របស់​ពួកគេ ដែល​មិន​ត្រូវបាន​ធានា​ច្បាស់លាស់​ពី​យោធា​មី​យ៉ាន់​ម៉ា​៕

ក្លឹប​អ្នកកាសែត​កម្ពុជា បើក​វេទិកា​ជជែក​ពី​សុវត្ថិភាព​ក្នុង​ការដ្ឋាន​សំណង់

​ភ្នំពេញ ៖ ក្លឹប​អ្នកកាសែត​ក​កម្ពុជា ព្រឹក​ថ្ងៃទី ១៥ វិច្ឆិកា ២០១៨ បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា បានរៀបចំ​នូវ​វេទិកា​មួយ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ដើម្បី​ជជែក​ដេញ​ជាមួយ អ្នកសារព័ត៌មាន​កម្ពុ​ជា ស្តីពី​ការទទួលខុសត្រូវ​រប​ស់​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់ ទៅលើ​សុវត្ថិ ភាព​អ្នកធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​នានា​នៅ​ទូទាំង​កម្ពុជា​។​

​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែងថា វេទិកា​នេះ មាន​វាគ្មិន​មកពី​សភា ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា គឺ​លោក មី​ស្យែ​ល កា​សាញ ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់ និង អចលនទ្រព្យ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​លោក​នឹង​ពន្យល់​ទាក់ទិន​ទៅនឹង​សុវត្ថិភាព នៅតាម​ការដ្ឋាន​សំណង់​នានា ខណៈដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​រីកលូតលាស់​យ៉ាងខ្លាំង​។

​គួរបញ្ជាក់​ផងដែរ ក្លឹប​អ្នកកាសែត​កម្ពុជា តែងតែ​រៀបចំ​វេទិកា ដោយ​សហការ​ជាមួយ​បណ្ដា​ដៃគូ នានា ដើម្បី​ជួយ​លើកស្ទួយ​សង្គម​កម្ពុជា​អោយមាន​ភាពប្រសើរឡើង ទាំង​សន្តិសុខ ចំណេះដឹង ទូទៅ ក៏ដូចជា​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ផងដែរ ៕

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសួរ សុខទុក្ខពលរដ្ឋជាង១ពាន់គ្រួសារ នៅក្រុងសែនមនោរម្យ

 

​មណ្ឌលគិរី ៖ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អម ដំណើរ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​បន្ដ​អញ្ជើញ​ចុះ​សំណេះសំណាល សួរ​សុខ ទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន កុមារ កំព្រា ជនពិការ និង​អ្នក​កើត ឬ​អ្នក​ផ្ទុយ​មេរោគ​អេដស៍ ចំនួន​១.៣១៣​គ្រួសារ​បន្ថែមទៀត (​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ចំនួន ៧៤៦​គ្រួសារ ជនជាតិ​ព្នង​ចំនួន ៥៦៤​គ្រួសារ និង​ជនជាតិ​ឥស្លាម​ចំនួន ៣​គ្រួសារ​) រស់នៅ​ភូមិ​ចំនួន ១៤ សង្កាត់​ចំនួន​៤ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ដ​មណ្ឌលគិរី​។ ពិធី​នេះ រៀបចំ​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន មនោ​រម្យ ខេត្ដ​មណ្ឌលគិរី​។​

​គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នានេះ គ្រួសារ​នីមួយៗ នៅ​ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា​១​មុ​ឺ​ន​រៀល​ទៀត ជា​អំណោយ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​គួរ​ជម្រាប​ផងដែរ​ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​, សម្ដេច​តែងតែ យក​ចិ​ត្ដ​ទុក្ខ​ដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក ដោយ​គ្មាន​ការរើសអើង​ឡើយ​៕ ដោយ ៖ សុផល​

 

ព្រឹក​មិញ​នេះ រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។ សម័យប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង​សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​។​
​របៀបវារៈ​ដែល​នឹង​ពិភាក្សា​នៅក្នុង​សម័យប្រជុំ​មាន​៖

១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​
៣៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៤៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សិ​ន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​៕

ចាប់ខ្លួន​មនុស្ស​បីនាក់​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​បន្ទាយមានជ័យ ៖ យ៉ាងហោច​មនុស្ស​បីនាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាប់ពី​សង្ស័យថា​បាន​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុង​មូលដ្ឋាន​។ ការចាប់ខ្លួន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​៨០៧​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

លោក សៅ សារឿន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បានអោយដឹងថា ជនសង្ស័យ​ដែល​កម្លាំង​សហការ​ឃាត់ខ្លួន​១-​ឈ្មោះ កន ភ័ស ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ក្កឹ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ក្រោយ​ឃាត់ខ្លួន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៨២​គ្រាប់ ខៀវ​២​គ្រាប់ និង​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ស​ថ្លា​៣​ថង់ ។

២-​ឈ្មោៈ ឡាំ ត្រេង ហៅ តា​ក្របី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ឋឹ ឃុំ​គោក​រមៀត ក្រោយ​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៥៦​គ្រាប់ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​ថង់​តូច​។ រីឯ​ជនសង្ស័យ​ទី​៣-​ឈ្មោះ ទ​ន ថុ​នា ហៅ ថុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រក​មិនឃើញ​វត្ថុតាង​ជាប់​ខ្លួន​ទេ​តែ​បានធ្វើ​តេស្ត​លើទឹក​នោម ហើយ​លទ្ធផល​បញ្ជាក់ថា​មាន​ជាប់​សារធាតុ​ញៀន​។

លោក សៅ សារឿន បាន​បន្តថា ក្រោយពី​បានធ្វើការ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​ទាំងបី​នាក់​រួចមក​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នឹង​បានធ្វើ​កំណត់ហេតុ​បិទ​ផ្ទះ​ឈ្មោះ ឡាំ ត្រេង ហៅ​តា​ក្របី ជា​បណ្តោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​តុលាការ​៕

មេ​ប៉ុស្តិ៍​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ នាំយក​អំណោយ​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​

​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក កៅ គឹម ឃ​ន នាយប៉ុស្តិ៍​នគរបាល​ខ្នុរ​ដំបង បាន​យក​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​មួយ​គ្រូ​សារ​ដែលទី​ទល់​ក្រ មានឈ្មោះ សឿន សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​មេម៉ាយ​មានកូន​ចំនួន​បីនាក់​ក្នុង​បន្ទុក រស់នៅ​ក្នុងភូមិ វាល ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ដោយ​មើលឃើញ​ពី​ការ​ទុក្ខលំបាក​របស់​គ្រូ​សារ​មួយ​នេះ លោក កៅ គឹម ឃ​ន នាយប៉ុស្តិ៍​នគរបាល​ខ្នុរ​ដំបង និង​មន្ត្រី​ប៉ុស្តិ៍​ខ្នុរ​ដំបង​ទាំងអស់ រួម​និង​សប្បុរសជន ចូលរួម​ជា​ថវិកា ទិញ​សម្ភារៈចែកជូន​គាត់​​រួមមាន អង្ករ​៥០​គីឡូ មី​១​កេះ ទឹកត្រី​១​យូ ទឹកស៊ីអ៊ីវ​១​យូ កន្ទេល​១ មុង​១ ភួយ​១ ចាន​៤ ឆ្នាំង​២ និង​ឋ​វិកា​ចំនួន ២២​មុ​ឺ​ន​រៀល ។

​លោក កៅ គឹម​ឃ​ន នាយប៉ុស្តិ៍​នគរបាល​ខ្នុរ​ដំបង បាន​មានប្រសាសន៍ ថា អំណោយ​ទាំងអស់នេះ គឺជា​ការបរិច្ចាគ​រប​ស់លោក​ផ្ទាល់ និង​បានទទួល​ពី​សប្បុរសជន​នានា ក្នុង​ការចូលរួមជួយ​រំលែក​ការលំបាក​ដល់​គ្រួសារ​ស្ត្រី​មេម៉ាយ​រូបនេះ ដែល​គាត់​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ លោក ថា ទោះបីជា​អំណោយ​នេះ មាន​តិចតួច​ក្តី ក៏​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង​ប្អូន​ក្នុង​មូលដ្ឋាន​យើង​ដែរ​។​

​ជំនួសមុខ​ឲ្យ​គ្រួសារ​ស្ត្រី​ក្រីក្រ​នេះ លោក កៅ គឹម​ឃ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែលមាន​សមានចិត្ត​សប្បុរស បរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយ​ស្ត្រី​មេម៉ាយ​ខណៈ​គាត់​កំពុង​ជួប​លំបាក​បែបនេះ​៕ ​ដោយ ៖ សុផល

ការបង់ពន្ធ​យានយន្ត​ប្រចាំឆ្នាំ​២០១៨ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ(Video)

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការ​រំលឹក​ដល់​ម្ចាស់​យានយន្ត​ជា​លើក​ទី​២ ដែល​មិនទាន់បាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០១៨ សូម​ប្រញាប់​អញ្ជើញ​ទៅ​បង់ពន្ធ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ក្នុង​សេចក្តីជូនដំណឹង​នេះ បានបញ្ជាក់​ពី​ទីតាំង​ដែល​ត្រូវ​ទី​បង់ពន្ធ ដូចជា នៅតាម​សាខា​ពន្ធដារ ខណ្ឌ ខេត្ត ឬ​នៅតាម​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ជាដើម ដើម្បី​ចៀសវាង​ការកកស្ទះ ខណៈ​កាលបរិច្ឆេទ​បញ្ជ​ប់​បង់ពន្ធ​បាន​ជិត​ចូលមក​ដល់​។​

​បើតាម​សេចក្ដីជូនដំណឹង បាន​បញ្ជាក់ថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា តាម​ការកំណត់ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​៕

បង្ក្រាប​ហាង​លក់​គ្រឿងក្រអូប សុខ បញ្ញា​ពេជ្រ នៅ​ក្រុង​សៀមរាប​

​សៀមរាប ៖ ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវបាន​បង្ក្រាប​បន្ទាប់​ពី​រកឃើញថា បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ជា​ប្រភេទ​ឡេ​លាយ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ទីតាំង​លក់​គ្រឿងក្រអូប សុខ បញ្ញា​ពេជ្រ ដែលមាន​ម្ចាស់​ឈ្មោះ ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ គឺ​យើង​បាន​ស្រាវជ្រាវ​រកឃើញ​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ឡេ​ក្លែងក្លាយ ដោយ​ដកហូត​វត្ថុតាង​បាន រួមមាន ៖ ឡេ​លាយ គ្មាន​ច្បាប់ទម្លាប់ ចំនួន ១១​មុខ ស្មើនឹង​១.៧០៦​ប្រអប់​។​

​យ៉ាងណាក៏ដោយ សម​ត្ថិ​កច្ច​នៅ​មិន​បញ្ជាក់​ច្បាស់​ថា តើ​ត្រូវ​ចាត់ការ​ដោយ​វិធី​ណា​នៅឡើយ​ទេ ដោយសារ​ម្ចាស់​ទីតាំង​ខាងលើនេះ បាន​ឆ្លើយ​សារភាពថា គ្រាន់តែ​ទិញយក​មក​លក់ ហើយ​មិនដឹង​ពី​ករណី​មាន​កំហុស​តាមផ្លូវ​ច្បាប់​ដូច្នេះ​ទេ តែ​សមត្ថកិច្ច​អះអាងថា នឹង​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នក​ផលិត ទំនិញ​ក្លែងក្លាយ​ដូចខាងលើ​នេះ ដើម្បី​បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

ឯកអគ្គរាជទូត​អាមេរិក ស្នើឱ្យ​រដ្ឋាភិបាល​អាមេរិក លុបចោល​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ដ្រី​កម្ពុជា

​ភ្នំពេញ ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​នឹង​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា នៅ​ចុង ខែ​នេះ បាន​អះអាងថា ក្នុងនាម​ផ្ទាល់ខ្លួន​លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពិចារណា ក្នុងការ​លុបចោល​ទណ្ឌ​កម្ម​ទិដ្ឋាការ (Visa) ពី​មន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ដ​ពង្រឹង​នូវ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​

លោក William A. Heidt បានលើកឡើង​បែបនេះ​ក្នុងជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទី​ស្ដី ការ​ក្រសួងមហាផ្ទៃ​។

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​អរគុណ​ចំពោះ ឯកអគ្គរាជទូត ដែល​បានស្នើ ឱ្យមាន​ការពិចារណា ដើម្បី​ដក​ការដាក់ទណ្ឌកម្ម​នេះ ហើយ​ប្រសិនបើ​អាមេរិក លុបចោល​នូវ​បំរាម នោះបាន សម្ដេច​ចាត់ទុកថា នេះ​ជាការ​ផ្ដល់​កាដូ​មួយ​សម្រាប់​កម្ពុជា ដើម្បី​លើកកម្ពស់​នូវ​ទំនាក់ ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌ និង​ធ្វើឡើង​តាម​សំណើ​របស់ សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក វីន​សុន បា​យ្ស (Vicent Buys) ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​បើក​ឡើងវិញ​នូវ​ប្រតិបត្តិការ រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​សូម​រំឭកថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (​ប្រភេទ​ទេសចរណ៍ និង​ជំនួញ​) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់​កំពូល​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​វិញ​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌ​កម្មនេះ​៕

កម្ពុជា​-ADB នឹង​ចំណាយ​១៣៥​លាន​ដុល្លារ​សង់​ប្រឡាយ​បេតុង​ប្រវែង​ជិត​៤០០​គ​.​ម​.​ក្នុង​ខេត្ត​ចំនួន​៥

​ភ្នំពេញ ៖ កម្ពុជា និង​ធនាគា​ADB (​គម្រោង IAIP) នឹងត្រូវ​អនុវត្ត​ការសង់​ប្រឡាយ​ប្រវែង​៣៨១,២ គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៥​នៅ​កម្ពុជា ដោយ​ធ្វើ​ទំនើបកម្ម​ធ្វើការ​ជួសជុល​ស្តារឡើងវិញ និង​ធ្វើការ​កែលម្អ​លើ​ប្រព័ន្ធធារាសាស្ត្រ ឲ្យ​ទៅជា​ប្រព័ន្ធធារាសាស្ត្រ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រើ​បាន​សម្រាប់​ស្រោចស្រព​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ធនធានទឹក ដោយ​ដកស្រង់​ខ្លឹមសារ​ពី​ជំនួប​ពិភាក្សា​រវាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​គណៈប្រតិភូ ADB នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​តាមរយៈ​ការអនុវត្ត​គម្រោង Irrigated Agriculture Improvement Project (IAIP) ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជា​បេតុង ប្រវែង​សរុប ៣៨១,២​គីឡូម៉ែត្រ នៅ​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​៥ រួមមាន​ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង​ខេត្តកំពត ចំណាយ​ថវិកា​ប្រមាន ១៣៥ លាន​ដុល្លារ សហរដ្ឋអាមេរិក​។

​សូមបញ្ជាក់ថា គម្រោង​ខាងលើ រួមមាន​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជា​បេតុង​ប្រវែង​៣៨១,២​គីឡូម៉ែត្រ សាងសង់​ទំនប់​អាង​ទឹកជា​បេតុង​ប្រវែង​៦.៥​គីឡូម៉ែត្រ​សាងសង់​ទំនប់​បង្ហៀរ ខ្នាត​ធំ​ប្រវែង​៨០០​ម៉ែត្រ បំពាក់​ស្ថានីយ​បូមទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ខ្នាត​ធំ​មាន​ក្បាល​បូម​ប្រាំ​ចំនួន​ពីរ​កន្លែង​ជា​ប្រភេទ Smart Pumping Systems​។ សាង សង់​សំណង់​សិល្បការ​ធំ​តូច​ដ៏​ច្រើន​ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ខេត្ត​ទាំង​៥៕

អាជ្ញាធរ​ដាក់ពង្រាយ​ក​ម្លាំ​ង​ជាង ១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​ថ្ងៃបុណ្យ​អុំទូក

​ក្នុងឱកាស​បុណ្យ​អុំ ទូក អកអំបុក បណ្តែតប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹងដាក់​ពង្រាយ​កម្លាំង​ចម្រុះ​រហូតដល់​ជាង ១​ម៉ឺន​នាក់ នៅតាម​តំបន់ A B និង​C ជុំវិញ​បរិវេណ​ពិធីបុណ្យ ក្នុងនោះ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង ៨​ពាន់​នាក់ ដើម្បី​រក្សា​សន្តិ សុខ សណ្តាប់ធ្នាប់​អោយបាន​ល្អប្រសើរ​។​

​មន្ត្រី​រៀបចំ​ពិធីបុណ្យ បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ ស្ថានភាព​ទឹកទន្លេ​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​រហូត ដល់​១​ម៉ែត្រ ហើយ​ល្បឿន​ទឹក​ក៏​ហូរ​យឺត​ជាង​ឆ្នាំមុន​ដែរ​។ ដោយឡែក​សម្រាប់​ទូក ង ដែល​ត្រូវ​ចូល រួម​ប្រកួត​នៅ​ឆ្នាំនេះ មាន​ចំនួន​២៩៨​ទូក ខណៈដែល​ឆ្នាំ​២០១៧ មាន​ទូក ង ត្រឹមតែ​២៧០​ទូក ប៉ុណ្ណោះ និង​មាន​កីឡាករ​ជិត ២​ម៉ឺន​នាក់ ។ ចំណែក​ប្រទីប​ឆ្នាំនេះ មាន​ចំនួន​១៥ ក៏​ច្រើនជាង​ឆ្នាំ មុន​ដែរ​៕