All posts by មេគង្គ ប៉ុស្តិ៍

សន្និសីទ​អន្តរជាតិ​ចេញ​សេចក្តីប្រកាស​រួម ស្តីពី​ការប្រឆាំង​ឱសថ​ក្លែងក្លាយ

​ភ្នំពេញ ៖ ក្រោយពី​បាន​ជួបប្រជុំគ្នា​រយៈពេល​២​ថ្ងៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ប្រតិភូ​ជាន់ខ្ពស់ តំណាងឱ្យ​ប្រទេស​កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម និង មានការ​ចូលរួម ពី​សំណាក់​ក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ (IRACM) សន្និសីទ​ថ្នាក់​តំបន់​នេះ បានចេញ​សេចក្តីប្រកាស​រួមមួយ ដោយបាន​ចាត់ទុក​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ជា​រឿង​សំខាន់ និង​ជា​បញ្ហា​អទិភាព ដែល​ត្រូវ​គិតគូ និង​ដោះស្រាយ ដោយ​មិន​ប្រកាន់​ទីកន្លែង ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេស​ណាមួយ​ឡើយ​។​

​ជាមួយគ្នា​នោះ ក៏បាន​ទទួលស្គាល់ថា ការរីក​រាលដាល នៃ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត គឺជា​ហានិភ័យ​មួយ ដល់​សុខភាព ដែល​មិនអាច​មើលរំលង​បាន ហើយ​ដែល​អាច​បង្ករ​ផលប៉ះពាល់​ដល់​សកលលោក​ទាំងមូល មិនតែប៉ុណ្ណោះ ទំហំ​នៃ​ផលប៉ះពាល់ នេះ​ក៏​មិនអាច​ប៉ាន់ប្រមាណ​បានដែរ​។​

​ប្រកាស​រួម​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​សង្កត់ធ្ងន់​ពី​តថភាព​មួយ ដែល​មិនអាច​ប្រកែក​បាន គឺថា ការផលិត ការចែក​ចាយ ការលក់ដូរ ផ​លិ​ផល​សុខ​ភិ​បាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ពិតជា​បាន​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការកសាង​និតិរដ្ឋ ដែល​ទាមទារ​ឱ្យមាន​តម្រូវការ​បន្ទាន់ ក្នុងការ​ចាត់វិធានកា​រ​។​

​នៅក្នុង​ពិធី​បិទ​សន្និសីទ​ថ្នាក់​តំបន់ នា​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា បច្ចុប្បន្ន​តម្រូវកា​រឱស​ថ​កំពុង មាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ជន​ឆ្លៀត ឱកាសនិយម​មួយចំនួន បាន​លបលួច​ផលិត ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព មក​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។

​សន្និសីទ​ជា​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ស្របតាម​កាលៈទេសៈ របស់​កម្ពុជា​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្តថា ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ បានធ្វើ​ឲ្យ​កម្ពុជា ក៏ដូចជា​ប្រទេស នៅក្នុង​តំបន់ កាន់​តែមាន​តម្រូវការ លើ​ការប្រើប្រាស់​ទំនិញ​គ្រប់​ប្រភេទ​។ ក្នុងនោះ​ឱសថ​ជា​តម្រូវ​ការសំខាន់ និង​ចាំបាច់​មិនអាច​ខ្វះ​បាន​។​

​សម្តេច ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា ទន្ទឹង​នឹង​តម្រូវការ​ប្រើប្រាស់​ឱសថ​ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើ​ការផលិត​ចរាចរ និង​ចែកចាយ​លើ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​ថែមទាំង​ខាត​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ករណីខ្លះ​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត​ថែម​ទៀតផង​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាងថា កម្ពុជា​បានទទួល​រង​ផងដែរ នូវ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុងស្ថានភាព ជា​ប្រទេស​ប្រើប្រាស់​។​

​ឯកឧត្តម មា​ជ សុផាន់​ណា ប្រធាន​គណៈកម្មការ​អន្តរក្រសួង រៀបចំ​សន្និសីទ​នេះ​បាន​លើកឡើងថា ប្រទេស​ក្នុង​តំបន់​បានរួម​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ស្វែងរក​ដំណោះស្រាយ ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែល​បាន​រីក​រាលដាល​នៅក្នុង​តំបន់ និង​សកលលោក ។​

បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែលជា​ការគំរាមកំហែង និង​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​នាពេល​បច្ចុប្បន្ន ដែល​តម្រូវឱ្យមាន​កិច្ចសហការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​សកម្មភាព នៃ​ការផលិត ការ​ចរាចរ និង​ការ​ចែកចាយ​ឱ្យមាន​ប្រសិទ្ធភាព ដែល​ប្រទេស​នីមួយៗ​ត្រូវមាន​ការប្តេជ្ញាចិត្ត ផ្នែក​នយោបាយ និង​ការអនុវត្ត​ច្បាប់ សន្ធិសញ្ញា​អន្តរជាតិ នានា​ដែល​ពាក់ព័ន្ធ​ផងដែរ​៕

ច្រាំងទន្លេ​ក្រុង​កំពង់ចាម បន្ត​បាក់ស្រុត​​ប្រមាណ​២០០​ម៉ែត្រ

​កំពង់ចាម ៖ ច្រាំងទន្លេ ក្រុង​កំពង់ចាម ចំណុច​មុខ​សណ្ឋាគារ LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា ស្ថិតនៅ​ខាងជើង​ស្ពាន​គី​ហ្សូ​ណា គិត​មកដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​បន្ត​បាក់ ស្រុត​អស់​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ និង​ជំរៅ ប្រហែល ២​ម៉ែត្រ បានធ្វើអោយ​អាជ្ញាធរ​ដែនដី និង ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដើរ​កំសាន្ត​មានការ​ព្រួយបារម្ភ​។

​រយៈពេល​ពី ទៅ​បី​ថ្ងៃ បន្ទាប់ពី​មានការ​បាក់​ច្រាំងទន្លេ​នេះ គេ​ឃើញ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក ឯ​.​ឧ​. អភិបាលរង​ខេត្ត ឯ​.​ឧ​.​អភិបាលក្រុង​កំពង់ចាម បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​ពិនិត្យ សិក្សា ម្តង​ហើយ​ម្តងទៀត ដើម្បី​រៀបចំ​ជួសជុល​កសាង​ច្រាំងទន្លេ​នេះ​ឡើងវិញ​។ ក្នុងនោះ ឯ​.​ឧ​. គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ថា ច្រាំងទន្លេ​ដែល​បាក់ស្រុត​នេះ ត្រូវ​ធ្វើការ ជួស ជុល​ឡើងវិញ តែ​រង់ចាំ​ជំនាញ​សិក្សា​រួច​សិន ហើយ​ពេលនេះ​ដី​នៅ​ទន់ជ្រាយ​នៅឡើយ​ផង ដែល​មិនអាច​ឲ្យ​យើង​ធ្វើការ​ជួសជុល​កែលម្អ​ភ្លាម​បានឡើយ​។

​ជំរៅ​ដែល​ស្រុត​ខ្លាំងជាងគេ គឺ​ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤ ដែលមាន​អាងទឹក​ផង​នោះ បាន​បាក់ស្រុត​ខ្លាំង គឺ​ជំរៅ​ដល់​ទៅ​២​ម៉ែត្រ ឬ​លើសពីនេះ​ប​ន្តិ​បន្តួច តែ​មិន​ធ្វើអោយ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​ស្រុត រលំ​បានឡើយ ដោយ​សំណង់​នេះ វិស្វករ​បាន​បុកគ្រឹះ​យ៉ាងជ្រៅ និង​រឹងមាំ​។

​ចំណុច​ច្រាំងទន្លេ​ដែល​បាក់ស្រុត​ខាងលើ ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​មាន​ចំងាយ ប្រហែល ៣០​ម៉ែត​ពី​សណ្ឋាគារ ( LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា​) កំពស់​ជាង​១០​ជាន់ ។

​ទោះបី​ច្រាំងទន្លេ​បាក់ស្រុត​បែបនេះ​ក៏ដោយ វា​មិនមាន​បង្ករ​ផលប៉ះពាល់​ដល់​សណ្ឋាគារ​ដ៏​ខ្ពស់​របស់​ឩ​កញ្ញា លឹម ប៑​ុ​ណ្ណា​បានឡើយ ព្រោះ​សំណង់​លេចធ្លោ​ជាងគេ​នេះ​វិស្វករ​និង​អ្នកជំនាញ​ជាច្រើនរូប​បាន​សឹ​ក្សា​ច្បាស់លាស់​តាម​ស្តងដា​អន្តរជាតិ ហើយ​បាន​បុកគ្រឹះ​សរសរ​រឹងមាំ​ធានា​សុ​វ​ត្តិ​មួយរយ​ភាគរយ ។

​ចំណែក ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​តាម​មាត់ទន្លេ​ម្តុំ​ច្រាំង​បាក់​នេះ បានផ្តល់​យោបល់​ថា ម្តុំ ច្រាំងទន្លេ​ដែល​បាក់​នេះ មាន​ដាក់​ផែ​ចំនួន​ពី​ទៅ​បី​ផែ ដែល​ធ្វើអោយ​ចរន្ត​ខ្សែទឹក​ហូរ​បុក​ចំ​ផែ​នោះ មិន​ហូរ​ទៅដោយ​រលូន​បាន​ហើយ​ទឹក​ហូរ​នោះ​វឹល​វល់​នាំ​ដី​ខាងក្រោម ដាច់​បន្តិច​ម្តងៗ ធ្វើអោយ​សំណង់​និង​រូបសំណាក​ខាងលើ​បាក់ស្រុត​។ មតិ​របស់​មហាជន ខាងលើនេះ គួរតែ​អស់លោក​ជំនាញ​ពាក់​ព​ន្ធ័ ពិចារណា​ឬ​យក​ផែ​ទៅ​ដាក់​កន្លែង​ផ្សេង តាម​យោបល់​របស់​ប្រជាពលរដ្ឋ​៕  សុផល​

រលាយ​អស់​ភ្នំ​មួយ ទើប​បែកធ្លាយ​ព្រោះតែ​ធ្លាក់​រថយន្ត​ដឹក​ដី​សង្កត់​អ្នកបើកបរ​ស្លាប់​

​ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថយន្ត​រអិល​ធ្លាក់​ពីលើ​ភ្នំ ខណៈ​កំពុងបើក​ទៅ​ដាក់​អាចម៍ដី និង​កម្ទេច​ថ្ម​នៅ​​ភ្នំ​ទ្រ​យោង ស្ថិតក្នុង​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។​

ការធ្វើ​អាជីវ​កម្មនេះ បានកើត​មាន​យ៉ាង​ដុះ​ស្លែ​យូរហើយ ប៉ុន្តែ​ស្ងប់ស្ងាត់​ល្អ​ណាស់​សង្ស័យ​មាន​អ្នកពាក់ព័ន្ធ​ច្រើន​។​

​ភ្នំធម្មជាតិ​មួយ​នេះ​បើ​យើង​មើល​ពី​ផ្លូវជាតិ​លេខ​៦ នៅ​ហំ តែបើ​មើល​ពី​ចំហៀង ឬ​ពីក្រោយ ជិត​រលាយ​ហើយ គឺ​ឈ្មួញ​កាយ​យក​ថ្ម​ជា​បន្តបន្ទាប់ ឯ​ចំណុច​កាយ​រាប​ដល់​ដី​ហើយ​នោះ​ក្លាយជា​ទីតាំង​មាន​ម្ចាស់​គ្រោង​បោះបង្គោល​ហ៊ុំព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធ​ទៀតផង​។​រឿង​ដ៌​អាថ៌កំបាំង​នេះ​ត្រូវបាន​បែកធ្លាយ​ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ម្នាក់​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​រថយន្ត​រអិល​ធ្លាក់​សង្កត់​នៅ​ចំណុច​រណ្តៅ​ជីក​យក​ថ្ម​លើ​ភ្នំ ទ្រ​យោង កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ទីតាំង​កើតហេតុ​ត្រូវគេ​ដឹងថា ឈ្មួញ​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​នោះទេ​។ បញ្ហា​នេះ​ប្រភព​នានា ជាច្រើន​លើកឡើងថា ការធ្វើ​អាជីវកម្ម​កាយ​យក​ថ្ម​លើ​ភ្នំ​ទ្រ​យោង​មិនមែន​មាន​លោក យឿន​សំបូរ នោះទេ​ប្រភព​ថា មាន​របស់​អ្នកផ្សេងៗ ២​ទៅ​៣​នាក់​ទៀត និង​ខ្លះ​ជា​ឧក​ញ្ញ៉ា​ទៀតផង​។

​ជុំវិញ​ករណី​រិៈ​គន់​ជុំ​ទិស​នេះ​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប កន្លងមក​ធ្លាប់​ប្រាប់​ឱ្យដឹងថា​ករណី​ខាងលើ​កើតមាន​មែន ប៉ុន្តែ​លោក​ថា ចំណុច​ខ្លះ​ដី​មាន​ម្ចាស់​ក្នុងនោះ​លោក​ថា ក្រុមហ៊ុន​មួយ​ជា​របស់​ឧក​ញ្ញ៉ា សៀង ណាំ សុំ​កាយ​យក​ថ្ម​ទៅ​ជួយ​អភិវឌ្ឍ​ន៌​ផ្លូវ​នៅតាម​មូលដ្ឋាន​ដែល​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ក្នុង​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា​ក្រៅពី​ភ្នំ​ទ្រ​យោង ក៌​មាន​ភ្នំ​មួយចំនួនទៀត ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​គេ​ចូក​កាយ​ធ្វើ​អាជីវកម្ម​កន្លែង​ខ្លះ​មានច្បាប់​កន្លែង​ខ្លះ​សង្ស័យ​អត់​ច្បាប់​ដែល​បញ្ហា​នេះ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​គួរតែ​ពិនិត្យមើល​ផង​៕ ​ដោយ ៖ សុផល

សមាជិក​រាជវង្ស ឌូ​បៃ នៃ​សហព័ន្ធ​អារ៉ាប់​រួម បញ្ជាក់​ពី​បំណង​វិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ ៖ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សម​ជិ​ក​រាជវង្ស ឌូ​បៃ សហព័ន្ធ​អារ៉ាប់​រួម បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ថា ព្រះអង្គ មានបំណង​ចង់​ចូលរួម ក្នុងការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ទំនាក់ទំនង និង​ការដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ បានបង្ហាញ​ចំណាប់អារម្មណ៍​ការវិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​។​
​ការបញ្ជាក់​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ខណៈ​ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ជួបពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ព្រះអង្គម្ចាស់ បាន​ជម្រាប​សម្តេច​តេ​ជោ​ថា នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​សហព័ន្ធ អារ៉ាប់​រួម ហើយនឹង​សិក្សា​លទ្ធផល​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងឱកាស​នោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បាន​ឆ្លៀត​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប់​រួម​ផងដែរ​នាពេលខាងមុខ ។​
​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ព្រះអង្គម្ចាស់ និង​ប្រជាជន ក៏ដូចជា សហព័ន្ធ​អារ៉ាប់​រួម ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាពិសេស សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ផង ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារកំព្រា​ផង​។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​មានប្រសាសន៍​ផងដែរ​ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុងការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយក៏​ជួយ​ក្នុងការ គ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ ។​

​ស​ម្ដេចក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់​ផងដែរ ចំពោះ​ការផ្ដល់​ឥណទាន​កម្ចី (Credit line) ចំនួន ៥០០​លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម ដោយ​សម្ដេច​បញ្ជាក់ថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​មួយ​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​។ ដោយឡែក​ពាក់ព័ន្ធ ឥណទាន​កម្ចី (Credit line)៥០០​លាន​ដុល្លារ​នោះ សម្ដេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក​ចំណុច​ណាមួយ ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ​៕

ក្រសួង​ប្រកាស​ពី​គ្រោះថ្នាក់​នៃ​ការចាក់​ឱសថ​កែស​ម្ភ​ស្ស​ដែល​លក់​តាម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ចំនួន​៦ ត្រូវ​បញ្ឈប់​ការនាំ​ចូល ការផ្សព្វផ្សាយ​លក់ ឬ​ចែកចាយ​ផលិតផល​ឱសថ​ខុសច្បាប់​ចំនួន​១៨​មុខ​(​សូម​មើល​រូបភាព​ខាងក្រោម​) ព្រមទាំង​ប្រមូល​មកវិញ​ដើម្បី​កម្ទេចចោល​ជាបន្ទាន់ ព្រោះ​អាច​បង្ក​ឲ្យ​អ្នកប្រើប្រាស់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​។​

​ក្រសួង បាន​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ បាន និង​កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​​ប្រភេទចាក់​ ចំនួន​១៨​មុខ ដោយ​គ្មាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​គួរ​ជម្រាប​ថា ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលក្រសួងចាត់ទុកថា ​បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត​នូវ​ផលិតផល​ឱសថ​ចាក់ ដូចជា ជួយ​ឲ្យ​ស្បែ​កស បំបាត់​ស្នាម​អុជ​ខ្មៅ អាចម៍រុយ ជួយ​រក្សា​វ័យ​ឲ្យ​នៅ​ក្មេង កាត់បន្ថយ​ការផលិត​ជាតិ Melanin ការពារ​និង​បំបាត់​ភាព​ជ្រីវជ្រួញ បណ្តុះ​កោសិកា​ថ្មី បំបាត់​មុខ​ទ្រុត មុខ​ខ្មួ​ត ជួយ​រក្សា​រាង កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង សរសៃឈាម​ជាដើម​។

ក្រសួងសុខាភិបាល បានអំពាវនាវថា ​ដើម្បី​ចៀសវាង​ការ​ខាង​បង់ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព អាចឈាន​ទៅដល់​ការបាត់បង់​អាយុជីវិត ស្លាប់​ដោយ​គាំងបេះដូង អ្នកប្រើប្រាស់​ទៀត​នោះ  ស្នើ​បងប្អូន​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ឱសថ​ចាក់​បំប៉ន​ស្បែក​ទាំងនោះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​។

​ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ចាត់​វិធា​នការ​យ៉ាង​តឹងរ៉ឹង​តាមផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ទាំង​៦ និង​គណនី​មួយចំនួន​ផ្សេងទៀត  ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕

ក្រុមហ៊ុន​អូស្ត្រាលី នឹង​រុករក​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ នៅ​ដើមឆ្នាំ​២០២០

​ភ្នំពេញ ៖ ក្រុមហ៊ុន Emerald Resources ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​អណ្តូងរ៉ែ​មាស​អូរ​ខ្វាវ នៅ​ខេត្តមណ្ឌលគិរី អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ទាញយក​មាស​លើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​នៅ​ដើមឆ្នាំ ២០២០ បន្ទាប់ពី​បានទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​កាលពី​ខែកក្កដា ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

​លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Emerald Resources បានទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​កាលពី​ខែកក្កដា ដែល​រំពឹងថា នឹង​ចាប់ផ្តើម​ផលិត​មាស​ជា​លើកដំបូង​នៅ​កម្ពុជា នា​ដើមឆ្នាំ ២០២០ ខាងមុខ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Emerald Resource ដែល​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​អូស្ត្រាលី ហើយ​កៀរគរ​ដើមទុន​បាន​ប្រមាណ​២៧ លាន​ដុល្លារ​អូស្ត្រាលី ប្រហែលជា ១៩,៥ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ សម្រាប់​ការអភិវឌ្ឍ​អណ្តូងរ៉ែ​មាស ដែល​នឹងធ្វើ​នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី នាពេល​ខាងមុខនេះ​៕

អ្នករាយការណ៍​ពិសេសUN ជួបពិភាក្សា​ជាមួយ​ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា

​ភ្នំពេញ ៖ លោក​. កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នៅ រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បានទទួល​ជួប​លោកស្រី Rhona Smith អ្នករាយការណ៍ ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញបេសកកម្ម​ផ្លូវការ​ជា​ទៀត​ទាត់​មកកាន់​ប្រទេស​កម្ពុជា និង ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ដែល​នឹង​បង្ហាញ​របាយការណ៍​នោះ ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅក្នុង ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។​

​សូមជម្រាបថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោកស្រី គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍ និង​អង្គទូត​នានា​៕

អ្នកទស្សនា​បុណ្យ​សមុទ្រ​ឆ្នាំនេះ នៅ​ខេត្តកោះកុង អាច​ឆ្លង​ទៅលេង​ប្រទេស​ថៃ​បាន

​កោះកុង ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ឆ្នាំនេះ នឹង​រៀបចំ​នៅ​ខេត្តកោះកុង រយៈពេល​៣​ថ្ងៃ ហើយ​អ្នកទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​ពិធីបុណ្យ​នេះ អាច​ឆ្លងទៅ​ទស្សនា​នៅ​ប្រទេស​ថៃ និង​អាច​ស្នាក់នៅ​កម្សាន្ត​នៅ​ទី​នោះបាន​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក ថោង ខុន បាន​មានប្រសាសន៍ថា ក្នុង​អង្គប្រជុំ​ជាមួយ​ក្រុមការងារ​មួយ ខាង​ភាគី​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ពី​កម្ពុជា ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ឆ្នាំនេះ អាច​ឆ្លងទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​ផងដែរ ។​

​គូសបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង នឹងត្រូវ​បានរៀបចំ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕

អាមេរិក​ផ្ដល់ជំនួយ​២០​ម៉ឺន​ដុល្លា សម្រាប់​អភិរក្ស​ប្រាសាទបុរាណ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្ថានទូត​អាមេរិក និង​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ រួមមាន ការដាក់​កម្រិត​ហាម​ប្រាណ​នូវ​ការ​នាំចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​កម្ពុជា ក្នុង​រយៈពេល​ឆ្នាំ​៥ (២០១៨ ដល់ ២០២៣) និង ការអភិរក្ស​ជណ្ដើរ​បុរាណ​ផ្នែក​ខាងជើង​របស់​ប្រាសាទព្រះវិហារ ក្នុង​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា អនុស្សា រណៈ​នៃ​ការយោគយល់​នេះ ដើម្បី​កាត់បន្ថយ​គំនិត​អវិជ្ជមាន​របស់​ជន​ទុច្ចរិត ដែល​ចង់​លួច​ប្លន់​ប្រភេទ​វត្ថុ​បុរាណ តំណាង​ឲ្យ​កេរដំណែល​វប្បធម៌​ដ៏​មានតម្លៃ​និង​សម្បូរបែប​របស់​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​រក​អ្វី​ជំនួស​បាន​។
​សូមបញ្ជាក់​ជូន​ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​នេះ នឹង​ប្រា​ព្ធ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែ​វិច្ចិកា នេះ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​៕

កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​រយៈពេល​៤​ថ្ងៃ នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន ៦

​ភ្លៀង​នឹង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​៧ ដល់​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ដូចជា ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និង​ខេត្តកំពត អាច​នឹង​។ ដោយ ឡែក​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយមានជ័យ អាច នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​៧ ដល់ ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បញ្ជាក់ថា ការធ្លាក់​ភ្លៀង​នេះ គឺ​ដោយសារតែ​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​គ្របដណ្តប់​លើ​តំបន់​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ ខណៈ​តំបន់​ភាគ​ឦសាន និង​តំបន់​ភាគ​កណ្តាល គ្រប ដណ្តប់​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់​៕

កម្មករ​-​និយោជិត អាច​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ក្នុង​ថ្ងៃបុណ្យ​អុំទូក

​ភ្នំពេញ ៖ កម្មករ និយោជិត ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា នេះ បានបញ្ជាក់​ប្រាប់​ដល់​ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ក្នុងករណី​ចាំបាច់​បំផុត​ដែល​មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន​នៅក្នុង​អំឡុង​ពិធីបុណ្យ​នេះ ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ និយោជិត ឱ្យមាន​ការស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ ឱ្យបាន​សមស្រប​៕

ប៉ូលិស​បង្ហាញមុខ​ក្រុម​លួច​ឡាន ៦​នាក់ ដកហូត​ឡាន៧​គ្រឿង និង​ម៉ូតូ​៦​គ្រឿង​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​៥​នាក់ ស្រី​១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​រថយន្ត​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​អ្នកទទួលផល​ចោរកម្ម ដោយ​រួមទាំង​វត្ថ​តាង មាន​រថយន្ត​ចំនួន ០៧​គ្រឿង ម៉ូតូ​ចំនួន​០៦​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត មុន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ។​

​លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​នគរបាល​កំរិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ ដែល​បង្ហាញមុខ ក្នុងនោះ មាន​០៣​នាក់ ជា​មុខសញ្ញា លួច​រថយន្ត​យ៉ាងសកម្ម​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ សមគំនិត និង​០២​នាក់​ទៀត​ជា​អ្នកទទួលផល​ចោរកម្ម ដោយ​ជនសង្ស័យ​ទី ១/​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ហៅ ផាន់​ណា អាយុ​៣១​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កា​ត​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ទី​២ ឈ្មោះ លន់ រាំ​បូ អាយុ​៣២​ឆ្នាំ​ឃាត់ខ្លួន​នៅ​សង្កា​ត​កំពង់​សំណាញ់​ក្រុង​តាខ្មៅ ខេត្ត កណ្តាល​។ ទី​៣ ផាត់ សុ​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ (​ជន​ទាំង​៣​នាក់ ជា​មុខសញ្ញា លួច​) ។

​លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា បាន​បន្តថា ចំណែក ៣​នាក់ ជា​អ្នកទទួលផល​ចោរកម្ម​និង​សមគំនិត ទី​១/ ឈ្មោះ គឹម សុថា​រិ​ទ្ធ អាយុ ៣១​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​(​សមគំនិត​)​។ ទី​២/ សោម ណា​រ៉ុង ហៅ​ស្វិត អាយុ​៣៣​ឆ្នាំ​ឃាត់ខ្លួន​នៅ​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។ ទី​៣/​ឈ្មោះ កែវ នេត្រា ហៅ​ត្រា អាយុ​២៩​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​ទំនប់ទឹក​ខណ្ឌមានជ័យ​(២​នាក​ខាងក្រោម​ជា​អ្នកទទួលផល​ចោរកម្ម​)​។​

​លោក​វរៈសេនីយ៍ឯក​ប៊ុន សត្យា នាយការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី មាន​សកម្មភាព​ចោរលួច​រថយន្ត​ក្មុង​រា​ធានី​ភ្នំពេញ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តំ​រិត​ស្រាល​បាន​បើក​ធ្វើការ ស្រាវជ្រាវ​ភ្លាមៗ ក៍បាន​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ហៅ​ផាន់​ណា កាលពី​ល្ងាច​ថ្ងៃទី​៣១ តុលា ២០១៨​និង​បន្ត​ឃាត់​បាន​ក្រុម​ខាងលើ​ទាំង​អ្នក​លួច​និង​ជា​អ្នកទទួលផល​ចោរកម្ម​ជា​បន្តបន្ទាប់​ស​រុ​ប​បាន​០៥​នាក់​ទៀត​។​

​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ក្នង ប្រតិបត្តិការ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច បានធ្វើ​ការដកហូត រថយន្ត​សរុប ០៧​គ្រឿង​ម៉ូតូ​ចំនួន ០៦​គ្រឿង ស្លាក​លេខ​រថយន្ត​១២​បន្ទះ និង​សម្ភា​រះ​ជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​៕


​លោក អ៊ូ ច័ន្ទ​រ័ត្ន ស្នើ​ដោះលែង « អតីត​សកម្មជន​CNRP » ក្នុង​ថ្ងៃ​បុណ្យជាតិ

​ភ្នំពេញ ៖ ខណៈដែល​រដ្ឋាភិបាល​ស្នើសុំ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប បាន​អំពាវនាវ​ទៅ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ធ្វើការ​ត្រួតពិនិត្យ​លើកលែងទោស និង​ទម្លាក់​ការ​ចោទ​ឱ្យ​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ នេះបើតាមហ្វេសប៊ុក របស់លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី២ ខែវិច្ឆិកា ។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​លើកឡើងថា អ្នក​ជាប់ឃុំ​ជា​អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​មានដូចជា​៖ លោក ចៅ វាសនា អតីត​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាយមានជ័យ​,​លោក បាន ភាព​អតីត​ក្រុមប្រឹក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប ,​លោក អ៊ី ស្មា​អ៊ែ​ល បិ​ន​ឧស្ម័ន ខេត្ត​ត្បូងឃ្មុំ ,​លោក ឌិន វុទ្ធី ខេត្តបន្ទាយមានជ័យ ,​លោក សៀង សឿន មេឃុំ​សាមគ្គី​ខេត្តកំពង់ធំ ,​លោក ទូច ម៉ា​រី​ន សមាជិក​ឃុំ​សាមគ្គី ខេ​ត​កំពង់ធំ , លោក លីម ប៊ុន​នី មេឃុំ​កៀន​ជ្រៃ ខេត្តកំពង់ចាម និង​លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ជាទូទៅ នៅ​អំឡុង​នៃ​ពិធី​បុណ្យជាតិ​ធំៗ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្នើសុំ​ឲ្យ​ត្រួតពិនិត្យ​លើ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​មួយចំនួន ដូចជា​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​បុណ្យអុំទូក​ខាងមុខនេះ មាន​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់ ត្រូវបាន​លើកលែង និង​បន្ធូរ​បន្ថយទោស​៕

ការប្រើទូកម៉ាស៊ីន​អូស​លៀស នៅ​ឃុំ​ផាត់​សណ្តាយ បង្ក​ការព្រួយបារម្ភ​ខ្លាំង

​ខេត្តកំពង់ធំ ៖​ច្បាប់​ស្តីពី​ជលផល​បានអនុញ្ញាត​ឲ្យ​អូស​លៀស ជា​លក្ខណៈ​គ្រួសារ​ធ្វើឡើង​ដោយ​ដៃ​តែប៉ុណ្ណោះ​។ ចំពោះមុខរ​បរអូស​លៀ​ស​ដោយ​ម៉ាស៊ីន​ធំៗ​ជា​លក្ខណៈ​អាជីវកម្ម​ទ្រ់​ទ្រាយ​ធំ គឺជា​អំពើ​ខុសច្បាប់​ត្រូវ​ហាមឃាត់ ព្រោះ​វា​បំផ្លាញ​ធនធាន​ជលផល​ជាតិ មាន​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ជាដើម​នៅក្នុង​បាតទន្លេ ដែលជា​ចំណី​ត្រី និង​ជម្រក​ត្រី​។​ នេះបើតាមការបញ្ជាក់េបស់មន្ត្រីជលផល។

​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨
​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​និយាយថា ការ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ទន្លេសាប នៅ​ចំណុច​កោះ​តាបរ អ្នក​ប្រកបមុខរបរ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ធ្វើឡើង​ដោយ​ដៃ​នោះ​គ្មាន​ទៀត​ទេ​។ ដោយហេតុថា ក្នុង​១​ថ្ងៃៗ​ពួកគាត់​អាច​អូស​លៀស​បាន​ពី ១០០ ទៅ ១៥០​គីឡូ ស្នើ​នឹ​ិ​ង​៣​កា​រ៉ុង តែប៉ុណ្ណោះ ហើយ​មុខរបរ​នេះ​រក​បានតែ ក្នុង​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ព្រោះ​ក្នុង​រដូវវស្សា​ខែ​ទឹក​ឡើង ទឹក​ជ្រៅ និង​ទឹក​ហូរ​មិនអាច​រកបាន​ឡើយ​។ ចំពោះមុខរ​បរអូស​លៀ​ស នេះ គឺមាន​ការលំបាក ត្រូវ​ព្យាយាម​តស៊ូ​នៅក្រោម​កំដៅថ្ងៃ កណ្តាលទន្លេ​រៀងរាល់ថ្ងៃ​។​

​ម្យ៉ាងទៀត ពេលរ​កលៀស​បាន​ត្រូវ​ដឹក​យកទៅ​លក់ដុំ​អោយ​ឈ្មួញ​នៅ​មាត់កំពង់​ផ្សារ​ភូមិ​ឆ្នុកទ្រូ​។ ចំណែក​ឈ្មួញ​គេ​បាន​ដឹក​លៀស​យកទៅលក់​នៅតាម​បណ្តា​ទីប្រជុំជន​តាម​ផ្សារ​នៅ​ខេត្ត​នានា បាន​ថ្លៃ​ទ្វេ​រដង តាម​ទីជិត​ឬ​ឆ្ងាយ ចំណែក​អ្នក​ហាល​លៀស​លក់រាយ​វិញ លក់បាន​ថ្លៃ​ក្នុង​១​កំប៉ុង​១៥០០ ទៅ ២០០០​រៀល ។​

​ប្រជា​នេសាទ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ សុំ​សំណូមពរ​ដល់​សមត្ថកិច្ច​ជលផល​មេត្តាជួយ​ទប់ស្កាត់ និង​បង្ក្រាប​អ្នក​អូស​លៀស​ខុសច្បាប់​ដោយ​ម៉ាស៊ីន​ធំៗ ជាច្រើន​គ្រឿង​ផងដែរ នៅក្នុង​ភូមិសាស្ត្រ​កោះ​តាបរ ដែល​ក្នុង​១​ថ្ងៃៗ​ពួកគេ​អាច​អូស​លៀស​បាន​រាប់សិប​តោន​ដឹក​យកមក​លក់​អោយ​ឈ្មួញ ដែល​ធ្វើអោយមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​ជាតិ ។​

​ដោយឡែក​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​ជលផល​ផាត់​សណ្តាយ បាន​ឲ្យ​ដឹងថា​៖ អ្នក​អូស​លៀស​ភាគច្រើន​មកពី​ឆ្នុកទ្រូ សមត្ថកិច្ច​ពិតជា​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ខ្លាំងណាស់ ព្រោះ​បទល្មើស​ជលផល​ត្រូវតែ​បង្ក្រាប​ក្នុងពេល​ប្រព្រឹត្ត​ជាក់ស្តែង ប៉ុន្តែ​កំលាំង​ជលផល​យើង​មាន​គ្នា​តិច ពួក​អ្នកប្រព្រឹត្ត​បទល្មើស​មាន​គ្នាច្រើន ឥលូវ​នេះ យើង​កំពុងតែ​ស្នើ​កម្លាំងចម្រុះ ចុះ​ប​ង្រា​ប ចាប់​ផាក​វិន័យ តាមច្បាប់​ជលផល ៕

​ទឹកទន្លេ​សាប និង​ចតុម្មុខ នៅ​ថ្ងៃ​បុណ្យអុំទូក មាន​កម្ពស់​ទាប និង​ហូរ​ខ្លាំង​

​ភ្នំពេញ ៖ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង ដែល​បាន​ស្រក ចុះ​លឿន​ជា​លំដាប់ ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២ និង​ម្យ៉ាង​ដោយសារ​ពេលនេះ ជា​ខែរនោច ទឹកសមុទ្រ​នាជ​ខ្លាំង​។ ទោះជា​យ៉ាង​ដល់​អំឡុង​ថ្ងៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង​នៅសល់​ក្នុង​រង្វង់​កម្ពស់ ៥​ម៉ែត្រ និង​មាន​ចរន្តទឹក​ហូរ​ចេញ​ខ្លាំង​។​

​ទឹកទន្លេ​សាប នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ហូរ​ចេញ​ខ្លាំង​ពេញបន្ទុក និង​ស្រក​លឿន ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២​។ ទឹកទន្លេ​មេគង្គ នៅ​ដើមខែ​វិច្ឆិកា នេះ ស្រក​ចុះ​យ៉ាងខ្លាំង​មួយថ្ងៃ ជិត​មួយ​តឹក ដែល​ធម្មតា ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ ស្រក​ចុះ​ក្នុង​មួយថ្ងៃ តែ​ពី ពីរ​ទៅ​បួន​ហ៊ុន​ទេ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មួយថ្ងៃ​ទឹក​ស្រក​មួយ​តឹក​។ នេះ​បើតាម​ឲ្យ​ដឹង​របស់លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម​។​

​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា ទឹក​បឹង​ទន្លេសាប​នៅ​ខ្ពស់ ឯ​ទឹកទន្លេ​មេគង្គ ស្រក​ចុះ​ទាប​ខ្លាំង បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុនៗ ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប មាន​កម្លាំង​ខ្លាំង​។ ធម្មតា​ទឹកទន្លេ​មេគង្គ ក្នុង​មួយ​រដូវវស្សា មាន​ជំនន់​ពីរដង តែ​នៅ​ឆ្នាំនេះ មាន​ជំនន់​កើតឡើង​តែម្តង រួច​ក៏​ចាប់ផ្តើម​ស្រក​ចុះ​រហូត​តាំងពី​ចុងខែ​កញ្ញា​មក​។

​ទោះបីជា​យ៉ាងណា ក៏​ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខ ទឹក​នៅក្នុង​ទន្លេ កន្លែង​ប្រារព្ធ​ពិធីបុណ្យ​នេះ នៅសល់​កម្ពស់​ក្នុង​រង្វង់ ៥​ម៉ែត្រ​ដែរ ដែលជា​កម្ពស់​ទឹក​កម្រិត​ទាប តែ​នៅ​ឆ្នាំ​ខ្លះ បុណ្យអុំទូក មានទឹក​នៅសល់តែ​ជាង ៤​ម៉ែត្រ ក៏មានដែរ​។​

​សូមជម្រាបថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា គឺ​ចំពេល​ស្ថានភាព​ទឹកទន្លេ នៅសល់​កម្ពស់​ទាប និង​ហូរ​ខ្លាំង​៕