All posts by មេគង្គ ប៉ុស្តិ៍

ប៉ូលិស​បង្ហាញមុខ​ក្រុម​លួច​ឡាន ៦​នាក់ ដកហូត​ឡាន៧​គ្រឿង និង​ម៉ូតូ​៦​គ្រឿង​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​៥​នាក់ ស្រី​១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​រថយន្ត​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​អ្នកទទួលផល​ចោរកម្ម ដោយ​រួមទាំង​វត្ថ​តាង មាន​រថយន្ត​ចំនួន ០៧​គ្រឿង ម៉ូតូ​ចំនួន​០៦​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត មុន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ។​

​លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​នគរបាល​កំរិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ ដែល​បង្ហាញមុខ ក្នុងនោះ មាន​០៣​នាក់ ជា​មុខសញ្ញា លួច​រថយន្ត​យ៉ាងសកម្ម​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ សមគំនិត និង​០២​នាក់​ទៀត​ជា​អ្នកទទួលផល​ចោរកម្ម ដោយ​ជនសង្ស័យ​ទី ១/​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ហៅ ផាន់​ណា អាយុ​៣១​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កា​ត​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ទី​២ ឈ្មោះ លន់ រាំ​បូ អាយុ​៣២​ឆ្នាំ​ឃាត់ខ្លួន​នៅ​សង្កា​ត​កំពង់​សំណាញ់​ក្រុង​តាខ្មៅ ខេត្ត កណ្តាល​។ ទី​៣ ផាត់ សុ​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ (​ជន​ទាំង​៣​នាក់ ជា​មុខសញ្ញា លួច​) ។

​លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា បាន​បន្តថា ចំណែក ៣​នាក់ ជា​អ្នកទទួលផល​ចោរកម្ម​និង​សមគំនិត ទី​១/ ឈ្មោះ គឹម សុថា​រិ​ទ្ធ អាយុ ៣១​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​(​សមគំនិត​)​។ ទី​២/ សោម ណា​រ៉ុង ហៅ​ស្វិត អាយុ​៣៣​ឆ្នាំ​ឃាត់ខ្លួន​នៅ​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។ ទី​៣/​ឈ្មោះ កែវ នេត្រា ហៅ​ត្រា អាយុ​២៩​ឆ្នាំ ឃាត់ខ្លួន​នៅ​សង្កាត់​ទំនប់ទឹក​ខណ្ឌមានជ័យ​(២​នាក​ខាងក្រោម​ជា​អ្នកទទួលផល​ចោរកម្ម​)​។​

​លោក​វរៈសេនីយ៍ឯក​ប៊ុន សត្យា នាយការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី មាន​សកម្មភាព​ចោរលួច​រថយន្ត​ក្មុង​រា​ធានី​ភ្នំពេញ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តំ​រិត​ស្រាល​បាន​បើក​ធ្វើការ ស្រាវជ្រាវ​ភ្លាមៗ ក៍បាន​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ហៅ​ផាន់​ណា កាលពី​ល្ងាច​ថ្ងៃទី​៣១ តុលា ២០១៨​និង​បន្ត​ឃាត់​បាន​ក្រុម​ខាងលើ​ទាំង​អ្នក​លួច​និង​ជា​អ្នកទទួលផល​ចោរកម្ម​ជា​បន្តបន្ទាប់​ស​រុ​ប​បាន​០៥​នាក់​ទៀត​។​

​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ក្នង ប្រតិបត្តិការ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច បានធ្វើ​ការដកហូត រថយន្ត​សរុប ០៧​គ្រឿង​ម៉ូតូ​ចំនួន ០៦​គ្រឿង ស្លាក​លេខ​រថយន្ត​១២​បន្ទះ និង​សម្ភា​រះ​ជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​៕


​លោក អ៊ូ ច័ន្ទ​រ័ត្ន ស្នើ​ដោះលែង « អតីត​សកម្មជន​CNRP » ក្នុង​ថ្ងៃ​បុណ្យជាតិ

​ភ្នំពេញ ៖ ខណៈដែល​រដ្ឋាភិបាល​ស្នើសុំ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប បាន​អំពាវនាវ​ទៅ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ធ្វើការ​ត្រួតពិនិត្យ​លើកលែងទោស និង​ទម្លាក់​ការ​ចោទ​ឱ្យ​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ នេះបើតាមហ្វេសប៊ុក របស់លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី២ ខែវិច្ឆិកា ។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​លើកឡើងថា អ្នក​ជាប់ឃុំ​ជា​អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​មានដូចជា​៖ លោក ចៅ វាសនា អតីត​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាយមានជ័យ​,​លោក បាន ភាព​អតីត​ក្រុមប្រឹក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប ,​លោក អ៊ី ស្មា​អ៊ែ​ល បិ​ន​ឧស្ម័ន ខេត្ត​ត្បូងឃ្មុំ ,​លោក ឌិន វុទ្ធី ខេត្តបន្ទាយមានជ័យ ,​លោក សៀង សឿន មេឃុំ​សាមគ្គី​ខេត្តកំពង់ធំ ,​លោក ទូច ម៉ា​រី​ន សមាជិក​ឃុំ​សាមគ្គី ខេ​ត​កំពង់ធំ , លោក លីម ប៊ុន​នី មេឃុំ​កៀន​ជ្រៃ ខេត្តកំពង់ចាម និង​លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ជាទូទៅ នៅ​អំឡុង​នៃ​ពិធី​បុណ្យជាតិ​ធំៗ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្នើសុំ​ឲ្យ​ត្រួតពិនិត្យ​លើ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​មួយចំនួន ដូចជា​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​បុណ្យអុំទូក​ខាងមុខនេះ មាន​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់ ត្រូវបាន​លើកលែង និង​បន្ធូរ​បន្ថយទោស​៕

ការប្រើទូកម៉ាស៊ីន​អូស​លៀស នៅ​ឃុំ​ផាត់​សណ្តាយ បង្ក​ការព្រួយបារម្ភ​ខ្លាំង

​ខេត្តកំពង់ធំ ៖​ច្បាប់​ស្តីពី​ជលផល​បានអនុញ្ញាត​ឲ្យ​អូស​លៀស ជា​លក្ខណៈ​គ្រួសារ​ធ្វើឡើង​ដោយ​ដៃ​តែប៉ុណ្ណោះ​។ ចំពោះមុខរ​បរអូស​លៀ​ស​ដោយ​ម៉ាស៊ីន​ធំៗ​ជា​លក្ខណៈ​អាជីវកម្ម​ទ្រ់​ទ្រាយ​ធំ គឺជា​អំពើ​ខុសច្បាប់​ត្រូវ​ហាមឃាត់ ព្រោះ​វា​បំផ្លាញ​ធនធាន​ជលផល​ជាតិ មាន​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ជាដើម​នៅក្នុង​បាតទន្លេ ដែលជា​ចំណី​ត្រី និង​ជម្រក​ត្រី​។​ នេះបើតាមការបញ្ជាក់េបស់មន្ត្រីជលផល។

​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨
​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​និយាយថា ការ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ទន្លេសាប នៅ​ចំណុច​កោះ​តាបរ អ្នក​ប្រកបមុខរបរ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ធ្វើឡើង​ដោយ​ដៃ​នោះ​គ្មាន​ទៀត​ទេ​។ ដោយហេតុថា ក្នុង​១​ថ្ងៃៗ​ពួកគាត់​អាច​អូស​លៀស​បាន​ពី ១០០ ទៅ ១៥០​គីឡូ ស្នើ​នឹ​ិ​ង​៣​កា​រ៉ុង តែប៉ុណ្ណោះ ហើយ​មុខរបរ​នេះ​រក​បានតែ ក្នុង​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ព្រោះ​ក្នុង​រដូវវស្សា​ខែ​ទឹក​ឡើង ទឹក​ជ្រៅ និង​ទឹក​ហូរ​មិនអាច​រកបាន​ឡើយ​។ ចំពោះមុខរ​បរអូស​លៀ​ស នេះ គឺមាន​ការលំបាក ត្រូវ​ព្យាយាម​តស៊ូ​នៅក្រោម​កំដៅថ្ងៃ កណ្តាលទន្លេ​រៀងរាល់ថ្ងៃ​។​

​ម្យ៉ាងទៀត ពេលរ​កលៀស​បាន​ត្រូវ​ដឹក​យកទៅ​លក់ដុំ​អោយ​ឈ្មួញ​នៅ​មាត់កំពង់​ផ្សារ​ភូមិ​ឆ្នុកទ្រូ​។ ចំណែក​ឈ្មួញ​គេ​បាន​ដឹក​លៀស​យកទៅលក់​នៅតាម​បណ្តា​ទីប្រជុំជន​តាម​ផ្សារ​នៅ​ខេត្ត​នានា បាន​ថ្លៃ​ទ្វេ​រដង តាម​ទីជិត​ឬ​ឆ្ងាយ ចំណែក​អ្នក​ហាល​លៀស​លក់រាយ​វិញ លក់បាន​ថ្លៃ​ក្នុង​១​កំប៉ុង​១៥០០ ទៅ ២០០០​រៀល ។​

​ប្រជា​នេសាទ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ សុំ​សំណូមពរ​ដល់​សមត្ថកិច្ច​ជលផល​មេត្តាជួយ​ទប់ស្កាត់ និង​បង្ក្រាប​អ្នក​អូស​លៀស​ខុសច្បាប់​ដោយ​ម៉ាស៊ីន​ធំៗ ជាច្រើន​គ្រឿង​ផងដែរ នៅក្នុង​ភូមិសាស្ត្រ​កោះ​តាបរ ដែល​ក្នុង​១​ថ្ងៃៗ​ពួកគេ​អាច​អូស​លៀស​បាន​រាប់សិប​តោន​ដឹក​យកមក​លក់​អោយ​ឈ្មួញ ដែល​ធ្វើអោយមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​ជាតិ ។​

​ដោយឡែក​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​ជលផល​ផាត់​សណ្តាយ បាន​ឲ្យ​ដឹងថា​៖ អ្នក​អូស​លៀស​ភាគច្រើន​មកពី​ឆ្នុកទ្រូ សមត្ថកិច្ច​ពិតជា​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ខ្លាំងណាស់ ព្រោះ​បទល្មើស​ជលផល​ត្រូវតែ​បង្ក្រាប​ក្នុងពេល​ប្រព្រឹត្ត​ជាក់ស្តែង ប៉ុន្តែ​កំលាំង​ជលផល​យើង​មាន​គ្នា​តិច ពួក​អ្នកប្រព្រឹត្ត​បទល្មើស​មាន​គ្នាច្រើន ឥលូវ​នេះ យើង​កំពុងតែ​ស្នើ​កម្លាំងចម្រុះ ចុះ​ប​ង្រា​ប ចាប់​ផាក​វិន័យ តាមច្បាប់​ជលផល ៕

​ទឹកទន្លេ​សាប និង​ចតុម្មុខ នៅ​ថ្ងៃ​បុណ្យអុំទូក មាន​កម្ពស់​ទាប និង​ហូរ​ខ្លាំង​

​ភ្នំពេញ ៖ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង ដែល​បាន​ស្រក ចុះ​លឿន​ជា​លំដាប់ ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២ និង​ម្យ៉ាង​ដោយសារ​ពេលនេះ ជា​ខែរនោច ទឹកសមុទ្រ​នាជ​ខ្លាំង​។ ទោះជា​យ៉ាង​ដល់​អំឡុង​ថ្ងៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង​នៅសល់​ក្នុង​រង្វង់​កម្ពស់ ៥​ម៉ែត្រ និង​មាន​ចរន្តទឹក​ហូរ​ចេញ​ខ្លាំង​។​

​ទឹកទន្លេ​សាប នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ហូរ​ចេញ​ខ្លាំង​ពេញបន្ទុក និង​ស្រក​លឿន ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២​។ ទឹកទន្លេ​មេគង្គ នៅ​ដើមខែ​វិច្ឆិកា នេះ ស្រក​ចុះ​យ៉ាងខ្លាំង​មួយថ្ងៃ ជិត​មួយ​តឹក ដែល​ធម្មតា ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ ស្រក​ចុះ​ក្នុង​មួយថ្ងៃ តែ​ពី ពីរ​ទៅ​បួន​ហ៊ុន​ទេ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មួយថ្ងៃ​ទឹក​ស្រក​មួយ​តឹក​។ នេះ​បើតាម​ឲ្យ​ដឹង​របស់លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម​។​

​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា ទឹក​បឹង​ទន្លេសាប​នៅ​ខ្ពស់ ឯ​ទឹកទន្លេ​មេគង្គ ស្រក​ចុះ​ទាប​ខ្លាំង បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុនៗ ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប មាន​កម្លាំង​ខ្លាំង​។ ធម្មតា​ទឹកទន្លេ​មេគង្គ ក្នុង​មួយ​រដូវវស្សា មាន​ជំនន់​ពីរដង តែ​នៅ​ឆ្នាំនេះ មាន​ជំនន់​កើតឡើង​តែម្តង រួច​ក៏​ចាប់ផ្តើម​ស្រក​ចុះ​រហូត​តាំងពី​ចុងខែ​កញ្ញា​មក​។

​ទោះបីជា​យ៉ាងណា ក៏​ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខ ទឹក​នៅក្នុង​ទន្លេ កន្លែង​ប្រារព្ធ​ពិធីបុណ្យ​នេះ នៅសល់​កម្ពស់​ក្នុង​រង្វង់ ៥​ម៉ែត្រ​ដែរ ដែលជា​កម្ពស់​ទឹក​កម្រិត​ទាប តែ​នៅ​ឆ្នាំ​ខ្លះ បុណ្យអុំទូក មានទឹក​នៅសល់តែ​ជាង ៤​ម៉ែត្រ ក៏មានដែរ​។​

​សូមជម្រាបថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា គឺ​ចំពេល​ស្ថានភាព​ទឹកទន្លេ នៅសល់​កម្ពស់​ទាប និង​ហូរ​ខ្លាំង​៕

​ក្រុង​ប៉ោយប៉ែត រៀបចំ​សាងសង់​ព្រលានយន្តហោះ​ថ្មី​ឡើងវិញ​នៅ​ឆ្នាំក្រោយ​

​ប៉ោយប៉ែត ៖ អាកាសយានដ្ឋាន​ក្រុង​ប៉ោយប៉ែត នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅ​រដូវប្រាំង ឆ្នាំ​២០១៩ ខាងមុខនេះ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សាន ស៊ា​ង​ហូ ។​

​លោក​អភិបាលក្រុង​បាន​រំលឹកថា ព្រលានយន្តហោះ​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០០៨ ហើយ​លោក​ជា​អ្នកម៉ៅការ​សាងសង់​ព្រលានយន្តហោះ​នេះ​ផ្ទាល់​។ ព្រលាន​នេះ ត្រូវបាន​សាងសង់​ផ្លូវរ​ត់របស់​យន្តហោះ​រួចហើយ នៅតែ​ចាក់​បេតុង​បន្ថែម និង​សាងសង់​អគារ​ទទួល​អ្នកដំណើរ​តែប៉ុណ្ណោះ​។ ព្រលានយន្តហោះ​នេះ​មាន​ទំហំ​ផ្ទៃដី​ចន្លោះ​ពី ១០០ ទៅ ២០០​ហិកតា ដែល​អាច​ប្រើប្រាស់​សម្រាប់​ការហោះហើរ​ក្នុងស្រុក និង​អាច​ភ្ជាប់​ទៅកាន់​អន្តរជាតិ​នាពេល​អនាគត​។​

​គួរ​ជម្រាប​ថា ព្រលានយន្តហោះ​នេះ ស្ថិតនៅ​តំបន់​មួយ​ដែល​គេ​ហៅថា “​តំបន់​កូនដំរី​” មាន​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត​។ ព្រលាន​នេះ ជា​កម្មសិទ្ធិ និង​វិនិយោគ​ដោយ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ហូ​លី​ដេ​។ ចំណាយពេល​ពី ៣ ទៅ ៥​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​សង់​នៅ​ឆ្នាំ​២០២០​។ ព្រលាន​នេះ គឺ​សម្រាប់​បម្រើ​តែ​ជើងហោះហើរ​ក្នុងស្រុក​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​អាច​ទទួល​យន្តហោះ​ប្រភេទ Boeing 731 និង Airbus 320 ផងដែរ​។ ការវិនិយោគ​សាងសង់​ឡើងវិញ នូវ​ព្រលានយន្តហោះ​នេះ អាច​ចំណាយ​ទុន​ពី ៤០ ទៅ ៥០​លាន​ដុល្លារ​៕

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា ឱសថ​ក្លែងក្លាយគឺជា​ឃាតករ​លាក់​មុខ​

​ឱសថ​ក្លែងក្លាយ គឺជា​ឃាតករ​លាក់​មុខ ដែល​ប្រជាពលរដ្ឋ​មិនបាន​ដឹង ហើយ​កំពុងតែ​ប្រឈមមុខ នឹង​គ្រោះថ្នាក់​នេះ​។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសា​ស ន៍​បែបនេះ នៅក្នុង​ជំនួប​ពិភាគ្សា​ការងារ​ជាមួយ​លោក ស្យ​ង់ ដេ​វិត ឡឺ​វិត (Jean David Levitte) ប្រធាន​ក្រុម ប្រឹក្សា​ភិ​បាល​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​សម្តែង​ការគួរ​សមនេះ លោក Jean David Levitte បាន​ជម្រាបជូន​សម្តេច​តេ​ជោ ថា កាល ពីមុន​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១១ លោក និង​សម្ដេច​តេ​ជោ បាន​ឯកភាពគ្នា​ក្នុងការ សហការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​តំបន់​ស្ដីអំពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​។​

​សម្តេច​តេ​ជោ បាន​ឯកភាព​ក្នុងការ​ពង្រីក​វិសាលភាព​នៃ​សន្និសីទ​តំបន់​នេះ ដើម្បី​ឲ្យ​ប្រទេស​ដទៃ ទៀត​បាន​យល់ដឹង និង​សុំ​ឲ្យ​ប្រទេស​ធំៗ​ខ្លះ អាចជួយ​គាំទ្រ​ឲ្យ​ដំណើរការ​ក្នុងការ​ប្រយុទ្ធប្រឆាំង ឱសថ​ក្លែងក្លាយ​កាន់​តែមាន​ប្រសិទ្ធភាព​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី​៤ ខែវិច្ឆិកា ស្លាប់​៦​នាក់ របួស​១១​នាក់

​ផ្នំ​ពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​កើតឡើង​ចំនួន​១១​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៦​នាក់ របួសធ្ងន់​ស្រាល​១១​នាក់​។​

​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៣​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន គ្រោះ ថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​កត្តា​ល្បឿន​, មិន​គោរព​សិទ្ធិ​, បើកបរ​ប្រជែង ,​មិន​ប្រកាន់​ស្តាំ និង​ងងុយដេក​។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៤​ថ្ងៃ គឺ​ថ្ងៃ​១ ដល់​ថ្ងៃទី​៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៩​នាក់ របួសធ្ងន់ ស្រាល​សរុប ៥៧​នាក់​៕

ឆេះ​កន្លែង​លក់​សាំង​ដប រាលដាល​ឆេះ​រថយន្ត​៤​គ្រឿង​នៅមុខ​ផ្សារលើ ខេត្ត​ព្រះសីហនុ(Video)

​ព្រះ​សីហ​នុ ៖ អគ្គិភ័យ បាន​ឆាបឆេះ​នៅ​កន្លែង​លក់​សាំង​ដប​មួយកន្លែង កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៤ វិច្ឆិកា នៅ ខាង មុខ ផ្សារលើ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នេះ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​។​

​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឱ្យដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង គឺ​បណ្ដាលមកពី​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់ បាន​ចូលទៅ​ចាក់​សាំង​នៅ​ទីនោះ ហើយ​ជក់បារី ដែល​នាំ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បន្ដ​ឆេះ​រាលដាល​លើ​រថយន្ដ ដែល​ចត​នៅមុខ​ផ្សារ ជិត​កនលែង​នោះ និង​ប៉ុស្ដិ៍​ប្រែ​ស​ណី​យ៍ ដែល​នៅក្បែរនោះ​ផងដែរ​។

​រថយន្ត​ដែល​ត្រូវ​ភ្លើ​ឆេះ រួមមាន រថយន្ត​ម៉ាក Lexus ចំនួន​២​គ្រឿង ម៉ាក Highlander ១​គ្រឿង រថយន្ត​តូច ១​គ្រឿង និង​ម៉ូតូ​កង់​បី ១​គ្រឿង ។ ក្រោយពី​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​រួចមក អគ្គីភ័យ​នោះ​ក៏​រលត់ទៅវិញ​»៕

ក្នុង​១​ខែតុលា បង្ក្រាប​គ្រឿងញៀន​៦៨៤​ករណី ឃាត់ខ្លួន​ជិត​១.៥០០​នាក់ និង​​ថ្នាំញៀន​ជាង១៥​គ​.​ក្រ​.

​ភ្នំពេញ ៖ រយៈ​ពេញ​ក្នុង​មួយខែ​តុលា ឆ្នាំ​២០១៨ នេះ កម្លាំង​សមត្ថកិច្ច បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ទូទាំង​ប្រ​ទែស​បាន​ចំនួន ៦៨៤​ករណី ឃាត់​ជនសង្ស័យ​ចំនួន​១,៤១៨​នាក់ និង​ដកហូត​បាន ថ្នាំញៀន ជាង​១៥ គីឡូ ក្រាម​។

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បង្ក្រាប​គ្រឿងញៀន បាន​បញ្ជាក់ថា ក្នុងនោះ​រួមមាន​៖ ជួញដូរ ៤៣៣ ករណី ឃាត់​៨១០​នាក់ (​ស្រី​៨៧​នាក់​) ប្រើប្រាស់​២៤០​ករណី ឃាត់​៦០៦​នាក់ (​ស្រី​៣៦​នាក់​) ។ ការដាំដុះ​ចំនួន ១១ ករណី ឃាត់​២​នាក់ (​ស្រី​២​នាក់​) ក្នុងនោះ មាន​ជនបរទេស ១៩​នាក់ (​ស្រី​៣ នាក់​) ជនជាតិ​វៀតណាម​១២​នាក់​, ថៃ​៣​នាក់​, ចិន​ហុងកុង​១​នាក់​, ចិនតៃវ៉ាន់​១​នាក់​, ប៊ែ​ល​ហ្សិ​ក ១​នាក់​, កូរ៉េ​១​នាក់​៕

សមត្ថកិច្ច​កម្ទេច ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់​ខូចគុណភាព​ជាង​១​តោន

​ភ្នំពេញ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​អគ្គនាយកដ្ឋាន កាំកុងត្រូល នៅ​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បានសម្រេច​ដុត​កំទេចចោល​នូវ ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់ ខូចគុណភាព ជាង​មួយ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​នាំចូល​ពី​ប្រទេស​ថៃ​មក​លក់​នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​។ ការដុត​បំផ្លាញចោល​នេះ ធ្វើឡើង​នៅ​ទីលាន​ចាក់សំរាម បឹង ជើងឯក​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ស្លាប ជង្គង់ ជើង និង​ភ្លៅ​មាន់ ខូចគុណភាព ត្រូវបាន​ចាប់​ឃាត់​ខណៈ ឈ្នួ​ញ​កំពុង​ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង ម៉ាក KIA Bongo ស្លាក​លេខ 2AD 8321 នៅ​ចំណុច ខាងកើត​ស្ពាន​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយបាន​នាំខ្លួន​អ្ន​បើកបរ​ម្នាក់ និង​អ្នករួមដំណើរ​ម្នា​ក់មក នាយកដ្ឋាន ដើម្បី​ចាត់ការ​តាម​បន្ត​នីតិវិធី​។​

​គួរ​ជម្រាប​ថា ជារឿយៗ ឈ្នួ​ញ​តែងតែ​ឆ្លឿ​ត​លួច​ដឹក​កាកសំណល់​សត្វពាហនៈ ដូចជា ចុង​ស្លាបមាន់ ជង្គង់ ជើង ភ្លៅ និង​គ្រឿងក្នុង​ជ្រូក គោ ក្របី ដែល​ខូចគុណភាព​ពី​ប្រទេស​ថៃ មក​ចែកចាយ​នៅ​ទូទាំង​កម្ពុជា​។​ករណី​អាច​នាំ​មកដល់​កណ្តាល​ក្រុង​ភ្នំ​ពេ​បាន​បែបនេះ អាស្រ័យ​ដោយ មានការ​ឃុបឃិត​គ្នា តាំងពី​ច្រកព្រំដែន​រហូតមកដល់​ទីផ្សារ​ក្នុងស្រុក​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​៕

បាក់​ច្រាំ​ទន្លេ​មុខ​សណ្ឋាគា​រអិល​ប៊ី​អិន​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាម ៖ ច្រាំងទន្លេ និង​សួនច្បារ​មាន​ទីតាំង​នៅមុខ​សណ្ឋាគារ អិ​ល​ប៊ី​អិន របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា នៅ​ក្រុង​កំពង់ចាម បាន​បាក់ស្រុត​អស់​បណ្តោយ​ប្រវែង​ប្រហែល​ជាង ១០០​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្មីៗ​នេះ បានធ្វើអោយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​នគរបាល ព្រមទាំង​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព និង​ផលប៉ះពាល់​យ៉ាងខ្លាំង ។

ច្រាំងទន្លេ​មាន​ចាក់​បេតុង​តាម​បណ្តោយ​ថ្នល់ជាតិ លំអរ​ដោយ​រូបសំណាក​ផ្សេងៗ និង​មាន​សួនច្បារ​សំរាប់​ប្រជាពលរដ្ឋ​ដើរលេង​កំសាន្ត​ជា​ស្នាដៃ​របស់​អតីត​អភិបាលខេត្ត​កំពង់ចាម គឺ​លោក លន់ លឹម​ថៃ ដែល​បាន​រចនា​អោយ​មាត់ទន្លេ មាន​សោ​ភ​ណ្ឌ័​ភាព​គួរអោយ​មោទន​របស់​ខេត្តកំពង់ចាម​។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្រាប់តែ​បាក់ស្រុត​អស់​ប្រវែង​បណ្តោយ​ថ្នល់​ប្រវែង​ជាង​១០០​ម៉ែត្រ ធ្វើអោយ​ការដើរ​កំសាន្ត​ត្រូវ​វ​ឆ្ងាយ​ពី​ម្តុំ​មុខ​សណ្ឋាគារ អិ​ល​ប៊ី​អិន ដែលមាន​កំពស់​ខ្ពស់​ស្កឹមស្កៃ​។ ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ខ្លាច​គ្រោះធម្មជាតិ មួយ​នេះ​ដែល​កំពុង​គំរាមកំហែង​ដល់​ហេ​ដ្ឋា​រចនា​នៅ​ក្រុង​កំពង់ចាម​៕

សម្តេច ស ខេង អញ្ជើញ​បើក​ទិវា​អន្តរជាតិ​នៃ​សុវត្ថិភាព​ចរាចរណ៍​នៅ​ខេត្តពោធិសាត់​

​ពោធិសាត់ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​០៣ ខែ វិច្ឆិកា ២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់ ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១៣ ស្ថិតនៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ដោយមាន​ការគិតគូរ​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​មាន​សុ​ឆន្ទៈ​ខ្ពស់​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​ចលនា​របស់​ពិភពលោក ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ គ្រោះថ្នាក់​ចរាច​ណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​រៀបចំ​ទិវា​នេះ​ក្នុង​គោលបំណង ដើម្បី​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ តាមរយៈ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះ ថ្នាក់ ការដឹក​លើស​ទំងន់​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

សូមបញ្ជាក់ថា ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍ រៀបចំ​តាំងពី​ឆ្នាំ ២០០៦ ហើយ​ដែល​ប្រារព្វ​លើក​ទី​១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃអាទិត្យ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៦៕

​រកឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ​ឥណ្ឌូ​នេស៊ី​ដែល​ធ្លាក់​ស្លាប់​១៨៩​នាក់​

​ឥណ្ឌូណេស៊ី ៖ ក្រុម​ពំនា​ញ​មុជទឹក បាន​រកឃើញ​ប្រអប់​ខ្មៅ​ទី​២ ដែល​កត់ត្រា​អំពី​ទិន្នន័យ​អំពី​ការហោះហើរ​របស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air របស់​ឥណ្ឌូណេស៊ី តែ​ប្រអប់​នេះ​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ជាហេតុ​ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត របស់​ឥណ្ឌូណេស៊ី​ជួបប្រទះ​ការលំបាក​ច្រើន​ទៀត​។​

​លោក Haryo Satmiko អនុប្រធាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ឥណ្ឌូណេស៊ី​ប្រាប់ Reuters ថា យើងខ្ញុំ​នៅ​ពុំទាន់​អាច​ទាញយក (Download) ពី​ប្រអប់​ខ្មៅ​បានឡើយ​ទេ ព្រោះ​ផ្នែក​មួយចំនួន​ត្រូវ​បែកខ្ទេច​»​។ អ្នកជំនាញ​រូបនេះ​លើកឡើងថា ការដែល​ប្រអប់​ខ្មៅ​រង​សភាព​ខូចខាត​បែបនេះ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត​ពិត​ជា​លំបាក​។ លោក​Satmiko ប្រាប់ថា សមត្ថកិច្ច​ឥណ្ឌូណេស៊ី​កំពុង​រង់ចាំ​ជំនួយ​ពី​អ្នកជំនាញការ​អាមេរិក ឬ​ក្រុមហ៊ុន Boeing ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាងលើ​។​

​ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​បាតសមុទ្រ​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​សមត្ថភាព​ការពារ​ការប៉ះទង្គិច​ខ្លាំង​បាន ប៉ុន្តែ​ការខូចខាត​ជាក់ស្តែង​បង្ហាញឱ្យឃើញថា​កម្លាំង​ប៉ះទង្គិច​ពេល​យ​ន្តះ​ហោះ​ធ្លាក់ចុះ​សមុទ្រ​ពិតជា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​ប្រអប់​ខ្មៅ​រង​ការខូចខាត​បែបនេះ​។ ការប៉ះទង្គិច​យ៉ាងនេះ​ទើប​ធ្វើឱ្យ​យន្តហោះ​បែក​ជា​បំណែក​តូចៗ ហើយ​សាកសព​ជនរងគ្រោះ​ក៏​ដូចគ្នា​ដែរ​។​

​សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​ផ្ទុក​មនុស្ស​១៨៩​នាក់ ក្នុងនោះ​រួមមាន​មនុស្ស​វ័យ​ជំទង់​១៧៨​នាក់​, កុមារ​ម្នាក់​, ទារក​០២​នាក់​, ពី​ឡុ​ត ០២​នាក់ និង​ក្រុម​សហសេវិក ០៦​នាក់​ផ្សេងទៀត​បាន​ធ្លាក់ចូល​ទឹកសមុទ្រ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​ហោះហើរ​ពី​រដ្ឋធានី​ហ្សា​ការ​តា ទៅកាន់​ទីក្រុង ផាង​កាល ភី​ណា​ង (Pangkal Pinang) កោះ​បាង​កា (Bangka) របស់​ឥណ្ឌូណេស៊ី​៕

ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​លើក​ទី​៣ នឹងធ្វើ​នៅ​ខែឧសភា ឆ្នាំក្រោយ​

​ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ចំនួន​២​លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​២០០៩ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៤ ពោលគឺ​ធ្វើ​ឡើងជា​រៀងរាល់​៥​ឆ្នាំ​ម្តង​៕

អ្នក​ចង់​រកស៊ី​ឈើ​ខុសច្បាប់​តែ​គ្មាន​កំហុស អញ្ជើញទៅ​ស្រុក​កែវ​សីមា

​ខេត្តមណ្ឌលគិរី ៖ រថយន្ត​ប្រភេទ​សាំ​យ៉ុង​ចំនួន​៣​គ្រឿង​ដឹកឈើ​ពេញបន្ទុក ត្រូវបាន​សមត្ថកិច្ច បរិស្ថាន​ចាប់​ឃាត់ទុក តែ​ដោះលែង​អ្នកបើកបរ ខណៈ​រថយន្ត​ទាំង​៣​នេះ កំពុង​ដឹកឈើ​ប្រណីត​ទំហំ​ធំៗ​ជាច្រើន​ដើម ឆ្ពោះទៅ​ព្រំដែន ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ស្រុក​កែវ​សីមា​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​នេះ កើតឡើង​នៅវេលា​ម៉ោង ៤​ទាបភ្លឺ ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី​។ ក្រោយពេល​ឃាត់​រថយន្ត​ត្រួតពិនិត្យ​រួចហើយ មន្ត្រី​បរិស្ថាន បាន​នាំយក​ទាំង​រថយន្ត និង​ឈើ​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ដែន​ជម្រក​កែវ​សីមា រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ជា​ក្រោយ ចំណែក អ្នកបើកបរ​រថយន្ត បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប្រភព​ដដែល​បន្តថា ករណីបែបនេះ​មិនមែនជា​លើក​ទី​១​ទេ ប៉ុន្តែ​គេ​ដឹងថា សមត្ថកិច្ច​ជំនាញ​ជាច្រើន ផ្នែក រាប់ទាំង​អាជ្ញាធរ​ដែនដី សុទ្ធតែ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្នួ​ញ​កាប់បំផ្លាញ​ឈើ​ខុសច្បាប់ ដែល ឈើ​ខ្លះ​ស្ថិតក្នុង​តំបន់​អភិរក្ស​ទៀតផង ក៏​ត្រូវគេ​បើកដៃ​ឲ្យ​កាប់ និង​ដឹក​ចេញ​ទាំង​ឡានៗ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​ពីអ្វី​នោះឡើយ​។​

​ប្រភព​បន្តថា ជាក់ស្តែង​ដូចជា​ករណី​ខាងលើនេះ​ជាដើម គឺ​ក្រុម​ឈ្នួ​ញ បាន​ដឹកឈើ​ប្រភេទ​កកោះ ចំនួន ៣​គ្រឿង ឆ្លង​កាត់មុខ​ក្រុម​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី យ៉ាង​រលូន​ឆ្ពោះទៅ​ព្រំដែន​ប្រទេស​វៀតណាម ប៉ុន្តែ​លោក ព្រំ វណ្ណា នាយការិយាល័យ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ មិន​ចាត់ការ​រឿងនេះ​ឡើយ ធ្វើ​ឲ្យ​មាន ការ​រិះគន់ថា លោក ព្រំ វណ្ណា ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ តាម​ទំនើងចិត្ត​។​ប្រភព​ដដែល​បន្តថា ឈើ​ទាំងនេះ ត្រូវ​សមត្ថកិច្ច​បរិស្ថានចាប់បាន ​ខណៈ​កំពុង​ធ្វើ​បេសកកម្ម តាមផ្លូវលំ​ត្រង់ចំណុច​ចំការកៅស៊ូ ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​ ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពេល​សាកសួរ ទើប​ដឹងថា កន្លងមក អ្នករកស៊ី​ដឹកឈើ​ខាងលើនេះ គេ​បាន​រត់ការ​បង់លុយ​តាម​លំដាប់​ជំនាញ​ឲ្យ​គ្រប់​ស្ថាប័ន​អស់ហើយ ពិសេស​គេឲ្យទៅ​ក្រុម​គណៈ កម្ម​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែម្តងដែលមាន​លោក ព្រំ វណ្ណា ជា​អ្នកគ្រប់គ្រង​។​

គួរជម្រាបថា ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ខេត្ត​ណា​ក៏​ដូច​ខេត្ត​ណា​ដែរ សុទ្ធតែ​ល្បីល្បាញ​ពី​ករណី​ជួញដូរ​ឈើ​ល្មើសច្បាប់ ការកាប់បំផ្លាញ​ព្រៃឈើ ដែល​សូម្បីតែ​ក្នុង​តំបន់​អភិរក្ស​ក៏​មិន​សល់​ដែរ រហូតដល់​ថ្នាក់​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ច​ម្រះ​ស្ថាប័ន ចុះបង្ក្រាប និង​ធ្វើ​អធិការកិច្ច​គ្រប់​ច្រកល្ហក ហើយ​នៅពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​ពី​ក្រៅប្រទេស​ខណៈ​លោក​កំពុង​បំពេញ​បេសកម្ម​នៅ​ទ្វីបអឺរ៉ុប​ថា លោក​ស្អប់​ណាស់​ពួក​បំផ្លាញ​ព្រៃឈើ ហើយ​លោក នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់ប្រហារ​ពីលើ​អាកាស​លើ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើទៀតផង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​មិន​បានឃើញ​ឈ្នួ​ញ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ឬ​ទទួល​ទោសទណ្ឌ​នោះឡើយ​។ បើ​ដូច្នេះទេ អ្នក​ដែល​ចង់​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ដោយ​មិនមាន​ទោសពៃរ៍ អាច​ទៅ​តំបន់​ភាគ​ឦសាន​កម្ពុជា ពិសេស ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្រែង​មាន​វាសនា​ធ្វើ​មាន​ធ្វើបាន​ដូច​បុគ្គល​មួយចំនួន​។​

​លើក​ក្រោយ ភ្នាក់ងារ​ព័ត៌មាន មេគង្គ ប៉ុស្តិ៍ នឹងធ្វើ​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ទៀត​ពី​ករណី​ជួញដូរ​ឈើ​ល្មើសច្បាប់ នៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​ត្បូងឃ្មុំ​៕


​(​ ក្រុមមន្ត្រីបរិស្ថាន ស្រុកកែវសីមា ដែលឃាត់ចាប់រថយន្តដឹកឈើល្មើសច្បាប់)