ខេត្តព្រះសីហនុ ៖ ទឹកកខ្វក់ ឬទឹកស្អុយ ដែលកន្លងមកបានហូរចូលសមុទ្រ ដោយមិនឆ្លងកាត់អាចម្រោះទឹកស្អាតជាមុន នឹងលែងមានបញ្ហាចោទទៀតហើយ ព្រោះថាពេលនេះ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ចំនួន ៥កន្លែង ផ្សេងៗគ្នា នាទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីបំលែង ឬចម្រោះទឹកស្អុយ ជាមុនៗ ឱ្យហូរចូលទៅក្នុងសមុទ្រ។
នេះជាការបញ្ជាក់របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងឱកាសចុះទៅពិនិត្យមើលសកម្មភាព នៃការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់១កន្លែងក្នុងចំណោម ៥កន្លែង មានទីតាំងនៅខាងក្រោយសណ្ឋាគារ សុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យ៉ាងណាក៏ដោយ លោក យន្ត មីន បញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ខាងលើនេះរួចរាល់ អាចនឹងកាត់បន្ថយការហូរទឹកស្អុយ ហូរចូលសមុទ្របានជាង ៩០% នៅរដូវប្រាំង ប៉ុន្តែចំពោះនៅរដូវវស្សាវិញ គឺមិនអាចកាត់បន្ថយការហូរទឹកស្អុយចូលសមុទ្រ ស្ទើរទាំងស្រុងដូចខែប្រាំងនោះទេ៕


ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះពិនិត្យប្រពន្ធ័ភ្លើងតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បន្ទាប់ពីតុបតែង និងស្ថាបនារួចរាល់នៅតំបន់វិមានឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។
វិមានឈ្នះឈ្នះ នឹងត្រូវរៀបចំពិធីសម្ពោធរយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានអុចកាំជ្រួចបែប3D នាពេលរាត្រីផងដែរ ។
គួររំឭកថា នៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍បុណ្យជាតិធំៗចំនួនពីឬ គឺពិធីសម្ពោធវិមានឈ្នះឈ្នះ និងបុណ្យរំឭកខួប៧មករា។ ដោយឡែកពិធីសម្ពោធវិមានឈ្នះឈ្នះ មានរយៈពេល៣ថ្ងៃរួមនឹងពិធីឆ្លងឆ្នាំសកល ដែលនៅឱកាសនោះក៏មានស្តង់ដាក់តាំងបង្ហាញសមិទ្ធផលតាមក្រសួងនានា និងផលិតផល ផ្សេងៗប្រមាណ៦០០ស្តង់ផងដែរ៕

បាត់ដំបង ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងនៅពេលថ្មីៗនេះថា សន្យាជួយរកទីផ្សារបន្លែ និងលើកទឹកចិត្ដដល់កសិករដែលដាំបន្លែ ឬផ្លែឈើឲ្យមានលក្ខណៈមានសុវត្ថិភាពល្អ ងាយស្រួលក្រសួងរកទីផ្សារដែលមានតម្លៃសមរម្យ ខណៈកម្ពុជានៅតែបន្តនាំចូលបន្លែពីខាងក្រៅមកផ្គត់ផ្គង់បន្ថែមលើទីផ្សារនៅទូទាំងប្រទេស។
មន្ត្រីជំនាញលើកឡើងបែបនេះ ក្នុងពិធីបើកផ្សារណាត់បន្លែមានសុវត្ថិភាព ផលិតផលមានសុវត្ថិភាព (GAP) និងពាក់ស្លាកសញ្ញាបន្លែមានសុវត្ថិភាពជូនកសិករ នៅថ្ងៃទី១៩ ធ្នូនេះ នៅខេត្តបាត់ដំបង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជ្ជរ៉ា បានឲ្យដឹងថា បន្លែចម្រុះដាំនៅក្នុងខេត្តបាត់ដំបង នាំចេញទៅលក់លើទីផ្សារនានាទូរទាំងប្រទេស ពិសេសខេត្តសៀមរាម បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ប្រមាណជាង ២០០តោន ក្នុងមួយថ្ងៃៗ៕


ខេត្តក្រចេះ ៖ ក្រុមហ៊ុនម្សៅដំឡូងមីរបស់ប្រទេសកូរ៉េឈ្មោះ(ស៊ីងសុង) ផ្អាកការផលិតមួយរយៈបន្តាប់ពីជះក្លិនស្អុយមកលើពលរដ្ឋ និងបង្ហូរកាកសំណលមិនស្អាតពីការកែច្នៃ ដំឡូង ចូលក្នុងទឹកព្រែក និងអូរ ក្នុងសង្កាត់អូរឬស្សី ក្រុង ខេត្តក្រចេះ។
ក្រុមហ៊ុនផលិតម្សៅដំឡូងមីរបស់ប្រទេសកូរ៉េឈ្មោះ(ស៊ីងសុង)ដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៧ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ បានប្រកាសផ្អាកការផលិតម្សៅដំឡូងមីមួយរយៈចាប់ពីថ្ងៃទី១៩ ខែធ្នូ នេះតទៅ បន្ទាប់ពីកាកសំណល់សល់ពីការកែច្នៃបានជះខ្លិនស្អុយមកលើពលរដ្ឋ និងបានបង្ហូរកាកសំណលមិនស្អាតពីការកែច្នៃដំឡូងចូលក្នុងទឹកព្រែក និងអូរ ធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ ក៏ដូចជាសត្វពាហនៈ។ ក្រុមហ៊ុននឹងចាប់ដំណើរការឡើងវិញនៅពេលជួសជុលកែច្នៃប្រព័ន្ឋកាកសំណល់ឲ្យមានភាពប្រសើឡើងវិញ ។
លោក ឈឺន រឹទ្ឋ ចៅសង្កាត់អូរឫស្សី ក្រុងក្រចេះ បានឱ្យដឹងថា អាជ្ញាធរស្រុក និងក្រុង បានចុះទៅពិនិត្យដល់ក្រុមហ៊ុនជាញឹកញាប់ និងសំណូមពរឱ្យក្រុមហ៊ុន កែសម្រូលប្រព័ន្ឋលូបង្ហូរកាកសំណលឱ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា ក្រុមហ៊ុនម្សៅដំឡូងនេះ បានជួយលើកស្ទួយជីវភាពពលរដ្ឋបានច្រើន ដូចជាការផ្តល់ការងារ និងទិញដំឡូងក្នុងតម្លៃខ្ពស់។ ក្រុមហ៊ុន តែងតែសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើជំហរដោះស្រាយពីបញ្ហាចន្លោះប្រហោងដែលបង្កការប៉ះ ពាល់ដល់ពលរដ្ឋ៕

ខេត្តព្រះសីហនុ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ បានរកឃើញបង្គា មឹក មានចាក់បញ្ចូលសារធាតុចាហួយចំនួយ១៣,៧០គ.ក្រ. ដាក់លក់នៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់។
ប្រតិបត្តិការនេះ បានការសហការពីស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផងដែរ។
មន្ត្រីកាំកុងត្រូល ឲ្យដឹងថា ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកឃើញមានសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារ និងគ្រឿងសមុទ្រមួយចំនួនដូចជា បង្គា មឹក ហើយត្រូវបានដកហូត និងធ្វើការណែនាំដល់បងប្អូនងាជីវករឲ្យបញ្ឈប់ការលក់នូវផលិតផលខូចគុណភាព ឬមានផ្ទុកសារធាតុគីមីហាមឃាត់ជាបន្តទៅទៀត ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់នៅពេលណាដេលរកឃើញនៅថ្ងៃក្រោយទៀត៕



ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ ស្តេចបានយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ។
តាមកម្មវិធីគ្រោងទុក ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុង Hanoi និងទីក្រុង Danang វៀតណាម គឺចាប់ពីថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨ តាមការសូមយាងរបស់រដ្ឋាភិបាលវៀតណាម។
សូមបញ្ជាក់ថា ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារជំនួសព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា”៕

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅឧទ្ធរណ៍ ក្រោយសាលាដំបូងកាត់ទោសឲ្យរូបលោក និងមេសហជីព ៥រូបផ្សេងទៀត ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ តែត្រូវព្យួរទោស និងបង់ប្រាក់ជំងឺចិត្តទៅជនរងគ្រោះ ២នាក់ ចំនួន៣៥លានរៀល ។
គួររំឭកថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ លោក ប៉ាវ ស៊ីណា និងបេសហជីពចំនួប៥នាក់ផ្សេងទៀត ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឲ្យមេសហជីពទាំង៦ ត្រូវជាប់ពន្ធនាគារម្នាក់ ២ឆ្នាំ៦ខែ ប៉ុន្តែទោសត្រូវព្យួរ។ ក្នុងនោះបង់ជំងឺចិត្ត ទៅមន្ត្រីនគរបាល២នាក់រងរបួសចំនួន ៣៥លានរៀល ពាក់ព័ន្ធបទល្មើសផ្តើមគំនិត ដឹកនាំបាតុកម្មឲ្យមានអំពើហិង្សា នៅផ្លូវវេងស្រេង ក្រោយការបោះឆ្នោតថ្នាក់ជាតិកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
មេសហជីពទាំង៦នាក់នោះ រួមមាន៖ លោក អាត់ ធន , លោក ជា មុន្នី , លោក រ៉ុង ឈុន , លោក ប៉ាវ ស៊ីណា , លោកស្រី ម៉ម ញឹម និងលោកស្រីយ៉ាង សុភ័ណ្ឌ៕

បាត់ដំបង ៖ ពលរដ្ឋអះអាងថា ថ្មីៗនេះ គោមួយក្បាលបានងាប់នៅក្នុងភូមិ ដោយ សន្និដ្ឋាន ថា គឺមានសត្វខ្លាធំបានចេញពីព្រៃមកខាំ សម្លាប់ដល់ក្នុងភូមិមួយស្ថិត ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ បានប្រាប់ថា បន្ទាប់ពីគេប្រទះឃើញសត្វគោមួយក្បាល បានស្លាប់ដោយសត្វខ្លាចេញពីព្រៃចូលមកក្នុងភូមិខាំសម្លាប់គោអស់មួយក្បាលនៅក្នុង រួចមក ធ្វើអោយប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្ភ យ៉ាងខ្លាំងពីសុវត្ថិភាព។
តាមសំដីម្ចាស់គោឈ្មោះ ស៊ុន ភាព ភេទ ប្រុស អាយុ ៣២ ឆ្នាំនិងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា នៅយប់ម៉ោង២ ទាបភ្លឺថ្ងៃកើតហេតុខាងលើ មានសត្វខ្លាធំមួយក្បាល គេបានប្រទះឃើញចេញពីក្នុងព្រៃរត់ ចូលមកក្នុងភូមិ ហើយធ្វើសកម្មភាពខាំកាច់ករសម្លាប់សត្វគោ១ក្បាលស្លាប់ភ្លាមៗតែម្ដង។
ប្រជាពលរដ្ឋនៅតំបន់នោះ មានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសពួកក្មេងៗ ព្រោះពេលនេះពួកគាត់យល់ថា វាកើតរឿងហេតុចំលើសត្វ តែបើថ្ងៃក្រោយនឹងអាចកើតលើមនុស្សក៏ថាបាន ព្រោះករណីនេះ បានកើតឡើងច្រើនដងហើយ ហើយក៏សូមអំពាវនាវ ដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍លើបញ្ហានេះផង៕


អង់ការ៉ា ៖ រដ្ខបាលប្រទេសទួកគី មិនបោះបង់ការស៊ើបអង្កេតនោះឡើយចំពោះករណីរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦ បើទោះបីជារដ្ឋប្រហារនេះត្រូវបានបង្ក្រាបក៏ដោយ ហើយនៅពេលនេះ អាជ្ញាធរទួកគី បានបន្តចាប់ខ្លួនមន្ត្រីយោធាចំនួន១១៨នាក់ផ្សេងទៀត។
តាមការផ្សាយរបស់សារព័ត៌មានរដ្ឋតួកគី Anadolu បានឲ្យដឹងថា ទោះបីរដ្ឋប្រហារបញ្ចប់ទៅទាំងបរាជ័យ អស់រយៈពេលជាងពីរឆ្នាំទៅហើយក្តី ក៏បណ្តាមន្ត្រីរដ្ឋាភិបាល និងជនស៊ីវិលនានាដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងចលនានេះ នៅតែត្រូវបានស្រាវជ្រាវ និងចាប់ខ្លួនជាបន្តបន្ទាប់ ហើយនាពេលនេះអាជ្ញាធរតួកគីទើបតែបានចាប់មន្ត្រីយោធាសរុប ១១៨នាក់បន្ថែមទៀតយកទៅឃុំខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
នាយទាហានទាំង ១១៨នាក់ខាងលើនេះ គឺស្ថិតនៅក្នុងកាតព្វកិច្ចយោធា ហើយពេលនេះពួកគេត្រូវក្លាយជាជនជាប់ចោទ ដោយសារតែមានជាប់ពាក់ព័ន្ធទៅនឹងអង្គការភេរវកម្មប្រដាប់អាវុធធំមួយ ដែលអាជ្ញាធរតួកគីចាត់ចូលទៅក្នុងក្រុម ដែលបានចូលរួមធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កងកម្លាំងប៉ូលិសតួកគីបានចេញប្រតិបត្តិការនៅខេត្តចំនួន ៤៦ ទូទាំងប្រទេស ដោយបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ តបតាមបទបញ្ជាពីការិយាល័យប្រធានរដ្ឋអាជ្ញាសាធារណ នៃទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកដែលត្រូវបានចាប់ខ្លួនខាងលើនេះ ក៏ត្រូវបានអាជ្ញាធរតួកគីចោទប្រកាន់ផងដែរថា បានធ្វើការទាក់ទង ដោយផ្ទាល់តាមទូរស័ព្ទជាមួយបណ្តាញរបស់ចលនាគាំទ្រ លោក ហ្គូឡែន ដែលរដ្ឋាភិបាលលោក អឺដូហ្គាន់ តែងតែចោទថា ជាមេខ្លោងធ្វើរដ្ឋប្រហារកំពុងស្នាក់នៅសហរដ្ឋអាមេរិក៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូនេះ បានចេញអនុក្រឹត្យលេខ១៧៣ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ សម្រាប់ឆ្នាំ២០១៩។
អនុក្រឹត្យនេះ សម្រេចកែប្រែឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២១៣០រៀល ទៅចំនួន២៣៤០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
តាមរយៈអនុក្រឹត្យថ្មីនេះ នឹងជួយឲ្យប្រាក់បៀវត្សមន្ត្រីរាជការ ត្រូវបានដំឡើងច្រើនជាងមុន ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការដែលខិតខំបម្រើជាតិ មាតុភូមិ៕


កូរ៉េ ៖ អង្គការសិទ្ធិមនុស្សដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ” មូលនិធិនៃការចងចាំ ១៨ ឧសភា ” បានប្រកាសដកពានរង្វាន់ពីលោកស្រី អ៊ុងសាន សូជី មេដឹកនាំមីយ៉ាន់ម៉ា ដោយសារមានការវាយប្រហារលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការប្រកាសរបស់មូលនិធិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
មូលនិធិសិទ្ធិមនុស្សកូរ៉េខាងត្បូង បានបញ្ជាក់ថា ការវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា គឺប្រឆាំងនឹងតម្លៃពានរង្វាន់ ដែលតំណាងឲ្យការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិក៏បានសម្រេចដកពានរង្វាន់ដូចគ្នាពីលោកស្រី អ៊ុងសាន សូជី ជុំវិញបញ្ហាការរំលោភបំពានទៅលើជនជាតិរ៉ូហ៊ីងយ៉ា ៕ រូបភាព៖ AFP
ភ្នំពេញ ៖ តំបន់ជាច្រើននៅទូទាំងកម្ពុជា នឹងមានអាកាសធាតុត្រជាក់ខ្លាំងជាទូទៅចាប់ផ្តើមចុះត្រជាក់ខ្លាំងនៅក្រោយថ្ងៃទី២៥ ខែធ្នូ ហើយអូសបន្លាយរហូតដល់ចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៩ ទើបប្តូរទៅរកសីតុណ្ហភាពដើមឡើងមកវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ឲ្យ ដឹងនៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៨ ថា ដល់ត្រឹមថ្ងៃទី២៥ខែធ្នូ ស្ថានភាពអាកាសធាតុជាទូទៅនៅតំបន់ទំនាបកណ្តាលមិនទាន់មានអ្វីប្រែប្រួលទេ តែតំបន់ខ្ពង់រាប ដូចជា ខេត្តមណ្ឌលគីរី រតនគីរី សីតុណ្ហភាពបានចាប់ផ្តើមចុះនាំឲ្យអាកាសធាតុត្រជាក់ខ្លាំងបណ្តើៗហើយ។
មន្ត្រីដដែលបន្តថា ចាប់ពីក្រោយថ្ងៃទី២៥ ខែធ្នូ សីតុណ្ហភាពជាទូទៅចាប់ចុះហើយ និងត្រជាក់ខ្លាំងជាងបណ្តាឆ្នាំមុនៗនៅចុងឆ្នាំនេះ។ ស្ថានភាពអាកាសធាតុត្រជាក់ ដែលមានការប្រែប្រួលខ្លះនេះ អូសបន្លាយពេលរហូតដល់ចុងខែមករា ឬដើមខែកុម្ភៈ គឺត្រជាក់មានរយៈពេលវែងជាងឆ្នាំមុនៗ។
លោក ចាន់ យុត្ថា ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពភ្លៀងរដូវវស្សាលែងមានហើយសម្រាប់ឆ្នាំនេះ ទឹកភ្លៀងមាននៅសេសសល់តិចតួច តែប៉ែកខាងត្បូងប្រទេសប៉ុណ្ណោះ។ ចំណែកនៅរដូវប្រាំងដែលមុននេះការព្យាករឃើញថា រាំងស្ងួតខ្លាំងនោះ អាចមានការប្រែប្រួលមកជាល្អវិញខ្លះ៕

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នេះ បានសម្រេចចេញអនុក្រឹត្យលេខ១៧២ ស្តីពីការដំឡើងប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អនុក្រឹត្យថ្មីនេះ បានបញ្ជាកើថា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦០ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ដែលត្រូវដាក់ឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះតទៅ៕

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិ បានសេចក្តីសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ខ្លួនបាន សហការ ជាមួយ នឹងលេខាធិការដ្ឋាន អាស៊ាន និងដោយមានការគាំទ្រពីស្ថានបេសកកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន ប្រកបដោយជោគជ័យ។
វេទិកាសហគ្រិន វ័យក្មេងអាស៊ាន-ចិន បានរៀបមេះឡើងក្រោមមូលបទ«ការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការ អភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមឱ្យរឹងមាំ» ដែល បានរៀបចំនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
ក្រសួងការបរទេសក៏បានបញ្ជាក់ដែរថា វេទិកានេះ គឺជាសកម្មភាពមួយ ដើម្បីអបអរសាទរ «ឆ្នាំនវានុវត្តន៍ អាស៊ាន-ចិន ២០១៨» និង ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន៕


ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃនេះ បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះ ធ្វើឡើងចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
កិច្ចប្រជុំនៃសន្និបាតនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។
សន្និបាតធ្វើឡើងជាទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ ដើម្បីធ្វើយ៉ាងណាដឹកនាំកម្ពុជា ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍