ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារភ្លាមៗឆ្លើយតបទៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិថា នឹងគ្មានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំនេះទេ ដោយឲ្យរង់ចាំរហូតដល់ «សេះដុះស្នែង»។
សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ២៣០០០ នាក់មកពីរោងចក្រ សហគ្រាសចំនួន ២០ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារញុះញង់ ដោយព្រលយពាក្យពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ថា លោក កឹម សុខា នឹងត្រូវដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំនេះ។
សម្រាប់អ្នកវិភាគបានចាត់ទុកការនៅតែបន្តប្រើវោហារស័ព្ទឌឺដងដាក់គ្នារបស់អ្នកនយោបាយជាន់ខ្ពស់ទាំង ២ រូបនេះថា ពុំមានផ្តល់ផលប្រយោជន៍អ្វីឡើយ ហើយជាទូទៅគេសង្កតឃើញលោក សម រង្ស៊ី តែងតែដុតឲ្យមានកម្តៅនយោបាយនៅកម្ពុជាមិនឲ្យស្រុកទេសបានស្ងប់ស្ងាត់ទេ។
គួររំឭកថា លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិនៅពេលនេះ កំពុងជាប់ឃុំនៅក្នុងផ្ទះរបស់លោកក្រោមការត្រួតពិនិត្យរបស់តុលាការ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ មកម្ល៉េះ។ លោកត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដ៏ចម្រូងចម្រាសមួយពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក។ ក្នុងងបទចោទប្រកាន់នេះ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពលោក កឹម សុខា ប្រឈមជាប់ពន្ធនាគារចន្លោះពី ១៥ ទៅ ៣០ ឆ្នាំឯណោះ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចគ្មានសិទ្ធិនឹងចុះហត្ថលេខានឹងឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលអ្នកណាក៏ដោយ ដែលកំពុងស្ថិតក្នុងក្របខណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ៕

ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ឲ្យមានការរិតបន្តឹង ដោយ មានវិធានការ ផាកពិន័យ ចំពោះអ្នកបោះសំរាមចោល ពាសវាល ពាសកាលនៅតាមទីសាធារណៈ ដោយគ្មានការទទួលខុសត្រូវ និងសុំប្រគល់ភារកិច្ចផាកពិន័យនេះ ទៅអោយអាជ្ញាធរខណ្ឌ សង្កាត់ ជាអ្នកអនុវត្តន៍។
ការស្នើសុំនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី៥៣ នាថ្ងៃទី៨វិច្ឆិកា នេះ ក្រោមវត្តមាន ឯ.ឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯ.ឧ ហួត ហៃ , ឯ.ឧ ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។
ឯ.ឧ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការផាកពិន័យរឿងបោះសំរាមចោល គ្មានរបៀបនេះ មានយន្តការរួចហើយ រងចាំតែធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយបន្ថែមទៀត ទើបអនុវត្តការផាកពិន័យ ជាក្រោយ។ ឯ.ឧ បានបន្ថែមថា កម្ពុជាជាប្រទេស កំពុងអភិវឌ្ឍន៏ ដូច្នេះត្រូវមានការចូលរួមពីប្រជាពលរដ្ឋទើបការងារ នេះទទួលបានជោគជ័យ៕

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង បានព្រមានចាត់ការតាមផ្លូវតុលាការលើមន្ត្រីពាក់ព័ន្ធមួយចំនួន ក្រោយមានការបែកធ្លាយឯកសារស្នើសុំឆ្វៀលដីទំហំ ២៥០ហិកតា ចេញពីតំបន់ឧទ្យានជាតិ គិរីរម្យ។
យោងតាមខ្លឹមសារ ឯកសារស្នើសុំ គោរពជម្រាបជូនអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដីទំហំ២៥០ហិកតា ដែលស្នើសុំឆ្វៀលចេញពីតំបន់ឌទ្យានជាតិគិរីរម្យ នោះ គឺសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋនៅ ភូមិចំការតែ និងភូមិថ្មី ស្ថិតក្នុងស្រុកភ្នំស្រួច ដែលបានមករស់នៅ និងអាស្រ័យផលតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ដើម្បីប្រជាពលរដ្ឋទាំងពីរភូមិ បានរស់នៅដោយស្របច្បាប់។
ប៉ុន្តែសំណើនេះ ត្រូវបានលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្វើការបដិសេធ ដោយចារប៊ិចក្រហម ថា «បានឃើញ និងមិនយល់ព្រម» ហើយស្នើឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំរក្សាការពារតំបន់ទាំងនោះឲ្យបានជាដាច់ខាត និងរកឲ្យឃើញជនពាក់ព័ន្ធក្នុងករណីនេះ ដើម្បីកសាងសំណុំរឿងទៅតុលាការ៕
សូមអានខ្លឹមសារទាំងស្រុងនៃលិខិតសំណើនេះ ៖




ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជិតផុតអាណត្តិ បានអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហាពន្ធ ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្សាយបានឡើងវិញ។
ការថ្លែងបែបនេះ នៅក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក លោក ខៀវ កញារីទ្ធ បានជជែកពីការដំណើរការវិទ្យុទាំងពីរ។ នេះបើយោងតាមការដកស្រង់សំដីចេញផ្សាយដោយសារព័ត៌មានរដ្ឋ AKP។
លោក William A. Heidt បញ្ជាក់ថា នៅពេលដែលដោះស្រាយចប់ ស្ថានីយវិទ្យុរបស់អាមេរិកទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
គួរម្លឹកថា កាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ បន្ទាប់ពីមានបញ្ហាចម្រូង ចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ទន្ទឹមនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣២ ដែល វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និង សារព័ត៌មានមួយ ចំនួនទៀតជួលម៉ោងសម្រាប់ផ្សាយក៏ត្រូវក្រសួង ព័ត៌មាន សម្រេចឲ្យផ្អាកដល់បច្ចុប្បន្នផងដែរ ដោយចាត់ទុកថា បានធ្វើប្រតិបត្តិការបំពានច្បាប់ ៕

ភ្នំពេញ ៖ សាច់គ្រួចខុសច្បាប់ដែលនាំចូលពីប្រទេសវៀតណាម ប្រមាណជាង ២តោនកន្លះ ត្រូវបាននគរ បាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយមន្ត្រីកាំកុងត្រូល ធ្វើការរឹបអូសពីឈ្មួញទុច្ចរិត និងយកទៅដុតកំទេចចោល។
ករណីបង្ក្រាបនេះ បានធ្វើឡើងខណៈឈ្នួញកំពុងដឹកតាមរថយន្ត១គ្រឿងម៉ាក HYUNDIA ស្លាកលេខ 3E 5868 នៅចំណុចផ្លូវ ជា សុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង៥ និង២០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ រកឃើញសាច់សត្វគ្រួច ប្រមាណជាង ២តោនកន្លះ ដែល នាំចូលខុសច្បាប់ និងបានសម្រេចដកហូតរថយន្តយកទៅរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រូចទាំងអស់នោះ ទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក។ ចំណែក អ្នកបើកបររថយន្តម្នាក់បាននាំមកនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តតាមនីតិវិធី៕

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៧.៤៩៤,៨៥ ប៊ីលានរៀល ប្រមាណ ១.៨៧៣,៧១ លានដុល្លារអាមេរិក ស្មើនឹង ៩៧,៤២ ភាគរយនៃផែនការ បើធៀបនឹងឆ្នាំ២០១៧ កើនឡើង ១៨,៨៣ ភាគរយ ។
គួរជម្រាបថា បើគិតតែក្នុងមួយខែតុលា ឆ្នាំ២០១៨ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ៧២៨,៤៨ ប៊ីលានរៀល ប្រមាណ ១៨២,១២ លានដុល្លារអាមេរិក ស្មើនឹង ៩,៤៧ ភាគរយ នៃផែនការ។
តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានរំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ នឹងអាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់ ចំនួន ៧.៦៩៣,៥០ ប៊ីលានរៀល ស្មើនឹងប្រមាណជា ១.៩២៣,៣៨ លានដុល្លារអាមេរិក ៕

នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣- ដល់៩ វិច្ឆិកា ឆ្នាំ២០១៨ នេះ គឺជាខួបគម្រប់ទី ៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធររំពឹងថា ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៥ឆ្នាំ នេះ នឹងមានការរៀបចំពិធីអធិកអធមជាងរាល៉ឆ្នាំ ដែលអាចនឹងមានអ្នកចូលរួមជាង ២ម៉ឺននាក់។
ជារៀងរាល់ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ប្រារព្ធនៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពព្រះមហា ក្សត្រ នរោត្តម សីហមុនី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស កងទ័ព និងមហាជនជាច្រើននាក់ផងដែរ។
សូមជំរាបជូនថា កម្ពុជានឹងប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជារំដោះបានពីនឹមអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានឡើយ៕


ភ្នំពេញ ៖ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលជាស្ថាប័នមួយស្ថិតនៅក្រោមក្រសួងយុត្តិធម៌ កំពុងរៀបចំប្រឡងជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាចំនួន ៥០នាក់បន្ថែមទៀត ដើម្បីបំពេញការខ្វះខាតនៅទូទាំងប្រទេស ខណៈបេក្ខជនដាក់ពាក្យប្រឡងមានចំនួន ៧៤៥ នាក់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បេក្ខជនដែលប្រឡងជាប់នឹងត្រូវសិក្សា ២ ឆ្នាំលើទ្រឹស្តី និងការអនុវត្តនៅសាលា និងនៅតុលាការទូទាំងប្រទេស មុនក្លាយជាចៅក្រម និងព្រះរាជអាជ្ញា។ លោក ថា ពួកគេនឹងត្រូវចាប់ឆ្នោតយកមុខតំណែង ថាតើ ត្រូវធ្វើជាចៅក្រម ឬព្រះ រាជអាជ្ញា។ បន្ទាប់មកត្រូវចាប់ឆ្នោតម្តងទៀត ដើម្បីចាប់ប៉ុស្តិ៍តាមខេត្តដែលត្រូវទៅបំពេញការងារ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានចៅក្រម និងព្រះរាជអាជ្ញាប្រមាណ ៤០០ នាក់ ដែលមិនទាន់គ្រប់គ្រាន់សម្រាប់ស្ថានការណ៍ពិតប្រាកដនៅឡើយទេ៕

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងថា អត្តសញ្ញាណបណ្ណប្រជា ជន គំរូចាស់ទាំងអស់ នឹងបញ្ចប់សុពលភាពប្រើប្រាស់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយថា ឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រូវរួសរាន់ទៅបំពេញបែបបទ ដើម្បីស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចជា ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ-ស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ-ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
ក្រសួងក៏បានបង្ហាញដែរថា ដើម្បីស្នើសុំអត្តសញ្ញាណបណ្ណគំរូថ្មី សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់៕


បន្ទាប់ពីមានករណីធ្លាក់រថយន្តដឹកដីសង្កត់តៃកុងរថយន្តម្នាក់ស្លាប់ សមត្ថកិច្ចចម្រុះបានចុះត្រួត ពិនិត្យចំណុចអាជីវកម្មដីនៅភ្នំលៀបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀប ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀប ទាំងស្រុង ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សុត វឌ្ឍនា បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប នេះ មានច្បាប់អនុញ្ញាតឱ្យជីក្នុងបរិវេណរណ្តៅចាស់ប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនបានបំពានជីកខុសគោល ដៅ ហើយបង្កឲ្យមានគ្រោះថ្នាក់ស្លាប់មនុស្សថែមទៀត ដូច្នេះ ត្រូវបានគណៈកម្មការចម្រុះបញ្ឈប់អាជីវកម្មទាំងស្រុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា រថយន្តជនរងគ្រោះ បានបើកឡើងលើភ្នំលៀប ដើម្បីឈប់រង់ចាំអេស្កាវ៉ាទ័រ កាយដីដាក់លើរថយន្ត តែចៃដន្យអាក្រក់ រថយន្តនោះបានរអិលធ្លាក់ក្រឡាប់មក ក្រោម សង្កត់អ្នកបើកបរស្លាប់តែម្តង៕



»
ភ្នំពេញ ៖ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា មិនបានលើកឡើងពីបញ្ហានយោបាយ និងពីករណីលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារនោះទេ ។
នេះបើតាមការអះអាងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រោយពេលបញ្ចប់ ជំនួបពិភាក្សារវាងលោកស្រី រ៉ូណា ស្មីត ជាមួយលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ម្សិលមិញនេះ។
លោក ជិន ម៉ាលីន បានអះអាងថា លោកស្រី បានលើកឡើងតែពីករណីដែលអ្នកជាប់ពន្ធនាគារ មានចំនួនច្រើន ហើយស្នើឲ្យក្រសួងរកវិធានការដោះស្រាយ និងពីបញ្ហាច្ចេកទេសក្នុងការដោះ ស្រាយផ្លូវច្បាប់ប៉ុណ្ណោះ។
សូមរំលឹកថា គិតទាំងលើកនេះ លោកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងអាណត្តិលោកស្រីជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មានចំនួន៦លើកហើយ៕


ភ្នំពេញ ៖ ក្នុងចំណោមស្ថានីយលក់ប្រេងចំនួន៧ នៅក្នុងរាជធានីភ្នំពេញ ដែលមន្ត្រីកាំកុងត្រូលបានត្រួត ពិនិត្យ បានរកឃើញស្ថានីយ និង ដេប៉ូចំនួន៥ ធ្វើអាជីវកម្មមិនត្រឹមត្រូវ ។ ប្រតិបត្តិការត្រួតពិនិត្យស្ថានីយ ប្រេងឥន្ធនៈនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងចំណោមស្ថានីយចំនួន៧នេះ កាំកុងត្រូលរកឃើញថា ស្ថានីយ១ លក់ប្រេងខុសគុណភាពប្រេង, ស្ថានីយ១ទៀតលក់មិនគ្រប់លីត្រ ហើយស្ថានីយចំនួន៣ ផ្សេងទៀតលក់មិនត្រឹមត្រូវទាំងគុណ ភាព និងបរិមាណ។
មន្ត្រីកាំកុងត្រូលបានឲ្យម្ចាស់អាជីវកម្មចុះកិច្ចសន្យា និងបានព្រមាន ថា នឹងបញ្ចេញឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយឲ្យសាធារណជនបានដឹងពីបញ្ហានេះ បើសិនរកឃើញមានករណីនេះជាលើកទី២ ហើយប្រឈមការផ្អាកអាជីវកម្ម ឬធ្វើបណ្ដឹងទៅតុលាការទៀតផង៕


»
ស្ទឹងត្រែង ៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងចំរុះ បានចុះពិនិត្យចំណីអាហារ ដែលបង ប្អូនអាជីវករខ្មែរ ថៃ យកមកតាំងលក់តាមតូប លក់តាមដងផ្លូវ នៅក្នុងខេត្តស្ទឹងត្រែង ដោយរក ឃើញ មានទំនិញមួយចំនួនខូចគុណភាព និងបានប្រមូលយកទៅកម្ទេចចោល។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ថា ការចុះពិនិត្យទំនិញ គឺចង់លើកកំពស់សុខភាពដល់អ្នកប្រើប្រាស់ និងចៀសវាងកុំឲ្យភ្ញៀវ ទេសចរ ឬប្រជាពលរដ្ឋរងផលប៉ះពាល់ផ្នែកសុខភាព ជាពិសេសក្នុងពេលដែលបងប្អូនអាជីវករថៃ យកទំនិញមកតាំងលក់ក្នុងពិធីតាំងពិពរណ៌លក់ទំនិញក្នុងខេត្តនេះ។
លោក គឹម ប្រុស បានបញ្ជាក់ថា កន្លងមន្ត្រីជំនាញធ្លាប់បានធ្វើការពិសោធន៍លើចំណីអាហារ មូយ ចំនួន ដោយរកឃើញផទុកសារធាតុគីមី ដូចជា ៖ ប្រហិតត្រី ប្រហិតសាច់គោ បង្គា ប្រហិតក្តាម ម៉ឹក និងត្រីងៀតបបែល រសជាតិផ្អែមប្រៃ ជាដើម និងបានប្រមូលយកទៅដុតកម្ទេចចោល៕


ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កឲ្យប៉ះពាល់ដល់ សុខភាព ឬអាយុជីវិត។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោយបញ្ចប់សន្និសីទអន្តរជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងឱសថ ក្លែង ក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត»។
លោក មៀច សុផាន់ណា បានព្រមានបិទការផ្សព្វផ្សាយលក់ឱសថនៅតាមអនឡាញ ឬតាម Facebook និងបង្ក្រាបរាល់ការផលិត ការចែកចាយឱសថ ខុសច្បាប់ ដោយមិនលើកលែងជា ដាច់ខាត និងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

»
កំពង់ឆ្នាំង ៖ អង្គការមូលនិធិទំពាំងស្នងឫស្សី ប្រចាំខេត្តសៀមរាប បានផ្តើមគំនិតដោយការស្ម័គ្រចិត្ត នាំគ្នាចុះ ទូកប្រមូលកាកសំណល់នានា នៅក្នុងបឹងទន្លេសាប ដើម្បីជួយលើកស្ទួយផ្នែកបរិស្ថាន និងលើក កម្ពស់សោភ័ណភាព ទេសភាពតំបន់អេកូទេសចរណ៍ បឹងទន្លេសាប ឱ្យកាន់តែស្រស់ស្អាត សំដៅទាក់ទាញអ្នកទេសចរ ជាពិសេសអ្នកទេសចរបរទេស។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ប្រចាំខេត្តសៀមរាប បានមានប្រសាស ន៍ ថា អ្នកទេសចរ តែងចាប់អារម្មណ៍ ចំពោះទេសភាពតំបន់អេកូទេសចរណ៍ បឹងទន្លេសាប យ៉ាង ខ្លាំង ជាពិសេសអ្នកទេសចរបរទេស។ ប៉ុន្តែនៅក្នុងបឹងទន្លេសាប ឃើញមានសុទ្ធតែកាកសំណល់ជាច្រើន ដូចជា ថង់ប្លាស្ទីក កំប៉ុង ដបជ័រ អណ្តែតរាយប៉ាយ ពាសពេញផ្ទៃទឹក និងជាប់ទៅនឹងដើម ឈើ គួរឱ្យអាម៉ាស់បំផុត ។
លោក ស៊ា សុផល បានបញ្ជាក់ថា អង្គការនេះ មាន ១០សហគមន៍ទេសចរណ៍ ហើយក្នុងមួយឆ្នាំ ធ្វើយុទ្ធនាការប្តមូលកាកសមណល់សំរាមនេះ ចំនួន២លើក គឺរដូវទឹកឡើងម្តង និងរដូវទឹកស្រកម្តង៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍