All posts by មេគង្គ ប៉ុស្តិ៍

ស្រូវ​ស្រែ​​ជាង១​ម៉ឺន​៥​ពាន់​ហិកតានៅ​ខេត្តកំពង់ចាម​ កំពុង​ជួប​គ្រោះរាំងស្ងួត

​ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា នេះ ដើម្បី​រិះរក​វិធី​ជួយសង្គ្រោះ​ស្រូវ​រាប់ពាន់​ហិកតា​ដែល​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ចាត់វិធានការ​បន្ទាន់ ដោយ​មិនអាច​បង្អែរ​បង្អង់​បានឡើយ​។

​តាម​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​នេះ បាន​ប៉ះពាល់​ផ្ទៃដី​ប្រមាណ ១៥.៣១១ ហិកតា ក្នុងនោះ​ស្រូវវស្សា​ចំនួន ១៤.២៣៧ ហិកតា និង​ស្រូវប្រាំង ១.០៧៤ ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣៨ ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តកំពង់ចាម ។

​លោក អុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​រាយការណ៍​ថា មន្ទីរ​បាន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាំងស្ងួត​ចំនួន ១.៨៧០​ហិកតា​។ លោក​អះអាងថា ផ្ទៃដី​ដែល​រងគ្រោះ​ជាងគេ គឺ​នៅ​ស្រុក​ព្រៃឈរ​ដែល​រងគ្រោះ​ចំនួន ៥.០៤៩ ហិកតា​៕ ដោយ ៖ សុផល

​កម្មករ​នី​រោងចក្រ​កាត់ដេរ​៤០​នាក់​ដួលសន្លប់ ដោយសារ​ភ័យ​នឹង​ការស្រែក​សំឡុត​

​ភ្នំពេញ ៖ យ៉ាងហោចណាស់​ក៏មាន​កម្មករ កម្មការិនី​នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ​ហ្គ្រី​ន​មី​ដូ​វ​វេឡុ​ប​មេន ចំនួន​៤០​នាក់ បាន​ដួលសន្លប់​ជា​បន្តរ​បន្ទាប់​ខ​ណះ​ពេល​កម្មករ​ទាំងនោះ​កំពុងតែ​បំពេញការងារ​រៀងៗ​ខ្លួន​ហើយដោយ​ទ្រាំ និង​សម្លេង​ស្រែក​សំឡុត ពី​បុរស​អ្នកបកប្រែ​អោយ​ចិន​ម្នាក់ ស្រែក​ខ្លាំងៗ​ពេក បំបាក់ស្មារតី​ទៅលើ​ពួកគេ​ទើប​បណ្តាលអោយ​មានកម្ម​ករ​មួយចំនួន​ដួលសន្លប់​បែបនេះ​។​

​ហេតុការណ៍​ដួលសន្លប់​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​កើតហេតុ​ក៏មាន​ក្រុមគ្រូពេទ្យ​កង ៧១១ បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​មកកាន់​កន្លែងកើតហេតុ ដឹកជញ្ជូន​កម្មក​រដែ​ល​ដួលសន្លប់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ចោមចៅ​។​

​ភ្លាមៗ​នោះដែរ​លោក​វរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​អន្តរ​គម​ន៍ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​នៃ​ការដួលសន្លប់​របស់​ក​ម្មករ​ទាំងនោះ ក្រោយពី​សាកសួ​ពី​សន្តិសុខ និង​កម្មករ​ជាច្រើន​នាក់​ទៀត​បាន​ប្រាប់​ដូចៗ​គ្នា​ថា មូល​ហេតុដែល​កម្មករ​ជាច្រើន​នាក់​ដួលសន្លប់​នោះ គឺ​មកពី​បុរស​អ្នកបកប្រែ​អោយ​ចិន​ម្នា​កើ បាន​ស្រែក​ស្តី​សំឡុត​ខ្លាំងៗ​ពេក ទើបបាន​ជាមាន​អ្នក​ភ័យ​រហូត​សន្លប់​បែបនេះ​។​

​ជុំវិញ​ករណីនេះ​ដែរ​លោក​ជឹម​ស៊ីថា​បាន​បញ្ជារ​អោយកម្លាំង​ប៉ុស្តិ៍នគរបាល​ពងទឹក​ឃាត់ខ្លួន​បុរស​អ្នកបកប្រែ​ចិន​ដែល​និយម​ស្តី​សំឡុត​កម្មករ​រូបនេះ​ទៅ​សាកសួ​និង​ធ្វើការ​អប់​អោយ​បញ្ឈប់​ប្រើស​ម្តី​អាក្រក់​ដាក់​កម្មករ​ទៀត​នោះឡើយ​៕

បង្ក្រាប​ទីតាំង​ចម្លាក់រូប ​«​វត្ថុ​ស័ក្តិ​សិទ្ធ​»​ ឃាត់ខ្លួន​ស្ត្រី​២​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​

​ភ្នំពេញ ៖ ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប​ទីតាំង​ដែល​ទទួល​ចម្លាក់ ចេញពី​ភ្លុក ចែ ឆ្អឹង ដាល​មាន​យីហោ “​ចឹក ម៉េង ចម្លាក់​ព្រះ​” កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ដែល​ស្ថិត​ផ្ទះ​លេខ​១៦៦ ផ្លូវ​៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ទីតាំង​ដែល​កម្លាំង​បាន​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ មាន​យីហោ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​
​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង បទល្មើស​ជា​សំណាក់​សត្វព្រៃ រួមមាន សំណាក ភ្លុក​ដំរី​, សំណាក​ភ្លុក​ដំរី កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លា​ឃុំ​, ចុង​ស្នែង​ប្រីស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ និង​សម្ភារ​ផ្សេងៗ​មួយទៀត​។​

​ដោយ​ពិនិត្យឃើញថា វត្ថុតាង​បទល្មើស​សំណាក​សត្វព្រៃ​ទាំងអស់ ដែល​មក​ធ្វើ​ស​ន្និ​ធី ពុំមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​បាន​ដកហូត​សំណាក​សត្វព្រៃ​ទាំងអស់​ជា​បណ្ដោះអាសន្ន ហើយ​កម្លាំង​ជំនាញ ក៏​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

មេធាវី​លោក កឹម សុខា ថ្លែងការណ៍​ជំទាស់​រឿង​ដាក់​លោក កឹម សុខា ជា​ល្បែងភ្នាល់​

​ភ្នំពេញ ៖ សហ​មេធាវី​លោក កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​ថា ការដោះលែង ឬ​ការលើកលែង​បទ ចោទប្រកាន់ ដើម្បី​លោក កឹម សុខា មាន​សេរីភាព​វិញ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលា​ការមិន​ស្ថិតក្រោម ល្បែងភ្នាល់​គ្នា​របស់​អ្នកនយោបាយ​នោះទេ​។​

​សហ​មេធាវី​លោក កឹម សុខា បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ “​ការ យក​សេរីភាព​បុគ្គល ជាពិសេស គឺ​ឯកឧត្តម កឹម សុខា ដែលជា​អ្នកនយោបាយ ផ្សារភ្ជាប់​ទៅនឹង​នយោបាយ​ជាតិ មក​ភ្នាល់ គឺ​ធ្វើឱ្យ​ជាតិ​កាន់តែ​បែកបាក់​ធ្ងន់ធ្ងរ​ថែមទៀត​។​

​បន្ទាប់ពី​លោក សម រង្ស៊ី ផ្ញើ​សារ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​ករណី​ដោះលែង ឬ មិន​ដោះ លែង​លោក កឹម សុខា រួចមក លោក កឹម សុខា បាន​សរសេរ​បញ្ជាក់​យ៉ាងខ្លី​នៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់ លោក​ក្នុងន័យ​ថា “​គាត់​មិនមាន​សេរីភាព​មែន តែ​គាត់​មា​នស​ម្ប​ជ​ញ្ញ​: ដឹងថា អ្នក​កំពុង​ធ្វើ​អ្វី​មកលើ​រូបគាត់ និង​ប្រទេសជាតិ​”៕

ប៉ូលិស​បញ្ជូន​ស្ត្រី​ស៊ីឈ្នួល​ពពោះ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៥ នាក់​ទៅ​តុលាការ

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ​ទី​១២ ខែវិច្ឆិកា នេះ អាជ្ញាធរ​ជំនាញ​ខាង​បង្ក្រាប និង​ប្រឆាំង​ការជួញដូរ​មនុស្ស គ្រោង​បញ្ជូន​ស្ត្រី​ចំនួន ១៣ នាក់ និង​បុរស ២ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​ចាប់ខ្លួន​ពួកគេ​បាន​នៅក្នុង​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងទៅនេះ​។​

​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ថ្លែងថា មនុស្ស​១៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្ត្រី​កំពុង​ពពោះ ១១​នាក់ និង​ប្រុស​២​នាក់​។ មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ធ្លាប់​ឲ្យ​ដឹងថា ស្ត្រី​ពពោះ​ជំនួស​ក្នុង​ម្នាក់​តម្លៃ ១​ម៉ឺន ដុល្លារ តែ​ពួកគេ​ទទួលបាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ចំនួន ៥០០ ដុល្លារ ហើយ​ក្រោយពេល​ឆ្លងទន្លេ​រួច មក​ពួកគេ​ទទួលបាន​៣០០​ដុល្លារ​ក្នុង​១​ខែ រហូត​គ្រប់​ចំនួន​១​ម៉ឺន​៕

ទូក ​ង វែង​ជាងគេបាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ផ្លូវការ

​ភ្នំពេញ ៖ ទូក «​ង​» វែង​ជាងគេ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ត្រូវបាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវការ​ហើយ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។

​ពិធី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ និង​មានការ​ចូលរួម​ពី លោក Pravin Patel អ្នក​វិ​ច្ឆ័​យ World Guinness Record ដែល​ប្រារព្ធ​ធ្វើ​នៅ​តំបន់​អ្នក​លឿង ត្រើយ​ខាង កើត ស្ថិតនៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​គួរ​ជម្រាបជូន​ថា ទូក «​ង​» នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែលមាន​អត្ថន័យ ថា «​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​»​។​ទូក​នេះ មាន​ប្រវែង ៨៧,៣​ម៉ែត្រ ទទឹង​១,៩៤ ម៉ែត្រ និង​ជម្រៅ ០,៨​ម៉ែត្រ ធ្វើ​ពី​ឈើ​គគីរ ៦​ដើម អាច​ផ្ទុក​ចំណុះ​បាន ១៧៩​នាក់ ប្រើពេល​ផលិត​១៩២​ថ្ងៃ ក្រោយ​ធ្វើ​ពិធី​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ៕

ប្រវត្តិ​ទាមទារ​បញ្ឈប់​សន្ធិសញ្ញា​អាណាព្យាបាល​ពី​ប្រទេស​បារាំង

​ភ្នំពេញ ៖ ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ បានធ្វើ​ឡើងជា​មួយ​ប្រទេស​បារាំង ដោយបាន​ចរចា​ផ្ទេរ​អធិបតេយ្យភាព​មកឱ្យ​កម្ពុជា​បន្ទាប់ពី​ព្រះអង្គ​បានធ្វើ​យុទ្ធនា​ការតស៊ូ​ជាច្រើន​ឆ្នាំ​។​

​កម្ពុជា បាន​ស្ថិតនៅក្រោម​អាណាព្យាបាល​ប្រទេស​បារាំង​ពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ឆ្នាំ​១៨៦៣ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា ក្រោម​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ។​

​នៅក្នុង​ឆ្នាំ​១៩៤៩ ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បានទាមទារ​ឱ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

​សន្ធិសញ្ញា​ដែល​ចុះ​នៅ​ឆ្នាំ​១៩៤៩ គឺ​ប្រើប្រាស់​សម្រាប់​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។​
​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ សម្ដេច​ព្រះបាទ​នរោត្តម សីហនុ ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរណ៍​ជូន​ជាតិ​មាតុភូមិ​ឱ្យបាន​ដាច់ខាត ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត ។ ក្នុងពេលនោះ ដោយមាន​សហការី ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង ក្នុង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣ ដើម្បី​ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។

​ព្រះអង្គ​បាន​ផ្ញើ​សារលិខិត ជូន​លោក វ៉ាំ​ង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​ចំនួន​៣​លើក លើក​ទី​១ នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​, លើក​ទី​២ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដដែល និង​លើក​ទី​៣ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ ។

​គ្រានោះ រដ្ឋាភិបាល​បារាំង​ពុំបាន​អើពើ​ទៅនឹង​សំណើ​នោះឡើយ ព្រះអង្គ​ទ្រង់​ក៏​សម្រេច​ព្រះទ័យ​យាង​ចាកចេញ​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ។​
​នៅ​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កាណាដា សម្ដេចព្រះ​នរោត្តម សីហនុ បាន​ថ្លែង​ទៅ​អ្នកសារព័ត៌មាន ដោយបាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ពីរ ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា​និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី​ក្នុង​ឥណ្ឌូចិន ចំណុច​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុ​ម្មុយ​នី​ស និង​ចំណុច​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរណ៍​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។

​ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុ​ម្មុយ​នី​ស​ទេ ព្រោះថា​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ​សម្រាប់​បង្កបង្កើនផលរ​បស់​ខ្លួន ។ បញ្ហា​ដែល​គេ​ចង់បាន​នោះ គឺ​ឯករាជ្យ​បរិបូរណ៍ សម្រាប់​ប្រទេសជាតិ ។ ចំណែក​ពួក​កុ​ម្មុយ​នី​ស​គេ​មើលឃើញថា ប្រទេស​កម្ពុជា​ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ ។​

​ដោយឡែក នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ក៏បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ ឈ្មោះ​ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ​ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល ។

​ខ្លឹមសារ​នៃ​អត្ថបទ​នោះ​គឺ «… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ទេ នោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុ​ម្មុយ​និ​ស​» ។ ព្រះ​បរម​រតន​កោដ្ឋ​បាន​លើកឡើងថា ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា «​ពួក​បារាំង​ទាំងអស់ ដែល​នៅក្នុង​ស្រុក​ខ្មែរ​នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ …» ។​

​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើឱ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវឱ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការចរចា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ឈានទៅដល់​សំណើ​មួយ​ដែល​ធ្វើឡើង​ដោយមាន​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។ ព្រះអង្គ​ទ្រង់​ក៏​យាង​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គ ។ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះអង្គ​ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០ ភាគរយ​» ។

​ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះអង្គ​ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​កងនារីក្លាហាន ។ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល​កម្ពុជា​៕

ក្រុម​មេធាវី​ប្រតិកម្ម​ចំពោះ​​ការយក​ជីវិត​លោក កឹម សុខា ជា​ល្បែងភ្នាល់​ខាង​នយោបាយ​

​ភ្នំពេញ ៖ ប្រតិកម្ម​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់ ក្រោយពេល​លោក សម រង្ស៊ី យក​ជោគវាសនា​របស់​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ ដាក់​ធ្វើជា​ល្បែងភ្នាល់​ដើម្បី​ផ្ចាញ់ផ្ចាល​ខាង​នយោបាយ​រវាង​លោក សម រង្ស៊ី និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ជាមួយគ្នានេះ ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា បាន​សម្ដែង​ការមិន​ពេញចិត្ត​តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំពោះ​ការ​ភ្នាល់​ដូចគ្នានេះដែរ ដោយ​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង និង​ថា​ការយក​សេរីភាព របស់លោក កឹម សុខា មក​ភ្នាល់​គ្នា​បែបនេះ នឹងធ្វើ​ឲ្យ​ជាតិ​កាន់តែ​បែកបាក់​គ្នា​ធ្ងន់ធ្ងរ​។

​ក្នុង​សេចក្តី​ថ្លេ​ង​ការណ៍ ពួកគេ​បាន​អះអាងថា ការដោះលែង ឬ​មិន​ដោះលែង កូនក្ដី​របស់​ពួកគេ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិតក្រោម​ល្បែងភ្នាល់​គ្នា​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​ភ្នាល់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ ហើយ​ប្រសិន​លោក កឹម សុខា ត្រូវ​ដោះលែង គឺ​ដោះលែង​ក្រោម អំណាច​របស់​តុលាការ ពុំមែន​ជាការ​បញ្ជា​របស់លោក ហ៊ុន សែន​នោះទេ​។ ហេតុនេះ​គ្មាន​ការ​ឈ្នះ ឬ​ចាញ់ នៅក្នុង​ការ​ភ្នាល់​គ្នា​នេះ​នោះទេ ប៉ុន្តែ​ខ្មែរ​ទាំងអស់គ្នា​ជា​អ្នកឈ្នះ ប្រសិនបើ​លោក កឹម សុខា មាន​សេរីភាព​ឡើងវិញ​។​

​យ៉ាងណាក៏ដោយ ខណៈ​ផ្ទុះ​ការវែកញែក​លើ​ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​ស​ម្ទេ​ច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក កឹម សុខា បាន​លើកឡើងថា «​គាត់​មិនមាន​សេរីភាព​មែន តែ​គាត់​មា​នស​ម្ប​ជ​ញ្ញ​: ដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី មកលើ​រូបគាត់ និង​ប្រទេសជាតិ​»​។ នេះ​បើតាម​សំណេរ​យ៉ាងខ្លី​របស់លោក កឹម សុខា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​៕

​កូនស្រី​លោក កឹម សុខា ៖ ថ្កោលទោស សម រង្ស៊ី ដែល​យក​ជោគវាសនា​ឱ​ពុក​របស់ខ្លួន​ធ្វើជា​ល្បែងភ្នាល់​

​ភ្នំពេញ ៖ កញ្ញា សម្មា​ធីតា កូនស្រី​របស់លោក កឹម សុខា រួមទាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​សម្ដែង​ការខឹង​សម្បារ និង​ថ្កោលទោស​លោក សម រង្ស៊ី ដែល​យក​ជោគវាសនារ​បស់ លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់ គឺជា​អាកប្បកិរិយា​ប្រមាថ​ដ៏​អគុណ​ធម៌ និង​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការលះបង់​របស់លោក​។​

​ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក (CNRP-USA) បង្ហោះ​លើ​បណ្ដាញ ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១០ ខែ វិច្ឆិកា នេះ ដោយ​បញ្ជាក់ថា ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក (CNRP-USA) សូម​ថ្កោលទោស យ៉ាង​ដាច់អហង្ការ ចំពោះ​អាកប្បកិរិយា​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដ៏​អគុណ​ធម៌ និង​គ្មាន​សីលធម៌ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការលះបង់​របស់ លោក កឹម សុខា និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​”​។​

​សូម​រំលឹកថា ការចេញ​សេចក្តីថ្លែងការណ៍​ដោយ​ខឹងសម្បារ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី លោក សម រង្ស៊ី បានប្រកាស​តាមរយៈ Facebook នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ភ្នាល់​លើ​ករណី​ដោះលែង ឬ​មិន​ដោះលែង លោក កឹម សុខា ដោយ​លោក សម រ​ង្ស៉ី ដាក់​លក្ខខណ្ឌ​ថា បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ​នោះ សម្តេច​តេ​ជោ នឹងត្រូវ​ចុះចេញ​ពី​តំណែង តែបើ​សិន​មិនមាន​ការដោះលែង​ទេ លោក សម រង្ស៊ី នឹង​ស្ម័គ្រចិត្ត​ប្រឈម​ចំពោះមុខ​ច្បាប់​ដោយ​ចូល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​កម្ពុជា ។​

​ចំណែក ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បានលើកឡើង​ជុំវិញ​ករ​ណ​នេះដែរ​ថា មិនគួរ​យក​ជីវិត​លោក កឹម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នោះទេ ពីព្រោះ​សេរីភាព​របស់គាត់​មិនមែនជា Game នោះឡើយ​៕

​ចាប់បាន​ចោរឆក់​២​នាក់ ដែល​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ប្ដី​ចោល​ប្រពន្ធ​កូន

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៥:៣០​នាទី មាន​ករណី​ឆក់​កាបូប​ក្រវ៉ាត់​ចង្កេះ របស់​ជនរងគ្រោះ​ពីរ​នាក់​ប្តី ប្រពន្ធ ត្រង់ចំនុច​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលអោយ​ជនរងគ្រោះ​ឈ្មោះ ច​យ អាយ ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ បង្ក​ឡេ​ី​យ​ដោយ​ជនសង្ស័យ​០៤​នាក់​។​

​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​អធិការ​ខណ្ឌចំការមន កម្លាំង​អធិការ​ដ្ធា​ន​ស្រុក​អូររាំងឪ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខៀវ ផល្លា ហៅ​ខ្លា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ធ្លាប់​ជាប់ពន្ធនាគារ ទេ​ី​ប​ចេញ​វិញ ថ្ងៃ​០៧ ខែសីហា ឆ្នាំ​២០១៨ មាន​សារធាតុ​ញឿ​ន​) ត្រង់ចំនុច​វត្ត​ថ្មី ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ី​។​

​លុះ​មកដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣:៤០​នាទី ក្រោម​ការសម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​បង្ក្រាប​ឈ្មោះ​មុ​ឹ​ង ប៊ុន​វាសនា ហៅ​អា​បូ​ូ ភេទ​ប្រុស អាយុ​ុ​២១​ឆ្នាំ (​ធ្លាប់​ជាប់ពន្ធនាគារ ទេ​ី​ប​ចេញ​វិញ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨) ត្រង់ចំនុច​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជ​នស​ង្ស័​ឈ្មោះ មុ​ឹ​ង ប៊ុន​វាសនា ហៅ​បូរ ជាន​អ្នក​ឆក់​កាបូប​ជនរងគ្រោះ និង​បាន​ធាក់​ម៉ូតូ​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់ ។​

​សព​ជនរងគ្រោះ ឈ្មោះ ច​យ អាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​ប​តុង សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សំភារៈ​បាត់បង់ មានដូចជា កាបូប​ក្រវ៉ាត់​ចង្កេះ​មួយ លុយ​១០០$ លុយ​ខ្មែរ ៨០​មុ​ឺ​ន​រៀល អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​មួយ​។​​សំភារៈ​ដកហូត មាន ម៉​តូ Dream C125 ពាក់​ផ្កាក​លេខ​1GQ-9507 ពណ៍ ទឹកប្រាក់ ផលិត​ឆ្នាំ​២០១៨ និង​ម៉ូតូ​ម៉ាក Honda Beat ពាក់​ផ្លាកលេខ​ភ្នំពេញ​1HD-1662 ពណ៍​ក្រហម ស​។​

​ជនសង្ស័យ និង​វត្ថុតាង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​ពលរដ្ឋ​ក្តៅក្រហាយ​ករណី​ក្រុមហ៊ុន ស៊ីន​ទ្រី ទុក​សំរាម​ចោល​ក្នុង​បុរី ធូ លន រាប់សិប​ថ្ងៃ​

​ភ្នំពេញ ៖ សំរាម​ជាច្រើន​ដែល​ចង​ច្រក​ថង់​ដាក់​ធុង កញ្ឆេ ជាស្រេច ដាក់​តាម​មុខផ្ទះ​ប្រជាពលរដ្ឋ រហូតដល់​មាន​សត្វ​មក​កកាយ ចំណែក​ក្រុម​អ្នក​រើស​អេតចាយ​ពេលយប់​ក៏​ហែក​ទាញ រយះរយាយ ជះក្លិន​ស្អុយ រាប់សិប​ថ្ងៃ ខណៈ​ក្រុមហ៊ុន ស៊ីន​ទ្រី ដែលជា​ក្រុមហ៊ុន​ម៉ៅការ​ផ្តាច់មុខ​ខាង​ប្រមូល​សំរាម​ទូទាំងប្រទេស ដែល​បាន​ខកខាន​មិនបាន មក​ប្រមូល​សំរាម​នោះ ធ្វើអោយមាន​ក្លិន​អសោច​ស្អុយរ​លួច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តិះដៀល​ក្រុមហ៊ុន​មិន​សំចៃមាត់ ដោយសារ​អត់ទ្រាំ​នឹង​ក្លិនស្អុយ​អសោច​នោះ​លែង​បាន​។​

​ពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី ធូ លន ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្ក​ស​ត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកឡើងថា នៅក្នុង​បុរី ធូ លន នេះ មាន​រថយន្ត​ក្រុមហ៊ុន ស៊ិន ទ្រី ទៅ​ប្រមូល​ដឹក​សំរាម មិន​ទៀត​ទាត់​ទេ ជួនកាល​៤​ថ្ងៃ​ទៅ​ឈានដល់​១​សប្តាហ៍ ទើប​ឃើញ​លេចរ​ថន​យន្ត ស៊ិន ទ្រី ទៅ​ម្តង​។​

​ពលរដ្ឋ​បន្តទៀតថា ពួកគាត់​បង់លុយ​រាល់​ខែ មិនដែល​ខាន​ឡើយ បង់​រួមជាមួយ តម្លៃ​ភ្លើង កាលណា​មិន​បង់លុយ ឬ​អាក់ខាន នោះ​ភ្លើង​អគ្គីសនី​ផ្ទះ​គាត់ ត្រូវបាន​ក្រុមហ៊ុន​ផ្តាច់​ជាមិនខាន ម្លោះ​ហើយ ទើប​ពួកគាត់ បង់លុយ​មិនដែល​អាក់ខាន ខែ​ណា​ឡើយ ក៏ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​ពួកគាត់ អន់ចិត្ត ត្រង់​ថា ឡាន​ដឹក ប្រមូល​សំរាម ចុះបើ​ពលរដ្ឋ បង់លុយ​គ្រប់ៗ​ចំនួន រួចហើយ រាល់​ខែ ហេតុអ្វី​មិនបាន ទៅ​ប្រមូល​សំរាម ឲ្យ​បាន​ទៀត​ទាត់​។

​ពលរដ្ឋ​សំណូមពរ​ផងដែរ ដល់​អាជ្ញាធរ ពាក់ព័ន្ធ ក្រុមហ៊ុន ស៊ិន ទ្រី មេត្តាជួយ​ព​ន្លឿ​ន​ក្នុងការ​ប្រមូល​សំរាម ឲ្យ​បាន​ទៀត​ទាត់ ពលរដ្ឋ​មិនដែល​ធ្វើបាប ជំពាក់​លុយ ក្រុមហ៊ុន​ឡើយ តែ​ក្រុមហ៊ុន​វិញ​ទេ​ដែល​ធ្វើបាប​បងប្អូន​ប្រជាពលរដ្ឋ យឺតយ៉ាវ យូរ​ច្រើន​ថ្ងៃ​ណាស់ ទើប​ទៅ​ដឹក​ម្តងៗ រហូតដល់​មាន​ពលរដ្ឋ​មួយចំនួន ដោយសារ​ទ្រាំ​និង​ក្លិនស្អុយ​សំរាម ផ្ទះ​របស់ខ្លួន​មិនបាន សម្រេច​លួច​ដឹក​យកទៅ​បោះ ចាក់ចោល តាម​ចិញ្ចើមផ្លូវ វា​ជា​ផលប៉ះពាល់​មួយទៀត ដល់​បរិស្ថាន សោ​ភ័​ណ្ឌ​ភាព ក្នុង​មូលដ្ឋាន ក្នុង​ទីក្រុង ៕

​ឃាត់ខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​១៣​នាក់​ថ្មី​ទៀត នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុង​ក្រុងភ្នំពេញ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់ ក្នុងនោះ​មាន​ស្ត្រី​ដែល​ពោះ​កំពុងមាន​ទម្ងន់​១១​នាក់ និង​ប្រុស​២​នាក់ ហើយ​២​នាក់​ផ្សេងទៀត​ជា​ចុងភៅ ដែល​ទីតាំង​ខាងលើនេះ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​លោក​ថា មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​គួរ​ជម្រាប​ថា ចំពោះ​ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណៈដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ផងដែរ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

កម្ពុជា​រំឭក​ខួប​៦៥​ឆ្នាំ ​នៃ​ការចាកចេញ​ពី​អាណានិគម​បារាំង​

​ភ្នំពេញ ៖ ទិវា​បុណ្យ​ឯករាជ្យ ត្រូវបាន​ប្រារព្វ​ឡើង ស្របគ្នា​ទៅនឹង​ថ្ងៃកំណើត​លើក​ទី​៦៤ នៃ​កង​យោពល​ខេមរៈភូមិន្ទ​ផងដែរ​។ នេះ​ជាការ​ចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ព្រះរាជធិបតីភាព ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥(៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០១៨) នៅ​វិមានឯករាជ្យ​។​

​គួររំលឹកថា ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជា​ជាតិខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ទទួលបាន​ជោគជ័យ ធ្វើ​ឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទាហាន ការទូត នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស​មកអោយ​ខ្មែរ​វិញ​។​

​ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែលមាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នក ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធីបុណ្យ​ត្រូវបានធ្វើ ឡើងជា​រៀងរាល់់ឆ្នាំ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ដ៏​ឧតុង្គ​ឧ​ត្ត​ម​នេះ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

រថយន្ត​យី​ឌុប​របស់លោក ហាក់ ម៉ៅ បុក​រះ​ចូល​ផ្ទះ​ច្រើន​ល្វែង នៅ​ផ្លូវ​វែង​ស្រេង​

​ភ្នំពេញ ៖ ព្រលឹងចុងសក់ បុក​នោះ​បុក​តាំងពី​ស្តុ​ប​លូ​ប្រាំ មកដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ មុខអាវុធ​ហត្ថ​ក្រុង​បង្កអោយមាន​ការភិតភ័យ និង​តក់ស្លុត​ខ​ណះ​ពេល​ដែលមាន​រថយន្ត​មួយគ្រឿង របស់​កង​ដឹកជញ្ជូន​របស់លោក ហាក់ ម៉ៅ ដែលមាន​អក្សរ​M​បាន​បុក​រះ​បង្កអោយមាន​អ្នករងរបួស​ក្មេង​ចាស់​ប្រុស​ស្រី​៥​នាក់ ធ្ងន់​ម្នាក់ និង​ស្រាល​៤​នាក់ និង​រង​ការខូចខាត​រថយន្ត​៦​គ្រឿង រ៉ឺម៉ក​៤​គ្រឿង ម៉ូតូ​៣​គ្រឿង និង​ផ្ទះ​ចំនួន​៣​ល្វែង​។​

​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាង​ល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ភូមិ​ដំណាក់​ធំ​៥​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​។​

​ប្រភព​ព័​ត័​មាននៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុប​មួយគ្រឿង ពណ៌​ត្រ​អ៊ី​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A7503 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំនុច​ស្តុ​ប​លូ​៥ ខណៈ​ដែលមាន​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុងតែ​ឈប់​នៅមុខ​រថយន្ត​បង្ក​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​បុក​រះ​ជា​បន្តរ​បន្ទាប់​ហើយ​បន្ថែម​ល្បឿន​ទៅមុខ​យ៉ាង​លឿន​រហូតមកដល់​មុខអាវុធ​ហត្ថ​ក្រុង​ក៏បាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣​ល្វែង​ថែមទៀត​ទើប​ធ្វើអោយ​រថយន្ត​ទៅមុខ​លែងរួច​។​

​ភ្លាមៗ​នោះដែរ អ្នកបើកបរ​រថយន្ត​បង្ករ​បំរុង​បើកទ្វារ​រថយន្ត​ចុះ​រត់ តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់​បាន​ភ្លាមៗ​ប្រគលអោយ​សមត្ថកិច្ច​ប៉ុស្តិ​ស្ទឹងមានជ័យ​៣
​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរ​ណ៏​ក្រុង បាន​ចុះមក​វាស់វែង និង​ជួយ​សម្រួល​ចរាចរណ៍​នៅ និង​កន្លែងកើតហេតុ​។​

​ក្រោយពេល​ធ្វើការ​វា់​វែង​រួច​សមត្ថកិច្ច​បាន​យក​រថយន្តស្ទូច​យក​រថយន្ត​បង្ករ និង​រថយន្ត​ខូចខាត​រួម និង​រ៉ឺម៉ក​ទាំងអស់​ដែល​រង​ការខូចខាត​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ឡាន​ដឹក​សសរ​គ្រឹះ​បើក​លឿន​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ប្រពន្ធ ឯ​ប្តី​រងរបួស

​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​ធន់​ធំ​ដឹក​សសរ​មួយគ្រឿង បាន​បើកបរ​លឿន​ជ្រុល បុក​ពេញទំហឹង និង​កិន​ប្រពន្ធ​ស្លាប់ រីឯ​បុរស​ជា​ប្តី​រងរបួស កាលពី​វេលា​ម៉ោង ៩​នឹង​១០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​បុរស​ជា​ប្តី​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក ដៃ​អោប​សព​ប្រពន្ធ​ថា រាល់ថ្ងៃ​ពួកគាត់​មានជីវិត​ក្រីក្រ​ណាស់​រក​មួយថ្ងៃ​ហូប​មួយថ្ងៃ ដោយ​ថ្ងៃនេះ គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ប្រពន្ធ ចេញពី​កន្លែង​រើស​អេតចាយ ដើម្បី​មករក​ទិញ​ម្ហូប​ហូប តែ​អកុសល​ពេល​កំពុង​ជិះ​ម៉ូតូ​សុខៗ ស្រាប់​តែមាន​ឡាន​ធន់​ធំ​មួយគ្រឿង បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​ក៏​ជ្រុល​បុក​គាត់​ពេញទំហឹង​បណ្តាលអោយ​ដួល​ម៉ូតូ ហើយ​ប្រពន្ធ​គាត់​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធម៌​មួយ​រំពេច ចំណែក​រូបគាត់​បានរ​ង​របួសស្រាល​។ លោកពូ​បន្តថា ប្រពន្ធ​គាត់​មានឈ្មោះ ស៊ុន យេ​ញ អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ម្តុំ​ទី​តាំ​គំនរ​សំរាម ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្រោយពេល​កើតហេតុ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន​តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​យាម​តាម​គោលដៅ​ដេញ​រហូត​ឃាត់​បាន​ទាំង​តៃកុង​រថយន្ត​នឹង​រថយន្ត​បង្ក​ហើយ​យកទៅ​កាន់​ស្នាក់ការ​ប៉ុស្តិ៍​ភ្លាមៗ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​គ្រោះ​ចរាចរណ៍ នេះ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​វាស់វែង​អូស​យក​ម៉ូតូ​នឹង​រថយន្ត​បង្ក​រួមទាំង​តៃកុង​រថយន្ត​យកទៅ​កាន់​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕