All posts by មេគង្គ ប៉ុស្តិ៍

គ​.​ជ​.​ប​. នឹង​បិទ​បញ្ចប់​ការចុះ​បោះឆ្នោត​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៨ ខែតុលា នេះ

​ភ្នំពេញ ៖ គ​.​ជ​.​ប​. ជូនដំណឹង​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៨ ក៏​ដូច ជាការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​នៅក្នុង​បញ្ជី​បោះឆ្នោត​ជាដើម​នោះ នឹងត្រូវ​បិទ បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នេះ ខណៈ​អ្នក​ចុះឈ្មោះ​ថ្មី​គិត​ត្រឹម​ថ្ងៃទី​១៦ ខែតុលា មាន ចំនួន​ជាង ១៨​ម៉ឺន​នាក់​។​

​គ​.​ជ​.​ប បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ឬ​ចង់​កែតម្រូវ​ទិន្នន័យ នៅ ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​រួសរាន់​មក​ដោះស្រាយ ពីព្រោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ ឆ្នោត ឆ្នាំ​២០១៨ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៨ តុលា នេះហើយ​។​

គ​.​ជ​.​ប បញ្ជាក់ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ គិត​ចាប់​ពីថ្ងៃ ទី​១ ដល់​ថ្ងៃទី​១៦ ខែតុលា មាន​អ្នក​ចុះឈ្មោះ​ថ្មី​ចំនួន ១៨០.៩៤៤​នាក់ និង​លុប​ចេញពី​បញ្ជី​មាន ចំនួន ៤១.៤៥៩​នាក់ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១.៣៨១​នាក់​៕

​តម្លៃ​ប្រេងសាំង​ធម្មតា​កើន​ដល់​៤.២៥០​រៀល ក្នុង​១​លីត្រ នៅ​ពាក់កណ្តាល​ខែតុលា នេះ

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ត្រូវបាន​មើលឃើញថា បាន​ចាប់​ឡើងថ្លៃ​បន្តបន្ទាប់​ទៀត​ចាប់តាំងពី​ដើមខែ​តុលា មក ជាក់ស្តែង​តម្លៃ​ប្រេងសាំង​ធម្មតា នៅ​ថ្ងៃទី​១៦​ខែតុលា នេះ ឡើងថ្លៃ​ដល់ ៤.២៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត​កើន​ដល់​៤.១៥០​រៀល ក្នង​មួយ​លីត្រ​។

​ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នេះ ដោយសារ​ប្រេងឥន្ធនៈ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក៏​កើន​ថ្លៃ​ដែរ​។​

​ដូច​ទៅនឹង​តារាង​កំណត់​តម្លៃ​ប្រេង​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ តម្លៃ​ប្រេងសាំង​ធម្មតា​សម្រាប់​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេងឥន្ធនៈ​ធំៗ គឺ​៤.២៥០​រៀល​ក្នុង​មួយ​លីត្រ ដែល​តម្លៃ​នេះ កើនឡើង​៥០​រៀល បើ​ធៀប​នឹង​តម្លៃ​រយៈពេល ១៥​ថ្ងៃ​ដើមខែ​តុលា កន្លងមក ។

​ដូចគ្នានេះ​ទៅនឹង​តម្លៃ​ដែល​កំណត់​ក្នុង​តារាង​លក់រាយ​ចាប់ពី​ថ្ងៃ ទី​១៦ ដល់ ៣១​ខែតុលា​នេះដែរ ប្រេងម៉ាស៊ូត មានតម្លៃ​៤.១៥០​រៀល​ក្នុង​មួយ​លីត្រ ដែល​តម្លៃ​នេះ​កើនឡើង​១៥០​រៀល​បន្ថែមទៀត បើ​ធៀប​នឹង​តម្លៃ​កាលពីដើម​ខែតុលា មក​។​

​ដោយឡែក ប្រេងសាំង​ស៊ុប​ព៊ែ​រ ដែល​មិនត្រូវ​បានកំណត់​ក្នុង​តារាង​រូបមន្ត​គណនា​របស់​ក្រសួងពាណិជ្ជកម្ម​វិញ បាន​ហក់​ឡើងដល់​៤៥៥០​រៀល ទៅ​៤៦០០​រៀល​ក្នុង​លីត្រ នៅតាម​បណ្តា​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។

​គួរ​កត់សំគាល់ថា សម្រាប់​តម្លៃ​ប្រេងសាំង​ធម្មតា និង ប្រេងម៉ាស៊ូត ដែល កំណត់​ក្នុង​តារាង​លក់រាយ​ជា​ផ្លូវការ​រយៈពេល​១៥​ថ្ងៃ​ម្តងនេះ គឺ​ត្រូវបាន​បញ្ចុះតម្លៃ​៤​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​លីត្រ​រួចហើយ​តាម​គោល​ការ​ណ៌​របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ការ​គណនា​រូបមន្ត​តម្លៃ​គោល ដែល​ផ្អែកលើ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ។

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ប្រេងសាំង​ធម្មតា​នៅលើ​ទីផ្សារ​អន្តរជាតិ ជា​មធ្យម​ក្នុង​រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែតុលា​មក គឺមាន​តម្លៃ ប្រមាណ​៩០,២​ដុល្លារ​អាមេរិក ក្នុង​មួយ​បារ៉ែល​។ ចំណែក​រយៈពេល​ដូចគ្នានេះ ប្រេងម៉ាស៊ូត មានតម្លៃ ជាង​៩៩​ដុល្លារ​អាមេរិក​។ តម្លៃ​ប្រេង​នេះ គឺមាន​ការឡើង​ថ្លៃ​ប្រមាណ ២​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល សម្រាប់​ប្រេងសាំង​ធម្មតា និង កើនឡើង​ប្រមាណ ៥​ដុល្លារ​អាមេរិក សម្រាប់​ប្រេងម៉ាស៊ូត ៕

​ម៉ាឡេស៊ី ផ្អាក​នាំចូល​ម្ទេស​ពី​វៀតណាម ដែលថា​មាន​ផ្ទុក​សារធាតុ​គីមី​

​ក្រសួងកសិកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ផ្អាក​ការ​នាំចូល​ម្ទេស​ពី​ប្រទេស​វៀតណាម បន្ទាប់ពី​រកឃើញ​សារធាតុ​គីមី​ហួស​កម្រិត​។ អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជាក់ថា ការផ្អាក​នាំចូល​នេះ គឺ មាន​កត្តា​ចំនួន​២ ទី​១- ដោយសារ​កសិករ​ផលិត​ម្ទេស​នៅ​ប្រទេស​វៀតណាម មិនបាន​អនុវត្តតាម​គោលការណ៍​ស្ដង់ដារ​របស់​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត​។

​ទី​២- រដ្ឋាភិបាល​ម៉ាឡេស៊ី លើកទឹកចិត្ត​កសិករ​វ័យក្មេង ចូលរួម​ផលិត​ម្ទេស​ដើម្បី​ប្រកួតប្រជែង​នឹង​ទីផ្សារ​របស់​បរទេស​។ ម្ទេស​វៀតណាម នៅ​ទីផ្សារ​ម៉ាឡេស៊ី លក់​ក្នុងតម្លៃ ០,៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ម្ទេស​ផលិត​ក្នុងស្រុក​របស់​ម៉ាឡេស៊ី លក់​ក្នុងតម្លៃ ១,៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

​ទន្ទឹមនឹង​ការប្រកាស​មូលហេតុ​នៃ​ការផ្អាក​នាំចូល​ម្ទេស​នេះ ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅ​ម៉ាឡេស៊ី ក៏បាន​ផ្ញើលិខិត​ទៅកាន់​នាយកដ្ឋាន​ពាក់ព័ន្ធ និង​ស្នើ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម ធ្វើការ​បកស្រាយ​បំភ្លឺ​ដល់​កសិករ​វៀតណាម​ផងដែរ ចំពោះ​កម្រិត​អនុញ្ញាត​នៃ​ការប្រើប្រាស់​សារធាតុ​គីមី ដើម្បី​សម្លាប់​សត្វល្អិត ក្នុង​ម្ទេស​។​

​គួរ​បញ្ជាក់ថា ម៉ាឡេស៊ី បានចាប់ផ្ដើម​នាំចូល​ម្ទេស​ពី​វៀតណាម កាលពី​ឆ្នាំ​២០១៦ ហើយ ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ចិន ជា​អ្នក​នាំចូល​ម្ទេស​វៀតណាម ធំជាងគេ​នៅលើ​ពិភពលោក​៕

​បាញ់​៦​គ្រាប់​ពេល​ចុះ​ចាប់​មនុស្ស ផ្អើល​អ្នកភូមិ​ភ័យ​ដួលសន្លប់​នៅ​សង្កាត់​ព្រែកប្រា

ភ្នំពេញ ៖ ក្មេងស្រី​ម្នាក់ និង​ស្ត្រី​ចំនាស់​ម្នាក់​បាន​ដួលសន្លប់​បាត់ ក្រោយពី​មាន ជន ស៊ីវិល​មួយក្រុម​ចុះមក​ចាប់​មនុស្ស​ប្រុស​ស្រី​២​នាក់​ក្នុងភូមិ ហើយ​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់​ក្បែរ​ខ្លួន នៅ តំបន់​បងប្អូន​ខ្មែរឥស្លាម​រស់នៅ កាលពី​វេលា​ម៉ោង​៩ ប្រមាណ​ជា​៤០​នាទី យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភូមិ​ព្រែក​តា​ពៅ (​ទល់មុខ​វិហារ​ឥស្លាម​) សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ រាជធានី​ភ្នំពេញ ។

​បន្ទាប់ពី​ចាប់​ដាក់​ខ្នោះ​ពលរដ្ឋ​ពីរ​នាក់​ជាប់​គ្នា​រួច​បម្រុង​នាំខ្លួន​ចេញទៅ​ក្រៅ ស្រាប់តែ​ត្រូវ​ប្រជា ពលរដ្ឋ​ស្រែក​ឆោឡោ រារាំង​សមត្ថកិច្ច​មិនអោយ​នាំខ្លួន​ចេញ​ទេ ហើយ​ក្រុម​ដែល​ចុះមក​ចាប់​នោះ ឃើញ​ស្ថាប​ភាពមិន​ស្រួល ក៏បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូ និង​រថយន្ត​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​ចេញ ទៅ​បាត់ បន្សល់ទុក​អ្នក​ជាប់​ខ្នោះដៃ​ទាំងពីរ​នាក់ នៅនឹងកន្លែង​កើតហេតុ​នោះ​វិញ​។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​ព្រែកប្រា បាន​ប្រាប់ថា សមត្ថកិច្ច​មូលដ្ឋាន មិន​បានដឹង​រឿងនេះ ទេ ព្រោះ​គេ​មិនបាន​សហការ​ជាមួយ​មូលដ្ឋាន​។ លោក ថា លោក​កំពុង​ស្រាវជ្រាវ​ពី​មូលហេតុ​ពិត ថា​តើ​ជា​ករណី​អ្វី​ពិតប្រាកដ​៕

​ក្រសួង​ត្រៀម​ដាក់​ថ្នាក់ ភាសា​សញ្ញា គ ថ្លង់ ចូលក្នុង​កម្មវិធីសិក្សា​រដ្ឋ

​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​រៀបចំ​បញ្ចូល​ថ្នាក់​«​ភាសា​សញ្ញា​»​សម្រាប់​ជនពិការ គ ថ្លង់ ទៅក្នុង​កម្មវិធីសិក្សារ​បស់រ​ដ្ឋ ដោយ​ក្នុង​សាលា​នីមួយៗ មាន​ថ្នាក់​«​ភាសា​សញ្ញា​» មួយ​ថ្នាក់ ។

​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច បាន​បញ្ជាក់ថា គម្រោង​បញ្ចូល​ថ្នាក់​«​ភាសា​សញ្ញា​» នេះ ត្រូវបាន​ធ្វើឡើង​សម្រាប់​ជនពិការ គ ថ្លង់ និង​ពង្រីក​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ ខណៈ​បច្ចុប្បន្ន​ការសិក្សា ភាសា​សញ្ញា មានតែ​នៅតាម​សាលា គ ថ្លង់ របស់​ស្ថាប័ន​នៃ​អង្គការក្រៅរដ្ឋាភិបាល​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត គម្រោង​នេះ ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូម​របស់​បងប្អូន​ជនពិការ ផងដែរ​។

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ទីស្តីការក្រសួង​សង្គម កិច្ច ក៏​មានការ​ប្រារព្ធ​ពិធី​នៃ​ទិវា​មនុស្ស គ​-​ថ្លង់ អន្ដរជាតិ ក្រោម​ប្រធានបទ «​មាន ភាសា​សញ្ញា ខ្ញុំ​អាច​រស់​នៅបាន​ដោយ​ស្មើភាព​»៕

​លោក សួន វិសាល បន្ត​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី ក្នុង​អាណត្តិ​ទី​១២

​ភ្នំពេញ ៖ លោក សួន វិសាល បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​ដដែល​សម្រាប់​អាណត្តិ​ទី​១២ នេះ​។ លទ្ធផល​ដែល​បានប្រកាស​នា​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ បង្ហាញថា លោក សួន វិសាល ទទួលបាន​សំឡេង ៩៣០ ចំណែក​លោក សំ សុ​គង់ ដែល​បាន​ឈរឈ្មោះ​ប្រជែង​យក តំណែង​នេះ ទទួលបាន​សំឡេង ២៨៨​។

​គួរ​បញ្ជាក់ថា មេធាវី​ម្នាក់ អាច​ធ្វើជា​ប្រធាន​គណៈមេធាវី បានតែ​២​អាណត្តិ​ប៉ុណ្ណោះ ហើយ ក្នុង​១ អាណត្តិ មាន​រយៈពេល​២​ឆ្នាំ​។ លោក សួន វិសាល បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈ មេធាវី ជា​លើក ទី​១ កាលពី​ឆ្នាំ​២០១៦ សម្រាប់​អាណត្តិ​១១​។ សម្រាប់​អាណត្តិ​ទី​១២​នេះ មាន​បេក្ខជន ប្រកួត ប្រជែង​ក្នុង​តំណែង​នេះ តែ​ម្នាក់​ប៉ុណ្ណោះ គឺ​លោក សំ សុ​គង់ ។ លោក សួន វិសាល ដែល មាន​វ័យ​៥៣​ឆ្នាំ បាន​ស្បថ​ចូល​ធ្វើជា​មេធាវី​តាំងពី​ឆ្នាំ​១៩៩៨​មក​៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៦ ខែតុលា ចំនួន​៦​លើក​ស្លាប់ ២​នាក់ របួស​៤​នាក់

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៦​លើក បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​៤​នាក់​។​

​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១២​គ្រឿង ក្នុង នោះ មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៤​គ្រឿង​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មកពី​ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ ៣​លើក​ ប្រជែង​២​លើក​។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៦​ថ្ងៃ គឺ​ថ្ងៃទី​១ ដល់​១៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៩​នាក់ របួស​សរុប​២៨៩​នាក់ ក្នុងនោះ​របួសធ្ងន់ ២០០​នាក់ និង​របួសស្រាល​៨៩​នាក់ ៕

​អាជ្ញាធរ​សង្កាត់​វត្ត​គរ បិទ​ភ្នែក​ឲ្យ​ឈ្មួញ អេង ហេង ជីក​អាចម៍ដី​លក់​ជម្រៅ​ដល់​ក្បាល​ប្រែ​ត​

​បាត់ដំបង ៖ អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​នៅ​ក្រុង និង​ខេត្តបាត់ដំបង កើតមាន​យូរហើយ តែ​បច្ចុប្បន្ននេះ រណ្តៅ​ដី​របស់​ឈ្មោះ ហេង អេង ហាក់ដូចជា​លេចធ្លោ​ជាងគេ គឺមាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ តែ​អាជ្ញាធរ​តាំងពី​ថ្នាក់ភូមិ សង្កាត់​រហូតដល់​ខេត្ត ទំនងជា​ត្រូវ​ថ្នាំ​សណ្តំ​សំងំ​ឈឹង ផ្តល់ឱកាស​ឲ្យ​ឈ្មោះ ហេង អេង បន្ត​ជីក​ស្ទើរ​ហួស​ក្បាល​ប្រែ​តទៅទៀត​។

​នេះ ជាការ​អះអាង​បញ្ជាក់ របស់​បុរស​ចំណាស់​ម្នាក់​ដែល​ប្រាប់ថា គាត់ ជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើនេះ​។​
​បុរស​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​រិះគន់​ធ្ងន់ៗ​ថា អាជីវកម្ម​លក់​អាចម៍ដី និង​ជីក​ជម្រៅ​ហួស​ពី​គោលការណ៍​កំណត់​របស់​ឈ្មោះ ហេង អេង បាន​កើតឡើង​យូរហើយ តែ មិន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់ ឬ​ក្រុង​បាត់ដំបង នោះឡើយ​។ ករណី​មិន​អើពើ​នេះ ត្រូវបាន​បុរស​ចំណាស់​រូបនេះ​ចាត់ទុក​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង​« ជា​មន្ត្រី​គ្រាប់​ល្ពៅ » ចាំតែ​ឆ្លៀតឱកាស​កេងចំណេញ​ក្នុង​អំពើពុករលួយ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ជាប់ដៃ​ក្នុង​កិច្ច​ការទូត និង​កិច្ចប្រជុំ​កំពូលៗ​នៅក្រៅ​ប្រទេស​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ ក្រុមការងារ​ព័ត៌មាន បាន​ចុះទៅ​ដល់ទី​តាំង​ជីក​យក​អាចម៍ដី​លក់​មួយកន្លែង នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មួញ​ឈ្មោះ ហេង អេង ឃើញថា មាន​ជម្រៅ​ជ្រៅ​ដែល​មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច ដូច​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន​។​

​បុរស​ចំណាស់​ដដែល បាន​ពន្យល់ថា រឿង​ប៉ុណ្ណឹង មិនមែន​រដ្ឋអំណាច​ធ្វើ​មិនកើត​នោះទេ តែ​អំពើពុករលួយ វា​បានធ្វើ​ឲ្យ​មន្ត្រី​គ្រាប់​ល្ពៅ​បិទ​ភ្នែក មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ឬ​កូនចៅ​ប្រជាពលរដ្ឋ ដែល​អាច​ធ្លាក់​ក្នុង​រណ្តៅ​ដ៏​ជម្រៅ​នោះ នា​រដូវវស្សា​ដែលមាន​ទឹក​ជន់​លិច​។

​បុរស​ចំណាស់​ដដែល​បន្តថា ឈ្មួញ ហេង អេង គេ​មិន​ខ្លាច​នឹង​ជះ​លុយ​ដើម្បី​បិទបាំង​ទង្វើ​ល្មើស​ក្នុង​អាជីវកម្ម​នោះឡើយ ព្រោះថា គេ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃថោកៗ ហើយ​ជីក​យក​អា​ចម៍លក់​ក្នុងតម្លៃ​ថ្លៃ ។ ក្រោយពេល​ជីក​លក់​អស់ចិត្ត​ហើយ គេ​ប្រកាស​លក់​រណ្តៅ​ដី​ក្នុងតម្លៃ​មួយ​ផ្សេងទៀត ហើយ​អាច​លក់​ថ្លៃ​ជាង​ធម្មតា ដោយសារ​នៅ​រដូវវស្សា រណ្តៅ​ដី​នោះ នឹង​ក្លាយទៅជា​បឹង គឺ​ប្រៀប​បីដូច​ជាការ​លក់​បឹង​មួយ​យ៉ាង​ធំ​ដូច្នោះ​ដែរ​។​

​គួរ​ជម្រាប​ផងដែរ​ថា រណ្តៅ​ដី​របស់​ឈ្មោះ ហេង អេង នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា «​បឹង​សែន​ត្រជាក់​» ប៉ុន្តែ​ដោយសារ បឹង​សែន​ត្រជាក់ របស់​ឈ្មួ្ញ​ញ ហេង អេង នោះ​ហើយ ទើបបានជា​កន្លងមក មាន​អ្នកស្លាប់​ដោយសារ​លង់ទឹក​ណ្តៅ​ដី​«​បឹង​សែន​ត្រជាក់​»​នោះ គួរ​ឲ្យ​អាណោច​អធម៌​។

​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម សុំ​ការពន្យល់​ពី​លោក​អភិបាលក្រុង​បាត់ដំបង​ដែរ មិនអាច​ទាក់ទង​បាន ដោយសារ​ទូរស័ព្ទ​រប​ស់លោក មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​៕ ដោយ ៖ សុផល​

ដុត​ផាវ​ចងភ្ជាប់​កំប៉ុង​ហ្គាស គប់​ចូល​បំផ្ទុះ​ក្នុងផ្ទះ តែ​មិនបាន​សម្រេច​

​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​យក​កំប៉ុង​ហ្គាស ចងភ្ជាប់​ជា​មូ​យ​ផាវ​គ្រាប់បែក រួច​ដុត​បញ្ឆេះ​ផាវ ហើយ​គប់​សំដៅ​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ម្នាក់​ដែល​នៅផ្ទះ​ជាប់​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ស្ទុះ​ទៅ​ពន្លត់​បាន​ទាន់ពេល​។​

​ករណី​ប៉ុនប៉ង​ហិង្សា​ដ៏​ឃោ​ឃៅ​នេះ ធ្វើឡើង​ទៅលើផ្ទះ​ជនរងគ្រោះ ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី ស្ថិតនៅក្នុង​ក្រុមទី​៦ ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង នៅវេលា​ម៉ោង ១ និង​៣០​នាទី រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។​

​តាម​មន្ត្រី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនបង្ក​ហេតុ​ឈ្មោះ ចំរើន ឆេង​ឡា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ផ្ទះ​ជាប់​គ្នា​នឹង​ផ្ទះ​ជនរងគ្រោះ បាន​យក​កំប៉ុង​ហ្គាស​តូច​មួយ ចង​រុំ​ជាប់​ជាមួយនឹង​ផាវ​គ្រាប់បែក​មួយគ្រា​ប់ ហើយ​ដុត​ផាវ​នោះ​ឲ្យ​ឆេះ​រួច​បោះ​សំដៅ​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ​ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ក្នុងពេលដែល​ស្ត្រី​រងគ្រោះ កំពុង​អង្គុយ​លាងចាន​តែម្នាក់ឯង​។ ពេល​ឃើញ​ផាវ​ឆេះ​ដូច្នេះ ស្ត្រី​ម្ចាស់ផ្ទះ ក៏​យក​ទឹកសាប៊ូ​ទៅ​ជះ​ពន្លត់​ផាវ​។ ក្រោយ​ពេលដែល​ឃើញ​ស្ត្រី​រងគ្រោះ​ពន្លត់​ផាវ​នោះ​រួចហើយ ជនសង្ស័យ​ក៏បាន​រត់​ទៅយក​កូនកាំបិត​ចុង​ស្រួច មក​គំរាម​ចាក់​សម្លាប់​ជនរងគ្រោះ​បន្ថែមទៀត តែ​មិនបាន​សម្រេច​។​​ប្រភព​ដដែល​បន្តថា ករណី​ហិង្សា​នេះ ដោយសារ​ជនសង្ស័យ និង​ជនរងគ្រោះ ធ្លាប់​មានទំនាស់​ជាមួយគ្នា ។

​បច្ចុប្បន្ន កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​ជនបង្ក​ហេតុ និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ដោយ ៖ សុផល​

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចាក​ចេញ ទៅ​ប៊ែ​ល​ហ្សិ​ក ទួ​ក​គី និង​ស្វី​ស​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​សបុ​កនា​ព្រឹក​ថ្ងៃនេះ​ថា នា​យប់​ថ្ងៃទី​១៦ ខែតុលា នេះ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ប្រទេស​បែ​ល​ហ្សិ​ក មុននឹង​បន្តធ្វើ ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី និង​បន្ទាប់មកទៀត​នឹង​ទៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​ជាមួយនឹង​ការបញ្ជា​ក់នូវ​បេសកកម្ម​ក្រៅប្រទេស ៣​ប្រទេស​ជាប់ៗ​គ្នា​នេះ សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង ដូច្នេះ​ថា «​ក្រឡេកមើល​កម្មវិធី​ការងារ​នៅក្រៅ​ប្រទេស​លើក​នេះ​ពិតជា​មមារ​ញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។ ការងារ​មួយ​ដែល​ខ្ញុំ​មិនអាច​បោះបង់ ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និ​សិ​ត្ស​ខ្មែរ​ដែល​កំពុង​រស់នៅ​និង រៀនសូត្រ​នៅ​អឹ​រ៉ុ​ប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ នៅ​ទីនោះ​។

​សូមជម្រាបថា នា​វេលា​ម៉ោង ១២ និង ២០​នាទី ឈានចូល​ថ្ងៃទី ១៧ តុលា ២០១៨ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក ដែលជា​ទីកន្លែង​ត្រូវ​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ហើយ​បន្ទាប់ពី​ប្រជុំ​អាស៊ី​អឺរ៉ុប សម្តេច​នឹងធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ២២ តុលា​។ ក្នុង​ថ្ងៃទី ២២ តុលា ដដែល​សម្តេច​នឹង ត្រូវ​ចេញពី​ប្រទេស​តួ​ក​គី មក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម នឹងមាន​គំរោង​ចាកចេញ ពី​ប្រទេស​ស្វី​ស​នៅ​យប់​ថ្ងៃទី ២៤ តុលា ដែល​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ តុលា ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី ស្តីពី​សេចក្តី​ពី​ការព្រាង ច្បាប់​ថវិកា​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា ២០១៨៕​

ប្លន់​ហាង​ចិន​យកលុយ​រាប់ម៉ឺន​ដុល្លារ​នៅ​សង្កាត់​ផ្សារ​ថ្មី​១

​ភ្នំពេញ​៖ ក្រុមចោរប្លន់​ស្វាគមន៍​លោក ទៀង ច័ន្ទ​សារ ដែល​ទើប​ចូលកាន់​ដំណែង​ថ្មី​ជា​អធិការ​ខណ្ឌដូនពេញ ក្រុមចោរប្លន់​ទាំងនោះ​បានធ្វើ​សកម្មភាព ចូលទៅក្នុង​ហាង​លក់​ភេ​ជ្ជៈ “​ឈិន ស៊ីន​” ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់​ដោយ​កាំបិត ហើយ​បាន​ប្រមូលប្រាក់​អស់​រាប់សិប​ម៉ឺន​ដុល្លា រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទល់មុខ​ផ្សារ​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ដំរុយ​ពី​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ប្លន់​នោះ​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បាន​ចូលទៅក្នុង​ហាង​ខាងលើ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ចេញមក​វិញ​ដោយ​ប្រ​ញ៉េប​ប្រញាប់​ឡើង​រ៉ុ​ក​ម៉ក់​កង់​បី​បើក​ចេញទៅ​បាត់​។ ស្រាប់តែ​ភ្លាម​នោះគេ​បានឃើញ​ម្ចាស់​ហាង​រត់​ចេញមកក្រៅ​ស្រែក​ផ្អើល​ឆោ​រ​ឡោ ទើប​ដឹងថា​នេះ​ជា​ករណី​ចោរប្លន់​អស់​លុយ​រាប់សិប​ម៉ឺន​ដុល្លា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ និង​អជីវ​ករ​លក់ដូរ នៅក្នុង​ខណ្ឌដូនពេញ កំពុងតែ​មានការ​ភិតភ័យ ខ្លាច​ព្រោះ​ជនល្មើស​បានធ្វើ​សកម្មភាព​ប្លន់​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​៕​

ជនជាតិ​ចិន​​ម្នាក់ស្លាប់ ក្នុង​គ្លីនិក​ព្យាបាល និង​សម្ភព ផេង វុទ្ធី នៅ​សង្កាត់​កា​កាប​ទី​២

​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជនជាតិ​ចិន​២​នាក់​ប្តី​-​ប្រពន្ធ​ព្យាបាល ដែល​ទំនងជា​ខុស​បច្ចេកទេស បណ្តាល​ឲ្យ បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​រង់ចាំ​ការដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​សព កាលពី​វេលា​ម៉ោង ៥​នឹង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព ផេង វុទ្ធី ដែល​ស្ថិតនៅ ផ្ទះ​លេខ​DD១០ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សព​ឈ្មោះ WANG ZHIQIANG អាយុ​៤៩​ឆ្នាំ មុខរបរ លក់​គ្រឿងក្លែម នៅ​កំបូល ជា​ជនជាតិ ចិន ស្នាក់នៅ​ផ្ទះសំណាក់​មិត្តភាព ក្បែរ​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​វេជ្ជបណ្ឌិត ជនជាតិ​ចិន​ជា​ម្ចាស់ ពេទ្យ​ឈ្មោះ LI XIA OYONG ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជា​វេជ្ជបណ្ឌិត មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​នៅ​ប្រទេស​ចិន ។

​តាម​ប្រភព​ពត៌មាន​ពី​គ្រូពេទ្យ ខាងលើ បាន​និយាយ​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ​(​សព​) បាន​ជិះ​រ៉ឺម៉ក​កង់​បី​មក មន្ទីរពេទ្យ​របស់គាត់ ហើយ ដោយ​ជនរងគ្រោះ គាត់ មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង ឈឺ សន្លាក់ដៃ សន្លាក់ជើង ហើយ​ភ្លាមៗ​នោះ​គ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជនរងគ្រោះ ដោយមាន​កំដៅ​ក្តៅខ្លួន​ខ្លាំង ហើយ​គាត់​បាន​ពិនិត្យ​ទៅ ដោយ ដឹងថា ជនរងគ្រោះ​មាន​ជំងឺ គ្រុនឈាម បន្ទាប់មក គ្រូពេទ្យ​ខាងលើ បានដាក់ សេរ៉ូម​ឲ្យ​អ្នក​ជម្ងឺ បាន​មួយ​ប្លោក ជនរងគ្រោះ​មាន​អា​ការៈធម្មតា ហើយ​បានដាក់ សេរ៉ូម​មួយ​កំប្លោក ទៀត ជា​ប្រភេទ​ថ្នាំ​ផ្សេង តែ​ព្យាបាល​ដដែល​បាន​ពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់​តែមាន មុខ​អា​ការៈខុសប្លែក​ពី ធម្មតា ស្លេកស្លាំង ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ បានគាស់​មាត់​ជនរងគ្រោះ​ដើម្បី​ប​ញ្ជូ​ល​ខ្យល់​អុកស៊ីហ្សែន​ហើយ​ធ្វើ​ចលនា ដើមទ្រូង លុះ​មួយ សន្ទុះ​ក្រោយមក ជនរងគ្រោះ​ខាងលើ បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។

​ហើយ​បើតាម ស្ត្រី ម្នាក់​ជា​អ្នកបកប្រែ​បានអោយដឹងថា ជនរងគ្រោះ​(​សព​)​ដោយ​ដឹងថា ឈឺ​ហើយ​មក មន្ទីរពេទ្យ​ព្រមទាំង ម្ចាស់ផ្ទះ សំណាក់​ខាងលើ បាននាំគ្នា​មក​មើល ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ខាងលើ តែ​មកដល់ ជនរងគ្រោះ បាន​ស្លាប់បាត់​ជីវិត​ទៅហើយ ហើយ​បាន​ទាក់ទង​ទៅ កូនប្រុស​របស់ សព ដែលមាន​ឈ្មោះ​wang gi long វ៉ង​ជី​ឡុង​ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ​មុខរបរ​ជួយ​លក់​គ្រឿងខ្លែម​ឪពុក​នៅ​ម្តុំ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​អោយមក​កន្លែងកើតហេតុ​ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​។

​បើតាម​សំដី សមត្ថកិច្ច​នឹង​មន្ត្រី​យ​សុខាភិបាល​បានអោយដឹងថា សម្ភព នឹង​សំរាក​ព្យាបាល ផេង វុទ្ធី ខាងលើ ដោយ​មិនមាន​ផាសុកភាព​និង​ខ្វះ អនាម័យ​យ៉ាងខ្លាំង ព្រោះ​នៅក្នុង បន្ទប់​ពិនិត្យ​និង​ពិសោធន៍ សំបូរ​ទៅដោយ កន្ទុយបារី ដោយ​មិនមាន​អនាម័យ​ទៀតផង​។

​ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​លោកគ្រូ​ពេទ្យ​និង​ប្រពន្ធ​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ពោ​ធិ៏​រងចាំ​បញ្ជូនបន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​។ ចំណែក​សាកសព​ខាង​កុសល​វិ​ច្ឆ័​យ​បាន​យកទៅ​ក្លាស្សេ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រងចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​ទ័ព​មួក​ខៀវ​កម្ពុ​ជាជាង​២០០​នាក់ នឹង​ទៅ​អាហ្វ្រិក​កណ្តាល នា​ចុងខែ​វិច្ឆិកា

ភ្នំពេញ ៖ កម្ពុជា នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ជាង​២០០​នាក់ បន្ថែមទៀត​ក្នុង​បេសកកម្ម​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ទៅកាន់​ប្រទេស​អាហ្វ្រិក​កណ្តាល នា​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ ដើម្បី​ផ្លាស់​ជើង​កងវិស្វកម្ម​ចាស់​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ទីនោះ​។​

​កញ្ញា កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បានបញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ថា ការបញ្ជូន​កងទ័ព​មួក​ខៀវ​ទៅកាន់​ប្រទេស​អាហ្វ្រិក​កណ្តាល ក្រោយពី​មានការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​៕

រយៈពេល​១៤​ថ្ងៃ​មាន​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជិត ១៦​ម៉ឺន​នាក់

​ភ្នំពេញ ៖ សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​បានឱ្យដឹងថា រយៈពេល​១៤​ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​ថ្មី​ចំនួន​១៥៩.៤៤៥​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន ២៧.៤៤៩​នាក់ ចំណែក ប្រជា ពលរដ្ឋ​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន​១.១៤៦​នាក់​។​

​គ​.​ជ​.​ប ក៏បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ឬ​ចង់​កែតម្រូវ​ទិន្នន័យ​ណាមួយ នៅក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​មក​ដោះស្រាយ​ការងារ​នេះ ឱ្យបាន​រួសរាន់ ពីព្រោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​នេះ នៅសល់​រយៈពេល​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

​ខាងក្រោម​នេះ ជា​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​ ៖

​ចាប់រំលោភ​កូនស្រី​ចុង​បានសម្រេច​៦​លើក ទើប​ប្រពន្ធ​តាម​ទាន់​

​ខេត្តក្រចេះ ៖ បុរស​វ័យ​៣៣​ឆ្នាំ​ម្នាក់ (​ប្តី​ចុង​) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ តាម​បណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​ក្នុងករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​មុន​អា​យិ​១២​ឆ្នាំ បានសម្រេច​រហូតដល់​ទៅ ៦​លើក ទើប​ប្រពន្ធ​តាម​ទាន់​នៅ​កណ្តាល​ស្រែ​។​

​បុរស​ដែល​រំលោភ​កូនស្រី​ចុង​នេះ ឈ្មោះ ហុក ណា​រ៉េត ហៅ​តឿ អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែក​កូនស្រី​រងគ្រោះ ឈ្មោះ អ ត អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​តាម​ដើមបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ បាន​រៀបរាប់ថា ក្រោយពី​បាន​លែងលះ​ជាមួយ​ប្តី​មុន​គាត់ មានកូន​ស្រី​ម្នាក់ (​ជនរងគ្រោះ​) ហើយ​មក​យក​ជនសង្ស័យ​ធ្វើជា​ប្តី រស់នៅ​ជាមួយគ្នា មានកូន​ប្រុស​ម្នាក់ទៀត រាល់ថ្ងៃ​ប្រកប របរ​ដើរ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ។ លុះ​នៅវេលា​ម៉ោង ១០​និង ៣០​នាទី ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ បានមក​ទាន់​ករណី​ចាប់រំលោភ​លើ​កូនស្រី​គាត់ នៅត្រង់ចំណុច​ស្រែ​ល្អក់ ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ទើប​បែកការណ៍ ហើយ​បាន​យក​រឿងនេះ​ទៅប្តឹង​ដល់​ប៉ូលីស​ឲ្យ​ចាប់ខ្លួន​បុរស​ជា​ប្តី នៅ​ថ្ងៃទី​១៤ ខែតុលា នេះ​តែម្តង​។​

​តាម​ការសារភាព​ពី​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​ចាប់រំលោភ​កូនស្រី​បានសម្រេច​ជា​បន្តបន្ទាប់ ពេល​ប្រពន្ធ​មិន​នៅផ្ទះ​ចំនួន​៥​លើក និង​លើក​ទី​៦ ចុង​ក្រៅ​ត្រូវ​ប្រពន្ធ​ទៅ​ទាន់​នៅឯ​ស្រែ​។​

​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ខាងលើ ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ចាត់ការ​បន្ត​តាមច្បាប់​៕