All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា បញ្ជូន​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​៩១​នាក់ ទៅ​ប្រទេស​ចិន​វិញ​

​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រួមសហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន ចាប់បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​រកឃើញថា ជនជាតិ​ចិន​ទាំងនោះ​ចូលមក​ស្នាក់នៅ​ដោយ​ខុសច្បាប់ និង​មួយចំនួនទៀត​ប្រព្រឹត្ត​បទល្មើស រក​ស៊ី​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​ការចាត់ចែង​ដោយ​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្ត​បទល្មើស មករក​ស៊ី​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ ជំរឹត​ទារប្រាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ជនជាតិ​ចិន​ទាំង​៩១​នាក់ ស្រី​២១​នាក់ ដែល​ត្រូវ​បណ្តេញចេញ​នៅថ្ងៃនេះ គឺ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី គម្រាមកំហែង ជំរឹត​ទារប្រាក់ ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ចាប់ខ្លួន​កន្លងមក​នៅក្នុង​ខេត្តកំពត ។​

​លោក​ប្រធាន​នាយកដ្ឋាន​បញ្ជាក់ថា យើង​បាន​សហការគ្នាជាមួយ​ស​ម​ត្ថ​កិច្ច​ចិន​ក្នុងការ បញ្ជូន​ជនល្មើស​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ទាំងពីរ តាម​ជើងយន្តហោះ របស់​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ សរុប​ចំនួន​៩១​នាក់ ស្រី​២១​នាក់ ៕ ដោយ ៖ សា​វី​

កម្ពុជា នឹងធ្វើ​​សមយុទ្ធលំហាត់​សង្គ្រោះ​ពេល​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ

​ភ្នំពេញ ៖ កម្ពុជា នឹង​រៀបចំ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​លំ​ហាត់​សង្គ្រោះ ក្នុងករណី​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កងកេង ខេត្ត​ព្រះសីហនុ​។ ជាមួយនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​អំពាវនាវ​សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័នច្រឡំ​ទៅនឹង​សភាពការណ៍​អសន្តិសុខ​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​បញ្ជាក់ថា អាកាសចរ​ស៊ីវិល និង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្គ្រោះ​យន្តហោះ​ពេល​មាន​ជួប​ឧបទ្ទវហេតុ នៅ​ព្រលានយន្តហោះ​អន្តរជាតិ (​កងកេង​) ខេត្ត​ព្រះសីហនុ ។ ការរៀបចំ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នេះ អាកាសចរណ៍​ស៊ីវិល​សំណូមពរ​ឲ្យ​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការគ្នា ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​កើតមាន​ឧបទ្ទវហេតុ​យន្តហោះ​ធ្លាក់​ជាយថាហេតុ​។

​សូមជម្រាបថា ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ នឹងមាន​សកម្មភាព​ដូចជា​ការចេញដំណើរ​រ​បស់​រថយន្ត​ពេទ្យ​សង្គ្រោះ​មាន​បន្លឺសម្លេង​ស៊ី​រ៉ែ​ន​ខ្លាំង ពី​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន មណ្ឌល​សុខភាព និង​ពី​គ្រប់​ទីបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ ដែលមាន​ទីតាំងនៅ​ជិត​កន្លែងកើតហេតុ​, ការចេញដំណើរ​របស់​រថយន្ត​កងទ័ព​ដឹកជញ្ជូន​កម្លាំង​សង្គ្រោះ និង​សកម្មភាព​ដឹកជញ្ជូន​ជនរងគ្រោះ (​សិប្បនិម្មិត​) ទៅកាន់​គោលដៅ​សង្គ្រោះ​..​។​ល​។​
​ដោយសារ មាន​សកម្មភាព​ដូចនេះ អាជ្ញាធរ បានប្រកាស​អំពាវនាវ សូមកុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ឬ​យល់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​សមយុទ្ធ​នេះ​៕ ដោយ ៖ ភិ​រ៉ា​ន​

ទំនាស់​ក្នុងពេល​ផឹកស៊ី កាប់​ស្លាប់​បុរស​៣​នាក់ ឳ​ពុក និង​កូន នៅ​ស្រុក​បាធាយ​

​ខេត្តកំពង់ចាម ៖ បុរស​៣​នាក់​ដែល​ត្រូវជា​ឳ​ពុក និង​កូន ត្រូវបាន​បុរស​ម្នា​ក់កាប់​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ទាស់​ពាក្យសំដី​ពេល​ផឹកស៊ី​ជុំគ្នា​នៅក្នុង​ផ្ទះ​របស់​ជនដៃដល់ កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ព្រលប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ នៅក្រោយពេល​កើតហេតុ មានឈ្មោះ ឯម ភឿង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម (​កន្លែងកើតហេតុ​) រួម​នឹង​វត្ថុតាង​កាំបិត​ខ្វែវ​មួយ ។ ចំណែក ជនរងគ្រោះ រួមមាន​ទី​១ ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ​។ ទី​២ ឈ្មោះ ណុន ឆ​វ័ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ទី​៣ ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ជាមួយ គ្នា​នឹង​ជនសង្ស័យ​ដែរ​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ឈ្មោះ ឯម ភឿង និង​ជនរងគ្រោះ​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​ឈ្មោះ ឯម ភឿង ។ មួយសន្ទុះ​ក្រោយមក ក៏មាន​ទំនាស់​ពាក្យសំដី តែមិនដឹងថាបណ្តាលមកពីរឿងហេតុអ្វីនោះទេ ហើយ​ឈ្មោះ ឯម ភឿង ក៏​ស្ទុះ​ចូលទៅក្នុង​ផ្ទះ​យក​កា​បិត​ខ្វែវ​របស់ខ្លួន​មក​កាប់​ឈ្មោះ ណុន វី បណ្តាល​ឲ្យ​រងរបួស តែ​តិចតួច​ទេ​។ ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​និយាយថា មិន​អី​ទេ​ប៉ុណ្ណឹង ហើយក៏​ដើរចេញ​ទៅផ្ទះ​របស់ខ្លួន​បាត់​។​

​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយមក​ក្រុម​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​ត្រឡប់មកវិញ​រួម​និង ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ដែល​ត្រូវជា​ឪពុក និង​ប្អូន​របស់ខ្លួន​ មក​ផ្ទះ​ឈ្មោះ ឯម ភឿង ម្តងទៀត ដោយមាន​កាន់​ពូថៅ និង​ដំបង​ជាប់​នឹង​ដៃ​មកជា​មួយ​ផង​។ ពេលនោះ​ការឈ្លោះប្រកែក​បាន​ផ្ទុះឡើង ហើយ​ឈ្មោះ ឯម ភឿង ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំងបី​បណ្តាល​ឲ្យ​រងរបួស​ដេក​ដួល ហើយ​ស្លាប់​នៅ​ហ្នឹ​កន្លែងកើតហេតុ​ចំនួន​ពីរ​នាក់ គឺ​ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ចំណែក​ឈ្មោះ ណុន វី បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្រុក​បាធាយ​។​

​ជនសង្ស័យ​ឈ្មោះ ឯម ភឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល និង​បាន​បំពេញ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​តាម​នីតិវិធី​៕

៩​ខែ​នេះ កម្ពុ​ជាមាន​ជំងឺផ្តាសាយបក្សី A (H1N1) ចំនួន​៤​ករណី​

​ភ្នំពេញ ៖ ក្នុង​រយៈ ពេល​៩​ខែ ឆ្នាំ​២០១៨ កម្ពុ​ជាមាន​​ជំងឺឆ្លង​ផ្តាសាយ​បក្សី A (H1N1) ចំនួន​៤​ករ​ណី គឺ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ព្រៃវែង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ ដែល​ក្នុងនេះ​មាន​សត្វ​មាន់ និង​ទា​បាន​ងាប់ និង​បាន​កម្ទេចចោល ដោយមាន​កិច្ចសហការ​ទាន់ពេលវេលា​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​រងគ្រោះ​រួមមាន ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​កសិដ្ឋាន និង​លំនៅដ្ឋាន ការផ្សព្វផ្សាយ​អប់រំ ការបិទ និង​ចែក ប័ណ្ណ​ផ្សព្វផ្សាយ អំពី​ការការពារ​ជំងឺផ្តាសាយបក្សី​ផងដែរ​។ នេះ​បើតាម​ក​ការបញ្ជាក់ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​គូសបញ្ជាក់ថា វិធានការ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ត្រូវបាន​ក្រសួងសុខាភិបាល ដាក់ចេញ​ចាប់​តាំងពីដើម ឆ្នាំ​២០១៨ មក ដោយសារ​ឆ្នាំនេះ​ជាវ​ដ្ត​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត នឹង​កើតមាន​ទៅលើ​មនុស្ស​គ្រប់​វ័យ និង​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ទាំង​ក្នុង​គ្រួសារ និង​សហគមន៍​ក្នុងការ​កំចាត់​ដង្កូវទឹក មូស​ខ្លា តាមរយៈ​ការបំបាត់​ចោល​នូវ​វត្ថុ​ដែល​អាច​ដក់​ទឹក និង​ការដាក់​ថ្នាំ អា​បេ​ត នៅតាម​អាង និង​ពាងទឹក​ក្នុង​គ្រួសារ​នីមួយៗ ដែល​ក្នុងនោះ ក្រសួងសុខាភិបាល​បានធ្វើការ​ចែកចាយ​ថ្នាំ អា​បេ​ត ទៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ចំនួន ៣៥០​តោន និង​ថ្នាំ​បាញ់​មូស​ចំនួន ៥.៦០៩​លីត្រ​។​

ក្នុង​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ អត្រា​ឈឺ​ដោយ​ជំងឺ គ្រុន​ឈាមមាន ៧.១២៣ ករណី និង​ការទទួល​រងគ្រោះ​ដល់​ស្លាប់​ចំនួន​១១​នាក់​៕

រដ្ឋបាល​រាជធានី បើក​ប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ការរៀបចំ​ការប្រកួតរ​ច​នា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ ដើម្បី​ដាក់តាំង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ខាងមុខនេះ​។​

​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា កា​រៀបចំ​ការប្រកួត​នេះ ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នកជំនាញ​ខាង​រចនា​ទាំងអស់ ជាពិសេស​និស្សិត​នៃ​សកលវិទ្យា ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចូលរួមចំណែក​បង្ហាញ​ស្នាដៃ​របស់ខ្លួន ដែល​ចាប់ផ្តើម​ទទួល​រូបភាព ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

​អាជ្ញាធរ​បន្តថា ខ្លោង​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការ​ចុច Like នឹង​ទទួល បាន​រង្វាន់​លើកទឹកចិត្ត ហើយនឹង​ត្រូវដាក់​ដំឡើង​នៅតាម​ទីតាំង ចំនួន​៤ រួមមាន មុខ​វិមានឯករាជ្យ​, រមណីយដ្ឋាន​វត្តភ្នំ​, ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត និង​ចំណុច​សួន​ព្រះ​គ​ន្លុ​ង​៕

កម្ពុជា យល់ព្រម​ឲ្យ​អាមេរិក​បន្ត​រុករក​អដ្ឋ​ធាតុ​ទាហាន​បាត់​ខ្លួន ឡើងវិញ

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ដ្រី​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​អាមេរិក​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​។

​បើតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​១២ ខែតុលា ផ្ញើជូន​សមាជិក​ព្រឺទ្ធសភា​អាមេរិក និង​តំណាងរាស្ត្រ​អាមេរិក បាន​ពន្យល់ថា ការសម្រេច​នេះ ជាការ​ឆ្លើយតប​ក្នុង​ស្មារតី​«​មេត្តា ករុណា​» ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​តំណាងរាស្ត្រ​អាមេរិក ព្រមទាំង​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​នៅ​សហរដ្ឋអាមេរិក​។​

​សូមជម្រាបថា ក្នុងអំឡុង​សង្គ្រាម​នៅ​កម្ពុជា មាន​ទាហាន​អាមេរិក​ចំនួន ៩០​នាក់ ដែល​បាន បាត់​ខ្លួន​នៅ​កម្ពុជា ហើយ​រហូត​មកទល់ពេលនេះ នៅសល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​៤៩​នាក់​ទៀត ដែល​មិនទាន់​រកឃើញ​នៅឡើយ​៕

កូរ៉េខាងត្បូង​ផ្តល់​កម្ចី​ជាង​៦៦​លាន​ដុល្លារ​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

​ភ្នំពេញ ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​កម្ចី​ចំនួន ៦៦,៥៧​លាន​ដុល្លារ ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​កម្ពុជា​(UHS) តាមរយៈ​មូលនិធិ​កិច្ច សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF)​។

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា គម្រោង​នេះ មានបំណង​គាំពារ​បុគ្គលិក​សុខាភិបាល​ប្រកប ដោយ​វិជ្ជាជីវៈ ដែលមាន​គុណភាព​អប់រំ​ខ្ពស់ ព្រមទាំង​ផ្តល់​សេវា​សុខភាព​ស្តង់ដារ​ខ្ពស់ ដោយ​បង្កើត​មន្ទីរពេទ្យ​បង្រៀន​មាន​២០០​គ្រែ ជាមួយនឹង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ល្អៗ​។​

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០១ មក រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ប្រាក់កម្ចី​សរុប​ចំនួន ៧៦៦​លាន​ដុល្លារ អាមេរិក ក្នុង​កម្ចី EDCF នេះ ដើម្បី​គាំទ្រ​ដល់​គម្រោង​ចំនួន​២២ នៅកម្ពុជា​៕

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ប៊ែ​ល​ហ្ស៊ិ​ក ក្នុង​សប្តាហ៍​នេះ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)​លើក​ទី​១២​ដែល​រៀបចំ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​១៩ ខែតុលា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM) លើក​ទី​១២ នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ក្នុង​បំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹងមាន​ជំនួប​ទ្វេភាគី​ជា​ច្រើ​ដូចជា ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី​,​នាយករដ្ឋមន្ត្រី​ន័​រ វេស​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ក៏មាន​ការជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​៕

កម្ពុជា រៀបចំ​ព្រះ​រាជពិធី​រំឭក​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​អតីតព្រះមហាក្សត្រ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ កម្ពុជា បាន​ប្រារព្ធ​ខួប​៦​ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម ស៊ី​ហ​នុ ព្រះ​បរម​រតន​កោដ្ឋ​។ ព្រះរាជ​ពិធី​នេះ បាន ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក តទៅ នា​សួនច្បារ​ខាងកើត វិមានឯករាជ្យ​។

​បើតាម​ផែនការ​ណែនាំ ក្រសួងព្រះបរមរាជវាំង ត្រូវ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ ករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» តាម​ប្រពៃណីជាតិ និង​សាសនា​។ ចំណែក​នៅតាម​វត្ត​អារាម​នានា​នៅ ទូទាំងប្រទេស ត្រូវ​រៀបចំ​ព្រះរាជ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​ដាក់តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ របស់​ព្រះករុណា​ផងដែរ​។

​ដោយឡែក វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ត្រូវ​ផ្សព្វផ្សាយ​អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​»​ឲ្យ​បាន​ទូលំទូលាយ​៕

សំណុំរឿង​ប៉េអឹម​បាញ់​ត្រូវ​ប្រជា​ការពារ​នៅ​សង្កាត់​ទួល​សង្កែ បញ្ជូន​ដល់​តុលាការ​ហើយ

​ភ្នំពេញ ៖ សំណុំរឿង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ដែល​បាន​បាញ់​ត្រូវ​ជើង​ស្តាំ​ប្រជា​ការពារ​ម្នាក់ ឱ្យ​របួសធ្ងន់ នៅ​ទួល​សង្កែ ខណ្ឌឫស្សីកែវ ត្រូវបាន​បញ្ជូន​ទៅដល់​សាលាដំបូង រាជធានី​ភ្នំពេញ ហើយ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នេះ ។​

​មន្ត្រី​អាវុធហត្ថ​រូបនេះ​ឈ្មោះ ឡាយ អ៊ីង​ឃី​ង អាយុ ២៧​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ គង្គារ​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។ ចំណែក​ជន​រង គ្រោះ​ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​សូម​រំលឹកថា ពេល​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ មន្ត្រី​ប៉េអឹម​រូបនេះ បាន​បាញ់​ជាច្រើន​គ្រាប់ ខណៈ​សមត្ថកិច្ច​សង្កាត់​ទួល​សង្កែ និង​ខណ្ឌឫស្សីកែវ កំពុង​បង្ក្រាប​ក្រុម ក្មេង​ទំនើង​ឈ្លោះប្រកែក​គ្នា បណ្តាល​ឲ្យ​គ្រាប់កាំភ្លើង​ខ្ទាត​ទៅ​ត្រូវ​ជើង​ស្តាំ​របស់​កម្លាំង​ប្រជា​ការពារ ម្នាក់ រងរបួស​ធ្ងន់​តែម្តង​៕

រថយន្ត​ហាយ​លេន​ឌ័​រ បុក​អ្នកជិះ​ម៉ូតូ PCX ស្លាប់​ម្នាក់ នៅ​សង្កាត់​បឹង​ព្រលឹត​

​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ស្លាប់​មួយ​រំពេច​ដោយសារ​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង នៅតាម​បណ្តោយ​ផ្លូវ​លេខ​១០៧ សង្កាត់​បេង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩​ នឹង​០០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​បង្ក ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ​២AW-៨៣៥៦ តៃកុង​បើកបរ​ជាមុន​ស្ស​ស្រី​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​អ្នករួមដំណើរ​ម្នាក់ ។ ចំណែក​ម៉ូតូ​សព​ជនរងគ្រោះ​ម៉ាក​PCX​ស្លាក​លេខ​ភ្នំពេញ​១GM-៦០៧៩ សព​មានឈ្មោះ ថៃ ហួរ ស្នាក់នៅ​សង្កាត់​អូ​ឬ​ស្សី​៣ ខណ្ឌ​៧​មករា មានស្រុក​កំ​ណើ​រ​នៅ ភូមិ​មេសាង ឃុំ​មេសាង ស្រុក​មេសាង ខេត្ត​ព្រៃវៃង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ សព​ត្រូវ​បា​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុមគ្រួសារ​សារ​មក​ទទួល​សព​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ស្រី​ស្រស់​ឧ​ត្ត​រ​មានជ័យ បកអាក្រាត​រឿង​ចាញ់បោក​កំលោះ​កូន​បី​នៅ​ស្រុក​ព្រៃឈរ (​វីដេអូ​)

​ភ្នំពេញ ៖ ស្រី​ស្អាត​ម្នាក់​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទំនងជា​មិនអាច​ទ្រាំ​នឹង​ការឈឺចាប់​បន្តទៀត​បាន បន្ទាប់​លង់​នឹង​ការ​ឆបោក​របស់​បុរស​កូន​បី​ម្នាក់ ក៏បាន​សម្រេចចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស​បញ្ចេញ​នូវ​វីដេអូ​ឃ្លី​ប ដើម្បី​បង្ហាញ​មុខមាត់​ពិត និង​លាតត្រដាង​ពី​ចរិត​ជន​ឆបោក​ម្នាក់​(​ក​ម្លោះ​កូន​បី​) រស់នៅក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​បាន​ឆក់យក​ចិត្ត និង​ខ្លួនប្រាណ​របស់ នាង​រហូត​បង្កើតបាន​កូនស្រី​ម្នាក់​បន្សល់​ទុកជា​ភ័ស្តុតាង មុនពេល​បុរស​រូបនេះ គេចខ្លួន​មិន​ទទួលខុសត្រូវ​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​រូបនេះ បាន​បង្ហាញថា នាង​មានឈ្មោះ រី យ៉ា «Re Ya» បាន​ទម្លាយ​ចេញ​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​នាង​អះអាងថា «​ជា​ប្តី​គេ​» គឺជា​ជន​ឆបោក​រូបនាង ថា បុរស​ម្នាក់​នោះ​មានឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​ចេញ​ចូលទៅ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ដាក់ឈ្មោះ​ថ្មី​ហៅថា ឈឿង ស័​ក្ត ។​
​ក្នុង​វីដេអូ​ឃ្លី​ប​នោះ នាង​បាន​រៀប​ផ្តាំផ្ញើ​ទៅកាន់​មិត្ត​នារីៗ​ទាំងឡាយ​ថា បុរស​ឈ្មោះ ឈឿង ស័ក្ក រូបនេះ គឺជា​មនុស្ស​ប្រុស​ម្នាក់​ពូកែ​ប្រើល្បិច​ឆបោក លួងលោម អូសទាញ​ទឹកចិត្ត​ស្ត្រី​មែនទែន ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​នាង​លង់​ចិត្ត​ស្រលាញ់​បំផុត​នោះ គឺ​ត្រង់​ថា បុរស​រូបនេះ​ហ៊ាន​ស្បថស្បែ​នៅ​ចំពោះមុខ​ទីកន្លែង​សក្ការៈ​នៃ​វត្ថុ​ស័​ក្ខិ​សិទ្ធិ​នៅលើ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថា គេ​នឹង​ធ្វើជា​ប្តី​ដ៏​ល្អ​គ្រប់យ៉ាង​នៅក្រោយពេល​រៀបការ​រួច​ទៀតផង ។​

​ក្នុង​ឃ្លី​ប​ដដែល បន្តថា នាង​សុខចិត្ត​ប្រគល់​ខ្លួនប្រាណ ទៅតាម​ការ​លត់​ជង្គង់​សុំ​អង្វរក របស់​បុរស​រូបនេះ ក៏​ដោយសារតែ​នាង​មាន​ទំនុក​ចិត្តខ្លាំង​ថា រូបគេ​ខំ​ធ្វើ​ល្អ​ដាក់​យើង​ប៉ុណ្ណឹង ដល់​ថ្នាក់​យក​ម្តាយ (​ក្លែងក្លាយ​) មក​ចូល​ស្តីដណ្តឹង​, បង្ហាញ​លិខិត​លែងលះ (​មិនដឹង​បានមកពី​ខាង​ណា​), នាំ​យើង​ទៅកាន់​ផ្ទះ​គេ ខណៈ​ប្រពន្ធ​មិន​នៅ ដើម្បី​ដេញ​វេលា​ការដែល​នៅសល់តែ​២​ខែ​ទៀតផង ។​

​ទោះយ៉ាងណា អ្វីៗ​ក្រោយមក ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​នាង​ទាមទារ​រក លិខិតបញ្ជាក់​ភាព​ពោះម៉ាយ ស្របច្បាប់ ធ្វើ​ទៅតាម​ការស្នើសុំ​រប​ស់​ភូមិ ឃុំ ដើម្បី​បញ្ជា​ក់លើ​ឯកសារ​បែបបទ​សុំច្បាប់​រៀបការ ។ ដោយសារតែ​លេស មិន​ប្រគល់​លិខិតបញ្ជាក់​ភាព​ពោះម៉ាយ​នេះ​ជាច្រើនលើក​ច្រើនសារ ទីបំផុត នាង​ក៏បាន​ដឹងថា បុរស​ឈ្មោះ ឈឿង ស័​ក្ខ នេះ មាន​ប្រពន្ធ និង​កូន​រហូតដល់​៣​នាក់​ឯណោះ ទើប​នាង​បាក់​ទឹកចិត្ត​ស្ទើរ​វង្វេងវង្វាន់​តែម្តង ។​

​នាង​បន្តថា ទោះបី​នាង​បាន​ជ្រុលជ្រួស​មុនពេល​រៀបការ​មកដល់ រហូត​មាន​ផ្ទៃពោះ​ក៏ដោយចុះ តែ​នាង​បានសម្រេច​ចិត្ត​មិន​យក​កូន​ចេញ​ទេ និង​ខំប្រឹង​តស៊ូ​ពពោះ​រស់​ឯកោ​ទាំង​ក្តី​អាម៉ាស់ រហូត​សម្រាល​បានកូន​ស្រី​ម្នាក់​ទាំង​ក្តី​វេទនា​បំផុត​តែម្នាក់ឯង គឺ​គ្មាន​ការផ្តល់​អ្វី​ទាំង​អស់ពី​បុរស​ខាងលើ​នោះទេ ដែល​នាង​បាន​ចាត់ទុកថា បុរស​រូបនោះ មិន​ស្មើនឹង​សត្វ​តិរច្ឆាន​នោះឡើយ ។ មិនតែប៉ុណ្ណោះ បុរស​រូបនេះ នៅ​ថែម​បោះពាក្យបោះសំដី​ដាក់​នាង​ថា «​ចង់​ប្តឹងផ្តល់​អញ្ជើញ​តាមចិត្ត​ចុះ ព្រោះថា ត្រឹម​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ចង់​ធ្វើ ស​-​ខ្មៅ បែបណា​គេ​ធ្វើបាន​ទាំងអស់​»​។​
​ទំនងជា​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ស្ត្រី​រូបនេះ បាន​អំពាវនាវ​ដល់​បងប្អូន​តាម​បណ្តាញ​សង្គម ឲ្យ​ជួយ​ចំណាំ​មុខមាត់​បុរស​រូបនេះ​ផង ព្រោះ​នាង​គិតថា អាច​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​ខ្លួន​ផ្ទាល់ និង​ក្រុមគ្រួសារ ក្រោយពេល​ឃ្លី​ប​វីដេអូ ដែល​បាន​លាតត្រដាង​ពី​ការ​ឆបោក​របស់​បុរស​ខាងលើនេះ​៕
​សូម​ស្តាប់​ការរៀបរាប់​របស់​ស្ត្រី រី​យ៉ា ក្នុង​វីដេអូ​ឃ្លី​ប​ទាំងស្រុង ដូចខាងក្រោម​នេះ ៖

​ដង​ទន្លេសេសាន ស្ថិតក្នុង​ឃុំ​ស្តៅ រង​ការ​បូម​យក​គ្រួស​យ៉ាង​គគ្រឹកគគ្រេង​

ស្ទឹងត្រែង ៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​គ្រួសជា​ក​ល្ខ​ណៈ​ទ្រុងទ្រាយ​ខ្នាត​ធំ​មួយកន្លែង បានធ្វើ​ឲ្យ ប្រជា ពលរដ្ឋ ក៍​ដូច​មន្ត្រីរាជការ​មួយចំនួន រិះគន់​ជាច្រើន​ខែ​មកហើយ បាន​និយាយ​ដូចៗ​គ្នា​ថាៈ ការ​បូម​គ្រួស មួយកន្លែង​ខាងលើ​នោះ មិនដឹង​ជាមាន​ច្បាប់ ឫ​យ៉ាងណា​នោះទេ ដោយ​ឃើញ ដើរ​បូម​យក​គ្រួស តាម ច្រាំង​ទន្លេសេសាន រាប់​គីឡូ​ដី​ម៉ែត្រ​ហើ​យុក​ទៅ​ស្តុក​ទុក​នៅ​ចំណុច​កំពង់ ដ ស្ថិតនៅ​ឃុំ​ស្តៅ ក្នុងស្រុក សេ​សាន ខេត្ត​សឹ្ទ​ង​ត្រែង ។

​មេឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្ត​សឹ្ទ​ង​ត្រែង លោក នួ​យ ប៊ុន​ធួ​យ បាន​ប្រាប់​ភ្នា​គ់​ងារ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា​ថាៈ ទីតាំង​បូម​គ្រួស​តាម​ដង​ទន្លេសេសាន ខាងលើ​នោះ ម្ចាស់​គេ​បានមក​ស្នើសុំ​ដី​មួយកន្លែង​សម្រាប់​ដាក់​គ្រួស ដែល​បូម​បាន​ពី​ទន្លេ​នៅ​ខាងលើ​ក្បាល​ភូមិ​នោះ គេ​ហៅ​ឈ្មោះថា ខ្សាច់ ណន រួច​យក​កមក​ស្តុក​នៅ​ចំណុច​កំពង់ ដ នៅជាប់​នឹង​របង​ផ្ទះ​របស់ លោក​តែ ម្តង​។​លោក​ថា ចាប់តាំងពី​មានការ​បូម​គ្រួស​នោះមក ក៍​ឃើញ​ដឹកជញ្ជូន​ចេញពីរ​បី​ជើង​ដែរ ក៍​ប៉ុន្តែ​មិន ទាន់​ដឹង​យកទៅ ខាង ណា​នោះទេ​។​

​លោក​បាន​បញ្ជាក់ថាៈ ក្រុមហ៊ុន​បូម​គ្រួស​ខាងលើ​នោះ គេ​មាន​ឯកសារ​ត្រឹមត្រូវ ជា​របស់​កូន សម្តេច ដូច្នេះ ការ​បូម​គ្រួស​នេះ ខាង​កងវិស្វកម្ម​ជា​អ្នក​ដឹកជញ្ជូន​យកទៅ​សាងសង​អាគារ នៅតាម បណ្តា​ខេត្ត​នានា​។ យ៉ាងណាក៏ដោយ ក៏​លោក​មិនបាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ខាងលើ​នោះទេ ដោយ គ្រាន់តែ​និយាយថាៈ មានច្បាប់ ហើយ​បាន​ជំ​រុញអោយ​អ្នកយកព័ត៌មាន ទៅ​សួរ​ខាង​សាលាខេត្ត ស្ទឹង ត្រែង​វិញ​។

​រីឯ​អ្នកនាំពាក្យ​សាលាខេត្ត ក៍បាន​ឆ្លើយថាៈ បើ​ចង់ដឹង​ច្បាស់​រឿង​ហ្នឹង ទៅ​សួរ​ខាង​ប្រធាន មន្ទីរ​រ៉ែ​ថាមពល​ទៅ នឹង​បានដឹង​ហើយ ប៉ុន្តែ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល មិនអាច​ទាក់ទង​បានទេ កាលពី រសៀល​ថ្ងៃទី​១១ តុលា​នេះ​។​

​បើតាម​គ្រប់​មជ្ឈដ្ឋាន​នានា គេ​សង្កេតឃើញថាៈ នៅ​ខេត្ត​សឹ្ទ​ង​ត្រែង ក៍​ដូច​នៅតាម​ជាយ​ខេត្ត បច្ចុប្បន្ននេះ បើ​ចង់​កើប​គ្រួស​ខ្សាច់​យកមក​កសាង​អ្វីមួយ​នោះ គឺ​មិនអាច​ធ្វើទៅបាន​ងាយៗ​នោះទេ​? ព្រោះ​មាន​ថៅកែ​មកពី​តាម​បណ្តា​ខេត្ត​នានា គេ​ដណ្តើម​គ្នា​ដេញថ្លៃ​យក​អស់ហើយ ព្រោះ​ខ្សាច់ និង​គ្រួស នេះ កំពុង​ត្រូវប៉ាន់​សម្បើម​ណាស់​នៅក្នុង​ខេត្តស្ទឹងត្រែង​នេះ​៕

៩​ខែ​ដើម​ឆ្នាំនេះ អាកាសធាតុ​ប្រែប្រួល​ច្រើន​ទាំង​ក្នុង​តំបន់ និង​នៅ​កម្ពុជា


ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​២ ឆ្នាំ ២០១៨ អាកាសធាតុ​មានការ​ប្រែប្រួល​ច្រើន​ទាំង​ក្នុង​តំបន់ ទាំង​ក្នុងភូមិ​សាស្ត្រ​ប្រទេស​កម្ពុជា ដោយសារ​ព្យុះ​ក្នុង​តំបន់​កើតមាន​ច្រើន​នៅ​ពាក់កណ្តាល​រដូវវស្សា​ខុសពី​ធម្មតា និង​បង្ក​ឲ្យ​មាន ជា​ព្យុះ​ទឹកជំនន់ និង​ការបាក់​ដី​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ រយៈពេល ៩​ខែ ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ដោយឡែក​កម្ពុជា បានទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​នៅតាម​តំបន់​ជាច្រើន ជំនន់​ទន្លេមេគង្គ មាន​ចលនា​ឡើង​ចុះ​ចំនួន ៣​ដង និង​ឡើងដល់​កម្រិត​ប្រុងប្រយ័ត្ន​នៅតាម​ដង​ទន្លេ​នេះ រួមទាំង ទន្លេបាសាក់​បន្ទាប់ពី​បាន​អាក់ខាន​អស់​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ​។​

ក្នុង​របាយការណ៍​ដដែល​បានបង្ហាញ​អំពី​ស្ថានការណ៍​គ្រោះមហន្តរាយ​រួមមានៈ ការខ្វះ ខាត​ទឹក​,​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​,​ការបាក់​ច្រាំងទន្លេ ស្ទឹង​,​ខ្យល់​កន្ត្រាក់​,​ជំងឺឆ្លង និង​អគ្គីភ័យ​ជាដើម​។ ជាមួយគ្នានេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានធ្វើ សេចក្តី​សន្និដ្ឋានថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៨​នេះ ព្យុះ​ក្នុង​តំបន់​បានកើត​មាន​ចំនួន ២៥​លើក ហើយ​ទោះបីជា​មិន​ទទួលរង​ឥទ្ធិពល​ផ្ទាល់​ក៏ដោយចុះ ក៏​កម្ពុជា​បានទទួល​រង​នូវ ឥទ្ធិពល​បន្ទាប់ ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​មានការ​ប្រែប្រួល​ច្រើន​នៅ​ពាក់កណ្តាល​រដូវវស្សា និង បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ក្នុង​កម្រិត​ដែល​មិន​ធ្លាប់មាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ។​

​ការបង្ក​ឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង ជំនន់​ទន្លេមេគង្គ​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា មក ក្នុងនោះ តំបន់​មួយចំនួន​មាន​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ខ្សោយ​នៅ​ដំណាច់​ខែកក្កដា ធ្វើ​ឲ្យ​ផលដំណាំ​មួយ ចំនួន​ធំ​រង​ផលប៉ះពាល់ និង​ខូចខាត​ដូចជា​នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ស្វាយរៀង ព្រៃវែង​ជាដើម ដែល​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ប្រជាកសិករ​ប្រឈម​នឹង​ការខ្វះខាត ទាំង​ផ្នែក​ជីវភាព សុខភាព​ក្នុង​គ្រួសារ និង​សហគមន៍ ដែល​ចាំបាច់​ត្រូវ​មានការ​ស្តារឡើងវិញ ក្នុង​រយៈពេល​វែង ក្នុង​វិស័យ​កសិកម្ម សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាដើម​៕

GMAC និយាយពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

ភ្នំពេញ ៖ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC លោក កាំង ម៉ូនីកា បានថ្លែងថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA នៅកម្ពុជា រដ្ឋាភិបាល និងសហភាពអឺរ៉ុប អាចនឹងស្វែងរកដំណោះស្រាយសមស្របណាមួយ ប្រកបដោយការយោគយល់ និងគោរពគ្នាទៅវិញទៅមក។

លោក កាំង ម៉ូនីកា បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភអំពីការផ្សាយព័ត៌មានបែបប៉ាន់ស្មានអំពីបញ្ហា EBA ព្រោះអាចនាំទៅដល់ការថយចុះនៃទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅនៅកម្ពុជា។ មិនអាចសន្និដ្ឋានជាក់លាក់បានទេ ស្ថានភាពជាក់ស្ដែងអាចមានលក្ខណៈធូរស្រាលជាងការចុះផ្សាយក៏ថាបាន។

អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានសរសេរនៅ លើទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនថា គ្មាននរណាម្នាក់ដឹងច្បាស់ថា គណៈកម្មាធិការសហភាពអឺរ៉ុប នឹងសម្រេចចិត្តយ៉ាងណាអំពីរឿងប្រព័ន្ធអនុគ្រោះពន្ធនោះទេ ព្រោះនៅរយៈពេលយូរទៀត ដែលនឹងអាចកើតឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ដូច្នេះការយល់ឃើញទាំងឡាយអំពី លទ្ធផលនៃដំណើរការនេះគឺជាការប៉ាន់ស្មានសុទ្ធសាធ។

លោក កាំង ម៉ូនីកា បញ្ជាក់ថា តាមរយៈការកែលម្អ និងលើកកម្ពស់លក្ខខណ្ឌការងារនិងសិទ្ធិកម្មករជាបន្តបន្ទាប់ កម្ពុជាអាចនឹងមានភាគរយខ្ពស់ក្នុងការចៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។

គួរជម្រាបថា វិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា បានផ្ដល់ការងារនិងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោល ទៅដល់ប្រជាជនជាង២លាននាក់ ខណៈការនាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបក្រោមការអនុគ្រោះពន្ធ EBA ផ្ដល់ប្រាក់ចំណេញដល់វិនិយោគិនប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ លើប្រាក់ចំណូលប្រហែល៧ពាន់លានដុល្លារ៕ ខេមរិន្ទ  

( លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)  )