All posts by មេគង្គ ប៉ុស្តិ៍

ផ្ទុះ​លើ​អាកាស និង​ធ្លាក់​បំណែក​យាន(ដ្រូន)ចំនួន​៩​កន្លែង​ក្នុងស្រុក​គូលែន

​ខេត្តព្រះវិហារ ៖ សំឡេង​ផ្ទុះ​លើ​អាកាស​យ៉ាងខ្លាំង​លាយឡំ​នឹងមាន​បំណែក​ជាច្រើន​ធ្លាក់​មក​ដី​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៥ តុលា នេះ ហើយ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាច្រើន​នាក់ រួមទាំង​ប្រជាពលរដ្ឋ​ផង​នោះ បាន​ស្វែងរក​បំណែក​យាន្ដ​ធ្លាក់​មកលើ​ដី ចំនួន​៩​គោលដៅ ខ្លះ​ធ្លាក់​មកលើ​ដីឡូត៍ ខ្លះ​ធ្លាក់ចំ​ដីចំការ និង​ខ្លះទៀត​ចំ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​។​

​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សង្ស័យថា សំឡេង​ផ្ទុះ​បង្ក​ការភ្ញាក់ផ្អើល​រួមទាំង​បំណែក​ដែល​ធ្លាក់​មក​ដី​នោះ​ជា​បំណែក​យន្តហោះ​ដែល​គេ​សង្ស័យថា បាន​ផ្ទុះ​ធ្លាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ក្រោយ​មាន​សំឡេង​ផ្ទុះ​នៅលើ​អាកាស ក្រុមការងារ បាន​រកឃើញ​បំណែក​យាន​ដែល​ផ្ទុះ​នេះ ធ្លាក់​រាយប៉ាយ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​គូលែន ប៉ុន្ដែ​បំណែក​ដែលជា​ប្រភេទ​អាលុយមីញ៉ូម និង​ជ័រ ដែលមាន​ទម្ងន់​ជាង​៤០​គីឡូក្រាម មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស​សត្វ​នោះទេ គ្រាន់តែ​ខូចខាត​ដំបូលផ្ទះ​មួយចំណែក របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​ក្រសួង​កា​ពារ​ជាតិ​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ពិតជា​មាន​កណី​ផ្ទុះ​លើ​អាកាស និង​មាន​បំណែក​អា​លុយ​មី​ញូ​ម​ធ្លាក់​មក​ដី​ពិតមែន​។ លោក​ថា សង្ស័យ​ជា​ករណី​យាន (​ដ្រូ​ន​) គ្មាន​មនុស្ស​បើក ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​៕

​

ឡោមព័ទ្ធ​ចាប់​​ក្រុុម​ប្លន់ និង​លួច​រថយន្ត​មកពី​វៀតណាម​

​ភ្នំពេញ ៖ ប្រ​ត្តិ​ប​ត្តិ​ការ​ណ៌​ស្រាវជ្រាវ​ចុះបង្ក្រាប​ជនសង្ស័យ​ពាក់​ព​ន្ធ័​ករណី​ប្លន់​រថយន្ត​ពី​ប្រទេស​វៀតណាម ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ និង​ដកហូត​រថយន្ត​ច​ចំនួន​៣​គ្រឿង ស្លាក​លេខ​រថយន្ត វៀតណាម​ជាច្រើន បន្ទះ និង​សម្ភារៈ​សម្រាប់​កិប​ដោះដូរ​ស្លាក​លេខ​មួយចំនួន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​១ សង្កាត់ ស្ទឺ​ង​មានជ័យ​១ ខណ្ឌមានជ័យ​។

​ការចុះ​បង្ក្រាប​ជនសង្ស័យ​ខាងលើនេះ គឺមាន​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ង៉េ​ង​ជួរ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ជា​លទ្ធផល​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ពាក់​ព​ន្ធ័ និង​ករណី​ប្លន់ និង​លួច​រថយន្ត​ពី​ប្រទេស​វៀតណាម យកមក​ដោះដូរ​ស្លាក​លេខ​នៅ​ចំនុច​ផ្ទះល្វែង​ខាងលើ តែ​សមត្ថកិច្ច​មិនបាន​បង្ហើប​អោយដឹងពី​អត្តសញ្ញាណ និង​ចំនួន​ជនសង្ស័យ​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះទេ គ្រាន់តែ​ប្រាប់​អោយដឹងថា សមត្ថកិច្ច​របស់លោក និង​បន្តទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​បក្ខពួក​ដែល​នៅ​សេសសល់​បន្តទៀត​។​

​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​ត្រូវបាន​បញ្ជូន​ភ្លាមៗ​យកទៅ​កាន់​នាយក​ដ្ខា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕
​

​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​ទួលស្លែង ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​

 

​ភ្នំពេញ ៖ អតីត​មេ​គុក​ទួលស្លែង (​មន្ទីរ​ស​២១) កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ ត្រូវ​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ក្នុងអំឡុងពេល​ជាប់ទោស​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​។

​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​បញ្ជាក់ថា ឌុ​ច មាន​បញ្ហា​ផ្លូវដង្ហើម និង​រាក គាត់​ចាប់ផ្តើម​មាន​បញ្ហា​ជំងឺ​នេះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ កន្លងទៅ​។ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ខ្មែរ​-​សូ​វៀត​»​។​

​សូម​រំលឹកថា បុរស​វ័យ​៧៦​ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ នៅ​ទីក្រុង​ភ្នំពេញ ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។ កាលពី​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៣ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​បន្ត​ការអនុវត្ត​ទោស​អស់​មួយជីវិត​៕

​កម្ពុជា សម្រេច​ឲ្យ​ការិយាល័យ​សិទ្ធិមនុស្ស UN បន្ត​អាណត្តិ​២ ឆ្នាំ​ទៀត

​ភ្នំពេញ ៖ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet) ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​២៣ តុលា ក្នុង​ទីក្រុង​ហ្សឺ​ណែវ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​បន្ត​អាណត្តិ ២​ឆ្នាំ​ទៅមុខទៀត ដល់​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ជំនួប​ទ្វេភាគី នេះ បាន​ឲ្យ​ដឹង​ដែរ​ថា « លោកជំទាវ​បានធ្វើការ​កត់សម្គាល់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​របស់​ស្ត្រី កុមារ កម្មករ កម្មការិនី អប់រំ និង​ការមិន​រើសអើង​។ លោកជំទាវ មី​សែ​ល បា​សែ​ឡែ​ត បាន​មានប្រសាសន៍ថា តាមរយៈ​ចំណុច​ល្អៗ​របស់​កម្ពុជា លោកជំទាវ​នឹង​បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ស្តីពី​កម្ពុជា​។​ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោកស្រី Michelle មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ផងដែរ​៕

​គណៈរដ្ឋមន្ដ្រី នឹង​បើក​កិច្ចប្រជុំ​នៅ​សុក្រ​ទី​២៦ តុលា នេះ

​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៨:៣០​
នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ក្នុង​វិមាន​សន្តិភាព ។​

​កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តឡើង​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំ​ឃាន់ៗ​មួយចំនួន មានដូចជា ៖

១. សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។​
២. សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​
៣. បញ្ហា​ផ្សេងៗ ក្នុងនោះ​មាន​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ ដូចជា ៖
១- កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​
២- សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្តីពី​បត្យាប័ន ៕
​

​កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ជិត​២៥០​លាន​ដុល្លារ​ថ្មីទៀតពី ADB

​ភ្នំពេញ ៖ កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ជិត ២៥០​លាន​ដុល្លារ​អាមេរិក ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB សម្រាប់​អនុវត្តន៍​គម្រោង និង​កម្មវិធី​ចំនួន​៤ រួមមាន​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​,​គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ,​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​។

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។​

​គួរ​ជម្រាប​ថា ក្នុង​ចំនួន​ហិរញ្ញប្បទាន​សរុប​ជិត​២៥០​លាន​ដុល្លារ​នោះ មាន​ទឹកប្រាក់​ប្រមាណ ៨៨,៥០ លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ជំហាន​ទី​៤​។ គម្រោង​នេះ នឹង​ជួយ​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ក្នុង​របៀង​អាទិភាព​ចំនួន​៣ គឺ​នៅ​ក្រុង​កំពង់ចាម ក្រុង​ក្រចេះ និង​ក្រុង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​៕

អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​បង្ក្រាប​រណ្ដៅ​រ៉ែ​មាស​នៅ​ចំណុច​ត្រូ​ន ក្នុងស្រុក​សំបូរ

​ក្រចេះ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​លុបរណ្ដៅ​រ៉ែ​មាស​អនាធិបតេយ្យ​ជាច្រើន​កន្លែង នៅ​ចំនុច​ត្រូ​ន ឧ​ប​សម្ព​ន័​ភូមិ​អូ​ពោរ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។

​ការ​ឈួ​សលុបរ​ណ្តៅ​រ៉ែ​អនាធិបតេយ្យ​នោះ គឺធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយមាន​ការសម្របសម្រួល​ពី​លោក ធុច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ រួមសហកា​ជាមួយ​អាជ្ញាធរ​ស្រុក​។

​លោក សុខ គី​រី​រតន៍ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​មាស​ខាងលើ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ យក​ធ្វើជា​កន្លែងរ​កមាស​បែប​អនាធិបតេយ្យ គ្មាន​ច្បាប់​ទំលាប់ តាំងពី​ដូនតា​របស់គាត់​មក​ម្លេះ ទោះបីជា​មន្ទីរជំនាញ​ចុះមក​បិទ​ជា​ច្រេ​ី​ន​លេ​ី​ក​ច្រេ​ី​ន​សារ​ក៏ដោយ ប៉ុន្តែ​ពួកគាត់​នៅតែ​លួច​ជីក​វិញ​ដដែល​។ ក្នុង​ការជីក​រុករក​មាស​របស់​ពួកគាត់​នាពេល​កន្លងមក មានការ​ប្រឈម​ជាខ្លាំង គឺ​គ្រោះថ្នាក់​បាត់បង់​ជីវិត​ជា​ច្រេ​ី​ន​នាក់​ជា​បន្ដបន្ទាប់ ដោយសារ​ការបាក់​ដី​លុបរណ្ដៅ​រ៉ែ និង​ពុល​ផ្សែង​ក្នុង​រណ្ដៅ ពេល​ចុះ​បូមទឹក​។

​លោក​បាន​បញ្ជាក់ថា មុននឹង​ឈានដល់​ការយក​គ្រឿងចក្រ​មក​ឈួ​ស​លុបរណ្តៅ​រ៉ែ​អនាធិបតេយ្យ​ទាំងនេះ គឺ​លោក​បានស្នើរ​សុំ​គោលការណ៍ និង​ការអនុញ្ញាតិ​ពី​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រ​ចេញ និង​ស្ថាប​ន័​អយ្យការ ចុះ​ឈួ​ស​លុបរណ្ដៅ​រ៉ែ​មាស​នៅ​តំបន់​នោះ​ចោល​តែម្ដង គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ ការ​លុបរណ្ដៅ​ធំៗ​បាន​ចំនួន ៦​រណ្ដៅ​។

​លោក​បញ្ជាក់​បន្ថែមទៀត​ថា ក្នុងករណី​ដែល​ម្ចាស់​រណ្ដៅ​នៅតែ​បន្តសកម្មភាព​ជីករណ្តៅ​រុករក​រ៉ែ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​នឹង​អនុវត្ត​ទៅតាម​ច្បាប់ ចំពោះ​ម្ចាស់​រណ្តៅ​ទាំងនោះ ដោយ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ហេ​ី​យ​វិធានការ​បន្ទាប់ លោក​នឹង​ចុះ​ធ្វេ​ី​ការ​លុបរណ្ដៅ​ជា​បន្តទៀត​ឲ្យ​តែមាន​ពលរដ្ឋ​ជីករណ្ដៅ​អនាធិបតេយ្យ​បែបនេះ​៕

​

ឃុំខ្លួន​ស្ត្រី​ម្នា​ក់រឿង​លក់​កូនស្រី​បង្កើត ​៣​នាក់​ទៅ​ចិន

​ខេត្ត​ក្រចេះ ៖ ស្ដ្រី​ចំណាស់​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ក្រចេះ ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃទី​២៣ ខែតុលា នេះ ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្ដឹង​ពី​ឪពុកម្ដាយ​នារី​រងគ្រោះ​រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ដែល​ត្រូវ​ជនសង្ស័យ​ក្លែង​ឯកសារ​នាំយក​កូនស្រី​ពួកគាត់​ទៅ​លក់​នៅ​ប្រទេស​ចិន​។

​លោកស្រី នៅ រតនា ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ដ​ក្រចេះ បាន​ប្រាប់ថា ស្រី្ត​ជា​ជនសង្ស័យ​ខាងលើ ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ខេត្តក្រចេះ តាម​ចាប់ខ្លួនបាន​នៅ​ខេ​ត​រតនគិរី​កាលពី​ថ្ងៃទី​១៨ ខែតុលា ។ ស្ត្រី​រូបនេះ ធ្លាប់បាន​រកស៊ី​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ឲ្យ​ទៅយក​ប្តី​នៅ​ចិន រួមទាំង​កូនស្រី​ខ្លួនឯង ៣​នាក់​ផងដែរ ហើយក៏​ធ្លាប់​ឱ្យ​កូន​រកស៊ី​ផ្លូវភេទ​តាំងពី​អាយុ​១៤​ឆ្នាំ​ផងដែរ នៅ​ខេត្តបាត់ដំបង​។​

​បើតាម លោកស្រី រតនា ក្រៅពី​បញ្ឆោត​កូន​ខ្លួនឯង​៣​នាក់​ឲ្យ​រកស៊ី​ផ្លូវភេទ​និង​នាំយកទៅ​លក់​នៅ​ប្រទេស​ចិន ជនសង្ស័យ​បាន​បោក​ស្រី​៣​នាក់​ផ្សេងទៀត​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ក្នុង​រូបភាព​ទៅយក​ប្តី​នៅ​ចិន​។​

​លោកស្រី នៅ រតនា ស្នងការរង​ខេត្តក្រចេះ​បាន​បញ្ជាក់ថា ចំពោះ​ករណី​នារី​៣​នាក់​ផ្សេងទៀត​កំពុង នៅ​ប្រទេស​ចិន ដែល​ត្រូ​ឪពុកម្ដាយ​ប្ដឹង​ឱ្យជួយ​ដែរនោះ នៅ​មិនទាន់បាន​ត្រឡប់មកវិញ​ទេ ខណៈ​សមត្ថកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​កំពុង​សហការ​ជាមួយ​ស្ថានទូត ដើម្បី​ជួយ​ពួកគេ​។​

​លោកស្រី​ស្នងការ​បន្តថា​៖«​យើង​ព្យាយាម​សួរ​គាត់​ពី​ចំនួន​មនុស្ស ដែល​គាត់​នាំយកទៅ​លក់ តែ​គាត់​ព្យាយាម​មិន​ឆ្លើយ​និង​បដិសេធ​សំណួរ​របស់​យើង​។ យើង​គ្រាន់តែ​ដឹងថា​ក្រៅពី​កូនស្រី​គាត់​៣​នាក់​ដែល​ចូលមក​បំភ្លឺ​ដល់​សមត្ថកិច្ច​…​គឺមាន​អាណាព្យាបាល​ជនរងគ្រោះ​៣​នាក់​ទៀត​បាន​ប្ដឹង​ជនសង្ស័យ​ពី​ករណី​នាំ​កូន​គាត់​ទៅ​លក់​នៅ​ប្រទេស​ចិន​នេះដែរ​»​។

​ដោយ​ផ្អែកលើ​ចម្លើយ​ក្មេងស្រី​រងគ្រោះ​នៅ​ស្នងការដ្ឋាន​ខេត្ត លោកស្រី​ស្នងការរង​បានឱ្យ​បញ្ជាក់ដែរថា ស្ត្រី​សង្ស័យ​រូបនេះ​ធ្លាប់បាន​លក់​ព្រហ្មចារី កូនស្រី​បង្កើត​ម្នាក់​ឈ្មោះ ស​.​ន អាយុ ១៤​ឆ្នាំ ទៅ​ខេត្តបាត់ដំបង​ឲ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​។

ក្រោយ​លក់​ព្រហ្មចារី​កូនស្រី​បាន​មួយរយៈ​ស្ត្រី​រូបនេះ​បាន​នាំ​នាង​ទៅ​បម្រើ​នៅ​បន​ស្រី​នៅ​កន្លែង​ផ្សេងទៀត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​រូបគាត់​ជា​អ្នក​ហៅ​ម៉ូយ​និង​ជា​អ្នកយក​លុយ​ដោយ​ខ្លួន​ផ្ទាល់ ហើយ​ក្នុង​មួយថ្ងៃៗ​ឲ្យ​កូនស្រី​កំដរ​ភ្ញៀវ​រួមភេទ​ចាប់ពី​៥-៦​នាក់​៕

កន្ទុយលេខ​នៅ​ប្លុក​ផ្សារ​សេរីភាព ក្នុង​សង្កាត់​វាលវង់ បើក​លេង​ដោយ​សេរី​

​ភ្នំពេញ ៖ ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ​(​ឆ្នោត​យួន​) នៅក្នុង​ខណ្ឌ​៧​មករា​ បាន​និង​កំពុងបើក​កត់​យ៉ាង​ចំហរីក​ដូច​ផ្សិត តែ​បែរជា​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច ជាពិសេស​លោក អភិបាល និង​អធិការ មិនមាន​វិធានការ​ប​ង្រា​ប​ទៅវិញ ។

​បើតាម​ប្រភព​ក្បែរ​កន្លែង​កត់​កន្ទុយលេខ​មួយកន្លែង​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​លំ​(​ឌឿងហែម​) ក្បែរ​ផ្សារ​សេរីភាព ស្ថិតក្នុង​សង្កាត់ វាលវង់ ខណ្ឌ​៧​មករា បានអោយដឹងថា ទីតាំង​ខាងលើនេះ បើក​កត់​យ៉ាង​ចំហ និង​មាន​មនុស្ស​ចូល​កត់​យ៉ាងច្រើន បន្តកន្ទុយ​គ្នា ជាពិសេស ពេល​ថ្ងៃរសៀល ប៉ុន្តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ចុះមក​បង្ក្រាប​ទេ សង្ស័យ​តែ​សមត្ថកិច្ច​ទាំងនោះ ត្រូវរ៉ូវ​ជាមួយ​ម្ចាស់​ទីតាំង រឺក៏​បានទទួល​លាភសក្ការៈ​ហើយ​មើលទៅ ។

ប្រភព​ដដែល​បាន​បន្តទៀតថា ពួកគាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​៧​មករា ដែលមាន​លោក លឺ​ម សុភា ជា​ប្រធាន​គណៈ​អភិបាលខណ្ឌ និង​លោក នេ​ត ស៊ីថុន អធិការ​ខណ្ឌ មេត្តា​មាន​វិធានការ​ចំពោះ​ទីតាំង​ខាងលើនេះ​ផង ក៏ដូចជា​ទីតាំង​ផ្សេងទៀត ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មករា កុំអោយ​មេ​ឆ្នោត​ទាំង​នោះមក​ពង្វក់​មនុស្ស ក្មេង​ចាស់​ប្រុស​ស្រី និង​បន្ត​កើប​លុយ​រាប់លាន​រៀល​ក្នុង​មួយថ្ងៃៗ​ទៀត ។ តែបើ​លោក ទាំង​២​មិនមាន​វិធានការ​ប​ង្រា​ប​ទេ គឺ​មានន័យថា ធ្វើ​ផ្ទុយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ​ហើយ គឺ​ហាក់បីដូចជា បណ្តោយអោយ​មាន​អំពើរ​ល្មើស​ផ្សេងៗ​ដូចជា​ចោរលួច ឆក់ ប្លន់ កើនឡើង​ហើយ ព្រោះ​ល្បែង​ជា​ប្រភព​នៃ​បទល្មើស​ទាំងនោះ ៕

​

អាជ្ញាធររាជធានី រៀបផែនការត្រៀម រៀបចំព្រះរាជពិធីបុណ្យជាតិធំៗ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ តុលា បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ ព័ន្ធ អាជ្ញាធរខណ្ឌទាំងអស់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទដើម្បីត្រៀមផែនការរៀបចំព្រះ រាជពិធីបុណ្យបុណ្យជាតិធំៗ ជាបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសសេចក្តីសម្រេចបង្កើត គណ:កម្មការ និងអនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក រៀបចំខួបអនុស្សាវរី លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០១៨ និងបុណ្យចូលឆ្នាំសកលដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ជាបន្តបន្ទាប់នាពេលខាង មុខនេះ ពិសេសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៨ ឆ្នាំនេះ នឹងការរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍ បង ប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ៕

គណៈអចិន្ត្រៃយ៍ព្រឹទ្ឋសភា បើកសម័យប្រជុំលើកទី២ នៅថ្ងៃទី២៤ ខែតុលា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដែលមានរបៀបវីរៈចំនួន២ ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ឋសភា ។

គួរបញ្ជាក់ ដែរថា ព្រឹកថ្ងៃច័ន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ដោយលើកយករបៀបវារៈចំនួនពីរមកពិភាក្សាក្នុងនោះ ១.ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤ ។ ២.កំណតរបៀបវីរៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី២ ព្រឹទ្ឋសភានីតិកាលទី៤ ៕

ចាប់បុរសចិនម្នាក់រត់ពន្ធគ្រឿងញៀន ជិត ២គ.ក្រ ទៅហុងកុង

ភ្នំពេញ ៖ កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម បម្រុងនាំចេញទៅក្រៅប្រទេស។

បើតាមមន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923។

មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ។

មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕

សម្តេច សាយ ឈុំ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ទស្សនកិច្ចនៅប្រទេសចិន

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ទៅបំពេញ កិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨។

យោងតាមអគ្គលេខាធិការរដ្ឋាន នៃព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ ដឹក នាំសំខាន់ៗ ដូចជា ឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ជួបពិភាក្សា ការងារជាមួយនឹង ឯកឧត្តម លី ហ្សាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹក នាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន មួយចំនួនទៀត ព្រមទាំងទស្សនាតំបន់វប្បធម៌ និង ឧស្សាហកម្ម ក្នុងរដ្ឋធានីប៉េកាំងផងដែរ៕

តូចចិត្តនឹងស្រីស្នេហ៍មានប្រុសថ្មី ផ្តួលម៉ូតូលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូឌុបស្រីស្នេហ៍សុខៗ ក៍ឈប់ផ្តួលម៉ូតូលោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ប៉ាឡេ ឆ្លងទន្លសាប ន្សល់ទុកស្រីស្នេហ៍យំសោកបោកខ្លួននៅលើស្ពានតែម្នាក់ឯង កាលពីវេលា ម៉ោង ២រសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅលើស្ពានបាឡេ ស្ថិតនៅភូមិមិត្តភាព សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បុរសដែលលោតទឹកសម្លាប់ខ្លួន ឈ្មោះ អាំង សុរាជ អាយុ២១ឆ្នាំមាន លំនៅម្តុំវត្តសន្សំកុសល ក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានលិចបាត់ទៅក្នុងទឹកទន្លេគ្មានអ្នកណាអាចជួយសង្គ្រោះបាន ទាន់ឡើយ។ចំណែកនារីជាសង្សារឈ្មោះ អ៊ា ឆៃលី អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំ ទី១ វិទ្យាស្ថាន វ៉ាន់ដា ផ្នែកគណនេយ្យ មានលំនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានជិះម៉ូតូម៉ាក Beat ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GR.៩២២៣ មួយគ្រឿង ឌុបនារីម្នាក់ ធ្វើដំណើរឡើង ស្ពានបាឡេ ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់កណ្តាលស្ពាន ស្រាប់តែបុរសរូបនោះ បាន ឈប់ម៉ូតូ និងផ្តួលហើយហក់តោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង៕

បិទអាជីវកម្មផលិតស្រាសជាង៦០០ ទីតាំង នៅទូទាំងខេត្តក្រចេះ

ខេត្តក្រចេះ ៖ អាជីវកម្មផលិតស្រាស ជាលក្ខណៈគ្រួសារចំនួន៦០០កន្លែង នៅទូទាំងខេត្តក្រចេះ ដែលភាគច្រើន គ្មានច្បាប់អនុញ្ញាត ត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយមនុស្ស៥នាក់បានពុលស្រាសស្លាប់។ ការបិទនេះ ក្រោយពីមន្ត្រីនៃមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្តក្រចេះ រកឃើញថា ទីតាំងផលិតស្រា ស ភាគច្រើនគ្មានច្បាប់អនុញ្ញាត ជាហេតុធ្វើឲ្យសិប្បករទាំងនោះ ផលិតស្រាសតាមតែអំពើចិត្ត។

លោក នី ឈុន ប្រធានមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្តក្រចេះ បានប្រាប់ថា អ្នកផលិតស្រានៅក្នុងស្រុកសំបូរ បានដាក់សារធាតុមេតាណុលលើសការកំណត់រហូតដល់ទៅ៦ភាគរយ ខណៈដែល កម្រិតស្តង់ដារត្រឹមតែ ០,១៥ ភាគរយប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីឧសភា ឆ្នាំ២០១៨ មានការពុលស្រាស និងពុលទឹកនៅឃុំកន្ទូត ស្រុកឆ្លូង បណ្ដាលឲ្យអ្នកភូមិ ១៣នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺប្រមាណ៣០០នាក់ ហើយក្រោយៗមកទៀតករណីពុលស្រា ស នៅខេត្តក្រចេះនេះ បានកើតឡើងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕