All posts by មេគង្គ ប៉ុស្តិ៍

បំបែក​សំបុក​ស្ដុក​ម៉ូតូ​ចិន កែ​​ទៅជា​ម៉ូតូ​ហុងដា​ជប៉ុន​

​ភ្នំពេញ ៖ ទីតាំង​ស្តុ​ប​ម៉ូតូ​របស់​ក្រុមហ៊ុន​ចិន​យីហោ B.D បូ​ឌី​ង អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី មួយកន្លែង ត្រូវបាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហា​នី​ភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ដោយ​រកឃើញ​ម៉ូតូ​ប្រមាណ​៤៤៤​គ្រឿង ដែល​សង្ស័យថា លួច​ក្លែងបន្លំ ម៉ូតូ​ម៉ាករ​ហុងដា របស់​ក្រុមហ៊ុន​ហុងដា​។​

ការចុះ​បង្ក្រាប​ទីតាំង លួចលាក់​ក្លែង​ម៉ាក​ម៉ូតូ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុ​ត សាម៉ុន អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​នេះ​បាន​បន្លំ​ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា ដោយ​តម្លើង​ម៉ូតូ​រាប់រយ​គ្រឿង និង​ត្រូវបាន​ក្រុមហ៊ុន​ហុងដា​ប្ដឹង​គណៈកម្មការ​ទើប​សមត្ថកិច្ច​ចុះមក​ឆែកឆេរ បង្ក្រាប​តែម្តង ។​

​តាម​សមត្ថកិច្ច​អោយដឹងថា ក្នុងការ​ឆែកឆេរ សមត្ថកិច្ច​រកឃើញ​ម៉ូតូ​ក្លែងបន្លំ​ម៉ាក​ចំនួន​ជាង ៤៤៤​គ្រឿង ក្នុងនោះ​មាន​ម៉ាក Zoomer-x ចំនួន​២២៤​គ្រឿង , ម៉ាក MSL-S 1 ចំនួន​១០០​គ្រឿង ម៉ាក Scoopy ចំនួន​៣១​គ្រឿង ម៉ាក Ducati ចំនួន​៦៦​គ្រឿង ,​ម៉ាក​ហុងដា Dream ចំនួន​៣​គ្រឿង ម៉ូតូ​ធំ​ផ្សេងៗ​ចំនួន​២០​គ្រឿង​, , តែម Zoomer-x MSL-S1 Scoopy Ducati Dream ចំនួន​៤​កេស ,​ប្រេង​សម្រាប់​លាយ​ប្រេងម៉ាស៊ីន​៣៦​ប្រអប់ និង​គ្រឿងបន្លាស់​មួយចំនួនទៀត​។​

​តាម​នគរបាល​បានអោយដឹងថា ជនជាតិ​ចិន​ចំនួន ២​នាក់​ត្រូវបាន​នាំខ្លួន ទៅ​សាកសួរ ។ ចំណែក​ទីតាំង ត្រូវបាន​កម្លាំងចម្រុះ​ក៏បាន​ប្លុម​បេ ទាំង​ម៉ូតូ​ទុក​បណ្ដោះអាសន្ន​៕
​

លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ​សំណុំរឿង​«​ប្រមាថ​ព្រះមហាក្សត្រ​» នៅ​ថ្ងៃទី​១២ កក្កដា​

 

​ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នេះ ដើម្បី​បំភ្លឺ​ករណី​« ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ។

​តាម​ហ្វេ​ស​ប៊ុ​កនៅ​ពី​ថ្ងៃទី​១០ ខែកក្កដា នេះ លោក សម រង្ស៊ី បានសរសេរថា អ្វីដែល​លោក​បានលើកឡើង​ពី​លិខិត​ព្រះមហាក្សត្រ ដាក់​កាលបរិច្ឆេទ​ក្លែងក្លាយ មិនមែនជា​ការប្រមាថ​ទេ ។

​យោងតាម​ច្បាប់​ថ្មី​ប្រឆាំងនឹង​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ លោក សម រង្ស៊ី អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល ឬ​ស្មើនឹង​ប្រាក់​៥០០ ទៅ​២.៥០០ ដុល្លារ​អាមេរិក ។​

​គួររំលឹកថា គិត​មកទល់ពេលនេះ មាន​មនុស្ស​៤​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់​ពីបទ ប្រមាថ​ព្រះមហាក្សត្រ ក្នុងនោះ​មាន​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ម្នាក់​ផងដែរ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដើម្បី​គេច​ពី​បណ្តឹង​ជាច្រើន​៕​

​ម្ចាស់​ក្រុមហ៊ុន​លក់​ស៊ីម​កាត​ឲ្យ​អ្នក​ប្រើ​ដោយ​គ្មាន​អត្តសញ្ញាណ ​ត្រូវ​មានទោស​

​ភ្នំពេញ ៖ ម្ចាស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​នៅ​កម្ពុជា នឹងត្រូវ​ទទួលទោស​តាមច្បាប់ ប្រសិនបើ​នៅតែ​បន្ត​ឱ្យ​អ្នកប្រើប្រាស់​ស៊ីម​កាត​ដោយ​គ្មាន​អត្តសញ្ញាណ​សម្គាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​មន្ត្រី​រូបនេះ​បន្តថា ករណី​ប្រសិនបើ​ក្រុម​ជំនាញ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា រកឃើញថា នៅតែមាន​អ្នកប្រើប្រាស់​ស៊ី​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ និង​មាន​បញ្ហា​អ្វី​កើតឡើង​ដោយសារតែ​ស៊ីម​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ​នេះ ក្រុមហ៊ុន​ម្ចាស់​ស៊ីម​កាត​នោះ នឹងត្រូវ​ប្រ​ឈ​មុខ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

​មន្ត្រី​នាំពាក្យ​បញ្ជាក់ថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានដាក់​ឱសានវាទ​ចុងក្រោយ ឱ្យ​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​។

​គួរ​បញ្ជាក់ថា ចំនួន​ស៊ីម​កាត​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ​ប្រមាណ​១៨​លាន​កន្លះ ប៉ុន្តែ​បច្ចុប្បន្ននេះ​មិនដឹងថា ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់ មាន​ចំនួន​ប៉ុន្មាន​នោះទេ ខណៈ​កាលពី​ឆ្នាំ​២០១៧ ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់​វិញ​មាន​ប្រមាណ​៦ ទៅ ៧%៕

​

អាកាសចរណ៍​កម្ពុជា អ៊ែរ​វ៉េ ចាប់ផ្តើមបើក​ជើងហោះហើរ​ក្នុងស្រុក

​ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អ៊ែរ​វ៉េ បានចាប់ផ្តើម​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ក្នុងស្រុក​ជា​លើកដំបូង​របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែកក្កដា ហើយ​គ្រោង​បើក​ការហោះហើរ​កម្រិត​អន្តរជាតិ​ទៅកាន់​ទីក្រុង​ម៉ា​កាវ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែកក្កដា ខាងមុខនេះ​។​

​អ្នកគ្រប់គ្រង​ទីផ្សារ និង​យីហោ​ក្រុមហ៊ុន កម្ពុជា អ៊ែរ​វ៉េ លោកស្រី សុខ រ៉ាវី បាន​ឲ្យ​ដឹងថា​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ដែល​ត​ភ្ជាប់​ភ្នំពេញ សៀមរាប និង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ប្រតិបត្តិការ​ជើងហោះហើរ​ប្រចាំថ្ងៃ ខណៈ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចេញពី​សៀមរាប​-​ម៉ា​កាវ ភ្នំពេញ​-​ម៉ា​កាវ និង​ក្រុងព្រះសីហនុ​-​ម៉ា​កាវ នឹង​ប្រតិបត្តិការ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​។ លោកស្រី​បន្ថែមថា ក្រុមហ៊ុន​គ្រោង​នឹង​ប្រតិបត្តិការ​ផ្លូវ​ហោះហើរ សៀមរាប​-​តៃវ៉ាន់ ម៉ា​កាវ នៅ​ចុងខែ​កក្កដា​ផងដែរ​។​

​សូមបញ្ជាក់ថា Cambodia Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុ​ជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ Prince International Airlines Company Limited (PIA) ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​គម្រោង​នេះ ជើងហោះហើរ​របស់ KR 801 បានចាប់ផ្តើម​ដឹក​អ្នកដំណើរ​សរុប​១៤៥​នាក់ ចេញដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៩:៥០ ព្រឹក​ម្សិលមិញ​ឆ្ពោះទៅ​ខេត្តសៀមរាប​ទៅដល់​នៅ​ម៉ោង ១០:៣៥ ដោយ​ប្រើ​យន្តហោះ Airbus A319​។​

​បើតាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា អនាគត​ក្រុមហ៊ុន Cambodia Airways គ្រោង​នឹង​បង្កើន​ជើងហោះហើរ​របស់ខ្លួន ទៅកាន់​ប្រទេស​មួយចំនួនទៀត​ដូចជា ជប៉ុន ចិន ហុងកុង តៃវ៉ាន់ និង​កូរ៉េខាងត្បូង ជាដើម​៕​

ជប៉ុន​ពន្លឿន​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ​ដោយទឹកជំនន់

​ជប៉ុន ៖ ប្រទេស​ជប៉ុន បាន​ព្យាយាម ផ្តល់​សំភារៈប្រើប្រាស់ និង​ជំនួយ​សង្គ្រោះបន្ទាន់ ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត ក្នុង​រយៈពេល 36 ឆ្នាំ​មកនេះ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព ដោយ​ខ្វះ​ភ្លើង​ចម្អិន​អាហារ និង ខ្វះខាត​ទឹក ខណៈ​អ្នក​ជួយសង្គ្រោះ​បាន​បន្ត​ស្វែងរក​ជនរងគ្រោះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បណ្តាលឱ្យមាន​ទឹក​ជំនន់ និង​បាក់​ដី នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដោយ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ 176 នាក់ និង​នៅ​បាត់​ខ្លួន​ជាង​២០​នាក់ ហើយ​បាន​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ្ស៊ី​ន​ហ្សូ អា​បេ លុបចោល​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ដោះស្រាយ​ជាមួយ គ្រោះមហន្តរាយ ដែល​បង្ខំ អោយ​មនុស្ស​រាប់លាន​នាក់ ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។

​ផ្លូវ​ជាច្រើន​គ្របដណ្ដប់ ដោយ​ភក់ល្បាប់ នៅ​ស្រុក​ម៉ា​ប៊ី នៃ​តំបន់ គុ​រ៉ាស៊ី​គិ ដែល​បាន​ទទួលរង​ការវាយប្រហារ​ខ្លាំង​បំផុត​។ អ្នក​រស់រានមានជីវិត​បាន​បោសសំអាត​តាម​ផ្ទះ​របស់​ពួកគេ ដែលមាន ប្រឡាក់​ដោយ​ភក់ ហើយ ព្រួយបារម្ភ​អំពី​របៀប​កសាង​ជីវិត​របស់​ពួកគេ​សារជាថ្មី​។​

​មនុស្ស​ជាង​ជាង​២​សែន​នាក់ នៅតែ​គ្មាន​ទឹក​ប្រើប្រាស់ នៅក្រោម​កំដៅ​ព្រះអាទិត្យ​ក្តៅ​ខ្លាំង ដោយសារ​សីតុណ្ហភាព ឡើងដល់ 33 អង្សា​សេ នៅ​តំបន់​ដែល​រង​ការប៉ះពាល់​ខ្លាំង​។ រដ្ឋាភិបាល​បានកំណត់​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 70 ពាន់​លាន​យ៉េន ស្មើនឹង 631 លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ ជាមួយ​ទុនបំរុង 350 ពាន់​លាន​យ៉េន ស្មើនឹង 3.15 ពាន់​លាន​ដុល្លារ​៕​

ចិន​ប្រាប់​អាមេរិក​ឲ្យចៀសវាងប៉ះពាល់​ដល់​សន្តិភាព​នៅ​កោះ​តៃវ៉ាន់​

​តៃវ៉ាន់ ៖ ប្រទេស​ចិន បាន​ជុំរុញ​សហរដ្ឋអាមេរិក អោយ​ចៀសវាង​រាល់​សកម្មភាព​ដែល​ធ្វើអោយ ប៉ះ ពាល់ ដល់​សន្តិភាព និង​ស្ថេរភាព នៅ​កោះ​តៃវ៉ាន់ បន្ទាប់ពី​នាវាចំបាំង​សហរដ្ឋអាមេរិក​ពីរ​គ្រឿង បានធ្វើ​ដំណើរ តាម​ដែនទឹក ជា​សញ្ញា​បង្ហាញ​ការគាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​កោះ​តៃវ៉ាន់​។

ក្រុមមន្ត្រី​សហរដ្ឋអាមេរិក បាន​និយាយថា នាវា​ពិឃាដ​ពីរ​គ្រឿង បានធ្វើ​ដំណើរ​ឆ្លងកាត់ កាលពី ចុង​សប្តាហ៍​នេះ ដោយ​ត្រូវបាន​ចាត់ទុកថា​ជាការ​ឆ្លងកាត់​ជា​ទៀងទាត់ តាមរយៈ​ដែនទឹក​អន្តរជាតិ​។
​វា​ជាការ​ធ្វើដំណើរ​លើកដំបូង ដោយ​កងកំលាំង​ជើង​ទឹក​អាមេរិក ឆ្លងកាត់​កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​ប្រមាណ​មួយឆ្នាំ ហើយ​ការធ្វើដំណើរ​នេះ បានធ្វើ​ឡើង ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក នៅពេលដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ពីរ នៅលើ​ពិភព លោក មាន​ជម្លោះ​ពាណិជ្ជកម្ម​។​

​ការធ្វើដំណើរ​របស់​នា​វា បានធ្វើ​ឡើង​បន្ទាប់ពី​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ នៅ​ជុំវិញ​កោះ​នេះ ដែល​បាន​បង្កើន ការប៉ះទង្គិច​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង​៕​

កំណើនប្រជាជន​កម្ពុជា នឹង​ឡើងដល់​១៧​លាន​នាក់​នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ ៖ សារលិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​២៩ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នេះ បង្ហាញថា គិត​ត្រឹម​ឆ្នាំនេះ កម្ពុ​ជាមាន​ពលរដ្ឋ​ប្រមាណ​ជាង​១៦​លាន​នាក់ ហើយនឹង​កើន​ដល់​ជាង​១៧​លាន​នាក់​នៅ​ឆ្នាំ​២០២៣ និង​ជាង​១៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។

​ក្នុង​សារលិខិត​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល ទាក់ទង​នឹង​ការថែរក្សា​សុខភាព​ប្រជាជន គឺ​អត្រា​មរណភាព​មាតា ក្នុង ១០​ម៉ឺន​កំណើត​រស់ គឺ​បាន​ថយចុះ​ពី ៣១៥​នាក់ ក្នុង​ឆ្នាំ​២០០៥ មក​នៅត្រឹម ២០២​នាក់​ក្នុង​ឆ្នាំ​២០១០ ហើយ​បាន​បន្ត​ធ្លាក់​ចុះមក​ត្រឹម ១៦១​នាក់ នៅ​ឆ្នាំ​២០១៥​។​

​ពិសេស​សុខភាព​មាតា ទារក និង​កុមារ គឺ​បានធ្វើឱ្យ​អត្រា​មរណភាព​បាន​ថយចុះ ពោលគឺ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ អត្រា​មរណភាព​ទារក បាន​ថយចុះ​ពី ៧១​នាក់ មក​៥០​នាក់ ក្នុង​១​ពាន់​កំណើត​រស់​។ ចំណែក​អត្រា​មរណភាព​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ បាន​ថយចុះ​ពី ៦៨​នាក់ មក​ត្រឹម ២៩​នាក់ ក្នុងចំណោម​កុមារ ១​ពាន់​នាក់​៕​

សពបុរស​ម្នាក់​ប្រឡាក់​ឈាម​ពេញ​ខ្លួន​ក្នុង​ខុន​ដូ​​មួយ​នៅសង្កាត់​ស្រះចក

​ភ្នំពេញ​៖ យោងតាម​ប្រភពព័ត៌មាន​ពី​កម្មករ​ធ្វើការ​នៅក្នុង​ការដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ការដ្ឋាន​កំពុង​សាងសង់​ថ្មី​ម្ដុំ​រោងចក្រ​ឆ្នាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ករណី​មនុស្ស​ប្រុស​ម្នាក់​ធ្លាក់​ពីលើ​អាគារ​ខុន​ដូរ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង សមត្ថកិច្ច និង ម្ចាស់​ខុន​ដូ​លាក់បាំង​ព័ត៌មាន​យ៉ាង​តឹងរឹង ។​

​សាកសព​របស់​ជនរ​ង​គ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ គាត់​គឺជា​មនុស្ស​ប្រុស​មាន​អាយុ​ប្រហែល ជា​៣០​ឆ្នាំ ។​

​យ៉ាងណាមិញ​នោះ​ករណី​ខាងលើនេះ​មិនទាន់មាន​ប្រភព​ណាមួយ​ដែរ​បញ្ជាក់ថា ជនរងគ្រោះ​ធ្លាក់​ពីលើ​អាគារ​ខុន​ដូ​ដោយ​ខ្លួនឯង ឬ ក៏​ជា​ករណី​អ្វី​ផ្សេង ព្រោះ​អ្នក​នៅ​កន្លែងកើតហេតុ​គ្មាន​អ្នក​ហ៊ាន​និយាយ​ឡើយ ។ សូមបញ្ជាក់​ផងដែរ​ថា សូម្បីតែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ជិះ​ម៉ូតូ​ចូល​នៅក្នុង​ការដ្ឋាន​មួយ​ស្ទុះ​ធំ ក៏​ជិះ​ម៉ូតូ​ចេញទៅ​វិញ​បាត់​ដោយ​មិនបាន​និយាយ​អ្វី​ទាំងអស់ ។​

​ជុំវិញ​ករណីនេះ​មន្ត្រី​កោសល្យ​វិ​ច្ច័​យ​បានអោយដឹងថា បុរស​ដែល​ស្លាប់​ហើយ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​នោះ​គឺ​បណ្តាលមកពី​ក្អួត​ឈាម​ខ្យល់គ​រគាំង​ស្លាប់​តែម្តង ដោយ​ប​ដិ​ធេ​ប​ថា​មិនមែនជា​អំពើ​ឃាតកម្ម​នោះទេ​៕​

នាយករដ្ឋមន្ត្រី​ថៃ ថ្លែងអំណរគុណ​ដល់​អ្ន​ក​ចូលរួម​សង្គ្រោះ​ក្មេង​ចេញពី​រូងភ្នំ​

ថៃ ៖ នាយ​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​អំណរ គុណ ដល់ អ្នក​ទាំងឡាយណា ដែល​ចូលរួម​នៅក្នុង​បេសកកម្ម​ប្រកបដោយ​ជោគជ័យ ដើម្បី​ជួយ សង្គ្រោះ ក្មេងប្រុស​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ចេញ ពី​រូងភ្នំ ជន លិច ដោយ​ទឹក នៅ​ប្រទេស​ថៃ​។

​មន្ត្រី​សុខភាព​ជាន់ខ្ពស់ និយាយថា ក្មេង​ទាំង ១៣​នាក់ បាន​ស្រក​ទម្ងន់​២​គីឡូក្រាម ម្នាក់ៗ អំឡុង​ស្ថិតនៅក្នុង រូងភ្នំ​រយៈពេល​១៧​ថ្ងៃ ប៉ុន្តែ ស្ថិតនៅ ក្នុងស្ថានភាព​សុខភាព​ល្អ និង​បង្ហាញថា គ្មាន​សញ្ញា​នៃ​បញ្ហា​ផ្លូវចិត្ត​ឡើយ​។ ក្មេង​ទាំងអស់ ត្រូវបាន​នាំមក​កាន់​មន្ទីរពេទ្យ តាម​ឧទ្ធម្ភាគចក្រ ។

​ឪពុកម្តាយ​នៃ​ក្មេងប្រុស​៤​នាក់​ដំបូង អាច ចូល​មកជួប​ជាមួយ​ក្មេងប្រុស ប៉ុន្តែ​ត្រូវ​ពាក់ អាវ ការពារ និង​ឈរ​ក្នុង​ចម្ងាយ​២​ម៉ែត្រ ពី ក្មេងប្រុស ជាការ​បង្ការ​ទុកជាមុន​។ គួ​រំលឹកថា ក្មេង ប្រុស​ទាំងអស់ បាន​ចូលទៅក្នុង​បរិ វេណ រូងភ្នំ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បន្ទាប់ពី ហ្វឹក ហាត់​បាល់ទាត់ កាលពី​ថ្ងៃទី​២៣ ខែ មិថុនា ហើយ​ប្រតិបត្តិ​ការសង្គ្រោះ​របស់​ពួកគេ បាន ស្ថិតនៅលើ​ទំព័រមុខ នៃ​សារព័ត៌មាន នៅក្នុង​ប្រទេស​ថៃ​។

​ប្រជាជន​ថៃ​រីករាយ ជាខ្លាំង បន្ទាប់ពី​ក្មេងប្រុស​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បា​តល់​ទាត់ របស់​ពួកគេ​ត្រូវបាន​នាំចេញ​ពី​រូង ភ្នំ​ដោយ​ជោគជ័យ កាលពី​ល្ងាច ថ្ងៃ​អង្គា​រ៏ ក្នុង​ប្រតិបត្តិការ តស៊ូ​របស់​ក្រុម​អ្នក​សង្គ្រោះ​។​

​គួ​រំលឹកថា កាលពី​ថ្ងៃ អាទិត្យ ក្មេងប្រុស​៤​នាក់​ត្រូវបាន​នាំ​ចេញពី​រូងភ្នំ​ដោយ​ជោគជ័យ នៅក្នុង​ប្រតិបត្តិការ​ទីមួយ ប្រើ​រយៈពេល​ជិត ៦ ម៉ោង ហើយ​៤​នាក់​ទៀត​បាន យកចេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ហើយ​នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៏​ក្មេងៗ​ចំនួន ៤​នាក់​និង​គ្រូបង្វឹក​ម្នាក់ ត្រូវបាន​យកចេញ ដែលជា​ការសម្រេចចិត្ត​របស់​អាជ្ញាធរ ថៃ ជ្រើស​រើសយក​ជម្រើស នាំចេញ​ក្មេងៗ​ក្នុងពេលដែល​មានទឹក​ក្នុង​រូងភ្នំ និង​បន្ត​ការបូមទឹក​ចេញ ទោះជា​អ្នកជំនាញ​អន្តរជាតិ​ព្រមាន​ថា​ប្រឈម នឹង​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​៕

ឥណ្ឌា និង​កូរ៉េខាងត្បូង បង្កើន​ពាណិជ្ជកម្ម ​រហូតដល់ ៥០​ពាន់​លាន​ដុល្លារ​

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា និង​ប្រទេស កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ចំនួន ១១ ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បង្កើន​ពាណិជ្ជកម្ម​ទ្វេរ​ដង​រហូតដល់ ៥០​ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០៣០ ដែល​ការចុះ​ហ​ត​ថ​លេខា​នេះ​ធ្វើឡើង​១​ថ្ងៃ​បន្ទាប់ ពី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពី បើក​រោងចក្រ​ទូរស័ព្ទ​ចល័ត សាំ​ស៊ុ​ង នៅ​ជិត​ទីក្រុង ញូ​ដេលី​។

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដ៏​ធំ រួមមាន សាំ​ស៊ុ​ង និង​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ ម៉ូ​ទ័​រ មានឈ្មោះ​នៅ​ប្រទេស​ឥណ្ឌា ដែលជា​ទីផ្សារ​មួយ​មានការ​រីកចំរើន​ឆាប់រហ័ស​លើ​ពិភព លោក ហើយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន​ចេ​អ៊ី​ន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​ឥណ្ឌា និយាយថា លោក​សង្ឃឹម ក្រុមហ៊ុន​តូចៗ​ជាច្រើន​ទៀត មកពី​ប្រទេស របស់លោក និង​អាច​ធ្វើតាម​ភាពជោគជ័យ​នេះ​។

​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ចុះហត្ថលេខា​រវាង​បណ្តា​ប្រទេស​នានា​រួមមាន​កា​រព​ន្លឿ​ន​ការចរចា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​មួយ​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ 2009 ក៏ដូចជា​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្លូវដែក ថែទាំ​សុខភាព ទូរគមនាគមន៍​និង​សន្តិសុខ​អ៊ីនធឺណិត​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ត្រា​ម៉ូ​ឌី Narendra Modi បាន​និយាយថា ឥណ្ឌា​គឺជា​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​សន្តិភាព​រប​ស់​ប្រទេស​កូរ៉េ​។ លោក​បាន​និយាយថា​លោក មូ​ន Moon ផ្តល់ឱ្យ​ប្រទេស​កូរ៉េខាងត្បូង​នូវ​សន្តិភាព ជាមួយ​កូរ៉េ ខាងជើង​ហើយ​បានផ្តល់​ការគាំទ្រ ឥណ្ឌា​ក្នុង​ការឈាន​ទៅមុខ​៕​

ព្យុះ​ទី​ហ្វុ​ង ម៉ា​រៀ កំពុង​បង្ករ​មហន្តរាយ​នៅ​ខេត្ត​ហ្វូ​ចៀន ភាក​ខាងកើត​ ​ប្រទេស​ចិន

​ចិន ៖ យោងតាម​អាជ្ញាធរ​ឧ​ត្តុ​និយម​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ព្យុះ​ទី​ហ្វុ​ង​ម៉ា​រៀ ដែលជា​ព្យុះ ទី​ហ្វុ​ង​ទី​៨ នៅ​ឆ្នាំនេះ បានធ្វើ​ឲ្យ​មានការ​បាក់​ដី នៅ ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​តំបន់​ឡេ​ន​ជាំ​ង ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន​ភាគ​ខាងកើត ដែល​នាំមក នូវ​ខ្យល់​ខ្លាំង រហូតដល់ ៤២​ម៉ែត្រ ក្នុង​មួយ​វិនាទី ។

​ព្យុះ​ទី​ហ្វុ​ង ដែលមាន​សន្ទុះ​ខ្យល់​ខ្លាំង​នេះ បាន​បង្កើតជា​រលក​មាន​កម្ពស់​ជាង ១០​ម៉ែត្រ ក្នុង​ក្រុង​សា​នា ដែលមាន​ចម្ងាយ​ប្រមាណ ១៣០​គីឡូម៉ែត្រ ពី​តំបន់​ឡេ​ន ជាំ​ង ដែល​កំពុងធ្វើដំណើរ​ទៅកាន់ ដីគោក​។ គ្រឹះ​នៅ​ផ្លូវ​ហាយវ៉េ តាម​បណ្តោយ​ឆ្នេរសមុទ្រ ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ ត្រូវបាន​បំផ្លាញ​។ ព្យុះ​ម៉ា​រៀ ដែល​បាន​ចុះខ្សោយ ពី​ព្យុះ​ទី​ហ្វុ​ង បាន​កើនឡើង​ខ្លាំង កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដែល​បាន​បក់​ឆ្ពោះទៅ​ប៉ែក​ពាយព្យ ក្នុង​ល្បឿន​ប្រមាណ​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មុនពេល​បង្ក​ឲ្យ​មានការ​បាក់​ដី​។​

​ខណៈដែល​ព្យុះ​ទី​ហ្វុ​ង​ម៉ា​រៀ កាន់តែ​ខិត​មកដល់​ឆ្នេរសមុទ្រ​ចិន ប្រជាជន​រាប់ម៉ឺន​នាក់ ត្រូវបាន​ជន្លៀស ហើយ​ទូក​ជាច្រើន ត្រូវបាន​ណែនាំ​ឲ្យ​ត្រឡប់មក​កំពង់ផែ​វិញ​។ ព្យុះ​ម៉ា​រៀ ដែឡជា​ព្យុះ​ទី​៨​នៅ​ឆ្នាំនេះ បាន​ឆ្លងកាត់​កោះ​តៃវ៉ាន់​ភាគ​ខាងជើង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​ត្រូវបាន​រំពឹងថា ធ្វើ​ឲ្យ​មានការ​បាក់​ដី នៅក្នុង​ខេត្ត​ហ្វូ​ចៀន និង​តំបន់​កា​ណាន នៃ​ខេត្ត​ឆេ​ជាំ​ង​។

​ការផ្គត់ផ្គង់​អគ្គីសនី ត្រូវបាន​កាត់ផ្តាច់ ក្នុង​ក្រុង សា​ចេង ដែលមាន​ភ្លៀង ធ្លាក់ និង​ខ្យល់​បក់​កាន់តែខ្លាំង ដែល​ត្រូវបាន​រម​ពឹង​ថា បក់បោក​មកលើ​តប​ន់​នេះ​។ ជាមួយគ្នានេះដែរ អាជ្ញាធរ​តំបន់ បានធ្វើការ​ឆ្លើយតប​កំ​រឹត​ដំ បូ​ង ដើម្បី​ប្រឈម​និង​ព្យុះ ទី​ហ្វុ​ង​៕​

មេ​តុងទីន​វេច​លុយ​រាប់ម៉ឺន​ដុល្លារ​រត់គេចខ្លួន អ្នកលេង​ជាង​១០០​នាក់​កាន់​រូបថត​ទៅប្តឹង​ប៉ូលីស​

​ភ្នំពេញ ៖ ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ត្រូវ​បានកូន​តុងទីន​អះអាងថា បាន​បោកប្រាស់ បន្ទាប់ពី​ប្រមូល​លុយ​បាន​ពី​កូនៗ អ្នកលេង បាន​រាប់ម៉ឺន​ដុល្លារ​ហើយ​ប៉ុនប៉ង​លក់​ផ្ទះ គេចខ្លួនបាត់ អស់​រយៈពេល​១៥​ថ្ងៃ កូន​អ្នកលេង រងគ្រោះ​ប្រមាណ​ជាង​១០​នាក់​តំណាង​ឲ្យ​អ្នកលេង​១០៦​នាក់​ក្នុង​ក្រុម​របស់គាត់ កាន់​រូបថត មេ​តុងទីន ដើរ​ប្តឹង​ទប់ស្កាត់ និង​ទៅ​ឃ្លាំមើល​ដល់ផ្ទះ មេ​តុងទីន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

​តាម​ពលរដ្ឋ​ជា​អ្នកលេង ហើយ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ខំ​ទុកចិត្ត ស្ត្រី​ឈ្មោះ ម៉ែន រ៉ានី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​២ ធ្វើជា​មេ​តុងទីន ហើយ​ក្រុម​របស់គាត់ សរុបគ្នា​១០៦​នាក់ លេង​តុងទីន មាន​ក្បាល​៣០​ដុល្លារ ចំនួន​៣​ក្បាល​, ក្បាល​ទី​១ ចំនួន​៤២​នាក់ , ក្បាល​ទី​២ ចំនួន​៣៧​នាក់ , ក្បាល​ទី​៣ ចំនួន​៣៧​នាក់ ចំណែក​មួយ​ក្បាល​ផ្សេងទៀត ៥០​ដុល្លា អ្នកលេង​ចំនួន​៥៤​នាក់ ហើយ​ដេញ​រៀងរាល់​១​ខែម្តង តាម​ការសន្យា​គ្នា ។

​ប្រភព​ដដែល​បន្តទៀត​ថា ទើបតែ​ចាប់ផ្តើម​លេង មេ​តុងទីន ស្ត្រី​ឈ្មោះ ម៉ែន រ៉ានី បក​រមូល​លុយ តុងទីន ទាំង​ក្រុម​របស់គាត់ ដែ​ម​មាន​សមាសភាព​អ្នកលេង​១០៦​នាក់ និង​ក្រុម​ផ្សេងទៀត បាន​លុយរាប់​មុ​ឺ​ន​ដុល្លា​បិទទ្វារ​ចាក់សោរ​ផ្ទះ ហើយ​រត់​គេចខ្លួនបាត់ អស់​រយៈពេល​១៥​ថ្ងៃ​មកហើយ បន្សល់ទុក​ឲ្យ​កូនៗ​រងគ្រោះ ឆោឡោ រត់​ទៅប្តឹង​អាជ្ញាធរ​សង្កាត់ ខណ្ឌ ឲ្យ​ជួយ​អន្តរាគមន៍ លុះ​មកដល់​ពេល​ថ្មីៗ​នេះ លេចឮ​ដំណឹង ស្ត្រី​ខាងលើ បាន​លក់​ផ្ទះ​ឲ្យ​គេ ដើម្បី​គេច​ឲ្យ​ឆ្ងាយ ទើប​ពលរដ្ឋ ទាំង​អ្នកភូមិ អ្នក​ក្រៅ​ភូមិ ហើយក៏​បាន​អ្នក​ឲ្យ​ស្ត្រី​ខាងលើ​ខ្ចីលុយ កាន់​រូបថត ប្តឹង​មេភូមិ សង្កាត់ ខណ្ឌ ទប់ស្កាត់ រឿង​មេ​តុងទីន​លក់​ផ្ទះ រង់ចាំ​ដោះស្រាយ បំណុល​ឆបោក​ជាមុនសិន ៕
​

ចាប់ខ្លួន​ចាងហ្វាង​កាសែត​ម្នាក់​ករណីបាញ់​គំរាម​រថយន្ត​ដឹកទំនិញ​នៅ​ស្រុក​ស្វាយ​លើ​

​សៀមរាប ៖ ចាងហ្វាង​កាសែត​«​ដំណឹង​កម្ពុជា​» លោក ឆោម ស៊ីថា បាន​ត្រូវ​នគរបាល​ស្រុក​ស្វាយ​លើ ចាប់ខ្លួន​ក្នុងករណី​ដក​កាំភ្លើង​ភ្ជង់ និង​បាញ់​គំរាម​ជនរងគ្រោះ​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​។​

​ការចាប់ខ្លួន​លោក​ចាងហ្វាង​ខាងលើ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បន្ទាប់​ជននេះ​បាញ់​គំរាម​ជនរងគ្រោះ ប៉ុន្មាន​នាទី​ក្រោយ​។

​យោងតាម​របាយការណ៍​នគរបាល​ស្រុក​ស្វាយ​លើ បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស​អាយុ​40​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត ព្រះវិហារ​។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោៈ​ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា មាន​ទីលំនៅ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុន​ចាប់ខ្លួន​ស្នាក់នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​អោយដឹងទៀតថា អង្គហេតុ​នៃ​រឿង​នៅវេលា​ម៉ោង​១១៖០០​នាទី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៨ ជនរងគ្រោះ​បាន​បើកឡាន​ដឹក​ឥ​វ៉ាន់​ពី​ខេត្តព្រះវិហារ​មក​ខេត្តសៀមរាប​។ លុះដល់​វេលា​ម៉ោង​ប​៣ រសៀល ថ្ងៃ​ដដែល ក្រោយ​ដាក់​ឥ​វ៉ាន់​រួច ក៏​ត្រឡប់មក​ខេត្តព្រះវិហារ​វិញ​។ លុះ​ពេល​បើក​ដល់​ខាងជើង​ផ្សារ​ស្វាយ​លើ​ថ្មី ស្រុក​ស្វាយ​លើ ស្រាប់តែ​ជន​ស​ង្ស​យ័​ខាងលើ បាន​បើកឡាន​ម៉ាក​កា​ម៉ា​រី សេរី​ឆ្នាំ​200០ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AM 1240 តាម​ពីក្រោយ​ជនរងគ្រោះ ពេល​បើក​ដល់​ចំនុច​ខាងកើត​ស្នាក់ការ​បរិស្ថាន​ក្បាល​ប្រើស ឡាន​ជន​ស​ង្ស​យ័ បាន​ឡើង​វ៉ា​ឡាន​ជនរងគ្រោះ​ឡើង​ទន្ទឹមគ្នា រួច​ក៏​ចុច​កញ្ចក់​ឡាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់ ជនរងគ្រោះ​រួច​ស្រែកជេរ​ថា «​អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម​»​។

​ប្រភព​បន្តថា ដោយ​ជនរងគ្រោះ​មិនមាន​រឿង​អី ហើយ​ភ័យ​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​ដូចគ្នា បន្ទាប់មក​ក៏បាន​យក​កាំភ្លើង​បាញ់​គំរាម​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់​។ ពេលនោះ​ជនរងគ្រោះ​បាន​បើកឡាន​បន្ត​មិន​ហ៊ាន​ឈប់ ហើយ​ជន​ស​ង្ស​យ័​ក៏​នៅតែ​បើក​តាម​បន្តទៀត​លុះ​បើក​ដល់​ចំនុច​ការដ្ឋាន​កិន​ថ្ម ក្បែរ​អង់​តែ​ន​ទូ​រស​ព្ឌ័ ភ្នំ​ក្បាល​ប្រើស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ជ​នស​ង្ស​យ័​បាន​វ៉ា​ទៅមុន ហើយ​ឈប់​ឡាន​ពាំង​ពីមុខ​ឡាន​ជនរងគ្រោះ បើកទ្វា​ឡាន​ចុះមក​ហើយ​មាន​កាន់​កាំភ្លើងខ្លី​ទើប​ជនរងគ្រោះ​ស្គាល់ឈ្មោះ ឆោម ស៊ីថា ជា​អ្ន​កាសែត​ធ្លាប់​ទារប្រាក់​អ្នកដឹកឈើ​តាមផ្លូវ​។ ឃើញ​ដូចនេះ ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​ទៅមុខទៀត ស្របពេលនោះ ជ​នស​ង្ស​យ័​បាន​ស្រែកថា «​អា​ហែង​ឈប់​ភ្លាម​»​តែ​ជនរងគ្រោះ​មិន​ឈប់ ទើប​ជន​ស​ង្ស​យ័​បាន​បាញ់​គំរាម​មួយ​គ្រាប់​ទៀត ធ្វើអោយ​ជនរងគ្រោះ​ភ័យ​ក៍​បើកឡាន​យ៉ាង​លឿន​ចេញពី​ទីនោះ​។

​ក្រោយពេល​ទទួលបាន​ព​ត័​មាន​នេះ សមត្ថកិច្ច​ន​បាន​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ និង​ចាប់យក​សំបក​គ្រាប់ ប្រភេទ​អាវុធខ្លី ចំនួន​មួយ​សំបក​គ្រាប់​មក​រក្សាទុក ។ បន្ទាប់មកទៀត​ដោយមាន​រាយ​ការ​ណ៏​ពី​ជនរងគ្រោះ​ទៅ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​និង បានដាក់​បណ្តឹង​នៅ​អធិការនគរបាល​ស្រុក​ស្វាយ​លើ ទើប​កំលាំង​នគរបាល សហ​ការណ៍​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​សឹក​រង​ស្រុក និង​បានការ​អនុញ្ញាត​ពី​លោក កើត វណ្ណ​រ៉េត ព្រៈ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ផង ទើប​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ខាងលើ​ដើម្បី​សាកសួរ​និង​បន្ត​នីតិវិធី​៕

​ធនាគារជាតិ​កម្ពុជា​ស្នើ​សមត្ថកិច្ច​ចាត់ការ​លើ​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ខុសច្បាប់​

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្ញើលិខិត​មួយ​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​ស្នើសុំ​អោយមាន​ការចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ជាង​២០​ក្រុមហ៊ុន ដោយហេតុ​ផល​ថា ក្រុមហ៊ុន​ទាំងនោះ​កំពុងផ្តល់​សេវា​ប្រាក់កម្ចី​ខុសច្បាប់
​បើតាម​លិខិត​របស់​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ពី​បញ្ជីរាយនាម​ក្រុមហ៊ុន​ផ្តល់​កម្ចី​ចំនួន​ជាង​២០​ក្រុមហ៊ុន ដោយ​បញ្ជាក់ថា​ក្រុម​ទាំងនោះ សុទ្ធសឹងតែ​មិនបាន​ទទួល​ការអនុញ្ញាត​ឲ្យ​ផ្តល់​សេវា​កម្ចី​ពី ធនាគារជាតិ​នៃ​កម្ពុជា​នោះទេ​។

​នៅក្នុង​លិខិត​នោះ​ក៏បាន​បញ្ជាក់ដែរថា កម្ចី​ពី​ក្រុមហ៊ុន​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់ ហើយ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ខុសច្បាប់ ធនាគារជាតិ​នៃ​កម្ពុជា​បានស្នើ​សុំ អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន​ផ្តល់​កម្ចី​ទាំងឡាយ ដែល​មិនបាន​ចុះបញ្ជី ឬ​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។

​គួរ​កត់សំគាល់ថា នាពេល​ថ្មី​នេះ មានការ​ផ្សព្វផ្សាយ​មួយចំនួន តាមរយៈ​ហ្វេ​ស​ប៊ុ​ក ការផ្ញើ​សារ​តាម​ទូរស័ព្ទ និង​ការចែក​នាមប័ណ្ណ ជាដើម ដែល​បញ្ជាក់​ពី​ការផ្តល់សេវា​កម្ចី​រហ័ស មាន​លក្ខខណ្ឌ​ងាយស្រួល មិន​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ និង អ្នកធានា​ទៀតផង​។ ប៉ុន្តែ​អ្នកផ្តល់​កម្ចី​ទាំងនោះ មិនបាន​បង្ហាញ​អត្រា​ការប្រាក់​ជាក់លាក់ ឬ​កម្រៃ​សេវា​បន្ថែម​ផ្សេងៗ​នោះឡើយ​។

​គួរ​បញ្ជាក់ដែរថា ក្រៅពី​បញ្ហា​នៃ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់​នេះ​កាលពីពេល​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស កុំអោយ​ប្រជាពលរដ្ឋ​មានការ​ចាញ់បោក​ក្នុង​ប្រតិបត្តិ​ការដាក់​ប្រាក់​បញ្ញើ ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​ផងដែរ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ទទួលស្គាល់​ថា មានតែ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​អោយទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន ក្នុងនោះ​មាន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC ! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd! និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ៕
​

ក្មេង​ទាំង​១២​នាក់ និង​គ្រូ​ជំនួយ​ម្នាក់ ត្រូវបាន​រំដោះ​ចេញពី​រូងភ្នំ​ថា​ម​លួង​អស់ហើយ​

​ថៃ ៖ ក្រុមបាល់ទាត់​យុវជន​នៃ​សាលា​មួយ​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ចំនួន​១២​នាក់ រួមជាមួយ​គ្រូ​ជំនួយ​ម្នាក់​របស់​ពួកគេ ត្រូវបាន​ក្រុម​ជួយ​រំ​ដោះយក​ចេញពី​ល្អាង​ភ្នំ​ថា​ម​លួង​ទាំង​អស់ហើយ នៅ​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា នេះ បន្ទាប់ពី​ពួកគេ​បាន​ជាប់គាំង​នៅក្នុង​នោះ ​អស់​រយៈពេល​២​សប្តាហ៍​កន្លងទៅ​។ នេះ​បើ​តាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​កងទ័ពជើងទឹក​ថៃ​។​

​គួររំលឹកថា ក្មេងៗ​ទាំង​១២​នាក់​នោះ បាន​បាត់​ខ្លួន​នៅក្នុង​ល្អាង​ភ្នំ​ថា​ម​លួង ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត​ឈៀង​រ៉ៃ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​។ ពួកគេមាន​អាយុ​ចន្លោះ​ពី​១១ ដល់​១៦​ឆ្នាំ រីឯ​គ្រូបង្វឹក​របស់​ពួកគេម្នាក់ មាន​វ័យ​២៥​ឆ្នាំ​។ ពួកគេត្រូវក្រុម​អ្នក​ជួយសង្គ្រោះ​ដែលមាន​ទាំងថៃ និង​បរទេស​ បាន​រកឃើញ​ពួកគេ​វិញ​នៅ​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ និង​ត្រូវបាន​ក្រុម​អ្នក​សង្គ្រោះប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​រំដោះ​ពួកគេ​ចេញពី​រូងភ្នំ​ដេលបត់បែន​ និង​មាន​ទឺ​ក​លិច​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ នាំ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព​អស់ហើយ នៅ​ល្ងាចថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នេះ​៕
​