All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី​ព្រមាន​ដក​រដ្ឋមន្ត្រី​៣​រូប រឿង​ឆ្លើយ​ដាក់គ្នា​ករណី​ពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ​

ភ្នំពេញ ៖ រដ្ឋមន្ត្រី​៣​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្តីបន្ទោស​ធ្ងន់ៗ​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ឆ្លើយ​ដាក់គ្នា​ជុំវិញ​ករណី ប្រជាពលរដ្ឋ​ពុល​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

​ទន្ទឹម​នោះ​សម្តេច​ក៏បាន​ព្រមាន​ដក​តួនាទី​រដ្ឋមន្ត្រី​ទាំង​៣​ក្រសួង​នេះ​ផងដែរ ខណៈដែល​សម្តេច បានចាត់ទុក​ការព្យាយាម​សាចទឹក​ដាក់ គ្នា​របស់​រដ្ឋមន្ត្រី​ទាំង​៣​រូប គឺជា​ការខ្វះ​ការខុសត្រូវ​របស់ខ្លួន​ក្នុង​ហេតុការណ៍​នេះ​។

​សូមជម្រាបថា រដ្ឋមន្ត្រី​៣​រូបនោះ បានចេញ​មុខមក​បក​ស្រាយ​ផ្ទុយគ្នា​អំពី​ករណី​ពលរដ្ឋ​ពុល​នៅ ខេត្តក្រចេះ ខណៈដែល​ការបកស្រាយ​របស់​រដ្ឋ​មន្ត្រី​ទាំង​៣​រូបនោះ បាន​បង្ហាញថា ពួកគាត់​គ្មាន សមត្ថភាព​ធ្វើជា​រដ្ឋមន្ត្រី ហើយ​គ្មាន​ការទទួលខុសត្រូវ​សូម្បីតែ​បន្តិច​ក្នុង​ការងារ​ជំនាញ​របស់ខ្លួន បើទោះបី​អ្នកខ្លះ​អះអាងថា ពួកគាត់​ចាស់ៗ អស់ហើយ ដូច្នេះ​រាល់​ការងារ​ដែល​ពួកគាត់​ធ្វើ​លែង អី​នឹងខ្វះ​ចន្លោះ ឬ​ខុសឆ្គង​នោះ ។

ប៉ុន្តែ​អ្នកខ្លះ​ថា ពួកគាត់​រវល់​តែ​គិត​អំពី​ការ​យកចិត្តយកថ្លើម សម្តេច ព្រោះ​ខ្លាច​ធ្លាក់បុណ្យ​ស​ក្កិ ដូច្នេះហើយ​ទើប​កិច្ចការ​ខាងក្រោម​មិនសូវ​ជា​គិតគូរ​ប៉ុន្មាន​នោះ ឡើយ​៕

អង់គ្លេស​ប្រកាស​កសាង​ប្រព័ន្ធ​ផ្កាយ រណប​ដោយ​ខ្លួនឯង មិន​ពឹង​លើ​សហភាព​អឺរ៉ុប

​អង់គ្លេស ៖ លោក ភី​លី​ព ហា​ម៉ុ​ន Philip Hammond រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប បាន​និយាយថា ប្រទេស​អង់គ្លេស នឹង​បង្កើត​ប្រព័ន្ធ​រុករក​ផ្កាយរណប​ដាច់ដោយឡែក​របស់ខ្លួន ប្រសិនជា​ប្រទេស​អង់គ្លេស បាត់បង់​សិទ្ធិ​ប្រើប្រាស់​គម្រោង ហ្គា​លី​ឡេ ។​

​ចក្រភព​អង់គ្លេស បាន​ប្រាប់​សហភាព​អឺរ៉ុប​ថា ខ្លួន​នឹង​ទាមទារ​ការបង់ប្រាក់​ចំនួន 1 ពាន់​លាន​ផោន ស្មើនឹង 1.34 ពាន់​លាន​ដុល្លារ ប្រសិនបើ​ប្លុក​នេះ រឹតបន្តឹង​ការចូល​ទៅកាន់​គំរោង​ហ្គា​លី​ឡេ ។​

​លោក​ហា​ម៉ុ​ន​បាន​បន្ថែមថា ប្រទេស​អង់គ្លេស​បានដឹង​អំពី “​ការកំណត់​ពេលវេលា​” ជាមួយនឹង​ពេលវេលា​តិចតួច ដែល​អាច​ចរចា ស្តីពី​ការចាកចេញ​របស់ខ្លួន ពី​សហភាព​អឺរ៉ុប ប៉ុន្តែ​បានចាត់ទុក​ការចរចា​ដែល​កំពុង​ប្រព្រឹត្តទៅ​ថា​ប្រកបដោយ​ការស្ថាបនា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​បាន​ថ្លែង​បែបនេះ មុនពេល​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ របស់​សហភាព​អឺរ៉ុប នៅក្នុង​ទីក្រុង​ព្រូ​ស៊ែ​ល ដែល​អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប លោក វ៉ាល់​ឌី​ល ដុំ​ប្រូ​ស្គី Valdis Dombrovskis បាន​និយាយថា ត្រូវបាន​រួមចំណែក​ដ​ល់​សហព័ន្ធ​ធនាគារ​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​បែលហ្ស៊ិក លោក​ចូ​ហាន វ៉ាន់ អូ​វឺ​វែ​ល Johan Van Overtveldt និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហូ​ឡង់​លោក វ៉ូប​គេ ហូ​ស្ត្រា Wopke Hoekstra បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សំណើ សម្របសម្រួល ដែល​ដាក់​នៅលើ​តុ​ច​ចារ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ប្រទេស​ប៊ុលហ្គារី​៕

ការស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH370 នឹងត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​

​ម៉ាឡេស៊ី ៖ អាជ្ញាធរ នឹង​បញ្ចប់​ការស្វែងរក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH370 នៅ​ថ្ងៃទី 29 ខែឧសភា បន្ទាប់ពី​បាន​ខិតខំ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ ដើម្បី​ស្វែងរក​យន្តហោះ Boeing 777 ដែល​បាត់ដាន នៅក្នុង​អ្វី​ដែលជា​អាថ៌កំបាំង​អាកាសចរណ៍​ធំ​បំផុត​របស់​ពិភពលោក​។​

​ជើងហោះហើរ MH370 បាន​បាត់ ក្នុង​ផ្លូវ​ធ្វើដំណើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី 8 ខែមីនា​ឆ្នាំ 2014 ជាមួយ​មនុស្ស 239 នាក់ ដែល​ភាគច្រើន ជា​ជន​ជាតិចិន នៅលើ​យន្តហោះ​។ ប្រទេស​អូស្ត្រាលី ចិន និង​ម៉ាឡេស៊ី បានបញ្ចប់​ការស្វែងរក​របស់ខ្លួន កាលពី​ខែមករា​ឆ្នាំមុន​។​

​កាលពី​ខែមករា ប្រទេស​ម៉ាឡេស៊ី​បាន​ព្រមព្រៀង បង់ប្រាក់​ទៅឱ្យ​ក្រុមហ៊ុន​រុករក អ​សិន អ៊ី​ន​ហ្វី​នី​ធី Ocean Infinity ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ផ្ទាល់ខ្លួន​នាវា​(​ស៊ី​ប៊ែ​ត ខុន​ស្ត្រា​ក់​ធឺរ​) Seabed Constructor ក្នុង​ត​ម្លែ​រហូតដល់ 70 លាន​ដុល្លារ​ប្រសិនបើ​រកឃើញ​យន្តហោះ ក្នុង​រយៈពេល 90 ថ្ងៃ​។ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​លោក អា​ធូ​នី លូ​កេ Anthony Loke បាន​និយាយថា នាវា​រុករក​របស់​ក្រុមហ៊ុន Ocean Infinity បានបញ្ចប់​ការរុករក នៅ​ខែមេសា ហើយ​បាន​ស្នើសុំ​ពន្យារពេល រហូតដល់​ថ្ងៃទី 29 ខែឧសភា​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ជឿជាក់ថា មាន​នរណាម្នាក់ អាច​បិទ​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​របស់​យន្តហោះ Boeing 777 ដោយ​ចេតនា មុនពេល​នៅលើ​មហាសមុទ្រ​ឥណ្ឌា​។ បំណែក​ជាច្រើន​នៃ​យន្តហោះ ត្រូវបាន​ប្រមូល​ពី​កោះ​មហាសមុទ្រ​ឥណ្ឌា និង​តាម​បណ្ដោយ​ឆ្នេរ​ខាងកើត​របស់​ទ្វីបអាហ្វ្រិក ដោយ​យ៉ាងហោចណាស់ មាន​បំណែក​ចំនួន​៣ ត្រូវបាន​អះអាងថា​ជា​របស់​យន្តហោះ​ដែល​បាត់ដាន​៕

៧​ឆ្នាំនេះ វៀតណាម​ចំណាយ​ប្រាក់​១១,៧​ពាន់​លាន​ដុល្លារ នាំចូល​រថយន្ត

​វៀតណាម ៖ អគ្គនាយកដ្ឋាន​គយ​វៀតណាម បានឱ្យដឹងថា ប្រទេស​វៀតណាម បាន​នាំចូល​រថយន្ត​ចំនួន 528200 គ្រឿង ដែល សរុប​ជា​ទឹកប្រាក់​ជិត 11.7 ពាន់​លាន​ដុល្លារ នៅក្នុង​កំឡុង​ឆ្នាំ 2011-2017 ដែល ក្នុងនោះ​មាន​រថយន្ត​ទេសចរ​ណ៏​ធន​តូច ចំនួន 236520 គ្រឿង មានតម្លៃ​ប្រមាណ 3.1 ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​រយៈពេល 7 ឆ្នាំ​កន្លងមកនេះ ប្រទេស​វៀតណាម បាន​នាំចូល​រថយន្ត ពី​ប្រទេស​ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី និង​កូរ៉េខាងត្បូង​។ ក្រុម​អ្នកជំនាញ​ក្នុង​តំបន់ បាន​និយាយថា ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី កំពុង​នាំចេញ​រថយន្ត​កាន់តែច្រើន ទៅ​ប្រទេស​វៀតណាម ដោយសារតែ​ការលុបបំបាត់​ពន្ធ​លើ​គ្រឿង​បរិក្ខារ​ដែល​បាន​ផលិត​ទាំងស្រុង ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក្នុង​ខែមករា ហើយ​អ្នកជំនាញ​ក្នុងស្រុក​បាន​និយាយថា ប្រទេស​វៀតណាម ក៏បាន​ទម្លាក់​អត្រាពន្ធ​លើ​យានយន្ត​កម្លាំង​តូច​ផងដែរ​។

​យោងតាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​ឱ្យដឹងថា អត្រា ក្នុងស្រុក​នៃ​រថយន្ត ដែល​ផលិត​នៅ​ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី មាន​ជាង 80 ភាគរយ ។​

​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំនេះ ប្រទេស​វៀតណាម បាន​នាំចូល​រថយន្ត​ដែល​បាន​ផលិត រួច ដូចជា​រថយន្ត​ទេសចរ​ណ៏ រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង ហើយ​សមាសធាតុ​សម្រាប់​ដំឡើង​មាន​ចំនួន​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​ធ្លាក់ចុះ 32.2% ក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​៕

រថយន្ត​ជាប់​ហ្គែ​រ ក្រឡាប់​ធ្លាយ​ទ្រុង​ចាក់​ស្រា​បៀ​ចោល​លើ​សួន​

​ភ្នំពេញ ៖ រថយន្ត​ក៉ូ​រ៉េ​ឃ្លប់​ដឹក​ស្រា​បៀ​មួយគ្រឿង ក្រឡាប់​ធ្លាយ​ទ្រុង​ចាក់​ស្រា​បៀ​ចោល​ពេញ​ផ្លូវ បោក​លើ​សួន​ទ្រូងផ្លូវ មនុស្ស​៣​នាក់​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​ហាណូយ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-5963 ដឹក​ស្រា​បៀ​ពេញ​រថយន្ត ជិះ​គ្នា​៣​នាក់​លើ​រថយន្ត ។

​មុនពេល​កើតហេតុ រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ ជាប់​ហ្គា សម្លេង​រោទ៍ ទើប​ហ្វ្រាំង ដើម្បី​ទប់ បែ​ជា​ក្រឡាប់​ខ្លួនឯង​បោក​ទៅលើ​សួន ទ្រូងផ្លូវ បណ្តាល​ឲ្យ​ធ្លាយ​ទ្រុង ខ្ទាត​ស្រា​បៀ រាយប៉ាយ​ពេញ​ផ្លូវ អ្នកជិះ​៣​នាក់​រងរបួស​ស្រាល​តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ប៉ុន្តែ​សួរ​ច្បារ​រង​ការខូចខាត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅពិនិត្យ សម្រួល​ចរាចរណ៍ ជៀសវាង​កកស្ទះ ឲ្យ​ម្ចាស់​រក​រថយន្តស្ទូច​មក​លើក​ដោយ​ខ្លួនឯង​ហើយ​យក​រថយន្ត​ខាងលើ​មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​

សម្លាប់​មនុស្ស​រួច​រត់​គេច​បាន​៣​ថ្ងៃ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

ប៉ោយប៉ែត ៖ បុរស​ម្នាក់​រត់គេចខ្លួន​៣​ថ្ងៃ បន្ទាប់ពី​វាយ​បុរស​ម្នាក់​ទម្លាក់​ទឹកស្រះ​ត្រូវ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា​ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

ជនសង្ស័យ​មានឈ្មោះ អ៊ីវ ប៊ុន​ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅក្នុង​ភួ​មិ​កើតហេតុ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ មាន​ប្រសា​ស​ន៏​ថា​ក្រោយពេល​ស្រាវជ្រាវ​សាច់ញាតិ​និង​គ្រួសារ​រងគ្រោះ​បានអោយដឹង​គឺ​ជនរងគ្រោះ​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​រោងការ​អ្នកជិតខាង​ក្នុងភូមិ​នៅ​ម៉ោង​៦​ល្ងាច​កាលពី​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​២០១៨ រហូតដល់​ម៉ោង​១១​យប់ មិនឃើញ​មក​ផ្ទះ​តាម​ទៅរក​នៅ​កន្លែង​រោងការ​តែ​អ្នក​នៅ​ទីនោះ ប្រាប់ថា​ចេញទៅ​ផ្ទះ​ហើយ ទើប​ត្រឡប់មកផ្ទះ​វិញ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៥ ខែ​ឆ្នាំ​ដដែល ទើប​ទទួល​ព័ត៌មាន​ប្រទះឃើញ​សាកសព​ប្តី​នៅក្នុង​ស្រះ​ទឹក​ត្រូវគេ​សំលាប់​ទំលាក់​ទឹកស្រះ​។​

​លោក​បញ្ជាក់ថា លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​លោក​កំណត់​មុខសញ្ញា​រហូត​ឈានទៅដល់​ឃាត់ខ្លួន​ឃាតករ​ដៃដល់​ម្នាក់​ខាងលើ​ឈ្មោះ អ៊ីវ ប៊ុន​ម៉ៅ តែម្ដង​។​

ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​បាន​សារភាពថា គឺ​ខ្លួន​ពិតជា​បានសំលាប់​ជនរងគ្រោះ​ពិតមែន ដោយ​ជនរងគ្រោះ​ផឹកស៊ី​ស្រវឹង​នៅ​រោងការ​ទំនាស់​ពាក្យសំដី​ហើយ​បាន​វាយ និង​ឡើង​ជង្គង់​ទៅ​ខ្លួន​ទើប​ខឹង​ហើយ​លួងលោម​បបួល​និង​ជូនទៅ​ផ្ទះ​ចេញ​រោងការ​បាន​ប្រមាណ​ជិត​២០០​ម៉ែត្រ​យប់​ស្ងាត់​បាន​កាច់​មេឃ​ដើម​ចាន់​គី​រី​ក្បែរផ្លូវ​ប៉ុនកដៃ​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ដួលសន្លប់​ហើយ​អូស​តំ​លាក់​ទឹកស្រះ​ទើប​បណ្តាល​ស្លាប់​ហើយ​ត្រឡប់​ទៅ​រោងការ​វិញ​។​

​លោក បាន​បញ្ជាក់ថា​៖​ដោយយោង​តាម​ចម្លើយសារភាព​និង​វត្ថុតាង​ធ្វើឃាត​កម្ម​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី បាន​ជិះ​ម៉ូតូ​ទៅ​ចូលរួម​ពិធីមង្គលការ​បងប្អូន នៅ​ក្នុងភូមិ​ជាមួយគ្នា​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​១​ពាន់​ម៉ែត្រ​ហើយ​ត្រូវ​ឃា​ត្ត​ក​ខាងលើ​បាន​វាយ​សម្លាប់​អូស​ដាក់​ទឹកស្រះ អំឡុង​ម៉ោង​១១​យប់​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៨ ឋិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​៕

ស្លាប់​៦​នាក់ របួស​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ក្នុង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៨​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់ ៥​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១​នាក់​។ នេះ​យោងតាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​២​នាក់​) ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ​បញ្ជាក់ថា គ្រោះថ្នាក់​នៅលើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៣​លើក រថយន្ត​ធំ ២​លើក ។ ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ២​លើក ស្លាប់​២​នាក់​, ប៉ៃលិន ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​), ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់ និង​ខេត្តកំពង់ចាម ១​លើក ស្លាប់​១​នាក់​(​ស្រី​) ។

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៥​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១២​នាក់ របួស​សរុប ២៧១​នាក់ របួសធ្ងន់ ១៩០​នាក់ របួសស្រាល ៨១​នាក់ ៕​

ក្រសួង​បី បកស្រាយ​ថា ករណី​ស្លាប់​ពលរដ្ឋ​នៅ​ខេត្តក្រចេះ មកពី​ស្រា ស និង​ជាតិគីមី​កសិកម្ម​

​ភ្នំពេញ ៖ ករណី​ស្លាប់​ពលរដ្ឋ និង​ច្រើន​រយ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កន្លងទៅ ត្រូវបាន​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ចំនួន​៣ ចេញ​សេចក្តីប្រកាស​រួមគ្នា​បកស្រាយ​ថា បណ្តាលមកពី​ស្រាស មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ និង​សារ​ធាតុគីមី​សម្លាប់​សត្វល្អិត ដែល​គេ​ប្រើ​ក្នុង​វិស័យ​កសិកម្ម​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​៧ ខែឧសភា​អ្នកភូមិ​២៣៤​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុងនោះ ១៣​នាក់​បាន​ស្លាប់​។ ក្រោយមក​រដ្ឋបាលខេត្ត​ក្រចេះ​បាន​សន្និដ្ឋានថា មកពី​ស្រា ស មាន​ជាតិ មេ​តា​ណុល​ខ្ពស់ និង​ទឹក​ព្រែក​ទេរ ដែល​ពលរដ្ឋ​ប្រើ​ប្រា​ស់មានជាតិ ក្រូម​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃទី​១៧ ខែឧសភា ប្រាប់ អ្នកសារព័ត៌មាន​ថា ទឹក​ព្រែក​ទេរ មាន​សារ​ធាតុគីមី ម្យ៉ាង​ឈ្មោះ ស្យា​នី​ដ ដែល​សារធាតុពុល​នេះ គេ​ប្រើ​សម្រាប់​លាង រ៉ែ​លោហៈ​។​

​នៅ​ថ្ងៃទី​២៥ ខែឧសភា នេះ លោក ចម ប្រសិទ្ធ បាន​ចុះហត្ថលេខា​ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា ជាមួយ​រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណី ពុល​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​នេះ មកពី​ស្រាស និង​សា​ធាតុ​គីំ​មី​ពុល​សម្លាប់​ស្មៅ និង​សត្វល្អិត និង​ត្រូវ​បន្ត​សហការគ្នា ដើម្បី​បង្ការ ទប់ស្កាត់ ជៀសវាង​មានការ​កើតឡើង​ថ្មី​ទៀត​។

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​៣​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្តីបន្ទោស​ធ្ងន់ៗ​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ឆ្លើយ​ដាក់គ្នា​ជុំវិញ​ករណី ប្រជាពលរដ្ឋ​ពុល​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ៕​

គម្រោង​ទីក្រុងរណប​កោះ​ពេជ្រ សាងសង់បាន​ប្រមាណ ៤០%

​ភ្នំពេញ ៖ បើ​មើល​តាម​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ទីក្រុង​កោះ​ពេជ្រ មាន​សំណង់​អាគារ ពាណិជ្ជកម្ម លំនៅដ្ឋាន ខុន​ដូ​ជាច្រើន កំពុង​បង្ហាញ​វត្តមាន​រួចទៅហើយ​ក្នុង​តំបន់​កោះ​ពេជ្រ​នោះ ប៉ុន្តែ បើតាម​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ទីក្រុង​កោះ​ពេជ្រ​នេះ​បង្ហាញថា មកដល់ពេលនេះ​ទើប​សម្រេច បានការ​អភិវឌ្ឍ​ត្រឹម​៣០ ទៅ​៤០​ភាគរយ ប៉ុណ្ណោះ

​ក្រុមហ៊ុន OCIC ដែលជា​អ្នក​អភិវឌ្ឍ​គម្រោង​ទីក្រុង​រណប​កោះ​ពេជ្រ បានបង្ហាញ ថា ទោះបីជា​នៅក្នុង​តំបន់​កោះ​ពេជ្រ មាន​សកម្មភាព​អភិវឌ្ឍន៍ និង​សំណង់​នានា​កើនឡើង​ច្រើន យ៉ាង ណា​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​ផ្ទៃដី​កោះ​ពេជ្រ​ទាំងមូល ទើប​ប្រើប្រាស់​បាន​ចន្លោះ​ពី​៣០ ទៅ​៤០​ភាគ រយ ប៉ុណ្ណោះ​។ ទន្ទឹម​នោះ គំរោង​ទីក្រុង​រណប​នេះ មិនអាច​បញ្ចប់​ការសាងសង់ ក្នុង​រយៈពេល​ខ្លី​បាន នោះទេ ព្រោះ​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​បញ្ចប់​តាម​ផែនការ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ គេហទំព័រ Propertyarea.asia ។

ក្រុមហ៊ុន OCIC ក៏បាន​បញ្ជាក់ដែរថា​ប​ច្ចុ​ប្បន្ន​ក្រុមហ៊ុន​កំពុង សិក្សា ពី​ស្ថានភាព​ទីផ្សារ និង​លំហូរ​ប្រជាជន​ថា តើ​ពួកគាត់​នឹង​ទៅកាន់​ទីក្រុង​ជ្រោយចង្វារ​ឬទេ​? ព្រោះ​ក្រុមហ៊ុន​មានបំណង​រើ សាល​រោងការ សាល​ពិ​ព៌​ណ និង​កន្លែង​លេង​កំសាន្ត​ពី​ទីក្រុង​កោះ ពេជ្រ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ​វិញ នាពេល​អនាគត​។ បច្ចុប្បន្ន​ទីក្រុង​កោះ​ពេជ្រ មាន គំរោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន ដូចជា​គំរោង​ខុន​ដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One ជាដើម​។ ទីក្រុង​កោះ​ពេជ្រ​នេះ​ក៏​គ្រោង​សាងសង់​អាគារ​កំពស់​៥៥៥ ម៉ែត្រ ផងដែរ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ជាក់ថា គំរោង​នេះ​មិនដឹងថា​ពេលណា​នឹង​ចាប់ផ្តើម ឬក៏​ត្រូវ​លុប ចោល នៅឡើយ​នោះទេ​៕​

សម្តេចនាយក​រដ្ឋមន្ត្រី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ពហុ​ពាណិជ្ជកម្ម​«​វឌ្ឍនៈ​កា​ពី​តា​ល​»​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់ទុកថា អគារ​កម្ពស់​៣៩​ជាន់​របស់ វឌ្ឍនៈ កា​ពី​តា​ល ដែលជា​បណ្តុំ​ពហុ​ពាណិជ្ជកម្ម​ទំនើបៗ​លំដាប់​ពិភពលោក បានប្រែក្លាយ​មុខមាត់​សោ​ភ័​ណ្ឌ​ភាព​របស់​រាជធានី​ភ្នំពេញ ខណៈ​កម្ពុជា​កំពុង​ត្រូវការ​ចាំបាច់​ក្នុងការ​ចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​បន្ត​ការអភិវឌ្ឍ​ទាំង​ក្នុង​សេដ្ឋកិច្ច​ផែនការ និង​សេដ្ឋកិច្ច​ទីផ្សារ​។​

អគារ «​វឌ្ឍនៈ​កា​ពី​តា​ល​» ឬ​ហៅថា អគារ «​ចក្កវាឡ​ប្លែក​គេ​» ដែលជា​អគារ ពាណិជ្ជកម្ម​ពហុមុខ​ងារ មាន​កម្ពស់ ៣៩​ជាន់ ស្ថិតនៅក្នុង​ខណ្ឌដូនពេញ​រាជធានី ភ្នំពេញ ត្រូវបាន បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

​អគារ​វឌ្ឍនៈ កា​ពី​តា​ល ដែលមាន​កម្ពស់​៣៩​ជាន់ ស្មើនឹង​កម្ពស់​១៨៦​ម៉ែត្រ​នេះ ត្រូវ បាន ចំណាយ​ថវិកា​សម្រាប់​ការសាងសង់​និង​ដំណើរការ អស់​ប្រមាណ​២៥០​លាន​ដុល្លារ​អាមេរិក ដោយ​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នេះ ប្រមូលផ្តុំ​ទៅដោយ​សេវាកម្ម​ចម្រុះ​ជាច្រើន ចែកចេញជា​បី​ផ្នែក គឺ​ចាប់ពី​ជាន់​ក្រោម​ដី និង​ផ្នែក​ខ្លះ​នៃ​ជាន់​ទី​១ គឺជា ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​! ហើយ​ផ្នែក​ខ្លះ​នៃ​ជាន់​ទី​១ ដល់​ជាន់​ទី​២ គឺជា​ការិយាល័យ​កណ្តាល​របស់​ធនាគារ​វឌ្ឍនៈ​! ចាប់ពី​ជាន់​ទី​៣ ដល់​ជាន់​ទី​២៣ ជា ទីតាំង​អគារ​ការិយាល័យ​សម្រាប់​ជួល​! និង​ចាប់ពី​ជាន់​ទី​២៥ ដល់​ជាន់​ទី​៣៩ គឺជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Rosewood ដែល​បាន​ជួល​ដោយ​ក្រុមហ៊ុន Rosewood មកពី​សហរដ្ឋអាមេរិក​។ ចំពោះ​វត្ត​មាននៃ​អគារ​ពាណិជ្ជកម្ម​ពហុមុខ​ងារ វឌ្ឍនៈ កា​ពី​តា​ល នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា គឺជា​មោទនភាព​មួយ សម្រាប់​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ អគារ​នេះ បាន​ទាក់ទាញ ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន ចូលមក​បើក​ដំណើរការ និង បាន​នាំមក​នូវ ផលិតផល​ម៉ាក​ល្បីៗ​ពី​បរទេស​មក​លក់​ក្នុង​អគារ​ពាណិជ្ជ​កម្មនេះ​។ សម្តេច​តេ​ជោ រំពឹងថា នាពេលខាងមុខ​ទីក្រុង​ភ្នំពេញ​ក៏​នឹង​អាច​ក្លាយជា​ទីផ្សារ​ដ៏​ពេញនិយម សម្រាប់ ទិញ​ទំនិញ​ដ៏​សំបូរបែប​មួយ ខណៈដែល​នាពេល​បច្ចុប្បន្ន មាន​មនុស្ស​ជាច្រើន​បានធ្វើ ដំណើរ​ទៅ​ទិញ​ទំនិញ​ល្អៗ​នៅ​ទីក្រុង​ហុងកុង និង ប្រទេស​សិង្ហ​បុរី ជាដើម​។

​សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​អោយ មានការ​ផលិត​ទំនិញ​ក្នុងស្រុក ដែល​ផ្តោត​ទាំង​លើ​គុណភាព​ប្រណិត និង ទំនិញ​ដែល​ផ្តោតលើ​បរិមាណ សម្រាប់ បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ។ សម្តេច​ក៏បាន គូស​បញ្ជាក់ដែរថា ទោះបីជា​ពេលនេះ​កម្ពុជា​មានការ​រីកចម្រើន​ប៉ុណ្ណេះ​ក៏ដោយ តែ​កម្ពុជា​នៅតែ​ត្រូវការ​ការ ចូលរួម របស់​វិស័យ​ឯកជន ដើម្បី​ពង្រីក​ការវិនិយោគ​បន្ថែម ទៀត ជាពិសេស​ក្នុង រាជធានី ភ្នំពេញ ស្របទៅនឹង​ការពង្រីក​ខ្លួន​របស់​រាជធានី​ភ្នំពេញ ដែល​ពីមុន​មាន​ទំហំ ប្រមាណ ៣០០​គីឡូម៉ែត្រ​ការ៉េ កើន​ដល់​ជាង​៦០០​គីឡូម៉ែត្រ​ការ៉េ នាពេលនេះ​។

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី លោកជំទាវ ឧកញ៉ា ឈុន​លាង សហ​ស្ថាបនិក ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគឯកជន​ដ៏​ធំ​មួយ បង្ហាញថា ក្រុមហ៊ុន នេះ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាង​២​ម៉ឺន​៦​ពាន់​នាក់​នាពេល​បច្ចុប្បន្ន ហើយ​រំពឹងថា​នឹង​បង្កើន​កន្លែង​ការងារ​រហូតដល់ ៥​ពាន់​នាក់​នាពេល​អនាគត​។

​ដោយឡែក គួរ​បញ្ជាក់ដែរថា អគារ​វឌ្ឍនៈ​កា​ពី​តា​ល ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទំនើប​ដែលមាន​កម្ពស់​៣៩​ជាន់ មាន​ទំហំ​ផ្ទៃ​អគារ​សរុប​១៣​ម៉ឺន​១​ពាន់​មែត្រ​ការ៉េ ដោយ ត្រូវបាន​សាងសង់​ឡើងលើ​ទំហំ​ផ្ទៃដី ប្រមាណ​៨​ពាន់​មែត្រ​ការ៉េ​។ លក្ខណៈ ពិសេស​របស់​អគារ​នេះ មាន​ជណ្តើរយន្ត​ចំនួន​ដល់​ទៅ​៣១​កន្លែង ដោយ​អ្នកធ្វើដំណើរ​ឡើង​ចុះ​ក្នុង​អគារ​នេះ ចំណាយពេល​រង់ចាំ​មិន​ដល់ ៣០​វិនាទី​ផង ខណៈដែល អគារ​ធំ ៗ ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន មាន​ជណ្តើរយន្ត​ត្រឹម​ពី ៦​ទៅ​៨​ខ្សែ​តែ ប៉ុណ្ណោះ​។ អគារ​វឌ្ឍនៈ​នេះ ក៏បាន​ទទួល​វិញ្ញាបនបត្រ​ពី​សហរដ្ឋអាមេរិក ថា​ជា​ប្រភេទ សំណង់​ដែល​សាងសង់ឡើង​គិតពី​ដល់​បរិស្ថាន និង​បំពាក់​ដោយ​ប្រព័ន្ធ​ស​វុ​ត្ថិ​ភាព មាន​ផាសុកភាព និង​បរិស្ថាន​ល្អ​ផងដែរ​។
​ម្យ៉ាងវិញទៀត អគារ​នេះ គឺ​ត្រូវបាន​រចនា ឡើង​ដោយ​យក​និមិត្តរូប នាគរាជ ដែល​បង្ហាញ​ពី​ភាពខ្លាំង​ក្លា ភាព​រីកចម្រើន​ជឿន លឿន និង សុខសន្តិភាព​បរិបូរ​ណ៌ ក្នុងសម័យ​តេ​ជោ​៕​

ពលរដ្ឋ​ចាស់​ក្មេង​ជិត​១០០​នាក់​ដែល​សង្ស័យ​ពុល​នំ​បុ័ង​បាន​ធូរស្រាល​ជិត​អស់ហើយ​

​ខេត្តក្រចេះ ៖ អ្នកភូមិ​ក្មេង​ចាស់​ប្រុស​ស្រី ប្រមាណ​ជិត​១០0​នាក់ រស់នៅ​ភូមិ​ត្រពាំង​ទ្រាំង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែលមាន​អាការ​ពុល ដោយ​សង្ស័យ​ពុល​នំ​បុ័ង ពេលនេះ​បាន ត្រឡប់​ទៅ​លំនៅឋាន​វិញ ជិត​អស់ហើយ បន្ទាប់ពី​មានការ​សង្គ្រោះ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​។ នេះ បើ តាម​ការបញ្ជាក់ ណ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។

​បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែឧសភា លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត ក្រចេះ បាន​និយាយថា ករណី​ពុល​សារជាថ្មី​ទៅលើ​អ្នកភូមិ​ចំនួន​៧៥​នាក់ ក្នុងនោះ​ស្រី​៣៩​នាក់ រស់ នៅក្នុង​ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី​នេះ គឺ​ក្រុមគ្រូពេទ្យ​មិនទាន់​អាច​សន្និដ្ឋានថា ករណី​ពុល​នេះ​ផ្តើម ចេញពី​នំ​បុ័ង​ឬ​យ៉ាងណា​នោះទេ ចាំមើល​រងចាំ​ការពិសោធន៍​សិន​។

​តែ​លោ​កថា ករណី​ពុល​នេះ​បន្ទាប់ពី​អ្នកភូមិ​ជាច្រើន​នាក់​បាន​ទៅ​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់ ជាមួយ​តំណាង​ក្រុមហ៊ុន​ផលិត​ដំឡូង​មី​មួយ​នៅក្នុង​ខេត្តក្រចេះ កាលពី​រសៀល ថ្ងៃទី​២៥ ខែឧសភា និង​បាន​បរិភោគ​នំ​បុ័ង ដែល​ក្រុមហ៊ុន​រៀបចំ​សំរាប់​ចែកជូន​អ្នកភូមិ​។

​ទោះយ៉ាងណា​ករណី​ពុល​សារជាថ្មី​ទៅលើ​ពលរដ្ឋ ប្រុស​ស្រី ក្មេង​ចាស់​ទាំង​៧៥​នាក់​នេះ គឺ អ្នកភូមិ​ទាំងនោះ​ពុំមាន​អាកា​រៈ​ធ្ងន់ធ្ងរ​នោះទេ ដោយ​អាកា​រៈ​អ្នកជំងឺ ក្អួតចង្អោរ ចុកពោះ និង​អស់ កម្លាំង ។​

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ឈ្មោះ តន សារឹម អាយុ​៥៩​ឆ្នាំ បាន​រៀបរាប់ថា រូបគាត់​និង​កូនស្រី​គាត់​ម្នាក់ទៀត គឺមាន​អកា​រៈ​ក្អួតចង្អោរ វិលមុខ ចុកពោះ ដូចគ្នា បន្ទាប់ពី​បរិភោគ​នំ​បុ័ង​រួច​។ ស្ត្រី​រូបនេះ​ថា នំ​បុ័ង​ដែល​គាត់​បរិភោគ គឺ​បាន មកពី​ក្រុម​ហ៊ុម​មួយ ដែល​ចែកជូន​អ្នកភូមិ​គ្រប់គ្នា ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់ ស្តី ពី​ដំឡូង​មី​។ ក្រោយពី​បរិភោគ​នំ​បុ័​យ​នោះ​រួច មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់​រូបគាត់​និង​កូន គាត់​មាន​អ​ការៈមិន​ស្រួលខ្លួន ហើយ​ក្អួត​ស្ទើរ​ដាច់ខ្យល់​។

​ស្ត្រី​រូបនោះ​បញ្ជាក់ថា មិនថាតែ​រូបគាត់​និង​កូន​គាត់​នោះទេ​ដែលមាន​អ​ការៈមិន​ស្រួល គឺ​នៅ មាន អ្នកភូមិ​ជាច្រើន​នាក់​ទៀត ដែលមា
ន​អកា​រៈ​ដូច​រូបគាត់ ឱ្យតែ​អ្នកភូមិ​ទាំងនោះ​បរិភោគ​នំ​បុ័ង ដែល​តំណាង​ក្រុមហ៊ុន​នោះ​ចែក​ឱ្យ​។​

​សូមបញ្ជាក់ថា ករណី​ពុល​លើ​អ្នកភូមិ​នៅក្នុង​ខេត្តក្រចេះ គឺ​បានកើត​ឡើងជា​បន្តបន្ទាប់ កាលពី ដើមខែ​ឧសភា កន្លងទៅនេះ ពលរដ្ឋ​ក្នុងភូមិ​ស្រែ​នន ឃុំ​ក​ន្តួ​ត ស្រុក​ចិត្ត​បុរី បាន​រង​អា​ការៈពុល ដោយ រោគសញ្ញា​អ្នកភូមិ ឈឺពោះ ក្អួតចង្អោរ ឈឺ ក ថប់ដង្ហើម ទន់​ដៃជើង រហូត​បណ្តាលឱ្យ​អ្នក ភូមិ​១៣​នាក់​ស្លាប់ និង​ជាង​២០០​រយ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​។ និង​មួយ​ករណី​ទៀត គឺ​ពលរដ្ឋ​ប្រុស ស្រី​រស់នៅ ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ប្រមាណ​ជាង​៤០​នាក់ បាន​រង​អ​ការៈពុល បន្ទាប់ពី​អ្នកភូមិ​ទាំង នោះ បាន​បរិភោគ នំអន្សម​អាំង ដែល​ដាក់លក់​ក្នុងភូមិ និង​ត្រូវបាន​សង្គ្រោះ​ពិ​ក្រុមគ្រូពេទ្យ​។​

​ដោយ​ករណី​ពុល​សារជាថ្មី​នេះ គឺ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥​ឧសភា ទៅលើ​អ្នកភូមិ​ត្រពាំង ទ្រាំង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី បណ្តាលឱ្យ​អ្នកភូមិ​៧៥​នាក់ រង​អា​ការៈពុល បន្ទាប់ពី​អ្នកភូមិ បាន បរិ ភោគ នំ​បុ័ង​រួច ចំណែក​អាជ្ញាធរ​មិនទាន់​សន្និដ្ឋាន​ជាក់លាក់​ពី​បញ្ហា​នេះ​ទេ គឺ​កំពុង​ស្រាវជ្រាវ​រក​មូល ហេតុ ៕​

សាឡាង​ដរ​ស្រុក​ព្រែក​ប្រសព្វ ក្រឡាប់​លិច​គ្រប​រថយន្ត​យី​ឌុប​ដឹកឈើ​ធុន​ធ្ងន់​២​គ្រឿង

ខេត្តក្រចេះ ៖ សាឡាង​ដរ​ចម្លង​១​គ្រឿង ត្រូវបាន​ក្រឡាប់​លិច​ចូ​ញល​ទឹក នៅ​មាត់​ច្រាំងទន្លេ ខណៈដែល​រថយន្ត​ដឹកឈើ​ធុន​ធំ យី​ឌុប​២​គ្រឿង របង​ស់​ក្រុមហ៊ុន (​ស៊ី​ង​បាយ​អូរ​ធិ​ច​) បាន​បើក ឡើងលើ​សាឡាង​បំរុង​ឆ្លងទន្លេ តែ​ទំនង​ខុស​បច្ចេកទេស ក៍​ត្រូវ​ដាំទីង​ទាំង​រថយន្ត​ដឹកឈើ និង សាឡាង​ក្រឡាប់​ចូល​ទឹកទន្លេ មេគង្គ តែម្តង​។​

​ហេតុការណ៍​លិច​សាឡាង​ដឹក​ឡាន​ឈើ​ធំៗ​២​គ្រឿង ក្នុងចំណោម​រថយន្ត​ដឹកឈើ​ចំនួន​១១ គ្រឿង​នេះ បាន​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៥ ខែឧសភា ស្ថិតនៅ​ត្រើយ​ខាង លិច ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​នាយ​ផ្នេ​ក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ លោក ប៊ួ​យ រតនា បានឱ្យដឹងថា​ករណី​ក្រឡាប់ សាឡាង​ដរ​ចម្លង (​ឫស្សី​ចារ -​ជ្រោ​បន្ទាយ​) នេះ បានកើត​ឡើង​ដោយសារតែ​រថយន្ត​យី​ឌុប​ដឹកឈើ ចំនួន​២​គ្រឿង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ឆ្លង​ឆ្ពោះទៅ​ត្រើយ​ខាងកើត​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី​។ ពេលនោះ​រថយន្ត​ទី​១ បាន​បើក​ចូល​សា​ឡង់ រួច​ជា​ស្ថាពរ រឺ​ឯ​រថយន្ត​ទី​២ ក៏បាន​បើក​ចូល​បន្តទៀត នៅពេល​បើកចូលទៅ​លើ​សា​ឡង់​ក៏​ចាប់ផ្តើម​ផ្អៀង​ម្តង​បន្តិចៗ​ធ្វើឱ្យ​មនុស្ស​ដែល​នៅលើ​សា​ឡង់​នោះរ​ត់លោត​គេចខ្លួន​ចេញ​អស់​ភ្លាមៗ​នោះ​សា​ឡង់​ក៏​ក្រឡាប់​តែម្តង​។​

​ជាមួយនិង​ហេតុការណ៍​ក្រឡាប់​សា​ឡង់​ដរ​ចម្លង​នេះ បណ្តាលឱ្យ​រថយន្ត​ដឹកឈើ​២​គ្រឿង ត្រូវ​សាឡាង​ក្រឡាប់​គ្របពីលើ​លិច​ចុះ​ក្នុង​ទន្លេ​ជាប់មាត់​ច្រាំង តែ​មិនមាន​មនុស្ស​ណា​ម្នា​ក់រង គ្រោះ ថ្នាក់​នោះទេ​។​
​លោក ប៊ួ​យ រតនា បាន​បញ្ជាក់ថា នៅ​យប់នោះ គឺមាន​រថយន្ត​ដឹកឈើ ចំនួន​១១​គ្រឿង ដឹក ចេញពី​ក្រុមហ៊ុន​(​ស៊ី​ង​បាយ​អូរ​ធិ​ច​) របស់​ប្រទេស​កូរ៉េ ជា​ក្រុមហ៊ុន​វិនិយោគ​មួយ មាន​ទីតាំង​ស្ថិត នៅក្នុង ភូមិសាស្ត្រ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ។ ហើយ​រថយន្ត​ដឹកឈើ​ទាង​នេះ គឺមាន​ច្បាប់ទម្លាប់ ដឹក ជញ្ជូន​ត្រឹមត្រូវ ។​

​ទោះបីជា​មានការ​អះអាង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​យី​ឌុប​ទាំង​១១​គ្រឿង​នោះ មានច្បាប់ ទម្លាប់​យ៉ាងណាក៏ដោយ តែ​កន្លងទៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ធ្លាប់បាន​អះអាងថា សព្វថ្ងៃ នេះ​ក្រុមហ៊ុន​(​ស៊ី​ង​បាយ​អូរ​ធិ​ច​) ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ គឺ​បានធ្វើ​សកម្មភាព ចូលទៅ​កាប់ ឈើ ខុសច្បាប់ នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែលមាន​ទីតាំង​ជាប់​ព្រំប្រទល់ ខេត្តកំពង់ធំ រួច​ដឹកឈើ​ក្រុម ហ៊ុន ធ្វើជា​ឈើ​ស្របច្បាប់ ហើយ​ដឹក​ចេញ​តែម្តង ៕

 

សមត្ថកិច្ច​ចាប់​គោ​ដែល​ម្ចាស់​លែង​ឲ្យ​ដើរ​អុកឡុក​ក្នុង​ក្រុង​ប៉ោយប៉ែត

​ប៉ោយប៉ែត ៖ គោ​ចំនួន​ពីរ​ក្បាល ដែល​ដើរ​តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវ​កម្លាំង​នគរបាល​ផែន​សណ្ដាប់ ធ្នាប់​ចរាចរ​ណ៏​ក្រុង​ប៉ោយប៉ែត ធ្វើការ​ចាប់​ទុក​ដើម្បី​រកមុខ​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ទទួលខុសត្រូវ កាលពី ព្រឹក​ថ្ងៃ​សុក្រ​១១​កើត​ខែ​ជេ​ស្ន​ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២​ត្រូវ​នឹង ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នេះ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅតាម​ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយប៉ែត មាន​ក្ដី​រីករាយ​ដោយ ឃើញ​កម្លាំង​នគរ បាល​ផែន​សណ្ដាប់ធ្នាប់​ចរាចរ​ណ៏​ក្រុង​ប៉ោយប៉ែត បាន​ចាប់​គោ​ចំនួន​ពីរ​ក្បាល ក្នុង ចំណោម​៣​ក្បាល ដែល​តែងតែ​ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដែល​នឹង​អាច​បង្ក​គ្រោះថ្នាក់ ចរ​ចរណ៍ ជា យថាហេតុ ខណៈ​គោ​ទាំងនោះ​មាន​ភាព​ផ្អើល​រត់ ដោយសារ​ស្នូរ​សំលេង​រំពង​លាន់លឺ​ខ្លាំងៗ ម្យ៉ាង ទៀត​ពួក គាត់ លើកឡើងថា គី​វា​ធ្វើ​ឧ្យ​បាត់បង់​សោ​ភ​ណ័​ភាព​ក្រុង ព្រោះ​ក្រុង​ប៉ោយប៉ែត គី​ក្រុង​មួយ មាន​សារៈសំខាន់ ដ៏​មាន​សក្តានុពល​ទាំង​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ គឺមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​ឆ្លង កាត់​មកពី​ប្រទេស​ថៃ ឆ្ពោះទៅកាន់​ទីប្រជុំជន​នានា និង​ទៅ​រាជធានី​ភ្នំពេញ​។​

​ពួកគាត់​បញ្ជាក់ថា សត្វពាហនៈ​គី​ជា​សត្វ​ចឹ​ញ្ចឹ​ម​មាន​ទ្រុង និង​មាន​ម្ចាស់​មិនគួរ​បណ្ដោយ​ឧ្យ ដើរ តាម​ទី​សារ​ធារ​ណៈ​ជាន់​ដំណាំ​និង​ស៊ី​ដំណាំ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ដាំ​នៅតាម​លំនៅដ្ឋាន និង​ចំការ គួ​តែ​សមត្ថកិច្ច ឬ​អា​ជ្ងា​ធរ​ចាត់វិធានការ​ណាមួយ​ឧ្យ​សមស្រប​ទៅតាម​ច្បាប់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បានចែង​។ ម្យ៉ាងទៀត​គេ​សង្កេតឃើញ​សត្វពាហនៈ​ជាច្រើន​កំពុងតែ​ដើរ​លុកលុយ នៅតាម​បណ្ដា​ភូមិ មួយចំនួនទៀត​ពេញទី​ក្រុង​ប៉ោយប៉ែត បើទោះជា​កន្លងមក រដ្ឋបាល​ក្រុង​បានធ្វើ​សេចក្ដីប្រកាស ឬក៏ ហៅ​ម្ចាស់​សត្វ​ទាំងនោះ មក​អប់រំ​ក៏ដោយ​តែ​ម្ចាស់​សត្វពាហនៈ​ទាំងអស់នោះ បីដូច​ជា​មិន​អើពើ​សោះ​។​

​លោក ឈឿន ប៊ុន​ថា​នាយផ្នែក​ចរាចរណ៍ ក្រុង​ប៉ោយប៉ែត ប្រាប់ថា គោ​ដែល​កម្លាំង​លោក​ចាប់ នោះ ចំនួន​ពីរ​ក្បាល មេ​១ និង​កូន​១ ហើយ​ការចាប់​នោះ យក​វា​មក​រក្សារ​ទុក​នៅ​ទីស្នាក់ការ​អធិការ​ក្រុង ប៉ោយប៉ែត ដើម្បី​ឧ្យ​ម្ចាស់​ចេញមុខ និង​ធ្វើ​កិច្ចសន្យា​ជា​លើកទីមួយ បើ​មិន​ព្រម​អនុវត្ត​ន៏​តាម​មន្ត្រី​ជំនាញ​
​លោក និង​សុំ​គោល​ការ​ពី​ថ្នាក់លើ​ព្រមាន និង​ផាកពិន័យ​ម្ចាស់​គោ​ទៅតាម​ផ្លូវច្បាប់​។ លោក​បន្ត ថាៈ ចំពោះ​សត្វពាហនៈ​ដែល​តែងតែ​ដើរ​នៅតាម​ភូមិ និង​បង្ករ​ផលប៉ះពាល់​ដំណាំ​អ្នកស្រុក​នោះ លោក និង​ធ្វើ​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​មិនមែន​ត្រឹមតែ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រក្សា សុវត្ថិភាព ដែល​អាច​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕​

កម្ពុជា ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប​

​ភ្នំពេញ ៖ ដោយ​យោងតាម​លិខិតស្នើរ​សុំ​របស់​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​ដោយមាន​ចំណារ​យល់ព្រម​ពី សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចុះ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺ ឯកអគ្គរាជទូត និង​មន្ដ្រីការទូត​ជាន់ខ្ពស់​មួយចំនួន​ត្រូវបាន​ផ្លាស់ និង​តែងតាំង​ដំណែង​ថ្មី​។

​សូម​អាន​សំណើរ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ទៅកាន់​សម្តេចនាយករ​ដ្ឋ​មន្ដ្រី និង​ដែល​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ដ្រី​ចារ​យល់ព្រម​ដូចខាងក្រោម ៖​

ក្រសួង​ព័ត៌មាន ក្រើនរំលឹក​ប្រព័ន្ធ​ផ្សព្វផ្សាយចៀសវាង​ប៉ះពាល់​ព្រះមហាក្សត្រ និង​សន្តិសុខ​ជាតិ​

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​ជូនដំណឹង​ដល់​ម្ចាស់ ស្ថានីយ វិទ្យុ​-​ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ទាំងអស់ ចៀសវាង ដក ស្រង់ ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ដ ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់ ព្រះរាជ​កិ​ត្ដិ​យស​របស់​ព្រះមហាក្សត្រ និង​សន្ដិសុខ​ជាតិ​របស់​កម្ពុជា​។​

​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះហត្ថលេខា​ដោយ ឯ​.​ឧ អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង ព័ត៌មាន បាន​ក្រើនរំលឹក​ឲ្យ​មាន​ការគោរព​វិជ្ជាជីវៈ គោរព​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ជា ពិសេស​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ក្នុង​លិខិត​ដដែល​របស់ ឯ​.​ឧ អ៊ុក ប្រាថ្នា បាន​លើកឡើងថា ​៖ ​