All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែងថា ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ពូ​ជា បាន​បញ្ជាក់ថា ការឃោសនា​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការរំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ នេះ​។​

​ការលើកឡើង​នេះ ក្រោយ​ពេលដែល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ បាន​ប្រកូក​ប្រកាស​ពី​ក្រៅប្រទេស​ឱ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ទូទៅ​ចែកចាយ​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត កុំទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែកក្កដា ខាងមុខ​។​

​សំណេរ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នៅ​ថ្ងៃទី​៤ ខែឧសភា នេះ​បាន​បញ្ជាក់ថា មាន​គណបក្ស​បី​ហើយ ដែល​បាន​ចុះបញ្ជី​រួចរាល់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ ១.​គណបក្ស​ប្រជាជន​កម្ពុជា​,២.​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​៣.​គណបក្ស​យុវជន​កម្ពុជា​។ ការចុះឈ្មោះ​គឺ​ចំណាយពេល​ខ្លី​។ ទន្ទឹមនឹងនោះ​គឺមាន​គណបក្ស​ប្រាំ​មួយទៀត​ដែល​បានបញ្ជាក់​ពី​ជំហរ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ដោយបាន​រៀបចំ​ប្រាក់​កក់​១៥​លាន​រៀល​នៅ​រតនាគា​ជាតិ​នៃ កម្ពុជា​។​សរុប​ទាំងអស់​មាន​គណបក្សនយោបាយ​ចំនួន​២១​កំពុង​បំពេញបែបបទ​។
​
ក្នុង​សំណេរ​ដដែល​បាន​បន្តថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​២០១៨ ខាងមុខនេះ គឺ​សំខាន់​ខ្លាំងណាស់​។​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​គឺ​បញ្ជាក់​ច្បាស់ អំពី​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​គឺមាន​សិទ្ឋិ​បោះឆ្នោត​និង​មាន សិទ្ឋិ​ឈរឈ្មោះ​បោះ ឆ្នោត​នៅក្នុង​របប​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ការឃោសនា មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​រំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២​នៃ​ច្បាប់ ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​៕​

ចាប់​អា​គក​ជា​កីឡាករ​៥​ក្បាល និង​ម្ចាស់​សង្វៀន​ជល់​មាន់នៅ​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​

​បាត់ដំបង ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ម៉ឺន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ រួម​និង​មាន់​ជល់​ជា​កីឡាករ​ចំនូ​ន​៥​ក្បាល​។

​លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។​
ក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​៖
ទី​-១ ឈ្មោះ រ៉ង រ៉ុង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​(​ជា​ម្ចាស់ផ្ទះ​)
ទី​២- ឈ្មោះ រើ​ន រឿ​ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​(​អ្នកលេង​)​។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​មាន់​ជល់​ចំនួន​៥​ក្បាល​
-​សង្វៀន​ជល់​មាន់​ចំនួន​០១
-​ម៉ូតូ​ចំនួន​៣​គ្រឿង​។​

បច្ចុប្បន្ន ម្ចាស់​បើក​សង្វៀន​ប្រជល់មាន់ និង​អ្ន​កូ​ល​រួម​លេង​ភ្នាល់ នៅក្រោយពេល​ឃាត់ខ្លួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបើក​ជល់​មាន់​បន្តទៀត និង​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕ សុផល​
​

ស្រវឹងស្រា​យក​សាំង​ចាក់​ដុត​ខ្លួន​ឆេះ​ស្លាប់​ទាំង​មនុស្ស ឆេះ​អស់ទាំង​ផ្ទះ​

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ស្រ​វី​ង​ស្រា​ជោកជាំ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ឈានដល់​យក​ដប​សាំង​មកចាក់​ស្រោច​ចាក់​ដុត​សំលាប់ខ្លួន​បណ្តាលអោយ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​អស់​។​

លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានបញ្ជាក់​ប្រាប់អោយដឹង​ថា ហេតុការណ៍​អគ្គីភ័យ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០៖១០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​បាយ​ដំរាំ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅក្នុង​ភ្នក់ភ្លើង​ឈ្មោះ ភ្លឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​ស្រវឹងស្រា​ហើយ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រួច​បាន​យក​សាំង​ចាក់​
​ដុត​ខ្លួន​បណ្តាលអោយ​ផ្ទុះ​ឆេះ​ស្លាប់​ទាំង​មនុស្ស​និង​ឆេះ​ផ្ទះ​ទំហំ​៥​ម៉ែត្រ​×៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី រួមទាំង​សម្ភារៈ​នៅក្នុង​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។​

លោក​អធិការ​បន្តថា នៅក្នុង​ហេតុការណ៍​ឆេះ​ខាងលើ​នេះដែរ​ក្រុម​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​មួយ​ឡាន​ផងដែរ​៕
​

ស្ថានទូត ជប៉ុន​ប្រចាំ​កម្ពុជា​រំលឹក​ខួប​២៥​ឆ្នាំ នៃ​មរណៈភាព​អតីត​បូលីស​អ៊ុនតាក់

ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៤​ខែឧសភា​នេះ​បានរៀបចំ​ពិធី​រំលឹក​ខួប​២៥​ឆ្នាំ នៃ​ថ្ងៃ​ទទួល មរណៈភាព​របស់លោក ហា​រឹ​យូ​គិ តា​កា​តះ អតីត​បូលីស​ស៊ី​វី​ល​ជប៉ុន​ដែល​ត្រូវបាន​រដ្ឋាភិបាល ជប៉ុន បញ្ជូន​ឲ្យ​មក​ចូលរួម​សកម្មភាព​ជាមួយ​អាជ្ញាធរ​បណ្តោះអាសន្ន អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNTAC​ហើយ​បានទទួល​មរណៈភាព​ក្នុងអំឡុងពេល​បំពេញ​បេសកម្ម​ក្នុងប្រទេស​កម្ពុជា​។ ពិធី​នេះ ត្រូវបាន ប្រារ​ព​ធ្វើ នៅក្នុង​បរិវេណ​វត្ត​តាំង​កសាង​ខាង​ត្បួ​ង ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ផ្ញើ​សារ​ក្នុងឱកាស​ពិធីបុណ្យ ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ខ័​ន្ធ​លោកតា​កា​តះ សូម​វិញ្ញាណ​ក្ខ័​ន្ធ​លោក​បាន​ទៅកាន់ សុគតិភព កុំបី ឃ្លាត​ឡើយ​។

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឯកឧត្តម HidehisaHoriouchi(​ហ៊ី​ដែ​ហ៊ី​សា ហូ​រី​អ៊ូ​ឈិ​)​បាន ថ្លែង ឲ្យ​ដឹងថា​លោក​ហា​រឹ​យូ​គិ​តា​កា​តះ​កើត ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​១៩៥៩ នៅ​ក្រុង​គុ​រ៉ា​ស៊ិ​គិ ខេត្ត អុ​កា យ៉ាម៉ា លោក​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ចំពោះ​ភារកិច្ច របស់ខ្លួន​ជា​ប៉ូលីស ស៊ី​វី​ល​របស់ UNTAC​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​

​លោក ឯកអគ្គរាជទូត​បន្តថា​សោកនាដកម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ ១៩៩៣ ខណៈ​លោក​ហា​រឹ​យូ​គិ​តា​កា​តះ​ចុះ​បំពេញ​បេ​កម្ម​នៅ​ភូមិ​អំពិល ខេត្តបន្ទាយមានជ័យ ហើយ បាន​ត្រូវស្លាប់​យ៉ាង​គួរ​ឲ្យ​សោកស្តាយ​។
​លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់ថា​ជប៉ុន​បាន​តាំង ចិត្ត​ខិតខំ​ប្រឹងប្រែង​និង​ពង្រីក​ចំណង ទាក់ទង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយបាន​ស្តា​ររ​ឡើងវិញ​នូវ​ស្ថេរភាព​ដ៏​រឹងមាំ​រវាង រដ្ឋាភិបាល​និង​ប្រជាជន​ទាំងពីរ កម្ពុជា​- ជប៉ុន អោយ​កាន់តែ​រឹងមាំ ស្ថិតស្ថេរ និង​មាន​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ទ្វេរ​ឡើង​ថែមទៀត​៕​

កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ចម្រុះ​ជាង​១០​លាន​នាក់ កំពុង​បម្រើការ​ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ វិស័យ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា មើលឃើញថា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​អត្រា​មានការ​ងារ​ធ្វើ ក្នុង​ឆ្នាំ​២០១៨ មាន​រហូតដល់ ៩៩,៣​ភាគរយ រឺ ស្មើនឹង​កម្លាំង​ពលកម្ម​សរុប​ជាង​១០​លាន​នាក់​។​

​យោងតាម​របាយ​ការ​ណ៌​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញថា ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន ចំនួន​នេះ​កើនឡើង​ន​ប្រមាណ​១០%​ពី​ឆ្នាំមុន ដែល​កំពុងផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជិត​១​លាន​៥​សែន​នាក់ ក្នុងនោះ​មាន​កម្លាំង​ជា​ស្ត្រី​មាន​ជាង​៨​សែន​នាក់ គឺ​កើនឡើង​ជាង​២១% ។

​ចំណែក​ចំនួន​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​សរុប ជិត​៦០​ម៉ឺន​សហគ្រាស ក្នុងនោះ​មានកម្ម​ករ​ជាង​២​លាន​៤​សែន​នាក់​! កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង​៤​លាន​នាក់​! ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស មាន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ ជាង​៥​សែន​នាក់ ។

​តាម​ការលើកឡើង​រប​ស់ លោក អ៊ិត សំហេង នាពេល​កន្លងមក​បាន​បញ្ជាក់ថា​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​កែទម្រង់ ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ដែល​ធ្វើឱ្យ​លក្ខខណ្ឌ​ការងារ និង​ការទំនាក់ទំនង​វិជ្ជាជីវៈ​កាន់​តែមាន​ភាពប្រសើរឡើង​។ ទន្ទឹមនឹងនេះ បញ្ហា​កូដកម្ម បាតុកម្ម ត្រូវបាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ។ យន្ដការ​ត្រីភាគី​ត្រូវបាន​ពង្រឹង និង​បន្ដ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត និង​និយោជក » ។​

គួរ​កត់សំគាល់ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ដំឡើង​ពី​ចំនួន​១៥៣​ដុល្លារ​ដល់​១៧០​ដុល្លារ គឺ​កើន​១១,១% បើ​គិតពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កម្មករនិយោជិត​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់ចំណូល​ពី​១៨៧ ទៅ​១៩៨​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធានា​ការលើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​ផងដែរ ។ លោក​ក៏បាន​លើកឡើងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កម្ពុ​ជាមាន​សហជីព​មូលដ្ឋាន​កើន​រហូតដល់​ចំនួន​៤.២២៧, សហព័ន្ធ​សហជីព​១៥៨, សហភាព​សហជីព​២៥, សមាគម​៩, អង្គការ​៤ និង​សមាគម​និយោជក​៨ ​៕
​

កម្ពុជា​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​ UN

​ភ្នំពេញ ៖ កម្ពុជា​បញ្ជូន​កងកម្លាំង​នៃ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ ១៩៨ ចំនួន​១៦៥​នាក់ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ១៣២ ចំនួន ១៤៤​នាក់ និង​កង​អាវុធហត្ថ​លេខ ៦៨១ ចំនួន ១១៩​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។

​នៅក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​មួក​ខៀវ​កម្ពុជា នា​ថ្ងៃទី​៣ ខែឧសភា​នេះ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ លោកនាយ​សេនីយ៍ សែម សុវណ្ណនី បញ្ជាក់​អំពី​ការបំពេញភារកិច្ច​រប​ស់​កង​ទាំង​៣ និង​ការយកចិត្តទុកដាក់​ខ្ពស់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការងារ​ត្រៀម​រៀបចំ​គ្រប់ផ្នែក​ទាំង​ឧបករណ៍ សម្ភារៈ មធ្យោបាយ ការហ្វឹកហ្វឺន​កម្លាំង ការរៀបចំ​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន មេបញ្ជាការ​កងយោធពល​ខេរ​ភូមិន្ទ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​កង​ខេមរភូមិន្ទ បាន​ថ្លែង​ក្នុងពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ UN កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្ត​បេសកកម្ម សកម្ម​ភាពជា​អាទិភាព ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថេរភាព​នៅក្នុង​ប្រទេស ក៏ដូចជា​បន្តសកម្មភាព​មនុស្សធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។
​
លោក​បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ទោះបី​កងទ័ព​កម្ពុជា​ត្រូវបាន​រង​វាយប្រហា​ពី​ក្រុម​ឧទាម​នៅ​ប្រ​ទេ​s​ម៉ាលី ក៏ប៉ុន្តែ​កម្ពុជា​មិន​រាថយ នៅតែ​តស៊ូ​ប្តូរផ្តាច់​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ហើយ​កម្ពុជា​ប្តេជ្ញាចិត្ត​បង្កើន​កម្លាំង​បន្ថែមទៀត​ដើម្បី​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​នៅក្នុង​លោក​។
​
លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​ទាំងអស់​ដែល​នឹង​ចេញដំណើរ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​អង្គការសហប្រជាជាតិ ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត បទបញ្ជា និង​អនុសាសន៍ ៤​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានលើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​កាលពីពេល​កន្លងទៅ​ត្រូវមាន​វិន័យ​ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា​ទាំងឡាយ​របស់​UN រក្សាបាន​ភាពថ្លៃថ្នូរ និង​កិត្តិយស​របស់​កង​ខេមរភូមិន្ទ និង​ប្រទេសជាតិ ត្រូវ​ចាប់​ឱកាស​ដើម្បី​រៀនសូត្រ​ដក​ពិសោធន៍​បង្កើន​ចំណេះដឹង និង​ស្វែងយល់​អំពី​របៀបរបប​ធ្វើការ​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​ប្រព័ន្ធ​អន្តរជាតិ​ពិសេស​ត្រូវមាន​សាមគ្គី ឯកភាព ចេះ​គោរព​ស្រឡាញ់ និង​ជួយ​ថែរក្សា​គ្នា​ទៅវិញទៅមក សំដៅ​សម្រេច​នូវ​ភារកិច្ច​បន្ត​ខិតខំ​រៀនសូត្រ​ភាសា​បន្ថែមទៀត ។ ត្រូវ​ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​សង្គម ការ​ប្រឈម នៃ​បេសកកម្ម យកចិត្តទុកដាក់​រៀប​ចំ​កម្លាំង ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ ដែល​អាច​កើតមានឡើង ប្រយុទ្ធ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​ប្រដាប់អាវុធ​នានា​ដោយ​ការវាយប្រហារ​ពួនស្ទាក់ ឬ​គ្រោះថ្នាក់​ធម្មជាតិ​គ្រោះថ្នាក់​នានា​។
​
សូមបញ្ជាក់ថា បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ចំនួន​៨ មាន នៅ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​សរុប​ចំនួន ៥២៥៧​នាក់ លើ​មុខជំនាញ​បោសសំអាត​មីន កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​៕​

 

កម្ពុជា​-​ចិន សន្យា​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​បដិវត្តន៍​ពណ៌​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ថ្ងៃទី​៣ ឧសភា​នេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជួប​ប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​លោក លី សៅ ប៊ី​ន (Liu Shaobin) អគ្គនាយក នៃ​អគ្គនាយក​ដ្ធា​ន​សន្តិសុខ​ក្រៅប្រទេស​ក្រសួងការបរទេស​ចិន បាន​អញ្ជើញ​ចូលរួម​ជួបប្រជុំ​ពិគ្រោះ​យោបល់​កម្ពុជា​-​ចិន​លើក​ទី​៣ នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៣ ខែឧសភា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ បាន​ពិភាក្សា​លើ​ការអភិវឌ្ឍ​រួមគ្នា​កិច្ចសហការ ប្រឆាំង​ភេរវកម្ម​និង​ការ​រួមគ្នា បដិវត្តន៍​ព​ណ៏​។ កម្ពុជា និង​ចិន មានការ​កើនឡើង​នៃ​កិច្ច​សហ​ប្រ​តុ​ប​ត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​។​
​
លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​នោះ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​ពី​បញ្ហា​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​។ ក្នុងជំនួប​នោះ​ប្រធាន​គណៈ ប្រតិភូ​ចិន បាន​ប្រកាន់​ជំហរ​គោរព​អធិបតេយ្យភាព​កម្ពុជា​ឥត​ងាករេ​។ ភាគី​ចិន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ បន្ត​គាំទ្រ​ការ​អ​ភុ​វ​ឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​បន្ត​ទៀត​របស់​កម្ពុជា ។​

​បើតាម​លោក ជុំ សុន្ទរី ក្នុងជំនួប​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​រំលឹក​អំពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​២ កាលពី​ខែធ្នូ​ឆ្នាំ​២០១៦ នៅ​ប្រទេស​ចិន បានស្នើ​ឲ្យ​មាន​កិច្ចការពារ​សន្តិសុខ និង​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង​ក្រុមការងារ​សន្តិសុខ​គ្រប់​ជ្រុង ជ្រោយ​។​
​លោក​ទេសរដ្ឋមន្ត្រី ក៏មាន​គម្រោង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅក្នុង​ឆ្នាំ​២០១៨​នេះ នាពេល​វេលា​សមរម្យ​។​

​លោក​លី សៅ ប៊ី​ន បាន​ថ្លែងថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​ដំណើរ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នៅ​កម្ពុជា​នីតិកាល​ទី​៦​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ រលូន អាច​ទទួលយកបាន ស្របតាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ ដែលមាន​គណបក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង ដែល​ក្នុងចំណោម​គណបក្ស​ទាំង​គណ​មួយចំនួន​ដែល​តាំងខ្លួន​ជា​គណបក្សប្រឆាំង​។

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពង្រឹង​សន្តិ សុខ និង​សហការ​ប្រឆាំង​អំពើ​ភេរវកម្ម ខណៈដែល​អំពើ​ភេរវកម្ម​មានការ​រីក​រាលដាល​នៅលើ​ពិភពលោក​។ កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប និង​ផ្តោតលើ​ការពង្រឹង​សន្តិសុខ និង​ប្រឆាំង​ភេរវកម្ម​។​
​ជា​បន្ត​សូម​តាមដាន​ស្តាប់​ប្រសាសន៍​ទាំងស្រុង​របស់លោក​ជុំ សុន្ទរី ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​៕​

ប៉ូលិសចរាចរ​២​រូប​ដែល​ទារប្រាក់​ពី​ជនបរទេស​ជិះ​ខុស​ភ្លើងស្តុប ត្រូវ​ផ្អាក​ការងារ​

​ភ្នំពេញ ៖ បន្ទាប់ពី​មានមតិ​រិៈ​គន​ពី​មហាជន​ក៏ដូចជា​អ្នកលេង​បណ្តាញ​សង្គម facebook ចែករំលែក​តៗ​គ្នា​កាលពីពេល​កន្លងមក​ពាក់​ព័ន្ធ​នឹង​មន្ត្រីនគរបាល​ចរាចរ​ណ៍​២​រូប​ដែល​បាន​ទារប្រាក់​ពី​ជនបរទេស​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។ ដោយ​មន្ត្រីនគរបាល​ទាំង​២​នាក់​ទារប្រាក់​ចំនួន​២០​ដុល្លារ​ជា​ថ្នូរ​នឹង​ការមិន​ចាប់​បញ្ជូនទៅ​ការិយាល័យ​។​
​លោក​វរសេនីយ៍ឯក សែម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ចរាច​រទាំង​២​នាក់​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង​នោះ ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។

​ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​បាន​សុំ​គោលការណ៍​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាលជាតិ​ផងដែរ​។​

​លោកនាយ​ការិយាល័យ​បាន​បន្ថែមថា មន្ត្រីនគរបាល​ចរាច​រទាំង​២​នាក់​ខាងលើ បាន​ប្រព្រឹត្ត​ខុស​នូវ​វិន័យ​កម្លាំង​លេខ​០០៦​របស់​នគរបាលជាតិ ដោយ​ផាកពិន័យ​លើស​គោលការណ៍​និង​មិន​បានចេញ​វិ​ក័យ​ប​ត្រ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រីនគរបាល​ផ្សេងទៀត​៕​

ក្រុម​អ្នកស្រាវជ្រាវ​បញ្ជូន​ឯកសារ​ចម្រុះ​ភាសា​នៅ​កម្ពុជា ទៅ​តម្កល់​នៅ​ប្រទេស​បារាំង​

​ភ្នំពេញ ៖ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ឯកសារ​
​ព័ត៌មាន​ចេញផ្សាយ​ចម្រុះ​ភាសា នៅ​ប្រទេស​កម្ពុជា ពី​ទសវត្ស​១៩៧៩​មក​បច្ចុប្បន្ន ផ្ញើ​ទៅ​រក្សាទុក​នៅ សារមន្ទីរ​ប៊ុ​យ​ឡាក់​(BULAC )​ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន ព្រឹត្តិការណ៍​នៅ​កម្ពុជា ដែល​បាន​បោះពុម្ពផ្សាយ​រួចហើយ ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលមាន​ទីតាំង​នៅក្នុង​វត្ត​ឧណ្ណាលោម​​ប្រមូល​ទិញ​យកទៅ​រក្សា​ទុកជា​ឯកសារ​ស្រាវជ្រាវ នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់ ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន​ទម្ងន់​ជាង​២​តោន ដែល​បោះពុម្ពផ្សាយ ពី​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ផ្សាយ​នៅក្នុង​កាសែត និង​ទស្សនា​វ​ដ្តី ចម្រុះ​ភាសា ត្រូវបាន​សាលា បារាំង​ចុង​បូព៌ា សហការ​ជាមួយ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ​ប្រមូល​យកទៅ​ផ្ញើទុក​នៅ សារមន្ទីរ​BULAC នៃ​ប្រទេស​បារាំង​។​

​លោក ឡេង កុក​អាន សហការី​វិទ្យាសាស្ត្រ​ផ្នែក​សាស្ត្រា​ស្លឹករឹត និង​ជា​ប្រធាន​អភិរក្ស បាន​ថ្លែងថា ឯកសារ​ព័ត៌មាន ដូចជា កាសែត ទស្សនា​វ​ដ្តី សៀវភៅ​ប្រលោមលោក ដែល​បានចេញ​ផ្សាយ​ពី​ព្រឹត្តិការណ៍ របស់​ប្រជាជាតិ​កម្ពុជា ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ដើម្បី​រក្សា​ទុកជា ឯកសារ​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ​។

ការប្រមូល​យក​ទុក ឯកសារ​ព័ត៌មាន​នោះ គឺ​ជំនួយ​ពីសា​សា​បារាំង​ចុង​បូព៌ា​ពី​ឆ្នាំ​១៩៩០ ដឹកនាំ​ដោយ​សាស្ត្រ​ចា​រ្យ អី​លី​វី​យេ ឌើ ប៊ែ​រណា​ន់​(Olivier de Bernon )​ផ្តួចផ្តើម​ឲ្យ​ប្រមូល ឯកសារ​ព័ត៌មាន​ចម្រុះ​ភាសា​ក្នុង​គោលបំណង ចងក្រង​ព័ត៌មាន​ឯកសារ​ទាំងនោះ សម្រាប់​​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ស្រាវជ្រាវ រក​ប្រវត្តិ​នានា វប្បធម៌​ជាតិ នយោបាយ​ដឹកនាំ ជីវភាព​ប្រជាជន​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅតាម​នៅ​ដំណាក់កាល​ដឹកនាំ ក្នុង​រជ្ជកាល នីមួយៗ​របស់​ប្រ​ទស​កម្ពុជា​។​

​លោក ឡេង កុក​អាន មានប្រសាសន៍​បន្តថា ការដឹកជញ្ជូន​ឯកសារ​ពត៌មាន​កម្ពុជា ទៅ​ទុក​​នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់​នោះ បានធ្វើ​៣​ដង​ហើយ​។ ការប្រមូល​ឯកសារ​ព័ត៌មាន គឺ​ប្រមូល​ពី​ការបោះពុម្ពផ្សាយ​គ្រប់​ជំនាន់ ដែល​សរសេរ​ពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ពិសេស​ការបោះពុម្ពផ្សាយ​នៅក្នុង​ឆ្នាំ​១៩៧៩ មក​បច្ចុប្បន្ន ដើម្បី​សំគាល់​ពី​ការវិវឌ្ឍ​នៃ​ភាសា​ខ្មែរ ក៏ដូចជា​នយោបាយ​។​

​លោក ឡេង កុក​អាន ឲ្យ​ដឹងថា ការបញ្ជូន ឯកសារ​ព័ត៌មាន​កម្ពុ​ជា ទៅ​រក្សាទុក​នៅ​សារមន្ទីរ ​ប៊ុ​យ​ឡាក់ ប្រទេស​បារាំង ចាប់ផ្តើម​ពី​ឆ្នាំ​២០០៥ ២០០៩ និង​២០១៨​។ បច្ចុប្បន្ន នៅមាន កាសែត​និង​ទស្សនា​វ​ដ្តី​ជាង ២០០០​គី​ឡ​ក្រាម​ទៀត គ្រោង​បញ្ជូនទៅ​ដែរ​៕​

រោងចក្រ​បរទេស​ចំនួន៩​ថ្មីទៀត​​​​​​​​​ បាន​បង្កើត​នៅ​កម្ពុជា​ ប្រើ​ទុន​ជាង​៣១​លាន​ដុល្លារ​

​ភ្នំពេញ ៖ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជម្រុញ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដើម្បី​បង្កើត​ការងារ​បន្ថែម​ក្នុងប្រទេស​កម្ពុជា ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​មេសា​កន្លងមក បង្ហាញថា មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​ថ្មី​ចំនួន​៩ ដែលជា​គម្រោង​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង បានទទួល​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​អោយ​បើក​ដំណើរការ​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ការងារ​ថ្មី ប្រមាណ​១​ម៉ឺន​កន្លែង សម្រាប់​ពលរដ្ឋ​កម្ពុជា ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានបង្ហាញ​របាយ​ការ​ណ៌​មួយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្នុង​ខែមេសា ឆ្នាំ​២០១៨ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន ៩ ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៣១ លាន​ដុល្លារ​អាម​រិ​ក​។ ដែល​គម្រោង​វិនិយោគ​ភាគច្រើន ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដោយ​នៅក្នុង​គម្រោង​វិនិយោគ​ទាំងអស់នេះ​បាន​អះអាង​ពី​ការផ្តល់​ការងារ​សរុប​ចំនួន​ជាង ១ ម៉ឺន​នាក់​។ ការអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩​នេះ គឺធ្វើឡើង​តាម​សំណើសុំ របស់​ក្រុមហ៊ុន​តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន ៥ មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់​ចំនួន​៤ ផ្សេងទៀត មាន​ទីតាំង​ស្ថិតក្នុង​ខេត្តកណ្តាល តាកែវ និង​កំពង់ស្ពឺ​។

គួរ​បញ្ជាក់ថា យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទន្ទឹមនេះ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទិន្នន័យ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង កាបូប មាន​ចំនួន​សរុប ១០៣១​រោងចក្រ ដែលមាន​ចំនួន​កម្លាំង​ពលកម្ម​បំរើការ​សរុប​ជាង ៨៤​ម៉ឺន ៧​ពាន់​នាក់​៕​

លោក ហ៊ុន ជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ​១៨​ខែ​ ករណី​បាញ់​មេឃ នៅ​ខណ្ឌដូនពេញ​

​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​បើកសវនាការ​ជំនំជម្រះ​ភ្លាមៗ និង​សម្រេច​ចេញ​ដីកា​ផ្តន្ទាទោស​លោក ហ៊ុន ជា​ដាក់ពន្ធនាគារ​ព្រៃ​សរ​យៈ​១៨​ខែ ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី​បង្ក​ការភ្ញាក់ផ្អើល​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨​។ នេះ បើ​យោងតាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​អោយដឹងថា​កា​រស​ម្រ​ចនេះ​ធ្វើឡើង​ក្នុង​អង្គជំនុំជម្រះ​ភ្លាមៗ​លើ​ករណី​បទល្មើស​ជាក់ស្តែង​។
​
សវនាការ​នេះ មានការ​ចូលរួម​ដោយ​លោក ហ៊ឹង ប៊ុនថន ជា​តំណាង​អយ្យការ និង​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​គួរ​រំលឹក​ផងដែរ​ថា ក្រោយ​ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ឃាត់ខ្លួន លោក​ហ៊ុន​ជា​ភ្លាមៗ​ផងដែរ​ដើម្បី​យកទៅ​សួរនាំ​ពាក់ព័ន្ធ​ករណី​ផ្ទះ​អាវុធ​នៅក្នុង​ខណ្ឌដូនពេញ​កន្ល​ង​មកនេះ​។ ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នេះ ផ្ដើមចេញពី​ជម្លោះ​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​លោក​ហ៊ុន ជា ទប់​កំហឹង​មិនបាន ទើប​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​តែម្ដង ហើយ​ករណីនេះ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​សូមបញ្ជាក់ថា រឿងហេតុ​ខាងលើនេះ ទាំង​ចៅហ្វាយខណ្ឌ និង​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ មាន​ប៉េអឹម និង​ប៉ូលិស ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​ត្រឹម​ឈរ​មើ​លពី​ចម្ងាយ​មិន​ហ៊ាន​ចូលទៅ​កន្លែងកើតហេតុ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជាង​១០​គ្រាប់​ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ​។​
​
បើតាម​សេ​ក្ដី​រាយការណ៍​មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ជាប់ៗ​គ្នា​តែម្ដង​ចេញពីផ្ទះ​លេខ​១១​បើក​អាជីវកម្ម​វេរ​លុយ​យីហោ True Money នៅតាម​បណ្ដោយ​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២៥​នាទី​យប់ ថ្ងៃ​អង្គារ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​ករណីនេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​ភ្លាមៗ​ផងដែរ​៕
​

ការ​ផ្សង​ប្រ​ថ្នូ​ល​គោ​ឧសភរាជ​ឆ្នាំនេះ ដំណាំ​ស្រូវ ពោត និង​សណ្តែក ទទួលបាន​ផល​ខ្ពស់​

​ស្វាយរៀង ៖ ពិធី​ផ្សង​ប្រ​ថ្នូ​ល តាមរយៈ​ការបរិភោគ​អាហារ​របស់​គោ​ឧសភរាជ​បរិភោគ នៅក្នុង ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ទិន្នផល​ដំណាំ​ស្រូវ ពោត និង​សណ្តែក​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ខ្ពស់​។ នេះ​គឺជា​ការប្រកាស​របស់​ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ ដែល​បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ស្ថិត នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ជាមួយគ្នានេះ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ ក្នុងនោះ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ចៅ​វា​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ព្រះ​វត្តមាន និង​វត្តមាន​របស់​ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជា​សមាជិក​សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជាកសិករ​ជាច្រើន​ពាន់​នាក់​។​

​សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំ​២០១៨​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​តម្កល់​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ ឯកឧត្តម ហ៊ួ​ត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​កាន់​នង្គ័ល​យោង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ច្រត់ព្រះនង្គ័ល​ជា ស្តេច​មាឃ និង​លោកជំទាវ ឈុន ណា​រី ជា​មេ​ហូ និង ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង ជា​អ្នក​កាន់​នង្គ័ល​ក្រោយ​។​

​សម្រាប់​ឆ្នាំ​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំ​២០១៨​នេះ បើតាម ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ បានប្រកាស​ឱ្យដឹងថា អាហារ​ទាំង ៧​មុខ ដែល​រួមមានៈ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា ដែល​បាន​តំកល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ ដើម្បីឱ្យ​គោ​ឧសភរាជ​បរិភោគ ដែលជា​កិច្ច​ផ្សង​ប្រ​ថ្នូ​លតា​ម​បវេណី​នោះ ឃើញថា អាហារ​តែ ៣ មុខ​ប៉ុណ្ណេះ ដែល​ត្រូវបាន​គោ​ឧសភរាជ​បរិភោគ រួមមាន​៖ ស្រូវ ពោត និង​សណ្តែក តាមរយៈ​នេះ បាន​បង្ហាញថា ដំណាំ​ស្រូវ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ រហូតដល់​ទៅ ៩៥% ដំណាំ​ពោត ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​រហូតដល់​ទៅ ៩៥% និង​ដំណាំ​សណ្តែក ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​ដូចគ្នា រហូតដល់​ទៅ ៨០%​។

​ជាមួយនឹង​ការប្រកាស​នូវ​លទ្ធផល​ផ្សង​ប្រផ្នូល​ដូច្នេះ អាច្ចារ្យ​ព្រហ្ម​ព្រ​លោហិត បាន​លើកឡើងថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀម​ទំលាប់​ព្រះរាជ​វេ​ណី នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ ក៏ដូចជា​ការប្រកាស​ថា រដូវ​វប្បមង្គល​ចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ ត្រៀមលក្ខណៈ​សម្បត្តិ​ប្រុងប្រៀប​រៀបចំ​ការងារ​ប​ង្ក បង្កើន​ផល ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិត ជីវភាព​បានល្អ​ប្រពៃ​។​

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះ​រាជអំណោយ​ចំពោះ​ប្រជាកសិករ ចំនួន ១០០​នាក់ ដោយ​ក្នុងនោះ​បុរស ក្នុង​ម្នាក់ៗ ទទួលបាន មួក ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល និង​នារី ក្នុង ម្នាក់ៗ ទទួលបាន​ក្រមា ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល​ដូចគ្នា​។ បន្ទាប់មក ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេចយាង​ទត ព្រះ​ពន្លា​តាំង​ពិ​ព័រ​ណ៌ ដែល​តាំង​បង្ហាញ ដោយ​បណ្តាល​ក្រសួង​នានា របស់​រាជរដ្ឋាភិបាល​ផងដែរ​៕
​

នាយករដ្ឋមន្ត្រី​ប្រាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដល់ព័ត៌មាន​ពិត និង​ទទួលខុសត្រូវ

​ភ្នំពេញ ៖ ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​”​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​”​នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​សរសេរ ថា ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ បាន​ផ្ដោតលើ​ប្រធានបទ​ស្ដីពី​”​ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌ និង​នីតិរដ្ឋ​” គឺ​ពិត​ជាមាន​សារៈសំខាន់ ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការពិត​ជាក់ស្ដែង​ក្នុងសង្គម មិន​ឲ្យ​ឆ្វេ​ក​ពេក មិន​ស្ដាំ​ពេក គឺ​ចលនា​កណ្ដាល​និយម ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

​ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លិ​ទ្ធិ​ប្រជាធិបតេយ្យ ការកសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។
​
សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ដល់​អនុសាសន៍​ក្នុង​សារលិខិត​នេះ ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​យុត្តិធម៌ និង​ប្រទេសមួយ​មាន​នីតិរដ្ឋ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត ហើយ​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តថភាព​សង្គម ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​បញ្ជាក់​ក្នុង​សារលិខិត​នេះ​ផងដែរ ថា នៅ​ខែកក្កដា ឆ្នាំ​២០១៨​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់​ភាពយុត្តិធម៌ ធ្វើការ​ចូលរួម​ម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​ធានា​ឲ្យ​បរិយាកាស​នយោបាយ និង​ដំណើរការ​នៃ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ស​សេរី ត្រឹមត្រូវ យុត្តិធម៌ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ទទួលយកបាន​គ្រប់ភាគី​ពាក់ព័ន្ធ​៕
​

ខេត្តព្រៃវែង​បិទ​បញ្ចប់​ការវាស់វែង​ទំហំ​ខ្នាត​ឯកសណ្ធាន​​សម្រាប់នគរបាល​

ព្រៃវែង ៖ នា​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ភស្ដុភារ និង​សម្ភារៈ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន​.​ច័ន្ទ​សារ៉េត​ប្រធាន​ក្រុមការងារ​ទី​៥​ជា​អនុប្រធាននាយកដ្ឋាន​ភស្ដុភា​និង​សម្ភារៈ​បច្ចេកទេស និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រេង​.​ជា​ស្នងការ នគរបាល​ខេត្តព្រៃវែង​បាន​បើក​កិច្ចប្រជុំ​ស្តីពី​បិទ​បញ្ចប់​ការចុះវាស់វែង​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​ដល់​កងកម្លាំង​នគរបាលជាតិ​ទូទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​។​
​
ពិធី​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នាយកដ្ឋាន​ភស្ដុភា​និង​សម្ភារៈ​បច្ចេកទេស​លោក​លោក​ស្រី​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ប្រធានការិយាល័យ​ជំនាញ​.​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦០៧,​អធិការនគរបាល​ស្រុក​,​ក្រុង​ទាំង​១៣​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាន​.​ច័ន្ទ​សារ៉េត​បាន​មានប្រសាសន៍​លើកឡើងថា​ដោយ​អនុវត្តតាម​គោលការណ៍​កំណែទម្រង់រ​បស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​ចាត់​បញ្ជូន​ក្រុមការងារ​ចុះ​វាស់វែង​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​ដល់​មន្ត្រី​នគរបាលជាតិ​ប្រចាំឆ្នាំ​២០១៨​ក្នុង​ខេត្តព្រៃវែង​ដើម្បី​យក​ទំហំ​ខ្នាត​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​,​ក្រុង​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មក​ធ្វើការ​វាស់​កាត់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទំហំ​ខ្នាត​សំរាប់​បើក​ផ្តល់ជូន​មន្ត្រី​នគរបាលជាតិ​ស្លៀកពាក់​បាន​សមរម្យ​ហើយ​ថ្លៃថ្នូរ​។​
​
ជាក់ស្តែង​រយៈពេល​១​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​២៥​ខែមេសា​រហូតដល់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន​ភស្ដុភារ និង​សម្ភារៈ​បច្ចេកទេស​បាន​ចុះមក​ធ្វើការ​វាស់​ទាំ​ហំ​ខ្នាត​គឺ​តម្រូវ​ទៅតាម​លេខ​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​មន្ត្រី​នគរបាលជាតិ​សម្រាប់​ឆ្នាំ​២០១៨​ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាន​.​សារ៉េត​បានលើកឡើង​បញ្ជាក់ជូន​លោកស្នងការ​នគរបាល​ខេត្ត​ថា​ចំពោះ​ឯកសណ្ឋាន​ដែល​ក្រុមការងារ​បាន​វាស់​ទំហំ​ខ្នាត​ជូន​នៅពេលនេះ​គឺ​តម្រូវ​ទៅតាម​លេខ​ទំហំ​ខ្នាត​នៃ​ការ​ស្លៀកពាក់​របស់​មន្ត្រីនគរបាល​ម្នាក់ៗ​។​ក្រុមការងារ​ទី​៥​របស់​នាយកដ្ឋាន​ភស្ដុភារ​និង​សម្ភារៈ​បច្ចេកទេស​បាន​បែងចែក​ទៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​,​ក្រុង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ជូន​មន្ត្រី​ម្នាក់ៗ​ទៅតាម​ទំហំ​ខ្នាត​ក្នុងនោះ​មានការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​នូវ​ចំនួន​ក្របខណ្ឌ​ប្រភេទ​កម្លាំង​ជំនាញ​លំដាប់​ឋានន្តរសក្តិ​ទៅតាម​គម្រោង​របស់​ស្នងការដ្ឋាន​ស្នើឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជា​ភាពងាយស្រួល​ដល់​ការធានា​ស្លៀកពាក់​របស់​មន្ត្រី​គ្រប់រូប​។
​
ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រេង​.​ជា​ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ដែលជា​និច្ច​ជី​កាល​តែងតែ​យកចិត្តទុកដាក់​ជួយ​ផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់​កងក​ម្លាំ​នគ​បាល​ជាតិ​នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាមរយៈ​លោក​ឧត្ដមសេនីយ៍ទោ​សាន​.​ច័ន្ទ​សារ៉េត​ប្រធាន​ក្រុមការងារ​ទី​៥​ជា​

អនុប្រធាននាយកដ្ឋាន​ភស្ដុភារ​និង​សម្ភារៈ​បច្ចេកទេស​បានធ្វើ​ការ​វាស់​លេខ​ទំហំ​ឯកសណ្ឋាន​សម្រាប់​ឆ្នាំ​២០១៨​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ផ្ទាល់​តែម្តង​ដើម្បី​ងាយស្រួល​ដល់​ការផ្គត់ផ្គង់​ជូន​ដល់​កងកម្លាំង​ម្នាក់ៗ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ថ្លៃថ្នូរ​និង​ទាន់ពេលវេលា​ដើម្បី​ឆ្លើយតប​ចំពោះ​ការគិតគូរ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​គ្រប់​ជាន់ថ្នាក់​ដល់​កងកម្លាំង​នគរបាលជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​ប្តេជ្ញា​និង​ធ្វើការ​បែងចែក​ឯកសណ្ឋាន​តាម​ទំហំ​ខ្នាត​ឲ្យ​បាន​ដល់ដៃ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ទៅតាម​គោល​របប​ដែល​ក្រសួង​បានកំណត់​៕
​

កម្ពុជា​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា UN ប្រឆាំង​អំពើពុករលួយ​

 

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០១៨​នេះ បានរៀបចំ​សិក្ខាសាលា ស្តីពី ការត្រួតពិនិត្យ ការអនុវត្ត អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ (UNCAC) ជុំ​ទី​២ នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍​នានា​ជុំវិញ​ដំណើរការ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា សិក្ខាសាលា​នេះ​ប្រារ​ព​ធ្វើឡើង​ក្នុង​គោលបំណង​៣​សំខាន់ៗ​គឺ ផ្តល់​ដល់់​ភាគី​ពាក់ព័ន្ធ នូវ​ចំណេះដឹង​ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ និង​យន្តការ នៃ​ការត្រួតពិនិត្យ ។ ផ្តល់​ដល់ សិក្ខាកាម នូវ​ព័ត៌មាន អំពី លទ្ធផល នៃ​ការត្រួតពិនិត្យ អនុសញ្ញា អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ​ជុំ​ទី​១​នៅ​កម្ពុជា និង វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ស្របតាម​អនុសាសន៍ ដែល​បាន​ដាក់ចេញ​ដោយ​ភាគី​ត្រួតពិនិត្យ​។ មួយវិញទៀត គឺ ផ្តល់​វេទិកា ដល់​ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្តល់​ធាតុ​ចូល​ដើម្បី​រៀបចំ​របាយការណ៍ ស្វ័យ​តម្លៃ ត្រៀម​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​ជុំ​ទី​២​។​
​
លោក​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​បាន​បញ្ជាក់ថា​“​ការត្រួតពិនិត្យ ការអនុវត្ត UNCAC​ជុំ​ទី​២​នឹង​ផ្តោតលើ វិធានការ​បង្ការ ទប់ស្កាត់ អំពើពុករលួយ និង​ការ​រឹបអូស​ផល នៃ​បទល្មើស​។ ហើយ​ការត្រួតពិនិត្យ​នឹង​ផ្អែកលើ​របាយការណ៍ ស្វ័យ​វាយតម្លៃ ដែល​កម្ពុជា រៀបចំ​តាមរយៈ​ការឆ្លើយតប​ទៅ នឹង​បញ្ជី​សំណួរ​ដែល​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ​។ កម្ពុជា ដែលមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ស្ថាប័ន​បង្គោល​សម្របសម្រួល​លើ​ការងារ​ត្រួតពិនិត្យ​នេះ បាន​បើកទូលាយ ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម និង​ធ្វើជា​ម្ចាស់ ក្នុង​ដំណើការ ចាប់ពី​ពេល​ត្រៀម​ចេញដំណើរ រហូតដល់​ដំណាក់កាល​ចុងក្រោយ នៃ​ការត្រួតពិនិត្យ ជា​ពិ​សេ ក្នុងដំណាក់កាល នៃ​ការរៀបចំ​របាយការណ៍​ស្វ័យ​វាយតម្លៃ ដើម្បី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង វិស័យ​សាធារណៈ វិស័យ​ឯកជន ផ្នែក​សិក្សាធិការ ផ្នែក​សារព័ត៌មាន និង​សង្គម​ស៊ី​វល អាច​ផ្តល់​ធាតុ​ចូល លើ​ការងារ ដែល​ខ្លួន​បាន​អនុវត្តន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​កាន់តែ​គ្រប់​ជ្រុងជ្រោយ​តាម​ការតម្រូវ​របស់ UNCAC”​។
​
លោក បន្ថែមថា ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​តេ​ជោ​ជា​ប្រមុខ​បាន​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​រៀបចំ​ប្រកបដោយ​តម្លាភាព​និង​ភាព​គ្រប់​ជ្រុងជ្រោយ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​ត្រូវបាន​អង្គការសហប្រជាជាតិ កំណត់​ជា​គំរូ​នៃ​ការរៀបចំ​ដ៏​ល្អ ដោយ​កម្ពុជា បាន​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​ដំណើរការ នៃ​ការត្រួតពិនិត្យ​នេះ​។

​សូមបញ្ជាក់ថា UNCAC ជា​លិខិត​តូ​បក​រណ៍​អន្តរជាតិ​ដែលមាន​លក្ខណៈ​សកល និង​មាន​លក្ខណៈ​ចង កាតព្វកិច្ច​តម្រូវ​ឲ្យ​ប្រទេស​រដ្ឋ​ភាគី​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​លើ​ទិដ្ឋភាព​ច្បាប់ និង​យន្តការ​នៃ​ការអនុវត្ត​នានា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕
​