All posts by មេគង្គ ប៉ុស្តិ៍

កម្មករ​រោងចក្រ​ដែល​ថៅកែ​រត់ចោល រី​ករាយ​ពេល​បាន​បើក​ប្រាក់ខែ

​ភ្នំពេញ ៖ ថ្ងៃនេះ ជា​ថ្ងៃទី​២​ហើយ ដែល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​យុទ្ធនា​ការផ្តល់​ថវិកា ដល់ក​ម្មករ និយោជិត សរុប​ចំនួន ២,៥៤២​នាក់ ដែល​ម្ចាស់​រោងចក្រ​រត់ចោល​ចំនួន​៤​គឺ ហ្គ្រេ​ត​អន​នើ អ៊ី​ហ្វា ប៊ី​ណូ និង​ជុង​ហ្វៃ​។​

​ការផ្តល់​ថវិកា​នេះ គឺ​ប្រើប្រាស់​ថវិកា​បុរេប្រទាន របស់​រដ្ឋាភិបាល ដើម្បី​សម្រួល​ដល់​ទុក្ខលំបាករ​បស់បង ប្អូន​កម្មករ និយោជិត ។ ការផ្តល់​ថវិកា​នេះ គឺធ្វើឡើង​ស្របតាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បានសម្រេច​ផ្តល់​ថវិកា សម្រាប់​ដោះស្រាយ​សំណង ជូន​កម្មករ​ចំនួន ៤,១៤៦​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន​៩ ដែល​ថៅកែ​រត់ចោល ដោយ​មិនបាន​ទូទាត់​ប្រាក់​ឈ្នូ​ល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​ដល់​បងប្អូន​កម្មករនិយោជិត​។​

​បងស្រី សូ សុខា អតីត​កម្មការិនី​ផ្នែក​កាត់​ព្រុយ នៅ​រោងចក្រ ហ្គ្រេ​ត​អន​នើ អស់​រយៈពេល​១៤​ឆ្នាំ ទទួលបាន​ថវិកា​ចំនូ​ន ១,៤០០​ដុល្លារ បាន​សម្តែង​ការសប្បាយរីករាយ​ថា​៖ “​ខ្ញុំ​សូម​អរគុណ​ដល់ រដ្ឋាភិបាល​ដែល​បាន​ជួយ​អន្តរាគមន៍​ក្នុង​ការបើក​លុយ​ជូន​ដល់​អតីត​កម្មករ​នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ ដែល​ថៅកែ​រត់ចោល​។ ពួក​ខ្ញុំ​រង់ចាំ​ជិត​២​ឆ្នាំ​ហើយ​មកដល់​ថ្ងៃនេះ​។ អរគុណ ស​មេ្ត​ច តេ​ជោ និង​ក្រសួង​ការងារ​ដែល​បាន​ជួយ​ពួក​ខ្ញុំ​។​”

ដូចគ្នា​ផងដែរ បង ស្រី គ្រេង ឆេង ជា​កម្មការិនី​ផ្នែក​ដេរ អស់​រយៈពេល​២០​ឆ្នាំ នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ មកពី​ខេត្តកណ្តាល​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ក្រោយពេល​ទទួល​ថវិកា​ថា​៖“​ខ្ញុំ​ទទួលបាន ថវិកា​ចំនួន ១,៦៤៩​ដុល្លារ​។ ខ្ញុំ​មិនដែល​នឹកស្មានថា​គេ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​ទេ ខ្ញុំ​ពិតជា​អរគុណ សម្តេច ហ៊ុន សែន ណាស់​ដែល​បាន​ដោះស្រាយ​ប្រាក់​សំណង​ដែល​ថៅកែ​រោងចក្រ​រត់ចោល​ដល់​ពួក​ខ្ញុំ​ព្រោះ ជិត​ចូលឆ្នាំថ្មី​ហើយ បាន​លុយ​ខ្លះ​យកទៅ​ស្រុក​”​។​​ចំណែកឯ​បងស្រី ណឹ​ប ច​ន្ធី ដែល​បានធ្វើការ​១៦​ឆ្នាំ​នៅ​រោងចក្រ​ហ្គ្រេ​ត​អន​នើ​ដែរនោះ បាន​អះអាងថា គាត់​ទទួលបាន​ថវិកា​សរុប ១,៦៧០​ដុល្លារ​។ គាត់​លើកឡើងថា​៖ “​ពីមុន​ខ្ញុំ​ពិបាកចិត្ត​ណាស់ មិនដឹង​ថ្ងៃ​ណា​គេ​បើក​លុយ​ឲ្យ​នោះទេ ព្រោះ​ថៅកែ​រោងចក្រ​បាន​រត់​បាត់​ហើយ

​។ តែ​ពេលនេះ សំណាង​ណាស់​ដែល​រដ្ឋាភិបាល​បាន​ជួយ​។​” លោក ទេស រុក្ខា​ផល អគ្គលេខាធិការរង នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ពន្យល់​អំពី​ការទូទាត់​ថវិកា​ជូន​កម្មករនិយ

ោជិត​ថា​៖ “​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បាន​ផ្តល់ជូន​ការទូទាត់​លើ​បី​ចំណុច​គឺ ប្រាក់ខែ​ចុងក្រោយ ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់​បណ្តេញចេញ​ស្មើនឹង​ប្រាក់​អតីតភាព​ការងារ​ពួកគេ​។​”​គួរបញ្ជាក់​ផងដែរ​ថា ការបែងចែក​ថវិកា​ជូន​កម្មករនិយោជិត​នេះ គឺ​ក្រសួង​ការងារ​មាន​រូបមន្ត គណនា​ច្បាស់លាស់ ដោយ​ត្រូវ​គិត​ទៅតាម​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ និង​កិច្ចសន្យាការងារ មិនមាន​ថិរវេលា​មិន​កំណត់ ហើយ​និង​អតីតភាព​ការងារ​របស់​ពួកគាត់​ម្នាក់ៗ​។​

ជាមួយគ្នានេះ​ផងដែរ ក្រៅពី​ការបើក​ថវិកា​ជូន​បងប្អូន​កម្មករនិយោជិត ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏មាន​រៀបចំ​ស្តង់​សម្រាប់​ចុះឈ្មោះ​បងប្អូន​កម្មករនិយោជិត​ណា​ដែល​ត្រូវការ​ស្វែងរក​ការងារ​ធ្វើ ចង់​ផ្លាស់ប្តូរ​ការងារ ឬក៏​ត្រូវការ​សេវា​ប្រឹក្សា​យោបល់​ការងារ​តាមរយៈ​សេវា​ការងារ​របស់ រដ្ឋាភិបាល​ដែល​ផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។ សម្រាប់​រយៈពេល​ពីរ​ថ្ងៃនេះ មាន​បងប្អូន​ដែល​បានមក​ចុះឈ្មោះ​ស្វែងរក​ការងារ​ជាមួយ​ក្រសួង​មាន​ប្រមាណ​ជិត​២​ពាន់​នាក់ ៕
​

ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​ជា​លើក​ទី​២ នឹងធ្វើ​នៅ ខែតុលា នា​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ បន្ទាប់​ទទួលបាន​ជោគជ័យ​នៃ​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​នៅក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រសួង​ទេសចរ​ណ៌ ក៏បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​នេះ​ជា​លើក​ទី​២ នា​ខែតុលា​ខាងមុខ ដែល​ជ្រើស​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ​កម្មវិធី​នេះ​វិញ​ម្តង​។​
​
ក្រសួងទេសចរណ៍ បានកំណត់​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២ ដែល​ហៅថា Cambodia Travel Mart (CTM 2018) នា​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ទីតាំង​ជាក់លាក់​តែម្តង គឺ​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុង​ការរៀបចំ​ព្រឹត្តិការ​ណ៌​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២​នេះ ក្រសួង​ទេសចរ​ណ៌​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Slickbooth Holding Co,.Ltd ។

​បើតាម​ការបញ្ជា​ក់រប​ស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មូល​ហេតុដែល​ក្រសួង​ទេសចរ​ណ៌​សម្រេច​ជ្រើស​យក រាជធានី​ភ្នំពេញ​ជា​កន្លែង​រៀបចំ​ពិ​ព័រ​ណ៌​ទេសចរ​ណ៌​នេះ គឺ​ដោយសារ​ភ្នំពេញ ជា​គោលដៅ​ទេសចរណ៍​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​គ្រាប់​គ្រាន់ និង​ស្របតាម​ស្តង់ដារ​ដែល​ហៅថា ម៉ា​យ​ស៏ (MICEs) ផងដែរ សម្រាប់​ក្រុមហ៊ុន​ធុរកិច្ច​ជាតិ និង​អន្តរជាតិ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ធំៗ ។
​
ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ កាលពី​ចុង​ស​ប្តា​ហ៌​កន្លងមកនេះ ឯកឧត្តម ថោង ខុន បាន​បង្ហាញថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨ គឺជា​វេទិកា ដ៏​មាន​សារៈសំខាន់ ដែល​នឹង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ ឲ្យ​បាន​ស្គាល់​និង​ដឹងថា ក្រៅពី​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប កម្ពុជា​ក៏មាន​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​ផងដែរ ពិសេស​នៅ​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​ជាដើម​។

​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ហៅថា Cambodia Travel Mart 2018) នឹង​ក្លាយជា​វេទិកា​ជួបជុំ​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក និង អន្តរជាតិ ប្រមាណ ៧០០​ក្រុមហ៊ុន​។ ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តជាតិ ជាច្រើន​ទៀត​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ ដែល​នឹង​ជួយ​ផ្សព្វផ្សាយ វិស័យ​ទេសចរណ៍​កម្ពុជា អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង​៥​លាន​៦​សែន​នាក់ ដែល​បាន​ទាញយក​ចំណូល​ដោយផ្ទាល់ ចំនួន​៣​ពាន់​៨​រយ​លាន​ដុល្លា​អាមេរិក និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​៦២​ម៉ឺន​នាក់​។ ចំណែក​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​កន្លងមកនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ប្រមាណ​១​លាន​១​សែន​នាក់ ដែល​កើន ១១ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​តាម​ការរំពឹងទុក កម្ពុជា នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៦​លាន​១​សែន​នាក់ នៅ​ឆ្នាំ​២០១៨​នេះ ហើយ​និង​កើនឡើង​ដល់ ៧​លាន​នាក់​នា​ឆ្នាំ​២០២០​ខាងមុខ ជាមួយនឹង​ចំណូល​ប្រមាណ ៥ ពាន់​លាន ដុល្លារ​អាមេរិក រួម​និង​ការបង្កើត​ការងារ​ប្រមាណ​១​លាន​នាក់​៕
​

គ​.​ជ​.​ប កំណត់​ត្រឹម​២១​ថ្ងៃ ឲ្យ​បក្ស នយោបាយ​ឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដ​ដឹងថា ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

គ​.​ជ​.​ប បាន​បញ្ជាក់ថា ដើម្បីឱ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​អាច​ផ្សព្វ ផ្សាយ​នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ស្មើភាព នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន ចេញ​គោល ការ​ចំនួន​២ រួមមាន​៖ គោលការណ៍ សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការរៀបចំ​កម្មវិធី​សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ​ក្នុងអំឡុង ពេល​ឃោសនាបោះឆ្នោត​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គោលការណ៍​ទាំងពីរ​ខាងលើ​បាន​ជោគជ័យ គ​.​ជ​.​ប នឹង​បង្កើត​គណៈកម្មការ​សម្រប សម្រួល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង អំឡុងពេល​ឃោសនាបោះឆ្នោត​។​

គ​.​ជ​.​ប បាន​បន្តថា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​បំណង​រៀបចំ​កម្មវិធី សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​គណបក្ស ន​យោ បាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ដែលមាន​បំណង​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស នយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត អាច​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សម្រប សម្រួល គ​.​ជ​.​ប មុននឹង​ចាប់ផ្តើម​ដំណើរការ ៕
​

អាស៊ាន រំពឹងថា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ទោះជា​មាន​ភាព​តានតឹង​ក្តី​

​អាស៊ាន ៖ តំបន់​អាស៊ីអាគ្នេយ៍​មើលឃើញថា នឹង​នៅតែ​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ បើទោះបីជា​ភាព​តានតឹង​នៃ​ការដំឡើង​អត្រាពន្ធ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុង​ជំរុញ​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​ពិភពលោក​ក៏ដោយ​។​

​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​អាស៊ាន ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន បាន​ព្យាករ​ថា តំបន់​អាស៊ាន​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១០ និង​មាន​ប្រជាជន​ជាង​៦៣០​លាន​នាក់ នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អាត្រា​ខ្ពស់ជាង​តំបន់​ផ្សេងទៀត​ក្នុង​ពិភពលោក ក្នុងឆ្នាំនេះ ខណៈដែល​អា​ត្រ​កំណើន​ឆ្នាំមុន​មាន ៥,១ ភាគរយ​។

​ា​ចំពោះ​ហានិភ័យ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង សហរដ្ឋអាមេរិក និង ចិន រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា អាច​នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ​ក្នុង​តំបន់​ផងដែរ ដែល​អាស៊ាន​ត្រូវ​ឃ្លាំមើល​ស្ថានភាព​នេះ​។ ប៉ុន្តែ​បញ្ហា​នេះ គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​នោះទេ​សម្រាប់​អាស៊ាន​។

​រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា បើសិន​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​ខ្លាំង រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នោះ គឺ​ពុំមាន​នរណាម្នាក់​នឹង​ក្លាយជា​អ្នកឈ្នះ​នោះទេ​នៅក្នុង​ជម្លោះ​នោះ​។

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមេសា​កន្ល​ង​មកនេះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ហូតពន្ធ​បន្ថែម​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​ទៀត​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ខណៈដែល​ការ​ហូតពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ត្រូវ​បានកំណត់​រួចទៅហើយ ថា​នឹងត្រូវ​ជាប់ពន្ធ​ពិន័យ​នោះ​។

​ចំណែក​ប្រទេស​ចិន ក៏បាន​ប្រកាស​ពី​ផែនការ​តបត​ផងដែរ ដោយ​នឹង​ដំឡើង​ពន្ធ​នាំចូល​ពី​សហរដ្ឋអាមេរិក​វិញ ដូចជា សណ្តែកសៀង យន្តហោះ និង​រថយន្ត​ជាដើម ហើយ​ប្រទេស​ចិន​ក៏បាន​ដាក់​ដំណើរការ​បណ្តឹង​មួយ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ទៀតផង​៕​

១៧​ឆ្នាំ​នៃ​ការបង្កើត​ពន្លក​តារាក​ម្ពុ​ជា​តាមរយៈ​ផ្នែក​ឯកជន​

​ភ្នំពេញ ៖ បើ​និយាយ​អំពី​វិស័យ​សិល្បៈ ការបង្កើតអោយមាន​តា​រា​សម្តែង តារា​បង្ហាញ​ម៉ូត ឬក៏ តារាចម្រៀង​។​ល​។ ផ្នែក​រដ្ឋ​តែមួយ​គឺ​មិន​គ្រប់គ្រាន់​ទេ វា​ទាល់តែ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន បន្ថែមទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​។

​នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រប់គ្រង កម្មវិធី​ប្រកួត​ជ្រើសរើស​តារា​ក្នុង​វិស័យ​សិល្បៈ​លោក ប៊ុន​គើ​ដ អាំង​អាំ​នួ​យ​សិរិ នៃ​ក្រុមហ៊ុន BKA INTERTANMENT ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កម្មវិធី​ប្រកួត​ចំនួន ៣​ព្រមៗ គ្នា ដែល​ក្នុងនោះ​មាន កម្មវិធី​ប្រកួត FRESHIE Girl and Boy ជំនា​ន់ទី​១៧,​កម្មវិធី​ប្រកួត KHMER SUPER MODEL​ជំនា​ន់ទី​៩ និង​កម្មវិធី​ប្រកួត MISTER CAMBODIA ជំនា​ន់ទី​២ ដើម្បី​ផ្តល់​ជា​វេទិកា​កិត្តិយស​ដល់​យុវជន យុវនារី​កម្ពុជា​បានបង្ហាញ​ពី​សមត្ថភាព​ទេពកោសល្យ រូបសម្បត្តិ និង​ភាពស្រស់​សង្ហារ​របស់​ពួកគេ​។​

​លោក ប៊ុន​គើ​ដ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង និង​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​បាន អនុញ្ញាត និង​យកចិត្តទុកដាក់​ចំពោះ​កម្មវិធី​ចម្រាញ់​ជ្រើសរើស​តារា​ក្នុង​វិស័យ​សិល្បៈ​នៅ កម្ពុជា​នាពេល​កន្លងទៅ​ក្រោម​ការរៀបចំ​ដោយ​ក្រុមការងារ​របស់លោក​។ លោក​ថា កម្មវិធី​ទាំង នេះ​គឺជា​សួន​នៃ​ការបណ្តុះ​ពន្លក​តារា​កម្ពុជា ជា​មា​គា​៌​ក្នុងការ​ចម្លង​ក្តី​ស្រមៃ​នៃ​យុវជន យុវតី​ខ្មែរ បានសម្រេច​នូវ​គោលដៅ ក៏ដូចជា​បំណងប្រាថ្នា​របស់​ពួកគេ​ចំពោះ​សង្គម​សិល្បៈ​កម្ពុជា ដែល ពួកគេ​អាច​ក្លាយជា​សិល្បករ សិល្បការិនី​ដ៏​មាន​គុណភាព​មួយរូប​នាពេល​អនាគត ដោយ​ក្នុង រយៈពេល ១៧​ឆ្នាំ​កន្លងទៅនេះ BKA INTERTANMENT ពិតជា​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី រួមចំណែក​ក្នុងការ​បណ្តុះ​ពន្លក​ថ្មី​នៃ​អ្នកសិល្បៈ​នៅ​កម្ពុជា ក្រោម​កិច្ច​គាំទ្រ​ពី​សំណាក់​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ​យ៉ាងសកម្ម​ផងដែរ​៕​

កម្ពុជា​ដំណើរការ​មូលនិធិ​សកល​ប្រឆាំង​ជំងឺអេដស៍ និង​របេង​ឆ្នាំ​២០១៨-២០២០

​ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ម៉ាក អេ​ឌី​ង​តុ​ន នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត សំណង​នៃ​មូលនិធិ​សកល​បានរួម​គ្នា​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នូវ​កម្មវិធី​ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺអេដស៍​និង​របេង​នៅ​កម្ពុជា​ដោយ​ក្នុង​ពី​ធី​នេះ​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែមេសា នេះ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ហៅ​មូលនិធិ​សកល​ថា ជា​ដៃគូ​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដែល​បានរួម​ចំណែក​ដ៏​ច្រើន​ដល់ កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធកម្ម​គួរ​ជាទី​មោទនៈ ក្នុងការ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ពី​ជំងឺ​ទាំងនេះ​។

​លោក​បាន​បន្តថា ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ប្រមាណ​ជាង ៥៥​លាន​ដុល្លារ​
​អាមេរិក​នាពេលនេះ គឺជា​ជំហាន​ដ៏​ធំ​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង និង​ពិភពលោក​ទាំងមូល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​របេង​។ ជំនួយឥតសំណង នេះ បាន​វិភាជន៍​ថវិកា​ចំនួន ៤១ លាន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​ថវិកា​ចំនួន​ប្រមាណ ១៣ លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត សម្រាប់​ការងារ ប្រយុទ្ធ នឹង​ជំងឺរបេង ដែល​នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ទៀត​សម្រាប់ រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ ស្របតាម​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា នៃ​ផែនការ យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ គឺ “​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សុខភាព និង​សុខមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម កិច្ច​ប្រកបដោយ​ចីរភាព​”​។

​ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ បាន​គូស​បញ្ជាក់ដែរថា នេះ​គឺជា​គម្រោង​ទី​១​ហើយ ដែល​មូលនិធិ​សកល​បាន​ឯកភាព ទទួលយក​ប្រព័ន្ធ​ប្រទេស​សម្រាប់​អនុវត្ត​គម្រោង​ដែល​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹងសមត្ថភាព​ទទួល ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ អំពី​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល​ចំពោះ​សមត្ថភាព និង​ភាព ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​ថែមទៀត​ផង​។

​ដូច្នេះ​ពិធី ប្រកាស​ដាក់ឱ្យអនុវត្ត​នាពេលនេះ គឺជា​សក្ខីកម្ម នៃ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​រាជ​រដ្ឋា​ភិ បាល​កម្ពុជា និង​មូលនិធិ​សកល ហើយ​ថា តាមរយៈ​ការប្តេជ្ញា និង​ឆន្ទៈ​ដ៏​មោះមុត​របស់ យើង​ក្នុងការ​យកជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទាំងនេះ ក៏ដូចជា​ការថែរក្សា ការពារ​នូវ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ដាក់ចេញ​នូវ​ចង្កោម​សកម្មភាព​ការងារ និង​យន្តការ​សម្រាប់​អនុវត្ត​នៅក្នុង​ស្មារតី សហការគ្នា​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ យើង​បាន​រួមគ្នា​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ភាពជា ដៃគូ និង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល​ក្នុង​ស្មារតី​គោរព គ្នា​ទៅវិញទៅមក​៕​

ក្រសួង​ទំនាក់ទំនង​សភាព្រឹទ្ធសភាបង្ហាញថា អង្គភាព​នានា​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​ស្របតាម​ច្បាប់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អ​ធិ ការ​កិច្ច ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិស ដៅ​ការងារ​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា តាមរយៈ​ការចុះ​ធ្វើ​អធិការកិច្ច តាមដាន​ការអនុវត្តន៍​ច្បាប់ និង​អង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង​នាពេល​កន្លងមក​បានបង្ហាញ​ថា ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​បានល្អ​ប្រសើរ ព្រមទាំង បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​គ្រប់ផ្នែក គ្រប់​ជំនាញ ដើម្បី​លើក កម្ពស់​សមត្ថភាព​មន្ត្រី​រាជការ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៣ របស់​រាជរដ្ឋាភិបាល​។​

​ថ្លែង​បើក​សន្និបាត​នា​ព្រឹក​ថ្ងៃទី​១០ មេសា​នេះ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក ឆេង សារឿន មានប្រសាសន៍ថា ការរៀបចំ សន្និបាត​ប្រចាំ​ឆ្នាំនេះ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​បូកសរុប​លទ្ធផល​ការងារ ដែល ក្រសួង​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លងទៅ លើកឡើង​ពី​ការ​ប្រឈម​របស់​ក្រសួង ពិភាក្សា និង​ផ្លាស់ប្តូរ យោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការណ៍ និង ទិសដៅ​ថ្មីៗ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានរួម​ចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជាតិ​ជាច្រើន សំដៅ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​រួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ រហូត​សម្រេចបាន លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការងារ​ជាច្រើន​ដូចជា ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ ការងារ​អធិការ កិច្ច និង​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់​ជាដើម ហើយ​ថា តាមរយៈ​លទ្ធផល​អធិកា​រ​កិច្ច និង ការអង្កេត និង​ដោះស្រាយ​ពាក្យបណ្តឹង​នានា ក្រសួង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ ជំរុញ​តម្លាភាព និង​គណនេយ្យភាព ជួយ​កាត់បន្ថយ​ការរំលោភ​ដោយ​អំណាច និង​អំពើ​ពុក រលួយ ដែលជា​ការងារ​ស្នូល​ដ៏​សំខាន់ នៃ​អភិបាលកិច្ច​ល្អ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​៕​

ពន្ធដារ​កម្ពុជា តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ វត្ថុ​បញ្ជូន​របាយការណ៍​ព័ត៌មាន​ពី​គណនី​ជនជាតិ​អាមេរិក​

​ភ្នំពេញ ៖ ជាការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្តីពី​ច្បាប់​ពន្ធ​អន្តរជាតិ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក អគ្គនាយកដ្ឋាន​ពន្ធដា​រ តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សហគ្រាស​ធានារ៉ាប់រង បញ្ជូន​របាយការណ៍​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​។​

​អគ្គនាយក​ពន្ធដារ (GDT) បាន​ជូនដំណឹង​មួយ​កាល​ពីស​ប្តា​ហ៌​មុន ដែល​តម្រូវអោយ​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំងអស់​នៅ​កម្ពុជា ត្រូវបញ្ជូន​របាយការណ៍​ព័ត៌មាន​ដែល​ទាក់ទង​នឹង​គណនី​របស់​ជនជាតិ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧ អោយបាន​មុន​ថ្ងៃទី ២៩ ខែមិថុនា ដើម្បី​អគ្គនាយកដ្ឋាន​ពន្ធដារ ពិនិត្យ​និង​បញ្ជូន​របាយ​យ​ការ​ណ៌​ទាំងនោះ ទៅកាន់ អាជ្ញាធរ​ចំណូល​ក្នុងស្រុក​សហរដ្ឋអាមេរិក (US Internal Revenue Service-IRS) អោយបាន​ទាន់ពេលវេលា​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នេះ​ថា ក្នុងករណី​ផ្ញើ​របាយការណ៍​យឺត​ពេល​កំណត់ ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា​នោះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​កាតព្វកិច្ច​ត្រូវ​រាយការណ៍​ស្ថិតក្រោម​កិច្ចព្រមព្រៀង FATCA នឹងត្រូវ​ទទួលខុសត្រូវ និង​រង​ពិន័យ​ណាមួយ យោងតាម​កិច្ចព្រមព្រៀង​នេះ​។ ការធ្វើ​របាយ​ការ​ណ៌​ប្រចាំឆ្នាំ​ដែល​ទាក់ទង​នឹង គណនី​របស់​ជនជាតិ​អាមេរិក​នេះ គឺជា​ការអនុវត្ត តាម​កិច្ចព្រមព្រៀង​មួយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​អនុលោមភាព​ពន្ធ​អន្តរជាតិ និង​ដើម្បី​អនុវត្ត​តាមច្បាប់ ស្តីពី​អនុលោមភាព​ពន្ធចំពោះ​គណនី​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក (FATCA)៕​

ចាប់ផ្តើម​បើក​សាកល្បង​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ -​ព្រលាន​យន្ត​យ​ហោះ ភ្នំពេញ​

​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម រថភ្លើង ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​ជាពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវ​ធ្វ់​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន​ស្ទះចរាចរណ៍​និង​ចំណេញ​ពេលវេលា​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី ចូល​ព្រលានយន្តហោះ​នេះ គឺ​ដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង​ចំនួន​៣​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក​។ ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​តាម​ផ្លូវដែក ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​ព្រលានយន្តហោះ មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។​

​ផ្លូវដែក​នេះ​បំបែក​ពី​ផ្លូវ​ចាស់ (​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​) ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ កំណាត់​ថ្មី​នេះ​មាន​ប្រវែង ១,៩១៣​ម៉ែត្រ ហើយ​រថភ្លើង​៣​គ្រឿង នឹងដាក់​ឲ្យ​ដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចំពោះ​កន្លែង​ឆេ​ក​អ៊ី​ន​( Chek in) អ្នកដំណើរ​អាច​ឆែក​នៅ​ស្ថានីយអយស្ម័យយាន​ភ្នំពេញ ហើយ​ពេលមកដល់​អាកាសយានដ្ឋាន យើង​អាច​ឡើងទៅ​កន្លែង​ត្រួតពិនិត្យ​លិខិតឆ្លងដែន​តែម្តង​។​

​សូមជម្រាបថា ការដាក់​ឲ្យ​ដំណើរ​រថភ្លើង​នេះ មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើដំណើរ របស់​អ្នក​ត្រូវ​ឡើង​យន្តហោះ​ប៉ុណ្ណោះ​ទេ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ អ្នក​ដែល​ធ្វើដំណើរ​ទាំងអស់​ត្រូវ បាន​ត្រួតពិនិត្យ​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង​ជាមុន ហើយ​មិនបាច់​ទៅ​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​ទៀត​នោះឡើយ​៕​

ផែនការ​បំផ្ទុះ​គ្រាប់បែក​របស់​ក្រុម សម សេរី ពេល​បុណ្យចូលឆ្នាំថ្មី ត្រូវបាន​ទប់ស្កាត់

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ មេសា នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ទម្លាយ​ផែនការ​សម្ងាត់​មួយ​របស់​ក្រុម​ក្បត់ជាតិ ដែល​ចង់​បង្ក​ភាពចលាចល​នៅ​ក្រុងភ្នំពេញ និង​ក្រុង​សៀមរាប​! ប៉ុន្តែ​ផែនការ​នោះ​ត្រូវបាន​ទប់ស្កាត់​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្របគ្រង​ចំនួន​ជាង​៣​ពាន់​រយ​នាក់ នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ នៅ​សាល​សន្និបាត​កោះ​ពេជ្រ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​មួយ​ដែល​ទាក់ទង​នឹង​ផែនការ​របស់​ក្រុម​ក្បត់ជាតិ ដែល​ចង់​បង្ក​ភាពចលាចល​នៅក្នុង​ទីក្រុង​ភ្នំពេញ និង ក្រុង​សៀមរាប នៅ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ចំណែក​សមាសភាព​អ្នកបញ្ជា​នៅ​ពីក្រោយ​ផែនការ​នេះ ត្រូវបាន​សម្តេច​តេ​ជោ បង្ហាញថា គឺ​ឈ្មោះ សម សេរី នាយករដ្ឋមន្ត្រី​ថ្លែងថា « ….​យប់​ម៉ិ​ញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទៅអោយ​អភិបាលក្រុង បានដឹង​ហើយ​…​ខ្ញុំ​សូម​ប្រកាស​ផែនការ​លោក​ឯង​ទាក់ទង​នឹង​នា​ថ្ងៃ​១២ នៅ​វត្តភ្នំ​! ខ្ញុំ​គ្របគ្រង​សភាព​ការ​ណ៌​បាន​មុន​ហើយ​!…..​ដូចនេះ ការគ្រប់គ្រង​អំណាច​មិនមែន​គ្រាន់តែ​ជា​រឿង​ធម្មតា​ពេក​ទេ គឺ​ត្រូវ​ត្រៀម​កងកម្លាំង​សមត្ថកិច្ច​ចាំ​ការពារ សុវត្ថិភាព និង​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ ផងដែរ​….»​។

​ទន្ទឹមនឹង​ការងារ​ការពារ​សន្តិសុខ​ជាតិ ដែល​រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រួចរាល់​ហើយ​នោះ សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​ស្នើអោយ​អាជ្ញាធរខេត្ត​និ​មួយៗ ត្រូវ​ត្រៀមកម្លាំង​ការពារ​និង​រៀបចំ​សណ្តាប់ធ្នាប់​អោយបាន​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​កម្សាន្ត​ដោយ​រីករាយ​។ ដូចគ្នានេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្លួនឯង​ផងដែរ ទាំង​ការធ្វើ​ចរាចរណ៍ និង ការពារ​កុំអោយ​កើតមាន​គ្រោះ​អគ្គិភ័យ ជាដើម​។

​ចំណែក បញ្ហា​តម្លៃ​រថយន្តក្រុង​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ បើសិនជា​ក្រុមហ៊ុន​រថយន្តក្រុង​ឯកជន នៅតែ​តម្លើងថ្លៃ​ខ្ពស់​ដូច​ឆ្នាំមុនៗ​ទៀត​នោះ សម្តេច​តេ​ជោ បាន​ថ្លែងថា រដ្ឋាភិបាល​នឹងធ្វើ​ការបន្ថែម​ចំនួនរ​ថ​យន្ត​ក្រុង​សាធារណៈ​អោយដល់​២០០​គ្រឿង​តែម្តង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ឆ្នាំក្រោយ ដើម្បី​ដេញជើង​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ខណៈដែល​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បានរៀបចំ​សាកល្បង អោយមាន​ការធ្វើដំណើរ​មិន​គិតថ្លៃ តាមរយៈ​រថយន្តក្រុង​សាធារណៈ​ចំនួន​៦០​គ្រឿង​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា​។​
​គួរ​ជម្រាប​ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ កាលពី​ឆ្នាំ​២០១២ ។

លោក សម សេរី  ធ្លាប់ ​បញ្ជាក់ថា ការបង្កើត​ចលនា​នេះ​ឡើង ដើម្បី​តស៊ូ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​អាណានិគម​បែប​ថ្មី​របស់​វៀតណាម និង​របប​ដឹកនាំ​របស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ចាត់ទុកជា​ចលនា​ក្បត់ជាតិ​។ រដ្ឋាភិបាល ក៏បាន​ចាប់ខ្លួន​សមាជិក​ចលនា​រណ​សិ​រ្យ​នេះ​ប្រមាណ​១០​នាក់ កាលពី​ថ្ងៃ​២៣ តុលា ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយ​ដុត​ទង់ជាតិ​វៀតណាម​៕
​

ចាក់​សម្លាប់​ប្រពន្ធចុង​ទាំង​មាន​ផ្ទៃពោះ​៤​ខែ​ព្រោះតែ​នាង​សុំ​ចែកផ្លូវ​គ្នា​

​សៀមរាប ៖ បុរស​ម្នាក់​បាន​ចាក់​ប្រពន្ធចុង ប្រមាណ​ជា​៥​កាំបិត​ចុង​ស្រួច បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗ ទាំង​មាន​ផ្ទៃពោះ​៤​ខែ ព្រោះតែ​មិន​ចង់​ឮ​ពាក្យ​ថា បែកផ្លូវ​គ្នា​។ ក្រោយ​ប្រពន្ធ​ស្លាប់​ប៉ុន្មាន​ម៉ោង ប្តី​ហេងស៊យ ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះដៃ​បញ្ជូន​ប៉ុស្តិ៍នគរបាល​។​
ហេតុការណ៍​ដ៏​ព្រៃផ្សៃ​នេះ បានកើត​ឡើង​នា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅលើ​ដង​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​។​

ជនសង្ស័យ​ជា​ប្តី​ចុង​មានឈ្មោះ ស៊ន់ ទឹក អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូន​រួចហើយ មានមុខរ​បរជា​កម្ម​ករ​។ ឯ​ស្ត្រី​ជា​ជនរងគ្រោះ​មានឈ្មោះ ប៉ក់ ឈាន អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ មានមុខរ​បរជា​កម្ម​ករ​ដូចគ្នា​។​

អធិការនគរបាល​ស្រុក​សូទ្រនិគម លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ បាន​ឲ្យ​ដឹងថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ គឺ​ដោយសា​តែ​រូបគេ​ស្រឡាញ់​ប្រពន្ធចុង​(​ស្ត្រី​ដែល​ស្លាប់​)​នេះ​ខ្លាំងពេក ហើយ​មិន​ចង់​បែកផ្លូវ​គ្នា​ជាមួយ​នាង ក្នុង​គ្រា​ដែល​នាង​បានដឹង​រឿង​ថា​រូបគេ​មាន​ប្រពន្ធ​កូន​រួចហើយ ក៏​សុំ​បែកផ្លូវ​គ្នា​។ លោក​បន្តថា ដំណើររឿង​ពួកគេ​ស្រឡាញ់គ្នា​ក្នុងពេល​ធ្វើក​ម្មករ​ជាមួយគ្នា​។ កាល​ជួបគ្នា​ដំបូង​នៅឯ​ខេត្តកំពង់ធំ ជនសង្ស័យ​បាន​លួងលោម​នាង​ថា រូបគេ​មិនមាន​ប្រពន្ធ​កូន​អី​ទេ ហើយ​ពេលនេះ​រូបគេ​ចង់​រស់នៅ​ជាមួយ​នាង ដោយ​បង្កើត​គ្រួសារ​មួយ​មានកូន​ប្រុស​ស្រី​ដូច​អ្នកផង​ទាំងឡាយ​។ សំដី​ផ្អែមល្ហែម​របស់​ជនសង្ស័យ ធ្វើ​ឲ្យ​នាង​ព្រម​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៨​ខែ និង​បាន​បន្សល់​កូន​ក្នុង​ផ្ទៃ​៤​ខែ​ផងដែរ​។​

នៅ​ថ្ងៃទី​៦ ខែមេសា មុន​កើតហេតុ ជនសង្ស័យ​បានមក​ផ្ទះ​ប្រពន្ធដើម នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លុះ​ថ្ងៃ​បន្ទាប់ ប្រពន្ធចុង​(​នាងរង​គ្រោះ​)​ក៏បាន​តាម​មករក​ប្តី​ដើម្បី​សុំ​យក​អត្តសញ្ញាណ​បណ្ណ ទៅ​បញ្ចប់​សំណុំរឿង​លែងលះ​ជាមួយ​ប្តី​ដើម​។ តែ​ពេលមកដល់​ភូមិ​កើតហេតុ ជនរងគ្រោះ​ក៏បាន​ដឹង​រឿង​ថា​ប្តី ហេងស៊យ នេះ​មាន​ប្រពន្ធ និង​កូន​រួចហើយ ទើប​នាង​និយាយថា បើ​បង​មាន​ប្រពន្ធ និង​កូន​ហើយ​សុំ​រស់នៅ​ជាមួយ​គាត់​ចុះ ខ្ញុំ​សុំ​តែ​អត្តសញ្ញាណ​បណ្ណ វិល​ទៅ​ស្រុក​វិញ​តែប៉ុណ្ណោះ​។​

លោក​អធិការ​បញ្ជាក់​ពី​ចម្លើយ ជនសង្ស័យ​ទៀតថា ពេលឮ​នាង​និយាយ​ពី​ការ​បែក​គ្នា​បែបនេះ ជនសង្ស័យ​មិន​ចង់​បែក ក៏មាន​គំនិត​គិតពី​ឃាតកម្ម​នេះ​តែម្តង​។ លុះ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្នុងខណៈ​ជនរងគ្រោះ​កំពុង​ដើរ​លើ​ផ្លូវលំ​ជាមួយ​ម្តាយ​របស់ខ្លួន ចំណុចកើតហេតុ ក៏ត្រូវ​ជនសង្ស័យ​យក​កាំបិត​ចុង​ស្រួច ចាក់​ចំ​កណ្តៀតក្អម​១​កាំបិត ធ្លាយ​ពោះវៀន​ចេញមកក្រៅ​.​ចាក់​ដៃ​ឆ្វេង​៣​កាំបិត និង​ចាក់​ឆ្អឹងស្លាបប្រចៀវ​១​កាំបិត​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​ក្រោយ​ចាក់​ប្រពន្ធ​ហើយ​ជននេះ ក៏បាន​ដេញ​ចាក់​ម៉ែក្មេក​ថែមទៀត តែ​ត្រូវបាន​គេ​ជួយ​អន្តរាគមន៍​ទាន់​ដោយ​ក្រុម​អ្នកភូមិ​។ លោក​បន្ថែមថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច រូបគេ​បាន​ទៅ​ដេក​អោប​សព​ប្រពន្ធ​មួយសន្ទុះ​ធំ ទើប​រត់គេចខ្លួន​។​ជាមួយគ្នា​នោះ ក្រុម​សមត្ថកិច្ច​បាន​សហការ​គ្នា ដេញចាប់បាន​ជនសង្ស័យ​ក្នុង​រយៈពេល​១​ម៉ោង​ក្រោយ​។

​លោក​បញ្ជាក់​បន្ថែមថា បើទោះបី​ជនសង្ស័យ​សារភាពថា ឃាតកម្ម​នេះ​នេះ​ផ្តើមចេញពី​ការមិន​ចង់​បែកផ្លូវ​ក៏ពិតមែន តែ​ជនសង្ស័យ​បាន​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕
​

ជប៉ុន​នៅតែ​ជា​ដៃគូ​ធំ​បំផុត ដែល​អាច​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០

​ភ្នំពេញ ៖ រយៈ​ជាង​ពេល​ជាង​ពីរ​ទសវត្ស​មកនេះ ប្រទេស​ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​ស្វែងរក​សន្តិភាព និង​ជួយ​ពង្រឹង​ការងារ​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា​! មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​ប្រទេស​ជប៉ុន ជា​ដៃគូ​អភិវឌ្ឍ​ន៌​ធំ​បំផុត ដែល​អាចជួយ​ជម្រុញ អោយ​កម្ពុជា​សម្រេច​គោលដៅ ជា​ប្រទេស​មាន​ប្រាក់ចំនូល​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​កាលពី​ថ្ងៃទី​៨ ខែមេសា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ចំនួន​ពីរ ស្តីពី​ការ ផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទឹកប្រាក់​សរុប ជាង​៩០​លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​អនុស្សា​វ​រី​យ៌ រយៈពេល​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ទាំងពីរ​។ ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ចំនួន​ពីរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​តំណាង​ដោយ លោក ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​កម្ពុជា ជាមួយ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដែលមាន​វត្តមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ជា​សក្ខីភាព​នេះ រួមមាន ៖ ទី​១៖ ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន ស្មើនឹង​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា ទី​២៖ ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩​ពាន់​២១៦ លាន​យ៉េន ស្មើនឹង​ប្រមាណ ៨៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។

​តាមរយៈ​ការចុះហត្ថលេខា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញថា ប្រទេស​ជប៉ុន​គឺជា​មិត្ត និង​ជា​ដៃគូ​អភិវឌ្ឍ​ន៌ ដែល​ដើរតួនាទី​សំខាន់ ទាំង​ការស្វែងរក​សន្តិភាពរ​បស់​កម្ពុជា និង​បាន​ជួយ​គាំទ្រ​កម្ពុជា ក្នុងការ​ស្តារ​និង​អភិវឌ្ឍ លើ​វិស័យ​ជាច្រើន ដូចជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ទឹកស្អាត ប្រព័ន្ធ​ការពារ​ទឹកជំនន់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាដើម ។ ជាងនេះទៀត រដ្ឋាភិបាល​ជប៉ុន នៅតែ​បង្ហាញ​ជំហរ​បន្ត​គាំទ្រ ដល់​កម្ពុជា អោយ​សម្រេច​តាម​គោលដៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​ផងដែរ​។

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង ប្រទេស​ជប៉ុន បាន​ជម្រុញ​ទំនាក់ទំនង ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្នុងនោះ​ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍ​ន៌ ដែល​បាន​ផ្តល់ជំនួយ​ច្រើនជាងគេ​មក​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកនេះ​។

​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមក​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ ប្រទេស​ជប៉ុន​បានផ្តល់​ថវិកា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា សរុប​ប្រមាណ ៤​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​មាន​ចំនួន ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​។

តាមរយៈ ការចុះ​កិច្ចព្រមព្រៀង​ដើម្បី​ការពារ​អ្នកវិនិយោគ រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជាង​៣០ កាលពី​ថ្ងៃទី​៣០ ខែមីនា​កន្លងមកនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញថា គឺ​មានតែ​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ដែលមាន​ការចុះហត្ថលេខា​ផ្ទាល់​ដោយ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា ចង់អោយ​អ្នកវិនិយោគ​ជប៉ុន ចូលមក​កម្ពុជា​កាន់តែ​ច្រើន ដោយសារ ការវិនិយោគ​ជប៉ុន​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ ជាងនេះទៀត ប្រទេស​កម្ពុជា​ចាត់ទុកថា អ្នកវិនិយោគ​ជប៉ុន​មិន​ត្រឹមតែ​យកប្រាក់​មក​វិនិយោគ​នោះទេ តែ​ពួកគេ​យក​ទាំង​បេះដូង​មកជា​មួយ​ផងដែរ ដោយ​ក្រុមហ៊ុន​ជប៉ុន តែង​ចាត់ទុក​អ្នកធ្វើការ​ឲ្យ​ខ្លួន​ជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់ និង​បានផ្តល់​ជំនាញ​ល្អៗ​បន្ថែម​ដល់​បុគ្គលិក​ជា​ជនជាតិ​កម្ពុជា​ទៀតផង​។

​យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​គម្រោង​ចំនួន​១៣០​របស់​ជប៉ុន ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ១​ពាន់​៦​រយ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ចុះបញ្ជី ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ៕

 

 

 

 

 

 

 

 

(​លោក​យូគី អូ​សៃ​តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូងនៃ​ក្រសួង​ការងារ​

ប្រទេស​ជប៉ុនកាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា​)
​

អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធ ជន នៅ​បន្ត​ទទួលបាន​អត្ថប្រយោជន៍​រាល់​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន លើកឡើងថា អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន នៅតែ​បន្ត​ទទួលបាន​អត្ថប្រយោជន៍ ជា​រៀងរាល់ឆ្នាំ​ពី​រាជរដ្ឋាភិបាល​ក%9ល​ជាមួយ​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ចំនួន ៤៩៦​នាក់ នៅ​ស្រុក‎ញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ចំនួន ៤៩៦​នាក់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ម្សិលមិញ​។

បន្ថែម​ពីលើ​នេះ​រដ្ឋមន្ត្រី វង សូត បាន​លើកឡើងថា បងប្អូន​អតីតមន្ត្រី​រាជការ​ស៊ីវិល និង អតីតយុទ្ធជន​ទាំងអស់ សុទ្ធតែ​បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គម​កម្ពុជា និង​ជួយ​ឲ្យ​ប្រទេស ជាតិ​មាន​សុខសន្តិភាព ហើយ​យើង​ត្រូវ​ទទួលស្គាល់ថា ប្រទេសជាតិ​នាពេល​បច្ចុប្បន្ននេះ មាន​សុខសន្តិភាព​ពេញលេញ បាន និង​កំពុងអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ដោយឡែក​បងប្អូន ដែលជា​និវត្តន៍​ជន សុទ្ធតែជា​អ្នក​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​បម្រើ​ជាតិ មាតុភូមិ តាំងពី គ្រា​លំបាក រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ ដូចនេះហើយ យើង​ត្រូវតែមាន​មោទនភាព​ថា យើង​មាន​ស្ថានភាព​ដូច​សព្វថ្ងៃនេះ មិនមែនជា​រឿង​សាម​ញ្ញា​ពេក​នោះទេ​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ​បងប្អូន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​រាជ រដ្ឋាភិបាល ហើយ​បន្ថែម​ពីលើ​នេះ បងប្អូន​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាច្រើន តាមរយៈ​ការ តម្លើង និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ជាច្រើន​រៀងរាល់ឆ្នាំ ទោះបី​តិចក្តី ច្រើនក្តី​។​
ក្នុងឱកាស​នេះ​រដ្ឋមន្ត្រី វង សូត ក៏បានផ្តល់​ក្រមា​ម្នាក់​១ និង​ថវិកា ៥​ម៉ឺន​រៀល ជូន​ដល់ អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​ទ្ធ​ជន ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ​សរុប ទាំងអស់​ចំនួន ៤៩៦​នាក់​ផងដែរ​៕
​

មន្ត្រី​ព្រំដែន​កំហិត​ទារលុយ​ច្រើន​ពី​ពលករ​ខ្មែរ​ពេល​ឆ្លងដែន​អំឡុង​បុណ្យចូលឆ្នាំ​

​ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ កំពុង​សម្រុក​ចេ​ញី​ទឹកដី​ថៃ តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដើម្បី​ត្រឡប់​ទៅលេង​ស្រុកកំណើត​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខណៈដែល​ពលករ​ត្អូញត្អែ​ចោទប្រកាន់​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ទាំង​ភាគី​ថៃ និង​ខ្មែរ​ទារប្រាក់​ម្នាក់ៗ​អស់​ជិត​៤​ម៉ឺន​រៀល​។​

​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​រាប់ពាន់នាក់​គេ​សង្កេតឃើញ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ បាននាំគ្នា​ធ្វើដំណើរ​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍ ដើម្បី​មកលេង​ស្រុកកំណើត ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​នៅសល់តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​និង​ឈាន​មកដល់​នោះ​។

​ខណៈដែល​ការចាកចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង បែរជា​ពលករ​ខ្មែរ​ទាំងនោះ​មានការ​ត្អូញត្អែ និង​ចោទប្រកាន់ថា​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ ប្រចាំ​នៅ​ច្រកទ្វារ​បាន​ទារប្រាក់​ពី​ពួកគាត់​ក្នុង​ម្នាក់ៗ​៣​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជិត​៤​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​ការចោទប្រកាន់ថា​មាន​យកប្រាក់​ពី​ពលករ​ខ្មែរ​ធ្វើដំណើរ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ពី​សមត្ថកិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា​នៅ​មាត់​ច្រកទ្វារព្រំដែន​នោះ​ត្រូវគេ​មើលឃើញថា​សមត្ថកិច្ច​ទាំងនោះ​កំពុង​អនុវត្ត​ផ្ទុយ​ពី​សេចក្តីប្រកាស​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​ខ្មែរ​បាន​ចាកចេញ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឱ្យ​បានល្អ​ផងដែរ​។​

បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លករ​ខ្មែរ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ពួកគាត់​បាន​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ឈម​និង​ច្រកទ្វារព្រំដែន​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉​ន បាន​បង់ប្រាក់​ទៅឱ្យ​សមត្ថកិច្ច​កម្ពុជា​ក្នុង​ម្នាក់​១​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​១​ម៉ឺន​រៀល បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ថៃ​២០០​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​២​ម៉ឺន​រៀល​ប្រាក់​ខ្មែរ ទោះបី​ពួកគាត់​មាន​ឯកសារ​សម្រាប់​ការ​ឆ្លងដែន​ស្របច្បាប់​ក៏​គេ​តម្រូវឱ្យ​បង់ប្រាក់​នោះ​ផងដែរ​។​មិនតែប៉ុណ្ណោះ​ចំណែក​អីវ៉ាន់​ខ្លះ​ដែល​ពករ​ខ្មែរ​ទិញយក​មកប្រើប្រាស់​ក៏ត្រូវ​បង់ប្រាក់​ម្នាក់ៗ​ពី​១​រយ​បាត​ប្រាក់​ថៃ​ទៅ​២​រយ​បាត ផង​នោះ​ទៀត​។​បញ្ហា​នេះ​បង្ក​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​និង​ធ្វើឱ្យ​ពួកគាត់​មិន​សប្បាយចិត្ត​នោះឡើយ​។​

​ពាក់ព័ន្ធ​និង​ការយក​ប្រាក់​ពី​ពលករ​ខ្មែរ​រហូតដល់​៣​បាត​ស្មើ​និង​ជាង​៤​ម៉ឺន​រៀល​ទាំង​ស​ត្ថ​កិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បង្ហើប​ប្រាប់ថា​ការយក​ប្រាក់​នោះ​គឺ​សមត្ថកិច្ច​ភាគី​ទាំង​២​សហការគ្នា​ប្រមូលប្រាក់​ដើម្បី​ចែក​ភាគលាភ​គ្នា​។

ជុំវិញ​បញ្ហា​នេះ​កាលពី​រសៀល​ថ្ងៃទី​៦ មេសា អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក ហម សំខាន់ ប្រធាន​កណៈក​ម្មការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​សូមឱ្យ​ជួយ​ឆ្លើយបំភ្លឺ​នៃ​ការចោទប្រកាន់​ប៉ុន្តែ​ទូរស័ព្ទ​លោក​ហៅចូល​២​ទៅ​៣​ដង​គ្មាន​ការទទួល​។​អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ដើម្បី​បំភ្លឺ​នោះ​ផងដែរ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​គណៈ​អភិបាលខេត្ត​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ ប្រធាន​ប៉ុ​ស្ថិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បំភ្លឺ​ឱ្យដឹងថា ថ្ងៃនេះ​ពិតជា​មាន​ពលករ​ខ្មែរ​ចាកចេញ​មកលេង​ស្រុកកំណើត​ច្រើន​នោះ​មែន​។​តាម​គោលការណ៍​ថ្នាក់លើ​គឺ​មិនឱ្យ​សមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​យកប្រាក់​ពី​ពលករ​ខ្មែរ​នោះឡើយ លោក​អះអាងថា​គ្មាន​ករណី​យកប្រាក់​នោះទេ​។​

​លោក​បញ្ជាក់​ឱ្យដឹងទៀតថា បើ​ប៉ូលីស​ណា​យកប្រាក់​ពី​ពលក​ខ្មែរ​ត្រូវ​កត់​អត្តលេខ​និង​មើល​ឈ្មោះ​ដើម្បី​ចាត់វិធានការ ប៉ុន្តែ​លោក​ឆ្ងល់​បើ​ដឹងថា​មាន​សមត្ថកិច្ច​យកប្រាក់​ហេតុ​អី​បានជា​ពួកគាត់​មិន​ប្តឹង​។​

សូមបញ្ជាក់ថា សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​គេ​សង្កេតឃើញ​នៅ​ថ្ងៃទី​៦ ខែមេសា មិន​ត្រឹមតែ​ចាកចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ប្រឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​។​ពួកគេ​ក៏​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​និង​ច្រក​ខ្លង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ យ៉ាង​សន្ធឹកសន្ធាប់​នោះ​ផងដែរ​។​ពលករ​ខ្មែរ​អាច​និង​បន្ត​ធ្វើដំណើរ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​មកលេង​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ គ្រា​ដែលមាន​សេចក្តីរាយការណ៍​ឱ្យដឹងថា​រថយន្ត​រត់​ឈ្នួល​តូចៗ​ក៏​កំពុង​តម្លើង​ថ្លៃឈ្នួល​នៃ​ការដឹកជញ្ជូន​នោះ​ផងដែរ​៕
​

កម្ពុជា​-​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ គិត​ជា​ទឹកប្រាក់​ជិត​១៥០​លាន​ដុល្លារ

​ភ្នំពេញ ៖ ជំនួប​ទ្វេភាគី​រវាង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋមន្ត្រីការបរទេស​ជប៉ុន ឈានដល់​ការចុះហត្ថលេខា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​សន្យា​ចំពោះមុខ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ជួយ​ដល់​កម្ពុជា អោយ​សម្រេច​តាម​គោលដៅ ជា​ប្រទេស​មាន​ប្រាក់ចំណូល​កំរិត​ខ្ពស់ នា​ឆ្នាំ​២០៣០​។ ជាក់ស្តែង​ភាគី​ទាំងពីរ បាន​ឈានដល់​ការចុះហត្ថលេខា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​ផងដែរ​។

១: នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៨ មេសា​នេះ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស និង​ជា​សម​ជិ​ក​សភា​នៃ​ប្រទេស​ជប៉ុន បាន​សន្យាថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បីអោយ​កម្ពុជា​សម្រេច​តាម​គោលដៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់ នា​ឆ្នាំ​២០៣០​។

​បើតាម​ការ​ថ្លែងប្រាប់​ពី​លោក អ៊ាង សុផ្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បានបញ្ជាក់​ក្រោយ​ជំនួប​ទ្វេភាគី​នេះ​ថា ឯកឧត្តម តា​រ៉ូ កូ​ណូ បានបង្ហាញ​ពី​លទ្ធភាព​របស់​ប្រទេស​ជប៉ុន​ក្នុងការ​បន្ត​ជួយ​អភិវឌ្ឍ​ន៌​ប្រទេស​កម្ពុជា លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ វិស័យ​ឡូ​ជី​ស្ទីក គម្រោង​សាងសង់​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ​។ ជាងនេះទៀត រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​កម្ពុជា លើ​ការងារ​ត​បណ្តាញ​អគ្គិសនី និង​ការងារ​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ តាមរយៈ ឯកឧត្តម តា​រ៉ូ កូ​ណូ នេះដែរ រដ្ឋាភិបាល​ជប៉ុន​បាន​អញ្ជើញសម្តេច​តេ​ជោ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន មេគង្គ ដែល​នឹង​រៀបចំ​ធ្វើ​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។ កិច្ចប្រជុំ​កំពូល​នេះ ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិកា​នាពេល​អនាគត ជាពិសេស លើ​ការតភ្ជាប់ រួម​និង វិស័យ​សុខាភិបាល និង ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម​។ ជាការ​ឆ្លើយតប សម្តេច តេ​ជោ បាន​លើកឡើងថា កម្ពុជា​មិន​ភ្លេច​នោះទេ​ចំពោះ តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន ដែល​បាន​ជយ​យ​កម្ពុជា​ក្នុងការ​ស្វែងរក​សុខសន្តិភាព រួម​និង ការស្តារ អភិវឌ្ឍ​ប្រទេសជាតិ រហូតមកដល់​ពេលនេះ ដូចជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ វិស័យ​ទឹកស្អាត ប្រព័ន្ធ​ការពារ​ទឹកជំនន់ ជាដើម ។ ចំពោះ កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន សម្តេច​តេ​ជោ បាន​គាំទ្រ និង ចាត់ទុកថា មាន​សារៈសំខាន់​ណាស់ សម្រាប់​ការតភ្ជាប់ និង​ការធ្វើសមាហរណកម្ម កាត់បន្ថយ​គម្លាត​រវាង​អាស៊ាន​ចាស់ និង អាស៊ាន​ថ្មី​។

ជា​សក្ខីភាព​នៃ​ខួប​អនុស្សា​វ​រី​យ៌ ទំនាក់ទំនង​ការទូត​រយៈពេល​៦៥​ឆ្នាំ រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​២០១៨​នេះដែរ បន្ទាប់ពី​បញ្ចប់​ជំនួប​ទ្វេភាគី រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​តំណាង​ដោយ ឯកឧត្តម ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​កម្ពុជា និង ឯកឧត្តម តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស ក៏បាន​ឈានដល់​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការ ផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទឹកប្រាក់​សរុប ជាង​៩០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ រួមមាន ៖ ទី​១៖ ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន ស្មើនឹង​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​។ ទី​២៖ ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩​ពាន់​២១៦ លាន​យ៉េន ស្មើនឹង​ប្រមាណ ៨៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​ជំរុញ​ទំនាក់ទំនង​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្នុងនោះ​ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍ​ន៌ ដែល​បាន​ផ្តល់ជំនួយ​ច្រើនជាងគេ​មក​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទសវត្ស​នេះ​។ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមក​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ ប្រទេស​ជប៉ុន​បានផ្តល់​ថវិកា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា សរុប​ប្រមាណ ៤​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​មាន​ចំនួន ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​៕

(

 

 

 

 

 

 

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។)