All posts by មេគង្គ ប៉ុស្តិ៍

គណៈកម្មការ​ផ្សារ​អូរឫស្សី​រៀបចំ​សណ្តាប់​ធ្នាប់​មុន​ចូលឆ្នាំ​ខ្មែរ​

 

​ភ្នំពេញ ៖ ផ្សារ​អូរឫស្សី ជា​ផ្សារ​មាន​អាយុកាល​យូរលង់​មកហើយ​។ ផ្សារ​នេះ​នៅតែមាន​អតិថិជន​ចេញចូល ជួញដូរ​ទំណិញ​គគ្រឹកគគ្រេង ទោះបី​មាន​ផ្សារ​ទំនើប និង Mart ជាច្រើន កំពុង​បង្កើន​ការទាក់ទាញ​អតិថិជន​យ៉ាងណាក្តី ក៏​ផ្សារ​អូរឫស្សី​នៅមាន​សកម្មភាព​លក់ដូ​រ​ទំនិញ​ជាធម្មតា​។ ហេតុនេះ​ដើម្បី​បន្ត​ទាក់ទាញ​អ​ថិ​ជន ឲ្យ​មក​ផ្សារ​នេះ​កាន់តែ​កើនឡើង អ្នកគ្រប់គ្រង​ផ្សារ និង​អាជីវករ​នាំគ្នា ថែរក្សា​បរិស្ថាន និង​ទុកដាក់​សំរាម​យ៉ាង​មាន​របៀបរៀបរយ​។​

​ប្រធាន​គណៈកម្មាការ​ផ្សារ​អូរឫស្សី កំពុង​រៀបចំ​សណ្តាប់​ផ្សារ មុន​ចូលឆ្នាំ​ខ្មែរ​សម្រួល​ដល់​ការជួញដូរ​ទំនិញ​ក្នុង​ផ្សារ​។​

​លោក ឡេង គឹម​ស្រុង ប្រធាន​គណៈកម្មាការ​ផ្សារ​អូរឫស្សី និង​ជា​អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​៧​មករា មានប្រសាសន៍ថា បញ្ហា​បរិស្ថាន និង​អនាម័យ ជា​បញ្ហា​សកល ដែល​ទាំងអស់គ្នា ត្រូវ​ចូលរួម​កាត់បន្ថយ ការប្រើប្រាស​ថង់​ប្លា​ស្ទីក និង​ការចេះ​ទុកដាក់ និង​ការ​បោះចោល​កាកសំណល់ ឲ្យ​បាន​ត្រឹមត្រូវ ទៅក្នុង​ធុងសំរាម​។ លោក​បន្តថា​អាជីវករ​មួយចំនួន កំពុង​បន្ត​ការសម្អាត​តាម​តូប តែ​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ពង្រាយ​សម្រាម ក្នុង​និង​ក្រៅ​ទីធ្លា​ផ្សារ​។ ដោយ​ពួកគាត់​មិនទាន់​ចេះ ទុកដាក់​សំរាម ឲ្យ​ស្អាតបាត​នៅឡើយ ទើប​ក្រុមការងារ​អនាម័យ​ផ្សារ​អូរ​ឬ​ស្សី រៀបចំ កម្លាំង​សម្រាប់​ជួយ​ទុកដាក់​សំរាម និង​បង្កើន​ការថែរក្សា​អនាម័យ បរិស្ថាន​របស់​ផ្សារ ទាំង​ក្នុង​និង​ខាងក្រៅ ដើម្បី​ឲ្យ​អតិថិជន​ងាយស្រួល ចូល​ទិញ​ឥ​វ៉ាន់​ត្រៀម​ចូលឆ្នាំថ្មី​។​

​លោក ឡេង គឹម​ស្រុង មានប្រសាសន៍​បន្តថា ផ្សារ​អូរ​ឬ​ស្សី​កន្លងមក ធ្លាប់មាន​អគ្គីភ័យ​។ ហេតុនេះ នៅពេល​អាជីវករ​បិទតូប​មិន​លក់ដូរ ៣​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​គណៈកម្មការ​ផ្សារ និង​ក្រុម​សន្តិសុខ បាន​បិទ​បារ៉ែត​ភ្លើង​ក្នុង​ផ្សារ និង​សម្អាត​ទីធ្លា​ផ្សារ ទាំង​ខាងក្នុង​និង​ខាងក្រៅ បង្ការ​បញ្ហា​កើតឡើង​ចៃដន្យ​ផង និង​ថែរក្សា​សណ្តាប់ធ្នាប់​ផ្សារ​ឲ្យ​ល្អប្រសើរ​ផង​។​
​លោក ឡេង គឹម​ស្រុង អះអាងថា ចំពោះ​ការផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន ដែល​និយម​មក​ផ្សារ​អូរឫស្សី ដើម្បី​ទិញ​អាហារ​ទទួលទាន និង​សម្ភារៈ ប្រើប្រាស់ គណៈកម្មការ​ផ្សារ បាន​សហការ​ជាមួយ​មន្ត្រី​ច្រើន​ស្ថាប័ន សម្រាប់​ត្រួតពិនិត្យ​គុណភាព​អាហារ​និង​សម្ភារៈ​។​

​ដូចជា​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​ក្រសួងសុខាភិបាល មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ ជាដើម ការចុះពិនិត្យ​ចំណីអាហារ​ទាំងអស់នេះ ដើម្បី​រក្សា​សុវត្ថិភាព​ចំណីអាហារ​ជូន​អតិថិជន​។ លោក​បន្តថា ក្រៅពី​មន្ត្រី​មកពី​ស្ថាប័ន​នានា​ត្រួតពិនិត្យ​ចំណីអាហារ ក៏មាន​គណៈកម្មការ​ផ្សារ​អូរឫស្សី ត្រួតពិនិត្យ​រាល់ពេល​វេលា​ដែរ ដើម្បី​តាមដាន​គុណភាព​ទំនិញ និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ និង​នៅ​ជុំវិញ​ផ្សារ​ជា​រៀងរាល់ថ្ងៃ​។ រីឯ​អាជីវករ តែងតែ​សម្អាត​កន្លែង​លក់ដូរ ឲ្យ​មាន​អនាម័យ​ល្អ បរិ​កាស​ប្រសើរ​។ ឯ​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​ផ្សារ ក៏​គណៈកម្មការ​ផ្សារ​បាន​សម្អាត សម្រួល​ដល់​ការធ្វើដំណើរ​ឲ្យ​ងាយស្រួល ដោយ​ការ​ឆាប់​ប្រមូល​សម្រាម ទុក​នៅ​កន្លែង​សមរម្យ និង​ឆាប់​ដឹកជញ្ជូន​កាកសំណល់ យក​ចេញទៅ​ទីលាន​ចាក់សំរាម ដើម្បី​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ ងាយ​បើកបរ​ទូលាយ​។​

​លោក ឡេង គឹម ស្រុង បន្តថា ផ្សារ​អូរឫស្សី ទីតាំង​ស្ថិតនៅ​ចំ​ទីប្រជុំជន តែមាន​ទំហំ​តូច ខ្វះ​តូប​សំរាប់​ជួល​ឲ្យ អតិ​ផិ​ជន​លក់ដូរ និង​ខ្វះ​ចំណត​យានយន្ត​។ ផ្សារ​នេះ​ច្រើន​ឆ្នាំមុន មាន​តូប​តែ​៥​ពាន់​ទេ តែ​បច្ចុប្បន្ន តូប​បង្កើន​ជាង​៦​ពាន់​តូប ក៏​នៅតែ​មិនអាច​បំរើ សេចក្តីត្រូវការ​របស់ អាជីវករ​បាន​។ លោ​កថា​ផ្សារ​អូរឫស្សី ជា​ផ្សា​របោះ​ដុំ​សម្ភារៈប្រើប្រាស់​ចម្រុះ និង​ជា​ផ្សារ បោះ​ដុំ​ត្រីងៀត ប្រហុក ផ្អក ដែលមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​វេច​ខ្ចប់​។​
​លោក​អះអាងថា ទោះបី​ផ្សារ​ទំនើប​នានា និង​Mart តូចធំ ជាច្រើន​កំពុង​បង្កើត​ច្រើន បង្កើន​ការលក់ដូរ​គគ្រឹកគគ្រេង​យ៉ាងណាក្តី ក៏​មិន​ប៉ះពាល់​ដល់​ការលក់ដូរ​របស់​អាជីវ​ករ ក្នុង​ផ្សារ​អូរឫស្សី ឲ្យ​បិទតូប​ចោល ព្រោះ​លក់​មិន​ដាច់​នោះ គឺ​គ្មានទេ​៕


​

សម្តេចនាយក​រដ្ឋមន្ត្រី បន្ត​ជួប​កម្មករ​រោងចក្រ​ចំនួន​៤៩ មកពី​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ម្ចាស់​រោងចក្រ និង កម្មករនិយោជិត រួម​សាមគ្គី​គ្នា​រក្សា​សុវត្ថិភាព​ការងារ ដើម្បី​សម្រេច​គោលដៅ​ប្រាក់បៀវត្ស​អ​ប្បរមា ២៥០​ដុល្លារ នា​ឆ្នាំ​២០២៣​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជាង​៤​ពាន់​៦​រយ​នាក់​ដែល​មកពី​រោងចក្រ​សហគ្រាស​ចំនួន​៤៩ មកពី​ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់ ប្រធាន​រដ្ឋបាល ប្រធាន​ក្រុមការងារ​នៅក្នុង​រោងចក្រ​ទាំងអស់ ត្រូវ​បង្កើន​សាមគ្គីភាព និង​និយាយ​ដោយ​ភាព​សម​រម ជាមួយ​កម្មករ​កម្មការិនី ជៀសវាង​កើតមាន​ជម្លោះ​ដោយ​បញ្ហា​ទាំងនេះ​។ សម្តេច​តេ​ជោ បានផ្តល់​អនុសា​ស​ន៌​ថា ទាំង​ថៅកែ និង កម្មករ​រោងចក្រ ត្រូវធ្វើ​ការរួម​គ្នា​ធានា​សុវត្ថិភាព​ការងារ​ក្នុង​រោងចក្រ ដោយ​មិន​ត្រូវអោយ​កើតមាន​ការធ្វើ​កូដកម្ម បាតុកម្ម ឬ​ការបណ្តេញ​កម្មករ​ចេញ​ពី​ការងារ ដែល​មិនមែនជា​ដំណោះស្រាយ​ល្អ​នោះឡើយ​។ ជាពិសេស ក៏​មិន​ត្រូវអោយ​កើតមាន​បងធំ​បងតូច និង បញ្ហា​គ្រឿងញៀន​ក្នុង​រោងចក្រ ដែល​អាច​បង្ករ​អោយ​គ្មាន​សណ្តាប់ធ្នាប់​ដែរ ។

​សម្តេច​តេ​ជោ ចាត់ទុកថា ការចូល​រួមរក្សា​សន្តិភាព​និង​សុវត្ថិភាព​ការងារ គឺជា​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ដែល​កំពុង​ខិតខំ​រក​វិធី​បង្កើន​ប្រាក់ចំណូល​របស់​កម្មក​រ​រោងចក្រ និង​គិតគូ​លើ​ការកាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ កម្មការិនី តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម​នានា​។

​សម្តេច​តេ​ជោ បាន​លើកឡើងថា បើតាម​ការ​ព្យាករ​ណ៌ នា​ឆ្នាំ​២០២៣ ប្រាក់ខែ​អ​ប្បរមារ របស់​កម្មករ​រោងចក្រ នឹងមិន​តិចជាង​២៥០​ដុល្លារ​នោះទេ ខណៈពេល​បច្ចុប្បន្ន ប្រាក់ខែ​ជា​មធ្យម​ប្រចាំថ្ងៃ មាន​ប្រមាណ​៦​ដុល្លារ ដែល​ចំនួន​នេះ គឺ​លើសពី​ចំណូល នៃ​បន្ទាត់​ភាពក្រីក្រ ប្រចាំថ្ងៃ​១​ដុល្លារ ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ ។

គួរ​កត់សំគាល់ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ជាច្រើន​សម្រាប់​ទ្រទ្រង់​ជីវភាព និង សុខមាលភាព​របស់​ក​ម្មករ​កម្មការិនី​។

ក្នុងនោះ កម្មការិនី​មាន​ផ្ទៃពោះ ត្រូវបាន​ផ្តល់​ការ​គាំពារ​ជា​អាទិភាព ចាប់តាំងពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​ឆ្លងទន្លេ​។ បើ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មានកម្ម​ការិនី ជាង​១​ម៉ឺន​៤​ពាន់​៣​រយ​នាក់ បាន​ឆ្លងទន្លេ ដោយ​ទទួលបាន​កញ្ចប់​ថវិកា​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សរុប​ជាង ៥​ពាន់​លាន​រៀល ស្មើនឹង​ជិត​១​លាន​៥​សែន​ដុល្លារ​អាមេរិក​។ រាជរដ្ឋាភិបាល បាន​ត្រៀម​ប្រាក់​១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​សម្រាប់​គោលនយោបាយ​គាំពារ​សង្គម​នេះ​៕
​

ចង់បាន​ប្រពន្ធ​គ្មាន​លុយ​ដណ្តឹង​មក​លោតទឹក​សម្លាប់ខ្លួនស្រាប់តែ​ហៅ​អោយគេ​ជួយ​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កំលោះ​ចាស់​បានធ្វើ​ដំណើរ​មក​លោត​ទឹក​ប៉ុនប៉ង់​សម្លាប់ខ្លួន ដោយសារតែ​ជីវភាព​ក្រីក្រ ហើយ​គ្មាន​លុយ​សម្រាប់​ការ​ប្រពន្ធ តែ​ពេលដែល​លោត​ហើយ​ហឹ​ង​ពិ​កបាក់​ដកដង្ហើម​ក៏​ស្រែក​អោយគេ​ជួយ​វិញ ភា្ល​ម​នោះ​ត្រូវបាន​អ្នកនេសាទ​ជួយ​ស្រង់​ឡើងលើ​គោក​វិញ​។

​ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការណ៍​ភ្ញាក់​ផ្ទើ​ល​នៅវេលា​ម៉ោង ១២​និង​៥០​នាទី​រសៀល​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨ នៅលើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់​សង្កាត់​ច្បារអំពៅ​១​ខណ្ឌ​ច្បារអំពៅ​។

​តាម​ប្រភពព័ត៌មាន​ពី​ម្តាយបង្កើត​របស់​បុរស​ខាងលើ​បានអោយដឹងថា មុនពេល​កើតហេតុ​ពេលព្រឹក​កូន​របស់គាត់​គឺ​នៅផ្ទះ​ជាធម្មតា​តែ​មិនដឹង​មូលហេតុ​អី​បានជា​មក​លោតទឹក​សម្លាប់​ប៉ុនប៉ង​សម្លាប់ខ្លួន​បែបនេះ​ទេ​។ ស្ត្រី​ជា​ម្តាយ​បាន​បាន​បង្ហើប​ប្រាប់ទៀតថា កូន​របស់គាត់​រូបនេះ​សង្ស័យ ខកចិត្ត​ព្រោះ​ចង់បាន​ប្រពន្ធ​តែ​គ្មាន​លុយ​ចូល​ស្តីដណ្តឹង​ទើប​ធ្វើបែបនេះ​។

​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើនេះ បុរស​ខាងលើ​មិនបាន​ប្រាប់​ឈ្មោះ​អោយ​ស្គាល់​ទេ មាន​វ័យ​ប្រមាណ​ជាង​៣៤​ឆ្នាំ​ជា​កំលោះ​ចាស់ ការងារ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន​នៅ​ម្តុំ​វត្ត​ជម្ពូ​ក្អែក​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​

​ក្រោយ​ពេលដែល​កើតហេតុ​និង​បាន​ជួយសង្គ្រោះ​បុ​រដ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​១​ដើម្បី​ធើ្វ​សាកសួរ​ណែនាំ​អប់រំ​និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕​

 

 

 

 

រកឃើញ​ភស្តុតាង​ថ្មី​ប្រហែលជា​អតីត​រាជវាំង​បុរាណ​នៅ​ខ្នងភ្នំ​គូលែន​

​សៀមរាប ៖ រកឃើញ​ភស្តុតាង​ថ្មី​ប្រហែលជា​អតីត​រាជវាំង​បុរាណ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩ នៅ​ខ្នងភ្នំ​គូលែន​។​

​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន​បានធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ បន្ទាយ បច្ចុប្បន្ន​ហៅថា ផ្ទះ​គូ​ចា​រ្យ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ បេសកកម្ម​នៃ​ការធ្វើ​កំណាយ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​។

​បើ​យោងតាម​សៀវភៅ​បោះ​ពុ​ម្ភ​លើក​ទី​២​របស់លោក E Aymonier បាន​និយាយ​រៀបរាប់​ពី​ជួរ​ភ្នំ​គូលែន​ដោយមាន​ការបញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និង​ធារាសាស្ត្រ ដោយបាន​ហៅ​ទីតាំង​នេះ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត​មានន័យថា​ជា​ភ្នំ​នៃ​ព្រះឥន្ទ្រ​។ យោងតាម​សៀវភៅ Le Cambodge ភាគ​ទី​៣​សរសេរ​ដោយ លោក E.Aymonier បានបង្ហាញ​តិចតួច​ពី​អត្តសញ្ញាណ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​។ បើ​យោងតាម​សិលាចារឹក​ស្តុក​កក់ធំ​(K.235)​ដែលថា​ឡើង​ប្រមាណ​ជាជាង​២០០​ឆ្នាំ បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត់របស់​ព្រះបាទ​ជ័យ​វ​រ្ម័​ទី​ពី​២​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ផងដែរ​ពី​ការផ្លាស់ប្តូរ​រាជធានី​របស់​ព្រះអង្គ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ប៉ុន្តែ​មានការ​សន្និដ្ឋាន​ច្រើន​ដូចគ្នា​ថា​ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​បច្ចុប្បន្ន ដោ​យស​ភ្តុ​តាង ជាច្រើន​ដូចជា​ប្រាសាទ​ដែល​ព្រះអង្គ​ប្រកា​សរាជ បន្ទាប់ពី​ព្រះអង្គ​បានធ្វើការ​បង្រួបបង្រួម​ជាតិ​រួច សំណង់​សាធារណៈ ទំនប់ទឹក ប្រាសាទ​សម្រាប់​សាសនា និង​រាជវាំង​ក៏បាន​រកឃើញ​ជា​បន្តបន្ទាប់​។

​ទីតាំង​រាជវាំង​នេះ​បាន​រកឃើញ​ដោយ​បា​កត់ត្រា​ពី​អ្នកស្រាវជ្រាវ​បារាំង ប៉ុន្តែ​មិនដែល​បានធ្វើ​កំណាយ​នៅឡើយ​ទេ ទើប​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ កម្មវិធី​ភ្នំ​គូលែន ក្នុង​ឆ្នាំ​២០០៩ បាន​សហការ​ជាមួយ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងបរិស្ថាន ធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ននេះ​។ ក្រៅពី​ការស្រាវជ្រាវ ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​បុរាណ​វិទូ​ខ្មែរ​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ ដែលជា​ធនធានមនុស្ស ក្នុង​វិស័យ​បុរាណវិទ្យា សម្រាប់​សង្គម​យើង​នាពេល​អនាគត​ផងដែរ​។ គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​សិក្សារ​ចនាស​ម្ព័​ន្ទ​សំណង់​រាជវាំង​បុរាណ​មួយ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ថា​តើ​សំណង់​នេះ​សង់​ពីអ្វី​? រចនាបថ​អី្វ​? មាន​ប៉ុន្មាន​ដំណាក់កាល​? តួនាទី​អ្វីខ្លះ​? សង់​ក្នុង​ឆ្នាំ​ណាខ្លះ​?

​យោងតាម​លទ្ធផល​ដែល​បាន​សន្និដ្ឋាន​បឋម​ដូចខាងក្រោម​៖
-​រកឃើញ​ផ្លូវ​ចូល​ពី​ទិសខាងកើត​អគារ​សង់​ពី​ឥដ្ឋ

-​សំណង់​កណ្តាល​នៃ​អគារ​នេះ​មាន​បី​ដំណាក់កាល​ដំណាក់កាល់​ទី​១ ប្រហែលជា​ស្ថិតក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​២​ស្ថិតក្នុង​សតវត្សរ៍​ទី​៩ បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី លាយ​ជាមួយ​កំទេច​ថ្ម​បាយ​គ្រៀម គ្រួស បន្ទាប់មក​រៀប​ក្រ​វ៉ាត​ពី​ឥដ្ឋ មុននឹង​ធ្វើ​សំណង់​ខាងលើ​។ ដំណាក់កាល​ទី​២ គឺ​ចាក់ដី​កំរាស់​៣០​សង់ទីម៉ែត្រ​នៅលើ​កំរាល​ឥដ្ឋ​ដំណាក់កាល​ទី​១ បន្ទាប់មក​ក៏​រាប​កំរាល​ឥដ្ឋ​នៅ​ពីលើ ក្នុងដំណាក់កាល​នេះ​យើង​មិនទាន​អាច​ធ្វើការ​សន្និដ្ឋានថា​ធ្វើ​ពេលណា​នៅ​ឡើង​នោះទេ ដោយសារ​យើង​មិនទាន់មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម​។

​ដំណាក់កាល​ទី​៣ ស្ថិតក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​រហូត​ដល់ពេល​ប្រទេស​មាន​សង្គ្រាម ដោយសារ​សាកសួរ​ពី​ចាស់ទុំ​នៅ​តំបន់​នេះ ក្នុង​ទសវត្ស​ទី​៦០​មាន​លោកតា​អាចារ្យ​ម្នាក់​បានមក​សង់ផ្ទះ​នេះ​ដើម្បី​ធ្វើ​ធ​ម៍ បន្ទាប់ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពីពេលនោះ​មក​។​

​គោលបំណង់​ទៅ​ពេលខាងមុខ​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចង់ក្រង​សក្តានុពល​របស់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដើម្បី​ចូលរួម​បំពេញ​លក្ខខណ្ឌ​ប​ញ្ជូ​ល​ភ្នំ​គូលែន​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយនឹង​ធ្វើការ​បោះ​ពុ​ម្ភ​ផ្សាយ ស្តីពី​ការរកឃើញ​ថ្មី​នៃ​រចនាសម្ព័ន្ធ​សំណង់​រាវ​វាំង​សម័យបុរាណ​ដែលមាន​នៅលើ​ខ្នងភ្នំ​គូលែន​៕
​

ថៃ និង​ហ្វីលីពីន បិទ​តំបន់ឆ្នេរ​កម្សាន្ត​ដ៏​ល្បីល្បាញ​បណ្តោះអាសន្ន

ថៃ ៖ រដ្ឋាភិបាល​ថៃ និង រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​អោយ​បិទ​កោះ​ទេសចរ​ណ៌​ដ៏​ល្បីល្បាញ​ចំនួន​២ ជា​បណ្តោះ​អា​ស័ន្ន ដើម្បី​ធ្វើការ​កែលម្អរ​បរិស្ថាន និង ប្រព័ន្ធ​អេកូឡូស៊ី បើទោះបី​មានការ​ប៉ះពាល់​ដល់​ចំណូល​ទេសចរ​ណ៌​របស់ខ្លួន​ជាច្រើន​ក៏ដោយ​។​

​រដ្ឋាភិបាល​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ បានប្រកាសថា កោះ​លម្ហែកាយ Boracay ដ៏​ល្បីល្បាញ​របស់ខ្លួន​នឹងត្រូវ​បិទទ្វារ​មិន​ទទួលភ្ញៀវ​ទេសចរ​រយៈ​ពេល ៦​ខែ គិត​ចាប់ពី​ថ្ងៃទី ២៦ ខែមេសា តទៅ ដោយសារ​មាន​ក្តីបារម្ភ​ថា​រមណីយដ្ឋាន​ខ្សាច់​ស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​នេះ បាន​ក្លាយជា «​អាង​ស្តុក​ទឹកស្អុយ​» ដែល​ត្រូវបាន​បំពុល​ដោយ ការបង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​។ ការ​គំរាម​បិទ​កោះ​ទេសចរ​ណ៌​របស់​ហ្វីលីពីន​នេះ បាន​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte បាន​បន្ទោស​សណ្ឋាគារ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ប្រមាណ ៥០០ នៅលើ​ដី​កោះ​ដ៏​តូច​នេះ ដែល​បាន​បង្ហូរ​ទឹកស្អុយ ចូលទៅក្នុង​សមុទ្រ និង​ធ្វើ​ឲ្យ​ដី​កោះ​នេះ​ប្រែក្លាយជា «​អាង​ស្តុក​ទឹកស្អុយ​»​។

នេះ​ជា​វិធាន​មួយ ដែល​បង្ហាញ​ពី​ការគិតគូ​លើ​ការការពារ​បរិស្ថាន និង ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​រយៈពេល​វែង នៅ​តំបន់​ឆ្នេរសមុទ្រ បើទោះបីជា​ការសម្រេច​បិទ​ឆ្នេរ​ទេសចរ​ណ៌ Boracay នេះ នឹង​ធ្វើអោយ​រដ្ឋាភិបាល​ហ្វីលីពីន បាត់បង់​ប្រាក់ចំណូល ប្រមាណ​១​ពាន់​លាន​ដុល្លារ​ចូលក្នុង​សេដ្ឋកិច្ច ដែល​ទទួលបាន​ពី​ភ្ញៀវទេសចរ​ប្រមាណ ២​លាន​នាក់ ក៏ដោយ​។ ការសម្រេច​បិទ​កោះ​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហ្វីលីពីន ប្រមាណ​៣​ម៉ឺន​៦​ពាន់​នាក់ ដែល​កំពុង​បម្រើ​ការងារ និង មាន​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​ទីនោះ​ផងដែរ​។

​ដូចគ្នានេះដែរ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ក៏បាន​ប្រកាសថា នឹង​បិទ ឆ្នេរ Maya Bay ដែលជា​ឆ្នេរ​ទេសចរ​ណ៌​ដ៏​ល្បីល្បាញ​របស់ខ្លួន រយៈពេល​៤​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨ តទៅ ដោយសារតែ អ្នកជំនាញ​ខាង​ផ្នែក​សមុទ្រ របស់​ប្រទេស​ថៃ បាន​រកឃើញថា កោះ​នេះ​មាន ប្រព័ន្ធ​អេកូឡូស៊ី ផុយស្រួយ​ដែល​រង​ការបំផ្លាញ​ដោយ​មនុស្ស តាមរយៈ​ការបំពុល​ពី​កាណូត​និង​សណ្ឋាគារ​នៅតាម​មាត់សមុទ្រ​ជាដើម​។

​គួរ​បញ្ជាក់ថា វិស័យ​ទេសចរ​ណ៌ បាន​ចូលរួម​ក្នុង​ចំណូល​សេដ្ឋកិច្ចជាតិ របស់​ប្រទេស​ថៃ ប្រមាណ​១២​ភាគរយ​។ ក្នុងនោះ រដ្ឋាភិបាល​រំពឹងថា តំបន់ឆ្នេរ បាន​ទាក់ទាញ​អ្នកទេសចរ 38 លាន​នាក់ នៅ​ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល បានសម្រេច​ចិត្ត​បិទ​ឆ្នេរ​ទេសចរ​ណ៌ និង កន្លែង​មុជទឹក​មួយចំនួន ចាប់តាំងពី​ឆ្នាំ ២០១៦​មក បន្ទាប់ពី​ការសិក្សា​បង្ហាញថា ការបំពុល​បរិស្ថាន​ដោយ​មនុស្ស និង កម្តៅ​ទឹកសមុទ្រ​ឡើង​ក្តៅ​ខ្លាំង អាចធ្វើឱ្យ​ខូច ជីវចម្រុះ និង ប្រព័ន្ធ​អេកូឡូស៊ី​៕
​

កូនស្រីសង្ស័យ​ឪពុក​លួច​លុយ​៣​ពាន់ រៀល ទាញ​កាំបិតផ្គាក់​កាប់​ស្លាប់​

​កណ្តាល ៖ វា​ជា​រឿង​មិនគួរ​កើត​មួយ ដែល​ស្ត្រី​ចិត្ត​តេ​រ​ច្ឆា​ន​ម្នាក់ ហ៊ាន​ដាច់ចិត្ត​យក​កាំបិតផ្គាក់​កាប់ ប្រហារ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​ឯង​បណ្តាល​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​រឿង​បាត់​លុយ​ចំនួន​៣​ពាន់​រៀល​តែប៉ុណ្ណោះ​។ អំពើ​កាប់សម្លាប់​ឪពុក​ខ្លួនឯង​ដ៏​ព្រៃផ្សៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៤​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជន​ដែល​កាប់សម្លាប់​ឪពុក​របស់ខ្លួន​មានឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧ ឆ្នាំ​ជាតិ ខ្មែរ​មុខរបរ កសិករ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល ។ រីឯ​ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ ឯម សារឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅ​ផ្ទះ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ កាំបិតផ្គាក់​ដង​ខ្លី ដង​ឬ​ស្សី ប្រវែង​៦៩​ស​.​ម ផ្លែ​មាន​ប្រវែង ៣១​ស​.​ម​។​

​យោងតាម​សម្តី​អ្នកជិតខាង​ផ្ទះកើតហេតុ បាន​និយាយ​ឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​២​រសៀល ស្ត្រី​សង្ស័យ​បាន​ត្រឡប់​មកពី​លក់​ឆៃថាវ មកដល់​ផ្ទះ ហើយ​អង្គុយ​រាប់​លុយ​របស់ខ្លួន​ដែល​ទើប​លក់បាន​នោះ ឃើញ​មាន​ចំនួន ៧​ម៉ឺន​រៀល ក្រោយ​រាប់​លុយ​រួច ស្ត្រី​រូបនោះ ក៏​ទុក​នៅក្នុង​កាបូបស្ពាយ ។ បន្ទាប់មក​បាន​ដេក​អង្រឹង​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ​មួយ​ក្បាល ដោយមាន​ស្ពាយ​កាបូប​ជាប់​នឹង​ខ្លួន ។ លុះ​មួយស្របក់ ស្ត្រី​រូបនោះ​មាន​អារម្មណ៍​ថា សង្ស័យ​បាត់​លុយ ក៏​អង្គុយ​រាប់​ម្តងទៀត ស្រាប់តែ​ឃើញថា លុយ​ខ្លួន​បាត់​ចំនួន​៣​ពាន់​រៀល ភ្លាមនោះ​ក៏មាន​កំហឹង​ក្នុង​ខ្លួន ជួន​ពេល​ឪពុក​ឈ្មោះ ឯម សារឿន បាន​ដើរមក​ដល់ផ្ទះ អង្គុយ​លើ​គ្រែ និង​សម្លឹង​មក​កូន​ផង​នោះ កូនស្រី​ចិត្ត​តិរច្ឆាន​រូបនោះ ក៏​ទៅ​ទាញ​កាំបិត​យកទៅ​កាប់​ប្រហារ​ឪពុក​របស់ខ្លួន​ចំ ក ខាងក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ ស្លាប់​ភ្លាម​តែម្តង ។​

​ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ល្វា​សរ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

​សង្ស័យ​ឪពុក​លួច​លុយ​៣​ពាន់ ទាញ​កាំបិតផ្គាក់​កាប់​ស្លាប់​
​កណ្តាល ៖ វា​ជា​រឿង​មិនគួរ​កើត​មួយ ដែល​ស្ត្រី​ចិត្ត​តេ​រ​ច្ឆា​ន​ម្នាក់ ហ៊ាន​ដាច់ចិត្ត​យក​កាំបិតផ្គាក់​កាប់ ប្រហារ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​ឯង​បណ្តាល​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​រឿង​បាត់​លុយ​ចំនួន​៣​ពាន់​រៀល​តែប៉ុណ្ណោះ​។ អំពើ​កាប់សម្លាប់​ឪពុក​ខ្លួនឯង​ដ៏​ព្រៃផ្សៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៤​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជន​ដែល​កាប់សម្លាប់​ឪពុក​របស់ខ្លួន​មានឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧ ឆ្នាំ​ជាតិ ខ្មែរ​មុខរបរ កសិករ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល ។ រីឯ​ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ ឯម សារឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅ​ផ្ទះ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ កាំបិតផ្គាក់​ដង​ខ្លី ដង​ឬ​ស្សី ប្រវែង​៦៩​ស​.​ម ផ្លែ​មាន​ប្រវែង ៣១​ស​.​ម​។​​យោងតាម​សម្តី​អ្នកជិតខាង​ផ្ទះកើតហេតុ បាន​និយាយ​ឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​២​រសៀល ស្ត្រី​សង្ស័យ​បាន​ត្រឡប់​មកពី​លក់​ឆៃថាវ មកដល់​ផ្ទះ ហើយ​អង្គុយ​រាប់​លុយ​របស់ខ្លួន​ដែល​ទើប​លក់បាន​នោះ ឃើញ​មាន​ចំនួន ៧​ម៉ឺន​រៀល ក្រោយ​រាប់​លុយ​រួច ស្ត្រី​រូបនោះ ក៏​ទុក​នៅក្នុង​កាបូបស្ពាយ ។ បន្ទាប់មក​បាន​ដេក​អង្រឹង​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ​មួយ​ក្បាល ដោយមាន​ស្ពាយ​កាបូប​ជាប់​នឹង​ខ្លួន ។ លុះ​មួយស្របក់ ស្ត្រី​រូបនោះ​មាន​អារម្មណ៍​ថា សង្ស័យ​បាត់​លុយ ក៏​អង្គុយ​រាប់​ម្តងទៀត ស្រាប់តែ​ឃើញថា លុយ​ខ្លួន​បាត់​ចំនួន​៣​ពាន់​រៀល ភ្លាមនោះ​ក៏មាន​កំហឹង​ក្នុង​ខ្លួន ជួន​ពេល​ឪពុក​ឈ្មោះ ឯម សារឿន បាន​ដើរមក​ដល់ផ្ទះ អង្គុយ​លើ​គ្រែ និង​សម្លឹង​មក​កូន​ផង​នោះ កូនស្រី​ចិត្ត​តិរច្ឆាន​រូបនោះ ក៏​ទៅ​ទាញ​កាំបិត​យកទៅ​កាប់​ប្រហារ​ឪពុក​របស់ខ្លួន​ចំ ក ខាងក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ ស្លាប់​ភ្លាម​តែម្តង ។​

​ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ល្វា​សរ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕


​

ព្រះមហាក្សត្រ​ខ្មែរ យាង​ទៅ​ប្រទេស​ជប៉ុនដើម្បី​ចូលរួម​កម្មវិធី​ចំនួន​២ រយៈពេល​៤​ថ្ងៃ​

ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ពិធី​ចំនួន​ពីរ គឺ​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​ជប៉ុន​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង​ទៅកាន់​ប្រទេស​ជប៉ុន គឺ​ដើម្បី​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។​

អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះករុណា​ជា​អម្ចាស់​ជិវិត​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា ក៏បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់ ព្រះអង្គ​ផងដែរ​។​

​សូម​ជំរាប​ថា ព្រះអង្គ​យាង​ទៅកាន់​ប្រទេស​ជប៉ុន​នាពេលនេះ គឺ​ដើម្បី​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​ជប៉ុន​។

​តាមរយៈ​ព្រះរាជដំណើរ​យាង​ទៅ​ប្រទេស​ជប៉ុន​របស់​ព្រះអង្គ​នាពេលនេះ គឺជា​ព្រះរាជដំណើរ​ដែល​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន អោយ​កាន់តែ​ល្អប្រសើរ មានន័យថា ធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ទូលំទូលាយ​ថែមទៀត​។

​ប្រជារាស្ត្រ​ខ្មែរ ជា​កូន ជា​ចៅ នៅ​ទូទាំងប្រទេស សូម​ថ្វាយព្រះពរ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាពខ្លាំង​ក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅក្នុង​សុខ សន្តិភាព តរៀង​ទៅ​៕

កាណូត​ចាប់ផ្តើម​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ដោយ​ឥតគិតថ្លៃ ពី​ពេលនេះ ដល់​ថ្ងៃទី​១ សីហា​

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជ​ន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ បាន ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​កាណូត​ដឹក​អ្នកដំណើរ ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នៅ​ស្ថានីយ​នាវា​ដឹក​អ្នកដំណើរ​ឬ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៦ ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី តាមផ្លូវ​ជាតិ​លេខ​៥​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន ប្រសាសន៍​ឱ្យដឹងថា​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នេះ បាន​ចូលរួមចំណែក​ដល់​ការផ្តល់​មធ្យោបាយ​ធ្វើដំណើរ​បន្ថែមទៀត​ជូន​ប្រជា ពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ​។ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​កាណូត​ដឹក​អ្នកដំណើរ​នេះ ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។​

សូមបញ្ជាក់ថា​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​កំពង់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដោយ​ឆ្លងកាត់​ស្ថានីយ៍​រង់ចាំ​អ្នកដំណើរ​ចំនួន​៦​កន្លែង មានដូចជា​៖ កំពង់ផែ​ព្រែក​ព្នៅ ,​កំពង់ផែ​មុខ​ឃ្លាំង​សាំង​ឫស្សីកែវ ,​កំពង់ផែ​ផែបណ្តែត ,​កំពង់ផែ​ណាហ្គា ,​កំពង់ផែ​ភូមិ​ដើម​ចាន់​ច្បារអំពៅ និង​កំពង់ផែ​សួនច្បារ​តាខ្មៅ​។​

គម្រោង​នេះ​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ក្នុងនោះ​២​គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជាការ​ជួសជុល​កាណូត ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ឡើងវិញ​។ កាណូត​ដែល​ដាក់ឱ្យ​ដំណើរការ​នេះ​ជា​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ និង​ជា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​។​

ជា​ជំហាន​ដំបូង​នេះ កាណូត​នឹងធ្វើ​ចរាចរណ៍​ផ្តល់​សេវា ចេញដំណើរ​ពី ព្រែក​ព្នៅ ទៅ​ក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ​២៥​គីឡូ ម៉ែត្រ ចំណាយពេល​វេលា​ជា​មធ្យម ៣៤​នាទី​។​

ទន្ទឹមនឹង​ការដាក់​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​រថយន្តក្រុង​សាធារណៈ​របស់​សាលា រាជធានី ភ្នំពេញ រត់​នៅលើ​ផ្លូវជាតិ​លេខ ១, ៣, ៤, ៥ និង​លេខ​៦ ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅមុន​និង​ក្រោយ​បុណ្យចូលឆ្នាំថ្មី ដោយ​ឥត គិតថ្លៃ​ផងដែរ ដែល​ការដឹកជញ្ជូន​នេះ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ ២០១៨៕​

សូមមើលតារាងបង្ហាញទីតាំងចំណតរថយន្ត តាមគោលដៅចេញទៅតាមបណ្តាខេត្ត  ៖

កិច្ចប្រជុំ​កំពូល​ទន្លេមេគង្គ​លើក​ទី​៣​ចេញ​សេចក្តី​ថ្លែង​រួម​

​សៀមរាប ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មកា​ទន្លេមេគង្គ លើក​ទី​៣ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម បានសម្រេច​ចេញ​សេចក្តី​ថ្លែង​ការ​ណ៌ ក្រុង​សៀមរាប ដែល​រកឃើញ​ទាំង​សក្តានុពល និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ ក្នុង​យុទ្ធសាស្ត្រ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​។​

​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ក្រោម​ទិស​ស្លោក ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ ដែល​ត្រូវ​បានរៀបចំ​ធ្វើ​នៅ​សណ្ឋាគារ សុខា ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ដោយ​ភាពជោគជ័យ ជាមួយ​សេចក្តី​ថ្លែង​ការ​ណ៌ ក្រុង​សៀមរាប ។

​កិច្ចប្រជុំ​កំពូល​លើក​ទី​៣​នេះ បានបង្ហាញ​នូវ​ការចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​នៃ​ក្របខណ្ឌ​ទន្លេមេគង្គ រវាង​ប្រទេស​ជា​សមាជិក​នៅ​តំបន់​ទន្លេមេគង្គ​ផ្នែ​ខាងក្រោម រួមមាន ប្រទេស​កម្ពុជា ថៃ ឡាវ វៀតណាម រួម​និង វត្តមាន​នៃ​ប្រទេស​ជា​ដៃគូ​សន្ទនា​ដែល​ស្ថិតក្នុង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងលើ គឺ ចិន និង មី​យ៉ាន​ម៉ា ក៏ដូចជា​ដៃ​អភិវឌ្ឍ​ន៌​ជាច្រើន​ប្រទេស​ទៀត​។

​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកថា ជា​តំបន់​អា​ម៉ា​ហ្សូ​ន​នៃ​តំបន់​អាស៊ី ដែល​សំបូរ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី និង ធនធាន​ជីវចម្រុះ ហើយ​ទន្លេមេគង្គ ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ី​ផងដែរ ដែល​គិត​ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨ មកដល់ពេលនេះ មាន​កិច្ចប្រជុំ​កំពូល​ចំនួន​៣ ស្តីពី​ទន្លេមេគង្គ ត្រូវបាន​រៀបចំ​ធ្វើ គឺ កិច្ចប្រជុំ​កំពូល មេគង្គ​ឡាន​ឆាង នៅ​ទីក្រុង​ភ្នំពេញ​! កិច្ចប្រជុំ​កំពូល មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ ក្នុង​ទីក្រុង​ហាណូយ​! និង កិច្ចប្រជុំ​គណៈកម្មកា​ទន្លេមេគង្គ លើក​ទី​៣ ក្នុង​ក្រុង​សៀមរាប នា​ពល​ល​នេះ ។ គួរ​កត់សំគាល់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤ គឺ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​! ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​! ឯកឧត្តម ប​ណ្ឌី​ត ថង​លូន ស៊ី​សូលី​ត នាក​រដ្ឋមន្ត្រី​ឡាវ​! និង ឯកឧត្តម ង្វៀន ស៊ុន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បានលើកឡើង​នូវ​សក្តានុពល និង ប្រ​យោ​ជ​ន៌​ដ៏​សំខាន់​នៃ​អាង​ទ​ន្ល​មេគង្គ ចំពោះ​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ ក្នុង​តំបន់​។

​ប៉ុន្តែ​ទន្ទឹមនេះ អាង​ទន្លេមេគង្គ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​អាច​រារាំង​ដល់​ផែនការ​អភិវឌ្ឍ​រយៈពេល​វែង ផងដែរ ក្នុងនោះ​មានដូចជា បញ្ហា​កំណើនប្រជាជន​ឆាប់រហ័ស​! កំណើន​តម្រូវការ​ទឹក ស្បៀង និង​ថាមពល​! បរិបទ​នៃ​នគរ​ភាវូបនីយកម្ម និង​ឧស្សាហូបនីយកម្ម​! ការបាត់បង់​សម្បត្តិ​បរិស្ថាន ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ ជាដើម ដែល​បញ្ហា​ទាំងអស់នេះ​ទាមទា​អោយ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ប្រឹងប្រែង រួមគ្នា​ដោះស្រាយ​ជា​បន្ត​បន្ត ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈពេល​វែង ក្នុង​អាង​ទន្លេមេគង្គ ។

​បើតាម​ការ​ថ្លែង​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ បាន​បង្ហាញថា សេចក្តី​ថ្លែង​ការ​ណ៌​ក្រុង​សៀមរាប ដែល​កើតចេញពី​កិច្ចប្រជុំ​កំពូល​នេះ គឺជា សមិទ្ធផល​ដ៏​សំខាន់ សម្រាប់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ រួម​និង​ដៃគូ​អភិវឌ្ឍ​ន៌​នានា បន្ត​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ និង​ឈាន​ឆ្ពោះទៅ​សម្រេច​អោយបាន តាម​ផែនការ​យុទ្ធសាស្ត្រ ដែល​បាន​ដាក់ចេញ​នៅក្នុង​កិច្ចព្រមព្រៀង​មេគង្គ កាលពី​ឆ្នាំ​១៩៩៥​។ ជាពិសេស ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម ដែលជា​គណៈកម្មការ​ទ​ន្លេ​មេគង្គ បាន​ឯកភាពគ្នា​លើ​រូបមន្ត​ថ្មី ក្នុងការ​ចូលរួម​វិភាគទាន​ស្មើគ្នា ដើម្បី​ធានា​និរន្ត​ភាព​គ្របគ្រង​ហិរញ្ញវត្ថុ ដោយ​ខ្លួនឯង​នា​ឆ្នាំ​២០៣០​។

​បន្ថែម​ពីនេះ សេចក្តី​ថ្លែង​ការ​ណ៌​ក្រុង​សៀមរាប ក៏​ជម្រុញ​អោយ​ប្រទេស​ជា​គណៈកម្មការ​ទន្លេមេគង្គ ប្រឹងប្រែង អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ និង ត្រៀម​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព​សម្រាប់​រយៈពេល​៤​ឆ្នាំ បន្ត​ទៅមុខទៀត រហូតដល់​ឆ្នាំ​២០២២ ដែល​ពេលនោះ​ប្រទេស​ឡាវ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ៕
​

​វិនិយោគិន​ចិន ប្រមាណ​១​ពាន់​នាក់​នឹង​មករក​ស៊ី​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពីរ បី​ឆ្នាំ ចុងក្រោយ​នេះ កំណើន​វិនិយោគិន​ចិន ដែល​បានមក​បណ្ដាក់ទុន​នៅ​កម្ពុជា ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១​មាន​ចំនួន​ច្រើនជាងគេ ទាំង​គម្រោង​វិនិយោគ និង​ចំនួន​ទឹកប្រាក់​វិនិយោគ​។

​ទ​ន្ទឺ​ម​នេះ វិនិយោគ​គិ​ន​ចិន​ប្រមាណ​១​ពាន់​នាក់​ទៀត នឹង​មកដល់​កម្ពុជា​ក្នុងឆ្នាំនេះ ដើម្បី​ស្វែងរក​ការវិនិយោគ​នានា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​សំខាន់​។

​បើតាម​លោក ជាំ​ង ជី​ង​ឡុង ( Jiang Jing Long ) ដែលជា​វិនិយោគិន​ចិន​មួយរូប​បាន​មកដល់​កម្ពុជា តាម​ការចាត់​តាំងរបស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានអោយដឹងថា ការមកដល់​របស់​វិនិយោគិន​ចិន លើ​ទឹកដី​កម្ពុជា គឺជា​ការឆ្លើយតប​ទៅនឹង​សំណើរ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្នើអោយ​ចិន មក​វិនិយោគ​លើ​វិស័យ​នានា ក្នុងនោះ មាន​វិស័យ​អចលនទ្រព្យ កសិកម្ម និង សេវាកម្ម​ផ្សេងៗ ។

​តាមរយៈ​សកម្មភាព​នេះ ក៏​ជាការ​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង ចិន កាន់តែ​ស្អិតរ​មួ​ត ។ លោក​បន្តថា កម្ពុ​ជាមាន​សក្ដានុពល​ជាច្រើន​ទៀត​ដែល​ត្រូវអោយ​ចិន​អភិវឌ្ឍន៍ ជាពិសេស ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​មាត់សមុទ្រ​ដ៏​ស្អាត​មួយ​នៅ​ប៉ែ​កនារ​តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ថា បើតាម​ការ​ស្ទាបស្ទង់ ក្រុមហ៊ុន​របស់លោក​អាចជា​ក្រុមហ៊ុន​ដែល​ឈរ​លំដាប់​កំពូល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​កំពុង​បណ្ដាក់ទុន វិនិយោគ​នៅ​កម្ពុជា ព្រោះ​ទឹកប្រាក់​ដែល​គ្រោង​នឹង​វិនិយោគ មាន​ទំហំ​ធំ រាប់ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​ក្រុមហ៊ុន​ដែលមាន​ការសម្របសម្រួល​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន និង​កម្ពុជា​ផងដែរ ។

​បើតាម​លោក ស៊ី ឈាំ​ង​ស៊ាំ​ង អ្នកសម្របសម្រួល​វិនិយោគិន​ចិន មក​កម្ពុជា បានអោយដឹង​ផងដែរ នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ ពោលគឺ នៅ​អំឡុង​ខែ មេសា រឺ ខែ ឧសភា វិនិយោគិន​ចិន​ប្រមាណ​១០០០​នាក់​បន្ថែមទៀត នឹង​មកដល់​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​នានា សម្រាប់​ការវិនិយោគ​របស់​ពួកគេ ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​នេះ ។

​លោក​បន្តថា បើសិនជា​ពួកគេ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ជាក់ស្ដែង ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ ប្រាក់ចំណូល​ដល់​រាជរដ្ឋាភិបាល និង ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាដើម​៕

​

ក្រ​សូង ​ណែនាំ​អភិបាលរង​ទើប​ចូល កាន់តំណែង​ថ្មី​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ណែនាំ​ដល់​អភិបាលរង និង​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ទើប​និង​ទទួល​មុខតំណែង​ថ្មី ត្រូវបំពេញ​តួនាទី​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បំរើ ប្រជាជន​ដោយស្មោះ​ត្រង់ រែកពន់​នូវ​រាល់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ និង​ជួយ​បង្កើន​ប្រសិទ្ធិភាព​ការងារ ជាមួយ​អភិបាល ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​ក្នុង​ការពារ​សុវត្ថិភាព​សង្គម សម្រាប់​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​បន្ថែមទៀត ។​

​ក្នុង​ពិធី​ផ្ទេរ និង​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី របស់​អភិបាលរង​រាជធានី​ភ្នំពេញ និង​នាយក​ទីចាត់ការ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៥ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ដើម្បី បន្ត​និរន្តរភាព​ការងាររដ្ឋបាល និង​បន្ត​ពង្រីក​ស្នាដៃ​ការងារ​បាន​កាន់​ល្អប្រសើរ​បន្ថែមទៀត ឲ្យ​សក្តិសម​ទៅ​និង​ទំនុកចិត្ត​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នោះ អ្នក​ដែល​ទើប​ទទួល​មុខតំណែង​ថ្មី ត្រូវ​បំរើកា​រងារ​ជូន​ប្រជាជន​ឲ្យ​ស្មោះត្រង់​បំផុត ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​ថ្នាក់ដឹកនាំ​ពិសេស​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋលេខាធិការ បន្តថា​ក្រៅពី​ការបំពេញ​សេវាសាធារណៈ​ផ្នែក​ការងាររដ្ឋបាល ត្រូវ​ទទួលខុស​ខ្ពស់​ក្នុងការ​រែកពន់ និង​ជួយ​បង្កើន​ប្រសិទ្ធិភាព​ការងារ​ជាមួយ​អភិបាល និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​ក្នុង​ការពារ​សុវត្ថិភាព​សង្គម ព្រោះ​វា​ជា​មុខព្រួញ​ឆ្ពោះទៅ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​បន្ថែមទៀត​។​​

លោក ហួត ហៃ ជា​អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទើប​ទទួល​មុខតំណែង​ថ្មី ក៏ដូចជា លោក​សេង វណ្ណៈ មានមុខ​ដំណែង​នាយក​ទីចាត់ការ​ថ្មី បានទទួល​យក​នូវ​ការណែនាំ ទាំងនោះ​ទៅ​អនុវត្ត និង​ប្តេជ្ញា​ខិតខំ​បំពេញការងារ និង​រក្សា​សាមគ្គីភាព​ជាមួយ​មន្ត្រី បំរើ​ការងារ​ទាំងអស់​ឲ្យ​បាន​សក្តិសម​ទៅ​និង​ជំនឿ​ទុកចិត្ត​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ប្រគល់ជូន​។ ក្រៅពីនេះ នឹង​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធិភាព​ការងារ​ជាមួយ​អភិបាល គ្រប់​សកម្មភាព​ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​កសាង និង​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​។​

​សូមបញ្ជាក់ថា លោក ហួត ហៃ នាយក​រដ្ឋបាល​សាលា​រាជធានី ត្រូវបានតែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ក្រសួងមហាផ្ទៃ​និង​លោក សេង វណ្ណៈ នាយករង​ទីចាត់ការ​រៀបចំ​ក្រុង​មក​ទទួល តួនាទី​ជានា​យក​ទីចាត់ការ​ថ្មី​ជំនួស ឯកឧត្តម ហួត​ហៃ​៕​

ជំនួប​ទ្វេភាគី​នាយករដ្ឋមន្ត្រី​កម្ពុជា ថៃ មុន​កិច្ចប្រជុំ​កំពូល​ទន្លេមេគង្គ​ចាប់ផ្តើម

​សៀមរាប ៖ ជំនួប​ទ្វេភាគី​រវាង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង នាយករដ្ឋមន្ត្រី​ថៃ បាន​យកចិត្តទុកដាក់​លើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​អោយ​កិច្ចប្រជុំ​កំពូល​គណៈកម្មកា​ទន្លេមេគង្គ​លើក​ទី​៣ ទទួលបាន​ជោគជ័យ​។

​នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ លើក​ទី​៣ ចាប់ផ្តើម​ជា​ផ្លូវការ នៅក្នុង​ក្រុង​សៀមរាប សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយគ្នា នៅ​សណ្ឋាគារ សុខា សៀមរាប នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា​នេះ ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ប្តេ​ជា្ញ​ប្រឹងប្រែង​រួមគ្នា ធ្វើ​យ៉ាង​អោយ​ដំណើរការ​នៃ​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​នេះ ទទួលបាន​ជោគជ័យ និង​អាច​ផ្តល់​ប្រ​យោ​ជ​ន៌​ជារួម សម្រាប់​ប្រទេស​ទាំងអស់​នៅតាម​ដង​ទន្លេមេគង្គ​។

​បើតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​នេះដែរ ឯកឧត្តម អ៊ាង សុផ្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានអោយដឹងថា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានកត់សំគាល់ តាមរយៈ​នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ជា​ញឹកញាប់ គឺ​បង្ហាញអោយឃើញ​ពី​ភាព​ស្និទ​ស្នាល និង ទំនាក់ទំនង​យ៉ាង​ជិតស្និត រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​។ ដូចនេះ​ប្រ​ទស​ទាំងពីរ នឹង​បន្ត​រក្សា កិច្ច​សហ​ប​ត្តិ​ការ​ទ្វេភាគី ដែល​កំពុង​មានដំណើរ​ការល្អ​ជាទីបំផុត​ដូច​មាន​នា ពេលបច្ចុប្បន្ន​។

​ដោយឡែក ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចារ បាន​ជូនពរ សម្តេច​តេ​ជោ ក្នុង​ឳ​កាស ថ្ងៃ​ខួបកំណើត ឈានចូល​៦៨​ឆ្នាំ និង​បាន​ជូនពរ ប្រជាជន​កម្ពុជា ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី អោយមាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​។ ដូន​គ្នា​នេះ សម្តេច តេ​ជោ ក៏ បាន​ជូនពរ ឯកឧត្តម នាយករដ្ឋមន្ត្រី​ថៃ រួម​និង ប្រជាជន​ថៃ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី ដែល​ប្រារព្វ​ធ្វើ​ក្នុងពេល​តំណាលគ្នា​ជាមួយ​កម្ពុជា ផងដែ​៕​

រដ្ឋសភា ត្រៀម​ធ្វើ​មហាសន្និបាត​ត្រួត ពិនិត្យ​ការងារ​ពី​ឆ្នាំ​២០១៣ ដល់​២០១៧

​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣-២០១៧ និង​ការកំណត់​ទិសដៅ​បន្ត ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​១១ ខែមេសា ខាងមុខនេះ​។

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ថា រដ្ឋសភា នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣-២០១៧ និង​ការ កំណត់​ទិសដៅ​បន្ត​របស់ខ្លួន​សម្រាប់​ប​ណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​។​

សេចក្តីជូនដំណឹង​បានអោយដឹងថា ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋ សភា​នឹង​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បើក​មហាសន្និបាត​នេះ​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការ​​ដ្ឋា​ន​រដ្ឋសភា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​គឺជា​អង្គភាព​រដ្ឋបាល​មាន​ភារកិច្ច​រៀបចំ​កំណត់ ហេតុ​របស់​រដ្ឋសភា និង​ទទួល​រ៉ាប់រង​នៅ​គ្រប់​ភារកិច្ច​រដ្ឋបាល និង​សេវា​នានា​ជូន​រដ្ឋសភា​។

​មហាសន្និបាត​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​នាពេលនេះ មិន​ត្រឹមតែ​ផ្តល់ឱកាស​ដល់​អង្គ ភាព​ទាំងឡាយ​នៅក្រោម​ឱវាទ​បានលើកឡើង​ពី​លទ្ធផល​ការងារ ផល​លំបាក និង​បញ្ហា ប្រឈម ដើម្បី​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ក៏​ជា​វេទិកា​មួយ នឹង​ផ្តល់ឱកាស​ដល់​អង្គភាព ចំណុះ បង្ហាញ​ពី​ចក្ខុវិស័យ​របស់​អង្គភាព​នីមួយៗ ក្នុង​ការផ្តល់សេវា​កាន់តែ​ល្អប្រសើរ មាន ប្រសិទ្ធភាព ជូន​សមាជិក សមាជិកា​រដ្ឋសភា​នាពេល​អនាគត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់ នៅក្នុង​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ជុំវិញ​ការរៀបចំ​មហា សន្និបាត​នេះ​៕​

ផ្ទុះ​កំប៉ុង​ចង្ក្រានហ្គាសឆេះ​ផ្ទះមួយ​ខ្នងនៅ​ស្រុក​ស្អាង​

​កណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ស្ថិតនៅ​ក្នុងភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​ភ្លើង​ឆាបឆេះ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារតែ​ផ្ទុះ​កំប៉ុង​ចង្ក្រានហ្គាស ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​ា​៤ ខែមេសា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ មាន​ទំហំ ៥​គុណ​នឹង​៦​ម៉ែត្រ សង់​ខ្ពស់​ពី​ដី សសរ​បេតុង ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ។

ម្ចាស់ផ្ទះ​មានឈ្មោះ ប៊ី វាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​ត​កណ្តាល មុខរបរ​មិន​ច្បាស់លាស់ ប្រព​ន្ឋ​ឈ្មោះ សឿន ងែ​ត អាយុ​២៤​ឆ្នាំ មុខរបរ​មេផ្ទះ ។ គ្រោះ​អគ្គិភ័យ​នេះ បាន​បណ្តាលឱ្យ​ឆេះ​ផ្ទះ​ខាងលើ​ស្ទើរ​ទាំងស្រុង និង​ខូចខាត​សម្ភារ​ក្នុងផ្ទះ​មួយចំនួនទៀត ។

សមត្ថកិច្ច​បាន​បន្ថែម​ថា នៅពេល​កើតហេតុ​ឈ្មោះ ប៊ី វ៉ាន់ (​ម្ចាស់ផ្ទះ​) បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ឈ្មោះ​សួន ង៉ែត រួច​ក៏​នាំគ្នា​ចុះមក​ក្រោមផ្ទះ បន្តិចក្រោយមក​ក៏​លឺ​សំឡេង​ផ្ទុះ​នៅលើផ្ទះ ហើយ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង ភ្លាមនោះ​ម្ចាស់ផ្ទះ និង​អ្នកជិតខាង​បាន​រាយការណ៍​ទៅ​មេភូមិ ហើយ​មេភូមិ​ក៏​ទំនាក់ទំនង​សុំ​កម្លាំង​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មកជួយ​ពន្លត់ ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​ពីរ​រថយន្ត​ទើប​រលត់​ទាំងស្រុង ៕

​

ជំនួប​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម នៅ​សៀមរាប ផ្តោតលើ​ពាណិជ្ជកម្ម​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម សម្លឹង​ឃើញថា កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតស៊ីគ្នា​រវាង​ប្រទេស​ទាំងពីរ នឹង​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយ​កើនឡើង​ច្រើនជាង​៤​ពាន់​លាន​ដុល្លារ ៖ V.O: ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចាត់ទុកថា សុន្ទរកថា​របស់​សម្តេច​តេ​ជោ ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ និង​កិច្ចប្រជុំ​កំពូល CLV ក្នុង​ទីក្រុង​ហាណូយ កាលពីពេល​ថ្មីៗ​នេះ ពិត​ជាមាន​អត្ថន័យ​ពេញលេញ និង​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ ជាពិសេស​លើ​វិស័យ​ធុរៈកិច្ច​។

នេះ​បើតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម នៅ​ទីក្រុង​សៀមរាប នា​រសៀល​ថ្ងៃទី​៤ ខែមេសា ដែល​ផ្តល់​ដោយ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

​នៅក្នុង​ជំនួប​ទ្វេភាគី​នេះដែរ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន​កត់សំគាល់ថា កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតស៊ីគ្នា ដែល​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ រវាង​ប្រទេស​កម្ពុជា និង វៀតណាម គឺជា​ការបើក​ឳ​កាស និង លើកទឹកចិត្ត​អោយមាន​អ្នកវិនិយោគ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ច្រើនឡើង ដើម្បី​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី អោយ​កាន់តែ​ធំ​ឡើង​ថែមទៀត ខណៈដែល​ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី នាពេល​បច្ចុប្បន្ន មាន​ជាង​៤​ពាន់​លាន​ដុល្លារ ដែល កើនឡើង​ប្រមាណ​២៥​ភាគរយ​ក៏ដោយ​។ បន្ថែម​ពីនេះ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​ពេលនេះ ដែល​នឹង​ជម្រុញ​ការអនុវត្ត​កិច្ចព្រមព្រៀង ដើម្បី​អភិវឌ្ឍ និង​គ្របគ្រង​អាង​ទន្លេមេគង្គ ប្រកបដោយ​ចីរភាព​ផងដែរ​។

ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឯកភាព​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ និង ក្របខណ្ឌ CLV ។ សម្តេច ក៏​ឯកភាព​ចំពោះ ការកើនឡើង​នៃ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នាពេល​បច្ចុប្បន្ន​ផងដែរ ប៉ុន្តែ​សម្តេច បាន​ផ្តល់នូវ​ចក្ខុវិស័យ​ថា ប្រទេស​ទាំងពីរ​គប្បី​ពិនិត្យមើល ការ​ជម្រុញអោយមាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម រវាង​ប្រជាជន​នៅតាម​តំបន់​ព្រំដែន​ផង ។ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះដែរ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន ស្នើ​សុំអោយ​ភាគី​ទាំងពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ឡើង​ថែមទៀត ជាពិសេស​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា ជៀសវាង​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​៕
​