All posts by មេគង្គ ប៉ុស្តិ៍

ធនាគារ អេ​ស៊ី​ដា ដាក់​ផែនការ​រកប្រាក់​ចំណេញ ​ជាង​១០០​លាន ​ដុល្លារ​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែលជា​ធនាគារ​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ផែនការ​ថា នឹង​រកប្រាក់​ចំណេញ​អោយបាន ១០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៨​នេះ ខណៈដែល​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ កាលពី ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន​ជាង​៩០​លាន​ដុល្លារ​អាមេរិក​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ការិយាល័យ​កណ្ដាល​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​សេវាកម្ម​ថ្មី​មួយទៀត នៅក្នុង​វិស័យ​ធនាគារ​ឌីជីថល បាន​បង្ហាញថា ប្រាក់ចំណេញ​របស់​ធនា​គារ​អេស៊ីលីដា ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដោយសារ​ឆ្នាំ​២០១៧ ធនាគារ​បាន​កែទម្រង់​មួយចំនួន ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដូចនេះហើយ​ទើប​ធ្វើ​ចំណូល​បាន​ធ្លាក់ចុះ​បន្តិច ។ ចំណែក​នៅក្នុង​ឆ្នាំ ២០១៨​នេះ អេស៊ីលីដា បានកំណត់​ផែនការ​រកប្រាក់​ចំណេញ អោយបាន​១០០​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ វា​ក៏​អាស្រ័យ​លើ​ការកែប្រែ​មួយចំនួន​របស់​ធនាគា​រ​អេស៊ីលីដា និង​ធនាគារជាតិ ។

​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ ប្រាក់ចំណូល​ធំ​របស់​ធនាគារ បានមកពី​ការប្រាក់​ឥណទាន​របស់​អតិថិជន ដែលមាន​រហូតដល់​ជាង​៨៥​ភាគរយ ។ ក៏ប៉ុន្តែ​ពេលអនាគត ធនាគារ​នឹង​ពង្រឹង​សេវាកម្ម​នានា ដើម្បី​បង្កើន​ប្រាក់ចំណូល តួយ៉ាង​ធនាគារ​អេស៊ីលីដា គ្រោង​នឹង​បង្កើន​ប្រាក់ចំណូល​ពី​សេវាកម្ម​អោយបាន​ជាង​៣០​ភាគរយ ហើយ​ប្រាក់ចំណូល​ពី​ឥណទាន​នឹងត្រូវ​បន្ថយ​មក​នៅត្រឹមតែ ជាង​៦០​ភាគរយ​ប៉ុណ្ណោះ ។

​ដូច្នេះហើយ ដើម្បី​បង្កើន​ប្រាក់ចំណូល​ពី​សេវាកម្ម ធនាគារ​នឹង​ខិតខំ​ពង្រឹង​សេវាកម្ម​នានា​របស់ខ្លួន​បន្ថែមទៀត​។ ជាក់ស្ដែង សមិទ្ធផល​ថ្មី​របស់​អេស៊ីលីដា ដែល​បានដាក់​អោយប្រើ​ប្រាស់ កាន់តែ​ងាយស្រួល និង​កាត់បន្ថយ​នូវ​ហានិភ័យ​ខ្ពស់​ចំពោះ​ការបាត់បង់ និង​ផលវិបាក ។ លោក​ក៏បាន​បង្ហាញ​ដែរ​ថា សមិទ្ធផល​ថ្មី គឺ អេស៊ីលីដា​ទាន់​ចិត្ត ដែល​បាន​បង្កើត​តាំងពី​ឆ្នាំមុន មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​រាប់ម៉ឺន​នាក់​ហើយ ។

​អ្វីដែល​ពិសេស​អេស៊ីលីដា ទាន់​ចិត្ត បាន​ត​ភ្ជាប់​ពី​គណនី​ធនាគារ​ផ្ទាល់​ទៅកាន់​សេវាកម្ម​នោះ ដូចនេះ អតិថិជន​អាចធ្វើ​ការទូទាត់​បាន​គ្រប់ពេល​និង​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែមាន​សមតុល្យ​ទឹកប្រាក់​នៅក្នុង​គណនី ៕
​

កម្ពុជា ថៃ ឡាវ និង វៀតណាម ឯកភាព គ្នាធានា​និរន្តរភាព​នៃ​ទន្លេមេគង្គ

​ភ្នំពេញ ៖ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម បាន​ឯកភាពគ្នា​ធានា​និរន្តរភាព​នៃ​ទន្លេមេគង្គ ខណៈដែល​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ផ្តល់​ទិន្នផល​នេសាទ​ប្រមាណ​១៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​ប្រទេស​ទាំង​បួន​។​

ឡាវ និង​វៀតណាម​ទន្ទឹមនេះ កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ នឹងដាក់​ចេញ​នូវ​ផែនការ​សំខាន់ៗ​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ដូចនេះ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន​អាស៊ី​អា​គ្នេ​យ៌ សូម​លើកយក​ចំនុច​សំខាន់ៗ​មួយចំនួន​នៃ​តំបន់​អាង​ទន្លេមេគង្គ​នេះ​។

​ទន្លេមេគង្គ គឺជា​ទន្លេធំ​ជាងគេ​ទី​១០ ក្នុង​ពិភពលោក និង​ជា​ទន្លេ វែង​ជាងគេ នៅ​អាស៊ី​អា​គ្នេ​យ៌​។ ទន្លេ​នេះ ត្រូវបាន​រកឃើញថា មាន​ធនធានធម្មជាតិ​ដ៏​សម្បូរបែប រួមមាន រុក្ខជាតិ​ជាង ២​ម៉ឺន​ប្រភេទ និង ត្រី​ជាង ៨៥០​ប្រភេទ ដែល​ផ្តល់​ប្រ​យោ​ជ​ន៌ ដល់ ប្រជាជន​ប្រមាណ​៦០​លាន​នាក់ ក្នុង​តំបន់​ទន្លេមេគង្គ​នេះ ក្នុងនោះ​ប្រជាជន​ប្រមាណ​៤០​លាន​នាក់ មាន​ពឹង​ផ្អែកលើ​របរ​នេសាទ​។

ទន្លេ​មេគ​ង្ក ត្រូវបាន​បែងចែក​ជា ពីរ​ផ្នែក គឺ​ផ្នែក​ខ្សែទឹក​ខាងលើ មាន​ប្រទេស​ចិន និង ប្រទេស​មី​យ៉ាន់​ម៉ា​ចំណែក​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម រួមមាន​ប្រទេស​ថៃ ឡាវ កម្ពុជា និង វៀតណាម​។ សម្រាប់​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម បានផ្តល់​ទិន្នផល​នេសាទ​ប្រមាណ ៤​លាន​៥​សែន​តោន​ក្នុង​មួយឆ្នាំៗ ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ធនធាន​ទាំងនេះ បានរួម​ចំណែក​ប្រមាណ ១៨​ភាគរយ​នៃ ផលិត​ក្នុងស្រុក​សរុប របស់​កម្ពុជា​។ ចំណេ​ក ប្រទេស​ឡាវ ផល​នេសាទ​នេះ​បានផ្តល់​ប្រមាណ​១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

ខណៈដែល ប្រទេស​ថៃ និង ប្រទេស​វៀតណាម ទទួល​ប្រ​យោ​ជ​ន៌​ប្រមាណ ៥​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ ពី​ផល​នេសាទ​នេះ​។ ក្រៅពី​ផល​នេសាទ ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ក៏​ជា​ច្រក​សំខាន់​មួយ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ពី​ប្រទេស​ចិន ទៅដល់​ប្រទេស​ថៃ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤​ក្បៀស​៥​ពាន់​ពាន់ លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ​។

ចំណែក វិស័យ​កសិកម្ម តំបន់​អាង​ទន្លេមេគង្គ បានផ្តល់​អំណោយផល​ដល់​ការផលិត​អង្ករ សម្រាប់​ជា​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៣​រយ​លាន​នាក់ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ស្បៀង​គ្រប់គ្រាន់​ក្នុង​រយៈពេល​មធ្យម​បាន​ក្នុង​តំបន់​។

​ចំពោះ​វិស័យ​ថាមពល​អគ្គិសនី អាង​ទន្លេមេគង្គ ជា​តំបន់​ដែលមាន​សក្តានុពល​រស់​រវើក​ជាងគេ ក្នុង​ពិភពលោក ដែល​អាច​ផលិត​អគ្គិសនី បាន​រហូតដល់​ជាង ៣​ម៉ឺន​មេ​ហ្គា​វ៉ា​ត់​។

ប៉ុន្តែ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ វា​រី​អគ្គិសនី​នានា​នៅ​តំបន់​អាង​ទន្លេ​ខាងក្រោម ទើប​អាច​ផលិត​បាន​អគ្គិសនី​សរុប ត្រឹម ៦​ពាន់​៤​រយ មេ​ហ្គា​វ៉ា​ត់ ប៉ុណ្ណោះ​។

ដោយសារ​ទន្លេមេគង្គ បានផ្តល់​ប្រ​យោ​ជ​ន៌​ជាច្រើន​ដូចនេះ គណៈកម្មការ​ទន្លេមេគង្គ ហៅ​កាត់​ថា MRC ក៏​ត្រូវបាន​បង្កើតឡើង ដោយ​ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម ដែលជា​ប្រទេស​ស្ថិតក្នុង​តំបន់​ទន្លេមេគង្គ​ខាងក្រោម ក្នុង​កិច្ច ព្រមព្រៀង​មេគ​ង្ក កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៩៥​។

​ចំណែក ប្រទេស​ចិន និង ប្រ​ទស មី​យ៉ាន់​ម៉ា ជា​ប្រទេស​ស្ថិតនៅ​ប៉ែក​ខាងលើ​នៃ​ទ​ន្ល​មេគង្គ បាន​ចូលរួម​ជា​ដៃគូ​សន្ទនា ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​។ គណៈកម្មការ​ទន្លេមេគង្គ តែង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ រៀងរាល់​រយៈពេល​៥​ឆ្នាំ​ម្តង ដោយ​ក្នុង​ផែនការ​ឆ្នាំ ២០១៦ ដល់ ឆ្នាំ​២០២០ គឺមាន​ថវិកា​ប្រមាណ​៦៥​លាន​ដុល្លារ​អាមេរិក​។

ដោយឡែក កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​កំណត់​ទិសដៅ​អាទិភាព​សំខាន់​ជាច្រើន​ទៀត ដើម្បី​ធានា​និរន្តរភាព​នៃ​បារ​ប្រើប្រាស់​ធនធាន​នៅក្នុង​អាង​ទន្លេមេគង្គ​៕
​

លោក អ៊ិត សំហេង ជំនួបពិភាក្សា ការងារជាមួយ លោក Dato’ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

សៀមរាប ៖ បន្ទាប់ពីចូលរួមក្នុងពិធី ផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះដែលមានសហគ្រាសចំនួន ១៩ មកពីបណ្តាលប្រទេសអាស៊ាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Dato’ Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានជំនួបពិភាក្សាការងារ អំពីវឌ្ឍនភាពទាំងឡាយរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ដែលបានអនុវត្តបានយ៉ាងល្អប្រសើរ។ លោក Dato’ Lim Jock Hoi បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលកម្ពុជាបានកំពុងខិតខំសម្រេចបានទាំងកិច្ចការងារបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) និងទាំងក្នុងក្របខណ្ឌអាស៊ានទាំងមូល ជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានា គាំពារ ជម្រុញដល់កំណើនសេដ្ឋកិច្ច និងមិនត្រឹមតែបង្កើននូវធនធានមនុស្សសម្រាប់ទាក់ទាញវិនិយោគ ពាណិជ្ជកម្មផ្សេងៗប៉ុណ្ណោះទេ តែវាក៍ជាផ្នែកមួយធានានូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរនេះដែរ នឹងផ្តល់នូវគុណប្រយោជន៍បន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងសុវត្ថិភាពការងារ ជាពិសេសការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំច្បាប់ បទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗដល់កម្ពុជា ព្រមទាំងបានរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តាលវិជា្ជជីវៈក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ និងលើកមុខមាត់ដល់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕

កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​សៀមរាប បានចាប់ផ្តើម​

​ភ្នំពេញ ៖ អគ្គលេខាធិការ​អាស៊ាន ចូលជួប​សម្តែង​ការគួរសម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មុនពេល​កិច្ចប្រជុំ​កំពូល​គណៈកម្មកា​ទន្លេមេគង្គ​ចាប់ផ្តើម នៅ​ខេត្តសៀមរាប​។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ដល់​អគ្គលេខាធិការ​ថ្មី​របស់​អាស៊ាន យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ​អាទិភាព​ចំពោះ​កិច្ចការ​សមាហរណកម្ម​អាស៊ាន​។

​នៅក្នុង​ជំនួប​សំដែង​ការគួរសម ពី​សំណាក់ លោក ដា​តុ លឹម​ចុក​ហ៊ុយ (Dato LiM Chuk huy) អគ្គលេខាធិការ​ថ្មី​របស់​អាស៊ាន នា​ព្រឹក​ថ្ងៃទី​៤ ខែមេសា មុនពេល​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ចាប់ផ្តើម​នៅក្នុង​ខេត្តសៀមរាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើ​ដល់​អគ្គលេខាធិកា​អាស៊ាន ជម្រុញ​ព​ន្លឿ​ន​កិច្ចការ​ទាំងឡាយណា​ដែល​ថ្នាក់ដឹកនាំ​បាន​ព្រមព្រៀងគ្នា​រួចមកហើយ​។

​ទាក់ទង​នឹង​ការលើកឡើង​នេះ លោក ដា​តុ លឹម​ចុក​ហ៊ុយ បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា អគ្គលេខាធិការ​អាស៊ាន​នឹង​ប្រឹងប្រែង​រៀបចំ​កិច្ចការ​អាស៊ាន​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​តាមរយៈ​អគារ​ថ្មី​របស់​អគ្គលេខាធិការ​អាស៊ាន ដែលមាន​កម្ពស់​១៦​ជាន់ ស្ថិតនៅក្នុង​ទីក្រុង ចា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី គឺមាន​ទំហំ​ធំ​ល្មម​សាក​សម​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​បាន​។

​បន្ថែម​ពីនេះ លោក ដា​តុ លឹម​ចុក​ហ៊ុយ បាន​បញ្ជាក់ថា អគ្គលេខាធិការ​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​នានា​របស់​អាស៊ាន ធ្វើយ៉ាងណា​អោយ​មានការ​សន្សំសំចៃ​ថវិកា​របស់​អាស៊ាន​។ ក្នុង​ចំនុច​នេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​លើកឡើងថា អាស៊ាន​មាន​កិច្ចប្រជុំ​ជាច្រើន​មែន ប៉ុន្តែ​កិច្ចប្រជុំ​ទាំងនោះ គឺជា​ការ​ជម្រុញ​កិច្ចការ​សមាហរណកម្ម​អាស៊ាន ។

​ដូចនេះ សម្តេច​ស្នើអោយ​មានការ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​កិច្ចការ​សមាហរណកម្ម​អាស៊ាន ដែលជា​កិច្ចការ​ចំបង​សម្រាប់​កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕​

ក្រសួងយុត្តិធម៌​ពិនិត្យ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​នេះ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ និង​វាយ តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យ​ចូល​
​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត​(​ពន្ធនាគារ​ចំនួន​២០) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ចំនួន ៣២១​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៨​នាក់​។​

​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាន​ជុំវិញ​បញ្ហា​នេះ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចការ អយ្យការ​ក្រសួងយុត្តិធម៌ ឯកឧត្តម ស៊ុ​ច សុផាន់​ណា​រ៉ា បានអោយដឹងថា ចំពោះ​ការស្នើសុំ​
​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​នេះ បាន​ឈរ​នៅលើ​គោលការណ៍​ច្បាប់ និង​ស្ថិត​
​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ចំពោះ​ឥរិយាបថ​របស់​ទណ្ឌិត​ដែល​បាន​ស្នើសុំ​។​

សូម​ជម្រាបជូន​ថា ជាទូទៅ​ក្នុង​១​ឆ្នាំ កម្ពុជា​មានការ​លើកលែង​ទោស និង​បន្ធូរបន្ថយ ទោស​ចំពោះ​ទណ្ឌិត​ចំនួន ៣​ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខ បូរ​ជា និង​ព្រះ​រាជពិធី​បុណ្យអុំទូក​៕
​

តុលាការ​កោះហៅ​លោក សម រង្ស៊ី និង​ភរិយា រួម​នឹង​អតីតមន្ត្រី CNRP ៤​នាក់​រឿង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​

​ភ្នំពេញ ៖ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៦​នាក់ រួមមាន លោក សម រង្ស៊ី និង​ភរិយា គឺ​លោកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ និង​លោក តុ វ៉ាន់​ចាន់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ និង​ដាច់ដោយឡែក​ពីគ្នា ដែល​នឹង​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ តទៅ​។ អ្នកនយោបាយ​ទាំង ៦​នាក់ ត្រូវ​ចូល​បំភ្លឺ​ពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​តុលាការ​ចាត់ទុកថា ជា​ចលនា​ខុសច្បាប់​។​

តាម​ដីកា​កោះហៅ​ចេញ​ដោយ​លោក​សៀង​សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦ នាក់ រួមមាន​៖
​ទី​១៖ លោក សម រង្ស៊ី កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​២៖ លោក អេង ឆៃអ៊ាង កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៣៖ លោកស្រី ជូ​ឡុង សូ​មួ​រ៉ា កោះ​ហៅចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​៤៖ លោក ហូរ វ៉ាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៥៖ លោក នុត រំដួល កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៦៖ លោក តុ វ៉ាន់​ចាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
ដីកា​កោះហៅ​នោះ ត្រូវបាន​ប៉ូលិស​យកទៅ​បិទ​នៅ​របង​អតីត​ទីស្នាក់កា​រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ផ្ទះ​របស់លោក​សមរង្ស៊ី នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​២ នា​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។​

យោងតាម​ដីកាកោះ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​នៅ​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា “​ការកោះហៅ​លោក សម រង្ស៊ី និង​ភរិយា ព្រមទាំង​មនុស្ស​៤ នាក់ ទៀត ដើម្បី​សាកសួរ​ពី​ដំណើររឿង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ញុះញង់​បង្ក​ឲ្យ​មាន ភាពវឹកវរ ធ្ងន់ ធ្ង​រ​ក្នុងសង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្ដួលរំលំ អាជ្ញាធរ ស្របច្បាប់ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​” ។​

​សូម​រំលឹកថា ចលនា​សង្គ្រោះ​ជាតិ ត្រូវបាន​លោក សម រង្ស៊ី ប្រកាស​ជា​ផ្លូវការ នៅ​ទីក្រុង​ឡុង ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ ។​លោក សម រង្ស៊ី ធ្លាប់ បាន​ថ្លែងថា ចលនា​សង្គ្រោះ​ជាតិ មិន​អាចមាន​អ្នកណា​រំលាយ បាន​នោះទេ ព្រោះ​មិនបាន​ចុះឈ្មោះ រ៉ៃ​អង្គាស​ថវិកា ។ ចលនា​សង្គ្រោះ​ជាតិ​ហៅ​កាត់​ថា CNRM មិនចាំបាច់​ប្រកាស​នោះទេ ព្រោះ​អ្នក​គាំ ទ្រ​ជា​អ្នក​ប្រកាស​ខ្លួនឯង​។​លោក​ថា អ្នក​ដែល​ចូលរួម​ជា​និមិត្តរូប មិនមែន​ឲ្យ​ចេញមុខ​បង្ហាញ ឈ្មោះ នោះទេ ។​
​

លោក សម រង្ស៊ី ក៏បាន​គូសបញ្ជាក់ថា “​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ លែង​លោក កឹម សុខា និង​អ្នកទោស​មនសិកា មួយចំនួន និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ ឆ្នោត​ឡើងវិញ​នោះ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច នៅ​ថ្ងៃទី​៤ ខែមេសា​នេះ បាន​លើកឡើងថា​ទណ្ឌិត សម រង្ស៊ី និង កឹម សុខា​ចាំបាច់​ត្រូវតែ​ទទួល​ការកាត់ទោស ពីបទ​ក្បត់ជាតិ​ដូច​លោក ពុ​យ ហ្សេ​ម៉ុង មេដឹកនាំ​បំបែក​រដ្ឋ តំបន់​កាតា​ឡា​នីញ៉ា នៅ​ប្រទេស អេ​ស្ប៉ា​ញ ដែរ​៕​

ចាប់​ក្រុមចោរ​គាស់​ផ្ទះ​ប្រុស​២​ស្រី​១​នៅ​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​

​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុ​ា​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​រ​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​គាស់​សោ​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​បានសម្រេច​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈានចូល​ថៃ្ង​ទី​០៤ ខែមេសា ឆាំ្ន​២០១៨​ស្ថិតនៅ​ចំនុច​ផ្ទះ​លេខ​៤៧៩F ផ្លូវ​៩០៧ ក្រុមទី​៨ ភូមិ​ទួល​សងែ្ក សង្កាត់ ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

តាម សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់
១ ឈ្មោះ ឆែប រ៉ា​មី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​០៩៦ ផ្លូវ​បេតុង​ក្រុម​១៣ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ ;
២ ឈ្មោះ​ម៉ែន ផា​រ៉ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​២៧៣ ផ្លូវលំ ក្រុម​១៤ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ និង​៣ ឈោះ្ម តូច ច​ន្នី ភេទ​ស្រី អាយុ​១៦​ឆាំ្ន មាន​ទីលំនៅ​ផ្ទះ ៣០៧ ផ្លូវ​រថ​ភើ្ល​ង ក្រុម​៨ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ​។​
ចំណែក​ជនរងគ្រោះ​ឈ្មោះ គាត ប៉េងឡុង ភេទ ប្រុស អាយុ​៣៤​ឆ្នាំ
​មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

​បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​
​ដកហូត​រួមមាន ៖ កង្ហារ​មួយគ្រឿង​ទូរទស្សន៍​ម៉ាក​សាំ​ស៊ុ​ង​៣២​អ៊ីង​មួយគ្រឿង ក្បាល​ឌី​វី​ឌី​ម៉ាក​សាំ​ស៊ុ​ង​មួយគ្រឿង និង​ដែក​លួស​កែច្នៃ​មួយ​កំណាត់​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​ធើ្វ​សកម្មភាព​គាស់​ផ្ទះ យកបាន​សំភារៈ​ខាងលើ បានសម្រេច​រួច​
​ដើរចេញ​ហើយ​ត្រូវ កំលាំង​នគរបាល​ប៉ុស្តិ៍​ជិះ​ល្បាត​ប្រទះឃើញ​ឃាត់​តែម្តង​ព្រមទាំង​
​ដកហូត​បាន​សម្ភា​រៈដែ​ល​ខ្លួន​លួចបាន​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕
​

រដ្ឋបាល​ខេត្តកណ្តាល​ប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រោះមហន្តរាយ​និងគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

 

​កណ្តាល ៖ រដ្ឋបាល​ខេត្តកណ្តាល​បាន រៀបចំ​កិច្ចប្រជុំ​បូកសរុប និង​ផ្សព្វផ្សាយ ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ និង​ការផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​។

​លោក បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​អាន​របាយការណ៍ និង​មានប្រសាសន៍​ស្វាគមន៍​គណៈអធិបតី គណៈប្រតិភូ និង​រៀបរាប់​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​ការជួប​ប្រទះ​គ្រោះមហន្តរាយ​មួយចំនួន​នៅ​ខេត្តកណ្តាល ក្នុង​ឆ្នាំ​២០១៧ និង​រាល់​សមិទ្ធផល និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ខេត្តកណ្តាល​មាន សុទ្ធតែជា​សមិទ្ធផល​កើតមាន​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ធ្វើ​ឲ្យ​ខេត្តកណ្តាល​មានការ​ប្រែប្រួល​មុខមាត់​ថ្មី មាន​សន្តិសុខ សុវត្ថិភាព សោភ័ណភាព និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍ ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ឆាប់រហ័ស​។​

លោក បណ្ឌិត ម៉ៅ ភិ​រុណ បាន​បន្ថែមថា បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ សម្រេចបាន​នូវ​លទ្ធផល និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត​ក៏​នៅ​ជួប​ការលំបាក​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ចាំបាច់​ត្រូវខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ កែលម្អ និង​ពុះពារ​អនុវត្ត​បន្តទៀត​។​ក្នុងនោះ​អាស្រ័យ​ដោយ​លក្ខណៈ​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​មាន​លក្ខណៈ​ស្មុគស្មាញ បញ្ហា​គ្រោះមហន្តរាយ​គឺ​បញ្ហា​ប្រឈម​មួយ ដែល​រដ្ឋបាលខេត្ត​បាន​ជួបប្រទះ ដោយ​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ​ស្ថានភាព​គ្រោះមហន្តរាយ​ក្នុង​ខេត្ត​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះរាំងស្ងួត ការបាក់​ច្រាំង អគ្គីភ័យ ជាដើម ។​

លោក​បណ្ឌិត ញឹម វណ្ណដា បាន​កោតសរសើរ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កន្លងមក​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បាន​ទាន់ពេលវេលា​។ ឯកឧត្តម​បន្ថែមទៀតថា ពីមួយ​ឆ្នាំ​ទៅមួយ អ​កាស​ធាតុ​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូច្នេះ​សូម​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ទុកជាមុន​នៅ​បញ្ហា​ទាំងអស់នេះ និង​រួមគ្នា​ការពារ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​៕


​

អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ ប្រឈម​ជាប់ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ​ពីបទ​ឃាតកម្ម​

​ភ្នំពេញ ៖ មនុស្ស​៤​នាក់​នៅ​ព្រលប់​ថ្ងៃទី​៣ ខែមេសា នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​បងប្រុស​របស់លោក​ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ ពីបទ​ឃាតកម្ម​។​ចំណែក​មនុស្ស​២​នាក់​ទៀត ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​តម្រុយ​ក្នុង​អង្គហេតុ​តែមួយ​។​

​សូមជម្រាបថា បន្ទាប់ពី​សួរចម្លើយ​លើក​ទី​ពីរ​អស់​ពេល​ជាច្រើន​ម៉ោង ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់ ក្នុងចំណោម​៦​នាក់ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងថា អយ្យការ​បានសម្រេច បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​
​
លោក​បន្តថា ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។​
​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ ឡាយ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ ឃាតកម្ម ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បានចែង​ថាៈ មាត្រា​១៩៩ ៖ បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ ណាមួយ ដូច​បានកំណត់ ក្នុង​មាត្រា ២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា ២០៥ (​បទ​ឃាតកម្ម ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​តាម​មាត្រា​៥៣២៖ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា ភរិយា​របស់លោក ឡាយ វណ្ណៈ គឺ​អ្នកស្រី ស៊ូ សុជាតា ដែលជា​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល និង លោក ស៊ូ ភា​រិន្ទ រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ឪពុកក្មេក​លោក​លោក ឡាយ វណ្ណៈ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ទេ​៕
​

គ្រោះថ្នាក់​ចរាចរណ៍​៣​ខែ​ដើម​ឆ្នាំនេះ ស្លាប់​៤៨០​នាក់ និង​របួស​១.២៣៤​នាក់​

​
​ភ្នំពេញ ៖ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​ប្រមាណ​តែ​១៧ % ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​។​

​របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ខែមករា​ដល់ ខែមីនា ឆ្នាំ​២០១៨ នេះ គ្រោះ ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន​៨១៩​លើក ថយចុះ​១៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​រហូត​ទៅ ដល់ ៩៨៩​លើក​។​

​ក្នុង​ចំនួន​៨១៩​លើក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ចំនួន​៤៨០​នាក់ ថយចុះ​ចំនួន​២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧ ដែល​អ្នក​ស្លាប់មាន រហូត​ទៅដល់​៤៩២​នាក់​។​

​ដោយឡែក ចំពោះ​អ្នករបួស​វិញ មាន​ចំនួន​១.២៣៤​នាក់ ថយចុះ​ចំនួន​១៦% បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ មាន​រហូត​ទៅដល់ ១.៤៦៨​នាក់​។​

​សូមជម្រាបថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា រយៈពេល ពេញ​១​ឆ្នាំ ២០១៧ បាន​កើតឡើង​ចំនួន ៣.៥៣១​លើក ហើយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ មានការ​ថយចុះ​ចំនួន ១៦៩ ករណី បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១.៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន ៥.៥៣៩​នាក់ ថយចុះ​ចំនួន​១.០៦៨​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦៕​

​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង​៥១គ.ម នៅស្រុកសំឡូត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

បាត់ដំបង ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង​៥១
​កី​ឡូ​ម៉ែត្រ ស្ថិតនៅ​ក្នុងស្រុក​សំឡូត​ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​
​សម្តេច ​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហា ផ្ទៃ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​លេខ ១៥៧៧ ប្រវែង​សរុប ៥១.៧៩៨ គ​.​ម ចាប់ពី​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល ដល់​ភូមិ​ឆក​រកា ឃុំ​សំឡូត (​ច្រកទ្វារព្រំដែន ៤០០ )​ស្រុក​សំឡូត ខេត្តបាត់ដំបង ត្រូវបាន​ស្ថាបនា​តាម​ស្តង់ដារ​ចិន Class III ដែលមាន​ទទឹង ៩ ម ក្រាល​កៅស៊ូ ២​ស្រទាប់ (DBST )​លើ​ទទឹងផ្លូវ ៨ ម ក្នុងនោះ​មាន​ស្ពាន​វែង ខ្លី មធ្យម ចំនួន ៧​កន្លែង​​សរុប​ប្រវែង ២៨៦ ម លូ​មូល​គ្រប់​ប្រភេទ​៩៥ កន្លែង លូ​ជ្រុង​១៩ កន្លែង រៀប​ថ្មភ្នំ​ធ្វើ​ជើងទេរ​ផ្លូវ​ចំនួន ៣៥០០០ ម៉ែត្រគូប សម្រាប់​ការ​​ពារ​ទឹកជំនន់ ផ្លូវ​វាង​ប្រវែង​៥.៣០ គ​.​ម ទទឹង ៦ ម​ក្រាល​កៅស៊ូ ២ ស្រទាប់​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍​បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផងដែរ ។

​សម្តេច ស ខេង បាន​បន្តថា​ផ្លូវ​១៥៧៧ នេះ​ត្រូវបាន ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៨.២១២ លាន​ដុល្លា​អាមេរិក​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​​ភ័​ណ្ឌ មិនទាន់​ផ្ទុះ ។

សម្តេច​បាន​លើកឡើងថា​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់ ចិន ( CRBC-China Road and Bridge Corporation ) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន
( Guangzhou Wanan Construction Supervision Co.Ltd )
​ដោយ​ប្រើ​រយះពេល​សាងសង់​ចំនួន ២៣ ខែ ដែល​បានបញ្ចប់​ការសាងសង់​នៅ ចុងឆ្នាំ ២០១៧ កន្លងទៅនេះ ប្រកបដោយ​ក្តី​រំ​ពឺ​ង​និង​ជឿរ​ទុកចិត្ត​ដ៍​កក់ក្តៅ​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត នៃ​យើង​មាន​សេចក្តីសុខ​សុវត្ថិភាព​និង​សន្តិភាព​ដូច​បច្ចុប្បន្ន​
​ដែល​ពលរដ្ឋ​ទូទាំងប្រទេស​ចង់បាន ព្រមទាំង​សមិទ្ធ​
​ផល​ផ្សេងៗ​ផងដែរ ៕ សុ ផល​

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ នឹង​ចូល​មកដល់​នៅ​ម៉ោង​៩ និង​១២​នាទី ថ្ងៃទី​១៤ ខែមេសា​

​ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ មហាសករាជ ១៩៤០ ច​ល​សករាជ ១៣៨០ ស​ង្ក្រា​ន​ឆ្នាំនេះ នឹង​ចូលមក​នៅ​ថ្ងៃ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ទី​១៤ ខែមេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​៩ និង​១២​នាទី ព្រឹក​។ ទេពធីតា ដែល​នឹង​យាង​ចុះមក​បន្តវេន​រក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី​៧ នៃ​កបិល​មហាព្រហ្ម តំណាង​ឲ្យ​ថ្ងៃ​សៅរ៍ មាន​ផ្កាត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ភក្សាហារ សត្វ​ទ្រាយ ព្រះ​ហ​ស្ថ​ស្តាំ ទ្រង់​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង ទ្រង់​ត្រីសូល៍ គង់​លើ​មយូ​រ៉ា ឬ​សត្វ​ក្ងោក ទ្រង់មាន​ព្រះ​អម្ពរ​ពណ៌​ត្រាប (​ពណ៌​ខៀវ​) ។​
​ថ្ងៃទី​១ គឺ​ថ្ងៃ​វារៈ​មហាសង្ក្រាន្ត ថ្ងៃ​សៅរ៍ ១៤ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំចរ សំរឹទ្ធ​ស័ក​។​
​ថ្ងៃទី ២ វារៈ​វ័ន​បត ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៨ ។​
​ថ្ងៃទី វារៈ​ឡើងស័ក ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជាស​ង្ក្រា​ន ៣ ថ្ងៃ​។​
​ចំពោះ​រណ្តាប់​ទទួល​ទេវតា ៖
​តាម​ទំនៀម​ពី​បុរាណ​រៀងមក​ត្រូវ​រៀប​រាន​ទេវតា​នៅខាងមុខ​ផ្ទះមួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។​
-​ក្រាល​សំពត់​ពណ៌​ស​
-​បាយសី ៩ ថ្នាក់ មួយគូ​
-​បាយសី ៧ ថ្នាក់ មួយគូ​
-​បាយសី ៥ ថ្នាក់ មួយគូ​
-​បាយសី ៣ ថ្នាក់ មួយគូ​
-​បាយសី ប៉ាឆា​ម មួយគូ​
-​ស្លាធម៌ មួយគូ​
-​ទឹកអប់ មួយគូ​
-​ទៀន ៥ ធូប ៥ លាច ៥ ផ្កា​៥
-​ដាក់​លើ​ជើងពាន​
-​ចេកនួន ចេកណាំវ៉ា មួយគូ​
-​ផ្លែឈើ ១១ មុខ​
-​ដូង​ឡៅ មួយគូ​
-​ទឹកស្អាត ពីរ​កែវ​
​វិធី​ទទួល​ទេវតា ៖
​នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។ ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទ​ស្សមាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង​។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះមក ឬ​រៀបចំ​ត្រឹម​គ្រឿង​សក្ការៈបូជា មាន​ទៀន ៥ ធូប​៥ ស្លាធម៌ កូន​ចេក ក៏​ល្មម​សមគួរ​ដែរ​។ ចំពោះ​ផ្លែឈើ គួរ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅលើ​ជើងពាន នៅលើ​បាយសី​ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ​៕​

តុលាការ​មិនទាន់​សម្រេច​លើ​ករណី​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ

​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ​ជុំវិញ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​ជនសង្ស័យ​៥​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​ករណី​មរណភាព​ស្ត្រី ចេ​វ សុ​វ​ឌ្ឍ​នា ជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ នៅឡើយ​ទេ នា​រសៀល​ថ្ងៃទី​២ ខែមេសា នេះ បន្ទាប់ពី​បានធ្វើការ​សួរចម្លើយ​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ នេះ​បើតាម​បញ្ជាក់​របស់លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​បណ្ដាញ​តេ​ឡេ​ក្រាម នៅ​ល្ងាច​ថ្ងៃទី​២ ខែមេសា នេះ​។​

​គួរ​បញ្ជាក់ថា លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​អភិបាល​ខេត្តតាកែវ​) ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១ ខែមេសា ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុះ​ផ្ទះជួល ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ក្នុង​សំណុំ​រឿងនេះ ស​មត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ រួមមាន លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ ចំណែក​លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ទី​៦ ហើយ​ទំនងជា​ជន​ចុងក្រោយបង្អស់​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​ស្រី​កំណាន់​របស់លោក​៕
​

វិស័យ​ដំឡូង​មី​កម្ពុជា កាន់តែ​ល្អប្រសើរ​ជា​បន្តបន្ទាប់​

​ភ្នំពេញ ៖ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​ថ្នាក់ជាតិ​លើ​វិស័យ​ដំឡូង​មី ជា​លទ្ធផល​ឃើញថា មានការ​ចាប់អារម្មណ៍​ជាច្រើន​លើ​វិស័យ​លើ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ជាក់ស្ដែង​ក្រុមហ៊ុន Green Leader បានសម្រេច​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​មួយកន្លែង​នៅ​កម្ពុជា ហើយ​កាលពី​រសៀល​ថ្ងៃទី​០២ មេសា ២០១៨ ក្រុមហ៊ុន​Green Leader និង អង្គការ UNDP បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​មួយ សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​និរន្តរភាព​នៃ​វិស័យ​មួយ​នេះ ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជា​សាក្សី​សំខាន់ ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​គោលនយោបាយ​ថ្នាក់ជាតិ​នៃ​វិស័យ​ដំឡូង​មី ដើម្បី​ស្ដារ​វិស័យនេះ បានល្អ​ប្រសើរ ។ ហើយ​ជា​លទ្ធផល នៅថ្ងៃនេះ​ក្រុមហ៊ុន​ដ៏​ធំ​ដែល​បាន​ចុះបញ្ជី នៅ​ទីក្រុង​ហុងកុង ក៏បាន​សម្រេច​មក​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​សម្រាប់​នាំចេញ ទៅ​ទីផ្សារ​អន្តរជាតិ ។

​លោក បន្តថា ផលិតផល​ដំឡូង​មី ជា​ផលិត​ដ៏​សំខាន់​ណាស់​សម្រាប់​កែច្នៃ​ទៅ​ផលិតផល​ផ្សេងៗ ក្រៅពី​បរិភោគ ដូចជា​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ ជា​អេតាណុល សម្រាប់​ប្រើ​ក្នុង​ឥន្ធនៈ និង​កែច្នៃ​ជា​ផលិតផល​ជាច្រើន​ទៀត ។ ដូចនេះ នៅពេលដែល​រោងចក្រ​ត្រូវ​សាងសង់​រួច វិស័យ​ដំឡូង​មី នឹងមាន​ទីផ្សារ​កាន់តែ​ច្រើន ហើយ​ពេលនោះ ពលរដ្ឋ​ក្នុង​តំបន់​ដែលមាន​សក្ដានុពល​លើ​វិស័យ​ដំឡូង​មី នឹង​ទទួលបាន​អត្ថប្រយោជន៍​មុនគេ ។
​លោក ត្សេ មី​ឈែល ណាំ ( Tse Mi Chael Nam ) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Green Leader បានអោយដឹងថា ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​២០០​ទៅ​៣០០​លាន​ដុល្លារ​អាមេរិក ហើយ​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត រោងចក្រ​ដែល​បាន​បុកគ្រឹះ​ម្សិលមិញ នឹង​ដំណើរ​ការកែច្នៃ ផលិតផល​នានា​ចេញពី​ផលិតផល​ដំឡូង​មី ។

​លោក​បន្តថា លោក​ជឿជាក់ថា ការចុះ​អនុស្សរណៈ​យោគយល់​នេះ ភាគ​ចុះ​អនុស្សរណៈ អាច​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដំឡូង​មី​បាន​ពេញលេញ និង​អភិវឌ្ឍន៍​ខ្សែសង្វាក់​ផលិតកម្ម នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​ខ្សែបណ្ដាញ​តែមួយ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដូច​ទៅនឹង​កម្មវិធី​គាំទ្រ​គំនិត​ផ្តួចផ្ដើម​វិថី​មួយ​ខ្សែ​មួយ​របស់​ប្រទេស​ចិន​ផងដែរ ។

លោក Nick Beresford នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​នៅក្នុង​វិស័យ​ដំឡូង​មី​កម្ពុជា ។ តាមរយៈ​អនុស្សរណៈ​នេះ កម្ពុជា​នឹង​ទទួលបាន​នូវ​ការវិនិយោគ​បន្ថែមទៀត​ពី​បរទេស​ទៅ​វិស័យ​កសិកម្ម ហើយ​វា​ជា​សញ្ញា​មួយ​ដ៏​ល្អ​ផងដែរ សម្រាប់​ជួយ​ដល់​កសិករ​កម្ពុជា រកប្រាក់​ចំណូល​បន្ថែម​ពី​វិស័យ​ដំឡូង​មី ។

គួរ​បញ្ជាក់ថា រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​ក្រុមហ៊ុន Green Leader បាន​សាងសង់​សម្រាប់​កែច្នៃ​ផលិតផល​ដំឡូង​មី​មុន​នាំចេញ គឺ​ស្ថិតនៅ​ទឹកដី​ខេត្តក្រចេះ ដូចនេះ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ចេះ និង​ខេត្ត​ជិតៗ​នឹង​អាច​ទទួលបាន​ប្រយោជន៍​មុនគេ ហើយ​ជំ​ហ៊ាន​បន្ទាប់​នឹងមាន​រោងចក្រ​កែច្នៃ​បន្ថែមទៀត​ណៅ​តំបន់​សក្ដានុពល ដំឡូង​មី ៕

​

(កសិករ​លើក​ដំឡូង​មី​ដាក់​រថយន្ត​នៅ​ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦)​
​

តម្លៃ​លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត សម្រាប់​១០​ថ្ងៃដើមខែ​មេសា​នេះ

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែមេសា នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី សម្រាប់​ការកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេង​នីមួយៗ​ក្នុងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃ​១១ ខែមេសា​ឆ្នាំ​២០១៨​។ ក្នុងនោះ​ប្រេងសាំង​ធម្មតា ត្រូវបាន​កំណត់​តម្លៃ​លក់​មិន​អោយលើស ៣៩៥០​រៀល​ក្នុង​មួយ​លីត្រ​! និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​កំណត់​តម្លៃ​លក់រាយ ក្នុង​តារាង​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ គឺមាន​តម្លៃ​លក់​ចន្លោះ​៤២០០​រៀល ទៅ​៤២៥០​រៀល ក្នុង​មួយ​លីត្រ នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។ ចំណែក​តម្លៃ​លក់​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថា​នី​យ៌​លក់​ប្រេង រឺ​ដេប៉ូ​តូចៗ អាចមាន​តម្លៃ​ក្រោម​នេះ​បន្តិចបន្តួច​។

​ទោះជា​យ៉ាងណា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេង​ទូទៅ ត្រូវបាន​កត់សំគាល់ថា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក ដែល​នៅពេលនោះ​តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​មួយ​លីត្រ ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​។

​សូមបញ្ជាក់ថា ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​៕
​