All posts by មេគង្គ ប៉ុស្តិ៍

មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​

​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ប្រកាស​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ដែលមាន​សិទ្ធ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ខណៈ​ដែលមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​កំពុង​ធ្វើ​ប្រតិបត្តិការ​ខុសពី​ច្បាប់​កំណត់​។​

​ដើម្បី​កុំអោយ​ប្រជាពលរដ្ឋ​មានការ​ចាញ់បោក​ក្នុង​ប្រតិបត្តិ​ការដាក់​ប្រាក់​បញ្ញើ ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ទទួលស្គាល់​ថា មានតែ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែលមាន​សិទ្ធ​ទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន ។​

ធនាគារជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ថា គិត​មក​ត្រឹម​ខែមីនា ឆ្នាំ​២០១៨ ក្រៅពី​ធនាគារពាណិជ្ជ គឺ​មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតិ​អៅ​យ​ទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណជន រួមមាន ៖ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund Cambodia LTD! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត​! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK PLC ! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Kredit PLC! គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Amret Co.,Ltd! និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ LOLC Cambodia PLC ។

​ក្រៅពី​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាណ​ជនបទ ដែល​កំពុង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ គឺ​មិន​ត្រូវបាន​អនុញ្ញាតិ​អោយ​ទទ​យល​ប្រាក់​បញ្ញើរ​ពី​សាធារណៈជន​នោះឡើយ ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។

​ការប្រកាស​ផ្តល់ព័ត៌មាន​ថ្មី​មួយ​របស់​ធនាគារជាតិ កាលពី​ថ្ងៃទី​២៨ ខែមីនា​កន្លងមកនេះ គឺ​ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​ថា មាន​បុគ្គល និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​អូសទាញ​ប្រជាពលរដ្ឋ តាមរយៈ​ការប្រមូលប្រាក់​បញ្ញើរ ពី​សាធារណជន ក្រោមរូបភាព កិច្ចសន្យា​ខ្ចីប្រាក់ និង​ការផ្តល់​អាត្រា​ការប្រាក់​ខ្ពស់ ព្រម​ទាម​ការផ្តល់​ប្រាក់កម្ចី​ល្មើសច្បាប់​។

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ស្នើ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​សាធារណជន ចូលរួម​ផ្តល់ដំណឹង​មកដល់​ធនាគារជាតិ និង​សហការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា ដែល​ធ្វើ​ប្រតិបត្តិការ​ខុសពី​ការកំណត់​ដោយ​ធនាគារជាតិ​ផងដែរ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០១៧ ប្រទេស​កម្ពុ​ជាមាន​គ្រឹះស្ថាន​ធនាគារ ចំនួន​សរុប​៣៩! ធនាគារ​ឯកទេស ចំនួន​១៥! គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ចំនួន​៧! និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​៦៦​។ ចំណែក​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​សរុប​មាន​ប្រមាណ ២៧,៣​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំណែក ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ប្រមាណ ៤,៧​ប៊ី​លាន​ដុល្លារ​អាមេរិក​៕
​

នាយករដ្ឋមន្ត្រី​ផ្តល់​ការធ្វើដំណើរ​តាម​រថយន្តក្រុង​ទៅតាម​ខេត្ត​មិន​គិតថ្លៃ​ពេល​បុណ្យចូលឆ្នាំ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​ផ្តល់​ការធ្វើដំណើរ​តាម​រថយន្តក្រុង​មិន​គិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ ពី​រាជធានី​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ផ្តល់​កាដូ​ចំនួន​២ សម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មិន​គិតថ្លៃ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន រួម​និង​ការផ្តល់ប្រាក់​បន្ថែម​ជូន​មន្ត្រីរាជការ ក្នុង​ឳ​កាស បុណ្យចូលឆ្នាំ​ខ្មែរ ក្នុង​ខែមេសា​នេះ​។

នៅក្នុង​ជំនួប​សំណេះសំណាល​លើក​ទី​២ ជាមួយ​គ្រូបង្រៀន មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ​ជាង​៣​ពាន់​៤​រយ​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែមេសា​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ចាប់ពី​ថ្ងៃទី​១២ ខែមេសា ដល់​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ជិះ​រថយន្តក្រុង​ដោយ​មិនចាំបាច់​បង់លុយ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​តាម​ផ្លូវជាតិ​លេខ​៥ ដូចជា ទៅកាន់​ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ​! ដូចគ្នានេះ ការ​ជិះ​រថយន្តក្រុង​មិន​បង់ថ្លៃ​នេះ ក៏​ផ្តល់ជូន​សម្រាប់​ការធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​ផងដែរ គឺ​ពី​ភ្នំពេញ ទៅកាន់ កណ្តាល ព្រៃវែង ស្វាយរៀង ជាដើម ។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង ចំនួន​៦០ គ្រឿង​រួចហើយ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​បង់ថ្លៃ​នេះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។ បន្ថែម​ពីនេះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ បានប្រកាស​ដែរ​ថា ក្នុង​ខែមេសា​នេះ លោកគ្រូ​អ្នកគ្រូ ក៏ដូចជា មន្ត្រីរាជការ នឹង​ទទួលបាន​ការដំឡើង​ប្រាក់ខែ​ម្តងទៀត ដែល​នឹងត្រូវ​បើក​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​បន្ថែម​ពី​នោះ ក៏មាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ទៀត​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែ​ផងដែរ​។

សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​គោលការណ៍ ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​២​ដង​ក្នុង​១​ឆ្នាំ ដោយ​ការដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា គឺជា​ការដំឡើង អត្រាកំណើន​១២% នៃ ប្រាក់បៀវត្ស​គោល និង​ការដំឡើង​លើក​ទី​២ នៅក្នុង​ខែមេសា មុន​ចូលឆ្នាំ​ខ្មែរ ដែលជា​ការដំឡើង​ប្រាក់ បំណាច់​មុខងារ​៕


​

ចាប់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​ចៅហ្វាយ​ខេត្តតាកែវ ក្នុង​រឿង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន

​តាកែវ ៖ លោក ឡាយ វណ្ណៈ ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ជិត​ទីតាំង​ប្រារព្ធ​ពិធី​ផ្ទេរតំណែង​មួយ នៅ​ជិត​វិទ្យាល័យ ជា ស៊ីម ស្ថិតក្នុង​សង្កាត់​រការ ក្នុង​ក្រុង​ដូន​កែវ ។ លោក ឡាយ វណ្ណៈ រួមជាមួយ​អង្គរក្សរ​ប​ស់លោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​៤-៥​នាក់ បាន​ឃាត់​រថយន្ត​របស់លោក ឡាយ វណ្ណៈ និង​បានប្រគល់​ដីកាចាប់ខ្លួន ហើយ​នាំ​លោក ឡាយ វណ្ណៈ មក​ចូល​រថយន្ត​សមត្ថកិច្ច រួច​បើក​ចេញទៅ​កាន់​រាជធានី​ភ្នំពេញ​ភ្លាមៗ​។

មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ថ្ងៃទី​១ ខែមេសា នេះ ថា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​ទើបតែ​ត្រូវ​ដកចេញ​ពី​តំណែង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ហើយ នៅ​ម៉ោង​១៥៖៣០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។

ក្នុង​សំណុំ​រឿងនេះ​មាន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៣១​ខែមីនា​ក្នុងនោះ​មាន ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​, ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​
​ក្នុង​សំណុំរឿង​នេះដែរ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជាប់​ក្នុង​បទ​សង្ស័យ​ឃាតកម្ម​។​ចំណែក​មនុស្ស​បួន​នាក់​ទៀត​ក្នុង​បទល្មើស​លាក់​មិន​រាយការណ៍​។ រហូតមកដល់​រសៀល​ថ្ងៃទី​១​ខែមេសា នេះ ការសាកសួរ​របស់​តុលាការ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ឈ្មោះ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ហើយ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​អនុវត្ត​ដីកា​នា​ព្រឹក​ថ្ងៃនេះ​នៅ​ខេត្តតាកែវ ខណៈ​លោក ឡាយ វណ្ណៈ ដើរ​ចេញពី​ពិធី​ផ្ទេរ​តំណេ​ង​ប្រធាន​គណបក្ស​កម្ពុជា​ខេត្តតាកែវ​៕

​

កម្មវិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ជួយ​បង្កើន​ទំនាក់ ទំនង និង​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរ​

​ភ្នំពេញ ៖ ដើម្បី​ជា​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស អ៊ិន​ធី​ធី​អាយ (N.T.T.I) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​កម្មវិធី​ស​ង្រា្ក​ន​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើការ​តាំង​ពិ​ព័រ​ណ៌​បង្ហាញ​សមិទ្ធផល និង​ស្នាដៃ ច្នៃប្រឌិត របស់​និស្សិត​បច្ចេកវិទ្យា​តាម​ជំនាញ បច្ចេកទេស​ផង ហើយក៏​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​គ្រូ​និង​សិស្ស រវាង​សិស្ស​និង​សិស្ស និង​បំផុស​ឱ្យ​យុវជន​រួមគ្នា​ការពារ​សម្បត្តិ​វប្បធម៌​ឱ្យ​គង់​វង់​យូរអង្វែង​។​

នៅក្រោយ​ពិធី​ស​ង្ក្រា​ន​កាលពី​រសៀល​ថ្ងៃទី​៣១​ខែមីនា នេះ ឯកឧត្តម យ៉ោ​ក សុធី នាយក​វិទ្យា ស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា “​កម្មវិធី​រៀបចំឡើង​នេះ គឺ​ចង់​ឲ្យ​ប្អូនៗ​សិស្ស និង​គរុ​និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​វិទ្យាស្ថាន​ទាំងអស់​ឱ្យ​ចេះ​រៀបចំ​កម្មវិធី​ដោយ​ខ្លួនឯង ចេះ​បង្កើត​ភាព​ច្នៃប្រឌិត​និង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្ហាញ​ពី​សម្ព័ន្ធភាព​នៃ​ប្រពៃណី​ដ៏​ផូ​ផង់​ក្នុងសង្គម​ខ្មែរ​ជាពិសេស​បំផុសស្មារតី យុវជន ឱ្យ​រួមគ្នា​ការពារ វប្បធម៌ និង​ប្រពៃណី​របស់​ដូនតា​យើង​បាន​បន្សល់​ទុកឱ្យ​បានគ​ង់​វង្ស​ទៅ​ថ្ងៃ​ខាងមុខ​។​

​ជាមួយគ្នានេះ លោកនាយ​កបាន​អំពាវនាវ​ទៅដល់​យុវជន​ឱ្យ​រួម​សាមគ្គី​គ្នា និង​រួមដៃគ្នា​ឡើង បង្កើត​នូវ​កម្មវិធី ឬ បង្ហាញ​ពី​សមិទ្ធិផល​ច្នៃប្រឌិត​របស់ខ្លួន សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ឲ្យ​បន្ត​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណីជាតិ ដែល​ដូនតា​បង្កើត​មក ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត ប្រសិនបើ​ប្រទេស​គ្មាន​សន្តិភាព​ទេ នោះ​ក៏​មិនអាច​មានកម្ម​វិធី​នានា​កើតឡើង​បានដែរ​។​

ដោយឡែក លោក រៀល សន​វិច្ឆិកា និង​កញា ផៅ មួយ​លី​ស ដែលជា​គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ក្នុងចំណោម​អ្នកចូលរួម​ជាច្រើន​ផ្សេងទៀត បាន​សម្តែង​ក្តី​រីករាយ​និង​សាទរ​ចំពោះ​កម្មវិធី​ដែលមាន​នាពេលនេះ និង​បាន​សំណូមពរ​គ្រឹះស្ថានសិក្សា និង​សាលា​នានា​នៅ​ទូទាំងប្រទេស គួររៀបចំ​ឲ្យ​មានកម្ម​វិធី​ស​ង្ក្រា​ន​នេះ​ឡើង​ដើម្បី​ជាការ​អបអរសាទរ​បុណ្យជាតិ​ផង​និង​បង្កើន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ផង ពិសេស​រក្សា​កេរ្តិ៍ដំណែល​របស់​ដូនតា​យើង​ផង​។​

សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន វិទ្យាស្ថាន​នេះ បាន​នឹង​កំពុង​បន្ត​នូវ​បេសកកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​រួមចំណែក​បង្កើន​នូវ​ធនធានមនុស្ស ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សមធម៌​៕​

ប្រមុខ​រាដ្ឋា​ភិ​បាល​កម្ពុជា​បញ្ចប់​កិច្ចប្រជុំ​កំពូល​ចំនួន​បី​នៅ​ប្រទេស​វៀតណាម

​ភ្នំពេញ ៖ យន្តហោះ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចុះចត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ហើយ នា​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​សៅរ៌​ទី​៣១ ខែមីនា​នេះ ក្រោយពី​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​សំខាន់​ចំនួន​៣ នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម រួមមាន កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ​! កិច្ចប្រជុំ​កំពូល​ពេញអង្គ មហា​អនុតំបន់​មេគង្គ ហៅ​កាត់​ថា GMS លើក​ទី​៦! និង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV ស្តីពី តំបន់ត្រីកោណ​អភិវឌ្ឍ​ន៌​។ ក្រៅពីនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ជួបពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម វ៉ាង​យី រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចិន​ផងដែរ ប្រទេស​ចិន​បានបង្ហាញ​ជំហ​ថា នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​ការពារជាតិ និង​ដំណើរការ​ការបោះឆ្នោត​នា​ខែ​កក្ត​ដា​ខាងមុខនេះ​។

ដំណើរ​រ​ទស្សនកិច្ចរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រយៈពេល​២​ថ្ងៃ​ក្នុងប្រទេស​វៀតណាម​នាពេល​នេះ គឺ​បង្ហាញថា កម្ពុជា​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​កិច្ចការ​អភិវឌ្ឍ​ន៌ និង​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ ជាងនេះទៀត ប្រទេស​កម្ពុជា ក៏​ត្រូវបាន​អន្តរជាតិ​ចាត់ទុកជា​ប្រទេស​គំរូ​មួយ​ក្នុង​តំបន់ ដែលមាន​ការរីកចម្រើន​ខ្លាំង ទាំង​វិស័យសេដ្ឋកិច្ច និង​សង្គម​។ ដូចគ្នានេះ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ផ្តល់នូវ​បទពិសោធ​ន៌​ល្អ​សម្រាប់​កម្ពុជា ដែល​នឹង​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៧ នា​ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​។ បើតាម​ការ​ថ្លែង​របស់​ឯកឧត្តម បណ្ឌិត កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយា​ដ្ឋា​ន​អន្តរជាតិ បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ទាំងបី​ដែល​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​វៀតណាម​នេះ បាន​រកឃើញ​នូវ​ភាពជោគជ័យ​ជាច្រើន​នាពេល​កន្លងមក ក៏ដូចជា​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​មេដឹកនាំ​ទាំងអស់​បាន​ប្តេជ្ញា​រួម​កម្លាំង​គ្នា​ដោះស្រាយ​និង​អនុវត្តតាម​ផែនការ​ដែល​បានដាក់​ចេញ ដើម្បី​ឈានទៅ​ដាក់​ឲ្យ​ដំណើរការ​លើ​គម្រោង​វិស័យ​អាទិភាព និង​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត អោយ​ប្រែ​ក្លាយទៅជា​ការពិត​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព ដែល​អាច​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ដែលមាន​ប្រមាណ​៣៤០​លាន​នាក់​។

ឯកឧត្តម បណ្ឌិត កៅ គីម​ហួន ក៏បាន​ថ្លែង​បញ្ជាក់ដែរថា ក្នុង​ចំនុច​សំខាន់ៗ​ដែល បានលើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំងអស់នោះ សម្តេច​តេ​ជោ បាន​ចាត់ទុកថា កត្តា​សន្តិភាព ជា​កត្តា​អាទិភាព​មួយ ដែល​អាច​នាំអោយ​ប្រទេស​នីមួយៗ ឈានទៅដល់ ការអភិវឌ្ឍ​បាន​។ បន្ថែម​ពីនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចែករំលែក​នូវ​បទពិសោធ​ន៌ និង អនុសា​ស​ន៌​គន្លឹះ​សំខាន់ៗ​មួយចំនួនទៀត សម្រាប់​បន្ត​ការអនុវត្ត ក្នុង​ផែនការមេ​ដែល​បាន​ដាក់ចេញ​រួមគ្នា​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ផងដែរ​។ ក្នុងនោះ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​ដូចជា ការពង្រឹង​តួនាទី​ឯកជន​ជាមួយ​រដ្ឋាភិបាល​! ការតភ្ជាប់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​! ការប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​! ការកាត់បន្ថយ​ភាពក្រីក្រ និង​សម្រួល​កំរិតជីវភាព​ប្រជាពលរដ្ឋ​! ការវិវត្ត​ន៌​នៃ​ប្រព័ន្ធ​ឌីជីថល ! ប​ម្រែ​ប​ម្រួ​ក​អាកាសធាតុ ជាដើម​។ សូមបញ្ជាក់ថា ប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ ហៅ​កាត់​ថា GMS រួមមាន កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ ចំណែក ប្រទេស​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៌ ហៅ​កាត់​ថា CLV មាន កម្ពុជា ឡាវ និង​វៀតណាម ៕​

កម្ពុជា​-​អាមេរិក រួមគ្នា​ផ្តល់ឱ្យ​យុវជន​ស្វែងយល់​ពី​តម្រូវការ​ជំនាញ​ក្នុ​វិស័យ​ការងារ​

​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ មាន សភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក​នៅ​កម្ពុជា ហៅ​កាត់​ថា (AmCham) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ជា​សេនាធិការ បានរួម​គ្នា រៀបចំ​ឱ្យមាន​សិក្ខាសាលា​ហ្វឹកហាត់​មួយ​មាន​ឈ្មោះថា (BOOT CAMP WORKSHOP) ដើម្បី​ផ្តល់ឱកាស​ដល់ យុវជន​កម្ពុជា បាន​ស្តាប់​ទទួល​ការណែនាំ​បទពិសោធន៍ និង​ស្វែងយល់​ដោយផ្ទាល់​ពី​និយោជក​អំពី​តម្រូវ​ការជំនាញ​ចាំបាច់​នៃ​ការងារ​ជាក់ ស្តែង និង​ឱកាស​សម្រាប់ធ្វើ​កម្មសិក្សា ជាមួយ​ក្រុមហ៊ុន​នានា​របស់​អាមេរិក​នៅ​កម្ពុជា​។​

លោក វិ​ល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​កម្មវិធី​សិក្ខាសាលា​ហ្វឹកហាត់ ឬ (BOOT CAMP WORKSHOP) នៅថ្ងៃនេះ ធ្វើឡើង ចំពេល ដែល​សេដ្ឋកិច្ចកម្ពុជា​មាន​មានការ​រីកចំរើន វិនិយោគ​មានការ​កើនឡើង និង​ការងារ​ជាច្រើន​ត្រូវ បាន បង្កើតឡើង ហើយ​តម្រូវការ ការងារ​ជាច្រើន​ក៏បាន​បង្កើតឡើង​ផងដែរ​។​”
​លោក​ឯកអគ្គរដ្ឋទូត បញ្ជាក់ថា កាលពី​៥​ឆ្នាំមុន​ការងារ​ដែល​ពេញនិយម​នោះ គឺ​ការងារ រោងចក្រ និង​វាយ​ន​ភណ្ឌ ប៉ុន្តែ​មកដល់ពេលនេះ ការងារ​ដែល​ពេញនិយម​អាចជា ការងារ​សេវាកម្ម វិស្វក​កម្ម ឬ​អ្នកដឹកនាំ​ជាដើម ដែល​ទីផ្សារ​បច្ចុប្បន្ន​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​។ យ៉ាងណា​លោក​ថា ការងារ​ពេញនិយម​ទាំងនេះ​អាច​កើតឡើង​បាន​វា​ទាល់តែ​កម្លាំង​ពលកម្ម​ទាំងអស់​ត្រូវបាន​អភិវឌ្ឍន៍​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។​

លោក​ឯកអគ្គរដ្ឋទូត​បន្ថែមថា ដោយសារ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ ពិតប្រាកដ​នេះ ទើប​យើង​រួមគ្នា​បង្កើតឱ្យមាន​ការបណ្តុះ​បណ្តាល​BOOT CAMP WORKSHOP នេះ​ឡើង ដើម្បីឱ្យ​និស្សិត និង​យុវជន​ទទួលបាន​បទពិសោធន៍​និង​រក​ការងារ​ល្អ ប្រាក់ខែ​ខ្ពស់​ធ្វើ​ថ្ងៃ ក្រោយ​។​

ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ បាន​មានប្រសាសន៍ ថា តាមរយៈ​កម្មវិធី​នេះ​សំដៅ​ឈានទៅ​ចាប់យក​ឱកាស​ការងារ​ល្អ​គួរឱ្យ​រីករាយ​និង​អាជីព ពោរពេញ ដោយ​អត្ថន័យ​ដែល​កំពុង​ត្រូវបាន​បង្កើតឱ្យមាន​ឡើង​យ៉ាងច្រើន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ អនាគត​។​ទន្ទឹមនេះ​វា​ក៏​នឹង​ចូលរួមចំណែក​ក្នុង​ការជួយ​ធានា​ឱ្យ​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​របស់ កម្ពុជា​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ធនធានមនុស្ស​របស់​ក្រុមហ៊ុន និង​សហគ្រាស​ផងដែរ​។​

​លោក បណ្ឌិត រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ដោយសារ​ការ ខិតខំ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​៧%​ក្នុង​មួយឆ្នាំ យើង​បាន​បង្កើត​ការងារ​ថ្មី ចំនួន ៣,៦​លាន នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​, និង​០,៧​លាន ក្នុង​នៅ​វិស័យ​កសិកម្ម​។ ការងារ​ទាំងនេះ ភាគច្រើន​ទាមទារ​ជំនាញ​មធ្យម និង​ទាប ហើយនឹង​បន្ត​បង្កើត​ឱកាស​ការងារ​ជាង ២,៥​សែន កន្លែង​ក្នុង​មួយឆ្នាំៗ ក្នុង​វិស័យ​ពាណិជ្ជកម្ម​, កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង កាបូប​, បដិសណ្ឋារកិច្ច និង​ម្ហូប​អារ​ហារ​, សំណង់​, ការ​ផ្គុំ​ដំឡើង​ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿង បន្លាស់​រថយន្ត​, ដឹកជញ្ជូន និង​គមនាគមន៍​, ហិរញ្ញវត្ថុ​, និង​អចលនទ្រព្យ ជាដើម​។​

លោក​បណ្ឌិត បញ្ជាក់ទៀតថា ក្រៅពី​ជំនាញ​បច្ចេកទេស​(​ជំនាញ​រឹង​) ការងារ​ទាំងអស់ នេះ ទាមទារ​ឱ្យមាន​ជា​ចាំបាច់​នូវ​ជំនាញ​ទន់​ជាពិសេស​ជំនាញ​ទំនាក់ទំនង​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា​, ការបម្រើ​សេវា​អតិថិជន​, ការរៀបចំ​ផែនការ និង​ចាត់ចែង​, ឥរិយាបថ​ការងារ​, ការ​ត្រិះរិះ​ពិចារណា​, ភាសាបរទេស​ការប្រើប្រាស់​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ព័ត៌មាន ផងដែរ​៕​

លោក ឡាយ វណ្ណៈ ជា​ជន​ចុងក្រោយ​ក្នុងការ​បំភ្លឺ​រឿង​ស្ត្រី​មេម៉ាយ​ធ្វើអត្តឃាត​នៅ​ក្រុង​ដូន​កែវ

​ភ្នំពេញ ៖ ខណៈ​សភា​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងដំណើរការ​សួរចម្លើយ​ជន សង្ស័យ​៥​នាក់ ក្នុងនោះ​មាន​ស្នងការរង​ខេត្តតាកែវ​ម្នាក់ ដែល​ត្រូវជា​បងប្រុស បង្កើត​របស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​កក្រើក​សម្លាប់ ស្ត្រី​វ័យ​៣៦​ឆ្នាំ ម្នាក់​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ឲ្យ​ដឹងថា រឿង​ស្ត្រី មេម៉ាយ​កូន​បី​ម្នាក់​ស្លាប់​របៀប​ចងក នៅ​ក្រុង​ដូន​កែវ គឺជា​រឿង​ឃាតកម្ម ហើយ​រឿងនេះ អ្នក​នៅ​ជា មួយ​ស្ត្រី​រងគ្រោះ បាន​សារភាព​អស់ហើយ​ថា លោក ឡាយ វណ្ណៈ ជា​អ្នក​នៅ​ពីក្រោយ​ទង្វើ​នេះ​។​

សូមជម្រាបថា​នៅ​ចុងខែ​មីនា នេះ អាថ៌កំបាំង​នៃ​អត្តឃាត​របៀប​ចង ក របស់​ស្ត្រី​វ័យ​៣៦​ឆ្នាំ ម្នាក់​នៅ​ក្រុង​ដូន​កែវ ត្រូ​ច​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ក្នុងចំណោម​៨ នាក់ ដែល នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ដើម្បី សួរនាំ​ជុំវិញ​ករណី​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨ បន្ទាប់ពី ករណី​ស្លាប់​នេះ មាន​ហេតុផល​មិន​សមរម្យ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រហូតមក ។​

​បើតាម ឯ​.​ឧ ខៀវ សុភ័គ ដែល​បញ្ជាក់​នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ បាន​ឲ្យ​ដឹងថា​រឿង នេះ មិនមាន​នរណា​ពាក់ព័ន្ធ​ទៀត​ទេ គឺ​បញ្ចប់​ត្រឹម​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត តាកែវ ។ លោក​ថា យើង​មិន​នឹកស្មានថា គាត់​ហ៊ាន​ធ្វើបែបនេះ គាត់​ឧស្សាហ៍​ទៅ​ទីនោះ​ញឹកញាប់ …… ជា រឿង​ធម្មតា​ទេ ពីព្រោះ​គាត់​ជា​អភិបាលខេត្ត​…​រហូតមកទល់​ពេលនេះ មិនទាន់​ចាប់ខ្លួន​ទេ តែ​កម្លាំង យើង​ឃ្លាំមើល​រហូត ពីព្រោះ​មិនទាន់មាន​ដីកា​……​។​

នា​ព្រលប់​ថ្ងៃទី​៣១ ខែមីនា នេះដែរ អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ បាន​សរសេរ បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​ទទួលស្គាល់ថា លោក និង​ស្ត្រី​រងគ្រោះ​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ប្រាកដ​មែន ប៉ុន្តែ​បដិសេធថា លោក និង​បងប្រុស​(​ឡាយ ណា​រិ​ទ្ធ​) មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ស្ត្រី​រងគ្រោះ​នោះឡើយ​។ លោក​ថា បើសិនជា​លោក និង បងប្រុស ជា​អ្នកប្រព្រឹត្ត ម្ល៉េះ​ពេលនេះ អ្នក​ទាំងពីរ​បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស​បាត់ទៅហើយ លោក​មិន​រត់ ទៅណា​ទេ​។​

លោក ឡាយ វណ្ណៈ ក៏បាន​សរសេរ​រំឭក​ដែរ​ថា «​រូបខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ ទំនង​ស្នេហា ស្រឡាញ់គ្នា​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ ! ក្រោយមក ដោយ ភរិយា​ខ្ញុំ​បានដឹង ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បារ​នឹង​ខ្ញុំ រហូត ដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​…… ស្អែក​នេះ …​ខ្ញុំ​នៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​ពិធី​ផ្ទេរ​មុខ តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តតាកែវ ពី​ខ្ញុំ​ឲ្យ​ទៅ​ឯកឧត្តម អ៊ូច ភា ដែល ជា​អភិបាល​ថ្មី​ខេត្តតាកែវ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន​…»​។​

សូម​រំឭកថា កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ សព​ស្ត្រី​ម្នាក់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សមាជិក​នៃ​ក្រុមយុវជន “​ក​១៥៧” និង​ក៏​ជា​អ្នក​បម្រើការ ងារ​នៅ​ស្ថាប័ន​កិច្ចការ​រដ្ឋសភា​ផងដែរ ត្រូវបាន​អ្នកធ្វើការងារ​ផ្ទះ​ប្រទះឃើញ​ស្លាប់ របៀប​ចងក នៅ ក្នុង​បន្ទប់ដេក ជាប់​នឹង​ខ្សែ​វាំងនន​បង្អួច ក្នុងភូមិ​គ្រឹះ​មួយ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ភ្លាមៗ ប៉ូលិស​ខេត្តតាកែវ បាន​សន្និដ្ឋានថា ចេ​វ សុ​វ​ឌ្ឍ​នា ដែលមាន​ទំនាក់ ទំនង​សេ្ន​ហា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ បាន​ចងក​សម្លាប់ខ្លួន​ដោយសារតែ​វិបត្តិ​ស្នេហា​ត្រីកោណ ។ ប៉ុន្តែ​សាច់ញាតិ និង​មហាជន បានដាក់​ការសង្ស័យថា មិនមែនជា​រឿង​អត្តឃាត​ទេ តែ​ជា​រឿង​ឃាតកម្ម​សម្លាប់​នាង​ហើយ​ទើប​យកទៅ​ព្យួរ ក ដែល​ការសង្ស័យ​នេះ ទើប​នាំ​ឲ្យ​សមត្ថកិច្ច​បន្ត​បើក​ការស៊ើបអង្កេត​ហើយ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ក្នុងចំណោម​ជនសង្ស័យ​៨​នាក់​។​

សូមជម្រាបថា ពាក់ព័ន្ធ​សំណុំរឿង​សម្លាប់​ស្ត្រី​មេម៉ាយ​កូន​បី នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ នេះ ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច​ពី​សាលាដំបូង​ខេត្តតាកែវ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំ រឿងនេះ​ស្ថិតក្នុង​ដៃ​លោក​ព្រះរាជអាជ្ញារង សៀង សុខ ជា​អ្នក​ស៊ើបសួរ​ជនសង្ស័យ ប៉ុន្តែ​នៅវេលា ម៉ោងជាង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​៣១ ខែមីនា ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​៥​នាក់ ត្រូវបាន​តុលាការ រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ជន សង្ស័យ​យកទៅ​ឃុំ ខ្លួន​នៅ​ក្រសួងមហាផ្ទៃ​ជា​បណ្ដោះអាសន្ន សិន រង់ចាំ​ធ្វើការ​សាកសួរ​បន្ថែមទៀត នៅ​ថ្ងៃ​បន្ទាប់ រួម​មនា​ន ៖ ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ,២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ,៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​, ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា ជា​អ្នក បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ​៕
​

កម្ពុជា​-​ថៃ ​សម្ភោ​ធ​​បើកច្រកទ្វា​​រព្រំដែនភ្នំ​ដី ​ស្រុក​សំពៅ​លូន ​

បាត់ដំបង ៖ ច្រកទ្វា​ភ្នំ​ដី ត្រូវបាន​សម្ភោ​ធ​បើក​
​ដាក់​ឲ្យ​ប្រើប្រាស់ និង​ដំណើរការ​ជា​ច្រកទ្វារ​អន្តរជាតិ តំបន់ គីឡូម៉ែត្រ​១៣​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ការព្រមព្រៀង​រវាង​អាជ្ញាធរខេត្ត​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ។​
​ឆ្លៀត​ក្នុងឱកាស​សម្ភោ​ធ​ច្រកទ្វា​ព្រំដែន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ច្រកទ្វា​អន្តរជាតិ​ស្ថិតនៅ​ក្នុងស្រុក​សំពៅ​លូន​ដែលមាន​ការព្រមព្រៀងរ​វាង​ប្រទេស​ទាំងពីរ​ដែលមាន​ព្រំដែន​ជាប់​គ្នា​និង​ជា​មិត្ត​ជិតស្និត​បាន​ព្រមព្រៀង​បង្កើត​
​តំបន់​សេដ្ឋកិច្ច​ច្រកទ្វា​ដើម្បី​ភាពងាយស្រួល​ដល់​បង​
​ប្អូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ដែល​រស់នៅ​ជាប់​ជួរ​ជាយដែន បន្ទាប់ពី​បាន​ប្រជុំពិភាក្សា ឯកភាព​យក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៨
​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ងួន រយ​ន​: អភិបាលខេត្ត​បាត់ដំបង និង​ឯកឧត្តម ផុន​ផេ​ន ភេ​ស​ផាស​អភិបាលខេត្ត​ស្រះកែវ ។
​ក្នុងឱកាស​នោះដែរ​ព្រមទាំង​វត្តមាន​ចូលរួម ពី​
​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ទាំង​២​ភាគី​កម្ពុជា​-​ថៃ​
​បានបញ្ចប់​កម្មវិធី​ប្រកបដោយ​កិត្តិយស​និង​ភាពកក់ក្តៅ​ផងដែរ​នាឱកាស​នោះ ៕ សុផល​
​

កម្ពុជា ឡាវ វៀតណាម ចេញ​សេចក្តី​ថ្លែង​ការ​ណ៌​រួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​

​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម (CLV)​លើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបន់ត្រីកោណ បានចេញ​សេចក្តី​ថ្លែង​ការ​ណ៌​រួមគ្នា​មួយ ដែល​ជំរុញ​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​រវាង​ប្រទេស​ទាំង​៣​។​

​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV លើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបន់ត្រីកោណ ដែល​ប្រារព្ធ​ធ្វើ នា​រសៀល​ថ្ងៃទី​៣១ ខែមីនា នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម បានសម្រេច​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី គឺ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​! និង​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បានទទួល​ស្គា​ល់ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ធ្វើអោយមាន​រីកចម្រើន​លឿន​បំផុត​នៅក្នុង​អនុតំបន់ និង​សមិទ្ធិផល​ដ៏​សំខាន់​ដែល​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ ប៉ុន្តែ​ទោះបីយ៉ាងណា ប្រទេស​ទាំងបី នៅតែ​ប្រឈម នឹង​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន នៃ​បម្រែបម្រួល​អាកាសធាតុ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ាន​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះដែរ មេដឹកនាំ CLV បាន​អះអាង​រួមគ្នា នូវ​ការប្ដេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ រវាង​ប្រទេស​ទាំងបី និង​កសាង​សមាហរណកម្ម ក្នុងប្រទេស CLV ដែលជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​2025​។ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​នោះ មេដឹកនាំ CLV បាន​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍ​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ក្នុងចំណោម​ប្រទេស CLV ទៅនឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។ ក្នុង​ចំណុច​នេះ មេដឹកនាំ​ទាំងអស់ ក៏បាន​បញ្ជាក់​ឡើងវិញ នូវ​សារៈសំខាន់ នៃ​ការធានា​សន្តិសុខ​សុវត្ថិភាព និង​ស្ថេរភាព បរិស្ថាន​សម្រាប់​វិនិយោគិន ធុរជន និង​ប្រជាជន​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV ពិសេស​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​ខុសច្បាប់ រួមទាំង​ការជួញដូរ​ព្រៃឈើ គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើ​ភេរវកម្ម និង​បន្ត​ការ​បោសសម្អាត​មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។

​មេដឹកនាំ​ទាំងអស់ បាន​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការរៀបចំ​ពិសេស និង​គោលនយោបាយ​អនុគ្រោះ និង​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។
​ដោយឡែក នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ​នេះ ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី ក៏បាន​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ​។

សូមបញ្ជាក់ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ជា​តំបន់​ដែល​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ រួមមាន ខេត្ត​ចំនួន​៤ របស់​កម្ពុជា គឺ​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្តក្រចេះ​។ ខេត្ត​ចំនួន​៤ របស់​ឡាវ គឺ​ខេត្ត​អា​តា​ពឺ ខេត្ត​សាឡា​វ៉ាន់ ខេត្ត​សេកុង និង​ខេត្ត​ចំប៉ា​សាក់​។ ចំណែក​ប្រទេស​វៀតណាម មាន​៥​ខេត្ត គឺ​ខេត្ត​កុន​ទុម ខេត្ត​ហ្កា​ឡាយ ខេត្ត​ដា​កឡាក់ ខេត្ត​ដាក់​ណុង និង​ខេត្ត​ប៊ី​ង​ភឿ​ក​៕
​

ធ្លាយ​រឿង​ពិត​ពី​ករណី​ស្ត្រី​មេម៉ាយកូន​៣ ចងក​សម្លាប់ខ្លួន​នៅ​ក្រុង​ដូន​កែវ​

​ភ្នំពេញ ៖ ក្រោយ​ការ​ស៊ើបសួរ​មន្ត្រីនគរបាល​៨​រួប រួមទាំង​លោក​ស្នងការរង​ខេត្តតាកែវ​ផង រយៈពេល​២​ថ្ងៃ​មកនេះ ត្រូវបាន​សមត្ថកិច្ច​ទ​ម្លា​យ​ឲ្យ​ដឹងថា ករណី​ស្ដ្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ដែល​ត្រូវគេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ នា​ក្រុង​ដូន​កែវ នោះ មាន​ពន្លឺ​បណ្ដើរៗ​ហើយ ដែល​អាច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានបានថា មែន​ជា​អំពើ​អត្តឃាត​នោះទេ គឺជា​ករណី​ឃាតកម្ម​។​

​សមត្ថកិច្ច បង្ហើប​ឲ្យ​ដឹងថា តា​មកា​ផ្ទៀងផ្ទាត់​ចម្លើយសារភាព​ដែល​បាន​លេច​ចេញពី​ជន​ពាក់ព័ន្ធ​មួយចំនួន​ក្នុងចំណោម​មន្ត្រីនគរបាល​ទាំង​៨​នាក់ ក្នុងនោះ​មាន​ទាំង​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល ខេត្តតាកែវ ជា​បងប្រុស​លោក ឡាយ វណ្ណៈ ម្នាក់​ផងដែរ ក៏បាន​សារភាព​ប្រាប់​សមត្ថកិច្ច​រួចហើយ​ដែរ​។​

​មន្ដ្រីនគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នេះ​បាន​បញ្ជាក់ថា ករណីនេះ​ជន​ពាក់ព័ន្ធ​មួយចំនួន បាន​សារភាព​អស់ហើយ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា​អ្នកណា​ជា​អ្នកបញ្ជា​។ សមត្ថកិច្ច​កំពុង​ជជីក​សួរនាំ តើន​រណា​ជា​មេក្លោង​នៅក្រោយ​អំពើ​ឃាតកម្ម​ដែលជា​អ្នក​ឲ្យ​សម្លាប់​ស្ដ្រី​រងគ្រោះ​ម្នាក់នេះ​។

​សូមបញ្ជាក់ថា អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា មានកូន​៣​នាក់​ក្នុងបន្ទុក ត្រូវបាន​គេ​ប្រទះឃើញ​ចងក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល​ដ៏​ធំ​មួយ ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ ដែល​ករណីនេះ​ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា មាន​វិបត្តិ​ស្នេហា​។។

​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ កន្លងមកនេះ លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ត្រូវបាន​ដក​តួនាទី​ពី​អភិបាល​ខេត្តតាកែវ ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ ។

ការកោះហៅ​លោក ឡាយ ណា​រិ​ទ្ធ មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​លោក ឡាយ វណ្ណៈ អស់តំណែង​ជា​អភិបាល​ខេត្តតាកែវ និង​បន្ទាប់ពី​មាន​ករណី​ស្ត្រី​មេម៉ាយ​កូន​បី ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភាជាតិ ដែល​ធ្វើអត្តឃាត​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​ចំណែក​សំបុត្រ​មួយច្បាប់​ដែល​គេ​ដឹងថា បាន​បន្សល់ទុក​នៅក្នុង​កាបូប​យួរដៃ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ រហូតមកដល់​ពេលនេះ មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​នាង​បាន​សរសេរ​អ្វីខ្លះ​នោះដែរ​៕

​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(លោក ឡាយ ណារិទ្ធ​ អតីតស្នងការរងខេត្តតាកែវ)

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កម្មវិធី​មហោ ស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ​ជា​លើក​ទី​២

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កម្មវិធី មហោស្រព​អប់រំ និង​វប្បធម៌ យុវជន អន្តរជាតិ ជា​លើក​ទី​២ ដែលមាន​ការចូលរួម​ពី​យុវជន មកពី​បណ្តារ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ប្រមាណ​ជា​៣០​ប្រទេស នៅ​ខេត្តសៀមរាប ស្របពេល ដែល​កម្ពុជា​រៀបចំ​អង្គ​រស​ង្ក្រា​ន​ដ៏​ធំ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​ជួប​សំណេះសំណាល ជាមួយ គណៈប្រតិភូ​យុវជន​កម្ពុជា និង យុវជន​ស្ម័គ្រចិត្ត នៃ​កម្មវិធី​មហោស្រព​អប់រំ និង​វប្បធម៌ យុវជន​អន្តរជាតិ ឆ្នាំ​២០១៨(IYECF 2018)​មុនពេល​ចេញដំណើរ​ទៅកាន់​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា​នេះ​ថា “ ការផ្តួចផ្តើម​ឱ្យមាន​មហោស្រព​អប់រំ និង​វប្បធម៌​យុវជន​អន្តរជាតិ ក្រោម​ប្រធានបទ «​សន្តិភាព និង​ការអភិវឌ្ឍន៍​» នេះ​ឡើង ដោយ​ផ្តោតទៅលើ​ការអំពាវនាវ ឱ្យ​យុវជន​អន្តរជាតិ ដែល​មកពី​បណ្តារ​ប្រទេស​និ​មួយៗ ចែករំលែក​នូវ​វប្បធម៌ ខុសគ្នា​នៃ​ប្រទេស​ទាំងនោះ ដល់​គ្នា​ទៅវិញទៅមក ហើយក៏​ជាការ​ជម្រុញ​ឱ្យ​យុវជន ចូលរួម​ការពារ​សុខ​សន្តិភាព សម្រាប់​មនុស្សជាតិ ដែល​រស់​នៅលើ​ពិភពលោក​យើង​នេះដែរ​“​។

លោក​បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​មានប្រសាសន៍​ជម្រាបជូន អំពី គោលបំណង​ចម្បង​នៃ​មហោស្រព​ដ៏​មាន​សារសំខាន់​មួយ​នេះ​ថា គឺ​ឱ្យ​យុវជន បាន​យល់​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍​ព្រោះថា​យុវជន​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការចូលរួម​ផ្សះផ្សារ បំបាត់​អំពើហិង្សា ឬ ភាពមិន​ចុះសម្រុង​គ្នា ការប៉ះទង្គិច​គ្នា រវាង វប្បធម៌ សាសនា ដែល​កើតឡើង​រវាង​ប្រទេស​និង​ប្រទេស ដូចជា នៅ​ម​ជ្ឈឹ​ម​បូ​ពា​ហ៍ អាហ្កានីស្ថាន និង​ប្រទេស​ស៊ី​រី​ជាដើម​”​។​

​យ៉ាងណា​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា តាមរយៈ​ការអប់រំ​ពិតជា​សំខាន់ ដែល​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ពិភពលោក និង​ធ្វើឱ្យ​មនុស្ស​មានការ​ទទួលយក​នូវ​ភាពចុះ​សម្រុង​គ្នា ដែល​អាច​រស់​នៅលើ​ភពផែនដី​ជាមួយគ្នា​បាន​។

​តាមរយៈ​មហោស្រព​អប់រំ​នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា យុវជន​ទាំងអស់ ចេះ​យោគយល់​គ្នា ចេះ​ស្គាល់គ្នា ប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ ផ្តល់​បទពិសោធន៍ ចំណេះដឹង​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេស ពិសេស រួមគ្នា​ការពារ​សុខសន្តិភាពរ​បស់​មនុស្សជាតិ ហើយ​ពិសេស​ទៅទៀត​នោះ គឺ​បាន​យល់​ពី​វប្បធម៌ ទំនាម​ទំលាប់ ប្រពៃណី​ខ្មែរ តាមរយៈ​ការបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព ក្នុង​កម្មវិធី​អង្គ​ស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប និង​ការ​ទៅ​ទស្សនា​ផ្ទាល់ ប្រាង្គ​ប្រាសាទ​អង្គរ​នានា និង​កន្លែង​ចំលាក់ ក្នុង​ខេត្តសៀមរាប​៕​

ប្រមុខ​ដឹកនាំ​កម្ពុជា ចេញទៅ​ប្រជុំ​កំពូល​ចំនួន២​នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល រួម​និង​គណៈប្រតិភូ​កម្ពុជា បានធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សំខាន់​ចំនួន​ពីរ គឺ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS) លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) លើក​ទី​១០​។​

​បន្ទាប់ពី​ធ្វើដំណើរ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ យន្តហោះ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចុះចត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅវេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ដដែល​នេះ ដោយមាន​វត្តមាន​រង់​ចាំ​ទទួល​ដំណើរ ពី​សំណាក​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​វៀតណាម និង​ឥស្សរជន​ការទូត​នៃ​ប្រទេស​កម្ពុជា ជាច្រើនរូប​។

​ចំណែក មន្ត្រីជាន់ខ្ពស់​កម្ពុជា​ដែល​បាន​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រួមមាន លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ជាតិ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​! លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ តាម​ការបញ្ជាក់​របស់ លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានអោយដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​វៀតណាម​ពេលនេះ គឺធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល មហា​អនុតំបន់​មេគង្គ លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល កិច្ចប្រជុំ​ទាំងពីរ​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែមីនា​។

​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញា​រួម​កម្លាំង​គ្នា រវាង​ប្រទេស​ក្នុង​តំបន់​ដើម្បី​ឈានទៅ​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ជោគជ័យ នូវ​បណ្តា​គម្រោង​វិស័យ​អាទិភាព និង​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​បាន​ព្រមព្រៀងគ្នា អោយ​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ការពិត និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ ស្របតាម​គោលដៅ​ចុងក្រោយ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព​។

​សូមបញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​របស់​មហា​អនុតំបន់​មេគង្គ ដែល​ផ្តោតទៅលើ​ភាពជោគជ័យ និង​ការ​ប្រឈម​លើ​វិស័យ​សំខាន់ៗ នៃ​ការអភិវឌ្ឍ​អនុតំបន់​មេគង្គ​ផងដែរ​។

​ចំណែក កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ រួម​និង​ការអនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់​ឆ្នាំ​២០៣០ ៕​

កម្ពុជា​បញ្ជូន​ក​ម្លាំ​ថ​មួ​ខៀវ​៨០​នាក់​ទៅ​បំពេញបេសកកម្ម រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​

​ភ្នំពេញ ៖ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ក្រោម​ឆ​ត្រ័​អង្គការសហប្រជាជាតិ​ចំនួន ៨០​នាក់ បាន ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នេះ ដើម្បី​បំពេញបេសកកម្ម​រក្សា សន្តិ ភាព​មួយឆ្នាំ​នៅ​ប្រទេស​ម៉ាលី​។ ការបញ្ជូន​កម្លាំង​រប​ស់​កម្ពុជា​ទៅ​ម៉ាលី នៅពេលនេះ​នៅ​គ្រា​ដែល ប្រមុខ យោធា​កម្ពុជា បាន​អះអាងថា កម្ពុជា​គ្មាន​ការ​រាថយ ក្នុងការ​ចូលរួម​រក្សា​សន្តិភាព ក្រោម​ឆ​ត្រ័ អង្គការសហប្រជាជាតិ បើទោះជា​ប្រឈម​នឹង​ក្រុម​ឧទ្ទាម​វាយប្រហារ​ក៍ដោយ​។

​ដោយ​គ្រោង​នឹង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​រយៈពេល​មួយឆ្នាំ កងក​ម្លាំ ង​មួក​ខៀវ​ផ្នែក វិស្វកម្ម​របស់​កម្ពុជា​ចំនួន​៨០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៤​នាក់ បាន​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស ម៉ាលី​ហើយ​នៅ​សុក្រ​នេះ ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។ នេះ​ជា​លើក​ទី​៥​ហើយ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ ទៅ​បំពេញបេសកកម្ម​នៅ ប្រទេស ម៉ាលី ដែល​គិត​មកដល់ពេលនេះ​មាន​ចំនួន​ជាង​៣០០​នាក់​។

​នៅក្នុង​ឱកាស​ជូន​ដំណើរ​កងកម្លាំង​កម្ពុជា​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុ​វ​ណ្ណី អគ្គ​នាយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​គ្រប់គ្រង​កងកម្លាំង បោស សំអាត​មីន កាកសំណល់​ពី​សង្គ្រាម និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន មានប្រសាសន៍ថា កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា នឹងធ្វើ​ការងារ​ផ្នែក​វិស្វកម្ម និង​ថែរក្សា​ព្រលានយន្តហោះ ហើយ នេះ ជា​កម្លាំង​នាំមុខ រីឯ​កម្លាំង​ជំនាញ​បន្ទាប់ និង​បញ្ជូនទៅ​នៅ​ខែ​បន្ទាប់​។ កងទ័ព​រក្សា​សន្តិភាព កម្ពុជា បាន​បណ្តុះបណ្តាល​ពហុ​ជំនាញ មុន​និង​បញ្ជូន​ឲ្យ​ទៅ​បំពេញ បេសកកម្ម​ថែរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គ ការ​សហប្រជាជាតិ​។

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត​៥០០០​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន​ជាង​២០០​នាក់​ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ហើយ​បច្ចុប្បន្ន កម្ពុ​ជាមាន​កម្លាំង​ប្រមាណ​ជាង​៨០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​រួមមាន​៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី ដើម្បី​ចូលរួម​វិភាគទាន ដល់​កិច្ច ខិតខំ​ប្រែង​របស់​សហគម​ន៏​អន្តរជាតិ ដើម្បី​បុព្វ​ហេ​ត្វ​សន្តិភាព​និង​មនុស្សធម៌​។ កម្លាំង​មួក​ខៀវ​ទាំង អស់នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕​

ក្រសួង​ទេសចរ​ណ៌​ព្រមាន​ចាត់ការ​ចំពោះ​អ្នកលក់​ឡើងថ្លៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ

​ខណៈដែល​មានការ​រំពឹង​ទុក​ថា នឹងមាន​ប្រជាពលរដ្ឋ​ច្រើនជាង​ឆ្នាំមុន ដែល​ធ្វើដំណើរ កម្សាន្ត នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​នេះ ក្រសួងទេសចរណ៍ បានចេញ​សារាចរ ណែនាំ​មួយ ដែល​កំណត់​កុំអោយ​មានការ​ឡើងថ្លៃ​ចំពោះ​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​។​

ដូច​បណ្តា​ប៉ុន្មាន​ឆ្នាំមុនៗ​ដែរ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ ទី​១៤ ១៥ និង​១៦ ខែមេសា ខាងមុខនេះ នឹងមាន​ការរៀបចំ ព្រឹត្តិការ​ណ៌​ជាច្រើន​នៅតាម​ខេត្ត​ក្រុង នីមួយៗ ជាពិសេស​កម្មវិធី​អង្គ​រស​ង្ក្រា​ន នៅក្នុង​ខេត្តសៀមរាប នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ កន្លង ទៅ​។

​នេះ​បើតាម​ការ​ព្យាករ​ណ៌ របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា ទាំង​អ្នកទេសចរ​ណ៌​ជាតិ និង​ភ្ញៀវ ទេសចរ​បរទេស ដែល​ចូលរួម​ក្នុង ពិធី បុណ្យចូលឆ្នាំ​នឹង​កើនឡើង ដោយសារ ពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​កាន់តែ​ប្រសើរឡើង ហើយ គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា មាន​ច្រើន​កន្លែង​។ ប៉ុន្តែ​អ្វីដែល ឯកឧត្តម​រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍ ស្នើសុំ​នោះ គឺ​គ្រប់​មន្ទីរ​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​ទៅលើ​គ្រប់​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ទាំងអស់​ធ្វើយ៉ាងណា​ធានាបាន​នូវ​អនាម័យ សណ្តាប់ធ្នាប់ និង សុវត្ថិភាព ជាពិសេស​គ្រប់កន្លែង​កម្សាន្ត​និង​កន្លែង​ស្នាក់នៅ​ទាំងអស់​ត្រូវ​ធានាថា​កុំអោយ​មានការ​ឡើងថ្លៃ.។

​សូមបញ្ជាក់ថា សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខាងមុខនេះ ក្រសួង ទេសចរណ៍ ក៏បាន​ចេញ​នូវ​សារា​ចរណ៍​ណែនាំ ស្តីពី​ការរៀបចំ ការពង្រឹង គុណភាព​ផលិតផល​ទេសចរណ៍ ចំនួន​៨​ចំណុច ផងដែរ ដើម្បី​ធានា​នូវ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​អ្នកទេសចរ​ណ៌ ប្រកបដោយ​សន្តិ សុខ សុវត្ថិភាព និង ការរក្សាបាន​នូវ ទំនៀមទម្លាប់​ប្រពៃណីជាតិ​ដ៏​ល្អ​ផូរផង់​របស់​ប្រជា​ជាតិខ្មែរ​។​

​ក្នុង​សារាចរ​នោះ ក៏បាន​កំណត់អោយ​ម្ចាស់​សេវាកម្ម​ទេសចរ​ណ៌ និង​ប្រតិបត្តិ​ករ​ទេសចរ​ណ៌ ទាំងអស់​ត្រូវតែ​សរសេរ​តម្លៃ​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​អោយបាន​ច្បាស់​ក្នុង​តារាង ដើម្បីអោយ ភ្ញៀវ​បានដឹង​ជាមុន​។ បើ​ម្ចាស់​មូលដ្ឋាន រឺ​ម្ចាស់​សេវាកម្ម​ទេសចរ​ណ៌​ណា មិន​អនុវត្ត​ទៅតាម​តម្លៃ បានកំណត់​នោះទេ នឹងត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ជា​ធរម​

( រូប តំណាង)

ស្នងការ​នគរបាល​ខេត្ត ​ត្រៀមចុះ​​ទប់ស្កាត់​បទល្មើស​ក្នុង​ពន្ធនាគារ​

​បន្ទាយមានជ័យ ៖ យោង​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សភាពការណ៍​បទល្មើស ព្រហ្ម ទណ្ឌ​ក្នុង​ខែមីនា ឆ្នាំ​២០១៨ នេះ កើតមាន​ចំនួន​៨​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ,​រងគ្រោះ ៦​នាក់ ខូ​ខ​ខាត​រថយន្ត ១​គ្រឿង​,​ម៉ូតូ​៣ គ្រឿង​។ ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​៣​លើក បទល្មើស ម​ជ្ឍឹ​ម​មាន​ចំនួន​៥​លើក គឺ​មនុស្សឃាត​ដោយ​អ​ចេតនា​១​លើក អំពើ​លួច​១​លើក​,​អំពើ​ហិ​ង្ស​ដោយ ចេតនា​២​លើក និល​ការ​ឆបោក​ចំនួន​១​លើក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ​ប្រចាំ​ខែមីនា លើក​ទិសដៅ​ការងារ​ប្រចាំ ខែ មេសា ឆ្នាំ​២០១៨ នេះដែរ នៅ​ថ្ងៃទី​២៩​ខែមីនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នង ការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានស្នើ​ឡើង ឱ្យមាន​ការបង្កើត គណៈកម្មាធិការ​ចម្រុះ មួយ​ដើម្បី ត្រួតពិនិត្យ​នៅ​ក្នង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ទប់ស្កាត់​ខ្លាចក្រែង​កើតមាន​ភាពមិនប្រក្រតី​អ្នក ទោស​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​ទំនាក់ទំនង​ចេញមក​ខាងក្រៅ​បញ្ជា​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ចេញពី​ក្នុង​ពន្ធនាគារ​។​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ពី​អតីតកាល​ធ្លាប់​កើតមាន​ករណី​អ្នកទោស ឬ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទដៃ ហៅ​ចេញមក​ខាងក្រៅ បញ្ជា​ទិញ​គ្រឿងញៀន និង​ចាប់ជំរិត​ទារ ប្រា​ក់រួច មកហើយ​។

​ការលើកឡើង​ពី​សំណាក់​លោកស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ​ពាក់ព័ន្ធ និង​អ្នកទោស ឬ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទ​នៅក្នុង​ពន្ធនាគារ ក្រោយ​មានប្រតិកម្ម​ពី​សំណាក់​ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន រកឃើញ​ពន្ធនាគារ​ព្រៃ​ស​នៅ​រាជធានី​ភ្នំពេញ​មាន​ភាពមិនប្រក្រតី​ឱ្យមាន​អ្នកទោស​រឺ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទ​ទំនាក់ទំនង​ចេញមក​ខាងក្រៅ​បញ្ជា​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​នោះ​ផងដែរ​រ​។​

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បន្ថែមថា បញ្ហា នេះ ក្នុងការ​ទទួលខុសត្រូវ​កិច្ចការងារ​រក្សា​សន្តិសុខ សុវត្ថិភាព ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ មិនឱ្យ កើត មាន​អ្នកទោស​រឺ​ណ្ឌិ​ត​ប្រើប្រាស់​ទូរស័ព្ទ​នោះឡើយ​។​លោក​ក៏បាន​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ពន្ធនាគារ​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ពង្រឹង​នៃ​ការគ្រប់គ្រង ឱ្យ​បានល្អ​នៅក្នុង​ពន្ធនាគារ ពីព្រោះ​លោក​ពិនិត្យឃើញថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​អ្នក ទោស ឬ​ទណ្ឌិត​កំពុង​ជាប់ឃុំ​ឃាំង​រហូត​ជាង​១​ពាន់ ហើយ​៕​