All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​ដែល​នឹង​ប្រព្រឹត្ត ទៅ​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ។
ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​បណ្ឌិត ឱម យ៉ិ​ន ទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។
នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួម ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ​ឯកឧត្តម ប៉េ​ហាំង ដា​តូ លីម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកជំទាវ ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។ ឯកឧត្ដម ភី​ធ័​រ ខូ​ស​ហ្គ្រូ​វ (Peter Cosgrove) អគ្គទេសាភិបាល​អូស្ដ្រាលី នឹង​រៀបចំ​អាហារ​ថ្ងៃត្រង់ ជូន​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​។
​ថ្នាក់ដឹកនាំ​នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។
​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ដើម្បី​ពិភាក្សា​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក លើ​ប្រធានបទ​ផ្សេងៗ​ដែលជា​ផលប្រយោជន៍​រួម និង​ដើម្បី​ចែករំលែក​ការយល់ឃើញ និង​ទស្សនៈ​នានា ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូ​ស្រា្ត​លី​។
​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។
​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី ទទួល​ជួប​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី ផងដែរ​៕

​

នគរបាល​ចរាច​រ​ម្នាក់​ស្រវឹងស្រា​​ដកកាំភ្លើងបាញ់​មេឃ​ជាច្រើន ប៉ូលិស​ដេញតាម​ដល់ផ្ទះ​

​សៀមរាប ៖ មន្ត្រីនគរបាល​ចរាច​រ​ម្នាក់​ដែល​គេ​អះអាងថា ស្រវឹងស្រា បានធ្វើ​សកម្មភាព​បាញ់បោះ​ចំនួន​ពីរ​គ្រាប់​នៅ​ផ្សារ​រាត្រី​កុង​ទី​ន័​រ ស្តា​ត​ចាស់ ក្រុង​សៀមរាប រួច​ពេលមកដល់​ផ្ទះ​របស់ខ្លួន បាញ់​បន្ថែម​បី​គ្រាប់​ទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាលរាត្រី​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​១០​នាទី​នា​យប់​ថ្ងៃ​១១​មីនាឆ្នាំ​២០១៨ មុខ​ផ្សារ​កុង​ទី​ន័​រ​(​ស្តា​ត​ចាស់​) ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

ស្នងការ​នគរបាល ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទិ​ត្យ ណា​រ៉ុង បាន​មាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​នេះ​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​មែន ដោយ​មន្ត្រីនគរបាល ខេត្តសៀមរាប​ម្នាក់ នៅ​ផ្នែក​ចរាច​ណ៍ នៅពេលនេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន នឹង​កំពុង​សួរនាំ​។​លោក​បន្តថា​មន្ត្រី​រូបនេះ​ទំនងជា​ស្រវឹងស្រា​។ យ៉ាងណា​លោកស្នងការ មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ ឈានដល់​មន្ត្រីនគរបាល​ម្នាក់ ក្រោម​ឧិ​វាទ​របស់លោក មាន​កំហឹង​ផ្ទុះអាវុធ ពី​មូល​ហេតុអ្វី​ឡើយ​ដោយ​លោ​កថា​ជាប់រវល់​ប្រជុំ​នៅ​ភ្នំពេញ​។​

​យោងតាម​ប្រភព​បាន​បង្ហើប​ថា​នៅវេលា​ម៉ោង​២៣​និង​១០​នាទី​នា​យប់​ថ្ងៃ​១១​មីនាឆ្នាំ​២០១៨​មុខ​ផ្សារ​កុង​ទី​ន័​រ​(​ស្តា​ត​ចាស់​) ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ជន​ជនបង្ក​បាន​ជិះ​ម៉ូតូ​មកដល់​ខាងជើង​វត្ត​ថ្មី ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក ក៏បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​បន្ថែមទៀត​។​

​ជនសង្ស័យ​មានឈ្មោះ​តាន់ ភី​រម្យ ភេទ​ប្រុ​អាយុ​៣៥​ឆ្នាំ​មុខរបរ​ប៉ូលិសចរាចរ ខេត្តសៀមរាប​។​ជននេះ​ដែល​បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​។​ក្រោយពី​បាញ់បោះ​រួច កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន នៅផ្ទះ​ជនសង្ស័យ នៅ​ភូមិ​ឃុំ​ខាងលើ​។​នឹង​បាន​យកមក សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​គោកចក​។​

ទោះយ៉ាងណា ករណីនេះ ស​ន្និ​ដ្នា​ន ជំ​ហ៊ាន​ដំបូង​ថា អាច​ផ្ដើមចេញពី​ទំនាស់ ជាមួយ​អាជីវករ​នៅរ​ផ្សារ​កុងតឺន័រ​៕

​

បិទទ្វារ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ចាប់​ម៉ូតូ​កង់​បី និង​ម៉ូតូឌុប​

 

ប៉ោយប៉ែត ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បានធ្វើការ​បិទទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា ថៃ​ដេ​ី​ម្បី​ចាប់​ម៉ូតូ​កង់​បី​និង​ម៉ូតូឌុប​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មិនា ឆ្នាំ​២០១៨ នៅលើ​ស្ពាន​កម្ពុជា ថៃ​។​
​លោក ជុំ សារ៉េត នាយរង​ប៉ុស្ដិ៍នគរបាល​អន្តោ​ប្រវេ​ស្តន៍​បាន​បញ្ជាក់ថា​:​ការបិទទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា ថៃ​នេះ​គី​ចាប់​ម៉ូតូ​កង់​បី​និង​ម៉ូតូឌុប​ដែល​ម្ចាស់​ម៉ូតូ​ទាំ​អស់នោះ​មិនបាន​អនុវត្ត​ន៏​ទៅតាម​សេចក្ដីណែនាំ​របស់​សាលាក្រុង​និង​កម្លាំង​ដែល​ឈ​ជើង​នៅ​ទីនោះ កុំ​ឧ្យ​ពួកគាត់​ទាំងអស់​ឡើងទៅ​ចាប់​ម៉ូយ​ឬ​យក​ម៉ូតូ​កង់​បី​ទៅ​ស ណ្ដោ​ង​រទេះ​ដឹកទំនិញ​ដែល​ធ្វើ​ឧ្យ​ប៉ះពាល់​មុខមាត់​ជាតិ និង​បង្ករ​ឧ្យ​មានការ​កកស្ទះ​ជា​រាងរាល់ថ្ងៃ ទាំងនេះហើយ​ដែល​ធ្វើ​ក្រុម​ឈ្លៀត​ឱកាស​ឆក់​ឬ​លូក​ហោ​ប៉ាវ​ភ្ណៀ​វ​ព្រោះ​ច្រកទ្វារ​អន្តរជាតិ​មាន​ភ្វៀ​វ​ចំរុះ​ជាតិ​សាស​ន៏​ធ្វើដំណើរ​ឆ្លងកាត់ ម្យ៉ាង​ក្រុម​ម៉ូតូឌុប​ទាំងនោះ មិនបាន​ចាប់​ម៉ូយ​នៅ​ខាង​កម្ពុជា​នោះទេ ចាប់​ម៉ូយ​រហូតដល់​ទឹកដី​ថៃ​ខាង​សមត្ថកិច្ច​ថៃ​គាត់​បាន​ចាប់​ទៅធ្វើ​ឧ្យ​លំបាក​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដោះស្រាយ​។​លោ​កញ្ជាក់​ថា​ម៉ូតូ​កង់​បី​និង​ម៉ូតូ​ដែល​លោក​បាន​ឃាត់​នោះ​មាន​ចំនួន​សរុប​១១​គ្រឿង​ម៉ូតូ​កង់​បី​ចំនួន​៣​និង​ម៉ូតូឌុប​ចំនួន​៧​គ្រឿង​ក្រោយពី​ការចាប់​ម៉ូតូ​ទាំងនោះ​បញ្ជូន​ឧ្យ​អាជ្ញារ​ក្រុង​យកទៅ​អប់រំ​ឬ​ផាកពិន័យ​ទៅតាម​ច្បាប់​ជា​រឿង​របស់​សាលាក្រុង​ច្រើនលើកច្រើនសារ​មកហើយ​ដែល​សមត្ថកិច្ច​និង​អាជ្ញាធរ​ធ្វើការ​ណែនាំ​៕
​

បើក​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ពេញបន្ទុក​ក្បែរ​ច្រក​តំបន់​អូរ​រំដួល​ក្រោមលេស​កំពុង​រត់​ច្បាប់​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ ថៃ និង​ច្រើន​ជាតិ​សាសន៍​ផ្សេងទៀត បាននាំគ្នា​ចូល​លេងល្បែង ស៊ីសង​មាន​ភ្នាល់​ប្រជល់មាន់ និង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ មានដូចជា អា​ប៉ោ បៀរ យូគី​។​ល​។ ដែល​ជ្រក​ក្រោម កាស៊ីណូ អត់​ស្លាក​មួយកន្លែង នៅក្បែរ​ច្រក​តំបន់​អូរ​រំដួល ស្ថិតក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង​។ ពាក់ព័ន្ធ​ករណីនេះ ប៉ូលិស​ថា កាស៊ីណូ នេះ មានច្បាប់​តែ​កំពុង​រត់ការ នៅ ឡើយ ចំណែក​លោក ជា សុផាត អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ថា គាត់​មិន​បានដឹង​រឿង​នោះទេ ហើយ​លោក មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នោះឡើយ​។​

​ប្រភពពី​អ្នកលេង​ល្បែងស៊ីសង​ជា​ជនជាតិខ្មែរ​ម្នាក់ នៅក្នុង​កាស៊ីណូ អត់​ស្លាក​ឈ្មោះ បាន​ឲ្យ​ដឹង ថា នៅទីនេះ គឺជា​កាស៊ីណូ ហើយ​បើក​សង្វៀន​ប្រជល់មាន់ លេង​ចាញ់ឈ្នះ​គ្នា​តាមចិត្ត មិនបាច់​ខ្លាច ញញើត​សមត្ថកិច្ច​ណា​ទេ ព្រោះ​ថៅកែ គេ​បាន​ដោះស្រាយ​ជាមួយ​ថ្នាក់​រួចរាល់​អស់ហើយ​។ ប្រភព​បាន បន្តថា ពេល​ទៅលេង​ក្នុង​កាស៊ីណូ​នោះ គឺ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ថៃ​និង​ប្រជាជន​គ្រប់​ជាតិ​សាសន៍ ចូលទៅ​លេង ដោយ​គ្រាន់តែ​ផ្ញើ​ឡាន​មួយគ្រឿង​តម្លៃ ៥​ពាន់​រៀល ម៉ូតូ​២​ពាន់​រៀល ប៉ុណ្ណោះ ហើយ ចូល ទៅខាង​ក្នុង​មាន​វង់ លេងល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ ដែល​បើក​លេង​ម៉ា​សេរី ឈ្នះ​ចាញ់​ជា​ប្រាក់ រាប់ពាន់​ម៉ឺន​ដុល្លារ​ទៅតាម​ចិត្ត ។

កាស៊ីណូ នេះ បើក​លេង​ជាច្រើន​ខែ​មកហើយ​ដែរ គ្មាន​ប្រតិកម្ម ជំទាស់​ពី​ថ្នាក់​ណា​នោះឡើយ​។​

ពាក់ព័ន្ធ​ករណីនេះ លោក សារ៉េត វិ​សេដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក ទទួល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង ថា កន្លែង​បើក​សង្វៀន​ប្រជល់មាន់ និង​មាន​លេងល្បែង​ជាច្រើន​មុខ​ទៀ ត​នៅក្បែរ​ច្រក​តំបន់​អូរ រំដួល នោះ គឺជា​កាស៊ីណូ ដែល​ម្ចាស់​កំពុងតែ​រត់​ច្បាប់​នៅឡើយ​។ លោក ថា បើ​ច្បាប់​ដែល​អនុញ្ញាត​មាន សរសេរ ឲ្យ​គេ​បើក​លេងល្បែង​អ្វី គឺ​គេ​បើក​លេង​បាន​ទាំង​អស់ហើយ​។​

លោក​អធិការ​ង បាន​បន្តថា កាលពី​កន្លងទៅ​អធិការ​ស្រុក​ភ្នំព្រឹក បាន​ចុះទៅ​ត្រួត​ពិនិត្យឃើញ នៅក្នុង​ហ្នឹង គេ​កំពុងដំណើរការ​លេងល្បែង មាន​សង្វៀន​ប្រជល់មាន់ យ៉ូ​គី ល្បែង អាប៉ោង បៀរ ប្រភេទ​ចាក់​ក្រហម ចាក់​ខៀវ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត ។​

លោក សារ៉េត វិ​សេដ្ឋ បាន​បញ្ជាក់ថា កាស៊ីណូ មួយ​នេះ​ប្រហែល​មួយខែ​ទៀត នឹង​សម្ពោធ ដាក់ ឲ្យ​ដំណើរ​ជា​ផ្លូវការ​ហើយ​។ លោក សារ៉េត វិ​សេដ្ឋ បាន​សូម​ជម្រុញ​ខាង​ភាគី​កាស៊ីណូ​នេះ រត់ការ​ច្បាប់​ឲ្យ​បាន​លឿន ទើប​អាច​ដោះស្រាយបាន​ស្រួល​។​

លោក ជា សុផាត អភិបាលស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា កាស៊ីណូ​នៅក្បែរ​ច្រក​តំបន់​អូរ​រំ​ដូ​ល នោះ គឺ​ខាង​ប៉ូលិស បាន​ប្រជុំ​ប៉ុន្មាន​ថ្ងៃមុន​ដែរ ប៉ុន្តែ​ខាង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក មិនបាន​ទៅ​ចូលរួម​ប្រជុំ ជាមួយ​ទេ​។ បញ្ហា​នៅក្នុង​កាស៊ីណូ​នោះ​មាន​បើក​លែង​ល្បែងស៊ីសង​អ្វីខ្លះ ខាង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក មិនបាន​ដឹង​ទេ ហើយ​មិន​ទាក់ទង​អ្វី​ជាមួយនឹង​លោក​នោះទេ​៕
​

ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល​បាន​ស្ងប់ស្ងាត់​មនុស្ស​៨​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​

​ខេត្តក្រចេះ ៖ មនុស្ស​៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ដែល​អាជ្ញាធរ​កំណត់ថា ជា​មុខសញ្ញា​ក្នុងការ កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើការ បិទផ្លូវ​ជាតិ​តវ៉ា​ក្នុង​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេ​ម៉ត់ ដោយ​ខុសច្បាប់ ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្នួល បញ្ជូន​ខ្លួន​មក​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១៨ នេះ ដើម្បី​បន្ត​នីតិវិធី​។​

​អធិការនគរបាល​ស្រុក​ស្នួល លោក ចាន់ សុខ​គីម បានឱ្យដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍ ប៉ះ ទង្គិច​គ្នា​ក្នុងការ​ប្រមូល​តវ៉ា​រឿង​ទំនាស់​ដីធ្លី​រួចមក សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៨​នាក់ ដែល​បាន​កណ​ត់​ថា ជា​មេខ្យល់​ក្នុង​ការគៀងគ​មនុស្ស មក​កាប់​ទន្ទ្រាន​រើ​រាន​ដីព្រៃ ក្រុមហ៊ុន​កាន់កាប់ ដោយ​ខុសច្បាប់ រហូត​ឈានដល់​ការតវ៉ា​បិទផ្លូវ និង​នៅមាន​មុខសញ្ញា មេខ្យល់​ច្រើន​នាក់​ទៀត ដែល អាជ្ញាធរ​កំពុង តែ ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត ។​
​

មនុស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ទាំងនេះ សុ​ទ្ឋ​សឹង​តែមាន​ទីលំនៅ​ក្នុង ស្រុក​ស្នួល ហើយ​ការចាប់ខ្លួន​របស់​ពួកគេ គឺ​បាន​ធ្វើឡើង​ក្នុងពេលដែល​ក្រុម​ជន​ទាំងនេះ រួម​និង​ពលរដ្ឋ​ចំណាកស្រុក​ក្រុមអ្នកតវ៉ា ប្រមាណ​ជាង​២​រយ​គ្រួសារ​ផ្សេងទៀត បាននាំគ្នា​ចេញមុខ​ប្រឆាំង​តវ៉ា​ជាមួយនិង​អាជ្ញាធរ​ក្នុង​រឿង​វិវាទ​ដីធ្លី​មួយ រហូត​ឈាន​ឲ្យ​មាន​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​6A អស់​រយៈពេល ជាច្រើន​ម៉ោង នៅ​ចំនុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃទី​៨ មីនា ឆ្នាំ​២០១៨ នេះ​។​
​

ពលរដ្ឋ​ដែល​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​បិទផ្លូវ ក្នុង​រឿង​វិវាទ​ដីធ្លី​ដ៏​រាំ​រៃ​ជាមួយ ក្រុមហ៊ុនចំការកៅស៊ូ​មេ​ម៉ត់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ចំនួន​៩,០០០​ហិច​តា នៅក្នុង​ស្រុក​ស្នួល នោះ បាន​លើកឡើងថា ការយក​គ្រឿងចក្រ​ចុះ​ឈូសឆាយ​ក្រវ៉ាត់​ព្រំដី​របស់​ក្រុមហ៊ុន បាន​ប៉ះពាល់​ដល់ផ្ទះ សម្បែង ដីធ្លី​របស់​ពួកគាត់ ដែល​កំពុងតែ​កាន់កាប់ ហើយក៏​នៅ​មិនទាន់​ដោះស្រាយ​ឱ្យ​ពួក គាត់​ចប់​សព្វ គ្រប់ នៅឡើយ​ទេ​។​

​ជាមួយនឹង​ការតវ៉ា​បិទផ្លូវ​របស់​ពលរដ្ឋ ដែល​អាជ្ញាធរ អះអាងថា សុ​ទ្ឋ​សឹង​ជា​ជន​ចំណាកស្រុក មក ពី​ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ជាង​២​រយ​គ្រួសារ គឺ​ប្រដាប់​ដោយ ដំបង ដប​សាំង កាំបិត និង​ជំ​ពាម​បាញ់​គ្រាប់​ដែក ព្រមទាំង​កាំភ្លើង កែច្នៃ បាននាំគ្នា​តវ៉ា រារាំង​គ្រឿង ចក្រ មិន​ឲ្យ​ឈូសឆាយ​ក្រវ៉ាត់​ព្រំដី របស់​ក្រុមហ៊ុន និង​នាំទៅដល់​ឱ្យមាន​ការតវ៉ា​បិទផ្លូវ​ជាតិ​ក្នុង​ចេតនា ប៉ុនប៉ង​វាយបំផ្លាញ​គ្រឿងចក្រ​ទៀតផង​នោះ​។ ទើប​ក្រុម អាជ្ញាធរ​ចម្រុះ​ដែល ចុះទៅ​សម្របសម្រួល និង​កម្លាំងប្រដាប់អាវុធ​ចុះទៅ​ការពារ​បានសម្រេច​ប្រើ​កាំភ្លើង បាញ់​បន្លឺ​ឡើងលើ​អស់​ជាច្រើន​គ្រាប់ ដើម្បី​បំបែកហ្វូង​បាតុករ​ទាំង​នោះបាន ។​

​សូម​បញ្ជា​កើ​ថា ក្រោយពេល​កើតមាន​ព្រឹត្តិការណ៍​ភ្លាមៗ រដ្ឋបាល​ខេត្តក្រចេះ បានចេញ​សេចក្តី ប្រកាស​ព័​ត៍​មាន​ផ្លូវការ​មួយ ដោយ​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច​ចម្រុះ ជាមួយនិង​ក្រុម ពលរដ្ឋ​ប្រមាណ​២​រយ​គ្រួសារ ដែល​មក​ធ្វើការ តវ៉ា​ទាមទារ​ដីធ្លី រហូត​មានការ​បិទផ្លូវ​ជាតិ​លេខ ៧៦​អា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មិនមាន​អ្នកស្លាប់​នោះទេ មានតែ​ពលរដ្ឋ​របួស​ចំនួន​២​នាក់ និង​សមត្ថកិច្ច ៧​នាក់ ត្រូវ​រងរបួស​តែប៉ុណ្ណោះ ៕

​

គយ​ខេត្ត និង​គយ​ចល័ត មើលមុខ​គ្នា​មិន​ចំ ករណី​ចាប់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង

សៀមរាប ៖ រថយន្ត​ដឹកទំនិញ​ធំ​មួយគ្រឿង បាន​ត្រូវ​សមត្ថកិច្ច​គយ​ពីរ​អង្គភាព​ផ្សេងគ្នា គឺ​គយ​ខេត្តសៀមរាប និង​គយ​ចល័ត​មកពី​ភ្នំពេញ ធ្វើការ​ចាប់​ឃាត់ បន្ទាប់ពី​មានការ​សង្ស័យថា មានការ​គេច​បន្លំ​ពន្ធ​។
​ការឃាត់​រថយន្ត​ផ្ទុកទំនិញ​ខាងលើនេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រោយ​ផ្សារ​ក្នុង​បុរី​សៀង​ណាំ ស្ថិតក្នុង​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

រថយន្ត​ធុន​ធំ​ដែល​សមត្ថកិច្ច​គយ​ឃាត់​នេះ មាន​ក្បាល​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A2816 ចំណែក​កន្ទុយ​សណ្តោង​ខាងក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A 1970​។​រថយន្ត​នេះ​ត្រូវបាន​អ្នកបើកបរ​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ដឹក​សម្ភារៈ​អេ​ឡិច​ទ្រូ​និ​ច ម៉ាក​សាំ​ស៊ុ​ង មកពី​ស្រុក​សំពៅ​លូន​ព្រំប្រទល់​ប្រទេស​កម្ពុជា​ថៃ ខេត្តបាត់ដំបង មក​ទម្លាក់​នៅ​ឃ្លាំង​ស្តុក នៅក្នុង​បុរី​សៀង​ណាំ​។​
​ពាក់ព័ន្ធ​ករណីនេះ លោក កែវ រិទ្ធី អនុប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​០៩​មីនា​នេះ​ថា ក្នុង​ការចាប់​ឃាត់​រថយន្ត​នេះ កម្លាំង​សមត្ថកិច្ច​គយ និង​រដ្ឋ​ករ​បាន​រកឃើញ​ទំនិញ​មួយចំនួន​ដែល​មិនបាន​បង់ពន្ធ​។ លោក​បន្តថា ដូច្នេះ​ខាង​លោក​បានធ្វើ​របាយការណ៍​ដាក់ជូន​ទៅខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​ពាក់ព័ន្ធ​ទៅនឹង​មុខទំនិញ​អ្វីខ្លះ​ដែល​មិនបាន​បង់ពន្ធ​នោះ លោក កែវ រិទ្ធី បាន​អះអាងថា លោក​មិនអាច​រៀបរាប់​បានទេ ទាល់តែ​ខាង​អគ្គនាយកដ្ឋាន​គយ សម្រេច​ថា យ៉ាងណា​ទើប​លោក​អាច​ផ្តល់ព័ត៌មាន​បាន​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រភពពី​មន្ត្រី​គយ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អ្នកព័ត៌មាន​ថា ក្នុងពេល​ផ្ទៀងផ្ទាត់​ទំនិញ គេ​បាន​រកឃើញ​ម៉ាស៊ីនបោកខោអាវ ជិត​មួយរយ​គ្រឿង​ដែល​មិនបាន​បង់ពន្ធ ចំណែក​ទំនិញ​ផ្សេងទៀត​មាន​ខ្លះ​បាន​បង់ ខ្លះ​មិនបាន​បងពន្ធ​ជូន​រដ្ឋ​។​

​ជាមួយនឹង​ការចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​នេះដែរ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ចង់​ដណ្តើម​ស្នាដៃ​គ្នា ធ្វើ​ឲ្យ​គយ​ខេត្តសៀមរាប និង​គយ​ចល័ត មើលមុខ​គ្នា​មិន​ចំ ដោយ​ខាង​គយ​ចល័ត​ចង់យក​រថយន្ត​នោះ​ទៅ ទុក​នៅ​ស្នាក់ការ​របស់គេ​នៅឯ​ស្រុក​ពួក ព្រោះ​គេ​បាន​ទៅដល់​មុន​។

ចំណែក​ខាង​គយ​ខេត្តសៀមរាប ក៏បាន​ទាមទារ​យករ​ថ​យន្ត​ដឹកទំនិញ​នោះ​ទៅកាន់​សាខា​របស់ខ្លួន​ដែរ ដោយ​សំអាងថា ករណីនេះ​វា​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​រថយន្ត​នេះ ត្រូវបាន​ប្រគល់​ឲ្យ​ទៅខាង​សាខាគយ​និង​រដ្ឋ​ករ​ខេត្តសៀមរាប​ជា​អ្នកចាត់ចែង​តាម​នីតិវិធី​៕
​

យុវជន​ជាង​២​ពាន់​នាក់​ចូលរួម​កម្មវិធី​រត់​ជា​គូ​ក្នុង​សកម្មភាព​មនុស្សធម៌​

​សៀមរាប ៖ យុវជន យុវនារី ជាង​ពីរពាន់​នាក់ បាននាំគ្នា​មក​ចូលរួម​ក្នុង​កម្មវិធី​រត់​ជា​គូ (Couple Run)​នៅ​ផ្សារ​កុង​ទី​ន័​រ​ផាម ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែមីនា​ម្សិលមិញ​នេះ​។​

​លោក សួង ស៊ីម អគ្គនាយក​ក្រុមហ៊ុន​WatchEmpire និង​ជា​អ្នករៀបចំ​កម្មវិធី​រត់​ជា​គូ​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរសាទ​ទិវា​នារី​អន្តរជាតិ ០៨​មីនា ឆ្នាំ​២០១៨ និង​បំផុស​យុវជន យុវនារី​ឱ្យ​ចេះ​ជួយ​ដល់​ការងារ​សង្គម​ក្រុមហ៊ុន​WatchEmpire​ដែល​នាំចូល​នាឡិកាដៃ​ម៉ាក​Ice Watch បានរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ដ​ឡើង ។

​លោក សួង ស៊ីម បន្ត​ឱ្យដឹងថា ព្រឹត្តិការណ៍​នេះ គឺ​ត្រូវ​រត់​ក្នុង​ចម្ងាយ​១៥០០​ម៉ែត្រ ដែលមាន​អ្នកចូលរួម​២៥០០​នាក់ ស្មើ​១២៥០​គូរ​។ ហើយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​តម្លៃ​១៩៨០០​រៀល ក្នុងនោះ​ចំនួន​៤០០០​រៀល​ក្នុង​ម្នាក់​ដក​សម្រាប់​យកទៅ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ថវិកា​មួយចំណែក​ទៀត​សម្រាប់​ចំណាយ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

​លោក សួង ស៊ីម បាន​បន្តថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុមហ៊ុន Ice Watch បានរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ដ Couple Run ដែល​ចំនួន​២​លើក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​លើក​៣​នេះ​ធ្វើ​នៅ​ខេត្តសៀមរាប ហើយដោយ​តែ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ដើម្បី​សង្គម សុខភាព និង​ការកម្សាន្ត​សប្បាយ​ផង​នោះ ឃើញថា មានការ​ចូលរួម​និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​យុវជន នៅ​ខេត្តសៀមរាប​។​

​លោក សួង ស៊ីម បាន​បញ្ជាក់ថា ថ្វីត្បិតតែ​នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​តែ​២៥០០​នាក់ ប៉ុន្តែ​ព្រឹត្តិការណ៍​បានបង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​និង​យុវជន​ផ្សេងទៀត​បាន​យល់ដឹង​ពី​ការងារ​ជួយ​សង្គម​ហើយ​នៅ​លើក​ក្រោយៗ​ទៀត​និង​មាន​អ្នកចូលរួម​កាន់តែច្រើន​៕
​

ចោរ​ឆ្លើយថា ប៉ូលិស​ស័ក្តិ​បី​ម្នាក់​ជួល​ឲ្យ​ប្លន់​ផ្ទះ​លក់​សាំង​នៅ​ទំនប់​កប់​ស្រូវ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​២១ និង​០០​នាទី​យប់ ថ្ងៃទី​៨ មីនា ឆ្នាំ​២០១៨​នេះ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ក្រុម​ជនសង្ស័យ​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK47 ចំនួន​២​ដើម បាន​ចូលទៅ​រុញ​ទ្វារ​តូប​លក់​ប្រេងសាំង​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្នុង​គោលបំណង​ប្លន់​យក​ទ្រព្យសម្បត្តិ តែ​មិនបាន​សម្រេច ខណៈពេលដែល​បាន​វាយ​កូនចៅ​ម្ចាស់​លក់​ប្រេងសាំង​បណ្តាល​របួស ស្របពេល​អាវុធហត្ថ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ឃើញ​ហេតុការណ៍ ហើយ​ក្រុម​ជនសង្ស័យ​បាន​ទាញ​AK​បាញ់​សំដៅ​មកលើ​កម្លាំង​អាវុធហត្ថ តែ​មិន​ផ្ទុះ ក៏ត្រូវ​បាន​ខាង​អាវុធហត្ថ​បាញ់​តទៅ​វិញ ត្រូវចំ​ជើង​ជនសង្ស័យ​ម្នាក់​ដេក​ដួល​ទៅនឹង​កន្លែង ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត បាន​រត់​ចូលទៅក្នុង​ដីឡូត៍​មួយកន្លែង បាត់ស្រមោល​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ថោង គី​រី ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ប្រេងសាំង ត្រូវជា​ប្តី​ប្រពន្ធ​មានឈ្មោះ សេក ចិន្តា ភេទ​ស្រី ជនជាតិខ្មែរ អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​ប្រេងសាំង ស្នាក់នៅ​កន្លែងកើតហេតុ​។​

ក្នុងករណី​ខាងលើ​នេះដែរ ជនសង្ស័យ​បាន​និយាយ​សារភាពថា មាន​ប៉ូលីស​ពាក់​ស័​ក្ខ​បី​ម្នាក់​ជួល​ឲ្យ​ប្លន់​ក្នុងតម្លៃ​៣.០០០​ដុល្លារ​។​

ប្រភព​ដដែល​បាន​បន្តថា ក្នុងអំឡុង​ពេលនោះ អាវុធ​ក្រុងភ្នំពេញ និង​សមត្ថកិច្ច​ជាច្រើនរូប បាន​ចូលទៅក្នុង​ដីឡូត៍​ក្នុងព្រៃ ដើម្បី​រុករក​ក្រុម​ជនសង្ស័យ ដោយ​គេ​មាន​កាំភ្លើង​AK47 ១​ដើម​នៅក្នុង​ដៃ ហើយ​ការរុករក​អស់​ជាច្រើន​ម៉ោង​នៅ​មិនទាន់​ឃើញ ក៏​កម្លាំង​សមត្ថកិច្ច​ក៏ដូចជា​កងរាជអាវុធហត្ថ បាន​ដក​កម្លាំង​មកវិញ រង់ចាំ​តាម​ស្រាវជ្រាវ​នៅពេល​ក្រោយ​បន្តទៀត​៕
​

អាជ្ញាធរ ថា គ្មាន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រឿង​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្នួល​ទេ​

​ក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ជូនដំណឹង ដោយ​បដិសេធថា ពុំមាន​មនុ​ស្សណាម​នាក់​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ក្នុងការ​តវ៉ា​រឿង​ដីធ្លី​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៨ នេះ​ទេ​។​

លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​អ្នកកាសែត​ក្នុង ស្រុក កាលពី​រសៀល​ថ្ងៃទី ៨ ខែមីនា នេះ ថា ៖« បើតាម​របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន ពី​ស្នងការ​ខេត្តក្រចេះ គឺមាន​ប្រតិបត្តិ​ការណ៍​មួយ​ដឹកនាំ​ដោយ​អភិបាលរង និង​ព្រះរាជអាជ្ញារង​ខេត្ត ចុះទៅ​ជួយ​ការពារ​ការកាយ​ដី​ធ្វើ​ព្រំ របស់​ក្រុមហ៊ុន​មេមត់​។ នៅពេលដែល​ពួកគាត់ ចុះទៅ​ក៏មាន​ប្រជាពលរដ្ឋ ២០០ ទៅ ៣០០ នាក់​តវ៉ា​សុំ​ឲ្យ​ផ្អាក ហើយក៏​មានការ​សម្របសម្រួល​រវាង​ព្រះ​អាជ្ញា អភិបាលរង​ខេត្ត និង​ប្រជាពលរដ្ឋ តែ​ខាង​ប្រជាពលរដ្ឋ លោក​មិន​ព្រម​»​។ លោក​បន្តថា ក្រោយមក​ប្រហែល​ម៉ោង ១១ ថ្ងៃត្រង់ ប្រជាពលរដ្ឋ​បាន​បិទផ្លូវ​ប្រហែល ២ ម៉ោងជាង ដូច្នេះ​ក្រុម​ប្រតិបត្តិ​ការណ៍​ព្យាយាម​សម្របសម្រួល​ពលរដ្ឋ​ប៉ុន្តែ​ប្រជាពលរដ្ឋ មិន​ព្រម​។ «​ហើយ​ចុងក្រោយ ពួកគាត់​ហាក់ដូច​មាន​សកម្មភាព ដូចជា​មានកាំបិត ពូថៅ គ្រោង​នឹងធ្វើ​អំពើហិង្សា នឹង​ដុត​គ្រឿងចក្រ ហើយ​ដើម្បី​ទប់ស្កាត់​អំពើ​អស់ហ្នឹង​ក៏មាន​ការផ្ទុះអាវុធ​ឡើងលើ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើហិង្សា​»​។​

ចំណែក លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ថ្លែងថា មុនពេល​ប៉ះទង្គិច​នេះ អាជ្ញាធរ បាន​ចុះ​ចរចា និង​សម្របសម្រួល​ចំនួន ២​លើក​មកហើយ ប៉ុន្ដែ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ មិន​យល់ ព្រម​តាម​យោបល់​របស់​អាជ្ញាធរ​ទេ​។ លោក​បន្តថា «​យើង​ជួបប្រជុំ​ជាមួយ​ពួកគាត់ ប៉ុន្ដែ​គាត់​នៅតែ មិនបាន​យល់ព្រម ហើយ​ថែមទាំង​មានការ​បិទផ្លូវ ដែល​ធ្វើ​ឲ្យ​ប៉ះទង្គិច​គ្នា​នេះ​កើតឡើង បណ្ដាល​ឲ្យ សមត្ថកិច្ច​រង​របួល​ស្រាល ៧​នាក់ ហើយ​ពលរដ្ឋ​របួសស្រាល​ពីរ​នាក់ តែ​អត់​មាន​ស្លាប់​ទេ ហើយក៏ ត្រូវបាន​បញ្ជូន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ រួចរាល់​អស់ហើយ​ដែរ​»​។

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​អំពើហិង្សា​មួយ​បាន​ផ្ទុះ ឡើង រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ខណៈ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ព្យាយាម​បំបែក​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៧៦ ចំនួន ៣​កន្លែង​។ ការ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ​បានកើត​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ ក្រោម​ការដឹកនាំ​របស់​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ចុះទៅ​រុះរើ​សំណង់​ខ្ទម​តូចៗ របស់​ពួកគាត់ ស្ថិតនៅក្នុង​ក្រុមហ៊ុនចំការកៅស៊ូ មេមត់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨ អាជ្ញាធរ ខេត្ត ក្រចេះ បាន​អះអាងថា មូលហេតុ​ដែល​ឈានដល់​សមត្ថកិច្ច​ផ្ទុះអាវុធ បន្ទាប់ពី​មាន​ក្រុម​ប្រជា​ពល រដ្ឋ ដែល​មិន​ព្រម​បើកផ្លូវ​តាម​សំណើ​របស់​អាជ្ញាធរ ហើយ​បាន​ប្រើ​កាំបិត ពូថៅ ដំបង ដុំថ្ម ជំ​ពាម កៅស៊ូ កាំភ្លើង​កែច្នៃ ព្រួញ ដប​សាំង បាញ់ និង​គប់​លើ​ក្រុមការងារ​របស់​សមត្ថ​កិច្ច ថែម ទៀត ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល អាជ្ញាធរ​ខេត្តក្រចេះ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​បណ្តា ព័ត៌មាន​នានា​ដែល​បាន​ផ្សព្វផ្សាយ​ថា ការប៉ះទង្គិច​គ្នា​នេះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​រហូតដល់ ៦​នាក់ និង​៤០​នាក់​ទៀត​បាន​រងរបួស​នោះ គឺជា​ព័ត៌មាន​មិន​ពិត​ទេ​៕​

ស្តាប់​ខ្មាន់កាំភ្លើង​និយាយ​ពី​ករណី​បាញ់ ប្រហារមនុស្ស​ប្រុស​ស្រី​ក្នុង​រថយន្ត​នៅ​សង្កាត់​ទឹកថ្លា

​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង​មក​នាក់​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​ប្រុស​ស្រី​២​នាក់ នា​ពាក់​កណ្តាលអធ្រាត្រ យប់​ម៉ោង​១២​និង​៣០​នាទី ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​ជួល​នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សូម​រំលឹកថា ហេតុការណ៍​បាញ់ប្រហារ​មួយ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ រហូតដល់ ផ្ទុះ​ការ​ងើ​ង​ឆ្ងល់ ពី​សំណាក់​មហាជន ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​គ្រប់គ្នា​ចងដឹងថា មូល​ហេតុអ្វី​ទើបបានជា មានការ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​នេះ​កើតឡើង រហូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​០២​នាក់​រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទី​១៖ ឈ្មោះ សិង វិ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ បាន​រងរបួស​ចំនួន​០៣​គ្រាប់ (​ចំ​ស្មា​ខាងស្តាំ​ចំនួន​០២​គ្រាប់ និង កំភួនដៃ​ខាងឆ្វេង ០១​គ្រាប់​) និង​ជនរងគ្រោះ​ទី​២៖ ឈ្មោះ គង់ វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​រងរបួស​ចំនួន​០១​គ្រាប់ ( ចំ​ស្មា​ខាងស្តាំ )​។​

​បន្ទាប់ពី​គេចខ្លួន​អស់​រយៈពេល​៥​ថ្ងៃ ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង បាន​ចូលមក​សារភាព​កំហុស​ខ្លួន ដើម្បី​ទទួលទោស​តាមច្បាប់ នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៨​។​
​តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​បាន​រៀបរាប់ថា រូបគេ​មានឈ្មោះ ប៊ុន តេង កើត​ឆ្នាំ​១៩៨៦ មានមុខរ​បរជា​យោធា ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ T53A ផ្លូវ​W23C7 សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃកើតហេតុ​រូបគេ ពិតជា​បាន​បាញ់ប្រហារ លើ​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ពិតប្រាកដ​មែន ដោយ​ប្រើប្រាស់​អាវុធខ្លី​០១​ដើម ម៉ាក BERATA តែ​ការបាញ់ប្រហារ​នោះ គឺ​ព្រោះតែ​មានការ​ភ័ន្តច្រឡំ​ប៉ុណ្ណោះ​។​

​ជនដៃដល់​បាន​រៀបរាប់​បន្តទៀតថា រូបគេ​ជាមួយ​ជនរងគ្រោះ​ទាំង​០២ គឺជា​មនុស្ស​ស្គាល់គ្នា​ប្រហែល​កន្លះ​ឆ្នាំ​មកហើយ តាមរយៈ​ការផឹកស៊ី​ជាមួយ​មិត្តភក្តិ តៗ​គ្នា​។ នៅមុន​ថ្ងៃកើតហេតុ​គឺ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រូបគេ​រួមជាមួយ​មិត្តភក្តិ សរុប​មាន​គ្នា ០៨​នាក់ បាននាំគ្នា​ចូលរួម​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ រី​វើ​ឡែ​ស ព្រែកលាប​។ ក្នុងអំឡុងពេល​ផឹកស៊ី រូប​ខ្លួន​(​ជនដៃដល់​) និង​មិត្តភក្តិ ឈ្មោះ ប៊ី បាន​ទាស់សម្តី​គ្នា រហូតដល់​រូប​ខ្លួន​(​ជនដៃដល់​) បាន​វាយ​ឈ្មោះ ប៊ី មួយ​ដៃ បណ្តាល​ឲ្យ​ជ្រុះ​អាវុធខ្លី​របស់ខ្លួន ហើយក៏​ត្រូវបាន​មិត្តភក្តិ​ផ្សេ​ត​ទៀត​ជួយ​ឃាត់​។ ភ្លាមនោះ​ឈ្មោះ ពេជ្រ សាឡ​ន បាន​រើសយក អាវុធខ្លី​ហ៊ុ​ចមក​ឲ្យ​ខ្លួន​វិញ ហើយ​ក្រោយមក​កម្មវិធី​ត្រូវបាន​បញ្ចប់ រូប​ខ្លួន​(​ជនដៃដល់​) ក៏បាន​ជិះ​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6967 ជូន​ឈ្មោះ​សម្បត្តិ និង ឈ្មោះ ប៊ី ទៅផ្ទះ​រៀងៗ​ខ្លួន ។​

​លុះ​ស្អែក​ឡើង​ថ្ងៃទី​២៥ រូប​ខ្លួន​(​ជនដៃដល់​) បាន​បាត់បង់​កាំភ្លើង​អស់​០១ ក៏​ជិះ​រថយន្ត​ទៅផ្ទះ​ឈ្មោះ ពេជ្រ សាឡ​ន ដើម្បី​សួររក​បង់​កាំភ្លើង តែ ពេជ្រ សាឡ​ន បាន​ប្រាប់ថា​មិនឃើញ ទើប​ខ្លួន​គិតថា ប្រ​ហែ​ជា​ធ្លាក់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ភ្លាមនោះ​ខ្លួន​ក៏​បើករថយន្ត​ទៅ សួរ​ដល់​បន្ទប់​ខារ៉ាអូខេ តែ​គេ​ប្រាប់ថា បានឃើញ​មនុស្ស​ស្រី​ម្នាក់​យកចេញ​ក្រៅ​បាត់ទៅហើយ ហើយ​ខ្លួន​ក៏​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ជូន​ប្រពន្ធ ទៅ​កម្មវិធី​ឡើងផ្ទះ​បងប្អូន នៅ​ផ្សារ​ដី​ហ៊ុយ​។ រហូតដល់​ម៉ោង​ប្រហែល ២៣​យប់​ថ្ងៃទី​២៥​ដដែល ខ្លួន​បាន​ត្រឡប់​មកពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​វិញ ខ្លួន​ក៏បាន​បើករថយន្ត​ទៅផ្ទះ​ពេជ្រ​សាឡ​ន​ម្តងទៀត ក្នុង​គោលបំណង​ទៅ​សួររក​បង់​កាំភ្លើង​ដែល​បាត់ តែ​ពេលទៅដល់​មុខផ្ទះ ពេជ្រ សាឡ​ន ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក TACOMA​មួយគ្រឿង ដែលមាន​ជនរងគ្រោះ ឈ្មោះ គង់ វិ​ន ហៅ វ៉ែនតា ជិះ​ជាមួយ ឈ្មោះ សិង វិ​ន ហៅ ភ័​ស្ត ឈប់​ក្បែរ​ផ្ទះ ពេជ្រ សាឡ​ន ខ្លួន​ក៏​អែប​រថយន្ត​ទៅ​ឈប់​ទន្ទឹមគ្នា និង​ចុច​កញ្ចក់​រថយន្ត​ចុះ​ដូចគ្នា ហើយ​ខ្លួន​ក៏​សួរ​ទៅ​ឈ្មោះ​វ៉ែនតា​ថា បានឃើញ​បង់​កាំភ្លើង​របស់ខ្លួន​ឬ​អត់​? ស្រាប់តែ​ឈ្មោះ គង់ វិ​ន ហៅ វ៉ែនតា មិន​ព្រម​ឆ្លើយតប និង​លើក​អាវ​ឡើង ទើប​ខ្លួន​នឹក​ក្នុង​ចិត្ត​ថា ប្រហែល​គេ​ខឹង​ហើយ​ដក​កាំភ្លើង​បាញ់​រូប​ខ្លួន ខ្លួន​ក៏​ដក​កាំភ្លើងខ្លី​បាញ់​ពួកគេ​មុន​អស់​ចំនួន​០៥ គ្រាប់ រួច​គេចខ្លួន​ទៅផ្ទះ​តែម្តង លុះ​ព្រឹក​ឡើង​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បី​លាក់ខ្លួន​តាម ព្រំដែន​។ ក្រោយមក ដោយបាន​ដឹងថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ស្រាវជ្រាវ​ស៊ើបអង្កេត ជា​បន្តបន្ទាប់ យ៉ាង​ប្រកិតៗ ទើប​ខ្លួន​សម្រេចចិត្ត ចូលមក​សារភាព​តែម្តង​។​

យ៉ាងណាក៏ដោយ ករណី​បាញ់ប្រហារ​នេះ មិន​ត្រូវបាន​ទម្លាយ​ពីអ្វី​ដែលមាន​ការផ្សព្វផ្សាយ​នាពេល​កន្លងមក​ថា ជា​ករណី​ប្រច័ណ្ឌ​លើ​នារី​ម្នាក់​(​នារី​រងគ្រោះ​)​ដែលជា​សង្សារ​ចាស់​នោះទេ​៕

​

រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន​សិក្សា​រក​ប្រេងកាត​នៅ​ប្លុក D

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ បានប្រគល់​សិទ្ធិ​មួយ​ដល់​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន ក្នុង​ការរុករក​ស្រាវជ្រាវ និង សិក្សា​រ៉ែ​ប្រេងកាត នៅ​តំបន់​ប្លុក​D នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា និង​ត្រៀម​ទាញ យក​ធនធាន​ប្រេង​មកប្រើប្រាស់ ខណៈ​ធនធាន​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក A ត្រូវបាន​ក្រុម ហ៊ុន​របស់​សិង្ហ​បុរី កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ត្រៀម​ទាញយក​នៅ​អំឡុង​ឆ្នាំ ២០១៩​ខាងមុខនេះ ។

​លោក ជៀប សួរ អ្នកនាំពាក្យ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា ដំណើរការ​នេះ ទើបតែ​ទទួលបាន​ចំណារ​ពី រាជរដ្ឋាភិបាល​អោយ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចរចារ​ពី​កិច្ច​នេះ ។

​សម្រាប់​បច្ចុប្បន្ននេះ អ្វីដែល​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​និង​តាមដាន​ជាប់​ជាប្រចាំ​នោះ គឺ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ​ទាញយក​ប្រេងកាត​នៅ​តំបន់​ប្លុក A ជាមុនសិន ។​ចំពោះ​ការអភិវឌ្ឍន៍​និង​កិច្ចព្រមព្រៀង​លើ​ការអភិវឌ្ឍន៍​ប្រេងកាត​នៅ​តំបន់​ប្លុក D នឹងមាន កើត​ឡើងជា​ពេល​បន្តបន្ទាប់ ។
​
លោក បន្តថា បច្ចុប្បន្ននេះ ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​ទាញ ប្រេង កាត នៅ​តំបន់​ប្លុក A កំពុង​តែមាន សកម្មភាព​ទៅមុខ​ជា​បណ្ដើរៗ ហើយ​រហូតមកដល់ ពេលនេះ ពោលគឺ​ចាប់តាំងពី​កិច្ច​ព្រម ព្រៀង​រវាង​ក្រុមហ៊ុន អភិវឌ្ឍន៍ និង​ក្រសួង​រ៉ែ និង ថាមពល មិនទាន់មាន​សញ្ញា​ណាមួយ បង្ហាញ​ពី​ការខកខាន រឺ​បរាជ័យ​ដូច​គម្រោង​មុនៗ នោះទេ ។

​លោក​បាន​បន្តទៀតថា ដើម្បីអោយ​ប្រាកដប្រជា​នូវ​គម្រោង ទាញយក​ប្រេង​ពី​ឈូង សមុទ្រ​កម្ពុជា ក្រុមការងារ​អន្តរជាតិ​ក្រសួង ដែលមាន​ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តែងតែ​ប្រជុំ​តាមដាន​ជា​រៀងរាល់ខែ ពី​សកម្មភាព​ការងារ អភិវឌ្ឍន៍​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​រោងចក្រ​ទាញយក​ប្រេង ។
​
លោក បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ បាន​យក ទឹក សមុទ្រ​ទៅ​វិភាគ​មើល​ពី​ស្ថានភាព​ប្រេង​នៅក្នុង​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​និង​ពិគ្រោះ​យោបល់​ជាមួយ ក្រុម​អ្នកនេសាទ​នៅ​ខេត្ត​ជិតៗ ដូចជា ខេត្តកំពត និង​ខេត្តកោះកុង ដើម្បី​សិក្សា​ឈានទៅ​ការ​បូម​ប្រេង​នៅ​តំបន់​ជិតៗ​នោះ ផងដែរ ។​
​
លោក ស៊ុយ ឌី​ម៉​ង់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ នៃ​ក្រសួង​រ៉ែ និង ថាមពល​ក៏បាន​អោយដឹង​ផងដែរ​ថា កិច្ចព្រមព្រៀង​ប្រេងកាត​ក្នុង​ដែនសមុទ្រ​ក្នុង​ប្លុក A បាន​ឈានចូល​ក្នុងដំណាក់កាល​នៃ​ការធ្វើ​អាជីវកម្ម​លើកដំបូង នៅ​ចុងឆ្នាំ ២០១៩ ក្នុង​គោលបំណង​បង្កើន​ចំណូល​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ការអភិវឌ្ឍ វិស័យ​ប្រេងកាត​នៅ​កម្ពុជា ជា​លើកដំបូង ។
​
លើសពីនេះ ក្រសួង​រ៉ែ​និង​ថាមពល ក៏បានផ្ដល់​អាជ្ញាប័ណ្ណ គម្រោង​សម្បទាន​ប្រេង កាត​ផ្នែក​ដោ​ន​ស្ទ្រី​ម ចំនួន​១០​អាជ្ញា​បណ្ណ ក្នុងនោះ​បង្កើត​និង​ដាក់ឱ្យ​ដំណើរការ មណ្ឌល សន្និធិ​ប្រេងឥន្ធនៈ និង​មណ្ឌល​ឧស្ម័ន​ធម្មជាតិ ពង្រា​វ ផ្ដល់​គោលការណ៍​នាំចូល​ប្រេង និង ឧស្ម័ន​ឥន្ធនៈ គោលការណ៍​សិក្សា​លទ្ធភាព​គម្រោង​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន និង​គម្រោង សិក្សា​លទ្ធភាព​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ផងដែរ ៕​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ត្រី​៣៩​រូប កំពុង កាន់​តំណែង​សំខាន់ៗ ក្នុង​រាជរដ្ឋា ភិបាល​

​ភ្នំពេញ ៖ យោងតាម​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា រាជរដ្ឋាភិបាល​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា មាន​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​។ ខាងក្រោម​នេះ ជា​ស្ដ្រី ដែលមាន​តំណែង​សំខាន់ៗ​ក្នុង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ៖
១. លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
២. លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
៣. លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​។​
៤. លោកជំទាវ ឆាយ វ៉ាន់​នឿន រដ្ឋលេខាធិការ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​
៥. លោកជំទាវ ជូ ប៉ុន​អេង រដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ​។​
៦. លោកជំទាវ ដាំ ដា​រី​នី រដ្ឋលេខាធិការ នៃ​ក្រសួងការពារជាតិ​។​
៧. លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
៨. លោកជំទាវ ហោ ម៉ា​លីន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
៩. លោកជំទាវ ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​
១០. លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម​។​
១១. លោកជំទាវ ឡាយ ណា​វីន រដ្ឋលេខាធិការ នៃ​ក្រសួង​រ៉ែ និង​ថាមពល​។​
១២. លោកជំទាវ ប៉ែន សុ​ប​ភា រដ្ឋលេខាធិការ នៃ​ក្រសួងផែនការ​។​
១៣. លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
១៤. លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
១៥. លោកជំទាវ អ៊ូ វ័​ឌី រដ្ឋលេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
១៧. លោកជំទាវ ឃុន ល​ក្ម្សី រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន​។​
១៨. លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​
១៩. លោកជំទាវ ច័​ន្ធ ធី រដ្ឋលេខាធិការ នៃ​ក្រសួង​ព័ត៌មាន​។​

២០. លោកជំទាវ ចាន់ សុទ្ធា​វី រដ្ឋលេខាធិការ នៃ​ក្រសួងយុត្តិធម៌​។​
២១. លោកជំទាវ រស់ សូរ​ក្ខា រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​
២២. លោកជំទាវ ប្រាក់ ច័ន្ទ​ណ​យ រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​
២៣. លោកជំទាវ សុភ័គ្គ ថា​វី រដ្ឋលេខាធិការ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
២៤. លោកជំទាវ សុខ វិឡា​យ រដ្ឋលេខាធិការ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
២៥. លោកជំទាវ តាន់ វួ​ច​ឆេង រដ្ឋលេខាធិការ នៃ​ក្រសួងសុខាភិបាល​។​
២៦. លោកជំទាវ មឺ​ន មាណវី រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
២៧. លោកជំទាវ ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

២៨. លោកជំទាវ សម មុន្នី​កា រដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍​។​
២៩. លោកជំទាវ ទូច សា​រ៉ុ​ម រដ្ឋលេខាធិការ នៃ​ក្រសួង​ធម្មការ និង​សាសនា​។​
៣០. លោកជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣១. លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣២. លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣៣. លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣៤. លោកជំទាវ ស៊ី ដេ​ហ្វី​ន រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣៥. លោកជំទាវ សាន្ដ​អរុណ រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣៦. លោកជំទាវ កុប ម៉ា​រី​យ៉ា រដ្ឋ​លេ​
​ខា​ធិ​ការ នៃ​ក្រសួង​កិច្ចការនារី​។​៣៧. លោកជំទាវ ហ៊ូ សា​មិត្ត រដ្ឋលេខាធិការ នៃ​ក្រសួង​កិច្ចការនារី​។​
៣៨. លោកជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
៣៩. លោកជំទាវ វ៉ាន់ ម៉ា​រា រដ្ឋលេខាធិការ នៃ​ក្រសួង​មុខងារសាធារណៈ​។​
​

កម្មវិធីសប្បាយៗក្នុងបុណ្យទន្លេនៅ ទីក្រុងតាខ្មៅឆ្នាំនេះ

ខេត្តកណ្តាល ៖ បុណ្យទន្លេលើកទី៤ ដែលរៀបចំនៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល ឆ្នាំ២០១៨ នេះ នឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍” ។

ក្នុងអំឡុងពេលនេះ ក៏មានកម្មវិធីសំខាន់ៗ និងសប្បាយៗជាច្រើនដូចខាងក្រោម ៖

កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់ ៣០​កន្លែង​ហើយ​

​ព្រះសីហនុ ៖ ខណៈដែល​ជនជាតិ​ចិន កាន់តែច្រើន​បាន​ចូលមក​ធ្វើការ និង​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ចំនួន​កាស៊ីណូ​ក្នុង​ខេត្ត​នេះ ក៏បាន​កើនឡើង​ឥតឈប់ឈរ ដែល​រហូត​មកទល់ពេលនេះ មាន​កាស៊ីណូ​ប្រមាណ​៣០​កន្លែង​។​

តាម​សេចក្តីរាយការណ៍រប​ស់ Propertyarea.asia បាន​បង្ហាញថា មាន​កាស៊ីណូ​កំពុងដំណើរការ និង​ត្រៀម​ដំណើរការ​ចំនួន​៣០​កន្លែង​ហើយ នៅក្នុង​ទីក្រុង​ព្រះសីហនុ ខណៈដែល​វត្តមាន ជនជាតិ​ចិន ប្រមាណ​៥​ពាន់​នាក់ កំពុង​រស់នៅ ប្រកប​កិច្ចការ និង​រកស៊ី​ក្នុង​ខេត្ត​នេះ​។ បើតាម​ការបញ្ជា​ក់រប​ស់ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឯ​.​ឧ​. ជួន ណារិន បាន អោយដឹងថា ចំនួន​កាស៊ីណូ កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ក្រុងព្រះសីហនុ​។

ន្ទឹម​នោះ ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​នេះ ក៏​កំពុង​ត្រូវបាន​ពង្រឹង​ជា​បន្តបន្ទាប់​ផងដែរ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។ ឧ​ត្ត​ម​សេនី​ត្រី​យ៌ កុល ផា​លី ស្នងការរង និង​ជា​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ប្រចាំខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជាក់ប្រាប់​ទូរ​ទស្ស​ន៌​អាស៊ី​អា​គ្នេ​យ៌​ថា បើទោះបី​ជាមាន​ជនជាតិ​ចិន រស់នៅ​ច្រើន​ក្នុង​ខេត្ត​ក្រុងព្រះសីហនុ​ក្តី ប៉ុន្តែ​ពុំមាន​ករណី​ឧក្រិដ្ឋកម្ម រឺ បទល្មើស​ព្រហ្មទណ្ឌ​ធំៗ មានការ​ថយចុះ​ក្នុង​ឆ្នាំ​២០១៧ គឺ​មានតែ​ករណី​តូចៗ ដូចជា​ជម្លោះ និង​គ្រោះថ្នាក់​ចរាចរ​ណ៌​ជាដើម ដោយសារ​កម្លាំង​សមត្ថកិច្ច​បានដាក់​វេន​គ្នា​ប្រចាំការ​ទាំង​ពេល​ថ្ងៃ​និង​យប់ ទាំង​នៅ​តំបន់​ដីគោក និង​ឆ្នេរ​កោះ​នានា ។

សូមបញ្ជាក់ថា ខេត្ត​ព្រះសីហនុ​កំពុងមាន​ការរីកចម្រើន លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន ដោយ​រហូត​មកទល់ពេលនេះ មាន​សណ្ឋាគារ​និង​ផ្ទះសំណាក់​ចំនួន​ជិត​១​ម៉ឺន​បន្ទប់​។ តាម​ការបញ្ជាក់​របស់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​លោក​តាំង សុចិត្រ​គ្រឹះ​ស្នា បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន​៨៨​ដែលមាន​បន្ទប់​សរុប​ជិត​៤០០០​បន្ទប់​។

ចំណែក​ផ្ទះសំណាក់ បឹង​ហ្កា​ឡូ​មាន​ជាង​៣០០​កន្លែង ដែលមាន​បន្ទប់​សរុប​ចំនួន​ជាង​៤០០០​បន្ទប់​។ ហើយ​នៅ​ចុងឆ្នាំ​២០១៨​នេះ សណ្ឋាគារ​ថ្មី​ចំនួន​១០​ទៀត ដែលមាន​បន្ទប់​សរុប​ប្រមាណ​១០០០​បន្ទប់ នឹង​ចាប់ផ្តើម​បើក​ដំណើរការ ដើម្បី​ឆ្លើយតប​នឹង​កំនើន​ទេសចរណ៍ និង​អ្នកវិនិយោគ​នានា​។ ហើយ សណ្ឋាគារ​ធំៗ​ភាគច្រើន ត្រូវបាន​ជនជាតិ​ចិន​ជួល​ធ្វើជា​កាស៊ីណូ​៕​

ទារិកា​ខ្លួន​មួយ​ក្បាល​ពីរ​នៅ​ខេត្ត សៀមរាប​បាន​ស្លាប់​ហើយ​

​សៀមរាប ៖ ទារក​ដែល​កើតមក​មាន​ក្បាល​ពីរ ខ្លួន​មួយ បេះដូង​៦​ថត​ដែល​បង្ករ​ការភ្ញាក់ផ្អើល​នៅ​ខេត្ត សៀមរាប​នោះ នៅពេលនេះ​ទទួលមរណៈភាព​ហើយ​នៅឯ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា ដោយ​នៅពេល នេះ​ក្រុមគ្រួសារ​បាន​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

ទារក​ចម្លែក ដែល​កើតមក​មាន​ក្បាល​ពីរ ខ្លួន​មួយ បេះដូង​៦​ថត​ដែល​បាន​សម្រាល​នៅឯ មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​នៃ​ខេត្តសៀមរាប​បានទទួល​មរណៈភាព​ហើយ​នៅ​ព្រឹក​ថ្ងៃទី​07 ខែមីនា ឆ្នាំ​2018​នេះ​។​

​កន្លងមក​ក្រុមគ្រូពេទ្យ​បាន​ធ្លាប់​អោយដឹងថា ទារក​ដែលមាន​ក្បាល​ពីរ​នេះ មាន​សភាព​ខុស ពី​ធម្មតា ដោយ​ក្បាល​ទាំងពីរ​របស់​ទារក​គឺ មាន​ភាពខុសគ្នា គឺ​មួយ​មាន ចលនា​ដូច​ធម្មតា និង​មួយទៀត​ដេក​មិន​កម្រើក​។

​ទារក​មិនមាន​ការដាក់​ចិញ្ចឹម​ក្នុង​កែវ​នោះទេ គឺអាច​រស់នៅ​ខាងក្រៅ​បាន​ដោយ​គ្រាន់តែ ដាក់​អុក​ស៊ី​ស៊ែ​ន ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃទី​៥​ខែមីនា ក្រុមគ្រូពេទ្យ​បាន​យក​ទារក នេះ​ចូលទៅ ក្នុង​បន្ទប់​តាមដាន ដើម្បី​តាមដាន​មើល​ពី​សុខភាព​របស់​ទារក​។

​លុះដល់​ថ្ងៃទី​07 ខែមីនា​វេលា​ម៉ោង​10:30​នាទី​ព្រឹក​នេះ ទារក​បានទទួល​មរណៈភាព​ហើយក៏ បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​វត្ត ចក សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប​។
​
សូម​បញ្ច​ក់ថា​ទារក​នេះ​បាន​កើតមក​នៅក្នុង​គ្រួសារ​មួយ ដែល​ឪពុក​ឈ្មោះ កាំ​សារី អាយុ​៣៨​ឆ្នាំ និង​ម្តាយ​មានឈ្មោះ កេ​ត​ម៉ាលី​អាយុ​៣១​ឆ្នាំ​។
​ទារក​នេះ​ត្រូវជា​កូន​ទី​បួន ហើយ​ប​ច្ច​ប្បន្នគ្រួសារ​នេះ​បានរស់នៅ​ក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប​៕

​