All posts by មេគង្គ ប៉ុស្តិ៍

តន្ត្រីសម័យ​១​ក្រុម​ត្រូវគេ​តាម​ព្រួត​វាយ ព្រោះ​សុំ​បន្ត​ម៉ោង​រាំច្រៀងមិនបាន​

​បន្ទាយមានជ័យ ៖ ក្រុម​តន្ត្រីសម័យ​5​នាក់​ត្រូវ​ជន​ស​ង្ស​យ​1​ក្រុម​ជិៈ​ម៉ូតូ​តាម​ព្រួត​វាយ និង​គប់​ដុំថ្ម​ខ្លះ​របួស​ផ្ទៃមុខ​ខ្លះ​របួស​ដងខ្លួន​បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ដុង​អា​រញ្ញា​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៨​សង្ស័យ​ខឹង​រឿង​សុំ​ត​ម៉ោង​មិនបាន​ក្នុង​ពិធីមង្គលការ​មួយ​។​

ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៥ គេ​ស្គាល់​អត្តសញ្ញាណ​2​នាក់​1.​ឈ្មោះ ម៉ៃ ចាន់ថា ភេទ​ប្រុស អាយុ​38​ឆ្នាំ របួស​ក្រោម​ភ្នែក​ខាងស្តាំ​(​ម្ចាស់​តន្ត្រីសម័យ​ម៉ៃ​ចាន់ថា​)​និង​2.​ឈ្មោះ សៅ​លី ភេទ​ប្រុស អាយុ​23​ឆ្នាំ ជា​សាច់ញាតិ​ជនរងគ្រោះ​ខាងលើ​ហើយ​អ្នក​ទាំង​2​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ ជនរងគ្រោះ​ទី​1​ប្រាប់​តាម​ទូរស័ព្ទ​ថា គ្រួសារ​មួយ​នៅក្នុង​ភូមិ​កើតហេតុ​គេ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ហើយ​បាន​ជួល​ក្រុម​តន្ត្រី​គាត់​ទៅលេង​ដោយ​កំណត់​ត្រឹម​ម៉ោង​3 រសៀល​បញ្ឈប់​។​បុរស​ដដែល​បន្តថា លុះដល់​ម៉ោង​កំណត់​ម្ចាស់​កម្មវិធី​គេ​សុំ​ត​ម៉ោង​1​ឬ​2​ម៉ោង​ថែមទៀត​លុះ​គាត់​មិន​ត​ឲ្យ​ព្រោះ​រវល់​ជាប់​ទៅលេង​មួយកន្លែង​ទៀត​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្នុង​ទីប្រជុំជន​ប៉ោយប៉ែត ស្រាប់​តែមាន​អ្នក​ចង់​រករឿង​ដោយ​នាំគ្នា​ឡើង​លោត​រហូត​បាក់​ឆាក​តន្ត្រី​គាត់​អស់​1​ផ្ទាំង​។ ជនរងគ្រោះ​បន្តថា ដើម្បី​បញ្ចៀស​បញ្ហា​គាត់​ហាម​ក្រុម​ភ្លេង​មិន​ឲ្យ​តមាត់​ទេ​ដោយ​ឲ្យ​នាំគ្នា​រើ​ឆាក​ដាក់​លើ​រថយន្ត​។​គាត់​បន្តថា ក្រោយ​រៀបចំ​ឧ​បករ​ណ៌ និង​ឆាក​ដាក់​លើ​រថយន្ត​រួចរាល់ គាត់​ក៏​បើករថយន្ត​ចេញ​មិនទាន់បាន​200​ម៉ែត្រ​ផង ស្រាប់​តែមាន​ជនសង្ស័យ​ជាច្រើន​នាក់​បើក​ម៉ូតូ​តាម​ពីក្រោយ​ប្រដាប់​ដោយ​ដំបង និង​ដុំថ្ម​មក​ព្រួត​វាយ និង​គប់​ក្រុម​ភ្លេង​របស់គាត់​4​នាក់ ជិះ​ម៉ូតូ​3​គ្រឿង តាម​ក្រោយ​រថយន្ត​។​គាត់​ថា​ដំបូង​គេ​វាយ​ចំ​ជនរងគ្រោះ​ឈ្មោះ សៅ លី ត្រូវ​1​ដំបង​ចំ​ត្រគៀក​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​ក្រុម​បង្ក នាំគ្នា​ព្រួត​វាយ​ទាត់​ធាក់​លុះ​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ​ឃើញ​ក៏​ឈប់​រថយន្ត​ចុះទៅ​ជួយ​ដឹងអី​ក្រុម​ជនសង្ស័យ​មក​ទាញ​ដែក​លើ​រថយន្ត​របស់គាត់​វាយ​គាត់​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងស្តាំ​ថែមទៀត​។​គាត់​ថា ដោយសារ​ឃើញ​សភាព​ការ​ណ៌​មិន​ស្រួល ក៏​លើក​ជនរងគ្រោះ​ឈ្មោះ សៅ លី ដាក់​លើ​រថយន្ត និង​ប្រាប់​អ្នកផ្សេង​ឲ្យ​បើក​ម៉ូតូ​រត់​រួមទាំង​គាត់​បើករថយន្ត​រត់​តែម្តង​។ នៅពេល​គាត់​បើករថយន្ត​រត់​ក្រុម​ជនសង្ស័យ​តាម​វាយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ​និង​បែ​កញ្ចក់​មើល​ក្រោយ​។​ក្រុម​ជនរងគ្រោះ​ប្រាប់ថា ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​និមិត្ត​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​និង​ចាប់​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាមច្បាប់​។​ជុំវិញ​ករណី​ចោទប្រកាន់​នេះ​ម្ចាស់​កម្មវិធី​មង្គល់ការ​មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បានទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។​

លោក ម៉ា រិ​ន នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ស​ង្តា​ត់​និមិត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​ពិតជា​កើតមាន​មែនហើយ​ថា​ករណីនេះ សមត្ថកិច្ច​កំពុងតែ​ចុះ​ស្រាវជ្រាវ​រក​មូល​ហេតុថា​តើ​អ្នកបង្ក​ជា​អ្នកណា​៕
​

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ញូ​ស្តារ ក្រុងព្រះសីហនុ ផ្ទុះ​ការតវ៉ា​រឿង​ថៅកែ​មិន​ផ្តល់ប្រាក់​៥%​តាម​ការសន្យា​

​ព្រះសីហនុ​៖ នៅ​ល្ងាច​ថ្ងៃទី​២៦ មករា ២០១៨ កម្មករ​រោងចក្រ ញូ​ស្តារ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ខាងមុខ​រោងចក្រ​នោះ ។​

ឮ​តាម​ប្រភព ព័ត៌មាន ពី​កម្មករ កម្ម​ការី​នី និង និ​យោ​ជិ​ក​ជាច្រើន នាក់​បានអោយដឹងថាៈ ពួកគាត់​មានការ​មិន​ពេញចិត្ត​ចំពោះ​ថៅកែ​រោងចក្រ ដែល​តម្រូវឱ្យ​ពួកគាត់​ធ្វើការ​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ខាងមុខ ។

​ប្រភព​ដដែល​បាន​បន្តថាៈ ជាទូទៅ ការ​ថែម​ម៉ោង​ជាគោលការណ៍ ស្ម័​គ​ចិត្ត មិនអាច​បង្ខំ​កម្មករ​កម្ម​ការី​នី​ឡើយ ។ ហើយ​បញ្ហា​ផ្ទុះឡើង​នេះ ទំនងជា​បណ្ដាលមកពី​ថៅកែ​រោងចក្រ​ពុំទាន់​បាន​ផ្ដាច់​កិច្ចសន្យា​ថែមលុយ​៥%​ជូន​កម្មករ ទើប​មាន​ការតវ៉ា​យ៉ាងនេះ ។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក អាន រ៉ា​ម៉ា ប្រធាន​សហជីព​កម្មក​រ ស៊ីកា​ឌូ ប្រចាំ​ខែត្រ​ព្រះសីហនុ ។​
​លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៧ ខែ មករា ឆ្នាំ​២០១៨ ក្រុម​គណៈកម្មការ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក ឯម ភាព​នាយក​រដ្ឋបាលខេត្ត តំណាងអោយ ឯកឧត្តម យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល​បញ្ចប់​បញ្ហា រវាង​ភាគី តំណាង​ក្រុមហ៊ុន រោងចក្រ ញូ​ស្តា ខូ​អិ​ល​ធី​ឌី និង តំណាង​កម្មករ​រោងចក្រ​ខាងលើ បាន​ព្រមព្រៀងគ្នា ធ្វើ​កិច្ចសន្យា ខាង​តំណាង ក្រុមហ៊ុន រោងចក្រ ញូ​ស្តា ខូ​អិ​ល​ធី​ឌី ព្រម​ដោះស្រាយ ទូទាត់​ប្រាក់​បំណាច់​៥%​ជូន​កម្មករ​និ​យោ​ជិ​ក ក្នុង​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​១ ខែ មីនា ឆ្នាំ ២០១៨​ខាងមុខនេះ​។​
​ដោយឡែក ប្រាក់​បំណាច់​៥%​ក្នុង ឆ្នាំ​២០១៦ ឆ្នាំ​២០១៥ រឺ ឆ្នាំ​ថយក្រោយ​ស្របតាម​អតីតភាព​ការងារ និង​ទូទាត់​ក្រោម​កិច្ចពិភាក្សា​រវាង​តំណាង​ក្រុមហ៊ុន​រោងចក្រ​និង​តំណាង​កម្មករ​និ​យោ​ជិ​ក​។​

​គួរ​បញ្ជាក់ថា កម្មករ​ដែល​ចូលរួម​បិទផ្លូវ​តវ៉ា​នេះ មាន​ប្រមាណ​១០​ទៅ​២០​ភាគរយ អាច​ស្មើនឹង​២០០​ទៅ​៣០០​នាក់​ក្នុងចំណោម​កម្មករ​កម្ម​ការី​នី​ចំនួន​ជាង​៤,០០០​នាក់ ។​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ចុះ​ធ្វើ​អន្តរាគមន៍​ក្នុងការ​បិទផ្លូវ​នេះ ពុំបាន​ប៉ះពាល់​ដល់​ក្រុមកម្មករ​ទាំងនោះ​ឡើយ ហើយ​ការបិទផ្លូវ​ត្រូវបាន​ចំណាយពេល​អស់​ជិត​៣ ម៉ោង គឺ​ចាប់ពី​ម៉ោង​៥​និង​៤៥​នាទី រហូតដល់​ម៉ោង​៧​និង​២៥​នាទី នា​ល្ងាច ថ្ងៃ​ដដែល ទើប​ក្រុមកម្មករ​ទាំងនោះ​ព្រម​បើកផ្លូវ​អោយ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ជា​ប្រក្រតី​ឡើងវិញ បាន ៕
​

​ម្នាងសិលា​ធ្លាក់​ពីលើ​រថយន្ត​ត្រូវ​មនុស្ស​២​នាក់​កំពុង​ជិះ​ម៉ូតូ​ដួល​ស្លាប់​

​កំពង់ចាម ៖ បុរស​២​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់តែ​ដួល​ស្លាប់​មួយ​រំពេច ដោយ​ត្រូវ​ដុំ​បន្ទះ​ថ្ម​ម្នាងសិលា​ជ្រុះ​ពីលើ​រថយន្ត​ដែល​ដឹក និង​បើកបរ​យ៉ាង​លឿន កាលពី​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦ និង​១៥ នាទី​នៅ​ចំណុច​លើផ្លូវ​លេខ​៧១ ក្នុងភូមិ​តា​អុង​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

លោក ខេង ស្រេង អធិការនគរបាល ស្រុក ចំការលើ បានអោយដឹងថា គ្រោះថ្នាក់ នេះ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-2851​បើកបរ ពី​ទិស​ខាង​ត្បួ​ង​មក​ទិស​ខាងជើង មាន​ដឹក​ម្នាងសិលា ហើយ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ជ្រុះ​បណ្តាល​ឲ្យ​ត្រូវ​អ្នកជិះ​កំពុង​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ា​កវេ​វ​អេស ឌុប​គ្នា មាន ចំនួន​០២​នាក់ ៖ ១.​ឈ្មោះ គឹ​ង ភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​មៀន ស្រុក​ព្រៃឈរខេត្តកំពង់ចាម របួស​ត្រូវ ក ខាង​ឆ្វង​និង​ក្បាល បណ្តាលអោយ​ស្លាប់​។​
២.​ឈ្មោះ ថា សីហា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​តា​អុង​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​ត្រូវរបួស​ត្រូវចំ ក ផ្នែក​ខាង​ឆ្វង បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ បាន​បន្សល់ទុក​បំណែក​ម្នាងសិលា​ជាច្រើន​។​

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​គេចខ្លួនបាត់​។​
ចំណែក​សាកសព​ជនរងគ្រោះ​ក្រោយពី​សមត្ថកិច្ច យើង​ត្រួតពិនិត្យ​រួច បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ៕ សុ ភ​ណ្ឌ័​
​

តុលាការ​បង្គាប់​ឃុំខ្លួន​ស្ត្រី​ចាក់​សម្លាប់​បុរស​ភ្នាក់ងារ​សារពត៌មាន​ក្នុងផ្ទះ​សំណាក់​

​កណ្តាល ៖ ស្ត្រី​ដៃដល់​ជា​ឃាតករ​ចាក់​សម្លាប់​បុរស​សារព័ត៌មាន “​សម្លេង​ប្រជាជន​” និង​ស្ត្រី​ជើង​ខ្លាំង​ល្បីល្បាញ​ខាង​ទិញ​ម៉ូតូ​ពីបទ​ល្មើស​គ្រប់​ខេត្ត ត្រូវបាន​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល លោក ឯក ស៊ុន​រស្មី ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ នារ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នេះ​។​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល លោក ទិន សុចិ​ត្រា​បានឱ្យដឹងថា ស្ត្រី​ជា​ឃាតក​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឃាតកម្ម​គិតទុក​ជាមុន​” អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត តាម មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ រីឯ​ស្ត្រី​ដែល​ទទួល​ទិញ​ម៉ូតូ​ក្នុង​អំពើ​ឃាតកម្ម​នោះ អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន ទៅ​១០​លាន​រៀល តាម​មាត្រា ៤០០ នៃ​ក្រមព្រហ្មទណ្ឌ ។

​គួរ​បញ្ជាក់ថា ករណី​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​បានកើត​ឡើង​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៨ ដែល​មូលហេតុ ដោយសារ​ស្ត្រី​ឃាតករ ត្រូវការ​លុយ​ចំនួន​២៥០០​ដុល្លារ ដើម្បី​រត់ការ​ដោះ​ប្តី​របស់គេ​ចេញពី​គុក ។ ស្ត្រី​ដៃដល់​បាន​ចាក់​បុរសរងគ្រោះ​ចំនួន​១៧​កាំបិត បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោច​អធម្ម ហើយក៏​ប្រមូល​ទ្រព្យសម្បត្តិ និង​ម៉ូតូ​ជិះ​គិចខ្លួនបាត់ ។ ស្ត្រី​ជា​ឃាតករ​ដៃដល់​ឈ្មោះ ផេង ណាន ហៅ ណា អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ នៅ​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​នារី​ម៉ាស្សា ។ ចំណែក​បុរសរងគ្រោះ​ឈ្មោះ នួន សុភាព (​នួន ភាព​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា និង​ជា​អ្នក​សារ ព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ ។ ម៉ូតូ​បាត់បង់​ម៉ាក​Honda Dream C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 ។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឃាត់ខ្លួន​ជនដៃដល់​ធ្វើការ​សាកសួរ​ទើប​ដឹងថា ម៉ូតូ​ដែល​គេ​ប្លន់​យកទៅ​នោះ គេ​យកទៅលក់​ឲ្យ​ហាង​ទិញ​លក់​ម៉ូតូ សុខ ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ នៅក្នុង​ភូមិគ្រឹះ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ចុះទៅ​ត្រួតពិនិត្យ រកឃើញ​ម៉ូតូ​មិន​ប្រក្រតី​មួយចំនួន ប៉ុន្តែ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​បាន​លក់​ទៅ​ឲ្យ​អ្នកទិញ​ជិះ​នៅ​ខេត្តកំពង់ចាម​បាត់​ហើយ​ក្នុងតម្លៃ​១៦៩០ ដុល្លារ រួច​កម្លាំង​ក៏បាន​ឃាត់ខ្លួន​ឈ្មោះ សុខ​ឃីម ជា​អ្នកទទួល​ទិញ​ម៉ូតូ​នោះ​តែម្តងទៅ ៕

​

តុលា​ការបន្ត​វិនិច្ឆ័យ​លើ​មន្ត្រីជាន់ខ្ពស់​យោធា​ដែល​ដេញ​បាញ់​មនុស្ស​នៅ​សង្កាត់​បឹងទំពុន​

ភ្នំពេញ ៖ លោក សាន សុផាត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិ​ទាន់​សម្រេច​ចេញ​ដីកា ឃុំខ្លួន លោក​ផ្កាយ​១​យោធា ដែល​ត្រូវបាន​ពលរដ្ឋ​ប្តឹង​ពាក់ព័ន្ធ​ករណី​ដក​កាំភ្លើង​ដេញ​បាញ់​ប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ដល់​មុខផ្ទះ នៅឡើយ​ទេ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ តែ​.​តុលាការ​នឹង​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​២៧ មករា ទៀត ដើម្បី​ម្រេច​ថា តើ​ត្រូវ​ឃុំខ្លួន​យោធា​ពាក់​ផ្កាយ​ម្នាក់នេះ​ឬ​យ៉ាណា​នោះទេ ។​

បញ្ជាក់ថា លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ ហៀ​ម​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​បញ្ជាការ​កងទ័ពជើងគោក​មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ឯកភាព​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បាន​ប្រព្រឹត្ត​កាលពី​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧​មាត្រា​១៩៩ និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម បាន​ទៅ​ធាក់​ទ្វារ​បង​ស័ង្កសី របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា មាន​ទីតាំង​នៅផ្ទះ​លេខ​៤៦៩ ផ្លូវ​២៤BT​ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅពេលនោះ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា បាន​សួរ​នាំទៅ​ជនសង្ស័យ​ថា ហេតុអ្វី​ក៏​មក​ធាក់​ទ្វារ​បង​ផ្ទះ​ខ្លួន​ស្រាប់តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ ហៀ​ម ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក បាញ់​ផ្ញុច​ចូល​ប្រហោង​ទ្វារ​បង​ផ្ទះ​ជនរងគ្រោះ បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ (​ផ្ទុះ​១​គ្រាប់ មិន​ផ្ទុះ​១​គ្រាប់​)​។​

​ក្រោយមក​ជនរងគ្រោះ​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​នៅពេល​ជនរងគ្រោះ​ត្រលប់មក​ដល់ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ ដក​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ ជាច្រើន​គ្រាប់​ទៀត តែ​សំណាងល្អ​កាំភ្លើង​នោះ​មិន​ផ្ទុះ​។​
​សូមបញ្ជាក់ថា ខណៈដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ជនសង្ស័យ​បាន​ហៅ​ក្រុម​អង្គរក្ស​មក​ការពារ​មួយក្រុម​ធំ​និង​ជន​ត្រូវ​ចោទ​បាន​ប្រើ​ទូរស័ព្ទដៃ​ថតរូប​ក្រុម​អ្នកសារព័ត៌មាន​ថែម​ទៀតផង​ដោយ​សមត្ថកិច្ច​មិនបាន​ដាក់​ខ្នោះ​ជនសង្ស័យ​ដទៃទៀត​នោះទេ​។​

​ក្រៅពី​សកម្មភាព​បែបនេះ​ជន​ត្រូវ​ចោទ​បាន​ប្រើ​ពាក្យសំដី​គំរាមកំហែង​ក្រុមអ្នកកាសែត​ថា លោក​បាន​ប្រាប់​ថ្នាក់លើ​អស់ហើយ ចឹ​ង​អ្នកកាសែត​តូចតាច​ចង់​ថត​អី​ថត​ទៅ​និយាយ​តែ​ជាមួយ​ថ្នាក់លើ គឺ​ចប់​ហើយ​៕


​

តុលាការ​កំពូល នឹង​ជម្រះក្តី​បណ្តឹង​សា​ទុក របស់​ស្ត្រី​សហគមន៍​ដីធ្លី ទេព វ​ន្នី នៅ​ដើមខែ​ក្រោយ

​ភ្នំពេញ ៖ នា​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ តុលាការ​កំពូល នឹង​បើកសវនាការ​រឿង​ស្ត្រី​ជាប់ចោទ ទេព វ​ន្នី ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​លើ​សន្តិសុខ​ពីរ​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​មន្ត្រី​តុលាការ​កំពូល បញ្ជាក់ថា ជនជាប់ចោទ ទេព វ​ន្នី អាយុ​៣៥​ឆ្នាំ ជាប់ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ចំណុច​ខាងកើត​វិមានឯករាជ្យ ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន កាលពី​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៣ ។​

​សូមជម្រាបថា កន្លងមក​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស​ជនជាប់ចោទ ទេព វ​ន្នី ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​ស្ត្រី​ជាប់ចោទ ទេព វ​ន្នី មិន​សុខចិត្ត​ទើប​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល នឹង​រៀម​ចំ​បើកសវនាការ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ខាងមុខនេះ​៕
​

ក្រសួង​បញ្ឈប់​ការជួញដូរព្រៃឈើរបស់​ក្រុមហ៊ុន​ដួង​ស្រួច ​នៅស្រុកជាំក្សាន្តច​

​ព្រះវិហារ ៖ យោងតាម​លិខិត​បញ្ឈប់​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រុមហ៊ុន​ដួង​ស្រួច ដែលមាន​អាជ្ញា​ប័​ណ្ឌ​សម្អាត​ដី​សម្បទាន​សង្គមកិច្ច​ក្នុង ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ប្រមាណ​ចំនួន​១៥៤៥​ហិកតា​នោះ ត្រូវ​បានចេញ​ឲ្យ​បញ្ឈប់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ នេះ ហើយ​មូលហេតុ​ដោយសារតែ​ដី​សម្បទាន​សង្គមកិច្ច​នៅក្នុង​ក្រុម ហ៊ុន​នេះ​មិនមាន​សល់​ឈើ​សម្រាប់​អោយ​ប្រមូល​ទៀត​នោះទេ​។​

​ជាក់ស្តែង​លុះ​មកដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បា​នស​សេ​រថា ក្រុមហ៊ុន​ដួង​ស្រួច នេះ បាន​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​ដោយមាន​ការឃុបឃិត​ពី​ថ្នាក់​តូច​រហូត ដល់​ថ្នាក់​ខេត្ត​។

តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ព្រៃឈើ​ថា ក្រុមហ៊ុន ដួង​ស្រួច នេះ​បាន​ជ្រៀតជ្រែក​ចូលទៅ កាប់​ឈើ​នៅក្នុង​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ហើយ​បាន​ដឹកជញ្ជូន​យកមក​ចូល​ក្រុមហ៊ុន​ដើម្បី​យក លេស​ថា​ជា​ឈើ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ដែល​បាន​សម្អាត តាម​ការពិត​ឈើ​ទាំងនោះ​សុទ្ធតែជា​ឈើ ខុសច្បាប់​ទាំងអស់ មូលហេតុ​នេះហើយ​ទើប​អាជ្ញាធរខេត្ត​ព្រះវិហារ​ដែ​ល​មាន លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​ដី​សម្បទាន​សង្គមកិច្ចរ​បស់ ក្រុមហ៊ុន ដួង​ស្រួច​នេះ​ឃើញថា ក្រុមហ៊ុន​នេះ​ពុំមាន​សេសសល់​ឈើ​ត្រូវ​ប្រមូល​ទៀត​នោះទេ ហើយ​ដើម្បី​ការពារ​ព្រៃ​សហគមន៍​និង​ព្រៃ​អភិរក្ស​អោយនៅ​គង់​វង់​លោក អ៊ុន ចាន់​ដា បានធ្វើ​លិខិត សំណើរ​ទៅ​ក្រសួង ហើយ​ក្រសួងកសិកម្ម​ក៏​ចេញ​ដើម្បី​បញ្ឈប់​សកម្មភាព​សម្អាត​ដីព្រៃ​របស់​ក្រុមហ៊ុន​នេះ​តែម្តង​៕

​

អាជ្ញាធរ​នឹង​ដាំ​ដើមឈើ​បន្ថែម​នៅ​ភ្នំពេញដើម្បី​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ្សែន ​សម្រាប់​មនុស្ស​

​ភ្នំពេញ ៖ ដើមឈើ​ជា​ជីវិត​របស់​មនុស្ស ដោយសារ​ដើមឈើ​បាន​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ្សែន​សម្រាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ ទើប​រដ្ឋបាលរ​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​គម្រោង ផែនការ ដើម្បី​ដាំ​ដើមឈើ​អោយបាន​ច្រើន​នៅក្នុង​រាជធានី​នាពេលខាងមុខ​។​
​ដើម្បីអោយ​គម្រោង​នេះ ទទួលបាន​ផ្លែផ្កា កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមករា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ស្ដីពី ការរៀបចំ Master Plan ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជាច្រើនរូប​ទៀត​។​

ការដាំ​ដើមឈើ​ក្នុង​ទីក្រុង គឺជា​ការលើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ផង និង​ជាការ​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដែល​កើតចេញពី​យានជំនិះ​ប្រចាំថ្ងៃ​ផង ដូច្នេះ​ទាំង​ការងារ​បច្ចេកទេស និង​ការដាំ​ដើមឈើ ត្រូវ​ដាំ​នៅតាម​ដងផ្លូវ នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​មួយ ជាមួយ មន្ត្រី​ជំនាញ ក្រោម​វត្តមាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ឱ្យមាន​ការដាំ​ដើមឈើ ដើម្បីអោយ​ក្លាយជា​ទីក្រុង​មានព​ណ៏​បៃតង ពិសេស ការដាំ​ដើមឈើ​ជាច្រើន​ប្រភេទ នៅតាម​បណ្តោយ​ផ្លូវ​R1 (​ផ្លូវ​ក្នុង​តំបន់​អភិ​វ​ឌ្ឃ​បឹង កក់ ចាប់ពី​ផ្លូវ​សហព័ន្ធ រុស្សី ដល់​ផ្លូវ​៧០​ទំនប់ទួលគោក​) ហើយ​ការ ងារ​នេះ ត្រូវបាន​ឯកឧត្តម អភិបាល​រាជធានី​បាន​ជម្រុញ​អោយ​ក្រុម ហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ដាំ​ដើមឈើ​ឱ្យបាន​រួចរាល់​នៅក្នុង​រដូវប្រាំង​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការដាំ​កូនឈើ​នេះដែរ ក្នុង​កិ​ច្ខ​ប្រជុំ​កាលពីពេល​កន្លងទៅ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ជម្រុញអោយមាន ការដាំ​ព្រៃឈើ​លិច​ទឹក នៅ​បឹង​តា​មោគ ចំនួន​៥០០​ហិកតា​
​ដើម្បី​រក្សា​ជា​បឹង​បៃតង និង​កាត់បន្ថយ​ជាតិពុល​នៅក្នុង​បឹង ហើយ​គម្រោង​នេះ ជា​ជំហាន ដំបូង ត្រូវ​ង​ដាំ​ត្រឹមតែ​១០០​ហិកតា​សិន ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ក្នុង​រដូវប្រាំង​នេះ ហើយ​ដើមឈើ​ដែល​គ្រោង​នឹង​យកមក​ដាំ​ក្នុង​ទឹក​នេះ​មានដូចជា ដើម​ឬ​ស្សី ដើម​ប្រស់ ដើម​រាំង​ទឹក ដើមថ្កូវ ដើម​សណ្តាន់​ជាដើម​។

សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​កាលណោះ អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ខាង BAU (​ការិយាល័យ​រៀបចំ​ក្រុង​) មន្ទីរ​កសិកម្ម​រាជធានី សិក្សា​អោយបាន​ច្បាស់លាស់ ជៀសវាង​ការយក​ដើមឈើ មក​ដាំ​ក្នុង​ទឹក​នេះ មិន​ទទួលបាន​ផល ដោយហេតុថា ទឹក​ដែល​ត្រូវយក​ដើមឈើ​លិច​ទឹក​មក​ដាំ​នេះ វា​ជា​ទឹក​មាន​ជាតិ​ប្រៃ និង​ស្អុយ វា​ខុសពី​ទឹកធម្មជាតិ​៕

​

ក្រុម​ចោរហារយ​កាត់​បង្អួច​រោងចក្រ​លួច​យក​ខោអាវ​អស់​ជាង​១​ពាន់​កំ​ប្លេ​

​កំពង់ស្ពឺ ៖ ខោអាវ​ក្មេង​តូចៗ​ប្រមាណ​១៥០០​ត្រូវបាន​ក្រុម​ចោរហារយ​លួច​យកទៅ​បាត់​មិន​រំខាន​ដល់​អស់លោក​សមត្ថកិច្ច​ឡើយ​ខណៈដែល​ក្រុមចោរ​បាន​លួច​កាត់​របង​លួច​និង​បង្អួច​រោងចក្រ កាលពី​រំលង​អា​ធ្រា​ត្រ​ម៉ោង​០០ និង​១៥​នាទី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ (​លីវ​តាន​)​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​តាម​សម្តី​របស់​រដ្ឋបាល​បាន​ប្រាប់​នគរបាល​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ​បន្ទាប់ពី​ចប់​ម៉ោង​ធ្វើការ​បាន​បិតទ្វា​រហើយ​ពេលយប់​មាន​ក្រុម​សន្តិសុខ​យាមកាម​ដូច​ធម្មតា ស្រាប់តែ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​ថា​មាន​ក្រុម​ចោរលួច​កាត​របងលួស​លួច​យក​ខោអាវ​។​
បន្ទាប់មក​បាន​រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​។​តាម​ការ​ពិនិត្យឃើញថា មាន​ក្រុមចោរ បាន​កាត់​លួ​ល​សំណាញ់​គាស់​បង្អួច កញ្ចក់ ហើយ​លួច​យក​ខោ​
​នឹង​អាវ ដែលជា​ខោអាវ​ក្មេងៗ អស់​ចំនួន​១៥០០ កំ​ប្លេ​រ នឹង​កុំ​ព្យូ​ូ​ទ័​រ ចំនួន ២​គ្រឿង ផងដែរ​។​បើតាម​ការ​សន្និដ្ឋានថា ដោយ​ក្រុមចោរ​បាន យក​ក្រណាត់ ពី​ក្នុង​រោងចក្រ​មក​ដា​ក់គរ របងលួស​បន្លារ ទើប​យកចេញ តាម​ប្រឡោះ​ដែល​ក្រុមចោរ​បាន​កាត់​នោះ លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​បាត់​ខោអាវ​១៥០០​ទៅហើយ​។​កម្លាំង​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុមចោរ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
​

បុរស​ម្នាក់​បាន​ស្លាប់​ពេល​យក​កន្ត្រៃ​កាត់ត​ខ្យែ​ភ្លើង​ដោយ​អត់​បិទ​បារ៉ែត

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភា្ល​ម​មួយ​រំពេជ បន្ទាប់ពី​យក​កន្ត្រៃ​មក​កាត់​ខ្យែ​ភ្លើង ដោយ​មិន​ផ្តាច់​ចរន្ត អគ្គីសនី ។ ហេតុ​ការ​ណ៌​នេះ​បាន​ឡើង​នៅវេលា​ម៉ោង ១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ។

សមត្ថកិច្ច​បានអោយដឹង​ថាៈ ជនរងគ្រោះ​មាន​មាន ឈ្មោះ ឡុ​ច​.​ញឿ​ន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ តាម​ការពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក កន្ត្រៃ​ដង​ដែក (​គ្មាន​ស្រោម​) មក​កាត់​ខ្សែភ្លើង​ដើម្បី ត ធុងបាស់ ដោយ​មិនបាន​បិទ​ប៉ា​រ៉ែត​ភ្លើង​ផ្តាច់​ចរន្ត​អគ្គីសនី​ឡើយ ក៍​បណ្តាលអោយ​ឆក់​ធ្លាក់​ពីលើ គ្រែ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង តែម្តង ដោយ​មិនមាន​អ្នកណា​ជួយ​ទាន់​នោះទេ ចំណែក​ប្រពន្ធ​ជាប់រវល់​ទៅ​មើល​ក្របី នៅឯ​ស្រែ ។​

សមត្ថកិច្ច​បាន​បន្តថាៈ នេះ​សំណាង​ទៅវិញ​ទេ បើ​ប្រព​ន្ឋ​នៅ ឆក់​ទាំង​ប្រព​ន្ឋ​ទៀត ព្រោះ​អាច​នឹង​ទៅ​ជួយ​ប្តី ឆក់​ត​គ្នា ។​
​
ក្រោយពី​ពិនិត្យ​សព​ជនរងគ្រោះ​ហើយ​សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​

ខេត្តកំពត នឹង​សង់កំពង់ផែ​ទេសចរណ៍​ថ្មី​តម្លៃ​ជាង​១០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​

​កំពត ៖ តាម​ការ​ផែនការ​របស់​រាជរដ្ឋាភិបាល ខេត្តកំពត នឹង​ចាប់ផ្តើម​សាងសង់​កំពង់ផែ​ទេសចរណ៍​ថ្មី​មួយ នា​ខែមីនា​ខាងមុខនេះ ដើម្បី​ត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ប្រមាណ​១​លាន​៥​សែន​នាក់​ក្នុង​មួយឆ្នាំ តាមរយៈ​នាវា​ល្បឿន​លឿន និង​នាវា​ទេសចរណ៍​ខ្នាត​ធំ ។​

កំពង់ផែ​ទេសចរណ៍​ថ្មី​ក្នុង​ខេត្តកំពត ដែលមាន​តម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា សាងសង់ នា​ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ។ កំពង់ផែ​ទេសចរណ៍​នេះ ស្ថិតនៅ​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក នាពេល​ថ្មីៗ​នេះ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក៏បាន​អោយដឹង​ដែរ​ថា នៅពេល​សាងសង់​រួចរាល់​តាម​ការគ្រោងទុក​នា​ចុងឆ្នាំ​២០១៩ កំពង់ផែ​ទេសចរ​ណ៌​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នានា​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ កំពង់ផែ​ទេសចរ​ណ៌​នេះ ក៏​ផ្តល់​ភាពងាយស្រួល​សម្រាប់អ្នកទេសច​រ​ណ៌ ដែលមាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូចជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ជាដើម ។

ទន្ទឹមនេះ កំពង់ផែ​ថ្មី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ស្រូបយក​ភ្ញៀវទេសចរ​អឺរ៉ុប​កាន់តែច្រើន​ផងដែរ ព្រោះ​វា​ផ្ដល់នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវទេសចរ​ពី​ខេត្តកំពត ទៅកាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ ។ បើតាម​ឯ​.​ឧ​. ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នាពេល​កន្លងមក​ថា កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​នេះ នឹង​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ចំនួន​១​លាន​៥​សែន​នាក់​ក្នុង​១​ឆ្នាំ ។ គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧ ខេត្តកំពត បានទទួល​ភ្ញៀវទេសច​រ​សរុប ជាង ១​លាន​៦​សែន​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ណ៌​ជាតិ​មាន​ជាង ១​លាន​៤​សែន និង​អ្នកទេសចរ​បរទេស ជាង​១៦​ម៉ឺន​នាក់ ។

ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៧០​ជាតិ​សាសន៍​ដែលមាន​វត្តមាន​ក្នុង​ខេត្ត ក្នុង​ឆ្នាំ​២០១៧ គឺ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​១ ខណៈ​បារាំង​លំដាប់​ទី​២, អង់គ្លេស​លំដាប់​ទី​៣, អាល្លឺម៉ង់​លំដាប់​ទី​៤ និង​អាមេរិក​លំដាប់​ទី​៥ ៕
​

អភិបាលខេត្ត​កំពង់ឆ្នាំង​ស្នើ​មន្ទីរអប់រំ​លប់បំបាត់​មន្ត្រី​អសកម្ម​

​កំពង់ឆ្នាំង ៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង សំ​ណូ​រពរ​ដល់ លោកគ្រូ អ្ន​គ្រូ នាយក​សាលា ប្រធានការិយាល័យ និង​បុគ្គលិក​សិក្សាអប់រំ ទូរ​ទាំង​ខេត្ត​ត្រូវ​លប់បំបាត់​អោយអស់​នូវ​ភាព អសកម្ម ទាំងឡាយ​ដែល​ធ្លាប់មាន​កន្លងមក ហើយ​ត្រួវ​ខិតខំ​ប្រឹង បំរើការ​ងារ​តាម​តួនាទី​ដែល​ខ្លួន​មាន​អោយអស់ ល​ទ្ឋ​ភាព ដើម្បីអោយ​វិស័យ​អប់រំ​ក្នុង​ខេត្ត​កាន់តែ​ប្រសើ​ឡើង​ថែមទៀត ។​

មានប្រសាសន៍​បែបនេះ ក្នុងឱកាស ដែល​លោក អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​អង្គសន្និបាត របស់​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨​។ លោក​អភិបាលខេត្ត​បាន​ជំរុញ ដល់​លោកគ្រូ​អ្នកគ្រូ នាយក​សាលា និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​លប់បំបាត់​អោយអស់ នូវ​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទប់ស្កាត់​កត្តា​គ្រោះថ្នាក់​ច​រារ​ណ៌ ដែល​កំពុងតែ​ប្រឈម​ជា​រៀងរាល់ថ្ងៃ ។ ជំរុញ អោយ​មាតាបិតា ដែលមាន​កូន​អាយុ​៧២ ខែ ឬ​៦​ឆ្នាំ​ពេញ​មក​ចុះឈ្មោះ​ចូលរៀន អោយបាន​គ្រប់ៗ​គ្នា ។​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ទីកន្លែង ត្រូវ​លប់បំបាត់​ភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើអោយប៉ះពាល់​ដល់​វិស័យ​អប់រំ ដូចជា​បាត​ភាព​អាសអាភាស នៅតាម​របង​សាលារៀន ការ​រំលោក​ភ​ដីធ្លី​សាលារៀន ជាដើម​។ ជាមួយគ្នានេះដែរ លោក​

អភិបាលខេត្ត បាន​សំណូមពរ​ដល់ លោកគ្រូ​អ្នកគ្រូ លោកនាយក​សាលារៀន ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ជួសជុល ទ្វារ បង្អួច តុ តាម​សាលា អោយបាន​ល្អ ព្រោះថាៈ សាលារៀន​ស្អាត ក៍បាន​ជួយ​ទាញ​ទឹកចិត្ត​សិស្ស​អោយចូល​មក​រៀន​ដែរ​។​

លោក​អភិបាលខេត្ត​ក៍បាន​កោតសរសើរ​ដល់ ដល់​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​សហការគ្នា​យ៉ាង​ជិតស្និត ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​អប់រំ ក្នុង​ខេត្ត បានល្អ​ប្រសើរ និង​សួ​ម​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​ហ៊ុន សែន ជា​ប្រមុខ ដែល​ផ្តល់​អំណោយ​ជា​អាគារ​សិក្សា​យ៉ាងច្រើន ដល់​ខេត្តកំពង់ឆ្នាំង ដែល​គិត​មកដល់​ពេល​មាន​មាន​ចំនួន​១៦៥​ខ្នង ស្មើនឹង​១ ០៨២​បន្ទប់ ។
​ដោយឡែក​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជួយ​ឧបត្ថម ជា​អាគារ​សិក្សា​បន្ថែមទៀត មាន​ចំនួន ៣១​ខ្នង​មាន​៣៦២​បន្ទប់ ។

អំណោយ​ដ៍​ថ្លៃថ្លា​និង​ជា​បន្តបន្ទាប់ នេះ ស បញ្ជាក់​អោយឃើញថាៈ ជានិច្ច​ជា​កាល សម្តេច តែង​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយ​ផ្តល់​អទិភាព​ជា ចំបង​ដល់​វិស័យ​អប់ ។

គោលនយោបាយ​ដ៍​ត្រឹមត្រូវ​មួយ​នេះ​បាន​នាំ​សង្គម​កម្ពុជា អោយមាន​ធនធានមនុស្ស​កាន់តែ​ប្រសើរឡើង ទាំង​បរិមាណ ទាំង​គុណភាព សម្រាប់​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ ។

​វិស័យ​អប់រំ បាន​រូ​ម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់​ប​ន្ឋ​យ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ កាត់​ប​ន្ឋ​យ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ព្រមទាំង​ជួយ​អោយ​មនុស្ស មាន​បញ្ញា​ភ្លឺ​ថ្លា មាន​សិ​ល​ធម៌​ល្អ​ទៀតផង​ដែរ​។​

​ហេតុដូចនេះ មានតែ​វិស័យ​អប់រំ​ប៉ុ​ណ្នោះ​ដែល​បាន​កាត់ផ្តាច់​ឬ​សគល់​នៃ​ភាពក្រីក្រ​បាន​។ . ក្នុង​ពិធី​បិទ​សន្និបាទ​របស់​មន្ទីរ​អប់រំ យុវជន​និង​កីឡា នៅ​រសៀល​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ឧបត្ថម​ទឹកប្រាក់​ចំនូ​ន​១​លាន​ផងដែរ​៕
​

លេបថ្នាំ​សម្លាប់ខ្លួន​ព្រោះ​ខ្លាច​ប្តី​វ៉ៃ រឿង​បណ្តោយឱ្យ​ពូ​បង្កើត​ចាប់រំលោភ​

​កំពង់ចាម ៖ ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវ​ពូ​បង្កើត​របស់​នាង​ចាប់រំលោភ​សេពសន្ថវៈ ហើយ ត្រូវ​ប្តី​ស្តីបន្ទោស និង​គំរាម​វាយ​ថែមទៀត ធ្វើអោយ​នាង​ទ្រាំ​មិនបាន​ក៏​លេបថ្នាំ​សំលាប់ខ្លួន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី​24.01.2018​វេលា​ម៉ោង​20.30​នាទី​នៅ​ចំណុច​ទួល​ស្រឡៅ​ស្ថិត​ក្នុងភូមិ​ពោន​.​ឃុំ​ទួល​សំបួរ​.​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​

​បុរស ល្មោភកាម​ឈ្មោះ​ព្រុំ​.​កុសល់​ភេទ​ប្រុស​អាយុ​56​ឆ្នាំ​ជាតិខ្មែរ​មាន​ទីលំនៅ​ចំណុច​ទួល​ស្រឡៅ ស្ថិតក្នុង​ភូមិ​ពោន​.​ឃុំ​ទួល​សំបួរ​.​ស្រុក​ស្ទឹងត្រង់​(​ពោះម៉ាយ​)​បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ឈ្មោះ​ម៉េង​.​សុខលាភ ភេទ​ស្រី​អាយុ​32​ឆ្នាំ​(​ត្រូវជា​គ្មួយបង្កើត​)​មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​(​នៅ​ចំណុច​លើផ្ទះ​ជនរងគ្រោះ​) ហើយ​ពេលនោះ​ត្រូវបាន​ឈ្មោះ​ដន​.​ធឿន ភេទ​ប្រុស​អាយុ​37​ឆ្នាំ​(​ត្រូវជា​ប្តី​)​ឡើងទៅ​ទាន់ ជនសង្ស័យ​ឈ្មោះ​ព្រុំ​.​កុសល់ បាន​លោត​ចុះពីលើផ្ទះ​តាម​ទ្វារក្រោយ​ហើយ​រត់​
គេចខ្លួនបាត់​។​

​បន្ទាប់មក​ឈ្មោះ​ដន​.​នឿន ជា​ប្តី បាន​ស្តីបន្ទោស​និង​រក​វាយ ធ្វើ​អោយឈ្មោះ ម៉េង សុខលាភ ជា​ជនរងគ្រោះ​(​ប្រពន្ធ​)​ខឹង​ហ្នឹង​ប្តី​ហើយ​បាន​ផឹក​ថ្នាំពុល​បំណង​សំលាប់ខ្លួន តែ​ត្រូវបាន​ប្តី​និង​ក្រុមគ្រួសារ​ជួយសង្គ្រោះ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទឹងត្រង់ មិនទាន់​ដឹងខ្លួន​នៅឡើយ​។​

​លោក ប៉ាក ជាតិ អធិការ នគរបាល​ស្រុក​ស្រឹង​ត្រង់​បាន​អោ​ដឹងថា បច្ចុប្បន្ន​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ច​ង​ក្រង​សំណុំរឿង​និង​បន្ត​តាមរក​មុខសញ្ញា​ជន​ស​ង្ស​យ័​៕ ដោយ ៖ សុ ភ័​ណ្ឌ​
​

បាត់​ខ្លួន​សិស្សស្រី​២​នាក់​នៅ​សាលា គ ថ្លង់ ខេត្តកំពង់ចាម​

​កំពង់ចាម ៖ សិស្ស ស្រី​ចំនួន​២​នាក់​នៅ​សាលាបង្រៀន គ ថ្លង់ ខេត្តកំពង់ចាម បាន​ជិះ​កង់​ឌុប​គ្នា ចេញពី​សាលា ហើយ​មិនឃើញ​ត្រ​ទ្ប​ប់ មក​សាលា​វិញ ធ្វើអោយ​គ្រូបង្រៀន របស់​ពួកនាង​មានការ​ព្រួយ​បារ​ម្មណ៍ បានមក​ប្តឹង​សមត្ថកិច្ច នគរបាល​ជួយ​អន្តរាគមន៍​។​

ប៉ូលីស​បានអោយដឹងថា ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​១០​នាទី​ប៉ុស្តិនគរបាល​រដ្ឋបាល វាលវង់ បានទទួល​បណ្ដឹង​ពី​ឈ្មោះ ហឿន សុភា ភេទ​ស្រី​អាយុ ៣៥​ឆ្នាំ មុខរបរ គ្រូបង្រៀន​នៅក្នុង​សាលា​គ​ថ្លង់​កំពង់ចាម​មាន​ទីលំនៅ ភូមិ​កោះ​រការ​ក្នុង ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ប្តឹង​ថា​មាន​ករណី​បាត់​សិស្សស្រី ចំនួន​ពីរ​នាក់​(​គ​ថ្លង់​):

១​ឈ្មោះ យ៉ុ​ន ម្លិ​ស អាយុ​16​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជ័យ​យោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

២​ឈ្មោះ ប៊ី ស្រី​ណាក់ អាយុ​18​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​មេ​ម៉ាំង ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទាំងពី​នាក់មក​ស្នាក់នៅ​ក្នុង​សាលា​កុមារ​ពិការភ្នែក​រឺ​គ​ថ្លង់ ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង កំពង់ចាម ចេញទៅ​បាត់​ដោយ​មិនដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ននេះ មិនឃើញ​ត្រឡប់មកវិញ​ទេ​។​

ប៉ូលីស បានអោយដឹងថា តាម​ការស្រាវជ្រាវ​គឺ សិស្សស្រី​ទាំង​២​នាក់​បាននាំគ្នា​ជិះ​កង់​ចេញពី​សាលា បង្រៀន គ ថ្លង់ ខេត្តកំពង់ចាម ទៅ​ភ្នំពេញ​ព្រោះ មាន​គេ​ឃើញ ក្មេងស្រី​ទាំង​២​នាក់ ជិះ​កង់​ឌុប​គ្នា នៅតាម​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច ភូមិ ខ្វិត​ធំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី ២៣ ខែមករា​ឆ្នាំ​២០១៨​។​

ការស្រាវជ្រាវ​បន្ត បានអោយដឹងថា នៅពេល​ព្រលប់​ថ្ងៃ​ដដែល ក្មេងស្រី​ទាំង​២​នាក់​បាន​ទៅដល់ សាលា គ មួយកន្លែង​នៅ​ភ្នំពេញ ហើយ​ចូល​ហូបបាយ​នៅ​ទីនោះ​។​
បន្ទាប់មក ក្មេងស្រី​ទាំង​២​នាក់​ខាងលើ​បាន ជិះ កង់​ចេញពី​ទីនោះ ហើយ​ប្រាប់​អ្នកដាំបាយ​នៅ សាលា គ​ថ្លង់់​( តាមរយះ​កាយវិការ ជា​ភាសា គ​) ថា ពួកនាង​ទៅ​ជួប​មិត្តភក្តិ នៅ​ភ្នំពេញ​ហើយ​ទៅ​បាត់​រហូត​។​

ប៉ូលីស​បានអោយដឹងថា រហូតមកដល់​ព្រឹក​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​មិនទាន់​រក សិស្សស្រី​ទាំង​២​នាក់​ឃើញ​នៅ​ទ្បើ​យ​ទេ​។​

​

​ទីតាំងអាជីវកម្មនៅខេត្ត​ព្រះសីហនុ​ប្រើ​ស្លាក​យីហោ​ផ្សេងៗ ជា​អក្សរ​បរទេស​

​ព្រះសីហនុ​៖ មានមតិ​សាធារណៈ​ជាច្រើន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង ពលរដ្ឋ​រស់​ខេត្ត​ព្រះសីហនុ ពួកគេ​បាន​រិះគន់​សកម្មភាព​ការងារ របស់​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​កន្លងមក​ហាក់​មិនសូវ​រវល់​អើពើ ចំពោះ​ការសរសេរ​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​ផ្សេងៗ នៅលើ​ទីតាំង​សំណង់​អាគារ​ធំៗ និង​ទីកន្លែង​ផ្សេងៗ ដែលមាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស រួមមាន​ជនជាតិ​ចិន​ជាដើម​។​

លោក សុធី គឺជា ភ្ញៀវ ទេសចរ ក្នុង ស្រុក​មក ពី​ភ្នំពេញ បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​ព្រះសីហនុ អោយដឹងថា​៖ លោក បាន​កត់សម្គាល់ថា ការគ្រប់គ្រង​ស្លាក​សញ្ញា​ផ្សេងៗ របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ គឺ​មិនទាន់បាន​ត្រឹមត្រូវ​នោះទេ ព្រោះ​ឃើញ​មាន​ស្លាក​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ទីតាំង សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ផ្សារ​តូចៗ ឬ​ផ្សាយ​ម៉ា​ត​ភាគច្រើន ដែលមាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​ស្លាក​សញ្ញា នៅតាម​ទីតាំង​នីមួយៗ ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​សញ្ញា​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែមាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​សញ្ញា​ខ្លះទៀត សរសេរ​ជា​អក្សរ​បរទេស​សុទ្ធ​។​
​
បើទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​និង មន្ត្រីរាជការ​ជាច្រើនរូប នៅ​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម ឲ្យ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ផ្សេងៗ នៅលើ​សំណង់​អាគារ ឬ​ទីកន្លែង​នានា ដែលមាន​ថៅកែ​ជា​ជនបរទេស មានដូចជា​៖ ស្លាក​សំគាល់​ឈ្មោះ កាស៊ីណូ សណ្ឋាគារ ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ទីតាំង​មួយចំនួនទៀត ដែលមាន​ម្ចាស់​ជា​ជនបរទេស ឬ​ជន​ជាតិចិន នា​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។​

កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ហៅ​កាត់ (​គ​.​អ​.​ឆ​.​ក​)​ផង​នោះ​។ ឯកឧត្តម​ធ្លាប់បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​សាធារណៈការ មន្ត្រី​តំណាង​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ក្រុងព្រះសីហនុ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន ៤​កន្លែង​ធំៗ នាទី​ប្រជុំជន ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មួយចំនួន ៣​សំខាន់ រួមមាន​៖
១. លិខិត​លេខ ៣៣២២ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅលើ ផ្ទាំងគំនូរ​សំណង់ ឬ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅតាម​តំបន់ឆ្នេរ ។​

២. លិខិត​លេខ ៣៣៩៦ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​សេចក្តីណែនាំ​បន្ថែម​ស្តីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្តាញ​លូ​។​
៣. អនុក្រឹត្យ​លេខ ២៣៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។​

​កាលណោះ តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ​ទាំងនោះ ក៏បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ទាំង​ចិន​មួយចំនួន ឲ្យ​អនុវត្តតាម​ខ្លឹមសារ​លិខិតអនុញ្ញាត​សាងសង់ សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដែល​នៅ​ជា​ធរមាន ឲ្យ​បាន​ត្រឹមត្រូវ​៕
​