All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​ស្នើឱ្យ​អាជ្ញាធរ​ក្រុងប៉ៃលិន​ពិចារណា​រឿង​សង់រោង​ការ រោងបុណ្យ​កណ្តាលផ្លូវ​

​ប៉ៃលិន ​៖ ពលរដ្ឋ​ជាច្រើន​នាក់ បាន​លើកឡើងថា ក្នុង​ខេត្ត​ប៉ៃលិន ស្ទើរតែ​ជា​ប្រពៃណី​ទៅហើយ ដែល​អ្នកស្រុក​ប៉ៃលិន​មួយចំនួន ពេល​មាន​ពិធី​បុណ្យទាន ឬ​រៀបចំ​ការកូន​របស់ខ្លួន​ម្តងៗ តែងតែ​យក​ផ្លូវ​សាធារណៈ​សាងសង់​រោង​យ៉ាង​រំភើយ ដោយ​អ្នកខ្លះ​សង់​អស់​១​ចំហៀង​ផ្លូវ ខ្លះទៀត​សង់​បិទផ្លូវ​ជិតឈឹង​តែម្តង បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ ។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ គេ​សង្កេតឃើញ​មានការ​សាងសង់​រោង​មួយ​យ៉ាង​ធំ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បួ​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែលជា​រោង​ការកូន​របស់លោក នុត សោភា​រក្ស ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ប៉ៃលិន ដោយមាន​បណ្តោយ​ជិត​១០០​ម៉ែត្រ ដែល​សាងសង់​បិទផ្លូវ​ជិត​អស់ មិន​ខ្វល់​ពី​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​​

តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងប៉ៃលិន បាន​និយាយ​រិះគន់​ចំៗ​ថា​៖ ផ្លូវ​សាធារណៈ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង ឬ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ឆ្លងកាត់ ទៅមក​ដោយ​សេរី និង​មិន​រំខាន​ពី​បុគ្គល​ណា​ម្នាក់​នោះ ត្រូវបាន​គេ​សង្កេតឃើញថា ក្រុម​អ្នកមាន​លុយ មានអំណាច យក​ផ្លូវ​សាធារណៈ របស់​រដ្ឋ សាងសង់​រោង​យ៉ាង​រំភើយ ដោយ​មិន​ខ្វល់​ពី​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ ប្រភពព័ត៌មាន បាន​បន្តថា​៖ ការសាងសង់​រោង​នេះដែរ តែងតែ​បំពាន​ច្បាប់​ចរាចរណ៍ ដោយ​សង់រោង​បិទផ្លូវ​អស់​មួយ​ចំហៀង ឬ​បិទផ្លូវ​ទាំងស្រុង​ក៏មានដែរ ដោយ​អ្នកខ្លះ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍

ត្រឹមត្រូវ ហើយ​អ្នកខ្លះ​មិនមាន​ដាក់​អ្វី​សម្គាល់​នោះទេ ។​ជាមួយគ្នានេះដែរ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ នៅតែ​បណ្តែតបណ្តោយ​ឱ្យគេ​សង់រោង​ការ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទៀត នៅ​ថ្ងៃ​ណាមួយ នឹងមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាក់​ជាមិនខាន ហើយ​តើ​អ្នកណា​ទទួលខុស​ត្រូវចំ​ពោះ​ការបាត់បង់​អាយុជីវិត​ភ្ញៀ​ង ដែល​ចូលរួម​ក្នុង​ពិធី​នោះ​? ម្យ៉ាងវិញទៀត ការសង់​រោងការ​នៅលើ​ផ្លូវ​សាធារណៈ នាំឱ្យ​បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​ថែមទៀត​ផង ។​

​បើតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​រាជ​ក្នុង​ខេត្ត​ប៉ៃលិន​ម្នាក់ សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​លើកឡើងថា​៖ រោងការ ដែល​សង់​បិទផ្លូវ​នេះ ជា​រោងការ​កូនលោក នុត សោភា​រក្ស ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​ខេត្ត​ប៉ៃលិន ដែល​អញ្ជើញ​ភ្ញៀវ​ចូលរួម​សុទ្ធតែ​មន្ត្រីរាជកា​រ ដែលមាន​ឋានៈ ដោយ​រៀបចំ​ជាង​១០០​តុ ឯ​ណ្ណោះ ។ ជាមួយ​ការលើកឡើង​ខាងលើ ក៍​មានការ​រិៈ​គន់​ចំៗ​ថា ធ្វើ​ដល់​ប្រធាន​មន្ទីរ​ទៅហើយ រហូត​ស៊ី​ច្រើន​តុ​ទៀត​នោះ មិនគួរ​មិន​យល់​ពី​ច្បាប់​ទំលាប់​នោះទេ ដូច្នោះ​គួរតែ​រក​ទីតាំង​ណាមួយ​សមរម្យ ដូចជា​នៅ​ខេត្ត​ប៉ៃលិន ទាំងមូល​ក៍​ហាង​ធំៗ សម្រាប់​រៀបចំ​កម្មវិធី​ដូច​ហ្នឹង​ដែរ ។​

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថី អៀន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ប៉ៃលិន បាន​បញ្ចាក់​យ៉ាងខ្លី​ដោយ​លោក​ជាប់​ប្រជុំ​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះ​ថា​៖ លោក​មិន​បានដឹង​នោះទេ ហើយ​ការ​សង់រោង​បិទផ្លូវ​នេះ​គឺ​មិនបាន​សុំ​ខាង​សមត្ថកិច្ច​ប៉ុ​ស្ត៍​ដែរ ប្រហែលជា​ស្នើរ​សុំ​ទៅខាង​ស្នងការដ្ឋាន​ជា​អ្នកចេញ​ច្បាប់ ។​
​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះដែរ​ថា​៖ ការសង់​រោងការ​ខាងលើ គឺ​ខាង​លោក​ជា​អ្នក​អនុញ្ញាតអោយ​សង់ ហើយ​លោក​ក៏​សូមឱ្យ​អ្នកធ្វើដំណើរ​លើផ្លូវ​មួយ​នេះ មេត្តា​មានការ​យោគយល់​ផង ព្រោះ​ម្ចាស់​កម្មវិធី​អត់​មាន​កន្លែង​ណាមួយ​សមរម្យ​សម្រាប់​រៀបចំ​ពិធី​នេះ​ទេ ។​

​ចំណែក​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី វេលា​ម៉ោង​១១​និង​០៣​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ​ថា​៖​ករណីនេះ​វា​ដូចជា​មិន​អី​នោះទេ ព្រោះ​មាន​មួយ​ប្រលោះ​អាច​បើកបរ​ម៉ូតូ​បាន ហើយ​ណាមួយ​អ្នកដំណើរ​អាច​បើកបរ​តាមផ្លូវ ដែល​នៅ​ម្ខាង​ទៀត​បាន​ឲ​ង​ដែរ ដូច្នោះ​សូម​ឲ្យ​ការយោគយល់​ផង​៕
​

ខឹង​ប្រពន្ធ​បន្ទោសរឿងផឹកស្រា ទាញ​ម៉ូតូ​ជិះ​ទៅ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​

​បន្ទាយមានជ័យ ៖​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នេះ ស្ថិត​ត្រង់ចំណុច​អូរ​ទឹក​មួយកន្លែង ក្នុងភូមិ​ប្ញ​ស្ស​ផី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខណៈ​គេ​បានឃើញ​បុរស​ម្នា​ក់ដាំ​ក្បាល​ចូលក្នុង​ទឹក​ស្លាប់ រួមទាំង​ម៉ូតូ ១​គ្រឿង ។​
​ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ ស្រឹម ស្រេង អាយុ ៣៣​ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម និង​មាន​ប្រពន្ធ​ឈ្មោះ ឆោម សុខ​នី អាយុ ៣៤​ឆ្នាំ ទាំង ២​នាក់ មានកូន​ស្រី​១ កំពុង​រស់​នៅឯ​រាជធានី​ភ្នំពេញ ។​
​ពួកគេ​ទាំង ២​នាក់ ទើប​មកពី​រាជធានី​ភ្នំពេញ មក​ធ្វើជា​កម្មករសំណង់​នៅ​ក្រុង​ប៉ោយប៉ែត បាន​រយៈពេល ១០​ថ្ងៃ ប៉ុណ្ណោះ ។ លុះ​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​២៤ មករា ប្តី​ខ្លួន (​ជនរងគ្រោះ​ដែល​ស្លាប់​) បាន​ចេញទៅ​ផឹកស្រា​ជាមួយ​ក្រុមកម្មករ ក្រោយមក​ខ្លួន​បាន​ទៅ​តាមរក​ប្តី​ឃើញ​កំពុង​ហូប​ស្រា ក៏​ផ្ទុះ​កំហឹង និង​ទាញ​មែក​ប្ញ​ស្សី​វាយ​ទៅលើ​ប្តី បន្ទាប់មក​ប្តី​ខ្លួន​បាន​ងើប​ពី​កន្លែង​ផឹក​ទាញ​ម៉ូតូ​ជិះ​ចេញទៅ​ទាំង​កម្រោល ។​
​ស្ត្រី​ជា​ប្រពន្ធ​បន្តថា ខ្លួន​មិនបាន​ដឹង​ប្តី​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​នោះទេ តែ​ភ្លាមៗ ខ្លួន​បាន​តាមរក​ប្តី​ដែរ តែ​រក​មិនឃើញ ។ លុះ​នៅវេលា​ម៉ោង ៥​ព្រឹក​នេះ មាន​គេ​ប្រទះឃើញ​សាកសព​មនុស្ស​នៅ​កន្លែងកើតហេតុ ទើប​ខ្លួន​រត់​មក​មើល ទើប​ដឹងថា អ្នកស្លាប់​ជា​ប្តី​របស់ខ្លួន​ទៅវិញ ៕ សុផល​
​

ពលរដ្ឋ​ដែល​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការនៅស្រុក​ប​វេ​លទ​ទូល​អំណោយ​កាកបាទក្រហម​ខេត្ត​

​បាត់ដំបង ៖ រសៀល​ថ្ងៃទី ២៥​ខែមករា ឆ្នាំ​២០១៧ នេះ ក្រុមការងារ​សាខា​ក​បាទ​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​និង​សហការី​ក្នុង​បាន​អ​ញ្ចើ​ញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជនពិការ ចំនួន ១២​គ្រួសារ មកពី​ភូមិ​ទាំង​១០​ក្នុង​ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង នៅក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន​បាន​ពាំនាំ​ផ្តាំផ្ញើ​សុខទុក្ខ ក្តី​នឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​ជួន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​ជាទូទៅ ជាពិសេស​អ្នក​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

​ឯក​ឧ​ត្ក​ម​បណ្ឌិត​អំពាវនាវ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​គិតគូ​ពី​សុខភាព​ឲ្យ​ល្អ​រស់នៅ​ដោយមាន អនាម័យ ហូប​ស្អាត ការរស់នៅ​ស្អាត ដើម្បី​ចៀសវាង​ពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​មក​បៀតបៀន ព្រមទាំង​សូម​ឲ្យ​បងប្អូន​ដែល​រស់នៅ​មូលដ្ឋាន​ជាមួយគ្នា ត្រូវ​មានការ​សាមគ្គី​គ្នា ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក និង​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​អំពើ​អសកម្ម​នានា​ដែល​សង្គមជាតិ​ស្អប់ខ្ពើម ដើម្បី​ឲ្យ​ភូមិ​-​ឃុំ​យើង​មាន​សុវត្ថិភាព និង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ។​

​មិនត្រូវ​មាក់ងាយ និង​រើសអើង​ជាមួយ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជាដាច់ខាត ហើយ​ត្រូវបង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់​។​

​អំណោយ​គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ទឹកបរិសុទ្ធ វី​ឃែ​រ​១​កេស ត្រីខ ១០​កំប៉ុង សារុង​១ ក្រមា​១ មុង​១ ភួយ​១​និង​ថវិកា​មួយ​ចំ​នួ​។ ដោយឡែក​គ្រួសារ​ជនពិការ​បាន​បន្ថែមរ​ទេះ​ពិការ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ ៕​ ដោយ ៖ សុផល​
​

មនុស្ស​២​នាក់​បាន​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​បុក​រថយន្ត នៅ​ស្រុក​ស្វាយចេក​

ប៉ោយប៉ែត ៖ មនុស្ស​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​បន្ទាប់ពី​ុ​ជិៈ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅបុក​រថយន្ត​នៅវេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​៩​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៨​លើ កំណាត់​ផ្លូវជាតិ​លេខ​៥៦ A ឋិត​ក្នុងភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

លោក អធិការនគរបាល​ស្រុក​ស្វាយចេក​ជា ឆ្លូញ​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ស្លាប់​ទាំង​២​នាក់​ម្នាក់ ឈ្មោះ​ប៉ុក មឿ​យ ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​រស់នៅ​ភូមិ​គោក​កី​ឃុំ​តា​ផូ​ស្រុក​ស្វាយចេក​បើកបរ​ម៉ូតូ​ទ្រី​ម​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2017​ពាក់​ផ្លាកលេខ​ប​.​មានជ័យ​.1Q.8043 អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ​នេ ឡា​ម ភេទ​ប្រុស​៥៥​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ជនរងគ្រោះ​មាន​ពាក់មួក​សុវត្ថិភាព​។​ចំណែក​អ្នក​បើ​រថយន្ត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លន់ ប៊ុន​លើ​យ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត​ម៉ាក់​4RUNNER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2.I3014 បើកបរ​ពី​ជើង​ទៅ​ត្បូង រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​ទុក្ខ​បន្សល់​រថយន្ត​។​

​មុនពេល​កើតហេតុ​លោក​ថា ជនរងគ្រោះ​បើកបរ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ឲ្យ​ជ្រុល​ទៅបុក​និង​រថយន្ត​ម៉ាក់​4RUNNER ច្រាសទិស​គ្នា​ជើង​ទៅ​ត្បូង​ចំ​ពីមុខ អ្នកបើក​ម៉ូតូ​និង​អ្នករួមដំណើរ​ស្លាប់​ទាំង​២​នាក់​។​ចំពោះ​ម៉ូតូ​និង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រងចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕
​

កម្ពុជា​ជា​ប្រទេស​ទី​៨៣​ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត​

​ភ្នំពេញ ៖ មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត កំពុង​ពិនិត្យ​លើ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​សម្រាប់ វិស័យ​មួយ ចំនួន​ដល់​ប្រទេស​កម្ពុជា ដែល​ធ្វើអោយ​កម្ពុជា​ក្លាយជា​ប្រទេស​គោលដៅ​លេខ​រៀង​ទី​៨៣ ក្នុង​បេសកកម្ម នៃ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​របស់​មូលនិធិ​មួយ​នេះ ដោយ​ផ្តោតទៅលើ​ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា ដូចជា​៖​ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន សំណង់​អគារ​ផ្សេងៗ និង​បរិក្ខា​ប្រើប្រាស់​ចាំបាច់​នានា​។ នេះ​បើ តាម​ការ​បញ្ជាក់ជូន​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​លោក​យូ​សុះ អ៊ីប្រាហ៊ីម អាល់​ប៉ា​ស្សាម អគ្គនាយក មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត ក្នុងជំនួប​ពិ​ក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា​នេះ​។​

លោក យូ​សុះ អ៊ីប្រាហ៊ីម អាល់​ប៉ា​ស្សាម មានប្រសាសន៍ថា មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត បាន​បង្កើតឡើង កាលពី​ឆ្នាំ​១៩៧៤ និង​បាន​ដំណើរការ​ពេញលេញ​ក្នុង​ឆ្នាំ​១៩៧៥ ដែល​ផ្តើម​ដោយ​ថវិកា​ជំហាន​ដំបូង ប្រមាណ​៣១​ពាន់​លាន​រី​យ៉ា​ល ប្រមាណ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ថា មូលនិធិ​មួយ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន ទៅលើ​គម្រោង​អភិវឌ្ឍន៍​នៅតាម​បណ្តា ប្រទេស​កំពុងអភិវឌ្ឍន៍ តាមរយៈ​ជំនួយ​បច្ចេកទេស ដែល​មក​ដោយ​បច្ចុប្បន្ននេះ​មូលនិធិ​បានផ្តល់​ជំ​នួ យ​ហិរញ្ញប្បទាន​ទៅអោយ​ប្រទេស​ចំនួន​៨២​ប្រទេស​រួចហើយ​។ ចំណែក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស គោលដៅ​ទី​៨៣ នៃ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​នេះ​ក្នុង​អត្រា​ការប្រាក់​២%​។

​ប្រធាន​មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត​រូបនេះ​បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ថាមភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ខ្ពស់ និង​អាច​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស​។​
​លោក អូស្មាន ហាស្សាន់ បាន​ថ្លែងអំណរគុណ​ចំពោះ​ការចាប់អារម្មណ៍ របស់​មូល​អារ៉ាប់​ប៊ី សា​អូឌីត​មកលើ​ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍ ដែល​ធ្វើអោយ កម្ពុជា​ក្លាយជា​ប្រទេស​លេខ​រៀង​ទី ៨៣​ក្នុង​ការទទួល​ជំនួយ​នេះ​។​

សូម​ជម្រាបជូន​ថា​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៦ ទទួលបាន​នូវ​ជំនួយ​ហិរញ្ញប្បទាន ពី​មូល​អារ៉ាប់​ប៊ី​សា អូឌីត មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​៥៧៧​លាន​ដុល្លារ​អាមេរិក​រួមមាន​៖ ឥណ្ឌូនេស៊ី​ជាង​២៩៧​លាន​ដុល្លារ​,​វៀតណាម​ជាង​១១៣​លាន​ដុល្លារ​,​ម៉ាឡេស៊ី​ជាង​១០០​លាន​ដុល្លារ​,​ថៃ​ជាង​៤៦​លាន​ដុល្លារ​,​ហ្វីលីពីន​ជាង​២០​លាន​ដុល្លារ​,​និង​មី​យ៉ាន់​ម៉ា​ជាង​៨០​ម៉ឺន​ដុល្លារ​អាមេរិក​៕
​

លោក ស៊ាន ប៉េង​សែ អ្នក​រិះគន់​រឿង​ព្រំដែន​ទទួលមរណភាព​ហើយ នៅ​ទីក្រុង​ប៉ារីស

​ភ្នំពេញ៖ អតីត​អ្នកជំនាញ​ព្រំដែន​កម្ពុជា​លោក ស៊ាន ប៉េង​សែ ដែលជា​អ្នក​រិះគន់​ឥត​សំចៃ​មកលើ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក​សេនាប្រមុខ លន់ នល់ នា​ទសវត្សរ៍​ទី ៧០ បានទទួល​មរណភាព​នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉ារីស ទី​ដែល​លោក​បានរស់នៅ​ដោយ​និរទេស​ចាប់តាំងពី​ការដួលរលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ម​ក​។​

​លោក ប៉េង​សែ បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២ ឆ្នាំ​ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ (Centre Hospitalier d’Orgemont, 77100 Meaux, France) បន្ទាប់ពី​លោក​បានរស់នៅ​ដោយ​និរទេស​ខ្លួន​តាំងពី​ឆ្នាំ ១៩៧៤ មក​។ លោក ប៉េង​សែ កើត​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី វណ្ណ ដា​រ៉េត ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ព្រឹទ្ធាចារ្យ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ វណ្ណ មូលី​វណ្ណ នៅ​ខែមករា ឆ្នាំ ១៩៦៦ ដោយ​មានកូន​ចំនួន ៤ នាក់ ប្រុស ៣ នាក់​។ លោក​មាន​ឪពុក​ឈ្មោះ ស៊ាន ប៊ុន​សេង និង​ម្តាយ​ឈ្មោះ ហេង យូ​ឡាយ​។​
​
តាម​ការបញ្ជាក់​របស់​លោក ឌី កា​រ៉េត អតីត​អ្នកកាសែត​ជើងចាស់ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​បាន​សរសេរ​ប្រវត្តិ​របស់លោក ប៉េង​សែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ប៉ារីស​កាលពី​ម្សិលមិញ​ថា​លោក ប៉េង​សែ បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះសីហនុ​ក្នុង​ខេត្តកំពង់ចាម និង​បន្តទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ចន្លោះ​ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៦០ លោក​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង​នៅ​សាលា​ជាន់ខ្ពស់​បារាំង សិក្សា​អំពី​រ៉ែ និង​បានទទួល​សញ្ញាបត្រ​ជា​វិស្វករ​។
​លោក​បាន​ត្រឡប់មក​កម្ពុជា​ក្រោយពី​បញ្ចប់​ការសិក្សា និង​ធ្វើជា​នាយក​មន្ទីរ​រ៉ែ នៃ​ក្រសួង​ឧស្សាហកម្ម ចន្លោះ​ពី​ឆ្នាំ ១៩៦៧ ដល់ ១៩៧០​។​

​នៅ​ថ្ងៃទី ១១ ខែមេសា​ឆ្នាំ ១៨៧០ លោក​ត្រូវបានតែងតាំង​ជា​អគ្គស្នងការ​ទទួលបន្ទុក​ថាមពល រ៉ែ និង​សមុទ្រ​។ នៅ​ខែឧសភា​ឆ្នាំ ១៩៧៣ របប​សាធារណរដ្ឋ​ខ្មែរ​បានតែងតាំង​លោក​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម​។ នៅ​ខែឧសភា ១៩៧៤ លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ខាងត្បូង​នៅ​ទីក្រុង​ប៉ារីស​។​​

លោក ឌី កា​រ៉េត បញ្ជាក់ថា​ពេលនោះ​ហើយ​ដែល​លោក ស៊ាន ប៉េង​សែ ត្រូវ​ជាប់គាំង​នៅ​ប្រទេស​បារាំង ខណៈ​កងទ័ព​ខ្មែរក្រហម​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ និង​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ១៩៧៥​។ លោក ប៉េង​សែ បានទទួល​សញ្ជាតិ​បារាំង​នៅ​ឆ្នាំ ១៩៧៩​។

​លោក​បាន​បង្កើត​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នា​ឆ្នាំ ១៩៩៩ ដែលមាន​លោក​ជា​ប្រធាន​រហូតមកដល់​សព្វថ្ងៃ និង​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០០ ដើម្បី​ជួប​ជាមួយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ អន្តរាគមន៍​លុបចោល​សន្ធិសញ្ញា​ឆ្នាំ ១៩៨២ និង ១៩៨៥ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ខ្មែរ​សម័យ​នោះ​ដែល​លោក​ចាត់ទុកថា «​បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី សមុទ្រ កោះត្រល់ និង​កោះ​ក្រចកសេះ​ទៅ​ប្រទេស​វៀតណាម ខណៈដែល​ពេលនោះ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​»​។​

តាម​ការគ្រោងទុក​សព​លោក ស៊ាន ប៉េង​សែ នឹងត្រូវ​បូជា​នៅ​ថ្ងៃទី ២៩ ខែមករា និង​ធ្វើ​ពិធីបុណ្យ ៧ ថ្ងៃ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​វត្ត​ពោធិ​វង្ស នា​ក្រុង សង់ សួរ​ម៉ាន ប្រទេស​បារាំង​៕​

តុលាការ​បង្គាប់ឲុ្យ​លោក លឺ ឡាយ ស្រេង សងជំងឺចិត្ត​៥០០​លានរៀល

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៨​នេះ​បាន​បើកសវនាការ​ពាក់ព័ន្ធ​សំណុំរឿង​របស់លោក​លឺ​ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ដែល​ប្តឹង​ដោយ​លោក គី​តិច​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​។ តុលាការ​បានសម្រេច​ផ្ត​ន្ទ​ទោស​លោក​លឺ​ឡា​ស្រេង ឱ្យ​សងជំងឺចិត្ត​៥០០​លាន​រៀល និង​ចំនួន​៨​លាន​រៀល​ចូល​ថវិការដ្ឋ ។​

​លោក គី តិច មេធាវី​តំណាង ដោយ អាណត្តិ របស់ ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យដឹងថា តុលាការ​បានសម្រេច​ផ្តន្ទាទោស​ឱ្យ​លោក​លឺ​ឡាយស្រេង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៥០០​លាន​រៀល និង​ថវិកា​ចំនួន​៨​លាន​រៀល​ចូល​ជា​ថវិការដ្ឋ​។

សេចក្តីសម្រេច​របស់​តុលាការ​នេះ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​កំបាំងមុខ​ជនជាប់ចោទ​តែ​ចាត់ទុក​ចំពោះមុខ ព្រមទាំង​សម្រេច​ឱ្យ​ការផ្សព្វផ្សាយ​ជា​សាធារណៈ និង​ទុក​សិទ្ធិ​ឱ្យ​ប្តឹងទៅ​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​​

សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២0១៧​កន្លងទៅនេះ​មេធា​រី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ពាក្យបណ្តឹង​ផ្លូវការ​ប្តឹ​លោក​លឺ​ឡាយស្រេង​ទៅ​អយ្យការ អម សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយ​ស្នើ ឱ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល​ដល់​ដើមបណ្តឹង​។​

ការដាក់​ពាក្យបណ្តឹងរ​បស់​លោក​មេធាវី គី តិច ធ្វើឡើង​បន្ទាប់ពី​លោក​លឺ​ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​មួ​លោកស្រី​គី​លំអង​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សន្ទនា​ឆ្លើយឆ្លង​គ្នា​ដែល​ក្រៅពី​ប្រមាថ​ព្រះ​ចេស្តា​យ៉ាងធ្ងន់ធ្ងរ​លើ​អង្គ​ព្រះមហាក្សត្រ​និង​សម្តេចក្រុមព្រះ​ហើយ​នោះ ថែមទាំង​និយាយ​ធ្វើ ឱ្យ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស​កិត្តិ​ស័ព្ទ​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​។​

​ពាក្យបណ្តឹង​របស់លោក គី តិច​ប្តឹង​លោក​លឺ​ឡាយស្រេង បាន​សុំ ឱ្យ ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​
១​សុំឱ្យ​អយ្យការ​និង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស លើ​ឈ្មោះ​លឺ​ឡាយស្រេង​តាមច្បាប់ ២ ទាមទារ​ឱ្យឈ្មោះ លឺ ឡាយស្រេង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​៣​សុំឱ្យ តុលាការ​ប្រកាស​ផ្តន្ទាទោស​បន្ថែម​ផ្អែក​តាម​មាត្រា​៣១០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ករណីនេះ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​លោក​អង្គ​វង្ស វ​ឌ្ឍ​នា នេះ​បានស្នើ ឱ្យ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​លោក​លឺ​ឡាយស្រេង ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ​៕​

កាយ​លូ​រំដោះ​ទឹក​លិច​រដូវវស្សា និង​រៀបចំ​ការរស់នៅ​លើ​មាត់​ប្រឡាយ​មេ​

​ភ្នំពេញ ៖ ជា​រៀងរាល់​រដូវវស្សា នៅក្នុង​រាជធានី​ភ្នំពេញ តែងតែមាន​ទឹក​លិច ដែល​បង្ក​មកពី កំណ​កដី និង​សំណល់​សម្រាម កក​នៅក្នុង​លូ និង​ប្រឡាយ​មេ ធ្វើ​ឲ្យ​ទឹក​មិនអាច​ហូរ​ចេញ​
​ពី​ផ្លូវ​នានា​បាន​លឿន​។ បញ្ហា​ស្ទះលូ និង​ប្រឡាយ​កើតឡើង​ញឹកញាប់​នេះ ត្រូវបាន​អាជ្ញាធរ រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​គ្រប់​ខណ្ឌ ត្រូវធ្វើ​យុទ្ធនាការ កាយ​លូ​និង​ស្តារ​ប្រឡាយ​តូច ធំ តាម​ខណ្ឌ​នីមួយៗ ឲ្យ​បាន​មុន​រដូវវស្សា​។ ហើយ​បញ្ជា​ឲ្យ​មានការ​រៀបចំ​អ្នករស់នៅ​លើ ប្រឡាយ ត្រូវមាន​លំនៅ​ឆ្ងាយ​ពី​ទឹក​ប្រឡាយ​។​
យុទ្ធនា​ការកាយ​ប្រឡាយ​និង​លូ នៅក្នុង​រដូវប្រាំង កំពុង​អនុវត្ត​ស្ទើរ​គ្រប់កន្លែង ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ជន់​លេច​ផ្លូវ​នានា​ក្នុង​ទីក្រុង​។​
លោក លឹម វ៉ាង ប្រធាន​សហគមន៍​ស្ទឹង​ប្រាក់​មានជ័យ​និង​សហគមន៍​សាមគ្គី​មានជ័យ​ថ្មី បាន​ថ្លែងថា កម្មវិធី​ស្តារ​ប្រឡាយ​នៅក្នុង​រាជធានី​ភ្នំពេញ​ពេញ បាន​ប៉ះពាល់​សហគមន៍​ចំនួន​៨ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទៅដល់​ប្រឡាយ​ដើម​ស្លែង ដែលមាន​ប្រវែង ១២៩២​ម៉ែត្រ​។​
​លោក លឹម វ៉ាង ឲ្យ​ដឹងថា ការអនុវត្ត​កាយ​កំណ​កដី ពី​ប្រឡាយ​មេ និង​លូ​ជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​ចាប់ផ្តើម​នេះ អាជ្ញាធរ​ក៏បាន​រៀបចំ​សណ្តាប់ធ្នាប់ អ្នករស់នៅ​លើទឹក​ប្រឡាយ​មេ និង​ប្រឡាយ​រង ចំនួន​៨​សហគមន៍ ដែលមាន​ចំនួន​៥៦២​គ្រួសារ ឲ្យ​រស់នៅ មាន​របៀបរៀបរយ ក្រោយ​ប្រឡាយ​ទាំងនោះ បាន​កាយ​រួច និង​សង់​ខ្នង​ទំនប់ រួចរាល់​។​
លោក​ថា ប្រឡាយ​កាយ​ឲ្យ​បាន​ជម្រៅ​៣​ម៉ែត្រ ឯ​ខ្នង​ទំនប់​វិញ សង​មាន​ទទឹង ៦​ម៉ែត្រ​។ ដីស​ល់ពី​ប្រឡាយ គឺ​មន្ត្រី​សុរិយោដី បាន​វាស់ដី​បែងចែក​ជា​ឡូ​តិ៍​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​៨​សហគមន៍ មាន​៥៦២​គ្រួសារ ដែល​ការស្តា​ប្រឡាយ​ប្រវែង ១២៩២​ម៉ែត្រ បាន​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​រប​ស់គា​ត់ សង់​នៅលើ​ប្រឡាយ​នោះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​ពួកគាត់ ឲ្យ​ទៅ​រស់​នៅមាន​សណ្តាប់ធ្នាប់​វិញ តាម​ការរៀបចំ​របស់​មន្ត្រី​សុរិយោដី​។​
កាលពីដើម​ខែធ្នូ​ឆ្នាំ​២០១៧​កន្លងទៅ មន្ត្រី​អង្គការ អង្គការ​Jica និង​មន្ត្រី​មន្ទីរ​សាធារណៈការ រាជធានី ខេត្ត ប្រជុំគ្នា​ពី​គម្រោង ការពារ​ទឹកជំនន់ ដោយ​កែលម្អ ប្រឡាយ​និង​ប្រព័ន្ធ​លូ សម្រាប់​ការអភិវឌ្ឍ លក្ខខណ្ឌ​អនាម័យ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​
ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឯកឧត្តម សាំ ពិសិដ្ឋ មាន ប្រសាសន៍ថា ក្នុង​រាជធានី​ភ្នំពេញ ១​ថ្ងៃ មាន​សម្រាម ប្រមាណ​២៥០០​តោន​។ នៅក្នុង រាជធានី​ភ្នំពេញ​នេះដែរ មាន​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​រស់នៅ ប្រមាណ​៣​លាន​នាក់​។ ក្នុង​ម្នាក់ៗ បាន​បន្ទោរ​បង់​ម្តង ក្នុង​១​ថ្ងៃ លាមក​នោះបាន ហូរ​ចូលទៅក្នុង​បណ្តាញ​លូ និង​ប្រឡាយ ដែល​នាំ​ឲ្យ​មាន​កំណ​កដី​នៅក្នុង​នោះ​។ បញ្ហា​នេះ ទើប​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ចាំបាច់​ត្រូវ​កាយ​ប្រឡាយ​មេ ១​ឆ្នាំ ២​ទៅ​៣​ដង​។ ឯកឧត្តម មានប្រសាសន៍​បន្តថា អង្គការ ចៃ​កា​(JICA) ផ្តល់​ថវិកា​៣៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង ការពារ​ទឹកជំនន់ និង​កែលម្អ ប្រព័ន្ធ​លូ​និង​ប្រឡាយ មាន​រយៈពេល​២​ឆ្នាំ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨​ទៅ​។ ឯកឧត្តម​បន្ថែមថា រាជធានី​ភ្នំពេញ មាន​ប្រឡាយ​សរុប ចំនួន​៣៥ ក្នុងនោះ​ប្រឡាយ​មេ ចំនួន​១៧ និង​ប្រឡាយ​រង​ចំនួន​១៨៕
​

ជិះ​ម៉ូតូ​មក​ដួលសន្លប់​មុខកា​រិ​យា​ល​យ័​នគរបាល

​កំពង់ចាម ៖ ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​សុខៗ​ស្រាប់តែ​ដួលសន្លប់​ដោយ​មិនដឹង​មូលហេតុ តែ​សំណាងល្អ​បាន នគរបាល​ចរាចរ ដែល​កំពុង​​ធ្វើការ​នៅ​ទីនោះ​ជួយសង្គ្រោះ​ទាន់ពេល​វរ​លា បង្ករ​អោយមាន​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ និង​០០​នាទី នៅ​ចំនុច​ផ្លូវកែង មុខ​ការិយាល័យ​ចរាចរណ៍​ជើង​ទឹក​។​

​ស្រី្ត​រងគ្រោះ​មានឈ្មោះ យិន ផល្លី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះ​មិត្ត ស្រុក កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន អះអាងថា នាង ខ្យល់គ ។​

​ដោយមាន​ការជួយ​សង្គ្រោះ​បឋម​ជនរងគ្រោះ​ក៏បាន​ដឹងខ្លួន ហើយ​សម្ថ​កិច្ច​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​អោយមក​ទទួល​យកទៅ​មន្ទីរពេទ្យ​៕ សុ ភ​ណ្ឌ័​
​

នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ទស្សនា​មជ្ឈមណ្ឌល​អភិ​វ​ឌ្ឍ​កុំព្យូទ័រ​ទំនើប​ឥណ្ឌា​

​ភ្នំពេញ ៖ ក្រោយ​ប៉ុន្មាន​ម៉ោង​នៃ​ការអញ្ជើញ​ដល់ទី​ក្រុង​ញូ​វ​ដេលី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​រសៀល ថ្ងៃទី​២៤ ខែមករា បាន​អញ្ជើញ​ទស្សនា​គម្រោង​ផលិតផល​បច្ចេកវិទ្យារ​បស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​ឥណ្ឌា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ដល់​ភាគី​ឥណ្ឌា ធ្វើការ​សិក្សា​និង​ផ្តល់​លទ្ធភាព​ក្នុង ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​បានធ្វើ​ការតភ្ជាប់​និង​ផ្តល់នូវ​ព័ត៌មាន ពីគ្នា​ទៅវិញទៅមក​លើ​ប្រព័ន្ធ​។​

រដ្ឋមន្ត្រីក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​លោក Ravi Shankar Prasad បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ​គឺជា​ទីកន្លែង​ប្រមូលផ្តុំ​ដោយ​ការសិក្សា​ស្រាវជ្រាវ និង​ការអនុវត្ត​ជាក់ស្តែង ក៏ដូចជា​ការរក្សា​ទុក​បណ្តា​ទិន្នន័យ​នានា លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ក្នុងការ​គ្រប់គ្រង​លើ​គ្រប់ផ្នែក និង​គ្រប់​ទីកន្លែង​ក្នុងប្រទេស​ឥណ្ឌា ហើយ​វាក៍​ជាការ​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​ទាំង​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​។ លក្ខណៈពិសេស​មួយទៀត គឺ​ការគ្រប់គ្រង​ទិន្នន័យ​ដល់​ប្រជាកសិករ និង ការធ្វើ​អាជីវកម្ម​គ្រប់បែបយ៉ាង​ទាំង​ក្នុងប្រទេស​ឥណ្ឌា និង​អន្តរជាតិ​នានា ពិសេស​ការភ្ជាប់​ទៅ​និង​បណ្តា​សាកលវិទ្យាល័យ​ធំៗ​លើ​ពិភពលោក​ប្រមាណ ១៦​ម៉ឺន​កន្លែង​។
​
នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ដល់​ភាគី​ឥណ្ឌា ធ្វើការ​សិក្សា​និង​ផ្តល់​លទ្ធភាព​ក្នុង ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​បានធ្វើ​ការតភ្ជាប់​និង​ផ្តល់នូវ​ព័ត៌មាន ពីគ្នា​ទៅវិញទៅមក​លើ​ប្រព័ន្ធ ព័ត៌មានវិទ្យា​ដ៏​មាន​សា​រះ​សំខាន់​នេះ​។ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ទស្សនា​នូវ​ការបង្ហាញ​ជាក់ស្តែង ពី​ការតភ្ជាប់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ការគ្រប់គ្រង​ទន្ន​ន័យ ការ​តម្លើង​ប្រព័ន្ធ​សហ្វ​វែ​រ ការចុះបញ្ជី​ដីធ្លី និង​ឯកសារ​ផ្សេងៗ តាមរយះ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​បែប​ទំនើប ពិសេស​ការតភ្ជាប់​ពី ប្រទេស​ឥណ្ឌា​ទៅកាន់​ប្រទេស​ដទៃទៀត លើ​ពិភពលោក​។

​សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​នៃ​ការអញ្ជើញ​ទស្សនកិច្ច​នោះដែរ ថ្នាក់ដឹកនាំ​ឥណ្ឌា​ក៏បាន​ចាត់ទុក​វត្តមាន​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​នៅពេលនេះ គឺជា​ការជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​ឥណ្ឌា ពិសេស​ថ្នាក់​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​នេះ កាន់​តែមាន​សកម្មភាព​រស់​រវើក​ថែមទៀត ក្នុងការ​ស្រាវជ្រាវ​រក​នូវ​របកគំហើញ​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​ជាមួយនិង​បណ្តា​ប្រទេស​ជឿនលឿន​នានា​លើ​សកលលោក​៕
​

១០ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នៅ​ខេត្តកំពង់ ឆ្នាំង​លក់​ប្រេង​មិន​គ្រប់​លីត្រ និង​បន្លំ​សាំង​ធម្មតា ជា​សាំង​ស៊ុប​ពែរ​

​កំពង់ឆ្នាំង ៖ មន្ត្រី​កាំកុងត្រូល​បាន​អះអាងថាៈ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ចំនួន​១០​កន្លែង​ក្នុងចំណោម ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ១១​កន្លែង ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​រកឃើញថា បាន​លួច​បន្លំ​គុណភាព និង លក់​មិន​គ្រប់ លីត្រ ទៅអោយ​អតិថិជន ។​ការ​អះអាង​នេះ បន្ទាប់ពី​មន្ត្រី​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​នាំយក​រថយន្ត​ពិសោធន៍​ចល័ត មក​ធ្វើការ​ត្រួតពិនិត្យ ហើយ​រកឃើញ​នូវ​ភាពមិនប្រក្រតី​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ។
​
លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ដើម្បី​ធានាបាន​ភាពត្រឹមត្រូវ ទាំង​បរិមាណ​ចំណុះ​លីត្រ និង ទាំង​គុណភាព កម្លាំង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នាំយក​រថយន្ត​ចល័ត​មន្ទីរពិសោធន៍​ប្រេង​ឥន្ទ​នៈ ដោយ​ធ្វើ​តេស​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត និង​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ចំនួន​១១​ស្ថានីយ៍ មាន​ស្ថានីយ៍​តេ​លា ដេប៉ូ​តេ​លា សា​វិ​ម៉ិច និង​តួ​តា​ល់ ក្នុងចំណោម​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងនេះ មាន​ចំនួន​១០ ដែល​រកឃើញថាៈ ម្ចាស់​ស្ថានីយ៍ បាន​បន្លំ​គុណភាព (​ដូចជា​សាំង​ធម្មតា​ប្រាប់​អតិថិជន​ថាៈ សាំង​ស៊ុប​ពែ​) និង​បរិមាណ​ចំណុះ​លីត្រ​មិន​គ្រប់ ក្នុង​១០០​លីត្រ លំអៀង​ពី​៣​លីត្រ រហូតដល់​១០​លីត្រ ។​
​
លោក​បាន​បញ្ជាក់ថាៈ​ចំពោះ​ស្ថានីយ៍​មាន​ភាពត្រឹមត្រូវ ទាំង​គុណភាព​និង​បរិមាណ មានតែ​១​ស្ថានីយ៍​ប៉ុណ្ណោះ គឺ​ស្ថានីយ៍ តូ​តា​ល់ ។​លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថាៈ ការចុះ​ត្រួតពិនិត្យ​ប្រេង​លើក​ទី​១​នេះ គឺ​សមត្ថកិច្ច​កាំកុងត្រូល គ្រាន់តែ​បានអោយ​ម្ចាស់​ស្ថានីយ៍​កាំកុងត្រូល ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព កេង​បន្លំ អតិថិជន ហើយ​បើ​ករណី​មិន​រៀងចាល ថ្ងៃក្រោយ​បើ​សមត្ថកិច្ច​កាំកុងត្រូល​រកឃើញ និង​ប្រឈម​ការផាកពិន័យ និង​ទទួលទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន ។
​ ​ប្រជ​ពលរដ្ឋ​ក្នុង​ខេត្ត​រង់ចាំ​មើលថាៈ តើ​ការប្រមាន​របស់​មន្ត្រី​កាំកុងត្រូល នៅថ្ងៃនេះ ពិតជា​ធ្វើបាន​មែនដែរ​ឬទេ បើ​ថ្ងៃក្រោយ​ម្ចាស់​ស្ថានីយ៍ នៅតែ​កេង​បន្លំ​ទាំង​បរិមាណ ទាំង​គុណភាព ទៀត​នោះ​៕

​

រថយន្ត​តូចធំ សម្រុក​ដឹកឈើ​ប្រណីត​ឆ្លងកាត់​ខេត្តព្រៃវែង​យ៉ាង​គគ្រឹកគគ្រេង​

​ព្រៃវែង ៖ ខេត្តព្រៃវែង​ពុំមាន​ដើម​ឫ​ព្រៃឈើ​ប្រណិត​និង​មានតម្លៃ​នោះទេ​!​ក៍​ប៉ុន្តែ​ទឹកដី​ខេត្តព្រៃវែង​គឺជា​កន្លែង​សម្រាប់​ទទួល​ទិញ​ស្តុ​ប​ទុក​ឈើ​អត់​ច្បាប់​ពី​សំណាក់​ក្រុម​ឈ្មួញ​ឩ​ក្រិ​ត្ត​ជន​ដែល​បាន​កាប់បំផ្លាញ​ព្រៃឈើ​ពី​ខេត្ត​ស្ទឹង​.​ខេត្តមណ្ឌលគិរី​.​ខេត្តរតនៈគិរី​.​ខេត្តក្រចេះ​រួច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ខេត្ត​ក្បូ​ង​ចូលមក​ចែក​លក់​ឲ្យ​ឈ្មួញ​នៅតាម​បណ្តា​ស្រុក​មួយចំនួន​នៃ​ខេត្តព្រៃវែង​យ៉ាង​គគ្រឹកគគ្រេង​ទាំងថ្ងៃទាំងយប់​ដោយ​គ្មាន​រំខាន​ដល់​អស់លោក​មន្ត្រី​ជំនាញរ​ដ្ធ​បាល​ព្រៃឈើ​ដែល​ឈរជើង​នៅតាម​ស្រុក​នីមួយៗ​និង​ខេត្ត​ធ្វើការ​បង្ក្រាប​ឫ​ទប់ស្កាត់​ម្តងណា​នោះឡើយ​។

​ដោយ​សារភាព​ព្រងើយកន្តើយ​មិនមាន​ការទប់ស្កាត់​ឫប​ង្ក្រា​ប​នេះហើយ​បានធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ទៅលើ​មន្ត្រី​ជំនាញរ​ដ្ធ​បាល​ព្រៃឈើ​ចាប់ពី​ថ្នាក់់ស្រុក​រហូតដល់​ខេត្ត​ថា​ប្រហែលជា​មន្ត្រី​ទាំង​បានទទួល​លាភសក្ការៈ​ប្រចាំថ្ងៃ​ឫ​ដាក់​ខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុម​ទំនួញ​ឈើ​ទាំងនោះ​តាម​បែបបទ​រូបភាព​ណាមួយ​ហើយ​មើលទៅ​បានជា​សម្ងំ​ដេក​ធ្វើ​បិទ​ភ្នែក​មើលមិនឃើញ​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​អត់​ច្បាប់​ឆ្លងកាត់​នឹង​ភ្នែក​ដូច​ហែរ​កឋិន​រយៈពេល​រាប់​ឆ្នាំ​មកហើយ​នោះ​។

បើតាម​ប្រភព​ព៌​ត​មានបាន​លួច​បង្ហើប​ឲ្យ​ដឹងថា​សព្វថ្ងៃ​ឈើ​អត់​ច្បាប់​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ក្រោមរូបភាព​តាម​រថយន្ត​សាំ​យ៉ុង​មកពី​ភូមិភាគ​ឦសាន​ចូលមក​ចែកចាយ​ដាក់​តាម​ដេរ​ប៉ូ​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ​.​ស្រក​ពារាំង​.​ក្រុង​ព្រៃវែង​.​ស្រុក​ពាម​រក៍​.​ស្រុក​បាភ្នំ​.​ស្រុក​ព្រះស្តេច​។​ល​។​នៃ​ខេត្តព្រៃវែង​នេះ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​ពី​៧០​ទៅ​៨០​គ្រឿង​នោះទេ​។​

​ប្រភព​បន្តថា​ការដែល​ឈើ​អត់​ច្បាប់​ចូលមក​រលូន​គ្មាន​ការទប់ស្កាត់​បែបនេះ​ដោយសារ​មាន​មន្ត្រី​ជំនាញ​អង្គុយចាំ​កត់​រាប់​ក្បាល​ឡាន​ក្នុង​១​គ្រឿង​ចាប់ពី​៥០០០០៛​ទៅ​១០០០០០​រៀល​ជា​កំហិត​!​ហើយ​បើ​រថយន្ត​ដឹក​តិច​ក៍​ត្រូវ​បង់​ដាក់​ខែ​ក្នុង​១​ខែ​មិន​ក្រោម​១០០០០០​មុ​ឺ​ន​រៀល​។

ប្រភព​បន្តទៀតថា​ក្រៅពី​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​អត់​ច្បាប់​ក៍នៅ​មា​នា​រថយន្ត​ធុន​ធំ​៥​ភ្លៅ​ជាពិសេស​រថយន្ត​ស្លាក​អក្សរ​(M)​ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ហាក់​.​ម៉ៅ​ក៍​កំពុងធ្វើការ​ដឹកជញ្ជូន​ឈើ​ដាក់​តាម​ដេរ​ប៉ូ​លក់​ឈើ​ក្នុង​ខេត្តព្រៃវែង​យ៉ាងគំហុក​ក្នុង​១​ថ្ងៃៗ​រាប់សិប​គ្រឿង​ផងដែរ​ដោយ​សុទ្ធតែ​ដឹកជញ្ជូន​លើស​លិខិត​(​ប៉េសេ​)​ឩ​ទា​រហ៍​ច្បាប់​កំណត់​ឲ្យ​ដឹក​រថយន្ត​១​គ្រឿង​ត្រឹមតែ​១៧​ទៅ​១៨​គីប​!​ប៉ុន្តែ​ពួកគេ​ដឹក​លើស​(​ប៉េសេ​)​រហូតដល់​ទៅ​៦០​ឫ​៧០​គីប​ឯណោះ​។​

​ប្រភព​បញ្ជាក់​បន្ថែមទៀតថា​សម្រាប់​រថយន្ត​ដឹក​លើស​(​ប៉េសេ​)​វិញ​គឺ​ត្រូវ​បង់​ឲ្យ​មេព្រៃ​ក្នុង​១​គ្រឿង​ចាប់ពី​១០០$​ទៅ​២០០$​ដុល្លារ​ជា​កំហិត​ដែរ​បើ​ពុំ​នោះទេ​មិនអាច​ឆ្លងកាត់​ទឹកដី​ព្រៃវែង​បានឡើយ​ដើម្បី​ជា​ថ្នូរ​ទៅ​និង​ការមិន​ពិនិត្យ​ទៅ​ដេប៉ូ​ដាក់លក់​ឈើ​និង​ជាការ​បើកភ្លើង​វៀវ​ឲ្យ​ដឹកជញ្ជូន​ឈើ​ដោយ​មិន​បង្ក្រាប​ជាដើម​។​ហើយ​បើតាម​ប្រភព​ឈើ​ដែល​ដឹក​តាម​រថយន្ត​តូច​ឫ​ធំ​ចូលមក​ចែកចាយ​លក់​ឲ្យ​ដេប៉ូ​ខ្លះ​អត់​ច្បាប់​និង​ខ្លះ​គ្មាន​ច្បាប់​ក្នុង​ខេត្តព្រៃវែង​រាល់ថ្ងៃនេះ​ភាគច្រើន​គឺ​គ្មាន​ច្បាប់​ទំលាប់​ទេ​។ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ចំណូល​ថវិការ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​!​តែ​ចំណេញ​ប្រយោជន៍​បុគ្គល​និង​មន្ត្រី​ជំនាញ​ដែល​រាជរដ្ធាភិបាល​គួរតែ​ចាប់អារម្មណ៍​អំពី​បញ្ហា​នេះ​ផង​។

​ពាក់​ព​ន្ធ័​បញ្ហា​នេះ​ពេលដែល​ភ្នាក់ងារ​ព័ត៌មាន​សួរ​ទៅ​លោក​ឃឹម អូន នាយ​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្តព្រៃវែង​ដើម្បី​សុំ​ការបំភ្លឺ​បែរជា​លោក​ឆ្លើយ​យ៉ាងខ្លី​មក​សួរ​ភ្នាក់ងារ​យើង​វិញ​ថា​តើ​ឈើ​នេះ​មកពីណា​.​ហេតុ​អី​បានជា​មកដល់​ខេត្តព្រៃវែង​នេះ​។​ចំ​ណែ​ល​លោក​រ៉ា​នាយ​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​ស្វាយ​អ​ន្ទ​រ​ភ្នាក់ងារ​យើង​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ដែរ តែ​គ្មាន​អ្នកទទួល​៕
​

ពស់​ស្រកាចាក់​ញី​-​ឈ្មោល​ត្រូវ​អ្នកភូមិ​វាយ​ស្លាប់​ក្រោយពេល​ចឹក​ម្ចាស់​ស្រែ​

​ប៉ៃលិន ​៖ បុរស​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​នាំ​កូនចៅ​ទៅ​កាប់​ព្រៃ​ស្រែ​ដែល​ដុះ​ក្រាស់ ក៍​ត្រូវ​ពស់​ស្រកា​ចាស់​ឈ្មោល​មួយ​ក្បាល​ចឹក​ចំ​ជើង​ខាង​ធ្វេ​ង ហើយ​ត្រូវ​សាច់ញាតិ​ដឹក​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំការ​មួយកន្លែង ក្នុងភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​
បុរស​ចំណាស់ ដែល​ត្រូវ​ពស់​ចឹក​ឈ្មោះ តាប់ ឃឿន ហៅ​ខាំ អាយុ​៦០​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ លឹម ឡុង អាយុ​៥៨​ឆ្នាំ មានកូន​ចំនួន​៥​នាក់ ប្រុស​៣ ស្រី​២​នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ ។​

​បើតាម​ព័ត៌មាន​ពី​ជនរងគ្រោះ បាន​រៀបរាប់ថា​៖ មុនដំបូង​គាត់​បាន​នាំ​កូនៗ របស់គាត់​ទៅ​មើល​ស្រែ ដោយ​ធ្វើដំណើរ​តាម​គោយន្ត​កន្ត្រៃ លុះ​ទៅដល់​ស្រែ ដោយ​ឃើញ​ស្មៅ​ឡើង​ក្រាស់ ក៍​នាំ​កូនៗ ព្រមទាំង​រូបគាត់​នាំគ្នា​កាប់​ព្រៃ តាម​ភ្លឺស្រែ ដែល​ក្រាស់ ។ បុរសរងគ្រោះ បន្តថា កំពុងតែ​កាប់​បាន​ប្រហែល​ពាក់កណ្តាល លុះដល់​កន្លែង​ដែល​ស្មៅ​ក្រាស់​ជាងគេ គាត់​ក៍​ឈាន​ជើង​ជាន់​លើ​ពស់ ដែល​នៅ​ទីនោះ បណ្តាល​ឲ្យ​វា​ខាំ​ចំ​ប្រអប់ជើង​ខាង​ង​ធ្វេ​ង​ជាប់ ហើយ​គាត់​ក៍​ស្ទុះ​រត់​ឡើងលើ​គោយន្ត​កន្ត្រៃ​ភ្លាមៗ ព្រមទាំង​ហៅ​កូនៗ អោយ​ដឹកយក​ទៅផ្ទះ ព្រមទាំង​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល ។​

​បើតាម​សាច់ញាតិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា​៖ ពេល​បញ្ជូនមក​ដល់ផ្ទះ គឺ​បុរសរងគ្រោះ បាន​សន្លប់​មួយសន្ទុះ រួច​ក៍​ដឹងខ្លួន​ក៍កូន​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែម្តង ។​ស្របពេល ដែល​ដឹក​បុរសរងគ្រោះ​មក​ព្យាបាល​នោះ ពស់​ដែល​ចឹក គឺ​ត្រូវបាន​អ្នកភូមិ​នាំគ្នា​វ៉ៃ​ងាប់ ខណៈ​ពស់​មួយ​ងាប់​ហើយ ស្រាប់​តែមាន​ពស់​មួយទៀត​អើត​ក្បាល​ចេញមក ក៍​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​អោយ​ងាប់​មួយទៀត​ផងដែរ ។​
​
បច្ចុប្បន្ន បុរសរងគ្រោះ​ត្រូវ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត យកចិត្តទុកដាក់​ព្យាបាល រហូត​បាន​ធូរស្រាល​ផងដែរ​៕
​

ទីផ្សារ​ឱសថ​របស់​បារាំង​នៅតែ​បន្ត​ឈានមុខ​ក្នុង​វិស័យ​ឱសថ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ជា​យូរណាស់​មកហើយ ផលិតផល​ឱសថ​មកពី​ប្រទេស​បារាំង តែងតែមាន​ការគាំទ្រ​ពី​សំណាក់​ក្រុមគ្រូពេទ្យ និង​វេជ្ជបណ្ឌិត ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​វត្តមាន​ឱសថ​របស់​បារាំង​ថ្មីៗ​តែងតែ​នាំចូល​មកកាន់​ទីផ្សារ ដើម្បី​ផ្គត់ផ្គង់​នៅតាម​ឱសថស្ថាន​នានា ក្នុង​ព្រះរាជណាចក្រ​កម្ពុជា ជាក់ស្ដែង ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ឱសថ អា​លី​យ៉ង់​ហ្វា​ម៉ា ដែលមាន​ឈ្មោះ​ល្បី​ក្នុង​វិស័យ​ឱសថ​កម្ពុជា បាន​នាំចូល​ឱសថ​ប្រភេទ​ថ្មីៗ​បន្ថែមទៀត​ពី​ប្រទេស​បារាំង មកកាន់​កម្ពុជា និង​បានដាក់​បង្ហាញ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​កម្ពុជា​ជាច្រើន​ផងដែរ ។

​ថ្លែង​នៅក្នុង​កម្មវិធី​បង្ហាញ​ឱសថ​ប្រភេទ​ថ្មីៗ​ពី​ប្រទេស​បារាំង កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ មករា ឆ្នាំ ២០១៨​កន្លងទៅនេះ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ឆាយ គ​ន្ធី អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ បានអោយដឹងថា ផលិតផល​ដែល​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ និង រោងចក្រ​ផលិត​ឱសថ​ដ៏​ធំ​មួយ​នៅ​បារាំង​បាន​សហការ​នាំចូល និង​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា គឺជា​ឱសថ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ក្រុមគ្រូពេទ្យ និង​វេជ្ជបណ្ឌិត ទូទៅ ជាពិសេស​នោះ​គឺ​នៅតាម​ឱសថស្ថាន និង​តាម​មន្ទីរពេទ្យ​នានា ។

​លោក​បន្តថា ក្រុមហ៊ុន​បារាំង​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ក្នុងការ​នាំយក​ឱសថ​មក​ច​រា​រណ៍​នៅពេលនេះ​គឺមាន​ប្រវត្តិ​ផលិត និង​ចែកចាយ​ឱសថ​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ នៅក្នុង​ទីផ្សារ​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ​ក៏មាន​ឈ្មោះ​ល្បី​ផងដែរ​លើ​វិស័យ​ឱសថ​នៅក្នុង​ប្រទេស​បារាំង ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ក្រុមហ៊ុន​នេះ​ក៏បាន​ខិតខំ​កែច្នៃ​នូវ​អ្វីដែល​ល្អៗ​បន្ថែមទៀត​សម្រាប់​មក​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ ។

​លោកជំទាវ ឆាយ ណ​យ អគ្គនាយិកា ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ក៏បាន​អោយដឹង​ផងដែ​រថា ឱសថ​ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​សហការ​ជាមួយគ្នា នាំចូល​និង​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា ជា​ឱសថ​ដែលមាន​តម្លៃ​សមរម្យ តែមាន​គុណភាព​ក្នុងការ​ព្យាបាល ព្រោះ​ក្រុមហ៊ុន​ទាំងពីរ​បានគិត​គូរ​និង​ចង់​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​អោយ​ការចំណាយ​កាន់តែ​អស់​តិច តែ​ទទួលបាន​ការព្យាបាល​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ ៕​

ប៉ូលិស​ដែល​ផ្ទុះអាវុធ​ពេល​បង្ក្រាប​ល្បែង​ជល់​មាន់​ធ្វើឱ្យ​ស្លាប់​មនុស្ស​អាច​ជាប់​គុក​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​

​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៨​នេះ​បានបញ្ចប់​ការសាកសួរ​នគរបាល​ខណ្ឌ​ពោ​ធី៍​សែន​ជ័យ​ដែល​ផ្ទុះអាវុធ​ពេល​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​បណ្តាល​ឲ្យ​ចំ​បុរស​ម្នាក់​ស្លាប់​។​

​មន្ដ្រី​តុលាការ បាន​ថ្លែងថា ព្រះរាជអាជ្ញា សៀង សុខ បានសម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​រូបនេះ ពីបទ «​មនុស្សឃាត​ដោយ​អ​ចេតនា​»​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​បទចោទប្រកាន់​នេះ​អាច​នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​០៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ​៦​លាន​រៀល​។​

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អោយដឹងថា ក្រោយពី​បាន​ពិនិត្យ​ឯកសារ​សំណុំរឿង​សាកសួរ​ចម្លើយ​តាម​នីតិវិធី​និង​ពិនិត្យ​ភស្តុតាង​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី​ដី​ឡូ​ត៌​គ្មាន​លេខ​ភូមិ​ចោមចៅ​២​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួរ​រំលឹក​ផងដែរ​ថាវ​មន្ត្រីនគរបាល​រូបនេះ មានឈ្មោះ ច​ន វិ​រៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី​(​ស័ក្តិ​១) បម្រើ​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ដល់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​ដោយ​ចាប់បញ្ជូន​មន្ត្រីនគរបាល​រូបនេះ​ដែលមាន​ការធ្វេសប្រហែស​បាញ់​បង្ក្រាប​នៅ​សង្វៀន​ជល់​មាន់​មួយកន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​បាន​បណ្តាល​ឲ្យ​ត្រូវ​បុរស​ម្នាក់​ស្លាប់ ខណៈ​កំពុង​អើត​ពីលើ​បន្ទប់​ជួល​ជាន់​ទី​៣​មើល​ការចុះ​បង្ក្រាប​នេះ​។​

​បើទោះបី​មន្ត្រីនគរបាល​ដែល​បាន​បាញ់​បាន​កើតឡើង​នៅពេល​ចុះបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ហើយ​ទៅ​ចំ​ជនរងគ្រោះ​ស្លូតត្រង់​បណ្តាល​ឲ្យ​ស្លាប់​ដោយ​កំហុស​អ​ចេតនា យ៉ាងណាក៏ដោយ តែ​សម្រាប់​ការអនុវត្ត ច្បាប់​ត្រូវតែ​ធ្វើឡើង​ដើម្បី​ជាការ​ព្រមាន​ក៏ដូចជា​សារ​មួយ​ប្រាប់​ទៅគ្រប់​សមត្ថកិច្ច​ផ្សេង​ទៀតថា នៅពេល​ចុះ បំពេញបេសកកម្ម​ការ​ងារ​និង​ក្នុង​រង្វង់​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ត្រូវ​ប្រើប្រាស់​កាំភ្លើង​ដោយមាន​ប្រុងប្រយ័ត្ន មិនត្រូវ​ធ្វេសប្រហែស​នាំ​ឲ្យ​រងគ្រោះថ្នាក់​ដល់​ជនស្លូតត្រង់​នោះឡើយ ដូច​ករណីនេះ​ជា​ឧទាហរណ៍ ស្រាប់​៕​