All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​៥​នាក់​បានទទួល​រង្វាន់ ដែល​ចូលរួម​សហការ​គាស់​យ​ក​អដ្ឋិធាតុ​សព​កងទ័ព​វៀតណាម​៨​នាក់

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ រស់នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ បានទទួល​អំណោយ​លើកទឹកចិត្ត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង បន្ទាប់ពី​បាន​សហការ​ផ្តល់ព័ត៌មាន​ច​ង្ហុ​ល​បង្ហាញ​ផ្នូរ​សព​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជូន​ដល់​អង្គភាព​កា​៩០ ចំនួន​៨​សព កាលពីពេល​កន្លងទៅ ។​

លោក​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង​បាន​ថ្លែងថា បើ​និយាយ​តាម​ជំនឿ​អ្នក​កាន់​ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋ​ដែល ដែលជា​អ្នក​ជីក និង​លើកយក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​វិល​ទៅ​ជួបជុំ​ប្រពន្ធ​កូន នៅក្នុង​ស្រុក​វិញ​គឺ​ទទួលបាន​បុណ្យ​កុសល​ច្រើនណាស់ ។ លោក បាន​ថ្លែង​បន្តទៀតថា អដ្ឋិធាតុ​របស់​កងទ័ព​វៀតណាម​ខាង​នេះ គឺជា​អ្នក​បំពេញ​កា​ត្វ​កិច្ច​អន្តរជាតិ​សុខចិត្ត​លះបង់​ជីវិត សហការ​ជាមួយ​កងទ័ពរ​ណ​សិ​រ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១០៩០ វាយ​ពួក​ប្រល័យពូជសាសន៍ ប៉ុលពត រំដោះទឹកដី​និង​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៣​លាន​នាក់ អោយ​រស់រានមានជីវិត​ឡើងវិញ ដែលជា​រឿង​ពិត​មិនអាច​កាឡៃ​បាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។

​ការសហការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការជួយ​ស្វែងរក​អដ្ឋិ​ធាត់​របស់​កងទ័ព​ស្ម​គ្រ័​ចិត្ត​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​មាតុភូមិ​វិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ គឺជា​អំពើ​មនុស្សធម៌​មួយ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​។
​ក្នុងនាម​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង តំណាងអោយ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​តំ​ណាយ​អោយ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម លោក​ឧ​ត្ត​ម​សេនីយ៍ ធន ធឿន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​នៅក្នុង​ឃុំ​សែ​ប ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ផ្តល់ព័ត៌មាន ដល់​អង្គភាព​កា​៩០ បាន​រុក​រកឃើញ​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ចំនួន ៥​សព​នៅក្នុង​ឃុំ​សែ​ប​។ ដែល​នៅក្នុង​ពិធី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ធន ធឿន បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ២០​ម៉ឺន​រៀល​។

​នៅក្នុង​កម្មវិធី​នេះ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម ក៏បាន​ឧបត្ថម​កាដូ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយចំនួន ដើម្បី​លើកទឹកចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​៥​នាក់ រស់នៅក្នុង​ឃុំ​សែ​ប​នេះ​ផងដែរ​៕​

កម្ពុជា​នឹង​ប្រែក្លាយ​ប្រភព​អគ្គិសនី​ពី​បរទេស ទៅជា​អាជីវកម្ម​សុទ្ធសាធ​

​ភ្នំពេញ ៖ មន្ត្រី​អគ្គិសនី​កម្ពុជា​បានឱ្យដឹងថា ប្រភព​អគ្គិសនី​កម្ពុជា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់​តែមាន​ភាពប្រសើរឡើង ជា​លំដាប់ ពិសេស ផលិតផល​អគ្គិសនីរ​បស់​កម្ពុជា បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​គួរឱ្យកត់សម្គាល់ ទាំង​ប្រភព​អគ្គិសនី ដែល​បានមកពី វា​រី​អគ្គិសនី ការប្រើប្រាស់​ធ្យូងថ្ម ការប្រើប្រាស់​ប្រេង​ខ្មៅ និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​។​

​ផលិតផល​ទាំងនេះ​បានធ្វើឱ្យ​កម្ពុជា ពង្រីក​វិសាលភាព នៃ​ការប្រើប្រាស់​អគ្គិសនី ពី​ទីប្រជុំជន ទៅកាន់​តំបន់​ជនបទ ពោល គឺអាច​នឹងមាន​ថាមពល​ប្រើប្រាស់​៩៨% នៃ​ភូមិ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់​ចេញពី​ប្រភព អគ្គិសនី​របស់​បណ្តាញ​ជាតិ ដែលមាន​តម្លៃ​សមរម្យ មាន​ស្ថិរភាព និង​មាន​គុណភាព​ផងដែរ​។​

​លោក ទី នរិន្ទ ប្រធាន​អគ្គិសនី​កម្ពុជា បាន​ប្រា​បើ​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​សន្និបាត​បូកសរុប​ការងារ​បញ្ចប់​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នា​២០១៨ នៅ​ថ្ងៃទី​២៤ ខែមករា​នេះ​ថា នៅ​ឆ្នាំ​២០១៧​នេះ ប្រភព​អគ្គិសនី​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ មានន័យថា មានការ​កើន​រហូតដល់​ជាង​៨០% ធ្វើឱ្យ​ប្រភព​ដែល​នាំចូល​ពីរ​បរទេស​មាន​ការធ្លាក់​ចុះមក​នៅត្រឹម​តែ​ជាង​១៨%​តែប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​អគ្គិសនី​ក្នុងស្រុក​ច្រើនជាង​ការនាំ​ចូល​។​

​ទាក់ទិន​និង​ការទិញ​ប្រភព​ថាមពល​ពិ​បរទេស​មកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​លោក ទី នរិន្ទ ពន្យល់​យ៉ាង​ដូច្នេះ​ថា
​ប្រហែលជា​០១​ទៅ​០២​ឆ្នាំ​ទៀត កម្ពុជា​អាច​គ្រប់គ្រង​ថាមពល​អគ្គិសនី​បាន​ដោយ​ខ្លួនឯង ដោយ​មិន​ពឹងផ្អែក​ទៅលើ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ទាំងស្រុង​ទៀត​ទេ​។ ព្រោះថា​កម្ពុ​ជាមាន​ប្រភព​ថាមពល​បានមកពី វា​រី​អគ្គិសនី ការប្រើប្រាស់​ធ្យូងថ្ម ការប្រើប្រាស់​ប្រភព​កកើត​ឡើងវិញ និង​ការប្រើប្រាស់​ប្រេង​ខ្មៅ ដើម្បី​ផ្គុំ​គ្នា សម្រាប់​ទប់ទល់​នៅ​រដូវប្រាំង ពិសេស​គឺ​រក្សា​ស្ថិរភាព​តម្លៃ​ថាមពល​អគ្គិសនី​។​

​ប្រធាន​អគ្គិសនី​កម្ពុជា រូបនេះ​បញ្ជាក់ថា អគ្គិសនី​កម្ពុជា នៅតែ​បញ្ចុះតម្លៃ​ធម្មតា និង​បន្ត​ផ្តល់​ការអនុគ្រោះ ព្រោះថា​ប្រហែល​៧០% បានទទួល​ការអនុគ្រោះ​ពី​រាជរដ្ឋាភិបាល គឺ​៤៨០ ឬ ៦១០​និង​៧២០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​តែប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ អាច​នឹង​បន្ត​ចុះមក​ទៀត ទាំង​លំនៅដ្ឋាន ក៏ដូចជា​សហគ្រាស ផងដែរ​៕​

កាន់​លុយ​ក្លែងក្លាយ​ជិត​៣​ពាន់​ដុល្លារ​បន្លំ​ទិញ​ឥ​វ៉ាន់​នៅ​ក្រុង​តាខ្មៅ ត្រូវ​អ្នកលក់​ចាប់​ជាប់​

 

​កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើ​ការឃាត់​បញ្ជូនទៅ​អធិការនគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ​បន្ទាប់ពី​បាន​ជិះ​រថយន្ដ​មួយគ្រឿង ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យកប្រាក់​ដុល្លារ​ក្លែងក្លាយ​ជិត​៣.០០០​ដុល្លារ​ចូល​បន្លំ​ទិញ​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ជា​បន្ដបន្ទាប់​គ្នា តែ​ត្រូវ​អាជីវករ​ដឹង​ដេញចាប់បាន​ប្រគល់ជូន​សមត្ថកិច្ច​។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៦​ល្ងាច ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ មួយកន្លែង​ស្ថិតក្នុង​ភូមិ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ សឺ ប៊ុន​ទ្រី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩ ផ្លូវ​២៧៤ សង្កាត់​បឹង​ព្រលឹត ខ័​ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជនរងគ្រោះ​មាន​៣​នាក់​ទី​១-​ឈ្មោះ ផាវ សារិទ្ធ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូ​រេ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទី​២-​ឈ្មោះ លឹម លីម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ ម៉ន អៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ក្នុងការ​ចាប់ខ្លួន​នេះ​ផងដែរ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ,​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​២,៧០០​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់​ដុល្លារ​ពិតប្រាកដ​ចំនួន​២៩​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់រៀល​ចំនួន​១០២,៨០០​រៀល ,​ស្រា​បៀរ​ABC​ចំនួន​៣​កេស ,​ប្រេងសាំង​ចំនួន​១​ប៊ីដុង មាន​ចំណុះ​៣០​លីត្រ ,​អាគុយ​ម៉ាក​ROCKET​ចំនួន​២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ម៉ាក​LG ពណ៌​ស ។​

​លោក​អធិការ​បាន​បន្ដថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​សឺ ប៊ុន​ទ្រី បាន​ជិះ​រថយន្ត​ម៉ាក TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ពី​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យកប្រាក់​ដុល្លារ​ក្លែងក្លាយ ក្រដាស់​១០​ៗ​ចំនួន​២,៧០០​ដុល្លារ​សហរដ្ឋអាមេរិក រួច​ចុះ​ពីលើ​ឡាន ទៅ​ទិញ​ស្រា​បៀរ និង​សាំង​របស់​ជនរងគ្រោះ​ចំនួន​៣​នាក់ ដូច​រៀបរាប់​ខាងលើ ជា​បន្តបន្ទាប់​គ្នា ខណៈដែល​ទិញ​រួច ជនសង្ស័យ​ក៏បាន​បើករថយន្ដ​ចេញពី​កន្លែង​លក់​ឆ្ពោះទៅ​ទិញ​កន្លែង​ផ្សេងទៀត ។ ក្រោយមក​ជនរងគ្រោះ​បានដឹងថា ជនសង្ស័យ​ទិញ​ទំនិញ​របស់ខ្លួន​ជា​ប្រាក់​ដុល្លារ​ក្លែងក្លាយ ភ្លាមៗ​នោះ​ជនរងគ្រោះ ក៏​តាមរក​ជនសង្ស័យ​ឃើញ​នៅ​ម្តុំ​ផ្សារ​ព្រែក​ហូរ​ភ្លាម ហើយ​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ និង​ដកហូត វត្ថុតាង​ខាងលើ រួច​បញ្ជូន​ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង មក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យកប្រាក់​ដុល្លា​ក្លែងក្លាយ​ទៅ​ទិញ ទំនិញ​របស់ ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ខ្លួន​ធ្លាប់បាន​យកប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​នោះ​យកមក​ប្ដូរ​ប្រាក់រៀល ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​១៩ ខែ​ឆ្នាំ​ដដែល នៅ​ចំណុច​ស្តុ​ប​ស្ពាន​ព្រែក​ហូរ ។ ចំពោះ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងនោះ គឺ​ខ្លួន​បានមកពី​ជន​ម្នាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៕​

ភូមិ​ទាំងអស់​នៅ​ទូទាំង​កម្ពុជា​នឹងមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ដល់​ឆ្នាំ ២០២០ ភូមិ​ទាំងអស់ ទូទាំង​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់ ពី​ប្រភព​ផ្សេងៗ ហើយ​ឆ្នាំ​២០៣០ យ៉ាងហោចណាស់ ៧០% នៃ​លំនៅដ្ឋាន​ទាំងអស់ ទូទាំង​កម្ពុជា នឹងមាន​អគ្គិសនី ដែលមាន​គុណភាព ដូចជា​អគ្គិសនី ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​។​

​នេះ​បើតាម មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អគ្គស​នី​កម្ពុជា​បានលើកឡើង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ បញ្ចប់​ឆ្នាំ​២០១៧ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ អគ្គស​នី​កម្ពុជា​បាន​មានប្រសាសន៍ថា ផ្អែកលើ​ការ អភិវឌ្ឍ​លើ​គ្រប់ វិស័យ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សន្ទុះ​នៃ​ការផលិត ប្រភព​អគ្គិសនី នៅក្នុង​ស្រុក​របស់​កម្ពុ​ជា មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​សុ​ទ​ដ្ឋិ​និយម​ថា នឹង​ស​ម្រ​ច​ឱ្យបាន​ការផ្គត់ផ្គង់​អគ្គិសនី​មួយ​គ្រប់គ្រាន់ គ្រប់​ទីកន្លែង ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និង​មាន​ថ្លៃ​កាន់តែ​ទាប ទូទាំងប្រទេស​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។​

​លោក​បញ្ជាក់ថា គោលដៅ​របស់​កម្ពុជា គឺ​ជម្រុញ​ការវិនិយោគ​បន្ថែមទៀត ដើម្បីឱ្យ​រាជធានី​\​ខេត្ត​ទាំង​២៥ មាន​អនុ​ស្ថានីយ៍ ផ្តល់​ប្រភព​នៅក្នុង​ខេត្ត​ផ្ទាល់​នៅ​ឆ្នាំ​២០២០​។ ខណៈដែល​បច្ចុប្បន្ននេះ អគ្គិសនី​កម្ពុជា​កំពុងតែ​មមាញឹក​អនុវត្ត​គម្រោង​ពង្រីក “​បណ្តាញ​ជាតិ​” ដើម្បី​បង្កើតឱ្យមាន​អនុ​ស្ថានីយ៍​ផ្ទាល់ នៅ​ខេត្ត​ដែល​នៅ​សេសសល់​ទាំង​៦​។

​លោក  បញ្ជាក់ថា ការផ្តល់​សេវាកម្ម​ចែកចាយ អគ្គិសនី​គឺ​ពឹង​ផ្អែកទៅលើ​ការវិនិយោគ សាងសង់​បណ្តាញ​ចែកចាយ ។ គោលដៅ​អគ្គស​នី​ភាវូបនីយកម្ម​របស់​ក​ម្ពុ​ជា គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ភូមិ អាច​ទទួលបាន​សេវា​ចែកចាយ អគ្គិសនី​នៅ​ឆ្នាំ​២០២០​។

​យ៉ាងណា លោក​បញ្ជាក់ថា សន្ទុះ​នៃ​ការផ្តល់​ថាមពល​អគ្គិសនី​នេះ បាន​ដើរ​លឿន​ជាង​ការប៉ាន់ប្រមាណ​របស់​ធ​នាគា​ពិភពលោក ដែល​បានធ្វើ​ការសិក្សា​ថា រហូតដល់​ឆ្នាំ​២០៣០ ទើប​លំនៅដ្ឋាន ៧០% អាចមាន​អគ្គិសនប្រើប្រាស់​ទូទាំងប្រទេស​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល បាន​មានប្រសាសន៍ថា ដល់​ចុងឆ្នាំ​២០២០ ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា មិន​ត្រឹម​តែមាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អគ្គិសនី​ផ្សេងៗ​ទេ តែ​ក្នុងនោះ​យ៉ាងហោចណាស់​៩៨% នៃ​ភូមិ​ទាំងអស់ នឹងមាន​អគ្គិសនី​ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​របស់​បណ្តាញ​ជាតិ ដែលមាន​តម្លៃ​សមរម្យ មានការ​អនុគ្រោះ​ថ្លៃ មាន​ស្ថិរភាព និង​មាន​គុណភាព​ទៀតផង​។​

ជាមួយគ្នា​នោះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើឱ្យ​សេវាករ​អគ្គិសនី​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​និង​គោរព​ឱ្យបាន​នូវ​គោលការណ​ណែនាំ របស់​រាជរដ្ឋាភិបាល ធ្វើយ៉ាងណា​ឱ្យបាន​ទាន់ពេលវេលា​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ នឹង​បញ្ចៀស​ឱ្យបាន​នូវ​បញ្ហា ដែលនាំឱ្យ​មានការ​ប្តឹង​តវា​ពី​ប្រជាពលរដ្ឋ ការរំលោភបំពាន​ផ្សេងៗ ជាពិសេស​បង្កើត​បញ្ហា​ផ្ទុយ​ពី​កា​ណែនាំ​។ ក្នុងរ​ណី​ដែល​ក្រសួង​រកឃើញថា មាន​ទង្វើ​ល្មើស​នឹង​សេចក្តីណែនាំ សេវាករ​ទាំងនោះ​នឹងត្រូវ​ប្រឈមមុខ​ទទួលទោស​ទណ្ឌ​ច្បាប់​ផ្លូវច្បាប់​ជា​ធរមាន​។​

​លោក បញ្ជាក់​ផងដែរ​ថា គោលការណ៍​របស់​ក្រសួង គឺ​បន្តធ្វើ​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើម្បីឱ្យ​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​ជំរុញ​ការអភិវឌ្ឍន៍​ផលិតកម្ម អគ្គិសនី​ក្នុងស្រុក​បន្ថែមទៀត ដើម្បីឱ្យ​កម្ពុជា​អាច​ម្ចាស់​ការខ្លួន​ឯក​លើ​ប្រភព​អគ្គិសនី រួច​ប្រ​ក្លាយ​ការនាំ​ចូល ពី​ប្រទេសជិតខាង ឱ្យទៅជា​ការធ្វើ​ពាណិជ្ជកម្ម​ដែល​ឈរលើ​គោល​ការ​ចំណេញ​ខាត ក្នុងការ​ប្រើប្រាស់​អគ្គិសនី​នាំចូល​នេះ​ទៅ​វិញ​៕​

ពុល​ត្រី​ក្រពតនៅ​កោះ​ស្តេចខេត្តកោះកុង ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់ពេល​៩​នាក់​

​ខេត្តកោះកុង ៖ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ប្រជា​នេសាទ​សមុទ្រ រស់ នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ប្រមាណ​ជិត​១០​នាក់ ក្នុង​គ្រួសារ បាន​ពុល​ត្រី​ក្រពត​ធ្ងន់ធ្ងរ និង​ឈានដល់​មាន​មនុស្ស​ម្នាក់​ស្លាប់ នៅវេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​ចន្ទ ទី​២២ ខែមករា និង​៩​នាក់​ទៀ​ត្រូវបាន​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ ពួកគាត់ បាន​ព្យាយាម​ជួយ​នាំយក​ជនរងគ្រោះ ទៅ​សង្គ្រោះ យ៉ាង​ប្រញាប់ប្រញាល់​បំផុត ដោយ​ក្នុងនោះ​ជនរងគ្រោះ​ម្នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ ជនរងគ្រោះ​ចំនួន ៦​នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល និង ២​នាក់​ទៀត​ដោយមាន​សភាព​ធ្ងន់ធ្ងរ បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។

បើទោះជា​យ៉ាងនេះ​ក្តី នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ មាន​បុរសរងគ្រោះ​ម្នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​អ្នកពុល​ត្រី​ក្រពត​ដទៃទៀត បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រីនគរបាល​មូលដ្ឋាន ដដែល​បាន​បន្តថា ជនរងគ្រោះ ក្នុង​ហេតុការណ៍​ពុល​ត្រី​ក្រពត​ទាំងនោះ កំពុង​សំរាក​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ដើម្បីអោយ អ្នកជំងឺ​ទាំងនោះ បាន​ធូរស្រាល និង​ជាសះស្បើយ រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

​

ពលរដ្ឋ​ក្នុងស្រុក​ស្ទឹងហាវ រីករាយ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ក្នុង​សំណុំ រឿង​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមានអំណាច​

​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី ដ៏​រាំ​រ៉ៃ នៅ​តំបន់​អូរ​កូនដំរី ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ សំដែង​អារម្មណ៍​រីករាយ​ក្រោយ​ពេលដែល​តុលា​ការចេញ​ដីកា រក្សា​ការពារ​លើដី​ពួកគាត់​ដែល​កំពុង​មានទំនាស់​ជាមួយ​អ្នកមាន​លុយ និង​មានអំណាច​។​

​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី ដ៏​រាំ​រ៉ៃ នៅ​តំបន់​អូរ​កូនដំរី ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ សំដែង​អារម្មណ៍​រីករាយ ខណៈដែល រដ្ឋបាលខេត្ត ដឹកនាំ​ដោយ លោក ម៉ុង មុន្នី​ចរិយា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា រក្សា​ការពារ ចុះទៅពិនិត្យ និង វាស់វែង​ដី​ទំនាស់​ខាងលើ​ពី​ក្រុម អ្នកមាន​ទ្រព្យធន​បានធ្វើ​ប្លង់​ខុស​ទីតាំង និង រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​១០៥​គ្រួសារ នៅលើ​ទំហំ​ដី​ចំនួន ជាង​២៣​ហិច​តា​។
​នេះ​បើតាម​ការ​អោយដឹងពី លោក ម៉ន ស៊ីណា ជា​អ្នក​តំណាងអោយ ប្រជាពលរដ្ឋ​ទាំង​១០៥​គ្រួសារ​នៅក្នុង​តំបន់​នោះ​។​
បងស្រី ឈ្មោះ មុំ ជា​ប្រជាពលរដ្ឋ រងគ្រោះ ដោយសារ​ក្រុម​អ្នកមាន ទ្រព្យធន​មួយក្រុម បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​រំលោភ​យក​ដី​របស់គាត់​បាន អោយដឹងថា​៖ ដី​នេះ​បងស្រី​បាន​កាប់​ឆ្ការព្រៃ​និង​កាន់កាប់​ដី តាំងពី​ឆ្នាំ​១៩៩៩​មក​ម្លេះ កាលនោះ​ដី​នេះ​មាន​សត្វ​សាហាវ​រស់នៅ​ដូចជា សត្វ​ខ្លា ដំរី ជ្រូក ព្រៃ ជា ដើម ដើម្បី​យកមក​សង់​លំនៅដឋាន​និង​ដាំ​ដំណាំ​។ រហូតមកដល់ ឆ្នាំ ២០១០ និង​ឆ្នាំ​២០១៥ ទើប​ឃើញ​លេច មុខ ក្រុម អ្នកមាន​លុយ និង​មានទ្រព្យ​ដាក់​គ្រឿងចក្រ មក​ឈួ​ស​ឆាយ បំផ្លាញ​ផ្ទះសំបែង និង​ផលដំណាំ​របស់​ពួក គាត់ (​ប្រជាពលរដ្ឋ​)​ចោល​អស់ រួច​ចោទថា ប្រជា​ពល រដ្ឋ​ដែល​កំពុង​រស់នៅ លើ ដី​ទំនាស់​នេះ​ថា​ជា​ដី គេ​មាន​ប្លង់​ប័ណ្ណកម្មសិទ្ធិ​។​ដែលមាន​ទីតាំង នៅក្នុង​សង្កាត់​១ ក្រុងព្រះសីហនុ​។

លោក ម៉ន ស៊ីណា តំណាងអោយ​ប្រជាពលរដ្ឋ​ទាំង​១០៥ គ្រួសារ​បានអោយដឹងថា​៖​ដី​ដែលមាន​ទំហំ​ជាង​២៣​ហិច​តា នៅក្នុង​តំបន់​នេះ គឺជា​ដី​របស់​ប្រជាពលរដ្ឋ យ៉ាងពិត​ប្រាកដ​មែន ព្រោះ​កាលពី​ឆ្នាំ​១៩៩៧ បងប្អូន​តស៊ូ កាប់ឆ្ការ ប្រឈម និង សត្វព្រៃ​ដ៏​កាច​សាហាវ​មានដូចជា ខ្លា ដំរី ពស់ រមាស ខ្ទីង​ជាដើម​។​

រ​ហូត​មកដល់​ឆ្នាំ​២០១០​ទើប​ឃើញ​មាន ឈ្មោះ​អ្នក​មក​ប៉ុនប៉ង​ប្លន់​យក​ដី​ពលរដ្ឋ អ្នក​អត់​មាន​ឯកសារ ១-​ង៉ែត ស៊ី​មី​, ២-​យាន សំបូរ ,៣-​ស៊ិន សឿន ពួក​អ្នកមាន​ប័ណ្ណ ១-​លី​ហុង​ស៊ិន​, ២-​ហួត​ឃៀ​ម ,៣-​ឌៀប ឆេង​ស៊ីម ,៤-​ម៉ី​ឌី​ន្ទ​ណា​ត្យា​,​និង​ចុងក្រោយ​ឈ្មោះ​ហ៊ឹម សុវណ្ណ​រី និង ប៉ុន សារឿន ជា​អ្នករត់ ការ ស្ទើរ​គ្រប់​រឿង​ក្នុង​បរិវេន​ដី​អូរ​ដំរី​ទាំងមូល​នេះ​។​

ហើយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​ត្រូវបាន​ក្រុម​អ្នកមាន​លុយ​និង​មាន​ទ្រព្យធន​នេះ​បណ្តេញចេញ​ដោយ​គ្មាន​ក្តី អាណិតអាសូរ​។​
លោក ស៊ីណា បាន​បន្តថាៈ ការប្តឹង ផ្តល់​ដី​នៅ​តំបន់​នេះ កាលនោះ​ប្រជាពលរដ្ឋ​បាន​ប្តឹង​ចាញ់​គេ​រហូត ទើប​ដល់ពេលនេះ តុលាការ កែប្រែ​ប្រព័ន្ធ យុត្តិធម៌​អភិបាលខេត្ត​ព្រះសីហនុ ឯក ឧ​ត្ត​ម យន្ត មីន បាន​យកចិត្តទុកដាក់ លើ​បង ប្អូន​ប្រជាពលរដ្ឋ​ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាសថា ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ណា អោយ​អភិបាល ខេត្ត នោះ ជា​អ្នកដោះស្រាយ​។​ទើប​ពេលនេះ​បងប្អូន​យើង​មាន​សង្ឃឹមថា នឹង​បាន​ដី​របស់​ពួកគាត់​មកវិញ​ជាក់​ជាពុំខាន​ឡើយ​។ ស្ថិតនៅ​ក្ន្ង ឳ​កាស​នោះដែរ លោក ហ៊ូ សុផាត មេភូមិ ៤ ឃុំ អូរត្រេះ ស្រុក ស្ទឹងហាវ បានបញ្ជាក់​អោយដឹងថា​៖ ដី​ទំនាស់​នេះ​គឺមាន​ទីតាំង​ស្ថិតនៅ​ក្រុម​៥​ភូមិ​៤ ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​ហើយ​ការអះអាង​នេះ​គឺ​ផ្ទុយ​ពីអ្វី​ដែល​ក្រុម​អ្នកមាន​ទ្រព្យ​ថា ដី​នេះ​គឺ​ស្ថិតនៅក្នុង សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

លោក មេភូមិ ហ៊ូ សុផាត បានបញ្ជាក់​បន្ថែមថាៈ​តាំងពី​ឆ្នាំ​២០០០​មក លោក បាន ចូលរួម សហការ ជាមួយ​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ដើម្បី ដើរ​ធ្វើ​ជំរឿន ប្រជាពលរដ្ឋ​ដែល​មក​តាំងទី​លំនៅ​ទីនេះ​គឺមាន​ចំនួន​១៨០​គ្រួសារ ហើយ​គ្រួសារ​នីមួយៗ​ពួកគាត់​មានផ្ទះ​សំបែង​និង​ផលដំណាំ​ហូប​ផ្លែ​រៀងៗ​ខ្លួន​។ លោក ថាៈ​ក្រោយមក​មិនដឹង​ជាហេតុ​អី​បានជា​ក្រុម​អ្នកមាន​លុយ​និង​មាន អំណាច មួយក្រុម​ចុះមក រុះរើ ផ្ទះសំបែង និង​ឈូសឆាយ​ផលដំណាំ របស់ ប្រជាពលរដ្ឋ​ចោល យ៉ាងនេះ​គាត់​ក៏​មិនដឹង​ដែរ​។​

​ជា​ចុងក្រោយ លោក មេភូមិ ហ៊ូ សុផាត តំណាង​អាជ្ញាធរ និង ជា​អ្នកតំណាង អោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ បានធ្វើការ​សំណូមពរ​ទៅដល់​ថ្នាក់​ដឹក នាំ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា ប្រមុខ​ដឹកនាំ សូមមេត្តា​ជួយ​រក​យុត្តិធម៌​និង​ជួយ បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​ដីស​ង់​លំនៅឋាន​រស់នៅ​ទីនេះ​វិញ​ផង​៕
​

ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆន្ទ​កិច្ចព្រម ព្រៀង​ពាណិជ្ជកម្ម អាស៊ាន និង​ឥណ្ឌា

​ភ្នំពេញ ៖ ព្រឹទ្ធិ​សភា​កម្ពុជា បាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​

ក្រោយ​កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២៣​ខែមករា ដែល​ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយ​មាន​លោក ប៉ាន សូរ​ស័ក្តិ​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​នេះ លោក ម៉ម ប៊ុន នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៤៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​អ្នក​នាំពា​ក្ស​រូបនេះ​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការផ្តល់​លក្ខណៈ​អនុគ្រោះ​ចំពោះ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែលជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​ការទទួល​បានកា​របើក​ច្រក​ទីផ្សារ​ថ្មី​បន្ថែមទៀត​ពី​ឥណ្ឌា និង​ជាទី​ផ្សារ​ថ្មី​មួយ​បន្ថែមទៀត​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ឥណ្ឌា ដែលជា​ប្រទេស​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១៣​សំឡេង នៃ​ចំនួន​សមាជិកសភា​ទាំងមូល កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ក្នុងសម័យ​ប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥៕
​

បង្ក្រាប​ទីតាំង​លួច​ផលិត​ប៊ីចេង​សញ្ញា​ខ្ទះ​ទ្រ​វែក​ក្លែងក្លាយ បី​កន្លែង​នៅ​សង្កាត់​បឹង​ព្រលិត​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​និង​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មករា​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទីតាំង​ផលិត ប៊ីចេង​ក្លែងក្លាយ​ចំនួន​៣​ទីតាំង​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​លី​សុផាន់​ណាៗ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មានការ​បញ្ជា​ផ្ទាល់​ដោយ លោក​ឩ​ត្ត​ម​សេនីយ៍ មាស​រ៉ាវុធ​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៨ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​។​

​នគរបាល​បាន​បានអោយដឹងថា ទីតាំង​វេច​ខ្ចប់ ស្តុក និង​ចែកចាយ​ប៊ីចេង​ក្លែងក្លាយ​សញ្ញា​រូប​វែក ដែល​សមត្ថកិច្ច​ចុះបង្ក្រាប រួមមាន​៖

ទីតាំង​ទី​១ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​១២៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ សមត្ថកិច្ច​ដកហូត​បា​ន ប៊ីចេង ចំនួន ៥៣​បេ ស្មើនឹង ១៣៦៤​គីឡូក្រាម ប៊ីចេង​មិនទាន់​វេច​ខ្ចប់​ចំនួន ៧៦​បេ ស្មើនឹង ១៨៩៨ គីឡូក្រាម សំបក​វេច​ខ្ចប់​ទំងន់ ៩៩ គីឡូក្រាម ម៉ាស៊ីន​អ៊ុត​មាត់​ថង់ ១​គ្រឿង និង​ម៉ាស៊ីន​វេច​ខ្ចប់ ១​គ្រឿង​។​

ទីតាំង​ទី​២ ស្ថិតនៅ​ចំណុច​ផ្ទះ​១៤B ផ្លូវ​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ សមត្ថកិច្ច​ដកហូត​ប៊ីចេង​ក្លែងក្លាយ​ចំនួន​៨០០​កញ្ចប់​តូច ស្មើនឹង ២៧៥​គីឡូក្រាម និង​សំបក​ខ្ចប់​មួយចំនួនទៀត​។​

ទីតាំង​ទី​៣ ស្ថិត​នៅផ្ទះ​១០ ផ្លូវ​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​
​នគរបាល​បានអោយដឹង​ទៀតថា​នៅមុន​ពេល​ឈានដល់​ការចុះ​ប្រតិបត្តិការ​ទីតាំង​ទាំងអស់នេះ​គឺ​ខាង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ប៊ីចេង​នៅ​ប្រទេស​ថៃ​ដែលមាន​ការចុះ​ប​ញ្ជើ​នៅ​ប្រទេស​កម្ពុជា​ថា មាន​ក្រុមហ៊ុន​និង​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​ជាច្រើន​ទីតាំង​កំពុង​ប្រព្រឹត្ត​លួច​ផលិត និង​ចែកចាយ​ពេញទី​ក្រុងភ្នំពេញ​និង​នៅតាម​ខេត្ត​។​

​ជា​លទ្ធផល​ក្រោយ​បញ្ជ​ប់​ប្រតិបត្តិការ​ទាំង​២​ទីតាំង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានធ្វើ​ការដក​ហូត​វត្ថុតាង​ជាច្រើន​រយ​គីឡូ​និង​ម៉ាស៊ីន​ផលិត​១​គ្រឿង​ថែមទាំង​សម្ភារ​សម្រាប់​ច្រក​ជាច្រើន​ទៀត​។​និង​១​ទីតាំង​ទៀត​កម្លាំង​សមត្ថកិច្ច​និង​បន្ត​ប្រតិ​ប​ត្ត​ការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៨​នេះ​បន្តទៀត​។​

​សូមបញ្ជាក់​ផងដែរ​ម្ចាស់​ទីតាំង​ទាំង​២ ត្រូវបាន​កម្លាំង​នគរបាល​នាំខ្លួន​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ឋ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
​

បុ​រ​សដែល​ប្រើ​វិធី​ធាក់​សិស្ស​ប្លន់​យក​ម៉ូតូ​បាន​ចងក​ស្លាប់​ហើយ ក្រោយពេល​ប៉ូលិស​ចាប់ខ្លួន​

ប៉ោយប៉ែត​៖ ជនសង្ស័យ​ម្នាក់​ដែល​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​សិស្សសាលា នាពេល​ថ្មីៗ​នេះ បាន​ចងក សម្លាប់ខ្លួន​នៅ​មន្ទីរឃុំឃាំង​អធិការ​ក្រុង​ប៉ោយប៉ែត​កាលពី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ នេះ ។​សមត្ថកិច្ច​បង្ហើប​ថា សព​ជនសង្ស័យ​ឈ្មោះ គឹម ស្រេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​
​ជនសង្ស័យ​ក្នុង​ហេតុការណ៍​ចងក​ប្រភព​ប្រាប់ថា ចងក​នឹង​ខ្សែភ្លើង​ក្នុង​មន្ទីរឃុំឃាំង​។ ក្រោយពី​ការស្លាប់​ជនសង្ស័យ​រូបនេះ ត្រូវបាន​កម្លាំង​អធិការ​ក្រុង​ប៉ោយប៉ែត​ដឹក​ទាំងយប់​យកមក​ទុក​នៅ​ឈាបនដ្ឋាន​ក្នុង​វត្ត​នា​រាម ហៅ​វត្ត​ផ្សារកណ្ដាល ដើម្បី​រង់ចាំ​សាច់ញាតិ​។

ការស្លាប់រ​បស់ជនស​ង្ស័​យ​រួប​នេះ​ប្រភព​បាន​បង្ហើប​ថា​មានការ​ធ្វេសប្រហែស​រប​ស់​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​ខាងលើ​ដោយ​យក​ជនសង្ស័យ​ទៅ​ឃុំឃាំង​មិនបាន​ដោះ​សំលៀកបំពាក់​ជាប់​ចេញពី​ខ្លួន បណ្ដោយ​ឧ្យ​ជនសង្ស័យ​រួប​នោះ​អស​ច​ចង ក សម្លាប់ខ្លួន​បាន​។​

សួ​ម​បញ្ជាក់ថាៈ ជ​នស​ង្ស​យ័​ម្នាក់នេះ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​សិស្សសាលា​ចេញ​ចេញពី​រៀន​ហើយ​ដណ្តើមយក​ជិះ​រត់ កាលពី​ថ្ងៃទី ២១ ខែ មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​ភោជនីយ៍ដ្ឋាន​នាគ​ទិព្វ​២​ប្រហែល​៥០​ម៉ែត្រ​។​

មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ា​កវេ​វ ពាក់អាវ​ពណ៌​ខ្មៅ​ដៃ​វែង ខោខ្លី​ក្រោម​ជង្គង់ ពាក់មួក​ខ្លប់​ពណ៌​ខ្មៅ​ពីក្រោយ​ជនរងគ្រោះ​ឈ្មោះ ប៉ាល់ សុថា​រី ភេទ​ស្រី អាយុ ១៣​ឆ្នាំ​(​ជា​សិស្ស​) រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ស្រប​ទិស​គ្នា ពេល​ដល់​ចំណុចកើតហេតុ​ជនសង្ស័យ​បាន​ជិះ​ហួស​ម៉ូតូ​ជនរងគ្រោះ​បាន​ប្រហែល​១០​ម៉ែត្រ ក៏​ជិះ​ត្រឡប់​បក​ក្រោយ​មកវិញ​រួច​ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​បណ្តាលអោយ​ដួល ហើយ​ដ​ណ្យើ​ម​យក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ូ​ម​មឺ​អេ​ច ពណ៌​ទឹកក្រូច​លាយ​ខ្មៅ សេរី​២០១៥ ទៅ​ទិស​ខាងត្បូង​គេចខ្លួនបាត់ ទុក​ម៉ូតូ​ក​ញ្ជា​ស់​របស់ខ្លួន​ចោល​នៅ​នឹង​ចំណុចកើតហេតុ​ខាងលើ ។​

ក្រោយពី​ធ្វើ​កំណត់ហេតុ​កម្លាំង​សមត្ថកិច្ច​ក្រុង​យក​ម៉ុ​ទូ​ជនសង្ស័យ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

ក្រោយពី​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​ធ្វើការ​ស្រាវជ្រាវ​លុះដល់​វេលា​ម៉ោង​20​នឹង​23​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​កំលាំង​រកឃើញ​នៅ​កន្លែងផ្ញើម៉ូតូ​ក្នុង​កាស៊ីណូ​នឹង​ចាប់​មុខសញ្ញា​បាន នៅ​ចំណុច​បរិវេណ​ការ​ស៊ី​ហ្គោ​ឌិន​នៅនឹងកន្លែង​ផ្ញើ​ម៉ូតូ​ស្តិ​ត​ក្នុងភូមិ​ក្បាលស្ពាន​1​សង្កាត់​/​ក្រុង​ប៉ោ​ប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បាន​យកមក​ធិ​ការ​រដ្ឋា​ន​ដើម្បី​សួរនាំ ក្រោយពី​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ធាក់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ពិតមែន ។​

ជុំវិញ​ជនសង្ស័យ​ស្លាប់​ក្នុង​មន្ទី​ឃុំឃាំង​របស់​អធិការ​ក្រុង​ប៉ោយប៉ែត មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ព្រុំ ពិ​សិទ្ធ អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឡើយ​ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល​៕

​

គ​.​ជ​.​ប ​បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​បិ

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​) នៅ​រសៀល ថ្ងៃ ទី​២៣ ខែមករា ឆ្នាំ​២០១៨ នេះ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការបើក​ទូលាយ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ​។​
​កម្មវិធី​នេះ បានរៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ក្រោម​អធិបតីភាព លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​បណ្តា​គណបក្សនយោបាយ​ចំនួន​៧ តំណាង​អង្គ ទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណៈកម្មាធិការ​រៀប​ចំការ បោះឆ្នោត​រាជធានី ខេត្ត ព្រមទាំង​ក្រម​អ្នកសារព័ត៌មាន​ចំនួន​១៨​អង្គភាព សរុប​ប្រមាណ​ជាង​២០០​នាក់​ផងដែរ​៕
​

តារា សេង សូ​ណា ប្រកាស​បន្ត​សម្តែង​ភាព​ស៊ិ​ច​ស៊ី និង​ឈុត​ឆាក​ស្ន​ហា​រោលរាល​

​ភ្នំពេញ ៖ ពីមុនមក​គរ​ធ្លាបតែ​ដឹងថា តារា​សម្ដែង​ស៊ិ​ច​ស៊ី កញ្ញា ដេ​នី ក្វាន់ ត្រូវបាន​ក្រសួង​វប្បធម៌​ចេញ​ច្បាប់​មិនអោយ​បង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​រហូតដល់​១​ឆ្នាំ ដោយសារតែ​នាង​មាន​ទម្លាប់​បង្ហោះ​រូប​ស៊ិ​ច​ស៊ី​ជា​សាធារណៈ ។​ឥឡូវនេះ ក៏មាន​តារា​សម្ដែង​ស៊ិ​ច​ស៊ី​មួយ​ដួង​ទៀត​គឺ​កញ្ញា សេង សូ​ណា ដែល​នាង​បានប្រកាស​ជា​ឱឡារិក​ថា​​នាង​មិន​ប្ដូរ​ជំហរ​លុបចោល​បំណង​សម្តែង​ភាព​ស៊ិ​ច​ស៊ី​នេះ​ទេ និង​អាច​សម្តែង​ក្នុង​ឈុត​ស្នេហា​រោលរាល​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​ថែម​ទៀតផង​។​

​កញ្ញា សេង សូ​ណា បាន​អះអាង​យ៉ាង​ដូច្នេះ​នៅ​ចំពោះមុខ​មិត្ត​ភ័ក្តិ និង​អ្នកសារព័ត៌មាន​នៅក្នុង​កម្មវិធី​ខួបកំណើត​កាលពី​ថ្ងៃទី​២១ មករា នៅ​បុរី​ល្អ​ពេញចិត្ត ក្នុង​ឫស្សីកែវ ។ កញ្ញា​ប្រាប់ថា មហាជន​ភាគច្រើន​បាន​ស្គាល់​ថា​នាង​ជាតា​រា​ស៊ិ​ច​ស៊ី ដូច្នេះ​បើ​នាង​ប្ដូរ​ទម្លាប់​មកជា​សម្តែង​ជា​តារា​ស្រគត់ស្រគំ
​គឺ​មហាជន​ពិតជា​ឈប់​ស្គាល់​នាង ឬ​អាច​មើល​នឹង​លែង​ស្គាល់​។
​ទោះជា​យ៉ាងណាក្តី នាង​បាន​បញ្ជាក់ថា​នាង​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី ស្នេហា​រោលរាល​តែ​ក្នុង​រឿង​ប៉ុណ្ណោះ​គឺ​ត្រឹម​កម្រិត​មួយ​ដែល​មហាជន​អាច​ទទួលយកបាន​ប៉ុណ្ណោះ​
​គឺ​មិន​ដល់​ថ្នាក់​ធ្វើអោយប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ ប៉ះពាល់​ដល់​អារម្មណ៍​ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ​នាង និង​មានប្រតិកម្ម​ពី​ក្រសួង​នោះឡើយ​។

​នាង​និយាយថា «​សម្រាប់​ខ្ញុំ​អត់​ខ្លាច​អ្នកណា​រិះគន់​រឿង​ថា​ខ្ញុំ​ស៊ិ​ច​ស៊ី​ហ្នឹង​ទេ ព្រោះ​រាល់ថ្ងៃ​បើ​កុំ​តែ​ចឹ​ង​ក៏​ខ្ញុំ​ប្រហែល​មិនអាច​ជោគជ័យ​ដល់​ប៉ុណ្ណឹង​ដែរ​!»​។​
​នាង​អះអាងថា​ក្រៅពី​ការងារ​សិល្បៈ​ដែលមាន​ការរីកចំរើន​ខុសគ្នា​ដាច់​ឆ្ងាយ មុនពេល​ដែល​នាង​មិនទាន់​ហ៊ាន​បញ្ចេញ​ភាព​ស៊ិ​ច​ស៊ី នាង​ក៏​ទទួលជោគជ័យ​ក្នុងការ​លក់ដូរ​ផលិតផល​នៅតាម​អន​ឡាញ​ដែល​រកចំណូលបាន​ច្រើន​ពាន់​ដុល្លារ​ក្នុង​មួយខែៗ​នោះ​ផងដែរ​។​

​នាង​បន្តថា «​កន្លងមក​ខ្ញុំ​សម្ដែង​ជា​តួអង្គ​ស្នេហា​រោលរាល​យ៉ាង​ជោគជ័យ​ច្រើន​រឿង​ហើយ ឥឡូវ​នៅ​ខែកុម្ភៈ​នេះ ខ្ញុំ​កុងត្រា​សម្ដែង​រឿង​អោយ​អាមេរិក​២​រឿង​ទៀតហើយ ដែល​រឿង​ទាំងពីរ​គឺ​សុទ្ធ​តែមាន​ប្លង់​ស្នេហា​រោលរាល​តែម្ដង ហើយ​ខ្ញុំ​អត់​គិតថា​ក្រោយពេល​សម្ដែង​ហើយ​មានការ​ប្រកាស​បិទ​ខ្ញុំ​ពី​សិល្បៈ​អី​ដូច ដេ​នី ក្វាន់ ទេ ព្រោះ​បើ​ក្រសួង​អោយគេ​ថត​រឿង​ហ្នឹង​មានន័យថា​ខ្ញុំ​សម្ដែង​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ខុស​ដែរ​»​។​

​ទាក់ទង​នឹង​រឿង​ជីវិត​ឯកជន នាង​ប្រកាសថា បុរស​ដែល​នាង​ជ្រើសរើស​លុះត្រាតែ​ចេញមុខ​ស្ដីដណ្ដឹង និង​ហ៊ាន​រៀបការ​ជាមួយ​នាង​តាមច្បាប់​តែបើ​ត្រឹម​តែម​កលិប​លៗ​នោះទេ គឺ​នាង​មិន​ព្រម​ទទួល​ឡើយ​បើទោះជា​នាង​ជានា​រី​ស៊ិ​ច​ស៊ី ដែល​ត្រូវគេ​វាយតម្លៃថា​ទំនងជា​រាយមាយ​ក្នុង​រឿង​ស្នេហា​ក៏ដោយ​៕
​

ធ្លាយ​ទុយោ​ឆួល​ក្លិន​ប្រេងម៉ាស៊ូត សន្លប់​កម្មករ​ប្រុស​ស្រី​១០៥​នាក់ នៅ​រោង​ច្រក​កាត់ដេរ NNK3

​កោះកុង ៖ កម្មករ​ប្រុស​-​ស្រី​ចំនួន​១០៥​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​នៅក្នុង​រោង​ច្រក​កាត់ដេរ NNK3​នា​ព្រឹក​ថ្ងៃ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨​នេះ​នៅ​តំ​សេដ្ឋកិច្ច​ពិសេស ខេត្តកោះកុង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នាយកដ្ឋាន​អប់រំ​ផ្សព្វផ្សាយ​។
​បន្ទាប់ពី​ករណី​ដួលសន្លប់​កើតឡើង​ភ្លាម កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​និង​ស្រាវជ្រាវ​រក​ពី​មូលហេតុ​បឋម ដែល​ធ្វើ​ឲ្យ​កម្មករ​ដួលសន្លប់​យ៉ាងច្រើន​បែបនេះ​។​
​តាម​សេចក្តីរាយការណ៍​បឋម​ពី​នគរបាល​បាន​ឲ​យ​ដឹងថា ហេតុការណ៍​នេះ​មកពី​ទុយោ​ប្រេងម៉ាស៊ូត នៅ​ខាងក្រៅ​មានការ​បែកធ្លាយ បណ្តាល​ឲ្យ​កង្ហារ​ស្រូប​ក្លិន​ចូលក្នុង​រោងចក្រ ទើប​ធ្វើ​ឲ្យ​កម្មករ​ដួលសន្លប់​បែបនេះ​៕
​

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ប្រកាស​លក់​ជា​ផ្លូវការ​

 

​ភនមំពេញ ៖ ក្រោយពេល​បើក​ការដ្ឋាន​សាងសង់​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម និង​មន្ត្រីរាជការ ជិត​មួយឆ្នាំ គម្រោង​នេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់ និង​បាន​ពន្យារពេល​បើក​លក់​ជា​បន្តបន្ទាប់ តែ​រហូតមក​ដល់ពេលនេះ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នេះ បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក៏ដូចជា​មន្ត្រីរាជការ ដែល​បាន​ចុះឈ្មោះ​ទិញ​គម្រោង​កាលពីមុន​នោះ អាច​ទៅពិនិត្យ​ឈ្មោះ​និង​ដាក់​ប្រាក់​កក់​ជាមួយ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​នេះ បានអោយដឹងថា ក្រុមហ៊ុន​នឹង​បិទ​ឈ្មោះ​អតិថិជន​ដែលមាន​លក្ខណៈសម្បត្តិ​អាច​ទទួលបាន​សិទ្ធិ​ទិញ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ នៅ​ទីតាំង​គម្រោង​ផ្ទាល់ គឺ​នៅ​ភូមិ​កោះគរ ឃុំរ​ការ​ខ្ពស់ ស្រុង​ស្អាង ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៣ ខែមករា​នេះ ហើយ​អតិថិជន​ត្រូវ​ទៅ​មើល​ឈ្មោះ និង​ចំណាំ​លេខ​រៀង​របស់ខ្លួន​អោយបាន​ច្បាស់​ដើម្បី​ទៅ​ចុះឈ្មោះ និង​ដាក់​ប្រាក់​កក់ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​លក់ ស្ថិតនៅ​ដីឡូត៍​លេខ​៦៤៤​បេ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បានបញ្ជាក់​ផងដែរ​ថា អតិថិជន ទាំងអស់​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​មួយចំនួន ដើម្បី​ផ្ទៀងផ្ទាត់ ដូចជា ១ ពាក្យស្នើសុំ​ទិញ​លំនៅឋាន​តម្លៃ​សមរម្យ​ជាមួយនឹង​ក្រុមហ៊ុន ២. អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​សំគាល់​មន្ត្រីរាជការ និង​ទី​៣ សំបុត្រអាពាហ៍ពិពាហ៍ ឬ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ បើសិន​ជាមាន ។

​បើតាម​លោក​ឧកញ៉ា សៀ រឹទ្ធី ម្ចាស់​គម្រោង​លំនៅឋាន​នេះ បានអោយដឹងថា បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រុមការងារ​បាន​សង់​ហេដ្ឋារចនាសម្ព័ន្ធ​អោយ​រួចរាល់​សិន ទើប​ចាប់ផ្ដើម​សាងសង់​ផ្ទះ​ជា​បន្តទៀត ។ គម្រោង​លំនៅឋាន​នេះ នឹងត្រូវ​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ជា​បណ្ដើរៗ​នៅ​ចុងឆ្នាំ ២០១៨​នេះ បើទោះបីជា​មិនបាន​ប្រគល់​ទាំងអស់​ព្រម​គ្នា​ក៏ត្រូវ​ប្រគល់​គម្រោង​ផ្ទះ​ណា​ដែល​សង់​រួច​ដែរ ។

​គួរ​បញ្ជាក់ថា លក្ខខណ្ឌ​សម្រាប់​អ្នក​ដែលមាន​បំណង​ទិញ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​មួយ​នេះ​រួមមាន ជា​អ្នក​ដែល​រៀប​អាពាហ៍ពិពាហ៍​រួចហើយ , ចំណូល​ខ្ពស់បំផុត​ត្រឹម ៥០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ និង​ជា​អ្នក​ដែល​មិនទាន់មាន​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន ជាដើម​៕
​

កាស៊ីណូ​ចំនួន​៥ ខ្មែរ​ចូល​លេង​ច្រើន ជាងបរទេស កម្មករ​អូស​រទេះ​ក៏អាច​ចូល​លេង​ដោយ​សេរី​ដែរ

ប៉ោយប៉ែត ៖ ទីតាំង​ល្បែងស៊ីសង​របស់​កាស៊ីណូ​ចំនួន​៥ នៅ​ចំណុច​រង្វង់​មូលនៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ស្ថិត​ក្រៅ​តំបន់​គ្រប់គ្រង​របស់​អន្តោ​ប្រវេ​ស្ដ៏ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ប្រមាណ​៩០% នៃ​ចំនួន​ភ្ញៀវ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ចំណាត់ការ​អន្តរាគមន៍​បង្ក្រាប​ពី​សមត្ថកិច្ច​ថ្នាក់​ឡើយ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​អើ​ពើក​នឹង​ករណី​នេះដែរ​។ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ម្នាក់​។​

​មន្ត្រី​ដដែល​នេះ បានឱ្យដឹងថា ក្នុងនោះ ហ្គា​យ ដែលជា​អ្នក​នាំ​ភ្ញៀវ​នៅ​ច្រកទ្វារ​ក​៨ នាំគ្នា​ចូល​លេងល្បែង​ផងដែរ មិន​តែ​ប៉ុ​ណ្នោះ​សួ​ម្បី​កម្មករ​អូរ​រទេះ​ក៏​នាំ​គ្នាំ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ម្យ៉ាងទៀត​កាស៊ីណូ​ខាងលើនេះ​បាន​បើក​នៅ​ខាងក្រៅ​បារាស់​ធ្វើ​ឧ្យ​សមត្ថកិច្ច​ពិបាក​គ្រប់គ្រង ដែល​ភ្ញៀវ​មួយចំនួន​តូច បាន​យក​កាស៊ីណូ​ជា​សំអាង រួចហើយ​ចូលក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ តែម្ដង​។​

ប្រជាពលរដ្ឋ បាន​លើកឡើងថា ការវិនិយោគ​លើ​វិស័យ កាស៊ីណូ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ឲ្យ​តែ​ជនបរទេស​ប៉ុណ្ណោះ​ទើប​អាច​ចូល​លេង ។ ប៉ុន្តែ​សម្រាប់​កាស៊ីណូ​ចំនួន​៥ នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​នេះ ដូចជា​កា​សី​ណូ រី​ច (Rich) ,​កាស៊ីណូ​ឡាក់​គី (LUCKY/​កាស៊ីណូ​Poipet VEGAS/, កាស៊ីណូ​ឡា​ហ្គ្រ​ន់ វី​ប​តូ​រី​, កាស៊ីណូ​ប៉ោយប៉ែត Palace plus ខេត្ត​បន្ទាយ​មាន ជាដើម គឺ​បើក​ឱ្យ​ពលរដ្ឋ​ចូល​លេង​ដោយ​សេរី​បំពាន​ទៅលើ​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​។​
​ប្រភព​ដដែល បាន​បន្តថា ហេតុ​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ភាព អនាធិបតេយ្យ នៃ​ការ​ចែកចាយ​គ្រឿងញៀន រួមទាំង​អំពើចោរកម្ម ឆក់​ប្លន់ និង​បទល្មើស ឆ្លងដែន​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់ ព្រោះ​ល្បែងស៊ីសង និង​គ្រឿងញៀន ជា​ប្រភព​បង្កឱ្យមាន​បទល្មើស អស្ថិរភាព​សង្គម ។​

​ជាក់ស្ដែង​កាស៊ីណូ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ រហូតដល់​ថ្នាក់​កម្មករ​អូស​រទេះ ក៏​អាច​ចូល​លេងល្បែង​បាន​ដោយ​សេរី​បែបនេះ តើ​អាច​ធានា​សុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ ភូមិ​ឃុំ​មាន សុវត្ថិភាព ដែល​សម្រេច​ដាក់​ឲ្យ​អនុវត្ត​ដោយ​ក្រសួងមហាផ្ទៃ និង​ប្រមុខ រាជរដ្ឋាភិបាល បានដែរ​ឬទេ​។​

​ជុំវិញករណី ទីតាំង​ល្បែងស៊ីសង​របស់​កាស៊ីណូ​ចំនួន​៥ ដែល​បើក​ឲ្យ​ពលរដ្ឋរ​ចូល​លេង​ភ្នាល់​លុយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ចាត់វិធានការ​ត្រួតពិនិត្យ​ផង ហើយ​បើ​ខុសច្បាប់​គួរតែ​បង្ក្រាប​មិនត្រូវ​ទុក​ឲ្យ​លេង​យ៉ាងនេះ​ទៀត​នោះទេ ព្រោះថា​បាន​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ដល់​ពួកគាត់​យ៉ាងខ្លាំង​។​
​នៅ​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការពន្យល់​ពី​លោក អភិបាល​ថ្មី​នៃ​ក្រុង​ប៉ោយប៉ែ បាន​នៅឡើយ​ទេ ចំណែក​ទូរស័ព្ទ​របស់លោក អភិបាលខេត្ត​បន្ទាយមានជ័យ ជាប់រវល់​ជា​ញឹកញាប់​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បានទេ​៕
​

គូ​ដណ្តឹង​ហៅ​ទៅ​ជួយ​លក់​ទឹកអំពៅ​បាត់​ខ្លួន​កូនក្រមុំ​២​ថ្ងៃ ផ្អើល​ពេញ​ភូមិ

​កំពង់ចាម ៖ នាងក្រមុំ​ម្នាក់ ត្រូវបាន​កំលោះ​ជា​គូ​ដណ្តឹង​បានមក​សុំ​ឪពុកម្តាយ​របស់​នាង​អោយទៅជួយ​លក់​ទឹកអំពៅ នៅ​ស្រុក​ខាង​កូនកំលោះ ដែល​នៅជាប់​ព្រំប្រទល់​ស្រុក ហើយ​បាត់​មិនឃើញ​ត្រ​ទ្ប​ប់​មកវិញ ធ្វើអោយ​អាណាព្យាបាល មានការ​ព្រួយ​បារ​ម្ម​ណ័ ប្តឹង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​។​

លោក ខេង ស្រេង អធិការ នគរបាល ស្រុក​ចំការលើ បាន​អោ​ដឹងថា នៅ​ថ្ងៃទី​២១ ខែ មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​៤០​នាទី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ពឺ​បានទទួល​បណ្តឹង​ពី​ឈ្មោះ ជួន ស ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ស្តីពី​ការបាត់​កូនស្រី​របស់ខ្លួន​ឈ្មោះ នាថ ធីតា អាយុ​១៨​ឆ្នាំ ជាតិខ្មែរ រស់ក្នុង​បន្ទុក​។​

​អាណាព្យាបាល​របស់​កូនក្រមុំ​បានអោយដឹងថា​នៅ​ថ្ងៃ ទី​២១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​និង​៣០​នាទី ទៀបភ្លឺ​ឈ្មោះ ម៉​ង សំណាង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ត្រូវជា​គូ​ដណ្តឹង របស់ នាង នាថ ធីតា នៅ​ភូមិ​ស្ពឺ​.​ក ឃុំ​ជយោ ស្រុក​ចំការលើ បានមក​ឌុប​កូនស្រី​របស់ខ្លួន​ដោយ​ប្រាប់ថា ទៅ​ជួយ​លក់​ទឹកអំពៅ នៅ​ចំណុច​ផ្សារ​ស្ពឺ ក្នុងភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

រហូតដល់​ម៉ោង​៧ និង​៣០ នាទី ថ្ងៃ​ដដែល​បាន​បាត់ឈ្មោះ នាថ ធីតា នៅ​ចំណុច​កន្លែង​លក់​ទឹកអំពៅ ធ្វើអោយ​អាណាព្យាបាល​មានការ​ព្រួយ​បារ​ម្មណ៍​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​។

​លោក អធិការ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ មិនឃើញ​កូនក្រមុំ​ត្រលប់មក​ផ្ទះ​វិញ​ទេ​។​

លោក​អធិការ​បាន​បញ្ជាក់ថា លោក​មិនទាន់​ធ្វើការ​សន្និដ្ឋាន​ជាក់លាក់​ពី​ករណី​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​បន្ត​នៅឡើយ​៕ ដោយ ៖ សុភ័ណ្ឌ

​