All posts by មេគង្គ ប៉ុស្តិ៍

ជម្លោះ​ផឹកស៊ី​ក្នុង​រោងការ ចាក់​គ្នា​ស្លាប់​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

​ឧ​ត្ត​រ​មានជ័យ ៖ យុវជន​ពីរ​នាក់​ដែលជា​ជនដៃដល់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ត្រពាំង​ប្រាសាទ បញ្ជូនទៅ​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ កាល​វេលា​ម៉ោង ១១ និង ៣០​នាទី នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​ឃាត់​កម្ម​សម្លាប់​។​

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រា សាទ បានអោយដឹងថា ជនសង្ស័យ ទី​១​ឈ្មោះ បឿន សុភ​ក្រ័ ភេទ ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ធ្វើ​សិប្បកម្ម រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​២​ឈ្មោះ ឌី ចំ​រ៉ុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ធ្វើ​សិប្បកម្ម រស់នៅ​ភូមិ​អូរ​សោម ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​សម្លាប់​ជន​រង គ្រោះ​

ឈ្មោះ សៀ ឆា​លី ភេទ​ប្រុស អា យុ​១៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រា សាទ កាលពី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។ ដោយ​ជនរងគ្រោះ ត្រូវ​ជន​ស​ង្ស​យ័​ចាក់​ចំ​ក្រោម​ឆ្អឹងជំនី​ផ្នែក​ខាងឆ្វេង​បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ មូលហេតុ ស្រវឹងស្រា​ឈ្លោះ​គ្នា​ក្នុង​រោងការ​៕​

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើឱ្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​ជនជាតិ

​ខេត្ត​ព្រះសីហនុ ​៖​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ឥរិយាបថ​របស់​អ្នកបើកបរ​ជាពិសេស គឺ​ជន​ជាតិចិន នៅតាម​ផ្លូវ​សាធារណៈ ដែល​បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន នគរ បាល​ចរាចរណ៍​ផ្លូវគោក ជាដើម ដែល​បាន​ទុក​បណ្តោយ​ឲ្យ​ជនជាតិ​ចិន អាច​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មើសច្បាប់​ចរាចរណ៍​កម្ពុជា ប៉ុន្តែ​គ្មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​។​
​ប្រជាពលរដ្ឋ​ច្រើន​អ្នក អះអាងថា ការបើកបរ​របស់​ជ​ន​ជាតិចិន ភាគច្រើន​នៅតាម​ផ្លូវ​សាធារណៈ​នាទី​ប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺមាន​ល្បឿន​លឿន និង​ក្នុង​អាកា​រៈ​ស្រវឹង ពិសេស​នៅពេល​រាត្រី​។ ប្រជាពលរដ្ឋ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ពិនិត្យ​ការបើកបរ​របស់​ជន​ជាតិចិន នា​មូលដ្ឋាន​នេះ​។​

​ឆ្លើយតប​បញ្ហា​នេះ ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ធ្លាប់មាន​ប្រសាសន៍ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយកន្តើយ​ការងារ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ទេ​។ លោក​បន្តថា ការត្រួតពិនិត្យ​ការបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រាល់ថ្ងៃនេះ គឺ​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​ជាប្រចាំ ដោយ​មិន​កំណត់ថា​ជនជាតិខ្មែរ ឬ​បរទេស​នោះទេ​៖ «​ពាក់ព័ន្ធ​ជនបរទេស​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​នៅតាម​ផ្លូវ​សាធារណៈ នា​ខេត្ត​ព្រះសីហនុ ខ្ញុំ​សំណូមពរ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ចេញ​ជា​លិខិតស្នាម​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ពួក​ខ្ញុំ​ចុះ​អនុវត្ត​ការងារ​ឲ្យ​ស្របតាម​គោលការណ៍​ដែល​ថ្នាក់ដឹកនាំ​បានដាក់​ចេញ​។ ករណី​ជូន​បរទេស​បើកបរ​រថយន្ត​គ្មាន​ច្បាប់ ឬ​ប័ណ្ណបើកបរ​នោះទេ គឺ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ទាំងអស់ មិនថាតែ​ជនបរទេស​នោះទេ ជនជាតិខ្មែរ​ក៏​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​»​។​

ជារឿយៗ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ នៅ​ខេត្ត​ព្រះសីហនុ សង្កេតឃើញថា ចាប់ពី​ដើមឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ មកនេះ វត្តមាន​ជនជាតិ​ចិន មាន​ចំនួន​កើន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហើយ​ភាគច្រើន​នៃ​ជន​ជាតិចិន ទាំងនោះ មិនសូវ​គោរព​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ អាច​នឹង​កើតមានឡើង​ជាថ្មីទៀត​។​រដ្ឋបាល ខេត្ត​ព្រះសីហនុ បង្ហាញថា ជនជាតិ​ចិន ដែល​បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ គឺជា​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទៅលើ​វិស័យ​សំណង់​អគារ​ធំៗ រួមមាន​សណ្ឋាគារ កាស៊ីណូ ភោជនីយ ដ្ឋា​ន និង​ក្លឹប​កម្សាន្ត ជាដើម​៕
​

ក្រឡាប់​ឡាន​យី​ឌុប​របស់​ឧកញ៉ា ជ័យ ​ចេញ​ឈើ័​ប្រណីត ​នៅឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល

​ខេត្តក្រចេះ ៖ រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយគ្រឿង ដែល​គេ​ស្គាល់​ថា ជា​របស់លោក​ឧក​ញ៉​ជ័យ មាន​ផ្ទុក​ឈើ​អារ​លេខ​១ រាប់រយ​កំណាត់​បាន​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​រាយប៉ាយ​ពេញ​ផ្លូវ កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​១៣​ខែមករា នៅក្បែរ​ព្រំដែន​វៀតណាម នៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ និង​មិនមាន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​​

ជាមួយនឹង​ហេតុ​ការ​ក្រឡាប់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ដឹកឈើ របស់លោក​ឧកញ៉ា​ជ័យ នេះ គឺ​មិន​បង្ក​ឱ្យ​អ្នកបើកបរ ក៏ដូចជា​ព្រូ​រថយន្ត រងរបួស​នោះទេ ហើយ​ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ នេះ ត្រូវបាន​គេ​សន្និដ្ឋានថា​គឺ​បណ្តាលមកពី​ផ្ទុក​លើស​ចំណុះ​។​

​ក្រោយពី​ជួប​ហេតុ​ការ​ក្រឡាប់​ភ្លាមៗ​ត្រូវបាន​ក្រុមកម្មករ​ជាច្រើន​នាក់​បាននាំគ្នា​លើក​ស្ទូច​ឈើ​ផ្ទេរ​កំណាត់ឈើ​ជាច្រើន​រយ​កំណាត់​ពី​រថយន្ត​យី​ឌុប​មួយគ្រឿង​នោះ ទៅ​ដាក់​រថយន្ត​មួយ​ផ្សេងទៀត យ៉ាង​ប្រ​ញ៉ាប់​ប្រញាល់​បានបញ្ចប់​រួចរាល់ និង​ក៏បាន​បន្ត​ដឹក​នាំចូល​ទៅកាន់​ប្រទេស​វៀតណាម តាម ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​បាន​ដោយ​សុវត្ថិភាព ។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ដែល​កំពុងតែ​សម្រុក​ការដឹក​ជ​ញ្ចូ​ន​ឈើ​ពេញ ៗ​ទ្រុង និង​ឃ្លុមបេ​ឈើ​បិទ​ជិត គឺ​គេ​ដឹងថា បាន​ដឹក​ចេញពី​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង តាមផ្លូវ​ជាតិ​លេខ ៧ ឆ្ពោះ​ចូលទៅ​ប្រទេស​វៀតណាម ហើយ​ការដឹកជញ្ជូន​នោះ​គឺ​គេ​សង្ស័យថា គ្មាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ សំរាប់​នាំចេញ​ទៅ​ក្រៅប្រទេស​នោះទេ ។​

​ជាមួយនឹង​ការដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពី​សំណាក់​លោក​ឧ​ញ៉ា​ជ័យ ត្រូវ បាន​សមត្ថកិច្ច​នៅក្នុង​ស្រុក​ស្នួល​និយាយថា ការដឹកជញ្ជូន​ឈើ​នេះ​គឺធ្វើឡើង​ទាំងយប់​ថ្ងៃ​មាន ពេល ខ្លះ​រថយន្ត​នោះ​ខូច ឬ​ក្រឡាប់​ចេញ​ឈើ​រាយប៉ាយ នៅលើ​ដងផ្លូវ​យ៉ាងណាក៏ដោយ ក៏​មិន​រំខាន​ដល់ ការដឹកជញ្ជូន​ឈើ របស់លោក​ឧកញ៉ា​រូបនេះ​ដែរ ។

​ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់លោក​ឧកញ៉ា ជ័យ ដែល​គេ​សង្ស័យថា បាន​ប្រើ​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​នេះ មិនអាច​រក​ប្រភព​ទាក់ទង សុំ​ការបំភ្លឺ​បាន​លោក​ឧកញ៉ា​បាន​នៅឡើយ​ទេ ។​ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល បានឱ្យដឹងថា ឡាន​ដែល​ក្រឡាប់​នៅក្បែរ​ព្រំដែន​វៀតណាម​នេះ ជា​ឡាន​របស់លោក​ឧកញ៉ា​ជ័យ និង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​សំរាប់​នាំ​ចេញទៅ ក្រៅប្រទេស ៕
​

អ្នកធាក់ស៊ីក្លូ នឹងទទួលបានប្រាក់៧ពាន់ រៀលក្នុងមួយថ្ងៃពីមូលនិធិទ្រទ្រង់ស៊ីក្លូ

ភ្នំពេញ ៖ សមាជិកមូលនិធិ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចាប់ផ្តើមដំណើរការសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា ដែលត្រូវចំណាយថវិកាជាង២០ម៉ឺនដុល្លារប្រចាំខែ ដើម្បីជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូ ដោយសារមុខរបរនេះ មិនសូវមានការពេញនិយមសម្រាប់ជាមធ្យោបាយធ្វើដំណើរនោះទេ។ .
នាយករដ្ឋមន្ត្រីម្ពុជា បានប្រកាសចាប់ផ្តើមដំណើរការសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា រឺហៅកាត់ថា មូលនិធិស៊ីក្លូ នាព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីជួយផ្តត់ផ្គង់ជីវភាពអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលមានប្រមាណ៣រយនាក់ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ នេះជាសកម្មភាពគាំពារសង្គមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញសម្រាប់សម្រួលដល់ការប្រកបមុខបរបរ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកធាក់ស៊ីក្លូ ដែលរកចំណូលប្រចាំថ្ងៃបានតិចតួច និងពុំសូវមានការចាប់អារម្មណ៌ពីអ្នកធ្វើដំណើរនាពេលបច្ចុប្បន្ន ដោយសារមានមធ្យោបាយទំនើបៗជាច្រើន បានចូលមកជំនួស ការជិះស៊ីក្លូនេះ។
តាមរយៈការឡើងធាក់ស៊ីក្លូដោយផ្ទាល់ នាព្រឹកថ្ងៃទី១៣ ខែមករានេះ សម្តេចតេជោ បាន អំពាវអោយមានការគាំទ្រការជិះស៊ីក្លូ ទាំងអ្នកទេសចរណ៌ និងប្រជាពលរដ្ឋ ដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាស និងជួយលើកកម្ពស់ស៊ីក្លូកម្ពុជា។ សម្តេចតេជោ បានរំលឹកថា ស៊ីក្លូធ្លាប់ជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ក្នុងប្រទេសកម្ពុជាចាប់តាំងពីសម័យអណានិគមនិយមបារាំង ជាពិសេសស៊ីក្លូក៏ត្រូវបានចាត់ទុកថា ជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ ប៉ុន្តែពេលនេះ ស៊ីក្លូត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ពីចំនួនប្រហែល១ម៉ឺនស៊ីក្លូកាលពីសម័យមុន មកនៅសល់ត្រឹមតែជាង៣រយស៊ីក្លូប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
ដូចនេះតាមរយៈពិធីប្រកាសបើកសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា និងការ ជួបសំណេះសំណាលជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នានា ដែលអ្នកប្រកបរបធាក់ស៊ីក្លូទទួលបានពីមូលនិធិនេះនៅពេលចូលជាសមាជិក និងទទួលបានប័ណ្ណ រួមមាន៖ ទី១. ការឧបត្ថម្ភថវិកា៧ពាន់រៀលក្នុងមួយថ្ងៃ ក្នុងនោះ២ពាន់រៀល គឺសម្រាប់យកទៅចំណាយថ្លៃជួលស៊ីក្លូប្រចាំថ្ងៃ និង៥ពាន់រៀលទៀត គឺសម្រាប់ទិញអាហារហូបប្រចាំថ្ងៃ។ ថវិកានេះនឹងត្រូវបើកជូនរៀងរាល់១០ថ្ងៃម្តង តាមរយៈសេវាកម្មរបស់ធនាគារឯកទេស វីង ។ ទី២. ការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានចាត់អោយមូលនិធិនេះ សិក្សាពីការផ្តល់ជូននូវឯកសណ្ឋានដូចគ្នាសម្រាប់អ្នកធាក់ស៊ីក្លូ និងសិក្សាពីគោលការណ៌ផ្តល់ថវិកាជូនគ្រួសាររបស់ពួកគាត់ នៅពេលអ្នកធាក់ស៊ីក្លូ ទទួលមរណៈភាពផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីទ្រទ្រង់មូលនិធិនេះអោយមានដំណើរការរយៈពេលយូរអង្វែងបាន គឺត្រូវការថវិកាចំណាយប្រមាណពី២៤ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ ។ ដូចនេះ សម្តេចបានដាក់ថវិកាផ្ទាល់ខ្លួន ៥រយលានរៀល ចូលមូលនិធិរួចមកហើយសម្រាប់ដំណើរការដំបូង ហើយសម្តេចនឹងផ្តល់ថវិកា១០លានរៀលជារៀងរាល់ខែបន្ថែមទៀត ដែលជាសរុបប្រចាំឆ្នាំមានថវិកាប្រមាណ២៤ម៉ឺនដុល្លារ។ ក្នុងការផ្គត់ផ្គង់ដល់សកម្មភាពមូលនិធិនេះដែរ ក៏មានការចូលរួមគាំទ្រជាថវិកាពីសំណាក់សប្បុរសជនក្នុងប្រទេសជាច្រើនផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងដែរថា ថវិកាដែលមានស្រាប់ សម្រាប់ការចំណាយក្នុងមួយឆ្នាំ អាចចំណាយចាប់ពី២៤ទៅ៣០ម៉ឺនដុល្លារ។
សម្តេចបានបន្ថែមថា ក្រុមគ្រួសាររបស់សម្តេច បានឧបត្ថម្ភថវិកាចំនួន៥០០លានរៀលរួចរាល់ហើយ, ហើយនៅក្នុងកម្មវិធីនេះ សម្តេចបានឧបត្ថម្ភ២ម៉ឺនដុល្លារ ខណៈក្រុមគ្រួសារសម្តេច នឹងឧបត្ថម្ភចំនួន២៤ម៉ឺនដុល្លារបន្ថែមទៀត ជារៀងរាល់ឆ្នាំ។ ក្នុងនោះក៏មានសប្បុរសជន នឹងឧបត្ថម្ភជាថវិកា ចំនួន២០ម៉ឺនដុល្លារបន្ថែមទៀត ក្នុងមួយឆ្នាំផងដែរ ដោយអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាថវិកាចំនួន៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ដែរថា មិនអាចយកថវិកាក្នុងមូលនិធិនេះ ទៅប្រើប្រាស់ខុសគោលដៅនោះឡើយ។ ដូចនេះ សមាគមមូលនិធិនេះត្រូវមានការពិនិត្យមើលអោយបានច្បាស់ថា អ្នកណាជាអ្នកធាក់ស៊ីក្លូពិតប្រាកដមែន ដើម្បីជួយដល់ពួគគាត់ ៕

នាយករដ្ឋមន្ត្រី ជួប​ពិសា​អាហារ​ជាមួយ​កម្មករ​ស៊ីក្លូ​ជាង ​៣០០​នាក់ នៅ​កោះ​ពេជ្រ​

​តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ព្រមទាំង​ពិសា អាហារ​ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ ជាង​៣០០​នាក់ ដែល​រៀបចំឡើង​នៅ​ម​ជ្ឈ មណ្ឌល​កោះ​ពេជ្រ​។​
​សូម​រំឭកថា កាលពី​ដើមខែ មករា ឆ្នាំ​២០១៨ នេះ បាន​បង្កើត​មូលនិធិ​គាំទ្រ​កម្មករ​ធាក់​ស៊ីក្លូ ទាំងអស់ នៅ​កម្ពុជា​។ ការបង្កើត​មូលនិធិ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន អនុញ្ញាត​ឲ្យ​អ្នកធាក់ស៊ីក្លូ​ទាំងអស់ អាច​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន គិតថ្លៃ ដើម្បី​ជាការ​ឆ្លើយតប​នឹង​ទុក្ខលំបាក ក៏ដូចជា​ការខ្វះខាត​ក្នុង​ជីវភាព​របស់ បងប្អូន​កម្មករ​ធាក់ ស៊ីក្លូ​គ្រប់ៗ​រូប​។​
​មូលនិធិ​ទ្រទ្រង់​អាជីព​របស់​អ្នកធាក់ស៊ីក្លូ​នេះ នឹងត្រូវ​ប្រកាស​បង្កើត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣ ខែមករា នេះ តែម្តង​។ បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ថវិកា​ផ្ទាល់ខ្លួន​ដំណាក់ កាល​ដំបូង​ចូលក្នុង​មូលនិធិ​នេះ​ប្រមាណ ១០០​លាន​រៀល ហើយ​សម្តេច​នឹង​បន្ថែម​ប្រមាណ ១០ លាន​រៀល​បន្ថែមទៀត ជា​រៀងរាល់ខែ​។​
​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះដែរ បងប្អូន​អ្នកធាក់ស៊ីក្លូ​ទាំងអស់ បានបង្ហាញ​ក្តី សប្បាយរីករាយ​យ៉ាង​ចំពោះ​ការសម្រេច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ពួកគាត់ ព្យាបាល ដោយ​មិន​គិតថ្លៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​។ ជាពិសេស​ការបង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់ ដល់ អាជីព​របស់​ពួកគាត់​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការបង្កើត​មូលនិធិ​នេះ មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ដល់ អាជីព របស់​អ្នកធាក់ស៊ីក្លូ​នោះទេ តែ​ក៏​ជាការ​រួមចំណែក​អភិរក្ស​ស៊ីក្លូ ដែលជា​យាន​បង្ហាញ​ពី​អត្ត សញ្ញាណ​របស់​ខ្មែរ​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​ន៍​បារាំង​មក​នោះ​។ ប​ន្ទឹ​ម​នឹង​នេះ សម្តេច តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​សម្បុរ​ស​ជន​នានា ចូលរួម បរិច្ចាគ ក្នុង​មូលនិធិ​គាំទ្រ​កម្មករ ធាក់​ស៊ីក្លូ​នេះ​ឱ្យបាន​ច្រើន​ផងដែរ​៕
លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង មុខរបរ​ក្រៅ​ប្រព័ន្ធ​បាន​ឲ្យ​ដឹង​ថាស​ព្ធ​ថ្ងៃ​លោក​កំពុង​គ្រប់គ្រង​សមាជិក​ជា​អ្នកធាក់ស៊ីក្លូ​ប្រមាណ​១២០​នាក់ ។
​បើតាម​លោក អ៊ឹម សម្បត្តិ នៅក្នុង​រាជធានី​ភ្នំពេញ​ប​ច្ចប្ប​ន្ន​មាន​ចំនួន​ស៊ីក្លូ​សរុប​ប្រមាណ ៤០០​គ្រឿង ។ ប៉ុន្តែ​មាន​អ្នក​ប្រកប​អាជីព​ជា​អ្នកធាក់ស៊ីក្លូ​នេះ​មាន​ប្រមាណ​ជាង ២០០ នាក់​ប៉ុណ្ណោះ​។
សព្វថ្ងៃ​ស៊ីក្លូ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍ មួយ​ដែរ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​។​គេ​តែង​សង្កេតឃើញ​ភ្ញៀវទេសចរ​បរទេស​ភាគ​ច្រើន​ពេលមកដល់​ភ្នំពេញ​ពួកគេ​បាន​ជិះ​ស៊ីក្លូ ទស្សនា​ក្រុងភ្នំពេញ​ដោ​យស​ប្យា​យ​រីករាយ ៕​

អគ្គនាយក​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​

​ភ្នំពេញ ៖ ក្នុងជំនួប​ដាច់ដោយឡែក​ពីគ្នា ដែល​ធ្វើឡើង​នៅ​ភូមិគ្រឹះ រសៀល​ថ្ងៃទី​១២​មករា លោក លាវ លៀន​កឺ (Liu Liange) អគ្គនាយក ធនាគារ​នីហរ័ណ អាហរ័ណ​ចិន (Exim Bank of China) មានប្រសាសន៍​ជំរាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជា ណា​ចក្រ​កម្ពុជា ពី​ការកោតសរសើរ​ចំពោះ​កំណើន សេដ្ឋកិច្ច សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ដែល​កំពុងតែ​មានការ​រីកចម្រើន ពី មួយថ្ងៃ​ទៅមួយថ្ងៃ ក្នុងន័យនេះ គឺជា​កត្តា​ជំរុញ​លើកទឹកចិត្ត​ដល់ ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​ចូលរួម​បណ្តាក់​វិនិយោគ ក្នុងប្រទេស​កម្ពុជា​។ លោក លាវ លៀន​កឺ មានប្រសាសន៍​បន្តថា កន្លងមក​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធ​ធា​រាស្ត្រ​ជាដើម ដោយឡែក​នៅពេលនេះ វត្តមាន​ធនាគារ លោក ក្នុងប្រទេស​កម្ពុជា គឺ​ដើម្បី​សុំ​អនុសាសន៍​ពីស​ម្តេច​តេ​ជោ នៅ​អ្វីដែល​ធនាគារ​របស់លោក អាច​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ ប្រទេស​កម្ពុជា បន្ថែមទៀត​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន គឺមាន​ភាព ល្អ​បំផុត​នៅពេលនេះ ហើយ​កម្ពុ​ជាមាន​ទស្ស​នះ​វិស័យ​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ អ្វីដែល​ធនាគារ នីហរ័ណ​អាហរ័ណ​ចិន បាន​ជួយ​នាពេល​កន្លងមក គឺ​សុទ្ធសឹងតែ​ជា​គម្រោង​អាទិភាព ទាំងអស់ របស់ កម្ពុជា ក្នុងន័យនេះ​សម្តេច បាន​គូស​បញ្ជាក់ដែរថា កម្ពុជា​បានដាក់​គម្រោង​ទៅកាន់​ភាគី​ចិន សម្រាប់​ឆ្នាំ​២០១៨​រួចហើយ ក្នុងនោះ​គម្រោង​អាទិភាព​មួយទៀត គឺ​គម្រោង​ខ្សែក្រវ៉ាត់​ទី​២ របស់ រាជធានី​ភ្នំពេញ​។ តាមរយះ​គម្រោង​អាទិភាព​នេះ សម្តេច​បានស្នើ​សុំ​ឲ្យ​ធនាគារ​នីហរ័ណ អាហរ័ណ ចិន ពិនិត្យ​ក្នុង​ជំរុញ​គម្រោង​ជា​អាទិភាព​នេះ​ឲ្យ​បានចេញ​ជា​រូបរាង​ពិតប្រាកដ​។
​ដោយឡែក លោក លាវ ឈី​ថាវ (Liu Qi Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Contruction មានប្រសាសន៍​ក្នុងជំនួប​ដាច់ដោយឡែក​ពីគ្នា​នោះដែរ​ថា រូបលោក​ធ្លាប់បាន​មកកាន់​ប្រទេស​កម្ពុជា​កាលពី​១០​ឆ្នាំមុន ហើយ​នៅពេលនេះ​រូបលោក បាន​ទៅ ដំណើរ​ទៅកាន់​តំបន់​ជាច្រើន ក្នុងប្រទេស​កម្ពុ​ជារួម​ទាំង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក​ប្រធាន មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ​ដែរ​ថា រូបលោក​បាន​ពិនិត្យឃើញ​ពី​ការរីកចម្រើន ដែល​មិន នឹក ស្មាន​បាន ហើយ​នៅ​ព​លេ​នេះ​ទៀតសោត កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ក៏បាន​ចុះហត្ថលេខា​ហើយ​រួច​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម លី ខឺ​ឈាង មកកាន់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​។ នៅ​ចំពោះមុខ​សម្តេច​តេ​ជោ លោក លាវ ឈី​ថាវ មាន ប្រសាសន៍ថា ក្នុងនាម​ជា​ភាគី​ប្រតិបត្តិ ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ស្ថាបនា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ​ឲ្យ​បានល្អ​និង​ឲ្យ​ក្លាយជា​ផ្លូវ គំរូ​សម្រាប់ ជា​ឧ​ត្ត​ម​ប្រយោជន៍ របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា នេះ​ជា​ផ្លូវ​មួយ​ដែលមាន​សា​រះ​សំខាន់​ខ្លាំង ណាស់ សម្រាប់ កម្ពុជា ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ព្រះសីហនុ ក្នុងន័យនេះ​សម្តេច​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ជំរុញ​ធ្វើយ៉ាងណា​ស្ថាបនា​ឲ្យ​បានចេញ​ជា​រូបរាង​ពិតប្រាកដ​៕​

ប​ង្រា​ប​សង្វៀន​ជល់​មាន់ ២​កន្លែង នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​

​កំពង់ចាម ៖ កំលាំង​នគរបាល ខេត្តក់ំពង់ចាម បាន​ចុះ​ប​ង្រា​ប សង្វៀន​ចំនួន ២​កន្លែង នៅ​ថ្ងៃទី​13 ខែមករា ឆ្នាំ​2018 និង​នាំខ្លួន​អ្នកលេង​មកកាន​ស្នងការ​ដ្ថា​ន នគរបាល ខេត្ត​កំពង​ចាម ដើម្បី​ចាត់ការ​បន្ត​។​
លោក វរសេនិយ៍​ទោ ថា​ញ់ សុខ​វុន នាយ​កា​រិ​យា​ល​យ័ នគរបាល ព្រហ្ម​ទ​ណ្ឌ័ កំរិត​ស្រាល បានអោយដឹងថា នៅ ថ្ងៃទី​13 ខែមករា ឆ្នាំ 2018 វេលា​ម៉ោង 12 និង​30​នាទី បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក ឧ​.​ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​អោយ​កំ​លាំ​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ដឹកនាំ​ដោយ រូប លោក វ​.​ទោ (​ថា​ញ់ សុខ​វុន ) បាន​ចុះបង្ក្រាប​ទីតាំង​កន្លែង​ជល់​មាន់ 01​កន្លែង នៅ​ចំណុច​ចំការកៅស៊ូ​ស្ថិត​ក្នុងភូមិ​ប៉ប្រក ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជា​លទ្ធផល យើង​បង្ក្រាបបាន​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​02​នាក់ គឺ​
1-​ឈ្មោះ ជាន ឈាន ភេទ​ប្រុស អាយុ​49​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ត្រាវ ឃុំ​បុសខ្នុ​ល ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​
2-​ឈ្មោះ ចាន់ រតនា ភេទ​ប្រុស អាយុ​26 មាន​ទីលំនៅ​ភូមិ​ដី​ថ្មី ឃុំ​បុសខ្នុរ ស្រុកចំកា​លើ ខេត្តកំពង់ចាម​។​
ក្នុងនោះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន​:
+​មាន់​ជល់​ចំនួន​02​ក្បាល​ងាប់​
+​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​01
+​ហាន់​តោ​អាប៉ោង​ចំនួន​01
+​កញ្ជក់​ចំនួន​01
+​ខ្សែរ​ព័ទ្ធ​សង្វៀន​ជល់​មាន់​ចំនួន​01​កន្ទុយ​
+​ម៉ូតូ​ចំនួន​11​គ្រឿង​(​ម៉ូតូ​ចាស់​)​។​

លោក ថា​ញ់ សុខ​វុន បាន​បន្តថា នៅ​ថ្ងៃ ដដែល វេលា​ម៉ោង 14​និង​30​នាទី​សមត្ថកិច្ច​បាន ប​ង្រា​ប​ទីតាំង​ជល់​មាន់​មួយកន្លែង​នៅក្នុង​ព្រៃ​ភូមិ ប៉ា​ណា ឃុំ សូ​ទឹប​ស្រុក​ជើងព្រៃ ូ​ត​ទ្រ​ង​ក្រុងមាន់ ចំនួន​27 កៅអី 7 កៅអី​តូចៗ​40 តង់​ប្រក់​ដំបូល​3​ផ្ទាំង តុ​ដែក​ចំនួន​1​។​

សមត្ថកិច្ច​បាន បញ្ជាកថា​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​យកមក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

​

សមាជិក​មូលនិធិ​ទ្រទ្រង់​ស៊ីក្លូ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​

​ភ្នំពេញ ៖ អ្នកធាក់ស៊ីក្លូ នឹង​ទទួលបាន​អត្ថប្រយោជន៍​ចំនួន​២ ពី​ការចូល​ជា​សមាជិក​នៃ​មូលនិធិ​ទ្រទ្រង់​ស៊ីក្លូ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នេះ​តទៅ​។ អត្ថប្រយោជន៍​ទាំងពីរ​រួមមាន​៖
​ទី​១- ចូលទៅ​ក្រោម​មូលនិធិ​សមធម៌ ដើម្បី​ទទួលបាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​។​
​ទី​២- ទទួលបាន​ប្រាក់​ប្រចាំថ្ងៃ​ចំនួន ៧០០០​រៀល (២០០០​រៀល សម្ដេច ហ៊ុន សែន បាន​បន្ថែមថា ចំពោះ​ថ្ងៃ​បើក​ថវិកា​ពី​មូលនិធិ គឺ​យក​ថ្ងៃទី​១០ ថ្ងៃ​២០ និង​ថ្ងៃទី​៣០ នៃ​ខែ​និ​មួយៗ​។​
​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​សំណេះសំណាល និង​ពិសា​របាយ​ជាមួយ​អ្នកធាក់ស៊ីក្លូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​
​សម្តេច ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ពិចារណា​លើ​គម្រោង​បង្កើត​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​របស់​មូលនិធិ​សម្រាប់​អ្នកធាក់ស៊ីក្លូ ដើម្បី​សម្គាល់​ជា​សមាជិក​មូលនិធិ​អ្នកធាក់ស៊ីក្លូ និង​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​របស់​កម្ពុជា​៕
​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ក្រើន​រំឭកថា អ្នកធាក់ស៊ីក្លូ​ដែលមាន​បំណង​ចូល​ជា​សមាជិក​មូលនិធិ​ទ្រ​ទ្រ​ង​ស៊ីក្លូ ត្រូវធ្វើ​ពាក្យស្នើសុំ ប័ណ្ណសមាជិក​ដែល​ត្រូវបាន​ចុះបញ្ជី​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​មិនមាន​ការបង្ខិតបង្ខំ​ឡើយ​៕​

ចាប់ស្ត្រីឈ្មួញឈើម្នាក់ និងអ្នកជួយ ស្តុកលាក់ឈើម្នាក់បញ្ជូនទៅតុលាការ

ស្ទឹងត្រែង ៖ ស្រ្តីជាជនជាតិវៀតណាមម្នាក់ ដែលតែងតែចូលមកសម្ងំតាមសណ្ឋាគារ និងផ្ទះ សំណាក់ នៅក្នុងខេត្តសឹ្ទងត្រែង និងដើរប្រមូលទិញឈើប្រណីត តាមម៉ូតូ និងរថយន្តសាំងយ៉ុង យកមកលាក់ផ្ញើទុកនៅតាមផ្ទះពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ច សហការណ៍ជាមួយព្រះរាជអាជ្ញា រង អមសាលាដំបូងខេត្ត ធ្វើការឡោមព័ទ្ធទីតាំងផ្ទះស្តុកឈើមួយកន្លែង នៅជាប់ផ្លូវជាតិចាស់ ទល់ មុខការដ្ឋានកងទ័ព តាលផ្លូវលំ ចូលទៅក្នុងប្រមាណជា២រយម៉ែត្រ នៅចំណុចគីឡូ៤ ស្ថិតនៅភូមិ រាជានុកូល សង្កាត់-ក្រុង-ខេត្តសឹ្ទងត្រែង ។
បើតាមការកត់សម្គាល់ ចាប់តាំងពីរាជរដ្ឋាភិបាលរៀបចំគណៈកម្ម ការ សហការជាមួយរដ្ឋ បាលព្រៃឈើថ្នាក់ជាតិ ចុះឆែកឆេរតាមបណ្តាខេត្ត នាពេលកន្លងទៅ នៅតាមឃ្លាំងធំៗ និងរោង សិប្បកម្មកែឆ្នៃឈើអត់ច្បាប់ ឃើញថា មានការស្ងប់ស្ងាត់មួយរយៈ ពេលខ្លី ឥឡូវនេះក្រុមឈ្មួញ វៀតណាម កម្រើកឡើងវិញហើយ។ ក្នុងការលួចប្រព្រឹត្តិបទល្មើស នេះ ពួកគេប្រើគ្រប់រូបភាព ក្នុង ការដឹកជញ្ជូនឈើ តាមម៉ូតូ និងរថយន្តសាំងយ៉ុងឥតឈប់ឈរ យកមក លក់ឲ្យឈ្មួញកណ្តាល ដែលនៅរង់ចាំទទួលទិញ ក្នុងខេត្តសឹ្ទងត្រែង។
ប្រភពព័តឥាម បានប្រាប់ឱ្យដឹងថា ឈ្មួញដែលរកស៊ីឈើខុសច្បាប់មានឈ្មោះ ណូ ឈ្មោះ ដា ,ឈ្មោះ ឃុន ,ឈ្មោះ ស្រ៊ុន ,ឈ្មោះ កាំង និងស្រ្តីឈ្មោះ ថែត ជាអ្នកប្រមូលទិញក្នុងខេត្ត សឹ្ទង ត្រែង យកលក់ឲ្យថៅកែឈ្មោះ ធី បាញ់ ជាអ្នកបន្តយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែ បច្ចុប្បន្ន នេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនស្រ្តីជាជនជាតិវៀតណាម ម្នាក់ ក្នុងចំណោមឈ្មួញទាំង នោះ បញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៨ កន្លងមកនេះ ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែងលោក គឹម ហុងសាន បានប្រាប់ភ្នាគ់ងារ ទូរទស្សនិ៍ អាស៊ីអាគ្នេយ៍ ការពីរសៀលថ្ងៃទី១២ ខែមករា នេះ ថា អ្នកពាក់ព័ន្ធការជួញឈើប្រណិត ខាងលើនោះ បានឃាត់ខ្លួនស្រ្តីជាជនជាតិវៀតណាមម្នាក់ និងស្រ្តីជាម្ចាស់ផ្ទះម្នាក់ទៀត សរុបចំនួន ២នាក់។ រីឯឈើដែលរឹបអូសបាន ត្រួវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តជាអញនករក្សាទុក ចំពោះអ្នកពាក់ព័ន្ធ បានយកមកផ្ញើទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសឹ្ទងត្រែង ហើយ រហូតដល់ព្រឹកថ្ងៃទី១៣ ខែមករា នេះ បានរៀបចំបញ្ជូនខ្លួនមកកាន់ អយ្យការសាលាដំបូង ខេត្ត សឹ្ទងត្រែង ដើម្បីចាត់ការបន្ត។
លោកបានបញ្ជាក់ថា ឈើប្រមាណជិត២ម៉ែត្រែគូប ជាប្រភេទឈើធ្នង់ និងនាងនួន រីឯស្រ្តី ជនជាតិវៀតណាម ដែលជាថៅកែឈើ រួមនិងម្ចាស់ផ្ទះជាស្រ្តីខ្មែរម្នាក់ទៀត ក៏បានត្រូវបញ្ចូនមក កាន់ តុលាការខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ ៕

កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ឡាវ​

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ធនាគារ ជាតិ​នៃ កម្ពុជា និង​ធនាគារកណ្តាល​ឡាវ ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ខាង​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រីឯ​ខាង​ភាគី​ឡាវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ស៊ុម​ផាវ ហ្វៃ​ស៊ីត ទេ​សា​ភិ បាល ធនាគារកណ្តាល​ឡាវ​។​
ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការ​រឹត ចំណង មិត្តភាព​ទ្វេភាគី​របស់​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ឡាវ ហើយ​បើតាម​ការបញ្ជាក់ របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ថា តាមរយៈ​ការគាំទ្រ និង​ស្មារតី​ពង្រឹង កិច្ច សហប្រតិបត្តិការ​រប​ស់​ទេសាភិបាល​ធនាគារកណ្តាល​ឡាវ​យើង​ទាំងពីរ បាន​ពង្រឹង​ទំនាក់ទំនង ជា មិត្តភាព​ផង និង​ផ្នែក​បច្ចេកទេស​ផង ដោយ​ឯកឧត្តម​បាន​កត់ សំគាល់​ឃើញថា កិច្ច​សហប្រតិបត្តិ ការ នេះ មានការ​រីកចំរើន​ល្អប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
​ដោយឡែក​ឯកឧត្តម​បណ្ឌិត ស៊ុម​ផាវ ហ្វៃ​សុ​ី​ត ទេសាភិបាល​ធនាគារកណ្តាល​ឡាវ​ក៏ បាន សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ កណ្តាល​ឡាវ​ដែល​កាន់តែ​ធំធាត់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រមទាំង​បានលើកឡើង​ជូន​អង្គប្រជុំ ផងដែរ អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់ ឡា​វនា​ឆ្នាំ ២០១៧​កន្លងទៅ​ថា​បាន​ប្រព្រឹត្ត​ទៅក្នុង​ដំណើរ​ផ្លូវ​យ៉ាង​ល្អប្រសើរ ដោយ​សេដ្ឋកិច្ច របស់​ឡាវ មាន កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ ៧% ធ្វើអោយ​ឡាវ​ក្លាយជា​ប្រទេស​ដែលមាន កំណើនសេដ្ឋកិច្ច ខ្ពស់​ជាងគេ​បង្អស់​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​
​ជាមួយគ្នា​នោះដែរ​ចំណូល​ក្នុងស្រុក​សរុប​ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​។​ចំពោះ​គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​នៃ​ការ​ប្តូរប្រាក់​វិញ ឯកឧត្តម​បណ្ឌិត ស៊ុម​ផាវ ហ្វៃ ស៊ីត មានប្រសាសន៍ថា ធនាគារជាតិ​ឡាវ​បាន​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​បែប​ធូររលុង​ដើម្បី ជម្រុញ​កំណើនសេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​រូបិយប័ណ្ណ​ជាតិ​អោយមាន​លំនឹង​៕​

ផល​នេសាទ​បង្កង​ក្នុង​ខេត្តតាកែវ ទទួលបាន​ជាង​៨៤​តោន ក្នុង​ឆ្នាំ​២០១៧

​តាកែវ ៖ ទិន្នផល​នេសាទ​បង្កង​ក្នុង​ខេត្តតាកែវ ទទួលបាន​ជាង​៨៤​តោន ក្នុង​ឆ្នាំ​២០១៧ ខណៈដែល​ទិន្នផល​នេសាទ​សរុប​ក្នុង​ខេត្ត​នេះ មាន​ជា​៣​ម៉ឺន​៤​ពាន់​តោន​។
​ក្នុង​ឆ្នាំ​២០១៧ ខេត្តតាកែវ បាន​ប្រមូល​ទិន្នផល​នេសាទ​សរុប ជាង ៣​ម៉ឺន​៤​ពាន់​៨៨៦​តោន បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ គឺ​កើនឡើង​ប្រមាណ​១២,៨%​។ ក្នុងចំណោម​ផល​នេសាទ​សរុប​នេះ ការនេសាទ​បង្កង បាន​ទទួលផល​ប្រមាណ​៨៤​តោន ដែល​ទិន្នផល​នេះ​បានមកពី​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ជាង​១​ម៉ឺន​៥​ពាន់​៣​រយ​តោន​! ការនេសាទ​ក្នុង​វាលស្រែ ទទួលបាន​ជាង​១​ម៉ឺន ៤៤០​តោន​។ បើតាម​ការបញ្ជាក់​ពី ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ លោក ញ៉ឹ​ប ស្រ៊ន បាន​ឲ្យ​ដឹងថា ចំនួន​នេះ​គឺ​គិតតែ​ក្នុង​រដូវវស្សា​កន្លងមក​ប៉ុណ្ណោះ​។ ចំពោះ កំណើន​ទិន្នផល​នេសាទ​នេះ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ បាន​បញ្ជាក់ថា គឺ​ដោយសារ អំណោយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ នៅ​រដូវវស្សា​ឆ្នាំ​២០១៧ គួបផ្សំ​ជាមួយ បច្ចេកទេស​នេសាទ និង​ការចិញ្ចឹម​បន្ថែម តាមរយៈ​ការពង្រីក​ការ​ភ្ញាស់ និង​ការចិញ្ចឹម ត្រី បង្កង សម្រាប់​ការអភិរក្ស ផងដែរ ។ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ ក៏បាន​បញ្ជាក់​បន្ថែមថា ទឹកទន្លេ​មេគង្គ​ក្រោម ឡើងមក​រហ័ស ធ្វើអោយ​កំពស់​ទឹកទន្លេ​ជ្រៅ​រយៈពេល​យូរ​ខែ ក៏​ជា​កត្តា​ល្អ​នាំ​ឲ្យ​សត្វ​រស់នៅក្នុង​ទឹក​អាច​បង្កាត់​ពូជ​បាន​ច្រើន​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០១៧​ដែរ​។ បើតាម​ប្រជាជន​ដែល​កំពុង​ប្រកបរ​ចិញ្ចឹម​ត្រី បង្កា ក្នុង​ខេត្តតាកែវ បានអោយដឹងថា ដើម្បី​បង្កើត​កន្លែង​ចិញ្ចឹម​នេះ​តាមបែប​វារីវប្បកម្ម ជា​លក្ខណៈ​កសិដ្ឋាន គឺ​ត្រូវ​ត្រៀម​ថវិកា​យ៉ាងតិច ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បើ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ តាមបែប​ប្រពលវប្បកម្ម​ធម្មជាតិ គឺ​ចំណាយ​ដើមទុន ប្រមាណ ១​ពាន់ ទៅ​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការជីក​ស្រះ និង​ទិញ​កូន​ត្រី​មក​ចិញ្ចឹម​។ សូមបញ្ជាក់ថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​កាត់​ឡូ​ត៏​នេសាទ ពី​ការគ្រប់គ្រង​ដោយ​រដ្ឋ ប្រគល់​ឲ្យ​សហគមន៍​មូលដ្ឋាន​គ្រប់គ្រង​វិញ​មក រដ្ឋបាល​ជលផល​ខេត្តតាកែវ​បាន​បង្កើតជា​សហគមន៍​នេសាទ​ចំនួន​១៨ និង​សហគមន៍​ជម្រក​ត្រី​ចំនួន​៦៤ ដើម្បី​ថែរក្សា​ពូជ​ត្រី​សម្រាប់​រដូវ​នេសាទ ជា​បន្តបន្ទាប់​។ ចំណែក​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្តតាកែវ មាន​ស្ថានីយ៍​ភ្ញាស់​កូន​ត្រី ចំនួន​២២​ទីតាំង ដែល​ចែកចាយ​លក់​កូន​ត្រី បាន​ចំនួន​ជាង​២១​លាន​កូន​ត្រី នៅក្នុង​ឆ្នាំ​២០១៧៕
​

ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា ភ្នំពេញ ខេត្ត​ព្រះសីហនុ នឹង​សាងសង់​ក្នុងឆ្នាំនេះ

​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​គ្រោង​នឹង​សាងសង់​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះ សីហនុ ត្រូវបាន​សម្រេច​ឲ្យ​សាងសង់​ជា​ផ្លូវការ​ហើយ ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សាធារណៈការ​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង នាយករដ្ឋមន្ដ្រី​ចិន នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា កន្លងទៅនេះ​។​
​គម្រោង​ខាងលើនេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៨ នា​វិមាន​សន្តិភាព ដោយ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន​។​
​លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា គម្រោង នេះ​អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០១៨ នេះ​។ ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១.៩០០​លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។ ផ្លូវ​នេះ នឹង​កាត់បន្ថយ​ចម្ងាយ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មក​ត្រឹម​១៩០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើរ ត្រឹម​រយៈ ពេល ២​ម៉ោង​ប៉ុណ្ណោះ​។​
​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ធ្លាប់បាន​បញ្ជាក់ថា អ្នកធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹមតែ​ចំណេញ​ពេលវេលា កាត់បន្ថយ​ការកកស្ទះ​ចរាចរ ណ៍ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀតផង​។ ហើយ​អ្នកធ្វើដំណើរ​ទាំងអស់ កុំ​បារម្ភ​មាន​គោក្របី​ឆ្លងកាត់ ព្រោះ​ផ្លូវ​នេះ ត្រូវធ្វើ​របង​បិទ​ជិត​ទាំងសងខាង និង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​។​
​ ​សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT) ជា​ផ្លូវ ០៤​គន្លង មាន​ប្រវែង​សរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់ សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត លើស ពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​ការ អភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ផងដែរ​៕
​

រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​យល់ព្រម​លើ​ពាណិជ្ជកម្ម​សេវាកម្ម​រវាង​អាស៊ាន​-​ឥណ្ឌា

ភ្នំពេញ ៖ ឆ្លងតាម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ រដ្ឋសភា​នឹង​បន្ត​សម័យ ប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ របស់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុ ម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា​។​

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មានប្រសាសន៍ថា​៖ អាស៊ាន និង​ឥណ្ឌា​កន្លងទៅ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច​ជាមួយគ្នា​ក្នុង​ក្រប​
​ខ័​ណ្ឌ​អាស៊ាន​បូក​១ គឺ​អាស៊ាន​បូក​ឥណ្ឌា ហើយ​ឥឡូវនេះ​អាស៊ាន​ត្រូវមាន​ច្បាប់​ថ្មី​មួយទៀត​គឺ​
​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​
​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា ហើយ​ខាង​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ក៏បាន​រៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ដាច់​ដោយ​
​ឡែក​របស់ខ្លួន​មួយ​ផងដែរ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្តីពី​ពាណិជ្ជកម្ម និង​សេវាកម្ម​រវាង​កម្ពុជា​
​និង​ឥណ្ឌា​។

​លោក ឈាង វុន បាន​គូសបញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​កំពុងមាន​ការលូតលាស់​ខ្លាំង ដែលនាំអោយ​ទាំង​អាស៊ាន ទាំង​កម្ពុជា ត្រូវមាន​កិច្ច​សហ​
​ប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​អោយបាន​ស៊ីជម្រៅ ដើម្បី​ទាញយក​ផលប្រយោជន៍​ពីគ្នា​ទៅវិញ​ទៅ​
​មក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​៕
​

ក្រសួង​ពាក់ព័ន្ធ គ្រោង​ស្នើ​ទៅ​សភា​ឱ្យ​កែប្រែ​ច្បាប់​ដើម្បី​ការពារ​ព្រះមហាក្សត្រ​

ភ្នំពេញ ៖ ដោយ​មើលឃើញថា អង្គ​ព្រះមហាក្សត្រ​កំពុង​ត្រូវបាន​រំលោភបំពាន ឬ​ការប្រមាថ​ពី បុគ្គល​មួយចំនួន​ដែល​មិនអាច​ទទួលយកបាន និង​ជាការ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ចែងថា ព្រះ មហាក្សត្រ​មិនអាច​នរណា​រំលោភបំពាន​បានឡើយ​នោះ នៅពេលនេះ​បណ្តា​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​ទាំងឡាយ​កំពុងធ្វើការ​សិក្សា​អំពី​ទិដ្ឋភាព​ច្បាប់​ដើម្បី​ស្នើសុំ​រដ្ឋសភា​ធ្វើការ​កែប្រែ​ច្បាប់ មួយចំនួន​ដើម្បី​ប្រសិទ្ធភាព​ជាង​មុន​ក្នុងការ​ការពារ​អង្គ​ព្រះ​មា​ហា​ក្សត្រ​ពី​ការរំលោភបំពាន និង ការប្រមាថ​នានា​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។​
សមាជិក​រដ្ឋសភា​មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប​គឺ​ឯកឧត្តម ឈាង វុន នា​ព្រឹក​ថ្ងៃទី​១២​ខែមករា​នេះ​មានប្រសាសន៍ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថា ទាំង​រាជរដ្ឋាភិបាល ទាំង រដ្ឋសភា​គឺមាន​ឆន្ទៈ​ខ្ពស់បំផុត​ក្នុងការ​ការពារ​ព្រះ​កិត្តិយស ព្រះកិត្តិនាម​អង្គ​ព្រះមហាក្សត្រ ជា ពិសេស​ការការពារ​ព្រះរាជ​ប​ល័​ង្គ​ស្របតាម​គោលការណ៍​នៃ​របបរាជានិយម​ដែល​កម្ពុជា​កំពុង ប្រកាន់យក​នាពេល​បច្ចុប្បន្ន​នេះ​៕
​

មូល​និ​ធី​គាំទ្រ​កម្មករ​ធាក់​ស៊ីក្លូ​ដាក់ឱ្យ អនុវត្ត​ពី​ពេលនេះ​តទៅ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បង្កើត និង អនុវត្ត​មូល និ​ធិ​ត្រីចក្រយាន (​ស៊ីក្លូ​) ចាប់ពី​ថ្ងៃ ទី​១៣ ខែមករា ឆ្នាំ​២០១៨ តទៅ​។ នេះ​បើ​យោងតាម សេចក្តី ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នេះ​។
​ទីបំផុត​មូលនិធិ​សម្រាប់​អ្នកធាក់ស៊ីក្លូ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ប្រកាស​បង្កើត និង​អនុវត្តន៍​ជា​ផ្លូវការ​ក្រោយ​រៀបចំ​លក្ខ​ខ​ន្តិ​កៈដា​ក់ ជា​សមាគម​រួចរាល់ ទៅ​ក្រសួង មហាផ្ទៃ​។ ការបង្កើត​នេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកា​បង្កើតឡើង ក្នុង ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១៨ ដើម្បី ជួយ​ទ្រទ្រង់​ដល់​អាជីព​ធាក់​ស៊ីក្លូ​នេះ​។ បើតាម​សម្តេច​តេ​ជោ​មូលនិធិ​នេះ សម្តេចនាយក រដ្ឋមន្ត្រី ប្រកាស​ដាក់​ថវិកា​ផ្ទាល់​របស់​សម្តេច​ជំហាន​ដំបូង​ប្រមាណ ១០០ លាន​រៀល ហើយនឹង ដាក់​ប្រចាំ ខែ​ប្រមាណ​១០​លាន​រៀល​បន្ថែមទៀត​។ សម្តេច​ថែមទាំង​បាន​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម ផ្តល់​ថវិកា សម្រាប់​ទ្រទ្រង់​ដល់​មូលនិធិ​នេះ ផងដែរ​។​
​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ការបង្កើត​មូលនិធិ​នេះ មិន​ត្រឹមតែ​ជួយ​ដល់ ការរស់នៅ របស់ បងប្អូន​អ្នក​ស៊ីក្លូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​ចូលរួមចំណែក​ជួយ អភិ រក្ស​ស៊ីក្លូ​ដែលជា យាន​អត្ត សញ្ញាណ​របស់​ខ្មែរ​តាំងពី​សម័យ​បារាំង​ថែម​ទៀតផង និង​ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវ ទេសចរ​អន្តរ ជាតិ ជិះ​កំសាន្ត​ទីក្រុង​ភ្នំពេញ​ផងដែរ​។
​សូមបញ្ជាក់ថា ក្រៅពី​បង្កើត​មូលនិធិ​ស៊ីក្លូ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន​
​បានប្រកាស​អនុញ្ញាត​ឲ្យ​បងប្អូន អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ទាំង អស់ អាច​ចូល​ព្យាបាល​ជំងឺ និង​ពិនិត្យ​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ ថែមទៀត​។​
​បើ​គ្មានអ្វី​កែប្រែ​ទេ​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​សម្តេច​តេ​ជោ​នឹង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​អ្នកធាក់ស៊ីក្លូ​នៅ​មជ្ឈមណ្ឌល​ពិ​ពរណ៍​កោះ​ពេ​ជ្យ​ផងដែរ​។ គួរ​បញ្ជាក់ដែរថា ចំនួន​ស៊ីក្លូ​នៅ​រាជធានី ភ្នំពេញ​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៣០០ គ្រឿង និង​មាន​អ្នកធាក់ស៊ីក្លូ​ប្រមាន​ជិត​២០០​នាក់​៕

​