All posts by មេគង្គ ប៉ុស្តិ៍

មេ​ឈ្មួញ​រហស្សនាម ណាក់​ក្បាល​ធំ បន្ត​រកស៊ី​ឈើ​ខុសច្បាប់​ឆ្លងខេត្ត​យ៉ាងសកម្ម​

​រត​នះ​គី​រី ៖ មន្ត្រី​ប៉េអឹម​មួយរូប​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ កំពុង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្តរតនគិរី ឆ្លងទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​សមត្ថកិច្ច​ជាច្រើន​ផ្នែក​ក្នុង​ខេត្ត​នេះ ត្រូវបាន​គេ​ចោទប្រកាន់ថា បានទទួល​សំណូក ហើយ​បើកដៃ​ឱ្យ ណាក់​ក្បាល​ធំ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភពព័ត៌មាន​ពី​សកម្មជន​ព្រៃឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​រថយន្ត សាំ​យ៉ុង​ជា ច្រើន​គ្រឿង ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ដឹកឈើ​ចេញពី ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន សៀក​ក្រុង បាន​លុង​ដែលជា​ឃ្លាំង​របស់​មេ​ឈ្មួញ​ម្នាក់​ដែលមាន​រហស្សនាម​ថា ណាក់​ក្បាល​ធំ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ស្ទើរ​រាល់​យប់​ថ្ងៃ ចេញពី​តំបន់​ព្រៃ សហគមន៍​ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង នៅ​សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​បន្ត​ដឹក ជញ្ជូន​ចេញទៅ លក់​ឱ្យ​ឈ្មួញ​វៀតណាម យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណាប​ង្ក្រា​នោះឡើយ​។​
​

ប្រភព​ក៏បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​វៀតណាម​សហការ​ជាមួយ ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​សំខាន់ និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ជាច្រើន​ស្ថាប័ន ហេតុនេះហើយ ទើប​មេ​ឈ្មួញ​រូបនេះ អាចធ្វើ​សកម្ម ភាព​ដឹកជញ្ជូន ឈើ​យ៉ាង​ស្រួល​។​

​ប្រភព​ស្និទ​នឹង​ឈ្មួញ​ឈើ​ម្នាក់ បាន​បង្ហើប​ឱ្យដឹងថា មួយរយៈ​ពេល កន្លងទៅនេះ ឈ្មួញ​ឈើ ឈ្មោះ​ណាប់​វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញ ទៅ​វៀតណាម​ដោយ គ្មាន​ញញើត អ្វី​ទាំងអស់ ព្រោះ គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ប្រភព​បាន​ឲ្យ ដឹង​ទៀតថា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែល​គេ​ដឹងថា មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី និង​ជា​កូនចៅ​ជំនិត​របស់លោក គឹម រស្មី មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្តរតនគិរី ផង​នោះ ទើប​គេ​ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រភព​បន្តថា ឈើ​ដែល ណាក់​ក្បាល​ធំ ប្រមូល​ដឹ​ត​ចេញ​ភាគច្រើន ចេញពី​ស្រុក​អូរ​ជុំ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​តំបន់​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការបំផ្លាញ យ៉ាង​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។​

​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់​ក្បាល​ធំ មាន​ខ្នងបង្អែក យ៉ាងរឹងមាំ ហើយ​អាច​រកស៊ី ដឹកជញ្ជូន​ឈើ ខ្លាំងក្លា​ជាងគេ ក្នុងចំណោម ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ទៀត​នៅក្នុង​ខេត្តរតនគិរី ដែលមាន មេការ​ឈ្មោះ សាល និង ឈ្មោះ ធា ជា​អ្នក​រត់ការ​មើលផ្លូវ ផងដែរ ។ ពេលខ្លះ​ឈ្មោះ ណាក់​ក្បាល​ធំ បាន​ប្រមូល​ទិញ ឈើ​ពី​ឈ្មួញ​ដែល ដឹក​តាមរ ថយ​ន្ត សាំ​យ៉ុង​ពី ស្រុក​សៀម ប៉ាង យកមក​លក់​នៅ​ចំណុច ទន្លេស្រែពក ស្រុក​កូន​មុំ ដោយ​ឈ្មួញ​តូចៗ​ខ្លះ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក យកមក​គរ​ទុក​នៅ ចំណុច​កំពង់ចម្លង​ស៊ី​នឿន​ចាស់ ហើយ​មាន​រថយន្ត យី​ឌុប​ធំៗ​ទៅ​ប្រមូល ដឹកជញ្ជូន​បន្ត​។

​ប្រភព​បាន​ឲ្យ ដឹង​ទៀតថា​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ នេះ​មាន​លាក់ទុក​ឈើ នៅ​ចំណុច​ភូមិ កាឡា​ន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ និង​ដឹក​ចេញពី​តំបន់ អភិរក្ស​ស្រុក លំផាត់ ចេញ​តាមផ្លូវ លំ​ក្រាល​ក្រួស​ក្រហម ចូលទៅ​ផ្លូវជាតិ លេខ​៨ ហើយ​ចេញទៅ​វៀតណាម​តាម​ច្រក​អូរ​យ៉ា​ដាវ យ៉ាង​រំភើយ​។​

​លោក ណាប់ វណ្ណៈ រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ អ្នកយកព័ត៌មាន​មិនទាន់​អាច​សុំ​ការពន្យល់ ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​ដូចខាងលើ​នេះ បាន​នៅឡើយ​ទេ​៕

​

ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ជា​ន់ទី​៤ ក្មេង​តូច​២​នាក់​រលាក​ពេញ​ខ្លួន​

​ភ្នំពេញ ៖ ក្មេងប្រុស​តូច​២​នាក់ បាន​រងរបួស​រលាក​ពេញ​ខ្លួន ខណៈដែល​ភ្លើង​កំពុង​ឆេះ​ផ្ទះ តែ​សំណាងល្អ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចុះទៅ​ជួយ​ធ្វើ​អន្តរ​គម​ន៍​ភ្លាមៗ​រំដោះ​ក្មេង​តូច​នោះ​អោយ​រួច​ផុតពី​អណ្តាតភ្លើង ។​

ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤​ហ្សិត ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។​

​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ ឈ្មោះ ផាន់ សារ៉េត នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤​ហ្សិត ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ មាន​ទំហំ ៤ គុណ ៨​ម៉ែត្រ ជញ្ជាំង​ថ្ម ដំបូល​ប្រ៉​ក់ស​ង្ក័​សី​។​

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ក្មេង​ចំនួន ០២​នាក់ រងរបួស​ធ្ងន់ ត្រូវបាន រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។ ហើយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សាលាខណ្ឌ​ដូនពេញ​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របា​កោះ​ពេជ្រ​២​គ្រឿង​បាន​បាញ់​ពន្លត់​អស់ទាំង​៥​គ្រឿង​ទើប​រលត់​ជា​ស្ថាពរ​។​

​សមត្ថកិច្ច​ជំនាញ និង​អជ្ញាធរ​ប្រើ​រយៈពេល​ជាង​៤៥​នាទី​ទើប​អាចជួយ​ពន្លត់​អគ្គិភ័យ​នេះ​កុំឱ្យ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​។ ទំហំ​នៃ​ការខូចខាត​គឺ​ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង​។ មូលហេតុ​នៃ​ការបង្ក​អោយមាន​អគ្គិភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ បក្សី​ចាំ​ក្រុង​
​

កម្ពុជា​ចាប់ផ្តើម​សង់​កំពង់ផែ​ទំនើប​សម្រាប់​នាវា​ទេសចរណ៍​អន្តរជាតិ​ចូល​ចត​នៅ​ខេត្តកំពត

កំពត ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ជំនួយ​របស់ ADB នឹង​ចាប់ផ្តើម​សាងសង់​កំពង់ផែ​ទេសចរណ៍​ទំនើប​ថ្មី​មួយ​នៅ​ខេត្តកំពត នា​ខែមីនា ខាងមុខនេះ ដើម្បី​ត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ប្រមាណ​១​លាន​៥​សែន​នាក់​ក្នុង​មួយឆ្នាំ តាមរយៈ​នាវា​ល្បឿន​លឿន និង​នាវា​ទេសចរណ៍​អន្តរជាតិ​ខ្នាត​ធំៗ​។

កំពង់ផែ​ទេសចរណ៍​ថ្មី​ក្នុង​ខេត្តកំពត​ដែល​គ្រោង​នឹង​សាងសង់​នេះ មានតម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា សាងសង់ នា​ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ។ កំពង់ផែ​ទេសចរណ៍​នេះ ស្ថិតនៅ​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត​។

នេះ​បើតាម​ការបញ្ជាក់​របស់ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក នាពេល​ថ្មីៗ​នេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក៏បាន​អោយដឹង​ដែរ​ថា នៅពេល​សាងសង់​រួចរាល់​តាម​ការគ្រោងទុក​នា​ចុងឆ្នាំ​២០១៩ កំពង់ផែ​ទេសចរ​ណ៌​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នានា​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ កំពង់ផែ​ទេសចរ​ណ៌​នេះ ក៏​ផ្តល់​ភាពងាយស្រួល​សម្រាប់អ្នកទេសច​រ​ណ៌ ដែលមាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូចជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ជាដើម ។​

ទន្ទឹមនេះ កំពង់ផែ​ថ្មី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ស្រូបយក​ភ្ញៀវទេសចរ​អឺរ៉ុប​កាន់តែច្រើន​ផងដែរ ព្រោះ​វា​ផ្ដល់នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវទេសចរ​ពី​ខេត្តកំពត ទៅកាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ ។ បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នាពេល​កន្លងមក​ថា កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​នេះ នឹង​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ចំនួន​១​លាន​៥​សែន​នាក់​ក្នុង​១​ឆ្នាំ ។

​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧ ខេត្តកំពត បានទទួល​ភ្ញៀវទេសច​រ​សរុប ជាង ១​លាន​៦​សែន​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ណ៌​ជាតិ​មាន​ជាង ១​លាន​៤​សែន និង​អ្នកទេសចរ​បរទេស ជាង​១៦​ម៉ឺន​នាក់ ។

ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៧០​ជាតិ​សាសន៍​ដែលមាន​វត្តមាន​ក្នុង​ខេត្ត ក្នុង​ឆ្នាំ​២០១៧ គឺ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​១ ខណៈ​បារាំង​លំដាប់​ទី​២, អង់គ្លេស​លំដាប់​ទី​៣, អាល្លឺម៉ង់​លំដាប់​ទី​៤ និង​អាមេរិក​លំដាប់​ទី​៥ ៕
​

អ្នក​ខ្ចីលុយ​ឥ​ណ្ឌ​ទានមួយចំនួន​ លក់​ដី​ និង​ផ្ទះ​សងបំណុល​រួច​ធ្វើ​ចំណាកស្រុក​

​តាកែវ ៖ ការផ្តល់​ប្រាក់កម្ចី របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ និង​ធនាគារ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ ទទួលបាន​ជោគជ័យ ក្នុងការ​ប្រើប្រាស់​ប្រាក់កម្ចី​នោះ​ហ​លយ​ក៏ មានគ្រួសារ​ខ្លះ​បាន លក់​ទ្រព្យសម្បត្តិ គោ ជ្រូក មាន់ ទា ដីស្រែ​ចំការ និង​ផ្ទះសម្បែង ដើម្បី​សងបំណុល ទាំង​ការ​និង​ដើម​។ ដោយសារតែ មិនអាច​រកប្រាក់​សង ឲ្យ​បាន​ទាន់​តាម​កិច្ចសន្យា នាំ​ឲ្យ ការប្រាក់ ជំពាក់​កើនឡើង លើស​ប្រាក់ ដើម ដែល​ខ្ចី​។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ អះអាង​ដូចគ្នា​ថា អ្នក​ដែល​បាន​ខ្ចីប្រាក់ ច្រើន​ស្ថាប័ន មាន​ឯកជន​ផង មីក្រូហិរញ្ញវត្ថុ​ផង និង​ធនាគារ​ផង ទៅរក​ស៊ី គឺ​មិនអាច សង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ប្រចាំខែ​បាន​ទាន់ពេល​ទេ​។ ពួកគេ​តែងតែ​លក់ ដីស្រែ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត ដើម្បី​សងបំណុល ហើយ​និរទេស​ខ្លួន ចេញពី​ភូមិ​។​

​អាជ្ញាធរ​ភូមិ​ខ្វាវ លោក ហែម ឡាក់ ជា​អនុ​ប្រធានភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​ឲ្យ​ដឹងថា ក្នុងភូមិ​នោះ​មាន​ប្រជាជន​ជាង​៦០%​នៃ​ចំនួន​គ្រួសារ​២៩៣​គ្រួសារ បាន​ខ្ចីប្រាក់​ពី​ឯកជន ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ពី​ធនាគារ​។ គាត់​ខ្ចី​ច្រើន​ស្ថាប័ន ដើម្បី​យកទៅ​រកស៊ី​។

​ក្នុងចំណោម ៦០% នៃ​គ្រួសារ​អ្នក​ខ្ចីប្រាក់​ច្រើន​ស្ថាប័ន​នោះ មានតែ​៣​ទៅ​៤​គ្រួសារ​ទេ ដែល​លក់​អស់ទ្រព្យ​សម្បត្តិ យកទៅ​សង​គេ រួចហើយ​ចេញពី​ភូមិ ទៅ​រស់នៅ​កន្លែង​ផ្សេង​៖
​លោក ហែម ឡាក់ បន្តថា នៅក្នុង​ភូមិ​ខ្វាវ​នោះដែរ ក្រៅពី​អ្នក​ខ្ចីប្រាក់​ច្រើន​ស្ថាប័ន មិនអាច​សងបំណុល​រួច ហើយ​លក់​អស់ទ្រព្យ​សម្បត្តិ រួច​ចាក​ចេញពី​ភូមិ​ស្រុក ទៅ​រស់នៅ​កន្លែង​ផ្សេង ក៏មាន​គ្រួសារ​ច្រើន​ទៀត ដែល​ខ្ចីប្រាក់​ទៅរក​ស៊ី បង្កើន​សេដ្ឋកិច្ច​គ្រួសារ ហើយ​អាច សង​វិញ​បាន មិន​លក់​ទ្រព្យសម្បត្តិ មកពី​ពួកគេ​ខ្ចីប្រាក់ តែមួយ​ស្ថាប័ន​ទេ​។ លោ​កថា​អ្នក​ខ្ចី​តែមួយ​ស្ថាប័ន​នោះ គាត់​អាចមាន​លទ្ធភាព​សង​គ្រប់​ចំនួន ទាំង​ប្រាក់​ដើម និង​ការប្រាក់​។ អ្នក​សង​ប្រា​ក់រួច ទាំង​ការប្រាក់​និង​ប្រាក់​ដើម​នោះ មិនបាន​លក់​ដីស្រែ លក់​ផ្ទះ យកលុយ​ទៅ​សង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទេ​។ ពួកគេ បាន​លទ្ធភាព បង់​រំ​លោះ​ច្រើន​ឆ្នាំ ហើយ​សង​ទាំង​ការ ទាំង​ដើម​រហូត​ចប់ រួច​ពួកគេ អាច​ខ្ចីប្រាក់​រកស៊ី លើក​ក្រោយៗ​ទៀត​។​​

លោកស្រី ណុប ផាត រស់នៅ​ភូមិ​ខ្វាវ អះអាងថា មុននឹង​គាត់​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មក​សង់ផ្ទះ​ថ្មី គាត់​គិតពី​លទ្ធភាព​នៃ​ប្រាក់ចំណូល​ប្រចាំខែ របស់​ក្រុមគ្រួសារ​គាត់ ថា​តើ​អាច ទូទាត់​សង​ការប្រាក់ និង​បង់​រំ​លោះ​ប្រាក់​ដើម បាន​ឬ​អត់​? លោកស្រី​ថា កូន​គាត់​២​នាក់​ធ្វើការ​រោងចក្រ​កាត់ដេរ បាន​ចំណូល​៤០០​ដុល្លារ ឯ​ប្តី​គាត់​ដើរ​ចាប់​ជ្រូក​។​ក្នុង​១​ខែ ក្រុមគ្រួសារ​គាត់​បាន​ចំណូល​ទៀងទាត់ សរុប​ប្រហែល​៥០០​ដុល្លារ​។ ទើប​គាត់ សំរេចចិត្ត ខ្ចី​១​ម៉ឺន​ដុល្លារ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មក​សង់ផ្ទះ​ថ្មី​រស់នៅ ដោយ សន្យា​សង​ទាំង​ការ​និង​ដើម រយៈពេល​៧​ឆ្នាំ​។ លោកស្រី​អះអាងថា ប្រាក់កម្ចី​នោះ គាត់​ធានា​សង​ឲ្យ​រួច​អស់ទាំង​ស្រុង មុន​កាលកំណត់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រោះ​គាត់ យក​ប្លង់ដី ទៅ​បញ្ចាំ​សម្រាប់​ខ្ចី​។ គាត់​មិន​បណ្តោយ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​រឹបអូស​យក​ប្លង់ដី​គាត់ ដែល​សងលុយ​មិនទាន់​នោះទេ​។​

ចំណែក​លោកស្រី ប៉ែន ចារី រស់នៅ​ភូមិ​ខ្វាវ​ដែរ ឲ្យ​ដឹងថា គាត់​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​កូន​ជិះ​ទៅ​រៀន​។ ក្នុង​១​ខែ គាត់​អាច​សង​រំ​លោះ ទាំង​ការ​និង​ដើម ជិត​១០០​ដុល្លារ ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​វិញ​។ លោកស្រី​ថា គាត់​មាន​របរ​លក់ដូរ​នៅផ្ទះ ចំណែក​ប្តី​គាត់ រត់​ម៉ូតូ​កង់​បី ដឹក​ភ្ញៀវ​និង​ដឹក​ឥ​វ៉ាន់​៖(​សម្លេង ខ្ចី​ក្នុង រយៈពេល​១៨​ខែ ចំនួន​១៦០០​ដុល្លារ​។ ការប្រាក់​១.៥%​។ សង​គេ​ដើម ៨៥​ដុល្លារ ហើយ​ការ គេ​គិត​តាម​នឹង គេ​ចុះ​ដើម​ចុះ​ការ រហូត​ទៅដល់​រយៈពេល​១៨​ខែ​នឹង​)​។​

លោកស្រី ប៉ែន ចារី បន្តថា គាត់​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ទាំង​ប្រាក់​ដើម និង​ការប្រាក់ អស់​១៥​ខែ​ហើយ នៅសល់​៣​ខែ​ទៀត គាត់​កំពុង​សង​ឲ្យ​គ្រប់​ចំនួន​ខ្ចី​។

អាជ្ញា​ភូមិ​ខ្វាវ លោក ហែម ឡាក់ ឲ្យ​ដឹងថា ក្នុងភូមិ​នោះ មាន​ប្រជាពលរដ្ឋ ខ្ចីប្រាក់​ពី​ធនាគារ​និង​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន ដែល​បានមក​ស្នើសុំ បណ្តាក់​ប្រាក់​ឲ្យ​អ្នកភូមិ​ខ្ចី មិនដែល​រឹបអូស​យក​ប្លង់ដី ប្លង់​ផ្ទះ​ដែល​គេ​បញ្ចាំ​នោះទេ​។ អ្នក​ដែល​សង​គេ​មិន​រួច​បាន​លក់​អស់ទ្រព្យ​សម្បត្តិ​នោះ ភាគច្រើន​ខ្ចីលុយ​ច្រើន​ស្ថាប័ន​ពេក ហើយ​ចំនួន​ខ្ចី រាប់ម៉ឺន​ដុល្លារ តាម​ការ វាយតម្លៃ​ទ្រព្យសម្បត្តិ​គាត់ មុនគេ​បោះទុន​ឲ្យ​ខ្ចី​។ អ្នក​ខ្ចី​នោះ នៅ​ខែ ឆ្នាំ​ដំបូងៗ ចេះតែមាន លុយ​សម្រាប់​សង​រំ​លោះ​។ ពេល​ក្រោយមក​គាត់ អសមត្ថភាព​សង ដោយ​បញ្ហា​ផ្សេងៗ ទើប​កើតជា​រឿង លក់​អស់ទ្រព្យ​សម្បត្តិ ដើម្បី​សង​គេ ព្រោះ​ការប្រាក់​កើន​លើស ប្រាក់​ដើម ខ្ចី​ក៏មាន​។

​កាលពី​ឆ្នាំ​២០១៧ កន្លងមកនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​គ្រប់​ស្ថាប័ន ទាំង​ធនាគារ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនគួរ​តម្លើង ការប្រាក់​កម្ចី ហួសហេតុ​ពី​១៨% នោះទេ​៕

​

អ្នកទិញ​ផ្ទះ​នៅបុរីពាណិជ្ជកម្ម ជីប ម៉ុង ស្នើឱ្យ​អាជ្ញាធរ​ជួយ​ឱ្យ​ម្ចាស់​បុរី​គោរព​កិច្ចសន្យា​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែល​ទិញ​ផ្ទះ ហើយ​កំពុង​រស់នៅ ក្នុង​បុរី ពាណិជ្ជកម្ម ជីប ម៉ុង ប្រមាណ​ជាង ២៣៩ ល្វែងផ្ទះ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ បានស្នើ​ឱ្យ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ធ្វើ​អន្តរា​គម ដល់​ម្ចាស់​បុរី​មួយ​នេះ ឱ្យទទួល​ខុសត្រូវ​តាម​កិច្ចសន្យា ដែល​ខ្លួន​បាន​អះអាង​ជាមួយ​អតិថិជន កាលពី​ដំបូង​ទី ថា​ធានា​ឱ្យបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ភាពស្របច្បាប់ នៃ​កម្ម​សិទ្ធ​អចលនទ្រព្យ និង បរិស្ថាន​ល្អ ក្នុងការ​រស់នៅ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកឡើងថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ម្ចាស់​បុរី​ខាងលើនេះ ហាក់​មិន​ទទួលខុសត្រូវ​តាម​កិច្ចសន្យា បណ្តោយ​ឱ្យមាន​អសន្តិសុខ ក្នុង​បុរី ធ្វើឱ្យ​ការរស់នៅ មានការ​ភ័យខ្លាច មាន​ក្មេង​ទំនើង​អុកឡុក មានការ​ប្រើប្រាស់ លក់ដូរ​គ្រឿងញៀន និង​មាន​អំ​ពើត​ចោរកម្ម អំពើហិង្សា កើត​ឡើងជា​ញឹកញាប់​។ ក្រៅពីនេះ នូវ មិន​គោរព​កិច្ចសន្យា ក្នុងការ​រក្សា​អត្តសញ្ញាណ​បុរី ស្លាក​លេខ​ផ្ទះ​និ​មួយៗ បណ្ណ​កម្ម​សិទ្ធ​អចលនទ្រព្យ និង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​បុរី ពេលយប់​ងងឹត​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​។​

​ការស្នើ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​១៤​ខែមករា​នេះ ក្នុង​វេទិកាសាធារណៈ​របស់រ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ការជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន ជុំវិញ​ក្តីកង្វល់ ក៏ដូចជា​មាន​សំណើរ និង​សំណួ​ម​ពរ មួយចំនួនទៀត ដែល​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ដោះស្រាយ​នៅក្នុង​បុរី ពាណិជ្ជកម្ម ជីបម៉ុង​នេះ​។​
​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​បានស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​រង​ការខូចខាត​យ៉ាងខ្លាំង លិច​ទឹក​នៅ​រដូវវស្សា ពេលយប់​ងងឹត​ពិបាកធ្វើ​ដំណើរ និង​ស្នើឱ្យ​ស្តា​ប្រ​ឡា​មេ​មួយ​ខ្សែ ដាក់​គម្រប ដែល​បច្ចុប្បន្នកំពុង​រីង​រាក ដោយសារ​សំរាម មាន​ក្លិនស្អុយ​ពិបាក​ក្នុង​ការរស់នៅ ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ក្នុង​តំបន់​នេះ​យ៉ាងខ្លាំង​។​

​ជាការ​ឆ្លើយតប​ចំពោះមុខ​ប្រជាពលរដ្ឋ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​យក​នូវ​សំណើរ និង​សំណូមពរ ទាំងអស់​មក​ដោះស្រាយ ហើយ​អ្វី​ដែលជា​តម្រូវ​ការចាំបាច់ អាជ្ញាធរ​ខណ្ឌ និង​ភាគី​ពាក់ព័ន្ធ នឹង​ដោះស្រាយ​ឱ្យបាន​លឿន​តាម​សំណូមពរ ប៉ុន្តែ​មាន​បញ្ហា​មួយចំនួនទៀត ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន រដ្ឋបាល​ខណ្ឌ នឹងធ្វើ​របាយការណ៍​ដាក់ជូនទៅ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​លទ្ធភាព និង​ដោះស្រាយ​ជូន​។​

​ជាមួយគ្នា​នោះ លោក ហែម ដា​រិ​ទ្ធិ ស្នើឱ្យ​ពលរដ្ឋ​មានការ​អត់​ភ្ម​ត់ និង​ជឿជាក់​លើ​អាជ្ញាធរ ដើម្បី​ទុកពេល​ឱ្យ​អាជ្ញាធរ​ដោះស្រាយ នូវ​រាល់​បញ្ហា ក៏ដូចជា​កង្វល់​របស់​បងប្អូន ក្តី​ព្រួយ​បារ​ម្មណ៍ និង​ផលវិបាក​របស់​ប្រជាជន គឺជា​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ហើយ​រាជរដ្ឋាភិបាល មិនដែល​ព្រងើយ កណ្តើយ​ម្តងណា​ឡើយ ចំពោះ​ទុក្ខលំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕

​

កម្ពុជា​គ្រោង​បញ្ជូន​កម្មសិក្សាការី​១​ពាន់​នាក់ ទៅ​ធ្វើការ​នៅ​ជប៉ុន

​ភ្នំពេញ ៖ តាមរយៈ កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ជប៉ុន ដែល​បាន​ចុះហត្ថលេខា លើ​អនុស្សា​យោគយល់​គ្នា កាលពីពេល​កន្លងទៅ ក៏ដូជជា ការចុះ MOU រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយ ខេត្ត អ៊ី​ហេ​មិ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​ដើម្បី​បញ្ជូន និង​ទទួល​កម្ម​ពលករ​នោះ កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្មសិក្សាការី​រប​ស់​ខ្លួន​ចំនួន​១០០០​នាក់​ទៅ​បំរើការ​ងារ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​លោក បណ្ឌិត អ៊ិន សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​ចុះ​MOU​នោះ​ថា ជំហាន​ដំបូង​នេះ កម្ពុជា​នឹង​បញ្ជូន​កម្មសិក្សាការី​ប្រមាណ​១០០០​នាក់ បន្ទាប់មក​នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​បញ្ជូន​ជា​បន្តបន្ទាប់​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​នៅ​ជប៉ុន និង ទីភ្នាក់ងារ​ទទួល​សិទ្ធ​បញ្ជូន​ពលករ​របស់​ក​ម្ពុ​ជា​។​

​លោក​រដ្ឋមន្ត្រី​បន្តថា បច្ចុប្បន្ន កម្មសិក្សាការី​កម្ពុជា កំពុង​បំរើកា​រងារ​នៅ​ប្រទេស ជប៉ុន​ប្រមាណ​ជាង​៦​ពាន់​នាក់ ហើយ​នៅ​ឆ្នាំក្រោយ​ទៀត នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យចំ​នួន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន មានការ​កើនឡើង​អាច​រហូតដល់​មួយ​ម៉ឺន​នាក់​។​

​លោក​បណ្ឌិត​បញ្ជាក់ថា កម្មសិក្សាការី​កម្ពុជា ក្រោយពី​បាន​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​ជប៉ុន ពួកគេ​នឹង​ទ​ទួ​បាន​ប្រាក់បៀវត្ស​ខ្ពស់ អាច​ចាប់ពី​១០០០​ដុល្លារ​ឡើង ទៅក្នុង​១​ខែ ក្រៅពីនោះ​ពួកគេ​ក៏​នឹង​ទទួលបាន ចំណេះដឹង ភាសារ ស្វែងយល់​ពី​ទំនាម​ទំលាប់ ប្រពៃណី វប្បធម៌ និង​ការរស់នៅ​រវាង​ប្រជាជន​នៃ​ប្រទេស​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម បទពិសោធន៍​ក្រោយពេល​ត្រឡប់មក​ប្រទេស​វិញ​។​

​ ​ចំណែក​លោក ណា​ការ​ម៉ូ​រ៉ា អភិបាលខេត្ត អ៊ី​ហេ​មិ បាន​អះអាងថា ក្រោ​ពី​បាន​មកដល់​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ទើប​លោក​ដឹងថា កម្ពុជា​កំពុងមាន​ការរីកចំរើន ហើយ​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់ មាន​កម្លាំង​ពលកម្ម​ច្រើន និង​មាន​ការតស៊ូ​ខ្ពស់ ដែល​ប្រទេស​ជប៉ុន​កំពុងតែ​ត្រូវការ​។ ពិសេស​ប្រជាជន​កម្ពុជា មានការ​ស្រលាញ់​និង​ចូលចិត្ត​ប្រជាជន​និង​ប្រទេស​ជប៉ុន​ផងដែរ ដែល​ពួកគេ​អាច​រស់នៅ ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អ​ពី​ពេលបច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​ខាងមុខ​។​

​ចំពោះ​លក្ខណ​ការងារ​វិញ លោក​ថា ជប៉ុន​មិនមាន​តម្រូវការ​ជំនាញ​ខ្ពស់ ឬ ច្បាស់លាស់​ពេក​ទេ សំខាន់​កម្មសិក្សាការី ត្រូវ​ចេះ​ភាសា​បឋម ជំនាញ​បឋម ដែល​ភាគី​ជប៉ុន និង​កម្ពុជា​បាន​ឯកភាពគ្នា​មុនពេល​បញ្ជូន​។ នៅពេល​ទៅដល់ ក៏​នឹង​មានការ​តាមមើល​ថែទាំ​ពួកគាត់​យ៉ាង​ល្អ​បន្ថែមទៀត​។​

​លោក​បញ្ជាក់ថា សម្រាប់​កម្មសិក្សាការី​ក​ម្ពុ​ជា ដែល​ត្រូវ​ទៅ​បំរើ​ការងារ​នៅ​ខេត្ត អ៊ី​ហេ​មិ មានដូចជា ផ្នែក កសិកម្ម ឧស្សាហកម្ម នេសាទ និង​សេវាកម្ម​មួយចំនួនទៀត​៕

​

កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទ​H​កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម​វ័យក្មេង​លើកដំបូង​

​ភ្នំពេញ ៖ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម វ័យក្មេង លើកដំបូង មិន​ធ្លាប់​មាននៅ​រាជធានី​ភ្នំពេញ នេះ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​មួយ ក្នុង​ការជួយ​ដល់​អាជីវកម្ម​ពាក់ព័ន្ធ ក៏ដូចជា​ការតភ្ជាប់​នូវ​ទំនាក់ទំនង រវាង​អ្នកជំនួយ​វ័យក្មេង ដែល​ទទួលបាន​ជោគជ័យ ទៅកាន់​សហគ្រិន​វ័យក្មេង នៃ​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៤ ខែមករា​នេះ នា​សណ្ឋាគា សុខា​ភ្នំពេញ មាន​រៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម​វ័យក្មេង​មួយ ដែលមាន ប្រធាន និង សហគ្រិន ប្រហែល​ជាង​៥០​នាក់ មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា រួមទាំង​កម្ពុជា ។ ពួកគេ​គឺជា​តំណាង​ក្រុមហ៊ុន ដែល​រកចំណូលបាន​លើសពី​១៣​លាន​ដុល្លារ ដែលជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។​

​លោក Fred Mouaward ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Synergia One Group ដែលមាន​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ នៅក្នុង​ប្រទេស​ចំនួន​១២ និង​នៅតាម​ឧស្សាហកម្ម​ជាច្រើន ដែល​រួមបញ្ចូល​ការលក់​ត្បូង និង​គ្រឿង​អា​លង្ការ​មានតម្លៃ​ជាច្រើន​ទៀត​នោះ បាន​លើកឡើងថា អង្គការ​ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង (Young Presidents Organization ឬ​ហៅ​កាត់​ថា YPO) គឺជា​វេទិកា​សកល​សម្រាប់ ប្រធាន​នាយក​ប្រតិបត្តិ ចូលរួម​សិក្សា​ស្វែងយល់ និង​ទទួលបាន​ភាព​រីកចំរើន​ទាំងអស់គ្នា​។ សមាជិក​YPO ចាប់យក​ចំណេះដឹង ឥទ្ធិពល ការជឿទុកចិត្ត ពី​អ្នកជំនួយ​មាន​ឥទ្ធិពល ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុង​ពិភពលោក ដើម្បី​ជម្រុញ​ឱ្យ​ឥទ្ធិពល​អាជីវកម្ម​ផ្ទាល់ខ្លួន ក្រុមគ្រួសារ និង​សហគមន៍​កាន់តែ​ជោគជ័យ​។​

​លោក​ថា កម្ពុជា​ជា​ប្រទេស​សេដ្ឋកិច្ច​មួយ កំពុង​រីកចំរើន​នៅ​អាស៊ីអាគ្នេយ៍ ដូច្នេះ ប្រធាន និង​សហគ្រិន​វ័យក្មេង​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ក្នុងការ​ចូលរួម​បេសកកម្ម YPO ហើយនឹង​ក្លាយជា​អ្នកដឹកនាំ​យ៉ាង​ល្អ​ពេញ​មួយជីវិត​។​

​លោក ស៊ឹម ឬ​ទ្ធី ស្ថាបនិក​ក្រុមហ៊ុន SIM BROTHERS ជា​សមាជិក YPO និង​ជា​ស្ថាបនិក YPO Cambodia បាន​លើកឡើងថា YPO បាន​ពង្រីក​សក្កដានុពល​សមាជិក​របស់ខ្លួន​ជាង​២៥០០០​នាក់​នៅក្នុង​១៣០​ប្រទេស ដែលមាន​បុគ្គលិក​បំរើការ​ជាង​១៦​លាន​នាក់ និង​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ចំនួន​៦​ពាន់​លាន​ដុល្លារ​។ លោក​ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ YPO Cambodia Chapter នឹង​ត្រូវបាន​បង្កើតជា​ផ្លូវការ ហើយ​ត្រូវ​ជ្រើសរើស​បេក្ខជន​យ៉ាងហោចណាស់​១៦​នាក់​។​​

សូមបញ្ជាក់ថា កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម​វ័យក្មេង​នេះ ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ចូលរួម​ពី លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ ហើយ​មេដឹកនាំ ដែលមាន​អាយុ​ក្រោម​៤៤​ឆ្នាំ ដែល​កំពុងដំណើរការ​ក្រុមហ៊ុន មាន​ប្រាក់ចំណូល​លើសពី​១៣​លាន​ដុល្លារ និង​មាន​បុគ្គ​លោក​យ៉ាងតិច​៥០​នាក់ នឹងត្រូវ​លើកទឹកចិត្ត​ឱ្យ​ដាក់​ពា​ក្ស ធ្វើជា​សមាជិក YPO៕

​

វេទិកា​និយាយ​ជា​សាធារណៈ របស់​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត មាន​យុវជន​ចូលរួម​ជាង​៧០០​នាក់​

​ភ្នំពេញ ៖ ដូច​ការរំពឹងទុក វេទិកា​និយាយ​ជា​សាធារណៈ ( Igmite Phnom Penh) លើក​ទី​៣ របស់​ក្រុមយុវជន​ស្ម័គ្រ ដែល​បាន​ផ្តួចផ្តើម​គំនិត នាំមក​នូវ​កម្មវិធី និយាយ​ជា​សាធារណៈ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព នៃ​ការនិយាយ​ជា​សាធារណៈ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប និង​ផ្តល់ឱកាស​ឱ្យ​យុវជន បាន​និយាយ​ពី​គំនិត ដែល​ចង់​ចែករំលែក ពី​ភាពជោគជ័យ ក្តី​ស្រលាញ់ និង​គោលដៅ​របស់ខ្លួន ដែល​បាន​ប្រារ​ព​ធ្វើ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា នេះ ទទួលបាន​ការចូលរួម​ពី សិស្ស និស្សិត និង​យុវជន​ជាង​៧០០​នាក់​។​
​លោក ជា សុខ​ហ៊ី ជា​អ្នកដឹកនាំ​ក្រុម បានឱ្យដឹងថា វេទិកា​លើក​ទី​៣​នេះ មានការ​ចូលរួម​ពី​វាគ្មិន​វ័យក្មេង ចំនួន​១៤​រូប មានបទពិសោធន៍ មានចំណេះដឹង​ខ្ពស់ និង​មានគំនិត​ចង់​ចែករំលែក នូវ​អ្វីដែល​ពួកគេ​មាន ដល់​យុវជន មកពី​សាកលវិទ្យាល័យ វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។ ពួកគេ​មាន​ពេល​៥​នាទី ដើម្បី​ធ្វើ​បទ​បង្ហាញ ខ្លី ខ្លឹម​ខ្លាំង ។​
​យុវជន​វ័យក្មេង​រូបនេះ បន្តថា តាមរយៈ​វេទិកា​នៅថ្ងៃនេះ វាគ្មិន​និ​មួយៗ​បាន​នាំមក​នូវ​ប្រធានបទ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ពិត​របស់ខ្លួន ការជួប​ប្រទះ​ក្នុងសង្គម វិ​ប​ត្ត​ផ្លូវចិត្ត ការ​ជម្រុញ​ដល់​អ្នកដទៃ​ដើម្បី​ឱ្យធ្វើ​កិច្ចការ​បានល្អ​ជាង​មុន ជា​ពី​សេស​គារ​ពង្រឹងសមត្ថភាព កុំឱ្យ​ចុះចាញ់​នឹង​ឧបសគ្គ​ផ្សេងៗ​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួនឯង គ្រួសារ និង​មជ្ឈដ្ឋាន​ខាងក្រៅ​៕

​

ឃុំខ្លួន​បុរស​៤​នាក់​ដែល​វាយ​ប៉ូលិស​ពេល​កំពុង​ត្រួតពិនិត្យចរាចរណ៍​

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជើង​ខ្លាំង​៤​នាក់​ដែល​តដៃ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ​រហូត​ធ្វើឱ្យ​ប៉ូលិស​ម្នាក់​រងរបួស ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​

​ប៉ូលិស​ខណ្ឌ​សែន​សុខ បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​ថា​ជើង​ខ្លាំង​ទាំង​៤​នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ហិង្សា​ដោយ​ចេតនា​”​ប្រព្រឹត្ត​នៅ​ចំណុច​មុ​ផ្សារ​ស៊ុប​ភឺ​ស្ព័​រ​ផ្លូវ​លេខ​១៩៨៦​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​០៨ ខែមករា​ឆ្នាំ​២០១៨​តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់ថា​មុនពេល​កើត កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បានដាក់​គោលដៅ​ត្រួតពិនិត្យ ជាតិ​អាល់កុល​ដោយ​បានឃើញ​ក្រុម​ជនសង្ស័យ​ពូរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​គ្នាន​ផ្លាកលេខ​ឌុប​គ្នា​តាមផ្លូវ ក្នុងស្ថានភាព​ស្រវឹង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់​ធ្វើ​ការណែនាំ និង​ត្រួត​ពិន​ត្យ​។ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ឈ្មោះ ដុំ ចំរើន និង​ដុំ ម៉ាលី បាន​ទូរស័ព្ទ​ហៅ​ក្រុម​បក្ខពួក​៤​នាក់​ទៅ​៥​នាក់​មកដល់​គោ​កល​ដៅ​កិច្ចប្រតិបត្តិការ​រួច​បាន​ស្រែក​ឡូឡា​និង​បង្កទំនាស់​រួច​ប្រតាយប្រតប់​និង​ប្រើ​ដៃ​វាយ​មកលើ​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​បណ្តាលឱ្យ​របួស ។​​

បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕
​

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ ​ពាណិជ្ជកម្ម​សេវាកម្ម​រវាង​អាស៊ាន​-​ឥណ្ឌា​

 រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​
​ពាណិជ្ជកម្ម​សេវាកម្ម​រវាង​អាស៊ាន​-​ឥណ្ឌា​​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ នេះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមាន​សមាជិក​សមា​ជិ​កា​ចូលរួម​ប្រជុំ​ចំនួន ១១៣​រូប​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ កាត់​ថា អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា​។​
​លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​អញ្ជើញ​ការពារ​សេចក្តីព្រាង ច្បាប់​នេះ​មានប្រសាសន៍​គូសបញ្ជាក់ថា​៖ កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើអោយ​ប្រសើរឡើង​នូវ ប្រសិទ្ធភាព​រវាង​អាស៊ាន និង​ឥណ្ឌា​ក្នុងការ​ប្រកួតប្រជែង ព្រមទាំង​ការធ្វើ​ពិពិធ​កម្ម និង​សេវា កម្ម​នៅក្នុង​តំបន់​អាស៊ាន និង​ឥណ្ឌា​។​
សូម​ជម្រាបជូន​ថា​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន និង​សាធារណ រដ្ឋ​ឥណ្ឌា​នេះ​មាន ២​ផ្នែក និង​៣៤​មាត្រា​៕
​

ផឹកស៊ី​ស្រវឹង​ទាញ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​កូនជាង​ខ្លួនឯង​

​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ត្រួវបាន​សមត្ថកិច្ច​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ធ្វើការ​ឃាត់ខ្លួន ខណៈពេល​ជនសង្ស័យ បាន​ទាស់​ពាក្យសំដី​គ្នា​បន្តិចបន្តួច រួច​យក​ដា​វសា​ម៉ូ​រ៉ៃ កាប់​ទៅលើ​យុវជន​ម្នាក់ បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រួវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ភ្លាមៗ ។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​ឈ្មោះ ហម ឌី ហៅ​ឌី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​កោះស្លា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ សើ យា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​ដូចគ្នា រស់នៅ​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ។​

​លោក​អនុសេនីយ៍ទោ គង់ សំណាង នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ មានប្រសាសន៍​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ បានមកពី​ធ្វើ​ការងារ​ជា​កម្មករ នៅ​កន្លែង​ជាមួយគ្នា ដោយ​ជនសង្ស័យ​ជា​មេកា ហើយ​យុវជន​រងគ្រោះ​ជា​កម្មក​រ​តួច​តាច ។ លោកនាយ​ប៉ុ​ស្ត៍ បាន​បន្តថា​៖ បន្ទាប់មក​អ្នក​ទាំងពីរ បាន​អង្គុយ​ផឹកស៊ី​ជុំគ្នា មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​ពាក្យ​ប្រកែក​គ្នា តឹង​មាត់​តឹង​ករ​បន្តិចបន្តួច ក៍​ស្រាប់តែ​ជនសង្ស័យ បាន​ទៅយក​ដាវ​សា​ម៉ូ​រ៉ៃ ដែល​លាក់ទុក យកមក​កាប់​លើ​យុវជន​រងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​តែម្តង ។ លោកនាយ​ប៉ុ​ស្ត៍ បាន​បន្តថា​៖​ក្រោយ​កើតហេតុ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុ​ស្ត៍ ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ចំណែក​យុវជន​រងគ្រោះ ត្រួវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ផងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រួវបាន​ឃាត់ខ្លួន នៅ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ចំណែក​វត្ថុតាង ត្រួវបាន​ជនសង្ស័យ បោះចោល​ក្នុង​ទឹកស្រះ ដើម្បី​បំបិទ​ភស្តុតាង ប៉ុន្តែ​ពេលព្រឹក​សមត្ថកិច្ច​ប៉ុ​ស្ត៍​និង ចុះ​ស្រាវជ្រាវ​រក យកមក​រក្សា​ទុកជា​ភស្តុតាង​ផងដែរ ៕
​

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​ដើម្បី​បន្តការព្យាបាល​កុមារ​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ និង​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​ព្យាបាល​កុមារ​មួយ​នេះ បើទោះបីជា​គ្មាន​វត្តមាន​លោក Beat Richner ក៍ដោយ​។​
នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ មករា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា ដើម្បី​ធ្វើការ​ប្រមូល​ធនធាន​ថវិកា​ឲ្យ​បាន​កាន់តែច្រើន សម្រាប់​មន្ទីរពេទ្យ​មួយ​នេះ បន្ត​និរន្ត​ភាព ការព្យាបាល​កុមារ​យ៉ាងច្រើន​នៅ​កម្ពុជា​។ នាយករដ្ឋមន្ត្រី ប្រកាសថា​សម្តេច​នឹងធ្វើ​ជា​ប្រធានកិត្តិយស​ក្នុង​មូលនិធិ​មួយ​នេះ ។
​ការប្រកាស​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​បានប្រកាស និង​ដាក់​ឲ្យ​អនុត្ត​ន៍​នូវ​មូលនិធិ​សម្រាប់​គាំពារ​អ្នកធាក់ស៊ីក្លូ​កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងទៅនេះ​។ នាយករដ្ឋមន្ត្រី ថ្លែងថា មាន​មូលនិធិ​គន្ធបុប្ផា​មួយ​នៅ​ស្វី​ស​រួចហើយ តែ​យើង​នឹង​បង្កើត​នៅ​កម្ពុជា​មួយទៀត ដោយ​សម្តេច​នឹង​ធ្វើជា​ប្រធានកិត្តិយស​ចំពោះ​មូលនិធិ​នេះ មិនត្រូវ​និយាយថា បាត់​លោក រ៉ិ​ច​ឆ្នើ មួយ មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​ដួលរលំ​នោះទេ​។​
​គួរបញ្ជាក់​ដែរ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១៧ កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា បានធ្វើការ​ពិនិត្យ និង​ព្យាបាល​កុមារ​ចំនួន ៩០​ម៉ឺន ៩​ពាន់​១៩២​នាក់ ក្នុងនោះ មានការ​វះកាត់​ចំនួន​២​ម៉ឺន​៦​ពាន់​៤៤២​នាក់ និង​ពិនិត្យ​ព្យាបាល និង​សម្ភព​ស្ត្រី មាន​ផ្ទៃពោះ​បាន​ប្រមាណ​ជាង​១៥​ម៉ឺន ៤​ពាន់​នាក់​។ ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ប្រមាណ ៦៣២​លាន​ដុល្លារ​អាមេរិក ដើម្បី ទ្រទ្រង់​ដល់​ដំណើរ​នៃ​ការពិនិត្យ និង​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​។
​គួរកត់សំគាល់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើន​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​មន្ទីរពេទ្យ​ពី​៣​លាន​ដុល្លារ​ដល់​៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ និង​បន្ត​ឆ្នាំ​២០១៨ នេះ ទន្ទឹមនឹងនោះ​កាកបាទក្រហមកម្ពុជា​ក៍​បាន​ឧបត្ថម្ភ​ចំនួន​១​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​ផងដែ​ថ​។ ក្រៅពីនោះ រាជរដ្ឋាភិបាល​បាន​កាត់​ប្រាក់​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ចំនួន​ពីរ​ភាគរយ​នៃ​តម្លៃ​សំបុត្រ​។
​នាយក រដ្ឋមន្ត្រី​កន្លងទៅ​ក៍​បានប្រកាស​ដែរ​ថា នឹង​បន្ត​និរន្តរភាព​ទ្រទ្រង់​ដល់​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា នេះដែរ បើទោះបីជា​មន្ទីរពេទ្យ​មួយ​នេះ អស់​ជំនួយ​ពី​ប្រទេស​ស្វី​ស យ៉ាងណា​ក៍ដោយ​៕
​

ប្រធានាធិបតី​កូរ៉េខាងត្បូង រក្សា​ជំហរ​លុប​បាត់​នុយ​ក្លេ​អែរ​ក្នុង​ឧបទ្វីប​កូរ៉េ​

​កូរ៉េ ៖ ប្រធានាធិបតី ប្រទេស​កូរ៉េខាងត្បូង​មូ​ន​ជេ​អ៊ី​ន បាន​និយាយថា ការ​គ្មាន​អាវុធ​នុយ​ក្លេ អ៊ែ​លើ​ឧ​ប​ទ្វិ​ប​កូរ៉េ គឺជា​គោលបំណង​តែមួយគត់ ដែល​មិនអាច​បោះបង់ចោល​។ ប្រទេស កូរ៉េខាងត្បូង ប្រទេស​កូរ៉េខាងជើង បាន​ព្រមព្រៀង នៅក្នុង​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង របស់​ពួកគេ ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ថា​និង​ដោះស្រាយ​រាល់​បញ្ហា​ឧ​ប​ទ្វិ​ប​កូរ៉េ ទាំងអស់ តាមរយៈ​កិច្ចសន្ទនា និង​ពិនិត្យឡើងវិញ នូវ​កិច្ចពិភាក្សា​យោធា ដើម្បី​ជៀសវាង ជម្លោះ​ដោយ​ចៃដន្យ​។ ភាព​តានតឹង​បាន​កើនឡើង លើ​ឧ​ប​ទ្វិ​ប​កូរ៉េ ដោយសារ​កម្មវិធី អាវុធ នុយក្លេអ៊ែរ និង​មី​ស៊ី​ល របស់​ប្រទេស​កូរ៉េខាងជើង​។ នៅក្នុង​សន្ទរកថា អំឡុង​សន្និសីទ សារព័ត៌មាន លោក មូ​ន​ជេ​អ៊ី​ន និយាយថា រដ្ឋាភិបាល និង​បន្ត​ធ្វើការ​ឆ្ពោះទៅរក ការទទួល បានមក​វិញ​នូវ កិ​តិ​យស និង​ភាពថ្លៃថ្នូរ​បស់ អតីត ស្ត្រី​បំរើ​ផ្លូវភេទ សំរាប់ ក្មេងស្រី និង​ស្ត្រី ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ ក្នុង​ផ្ទះបន​អំឡុង​សង្គ្រាម​ជប៉ុន​។ ប៉ុន្តែ​លោក ក៏បាន​បញ្ជាក់​ផងដែរ ពី​ប្រវត្តិសាស្ត្រ ដែល​និង​ទុក​មួយ​ឡែក ពី​កិច្ចប្រឹងប្រែង​រួម​ដែល​នៅ តែ​បន្ត​ជាមួយ​ប្រទេស​ជប៉ុន រួមមាន​ទាំង​ការការពារ​សន្តិភាព​លើ​ឧ​ប​ទ្វិ​ប​កូរ៉េ ប្រឆាំង ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​៕
​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រទេស​ម៉ិច​ស៊ី​ក លាលែង​ពី​តំណែង​

មិ​ក​ស៊ិ​ក ៖ ប្រធានាធិបតី ម៉ិច​ស៊ី​ក លោក អ៊ី​ន​រីក ប៉េ​ណា​ណេ​តូ បានប្រកាសថា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក មី​ហ្គែ​ល អាន់​ជែ​ល​អូ​សូ​រី​ញ៉ូ​ចុង បាន​លាលែង​ពី​តំណែង​របស់លោក ដែល លោក​ទទួលខុសត្រូវ​នូវ​រាល់​បន្ទុក​របស់​រដ្ឋាភិបាល រួមមាន សន្តិសុខ អន្តោ​ប្រវេ​ស​ន៏ និង​សិទ្ធមនុស្ស​ជាដើម​។ លោក​ប៉េ​ណា​ណេ​តូ បាន​អរគុណ​ដល់ លោក អូ​សូ​រី​ញ៉ូ ចុង សំរាប់​ការរួមចំណែក​របស់លោក ក្នុង​ការបំរើ​ប្រទេស ដែល​លោក​ត្រូវបានតែងតាំង​ក្នុង មុខតំណែង​នេះ ក្នុង​ឆ្នាំ​២០១២ ។

​លោក​ប៉េ​ណា​ណេ​តូ ក៏បាន​ប្រកាស​តែ​តាំង រដ្ឋមន្ត្រី​ក្រ សួង​ការងារ លោក អាល់​ហ្វុ​ន​សូ ណា​វ៉ា​រ៉េត របស់​គណបក្ស គ្រប់គ្រង​បដិវត្ត​ន៏ កំពុង កាន់អំណាច និង​ទទួល យក​តួនាទី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លោក​ប្រធានាធិបតី បាន អំពាវនាវ​ឲ្យ​លោក ណា​វ៉ា រ៉េត ផ្តោតលើ​ការពង្រឹង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ បង្កើន​កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម និង​ការពារ​សិទ្ធមនុស្ស​។

លោក​អូ​សូ​រី​ញ៉ូ ចុង គឺជា​អ្នកតស៊ូ​ដ៏ ឈានមុខ​ម្នាក់​សំរាប់​ការតែងតាំង​ប្រធាន​របស់​គណបក្ស គ្រប់គ្រង បដិវត្ត​ន៏​កំពុងកាន់​អំណាច ប៉ុន្តែ​គណបក្ស​នេះ កំពុង​គាំទ្រ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក ចូ​ស អាន់​តូ​នី​ញ៉ូ មី​ដេ សំរាប់​ការបោះឆ្នោត​នៅ​ខែកក្កដា ខាងមុខ​។ លោក​ប៉េ​ណា​ណេ​តូ បានតែងតាំង លោក រ៉ូ​ប៊ឺ​តូ កាំ​ប៉ា នៃ​គណបក្ស​សម្ព័ន្ធ​ថ្មី និង​ជា​អតីត​អនុរដ្ឋមន្ត្រី ទទួលបន្ទុក សិទ្ធមនុស្ស ជា​រដ្ឋមន្ត្រីក្រសួង​ការងារ ថ្មី​៕
​

ថៃ គ្រោងនាំចេញអង្ករ៩លាន៥សែន តោន នៅឆ្នាំ២០១៨ នេះ

ថៃ ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់និយាយថា ប្រទេសថៃ ត្រូវបានគេរំពឹងថា និងមាន អង្ករ៩លាន៥សែនតោន សំរាប់ការនាំចេញនៅឆ្នាំនេះ។ យោងតាមអគ្គនាយក នាយក ដ្ឋានពាណិជ្ជកម្មបរទេស ស្តីទី លោក អាឌុល ចូទីនីសាខន បានឲ្យដឹងថា អង្ករថៃចំនួន ៩លាន៥សែនតោន និងនាំមកនូវប្រាក់ចំណូលប្រមាណ 4.7 ពាន់លានដុល្លារសហរដ្ឋ អាមេរិក ជាតម្លៃនាំចេញ នៅក្នុងឆ្នាំ២០១៨។ ប្រធាននាយកដ្ឋានស្តីទី លោក អាឌុល ចូទីនីសាខន និយាយបន្តថា ដោយប្រៀបធៀបទៅនឹងអង្ករថៃចំនួន11.48 លានតោន កាលពីឆ្នាំមុន ទទួលបានតម្លៃនាំចេញ 5.1 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ទោះជា យ៉ាងណា ប្រទេសថៃនៅតែជាប្រទេសនាំចេញអង្ករផ្កាម្លិះក្រអូប ធំបំផុត នៅលើពិភព លោក។ ការព្យាករណ៏បានធ្លាក់ចុះ ក្នុងបរិមាណនាំចេញនូវអង្ករថៃ ដែលទំនងជាបណ្តាល មកពី លក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយបរិមាណផលិតទាំងអស់ សំរាប់ការព្រួយបារម្ភ ការផ្គត់ផ្គង់លើស ទៅកាន់ទីផ្សារពិភពលោក៕