All posts by មេគង្គ ប៉ុស្តិ៍

ចិន​ប្រឆាំង​ដាច់ខាត​រាល់​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​ពីប្រទេស​ដទៃ​

​ប៉េកាំង ៖ អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​ការដាក់ទណ្ឌកម្ម​ឯ​តោ​ភាគី​មកលើ​ពលរដ្ឋ ឬ​អង្គភាព​របស់ខ្លួន​ដោយ​រដ្ឋាភិបាល​ប្រទេស​ដទៃ​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង លោក លូ កាង (Lu Kang) អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​ចំពោះ​គោលជំហរ​របស់​ប្រទេស​ចិន​ប្រឆាំង​ទៅនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​។ លោក លូ បាន​បន្ថែមថា បណ្តា​ប្រទេស​ផ្សេងទៀត​អាច​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​។​
​ការ​ថ្លែង​បែបនេះ​របស់​អ្នកនាំពាក្យ​រូបនេះ​ធ្វើឡើង​បន្ទាប់ពី​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានសម្រេច​ចិត្ត​នៅក្នុង​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់​កូរ៉េខាងជើង ព្រមទាំង​រូបវ័ន្ត​បុគ្គល និង​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។​
​លោក​អះអាងថា ការដាក់ទណ្ឌកម្ម​នោះ​គឺជា​ចំណាត់ការ​ថ្មី​មួយ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយជា​ប្រទេស​ឯកោ​ដោយសារតែ​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​គេ និង​ដើម្បី​បង្អាក់​ប្រាក់ចំណូល​របស់គេ​ផងដែរ​៕

កម្មការិនី​រោងចក្រ​យ័ន​ស៊ី​ហ្គា​មិន​ជិត​២០​នាក់​ដួលសន្លប់​ជា​បន្ដបន្ទាប់

​រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​ចំនួន​ជិត​២០​នាក់​ម​ប្រើ​ការងារ​នៅ​រោង​ចក្រយ័ន​ស៊ី​ហ្គា​មិន​នៅ​តំបន់ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិតនៅក្នុង​អគារ​លេខ​១២ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដួលសន្លប់​ជា​បន្ដបន្ទាប់​នៅវេលា​ម៉ោង​៩ និង​២៥​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​បើតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​ដួលសន្លប់​នេះ មកពី​ថ្នាំ​សេ​ឡិច​ដែល​ជាង​ធ្វើបាន​ភាយ​នៅក្នុង​រោងចក្រ​នោះ​។ ក្រោយ​មាន​ហេតុការណ៍​នេះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​ថ្មី​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៤​វិច្ឆិកា​

​ស្ស៊ី​ម​បា​វ៉េ ៖ កាលពី​ថ្ងៃ​ពុធ​អតីត​អនុ​ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​លោក អេ​ម​មឺ​សុន ណា​ង៉ា​វ៉ា (Emmerson Mnagagwa) បាន​វិលត្រឡប់​មកកាន់​រដ្ឋធានី​ហា​រ៉ា​រ៉េ (Harare) វិញ​ជាមួយនឹង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ខណៈដែល​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​លោក​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​មួយ​នេះ​។​
​ថ្លែង​ទៅដល់​ប្រជាពលរដ្ឋ​ស្ស៊ី​ម​បា​វ៉េ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កាន់អំណាច​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ អនគ​ត​ប្រធានាធិបតី​រូបនេះ​បាន​ថ្លែងអំណរគុណ​ទៅដល់​ប្រជាពលរដ្ឋ​ចំពោះ​ការជឿជាក់ និង​ការគាំទ្រ​របស់​ពួកគេ និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​យោធា​។ លោក ណា​ង៉ា​វ៉ា (Mnangagwa) បាន​ប្តេជ្ញា​ឆន្ទៈ​របស់លោក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្ស៊ី​ម​បា​វ៉េ​ទាំងអស់​ចូលរួមចំណែក​នៅក្នុង​កា​រ​បង្កើត​ការងារ និង​កែប្រែ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ក្នុងអំឡុងពេល​លោក​បម្រើការ​នៅក្នុង​អាណត្តិ​របស់លោក មូ​ហ្គា​បេ ដែល​នៅសល់​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨​។​
​សូមបញ្ជាក់ថា បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) កាលពី​ថ្ងៃ​អង្គារ​, លោក ណា​ង៉ា​វ៉ា (Mnangagwa) ត្រូវបាន​គណបក្ស​កំពុង​កាន់អំណាច​ជ្រើសរើស​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​ថ្មី ដែល​នឹងត្រូវ​បានតែងតាំង​ដោយ​សភា​។ លោក ណា​ង៉ា​វ៉ា (Mnangagwa) នឹង​ក្លាយជា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ទី​៣​ចាប់តាំងពី​ប្រទេសមួយ​នេះ​បានទទួល​ឯករាជ្យ​កាលពី​ឆ្នាំ​១៩៨០​មក​៕

គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច​ទៅ​ពិនិត្យមើល​ឈ្មោះ

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ទៅ​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន នៅលើ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដែល​ត្រូវ​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់ និង​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​បើតាម គ​.​ជ​.​ប ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​អ្នក​ចុះឈ្មោះ​សរុប​ចំនួន​៥៣៦,៦៧៤​នាក់​។ ចំនួន​ឈ្មោះ​អ្នកបោះឆ្នោត ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​មាន ចំនួន​២១,៦៧១​នាក់ និង​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​ធ្វើការ​កែតម្រូវ​ឈ្មោះ និង​ទិន្នន័យ​មាន​ចំនួន​៥,៥៧២​នាក់​។ សរុប​ជា​លទ្ធផល​បណ្ដោះអាសន្ន អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ស​រុម​មាន​ចំនួន​៨,៣៨០,២៤០​នាក់ ស្មើនឹង​៨៤,៨០% បើ​ធៀប​ទៅនឹង​ចំនួន​ប៉ាន់ស្មាន អ្នកមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៩,៨៨២,៧៤៦​នាក់​។​
​សូមបញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​ខកខាន​មិនបាន ទៅពិនិត្យ​ឈ្មោះ​ដោយផ្ទាល់ លើ​បញ្ជី​ដែល​ត្រូវ​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់​ទេនោះ ពលរដ្ឋ​អាច​ពិនិត្យមើល​ឈ្មោះ​របស់​ខ្លួនឯង នៅលើ​គេហទំព័រ www.voterlist.org.kh ក៏បាន​៕

ទ័ពអាកាស​ឥណ្ឌា​បាញ់​មី​ស៊ី​ល​លឿន​បំផុត​ក្នុង​ពិភពលោក​ដោយ​ជោគជ័យ​

​ឥណ្ឌា ៖ កងកម្លាំង​អាកាសប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក​នៅ​ឈូង​សមុទ្រ​បេន​ហ្គា​ល់​។​
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​និយាយថា មី​ស៊ី​ល​នេះ​ត្រូវបាន​ទម្លាក់​ចេញពី​យន្តហោះ​ស៊ូ​ខូ​-៣០ (Sukhoi-30) ហើយ​ថា ម៉ាស៊ីន​មី​ស៊ី​ល​ដំណាក់កាល​ទាំងពីរ​បាន​បាញ់​ចេញ​ត្រង់ៗ​ឆ្ពោះទៅកាន់​គោលដៅ​ឈូង​សមុទ្រ​បេន​ហ្គា​ល់​។ ចំណែក​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​និយាយថា ប្រទេស​ឥណ្ឌា​បង្កើតបាន​មី​ស៊ី​ល​ទប់​ទល់នឹង​នាវាចម្បាំង​ដោយ​បាញ់​សាកល្បង​ជោគជ័យ​ចេញពី​យន្តហោះ​ចម្បាំង​ស៊ូ​ខូ​-៣០​របស់​កងទ័ពអាកាស​។​
​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​នេះ​នឹង​បង្កើន​ប្រតិបត្តិ​ការប្រយុទ្ធ​របស់​កងកម្លាំង​ទ័ពអាកាស​ជាមួយនឹង​ក្រុម​ទាហាន​ទ័ពព្រៃ​។ មី​ស៊ី​ល​ប្រា​ម៉ូ​ស ALCM មាន​ទម្ងន់​២,៥​តោន​និង​ជា​អាវុធ​ដែលមាន​ទម្ងន់​ធ្ងន់​បំផុត​ដែល​ត្រូវបាន​ផ្ទុក​នៅលើ​យន្តហោះ​ចម្បាំង Sukhoi-30៕


ជើង​ខ្លាំង​ពីរ​នាក់​ជំនាញ​ខាង​ឆក់​កាបូប​ប្រចាំខេត្ត​ត្រូវអស់​លក្ខណ៍​

​ខេត្តបាត់ដំបង ៖ ជើង​ង​ខ្លាំង​ពីរ​នាក់​ជំនាញ​ខាង​ឆក់​កាបូប​ប្រចាំខេត្ត​ត្រូវបាន​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​ផ្ទាល់​ដោយ​លោក​អនុសេនីយ៍ឯក ឈឿង គឹម​សុង​បង្ក្រាប​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ និង​៤០​នាទី នៅ​ចំណុច​សណ្ឋាគារ​ផាក ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​យ៉ាងសកម្ម​នៅក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​ឃាត់ខ្លួន​នោះ ទី​១. ឈ្មោះ សឺ​ម សីហា ហៅ ង៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២. ឈ្មោះ អេង ឆៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សែ លីដា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ រីឯ​វត្ថុតាង​ដកហូត​រួមមាន ៖ កាបូប​ស្បែក​កាន់​ដៃ​ចំនួន​០១ និង​សំភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន​ក្រុម​បង្ការ បង្ក្រាប​បានប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា EDC ​ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី​ចំនួន​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣​នេះ​រហូតដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយ​មូលហេតុ​ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ ដើម្បី​ពង្រីក​ផ្លូវ​៕
សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖

ជនបរទេស​បើក​ម៉ូតូ​ធំ​ដឹក​គ្នា​២​នាក់ បុក​អ្នកដើរ​ហាត់ប្រាណ​តាមផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បានកើត​ឡើង នៅលើ​មហាវិថី​ព្រះសីហនុ ជិត​សួនច្បារ​វិមានឯករាជ្យ ដោយមាន​ជនជាតិ​បរទេស​២​នាក់ បើក​ម៉ូតូ​ធំ​ឌុប​គ្នា​យ៉ាង​បោះពួយ​យ៉ាង​លឿន ទៅបុក​នឹង​អ្នកដើរ​ហាត់ប្រាណ​ជនជាតិខ្មែរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ប្រភព​បញ្ជាក់ថា បន្ទាប់ពី​បុក​អ្នកដើរ​ឆ្លងផ្លូវ​ហើយ នេះ​ម៉ូតូ របស់​ជនបរទេស បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​រថយន្ត ម៉ាក់ ហាយ​ឡែ​ន​ឌឺ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2816 មួយគ្រឿង ដែល​ចត​ទុក​ស្ងៀម នៅលើ​ក្នុងទិសដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ បុរស​ជនជាតិ​បរទេស​ជិះ​ម៉ូតូ​ទាំងពីរ​នាក់ ហោះ​ផ្លោង​ខ្ទាត​ចេញពី​គ្នា​រៀងៗ​ខ្លួន​និង​បណ្តាលអោយ បាក់ក​ស្លាប់ នៅ​និង​កន្លែង​ទាំងពីរ​នាក់ ថែមទៀត
​ភ្លាមៗ​នេះ​ចំពោះ​ជនរងគ្រោះ​ទាំង​៣​នាក់ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​៕

អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​អង្គការ​ចំនួន​១៣​របស់​ចិន​និង​កូរ៉េខាងជើង​

​អាមេរិក ៖ កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អង្គការ​ចំនួន​១៣​របស់​ចិន​និង​កូរ៉េខាងជើង​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់ថា បាន​ជួយ​រារាំង​ការ​រឹតត្បិត​នុយក្លេអ៊ែរ​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​និង​គាំទ្រ​ដល់​ប្រទេស​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​។​
​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បានប្រកាស​សកម្មភាព​នេះ​មួយថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានដាក់​ប្រទេស​កូរ៉េខាងជើង​ចូលក្នុង​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​អំពើ​ភេរវកម្ម​វិញ​។​
​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ​បានបង្ហាញ​ពី​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាល​លោក Trump លើ​ការធ្វើ​ឲ្យ​ខូច​ពាណិជ្ជកម្ម​រវាង​ចិន​និង​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​និយាយថា គឺជា​គន្លឹះ​ក្នុង​ការដាក់​សម្ពាធ​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​ងាក​ចេញពី​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​អាច​វាយប្រហារ​សហរដ្ឋអាមេរិក​។​
​លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​បាន​និយាយថា “​ការកំណត់​នេះ​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតហើយ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​និង​មនុស្ស​ដែល​ពាក់ព័ន្ធ​ហើយ​វា​គាំទ្រ​ដល់​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរិមា​របស់​យើង​ដើម្បី​បំបែក​រដ្ឋ​ឃាតកម្ម​”​។​
​ការដាក់ទណ្ឌកម្ម​នេះ​រួមមាន​ការដាក់បញ្ចូល​ក្នុង​បញ្ជី​នៃ​ក្រុមហ៊ុន​ចិន​ចំនួន​៣​គឺ​ក្រុមហ៊ុន Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., និង Dandong Hongda Trade Co., ដែល​ក្រសួង​រតនាគារ​និយាយថា បានធ្វើ​ពាណិជ្ជកម្ម​ក្នុង​ចំនួន​ទឹកប្រាក់​ជាង​៧៥០​លាន​ដុល្លារ​រួមគ្នា​ជាមួយ​កូរ៉េខាងជើង​។​
​ទណ្ឌកម្ម​ទាំងនេះ​ក៏បាន​ដាក់បញ្ចូល​លោក Sun Sidong និង​ក្រុមហ៊ុន Dandong Dongyuan Industrial Co. របស់គាត់​នៅក្នុង​បញ្ជីខ្មៅ​ផងដែរ​។ នៅក្នុង​របាយការណ៍​កា​លពី​ខែមិថុនា អង្គការ C4ADS បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក Sun Sidong គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ចិន​ដែលមាន​សមាមាត្រ​ពាណិជ្ជកម្ម​យ៉ាងច្រើន​ជាមួយ​កូរ៉េខាងជើង​។​
​ទណ្ឌកម្ម​ថ្មី​នេះ​ក៏បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េខាងជើង​ជាច្រើន​ផងដែរ​ដែល​បញ្ជូន​កម្ម​ករ​ទៅ​ប្រទេសមួយ​ចំនួន​ដូចជា​រុស្ស៊ី ប៉ូឡូញ កម្ពុជា​និង​ចិន​។ អាជ្ញាធរ​អាមេរិក​បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ការ​កាត់ផ្តាច់​ប្រាក់​ដែល​កូរ៉េខាងជើង​រកបាន​ពី​ការនាំចេញ​ពលករ​៕

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ថា កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​ទេ​

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់អំណាច​សម្តេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​នឹង​កំពុង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៣,៥៦៥​នាក់ មកពី​រោងចក្រ​ចំនួន ២៥​ស្ថិតក្នុង​តំបន់ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នៅ​កម្ពុជា​គ្មាន​វិ​ប​ត្ត​នយោបាយ​ទេ ហើយក៏​គ្មាន​អ្នក​ន​យោ បាយ​ដែលមាន​វិបត្តិ ហើយ​កម្ពុជា​ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ មានតែ​អ្នកនយោបាយ​ដែល ជាប់ទោស​ព្រហ្មទណ្ឌ ។ សម្តេច​បញ្ជាក់ថា ខណដែល​គណបក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​បរទេស បញ្ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា​នោះ គឺជា​ការសម្លាប់​កម្មក​រ កម្មការិនី មិនមែន​សម្លាប់ ហ៊ុន សែន នោះទេ ៕

កញ្ញា នី មុន្នីនាថ ត្រូវ​ចូល​បំភ្លឺ​តុលាការ​នា​រសៀល​នេះ​ពាក់ព័ន្ធ​ពាក្យបណ្តឹង​អតីត​គូ​ដណ្តឹង

រាជធានី​ភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី​ម្នាក់​នឹងត្រូវ​ចូល​បំភ្លឺ​តុលាការ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់ របស់​អតីត​គូ​ដណ្តឹង ដែលជា​អាណិកជន​ខ្មែរ នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោងតាម​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ ។​
​សូម​រម្លឹកថា អតីត​គូ​ដណ្តឹង​នាង នី មុន្នីនាថ គឺ​លោក អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា​។ តាម​ពាក្យបណ្តឹង​លោក អ៊ឹង សូ​ឡាង បានចាត់ទុក នី មុន្នីនាថ ថា បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយនៅ​ក្នុងនោះ លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ​។​
​យ៉ាងណាក៏ដោយ កាលពីពេល​ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើនណាស់ តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ៕

បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ ប្រទេស​អ៊ីរ៉ាក់​ផ្តាច់ជីវិត​មនុស្ស​៣២​នាក់​

​អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រី​នៅ​ប្រទេស​អ៊ីរ៉ាក់​និយាយថា មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​នៅក្នុង​រថយន្ត​ធំ​មួយគ្រឿង​ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ នៅ​ទីផ្សារ​មួយ​នៅក្នុង​ទីក្រុង​មួយ​ដែល​កំពុងតែ​ប្រទាញ​ប្រ​ទុង​គ្នា​រវាង​ប្រទេស​អ៊ីរ៉ាក់​និង​តំបន់​ឃើ​ដ​នៅ​ប្រទេស​នេះ​។​
​ប៉ូលិស​និង​មន្ត្រី​មន្ទីរពេទ្យ​នៅ​ប្រទេស​អ៊ីរ៉ាក់​និយាយថា ការផ្ទុះ​យ៉ាងខ្លាំង​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ (Tuz Khormato) នៅ​តំបន់​ឃើ​ដ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់ និង​យ៉ាងតិច​៧៥​នាក់​ទៀត​រងរបួស​។ មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​ក៏មាន​កងកម្លាំង​សន្តិសុខ​នៅ​ប្រទេស​អ៊ីរ៉ាក់​យ៉ាងតិច​៦​នាក់​ផងដែរ​។​
​សូមបញ្ជាក់ថា ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​២១០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បា​កដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់​ឃើ​ដ​កំពុង​ប្រទាញ​ប្រ​ទូង​គ្នា​ក្នុងការ​គ្រប់គ្រង​ទីក្រុង​មួយ​នេះ​៕


អតីតមន្ត្រី​ CNRP ចំនួន​៤៣៣​នាក់​បាន​ចូលរួម​ជាមួយ CPP

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់​បក្ស​កាន់អំណាច​បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ អតីត​តំណាងរាស្ដ្រ សមាជិក​ក្រុមប្រឹក្សា មេឃុំ ជំទប់ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ CNRP សរុប​៤៣៣​នាក់​បានសម្រេច​ចិត្ត សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​យ៉ាងណាក៏ដោយ ចំនួន​នេះ មិនបាន​១០%​ទេ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​អតីតមន្ត្រី​ថ្នាក់មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ​វា​ក៏​ជា​ចំនួន​មិនតិច​នោះដែរ ខណដែល​គេ​រំពឹងថា អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវបាន រំលាយ​នឹង​បន្ត​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច​ជា​បន្តបន្ទាប់​ទៀត​ក្នុង​រយះពេល​២​ថ្ងៃ​ដែលជា​ឱសានវាទ​កំណត់ដោយ​ប្រធាន​គណបក្សកាន់អំណាច ៕

ពលរដ្ឋ​ហ្ស៊ី​ម​បា​វ៉េ​សម្តែង​ការសប្បាយរីករាយ ពេល​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង​

ហ្ស៊ី​ម​បា​វ៉េ ៖ កាលពី​ថ្ងៃ​អង្គារ ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្ដុំគ្នា​សម្ដែង​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង​ដោយ​អ្នកខ្លះ​ស្រែកច្រៀង និង​ខ្លះទៀត​ស្រែក​ហ៊ោ​លាយឡំ​ដោយ​ការ​ចុច​ស៊ី​ផ្លេ​រថយន្ត​នៅតាម​ដងផ្លូវ​នៅ​ទីក្រុង​ហា​រ៉ា​រ៉េ​ក្រោយពី​ប្រធានាធិបតី​ប្រទេស​ស៊ីម​បា​វ៉េ​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​យប់មិញ​នេះ​ក្រោយពី​បាន​កាន់អំណាច​រយៈពេល​៣៧​ឆ្នាំ​មកនេះ​។​
​លោក​ប្រធានាធិបតី រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ (Robert Mugabe) បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​រង​សម្ពាធ​ខ្លាំង​ពី​យោធា​ដែល​បាន​ឃុំខ្លួន​លោក​នៅក្នុង​ផ្ទះ ពី​សមាជិកសភា​នៃ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ព្រមទាំង​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ជួបជុំគ្នា​តាមផ្លូវ​និយាយថា ការ​កាន់អំណាច​រយៈពេល​៣៧​ឆ្នាំ​គឺ​ល្មម​គ្រប់គ្រាន់​ហើយ​។​
​លោក មូ​ហ្គា​បេ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រមុខរដ្ឋ​ចាស់វស្សា​ជាងគេ​ក្នុង​ពិភពលោក​នោះបាន​និយាយ​ក្នុង​លិខិត​របស់លោក​ថា គេ​គួរតែ​អនុវត្តតាម​នីតិវិធី​ក្នុងការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី គឺ​មិនត្រូវ​ពន្យារពេល​ដល់​ថ្ងៃស្អែក​នោះទេ​។​
​លោក​បាន​បន្ថែមទៀតថា ការសម្រេចចិត្ត​ចុះចេញ​ពី​តំណែង​របស់លោក​នេះ​គឺជា​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​និង​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជាទីបំផុត ដូច្នេះហើយ​ទើបបានជា​លោក​សម្រេចចិត្ត​ផ្ទេរអំណាច​ដោយ​គ្មាន​ការ​បង្ហូរឈាម​បន្តិច​បែបនេះ​៕


សម្តេច ស ខេង និង​ទូត​អាមេរិក​ជួបគ្នា​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

​រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួបគ្នា​ជា​លើក​ទី​១ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អំណាចតុលាការ​កំពូល ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន សំខាន់​ការបន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
​តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឱ្យ​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​កិច្ច​ជំនួប​រវាង​សម្តេច​ក្រឡាហោម ស ខេង និង​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ផ្តោត លើ​ប្រធានបទ​សំខាន់​ចំនួន​៣ ៖ ១. កិច្ចសហប្រតិបត្តិការ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ ២.​ការងារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ៣.​ការធ្វើ​មាតុភូមិនិវត្តន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​សហរដ្ឋអាមេរិក​។​
​យោងតាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ឯកភាព​នូវ​អ្វីដែល​បាន​ព្រមព្រៀងគ្នា និង​ចង់ឱ្យ ភាគី​អាមេរិក​ពិចារណា ពន្យា​ពេល​សិន ពិសេស​អ្នកមាន​ជម្ងឺ​ធ្ងន់ធ្ងរ​ទុក ឱ្យ​ពួកគាត់​ព្យាបាល សះស្បើយ​សិន​។ ចំពោះ​ពលរដ្ឋ​ដែល​បាន​ទៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ សម្តេច​និង​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ហើយ​បាន​ស្នើឱ្យ​ភាគី​អាមេរិក​ចាត់​មន្ត្រី​ជំនាញ​របស់​អាមេរិក និង​កម្ពុជា​ធ្វើការ​សហការគ្នា ធ្វើ​កិច្ចការ​នេះ ឱ្យ​បានល្អ​បំផុត​ដែល​អាច​ធ្វើបាន​។​
​លោក William A.Heidt បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​កម្ពុជា ដែល​បាន​ទប់ស្កាត់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​អំពើ អាណា​ចារ​លើ​កុមារ​ចំនួន ១៣​រូប ដែល​មិនឱ្យ​ចូលមក​កម្ពុជា​។ នេះ​ជាការ​ងារ​ល្អ​មួយ​ប្រសើរ និង​កោតសរសើរ ហើយ​អាមេរិក​និង​បន្ត​ការសហការ ជាមួយ​អាជ្ញាធរ​សមត្ថ​កម្ពុជា ថែមទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស ការជួញដូរ​មនុស្ស​។​
​ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា​កិច្ចការ​ផ្សេងៗ ដែល​ក្រសួងមហាផ្ទៃ មាន​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ្វើ​ការរួម​គ្នា ឱ្យ​កាន់តែ​ប្រសើរ​ទ្វេរ​ឡើង​៕