មីយ៉ាន់ម៉ា ៖ ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាព្រួយបារម្ភថា ពួកគេនឹងលែងមានឱកាសអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាវិញហើយ ខណៈដែលប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្ដើមជួសជុលរបងតាមព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសបង់ក្លាដែស។
ជនភៀសខ្លួនម្នាក់បាននិយាយថា ទង្វើរបស់រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ានេះបានធ្វើឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមានការព្រួយបារម្ភថា ពួកគេនឹងលែងមានឱកាសចូលទៅក្នុងលំនៅឋានរបស់ខ្លួននៅក្នុងទឹកដីនៃប្រទេសមីយ៉ាន់ម៉ាវិញហើយ។ ចំណែកឆ្មាំការពារព្រំដែនប្រទេសបង់ក្លាដែសបាននិយាយថា ពួកគេមិនទាន់បានទាក់ទងមន្ត្រីនៅប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ ហើយនេះជាផ្នែកមួយនៃការគ្រប់គ្រងព្រំដែនជាទម្លាប់របស់ប្រទេសមីយ៉ាន់ម៉ាទៅហើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះចំនួនពលរដ្ឋរ៉ូហ៊ីងយ៉ាដែលរត់គេចពីប្រតិបត្តិការយោធាប្រទេសមីយ៉ាន់ម៉ាគឺមានចំនួនជាងកន្លះលាននាក់នៅប្រទេសបង់ក្លាដែស៕

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុនៅកម្ពុជាដោយបញ្ជាក់ថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧៕


បាត់ដំបង ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង២០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង អោយលោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងជំនាញនៃអធិការនគរបាលស្រុកភ្នំព្រឹក សហការជាមួយនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរនូវសាធាតុញៀនខុសច្បាប់ ចំនួន១លើក នៅចំណុចភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ៖ ១. ឈ្មោះ គឹម ភាព ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិ ឃុំខាងលើ។
សមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន៖១. ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា Wy ចំនួន០២សុង ប្រហែល៤ពាន់គ្រាប់ ។ សង្ស័យមានសាធាតុញៀន។ ២. រថយន្តLexrx300 ពណ៌ស្ករ ចំនួន១គ្រឿង។
ករណីនេះសម្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង០១នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកសវនាការ កាត់ទោស បុរស ជនជាតិនីហ្សេរីយ៉ា ម្នាក់ពាក់ព័ន្ធ សំណុំរឿងជួញដូរគ្រឿងញៀន ជាង ១៤គីឡូក្រាម ខណដែលជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ IHEONU GRABRIEL ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។
តុលាការបានចោទប្រកាន់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ នោះពីបទរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១៤,៤៦៨.៥០ក្រាម (ជាង១៤គីឡូ) ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ។
យ៉ាងណាក៏ដោយនៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ IHEONU GRABRIEL បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ ដោយបញ្ជាក់ថា បងប្អូនជីដូចមួយខ្លួន ឈ្មោះ PERT បានពឹងពាក់ឱ្យជួយទៅទទួលឥវ៉ាន់ ជាកាបូបលុយស្ត្រី ដែលផ្ញើមកពីប្រទេសចិន ដែលមានឈ្មោះ JACKY ជាអ្នកផ្ញើមក ។ ចំណែកខ្លួនអត់ដឹងថា កាបូបនោះ មានបង្កប់គ្រឿងញៀននោះទេ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបញ្ជាក់នៅក្នុងរបាយការណ៍ថា សមត្ថកិច្ចច្រកទ្វាព្រំដែនវៀតណាម បានរកឃើញគ្រឿងញៀនខាងលើ ត្រូវបានផ្ញើមកកម្ពុជា ទើបសមត្ថកិច្ចប្រទេសទាំង២ សហការគ្នារហូតឃាត់ខ្លួនជនជាប់ចោទបាន ។ បន្ទាប់មកបាននាំជនជាប់ចោទទៅឆែកឆេរបន្ទប់ជួល រកឃើញ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង ស្លាបព្រាកាហ្វេ និងថង់ផ្លាស្ទីកច្រកគ្រឿងញៀនមួយចំនួនធំ បន្ថែមទៀត ៕

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា សេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន កាលពីព្រឹកមិញសម្តេច ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងការពារ មិនឲ្យនរណាមកបំផ្លាញ ទឹកដីកម្ពុជាបានឡើយ ហើយវត្តមានរបស់សម្តេច គឺជាវត្តមានដ៏ចាំបាច់ ដើម្បីការពារជាតិ ទប់ទល់ជាមួយក្រុមក្បត់ជាតិ ក្រុមធ្វើបដិវត្តន៍ពណ៌ និងដើម្បីអភិវឌ្ឍន៍ជាតិបន្តទៅទៀត។
សម្តេចបានបញ្ជាក់ថា ទីបញ្ជាការនៅទីក្រុងភ្នំពេញដែលបញ្ជាចេញធ្វើបដិវត្តន៍ពណ៌ មិនអាចទទួលយកបានទេ ឥឡូវត្រូវបានឃ្លាំមើល ហើយនឹងត្រូវបានទប់ស្កាត់ យើងនឹងបន្ដទប់ស្កាត់យើងមិនព្រមដាច់ខាត ហើយជាមួយនឹងការបំផ្លាញម្ដងហើយម្ដងទៀត សម្រាប់ជាតិមួយនេះ ។ សម្តេចសង្កត់ធ្ងន់ថា យើងទម្រាំមានពេលនេះលំបាកណាស់ ដូច្នេះវត្តមានរបស់ខ្ញុំ គឺជាវត្តមានចាំបាច់សម្រាប់បន្ដនូវសន្ដិភាព និងការអភិវឌ្ឍន៍នៃប្រទេសនេះ ។
សម្តេច ហ៊ុន សែន ថ្លែងបន្ថែមថា សម្ដេចរីករាយនឹងបានចូលរួមចំណែកជាមួយ មេដឹកនាំកម្ពុជា តាំងពីដំណាក់កាលដំបូង នាទីដំបូងរហូតមកដល់នាទីនេះ ប៉ុន្ដែសម្ដេចមិនទាន់បញ្ចប់ នៅត្រឹមនាទីនេះទេ សម្ដេចធ្លាប់បានប្រកាសរួចហើយ នឹងបន្ដរយៈពេល២អាណត្តិទៀតយ៉ាងតិច៕

ខេត្តមណ្ឌលគិរី ៖ កម្មករម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីបាក់រណ្តៅរ៉ែមាស ដែលករណីនេះកើតឡើងកាលពីម្សិលមិញនៅចំណុចភ្នំខៀវ ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សយ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកមេម៉ត់ និងម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ បុត្រ ជិន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិដំរ៉ែ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់រណ្តៅរ៉ែខាងលើ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ។
ទោះយ៉ាងណាក៏ដោយ ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងនៅរសៀលម្សិលមិញនេះថា លោកមិនទាន់ទទួលបានព័ត៌មានខាងលើនៅឡើយទេ ហើយនឹងចាំស្រាវជ្រាវករណីនេះ៕


រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ជូនទៅកូនប្រុសលោក លន់ នល់ គឺលោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដោយបង្គាប់ឲ្យប្រធានគណបក្សរូបនោះកែប្រែនូវកំហុសឆ្គង អំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
លិខិតរបស់ សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក លន់ ឫទ្ធិ ពាក់ព័ន្ធការធ្វើសមាហរណកម្ម រវាងគណបក្សខ្មែរសាធារណរដ្ឋ ជាមួយនឹងគណបក្ស ខេមរពន្លឺជាតិ និងការតែងតាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សដែល បានអនុវត្តដោយបំពានទៅនឹងប្បញ្ញត្តិមាត្រា១៩ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ៕


ស៊ីរី ៖ អាជ្ញាធរនិយាយថា ពលរដ្ឋស៊ីវិលយ៉ាងតិច១៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងក្នុងប្រទេសស៊ីរី។
បុគ្គលិកជួយសង្គ្រោះនៅក្នុងប្រទេសស៊ីរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងរបស់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីបានសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងតិចណាស់១៥០នាក់ និងបានធ្វើអោយមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនៅក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាទៅលើតំបន់មួយចំនួនដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅភាគពាយព្យប្រទេសស៊ីរី។
យុទ្ធនាការទម្លាក់គ្រាប់បែកសាជាថ្មីទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងបានធ្វើឡើងបន្ទាប់ពីក្រុមជីហាដបានធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ភាគខាងជើងទីក្រុងហាម៉ា (Hama) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី។
ក្រុមមន្ត្រីការពារពលរដ្ឋស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយអន្តរជាតិផ្សេងៗទៀតបានថតទុកជាឯកសារនូវភាពហិនហោចនៃមន្ទីរពេទ្យចំនួន៦, មជ្ឈមណ្ឌលការពារចំនួន៥ និងរោងចក្រអគ្គិសនីមួយចំនួននៅក្នុងប៉ុន្មានថ្ងៃដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានោះ រួមនិងការវាយប្រហារទៅលើជំរំជនភៀសខ្លួនផងដែរ៕


សូម៉ាលី ៖ ប៉ូលិសបាននិយាយថា រថយន្តគ្រាប់បែកមួយគ្រឿងបានផ្ទុះនៅក្នុងរដ្ឋធានីប្រទេសសូម៉ាលីកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្សយ៉ាងតិច៧នាក់។ អាជ្ញាធរសូម៉ាលីបានបញ្ជាក់ថា ការផ្ទុះបានកើតឡើងចេញពីរថយន្តមួយគ្រឿងដែលចតនៅខាងក្រៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់ដែលមានមនុស្សកុះករក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ ហើយបានសម្លាប់ពលរដ្ឋស៊ីវិល។
ភ្លាមៗនោះមិនទាន់មានក្រុមណាចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក្រុមបះបោរអាល់សាបាប (al-Shabab) ជារឿយៗតែងតែធ្វើការវាយប្រហារបែបនេះ។
ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមអាល់សាបាប (al-Shabab) ជាក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (Al-Qaida) និងកំពុងតែប្រយុទ្ធប្រឆាំងរដ្ឋាភិបាលសូម៉ាលី និងកងកម្លាំងសហភាពអាហ្វ្រិកក្នុងប្រទេសនេះ៕


រាជធានីភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នឹងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បំផុត របស់អាមេរិកដែលទម្លាក់លើទឹកដីខ្មែរ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ទេសរដ្ឋមន្ត្រីលោក សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានថ្លែងឲ្យដឹងថា ការចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ នៅជុំវិញតំបន់នោះសម្តែងក្តីព្រួយបារម្ភ និងភ័យខ្លាចចំពោះគ្រាប់បែកគីមីនេះ និងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន សម្រេចឲ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ៕



បាតលដំបង ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៤:០០នាទី នៅចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលអោយជនរងគ្រោះស្លាប់បង្កឡើងដោយជនសង្ស័យឈ្មោះ ជា ចន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចំការ បានប្រើប្រាស់ដំបង និងពូថៅ កាប់ជនរងគ្រោះ ឈ្មោះ គង់ កែវ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រស់នៅភមិ-ឃុំកើតហេតុខាងលើ
មូលហេតុ តាមចំលើយជនសង្ស័យប្រាប់ថា ជនរងគ្រោះចូលទៅលួចមាន់នៅផ្ទះជនសង្ស័យ ដោយមានកាំបិតផ្គាក់មួយនៅជាប់ខ្លួន ពេលនោះជនសង្ស័យឃើញក៏ស្រែក ជនរងគ្រោះបានយកកាំបិតផ្គាក់កាប់លើជនសង្ស័យត្រូវពោះ និងក្បាល ហើយបានប្រតាយប្រតប់គ្នា ទៅវិញ ទៅមក ជនសង្ស័យទាញបានដំបង និងពូថៅ កាប់ទៅលើជនរងគ្រោះវិញ ត្រូវក្បាល និងដងខ្លួនជាច្រើនកន្លែងបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនសង្ស័យក៏មានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ដល់មង្គប៉ុស្តិ៍អោយដឹងថា៖ ជនរងគ្រោះជាមនុស្សប្រសៃប្រសាទ មិនដែលនៅផ្ទះ ដេកតាមតែព្រៃ ចូលផ្ទះម្តងកាលករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕


ខេត្តសៀមរាប ៖ លោក វណ្ណ មូលីវណ្ណ ដែលស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពពីក្រុមគ្រួសារលោកតា៕

ម៉ូស្គូ ៖ លោក មីឃែល បាប៊ីច (Mikhail Babich) ប្រធានគណៈកម្មការជាតិ ស្តីពីការរំសាយអាវុធគីមី បានរាយការណ៍ជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ដំណើរការនៃការកម្ទេចអាវុធគីមីរបស់រុស្ស៊ីប្រមាណ ៤០,០០០តោន ត្រូវបានបញ្ចប់ជាស្ថាពរ នៅមុនកាលបរិច្ឆេទកំណត់។ នេះបើតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើតាមតួលេខដែលបង្ហាញកាលពីថ្ងៃដើមខែមីនាកន្លងទៅនេះបានឲ្យដឹងថា អាវុធគីមីមានរហូតដល់ទៅជិត ៧០,៥០០តោន កំពុងស្ថិតនៅក្នុងឃ្លាំងស្តុក នៃបណ្តាប្រទេសនានាទូទាំងពិភពលោក ដោយក្នុងនោះប្រទេសរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេ រហូតដល់ទៅ ៤០,០០០តោន, អាមេរិក ២៧,០០០តោន និងចំនួននៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅតាមបណ្តាប្រទេសផ្សេងៗទៀត
ថ្លែងក្នុងតំបន់ អ៊ូដម៉ឺធា (Udmurtia) ជាទីដែលអាវុធទាំងនោះ ត្រូវបានបំផ្លាញចោលនោះលោក ពូទីន បានថ្លែងថា វាគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ បើយើងគិតពីបរិមាណដ៏ធំធេង នៃអាវុធគីមី ដែលបន្សល់ទុកពីសម័យកាលសហភាពសូវៀត ហើយនេះគឺជាការជំហានដ៏ល្អមួយ ដែលកំពុងធ្វើឲ្យពិភពលោកបច្ចុប្បន្ន មានតុល្យភាព និងសុវត្ថិភាពជាងមុន៕


រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចផ្លាស់ប្ដូរភារកិច្ច ប្រធានផ្សារ២រូប គឺប្រធានផ្សារដេប៉ូនិងប្រធានផ្សារដើមគរ ក្នុងនោះដោយកំណត់ឲ្យប្រធានផ្សារដេប៉ូ ទៅធ្វើជាប្រធានផ្សារដើមគរ ហើយប្រធានផ្សារដើមគរ ត្រូវមកធ្វើជាប្រធានផ្សារដេប៉ូវិញ។
តាមសេចក្ដីសម្រេចរបស់អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់យ៉ាងដូច្នេះថា «លោក សេង សារ៉ន ពីប្រធានគណៈគ្រប់គ្រងផ្សារដើមគរ មកជាប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ និងលោក ឈួន ឆាយារិទ្ធ ពីប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ មកជាប្រធានគណៈគ្រប់គ្រងផ្សារដើមគរ ៕


ម៉ិកស៊ិក ៖ អាជ្ញាធរម៉ិកស៊ិកបាននិយាយថា មនុស្សយ៉ាងតិចណាស់១៤នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយដែលបានកើតឡើងនៅឯមណ្ឌលព្យាបាលការញៀនថ្នាំមួយកន្លែងស្ថិតនៅក្នុងទីក្រុងឈីវ៉ាវ៉ា (Chihuahua) ភាគខាងជើងប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធម្សិលមិញ។
យោងតាមការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានបាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ អាជ្ញាធរបាននិយាយថា ក្រុមបុរសប្រដាប់អាវុធដែលមានពាក់ស្រោមមុខផងបានសម្រុកចូលទៅក្នុងមណ្ឌលនោះ ហើយបានបើកការបាញ់ប្រហារមិនរើសមុខទៅលើមនុស្សដែលនៅក្នុងនោះ។ ចំណែកក្រុមសាក្សីបាននិយាយថា ក្រុមអ្នកវាយប្រហារស្លៀកសំលៀកបំពាក់បែបយោធា និងមានកាន់កាំភ្លើងវែងគ្រប់ដៃ។
មូលហេតុដែលជម្រុញអោយមានការវាយប្រហារនោះមិនទាន់ត្រូវបានដឹងនៅឡើយទេនាពេលនេះ ប៉ុន្តែប៉ូលិសបាននិយាយថាជារឿយៗក្រុមជនអន្ធពាលគ្រឿងញៀនបានធ្វើការវាយប្រហារទៅលើមណ្ឌលព្យាបាលការញៀនថ្នាំនៅពេលដែលពួកគេសង្ស័យថាសមាជិកក្រុមជនអន្ធពាលគ្រឿងញៀនដែលជាគូប្រជែងរបស់ពួកគេកំពុងលាក់ខ្លួននៅទីនោះ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍