រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន១៦នាក់ទៀត ដើម្បីឲ្យពួកគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈដែលមិនអាចស៊ូទ្រាំការងារនៅទីនោះបាន។ នេះបើយោងតាមការផ្តល់ព័ត៌មានរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលករ ពលការិនីទាំង១៦នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ីចន្លោះពីឆ្នាំ២០១៤-២០១៧ ។ លោកបានបញ្ជាក់ថា ពួកគេមកពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាប ។
យ៉ាងណាក៏ដោយ បន្ទាប់ការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដោយមានការទាមទារប្រាក់ខែ និងប្រាក់បំណាច់ជាដើមនោះ ពលករ ពលការិនីទាំង ១៦នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦០តោន ខណៈដែលពិធីដុតកម្ទេចនេះ ស្ថិតក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានសោកនាដកម្មមួយនៅសហរដ្ឋអាមេរិក ខណដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ ក្នុងពិធីបុណ្យ តន្ត្រីមួយ ដែលជាការបាញ់ប្រហារដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកបណ្ដាលឲ្យមនុស្សស្លាប់៥៩នាក់ និង ៥២៧នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Las Vegas កាលពីយប់ថ្ងៃអាទិត្យ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានលើក ឡើងថា វិបត្តិសង្គ្រាម នៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងការបាញ់សម្លាប់ មនុស្សនៅ ទីក្រុង Las Vegas សហរដ្ឋអាមេរិក សុទ្ធតែជាសោកនាដកម្មធ្ងន់ធ្ងរ ដែលមនុស្សជាតិ គ្រប់ទីកន្លែង ជាពិសេស ប្រទេសកម្ពុជា មិនត្រូវការនោះឡើយ ។
សម្តេច ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា” កម្ពុជាសន្តិភាព គឺពោរពេញ ទៅដោយឱកាសគ្រប់យ៉ាងរាល់បញ្ហា និងវិបត្តិទាំងឡាយ ដែលកំពុងកើតឡើងនៅមជ្ឈឹមបូព៌ា ព្រមទាំងបញ្ហា ជនភៀសខ្លួន និងការបាញ់សម្លាប់មនុស្ស នៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ គឺជាសោកនាដកម្មដែមនុស្ស ជាតិ គ្រប់ទីកន្លែងរួមទាំងកម្ពុជា មិនត្រូវការឡើយ ។ សូមជូនពរនិងអរគុណជនរួមជាតិ ដែលបានចូលរួម ថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង” ៕

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះ សម្បែង វត្តអារាម ដើម្បីជៀសឲ្យឆ្ងាយពីតំបន់ដែលមន្ត្រីជំនាញនឹងបើកប្រតិបត្តិការដោះគ្រាប់ គីមីដ៏សែនគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ឲ្យដឹងថា ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកនេះ មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៊ីម៉ាក់ បានចាប់ផ្តើមប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋ និងព្រះសង្ឃចេញពីភូមិឋានរបស់ពួកគាត់ ទៅរកទីសុវត្ថិភាព ដើម្បីបើកប្រតិបត្តិការដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បន្សល់ទុកដោយអាមេរិក។
លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ថា នៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងត្រូវជម្លៀសចេញពីផ្ទះ ត្រឹមម៉ោង៣៖៣០នាទីរសៀល នៅពេលដែលយើងផ្អាកប្រតិបត្តិការដោះគ្រាប់បែកពួកគាត់អាចត្រឡប់ចូលផ្ទះដូចធម្មតាវិញ ហើយនៅថ្ងៃបន្ទាប់ពួកគាត់អាចនឹងត្រូវជម្លៀសចេញបន្តទៀត ប្រសិនបើកប្រតិបត្តិការ នៅតែបន្តនោះ ៕



វ៉ាស៊ីនតោន ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់ថា ករណីបាញ់រះសម្លាប់មនុស្សប្រមាណ៥៩នាក់ និង៥២៧នាក់ផ្សេងទៀតរបងរបួសនៅក្នុងទីក្រុងឡាសវេហ្គាស់ (Las Vegas) រដ្ឋ ណេវ៉ាដា (Nevada) កាលពីយប់ថ្ងៃអាទិត្យនោះពុំមានទំនាក់ទំនងអ្វីមួយជាមួយនិងក្រុម ISIS ឡើយ។នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnikចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ។
ភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុកស៊ើបអង្កេតលើករណីខាងនេះ លោក អារ៉ុន រ៉ៅស៍ (Aaron Rouse) បានថ្លែងថា «ស្របពេលដែលហេតុការណ៍ដ៏អាក្រក់នេះ ត្រូវបានបកអាក្រាត ពួកយើងបានកំណត់ត្រឹមខណៈពេលនេះថា វាពុំមានចំណងទាក់ទងអ្វីទាំងអស់ជាមួយនឹងក្រុមភេរវករអន្តរជាតិដូចជា ISIS ជាដើម»។ លោក Rouse បានបន្ថែមថា ទីភ្នាក់ងារ FBI នឹងបន្តខិតខំធានាឲ្យបានថា ករណីនេះត្រូវបានស៊ើបអង្កេតដោយហ្មត់ចត់ល្អិតល្អន់ និងច្បាស់លាស់ជាទីបំផុត។ លោកបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្ទេហ្វិន ផេកដក់ (Stephen Paddock) ពុំមានទំនាក់ទំនងអ្វីមួយជាមួយនិងក្រុម ISIS ទោះបីជាពួកភេរវករនេះ បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី។
គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាអ្នករៀបចំគម្រោងបាញ់ប្រហារដ៏សាហាវព្រៃផ្សៃបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិកនេះ ដោយលើកឡើងថា បុរសជាខ្មាន់កាំភ្លើង គឺជាអ្នកប្រយុទ្ធរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ភស្តុតាងអ្វីឡើយ៕

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែតុលា ។ សូមមើលតារាងតម្លៃរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖


អាមេរិក ៖ សារព័ត៌មាន BBC ចេញផ្សាយថា មនុស្ស៥៨នាក់ និង៥១៥នាក់ ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅឯទីក្រុងឡាសវេហ្គាស (Las Vegas) កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈដែលក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងទទួលខុសត្រូវចំពោះហេតុការណ៍ដ៏សាហាវនេះ។
ទោះបីយ៉ាងណាភ្លាមៗ អាជ្ញាធរអាមេរិកមិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ បានចាត់ទុកការបាញ់ប្រហារនេះជាសកម្មភាពរបស់ បិសាចសុទ្ធសាធ ហើយថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងឡាស វេហ្គាស នៅថ្ងៃពុធ។
ប៉ូលិសអាមេរិកបានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគំតន្ត្រីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ ដែលជាកម្មវិធីដ៏ធំមួយក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នាអ្នកដែលបានទទួលរងរបួសទាំងប៉ុន្មានត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត។
ទោះបីយ៉ាងណាប៉ូលិសអាមេរិកក៏បានអះអាងដែរថា ជនសង្ស័យម្នាក់ ឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេបើកការបាញ់ប្រហារយ៉ាងកម្រោលទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាន នាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្ត្រីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)៕


រាជធានីភ្នំពេញ ៖ ទោះបីជាតុលាការមិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រ CNRP ចូលជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ប៉ុន្តែក្រុមតំណាងរាស្ត្រ គណបក្សប្រឆាំងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ បានព្យាយាមចូលជួបលោក កឹម សុខា ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានរារាំង និងមិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រទាំងនោះចូលជួបឡើយ ។
យោងតាមវិឌីអូឃ្លីប បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក សួន សូរីដា អ្នកតំណាងរាស្ត្រមណ្ឌល សង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ ដែលចូលរួមសួរសុខទុក្ខលោក កឹម សុខា បានលើកឡើងថា គោលបំណងដើម្បីចូលរួមជួប លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែការដាក់ពាក្យស្នើសុំនោះ ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ មិនបានអនុញ្ញាតនោះទេ។ ប៉ុន្តែទោះបីមិនអនុញ្ញាត ក៏ពួកយើងមកមើលពីចំងាយដែរ ៕

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ADB សម្រេចផ្តល់ប្រាក់កម្ចីចំនួន ៧០លានដុល្លារអាមេរិក ដើម្បីជួយធ្វើឲ្យវិស័យគមនាគមន៍ និងដឹកជញ្ជូនក្នុងប្រទេសកម្ពុជា កាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយ ជាពិសេស ការកែលម្អផ្លូវជាតិ ក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង ដែលជាខេត្តស្ថិតនៅតាមបណ្តោយច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ៕



ម៉ាឌ្រីត ៖ មនុស្សច្រើនជាង ៨៤៤នាក់ បានរងរបួសក្នុងចំណាត់ការរបស់ប៉ូលិសអេស្ប៉ាញក្នុងការបង្ក្រាបយ៉ាងហិង្សាទៅលើក្រុមអ្នកគាំទ្រការប្រកាសឯករាជ្យរបស់តំបន់កាតាឡូនៀ (Catalonia) នៅអំឡុងការបោះឆ្នោតប្រជាមិតមួយកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសារព័ត៌មាន Russian Today ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ។
បើតាមអាជ្ញាធរ Catalonia បាននិយាយថា ៩០ភាគរយ នៃប្រជាជនច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិរបស់តំបន់ Catalonia បានបោះឆ្នោតគាំទ្រប្រកាស ឯករាជ្យ រីឯមេដឹកនាំតំបន់មួយនេះ លោក កាឡែស ភីកឌេម៉ុន (Carles Puigdemont) ក៏បានសន្យាដែរថា នឹងប្រកាសឯករាជ្យជាឯកភាគី បើទោះជាមានការជំទាស់ពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត ក៏ដោយ ព្រោះខ្លួនទទួលសិទ្ធិបង្កើតរដ្ឋហើយ។
ថ្លែងប្រាប់សារព័ត៌មាន Sky News រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក អាល់ហ្វុនសូ ដាស្ទីស (Alfonso Dastis) បានលើកឡើងថា «អ្នកអាចគិតថា ក្រុមមនុស្សទាំងនោះកំពុងអនុវត្តន៍សិទ្ធិដោយសន្តិវិធី ក្នុងការបោះឆ្នោត ក៏ប៉ុន្តែបញ្ហាការបោះឆ្នោតប្រជាមតិនោះ ត្រូវបានចាត់ទុកថា ជារឿងខុសច្បាប់ដោយតុលាការធម្មនុញ្ញ… ដូច្នេះខ្ញុំមិនយល់ស្របឡើយថា (ចំណាត់ការរបស់ប៉ូលិស) គឺជាអំពើហិង្សាធ្ងន់ធ្ងរហួសប្រមាណ»។ ដោយឡែករដ្ឋាភិបាល Catalonia កំពុងស្នើឱ្យសហភាពអឺរ៉ុបហើបមាត់និយាយពីការរំលោភសិទ្ធិមនុស្សនេះ៕


រាជធានីភ្នំពេញ ៖ រយៈពេល៣០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២៦៣,៤៤៤នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២,០៩២នាក់ និងអ្នកខុសកែតម្រូវមានចំនួន២,២៩៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕


រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ និងរមណីយដ្ឋាន សុខា សៀមរាប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន បានថ្លែងអះអាងថា វិធានការទប់ស្កាត់ការបំផ្លាញសន្តិសុខជាតិនៅកម្ពុជា មិនមែនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា នោះទេ ព្រោះសកម្មភាពក្បត់ជាតិបានធ្វើឡើងជាប្រព័ន្ធ ។
សម្តេច ហ៊ុន សែន បានថ្លែងអះអាងជាថ្មីថា នឹងមិនអនុញ្ញាត្តិឲ្យនរណាម្នាក់បំផ្លាញសន្តិ សុខជាតិនោះទេ ហើយមិនអនុញ្ញាត្តិឲ្យនរណាម្នាក់បំរើបរទេសមកបំផ្លាញខ្មែរជាដាច់ខាត ។
សម្តេច ហ៊ុន សែន បានរម្លឹកឡើងវិញផងដែរ អំពីរឿងរាវដែលឃាតករលួចបាញ់សម្លាប់ សម្តេចលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។សម្តេចបញ្ជាក់ថា មុនពេល គេបាញ់សម្តេចមួយថ្ងៃគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៨ គឺសម្តេចបានទៅចាក់គម្ពីត្រូវត្រង់គេយកទៅប្រហារជីវិតតែមិនសម្រេច ហើយក៏ត្រូវបានឡើង ធ្វើជាស្តេចតែម្តង ។ សម្តេចបន្តថា នៅថ្ងៃគេបាញ់សម្តេចនោះ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសម្តេចហៅភ្លៀងធ្លាក់នោះថា ជាភ្លៀងបង្កឡើងដោយអ្នកមានបារមីថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងថែរក្សាទឹកដីអង្គរ ដើម្បីទុកសម្តេចបង្ក្រាបទមិឡទាំងឡាយ។
សម្តេចបានសង្កត់ធ្ងន់ថា គេហ៊ានលើកដៃសម្លាប់សម្តេចគេអាចធ្វើទៅបាន រឿងអីដែល សម្តេចមិនអាចអនុវត្តច្បាប់ ដើម្បីជាតិ និងប្រជាជន ចំពោះជនក្បត់ជាតិ ។ ទន្ទឹមនោះសម្តេចបាន ចោទជាសំណួរថា អាមេរិកទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ អង្គការសហប្រជាជាតិទទួលស្គាល់ ខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ខ្មែរ ហេតុអីក៏គេអាចធ្វើទៅ រីឯសម្តេចត្រឹមតែអនុវត្តន៍ច្បាប់ ដើម្បីការជាតិ និងប្រជាជនហេតុអ្វីក៏ធ្វើមិនបាន។
សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចមិនរាថយនោះឡើយ សម្តេចនឹងបន្តអនុវត្តន៍ វិធានការច្បាប់ ដើម្បីការពារជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួមគ្នា ថែរក្សាសុខសន្តិភាពនេះ បើមិនដូច្នោះទេការបំភ្លេចបំផ្លាញជាតិនឹងកើតមានមិនខានឡើយ ៕


កីឡា ៖ កម្ពុជានឹងបញ្ជូនកីឡាការិនី ០៣រូប ទៅចូលរួមការប្រកួតជើងឯកប្រដាល់សកលនារី ទ្វីបអាស៊ី ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ នៅប្រទេសវៀតណាម ។ នេះបើយោងតាមការឲ្យដឹងពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
កីឡាការិនី៣រូបដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនទៅចូលរួមនោះរួមមានកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦០ kg ,កីឡាការិនី អេព្រីយ៉ានុត ភូថង ប្រភេទទម្ងន់ ៥៧ kg និង កីឡាការិនី នៅ ស្រីពៅ ប្រភេទទម្ងន់ ៥៤ kg ហើយបច្ចុប្បន្ននេះកីឡាការិនីទាំង៣រូបនេះកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយ លោកគ្រូបង្វឹក វ៉ែន សុផល នៅសាលហ្វឹកហាត់ក្រុមជម្រើសជាតិប្រដាល់ នៅក្នុងពហុកីឡដ្ឋានជាតិ ។
តាមការបញ្ជាក់របស់សហព័ន្ធបានឲ្យដឹងថាក្រុមកីឡាការិនីប្រដាល់សកលកម្ពុជា នឹងចេញដំណើរទៅចូលរួមប្រកួតជើងឯកអាស៊ីនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះដែលដឹកនាំដោយ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍