រាជធានីភ្នំពេញ ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រផងដែរ ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញក្រោមហេតុផលថា ខ្លាចមានការចាប់ខ្លួន ពីព្រោះមានជាប់ពាក់ព័ន្ធនឹងករណីលោកកឹម សុខា ចំពោះអំពើក្បត់ជាតិ។
ទន្ទឹមនឹងការចាកចេញនោះកាលពីថ្ងៃ៣តុលា លោកស្រីមូរ សុខហួរ ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សភាពការណ៍ក្នុងប្រទេសកម្ពុជា«គ្រោះថ្នាក់ណាស់សំរាប់ក្រុមមេដឹកនាំសង្គ្រោះជាតិ»និងថា លោកស្រីបានឮការគំរាមរបស់នាយករដ្ឋមន្ត្រី និងបានចាកចេញពីប្រទេសកាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកគេឃើញមានមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន បានចាកចេញពីកម្ពុជា ដែលក្នុងនោះរួមទាំង កូនស្រីលោក កឹម សុខា ទាំង២ រូបគឺកញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា ព្រមទាំងមេដឹកនាំយុវជននៃគណបក្សសង្គ្រោះជាតិលោក ហ៊ីង សុខសាន្ត ផងដែរ ៕

រាជធានីភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្គ្រោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃហើយ ហើយការដាក់ពាក្យបណ្តឹងនោះគឺស្របតាមច្បាប់ស្តីគណបក្សនយោបាយផងដែរ ។ ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់បានដាក់នៅឡើយ បន្ទាប់ពីគណបក្សនេះចេញថ្លែងការណ៍ថា នឹងដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិដូចគ្នា ។
យោងតាមពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះ ព្រោះតែគណបក្សបានប្រព្រឹត្តិអំពើក្បត់ជាតិ ៕



រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយបូមទឹកមួយកន្លែងទៀត នៅទីតាំងលូប្រាំ តាមផ្លូវវេងស្រេង រួមនឹងការស្តារប្រឡាយមេជាច្រើនខ្សែទៀតក្នុងតំបន់នេះ ដូចជា ប្រឡាយលូប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែងជាដើម ដើម្បីរំដោះទឹកនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
សូមជម្រាបថា ការបង្ហាញពីគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ក្រោយពីអាជ្ញាធររាជធានី និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យពីស្ថានភាពប្រឡាយលូប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែង បន្ទាប់ពីលិចលង់ដោយជំនន់ទឹកភ្លៀង លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់គ្រឿងចក្រ ដើម្បីស្តារប្រឡាយមេទាំងនេះ ។ លោកថា គម្រោងការនោះគឺ ដើម្បីជំរុញការងាររំដោះទឹកឲ្យកាន់តែមានប្រសិទ្ធភាព ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងកិច្ចប្រជុំនេះ លោកអភិបាលក៏បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាជាកញ្ចប់លើការដោះស្រាយបញ្ហាលិចលង់នេះ ដែលរំពឹងថា ក្រោយការជីក ស្តារប្រឡាយ ទាំង៣ខាងលើ និងក្រោយពីសាងសង់ស្ថានីយ៍បូមទឹកនេះរួចរាល់នឹងអាចរំដោះជំនន់ទឹកភ្លៀងបានល្អប្រសើរ។ ជាគម្រោងត្រូវស្តារបើកមុខប្រឡាយ ដាក់បណ្តាញលូប្រអប់ថ្មី ដែលមានទំហំចាប់ពី២,៥០ម៉ែត្រ ដល់៦ម៉ែត្រ»។
គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹកជាច្រើនកន្លែងហើយ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ដូចជា៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹក ទួលគោក១ ទួលគោក២ ស្ថានីយបូមទឹកទួលសំពៅ និងស្ថានីយបូមទឹកកប់ស្រូវជាដើម៕


ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ពលរដ្ឋស្លូតត្រង់យ៉ាងហិចណាស់ចំនួន៤៥នាក់បានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកលើតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី។
បើតាមសារព័ត៌មានស៊ីរី al-Watan បានរាយការណ៍ថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់ធ្វើឡើងដោយក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកមានកុមារ និងស្ត្រីភេទ ខណៈដែលលំនៅឋានចំនួន០២ខ្នង ក្នុងតំបន់ Tawasoiyeh ភាគខាងជើងក្រុង Raqqa ក៏រងការបំផ្លាញផងដែរ៕


បាកដាត ៖ បន្ទាប់ពីការរៀបចំការបោះឆ្នោតប្រកាសប្រជាមតិឯករាជ្យកាលពីខែចុងកញ្ញាកន្លងទៅ រដ្ឋាភិបាលតំបន់ស្វយ័តឃើដអ៊ីរ៉ាក់ គ្រោងនឹងដំណើរការការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ ខណៈស្ថានភាពនៅក្នុងតំបន់កំពុងឡើងកម្ដៅ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
លោក Mohammad Toufic Rahim ដែលជាគូរប្រជែងដ៏សំខាន់របស់ប្រធានាធិបតីឃើដ បច្ចុប្បន្ន លោក Massoud Barzani គឺជាបេក្ខជនតែម្នាក់គត់ដែលគេជឿជាក់ថា នឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ឃើដ។ ប៉ុន្តែប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ទីក្រុងអង់ការ៉ា អាចនឹងដាក់ទណ្ឌកម្មលើតំបន់ស្វយ័តឃើដ ដោយសារតែការបោះឆ្នោតប្រជាមតិ ដែលលោកគិតថា នឹងបង្កឱ្យមានអស្ថេរភាព និងសង្គ្រាមនៅក្នុងតំបន់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ប្រជាជនឃើដ៩០ភាគរយបានបោះឆ្នោតប្រជាមតិគាំទ្រឱ្យតំបន់មួយនេះប្រកាសឯករាជ្យពីអ៊ីរ៉ាក់ និងបង្កើតជារដ្ឋមួយ បើទោះជា មានការព្រមាននឹងជំទាស់ពីអ៊ីរ៉ង់ អ៊ីរ៉ាក់ តួកគី ស៊ីរី និងសហរដ្ឋអាមេរិកក៏ដោយ៕

ខេត្តបាត់ដំបង ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស កាលម៉ោង១៧រសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៧។ លុះម៉ោង២២ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧បានចុះបង្ក្រាបករណីដាក់ថ្នាំយកម៉ូតូ នៅចំណុចហាងយីហោ ទីក្រុងអាន់ឆឺ២ នៅភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់។
ជនសង្ស័យឃាត់ខ្លួនទី១ឈ្មោះស៊ឹម ចាន់ថនហៅឥណ្ឌា ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសត្វពង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ទី២ឈ្មោះងួន វណ្ណដាហៅដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានដាក់ថ្នាំយកម៉ូតូមែន ហលយម៉ូតូនោះ ខ្លួនឲ្យឈ្មោះគឹម សេងដុសហៅពោយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត យកទៅឲ្យអ្នកទទួលទិញ នៅឯខេត្តកំពត។ក្រោយទទួលចម្លើយក្រុមបង្កបង្ក្រាបនិងក្រុមជំនាញការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកំណត់មុខសញ្ញា អ្នកទទួលផលចោរកម្ម(អ្នកទិញម៉ូតូ)។
ដោយមានការអនុញ្ញាតិពីឯកឧត្តមស្នងការ ក្រុមបង្កបង្ក្រាបនិងក្រុមជំនាញការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានឌ្វើដំណើរទៅខេត្តកំពតដើម្បីសហការជាមួយនគរបាលខេត្តកំពត។នៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សមត្ថកិច្ចបានបង្ក្រាបក្រុមទទួលផលចោរកម្មចំនួន៣នាក់ នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ បុរសសង្ស័យទី១ឈ្មោះឃិន ណី ។ទី២ឈ្មោះម៉មហ៊ីន។ ទី៣ឈ្មោះហ៊ី គឹមហៃ ។លុះម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សមត្ថកិច្ចបានធ្វើដំណើរទៅឃាត់ខ្លួន ជនសង្ស័យ២នាកើទៀតទី១ឈ្មោះគឹម សេងដុសហៅពោយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ទី២ឈ្មោះនិន ម៉ាំងភេទប្រុស រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ដកហូតម៉ូតូចំនួន៤គ្រឿងនិងស្លាកលេខចំនួន៦ផ្ទាំងនិងសម្ភារ:មួយចំនួនទៀត។
ក្រុមជនសង្ស័យក្រោយសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាយ់ដំបង នៅវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបងចាត់ការតាមនិតិវិធី៕


ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានចុះទៅដាក់ម៉ងក្នុងទឹកប្រឡាយមួយកន្លែងរអិលជើងបណ្តាលអោយលង់ទឹកស្លាប់ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣ និង២៥នាទីថ្ងៃទី៣ ខែតុលាឆ្នាំ២០១៧ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពេច សឿន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ មុខរបរជាកសិករមានប្រពន្ធ និងកូនស្រី១នៅក្នុងបន្ទុក។
តាមសាក្សីដែលជាអ្នកាដាក់ម៉ងដូចគ្នាបានប្រាប់អោយដឹងថា មុនពេលកើតហតុដោយបុរស់ខាងលើបានហូបស្រាលុះដល់ម៉ោងមកដាក់ម៉ងបានមកដាក់នៅក្នុងទឹកបឹងប្រឡាយស្រាប់តែមួយសន្ទុះក្រោយស្រាប់តែបាត់គាត់មិនឃើញបាននាំគ្នាផ្អើលឆោឡោឡើងហើយបាននាំគ្នាចុះទៅជួយរកដែរតែដោយសារទឹកខាងលើជ្រៅពេកក៏បានហៅអ្នកជិតខាងអោយមកជួយក៏មានការភ្ញាក់ផ្អើលដឹងដល់ប្រពន្ធគាត់បាននាំគ្នាមកជួយមុជទឹករកឃើញដោយបុរស់ខាងលើបានស្លាប់បាត់ហើយ។
តាមប្រភពដដែលបានអោយដឹងទៀតថាបុរស់ដែលលង់ទឹកស្លាប់នោះគឺដោយសារតែគាត់ដើររាយម៉ងគឺជើងគាត់ជំពាក់ជាមួយនិងម៉ងហយរុំជើងទើបធ្វើអោយគាត់រអិលជើងចូលទៅក្នុងទឹកជ្រៅបណ្តា់អោយលង់ស្លាប់ចោលប្រពន្ធនិងកូន។
ក្រោយពីសម្ថតកិច្ចចក្ខុរបស់ខណ្ឌដង្កោពិនិត្យរួចហើយថាបុរស់នោះពិតជាលង់ទឹកស្លាប់ហើយបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ភ្នំពេញ ៖ បុរសម្នាក់បានឆក់ខ្សែភ្លើងធ្លាក់ស្លាប់ ខណៈពេលកំពុងឡើងស្វានដំបូល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបុរសខាងលើនេះបានឡើងស្វានដំបូល ហើយក៏បានឆ្លងខ្សែភ្លើងឆក់ធ្លាក់មកក្រោមស្លាប់ភ្លាមៗតែម្តង។ បុរសខាងលើនេះមានឈ្មោះឡន ចាន់ពិសី អាយុ២៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិចំការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យសព្វបុរសខាងលើនេះ។ ក្រោយពិនិត្រសពរួចសមត្ថកិច្ចបានអោយដឹងសពបុរសខាងលើនេះពិតជាត្រូវបានខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕


រាជធានីភ្នំពេញ ៖ រយៈពេល៣២ថ្ងៃដំបូងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២៨៨,០២៤នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២,២៨៦នាក់ និងអ្នកខុសកែតម្រូវមានចំនួន ២,៥១៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕


រាជធានីភ្នំពេញ ៖ ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះបានបង្កឲ្យជំនន់ទឹកច្រើនកន្លែង ដែលធ្វើឲ្យកម្ពស់ទឹកនៅតាមអាងទឹក ជ្រោះជ្រលងដងអូរ ស្ទឹង ព្រែកមួយចំនួនក៏បានហក់ឡើងខុសពីប្រក្រតី។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានោះក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគួរផ្អាក់ដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួនផងដែរ៕


រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន១៦នាក់ទៀត ដើម្បីឲ្យពួកគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈដែលមិនអាចស៊ូទ្រាំការងារនៅទីនោះបាន។ នេះបើយោងតាមការផ្តល់ព័ត៌មានរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលករ ពលការិនីទាំង១៦នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ីចន្លោះពីឆ្នាំ២០១៤-២០១៧ ។ លោកបានបញ្ជាក់ថា ពួកគេមកពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាប ។
យ៉ាងណាក៏ដោយ បន្ទាប់ការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដោយមានការទាមទារប្រាក់ខែ និងប្រាក់បំណាច់ជាដើមនោះ ពលករ ពលការិនីទាំង ១៦នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦០តោន ខណៈដែលពិធីដុតកម្ទេចនេះ ស្ថិតក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានសោកនាដកម្មមួយនៅសហរដ្ឋអាមេរិក ខណដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ ក្នុងពិធីបុណ្យ តន្ត្រីមួយ ដែលជាការបាញ់ប្រហារដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកបណ្ដាលឲ្យមនុស្សស្លាប់៥៩នាក់ និង ៥២៧នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Las Vegas កាលពីយប់ថ្ងៃអាទិត្យ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានលើក ឡើងថា វិបត្តិសង្គ្រាម នៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងការបាញ់សម្លាប់ មនុស្សនៅ ទីក្រុង Las Vegas សហរដ្ឋអាមេរិក សុទ្ធតែជាសោកនាដកម្មធ្ងន់ធ្ងរ ដែលមនុស្សជាតិ គ្រប់ទីកន្លែង ជាពិសេស ប្រទេសកម្ពុជា មិនត្រូវការនោះឡើយ ។
សម្តេច ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា” កម្ពុជាសន្តិភាព គឺពោរពេញ ទៅដោយឱកាសគ្រប់យ៉ាងរាល់បញ្ហា និងវិបត្តិទាំងឡាយ ដែលកំពុងកើតឡើងនៅមជ្ឈឹមបូព៌ា ព្រមទាំងបញ្ហា ជនភៀសខ្លួន និងការបាញ់សម្លាប់មនុស្ស នៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ គឺជាសោកនាដកម្មដែមនុស្ស ជាតិ គ្រប់ទីកន្លែងរួមទាំងកម្ពុជា មិនត្រូវការឡើយ ។ សូមជូនពរនិងអរគុណជនរួមជាតិ ដែលបានចូលរួម ថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង” ៕

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះ សម្បែង វត្តអារាម ដើម្បីជៀសឲ្យឆ្ងាយពីតំបន់ដែលមន្ត្រីជំនាញនឹងបើកប្រតិបត្តិការដោះគ្រាប់ គីមីដ៏សែនគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ឲ្យដឹងថា ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកនេះ មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៊ីម៉ាក់ បានចាប់ផ្តើមប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋ និងព្រះសង្ឃចេញពីភូមិឋានរបស់ពួកគាត់ ទៅរកទីសុវត្ថិភាព ដើម្បីបើកប្រតិបត្តិការដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បន្សល់ទុកដោយអាមេរិក។
លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ថា នៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងត្រូវជម្លៀសចេញពីផ្ទះ ត្រឹមម៉ោង៣៖៣០នាទីរសៀល នៅពេលដែលយើងផ្អាកប្រតិបត្តិការដោះគ្រាប់បែកពួកគាត់អាចត្រឡប់ចូលផ្ទះដូចធម្មតាវិញ ហើយនៅថ្ងៃបន្ទាប់ពួកគាត់អាចនឹងត្រូវជម្លៀសចេញបន្តទៀត ប្រសិនបើកប្រតិបត្តិការ នៅតែបន្តនោះ ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍