រាជធានីភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះ ទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាទី១) នឹងត្រូវជួសជុលកែលំអរឡើងវិញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្នុងអំឡុងពេលនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) ត្រូវបិទចរាចរទាំងស្រុង ហើយស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ត្រូវដាក់ឲ្យដំណើរការសម្រាប់ចរាចរទាំងទិសចេញ និងចូលរាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពាន មិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ក៏ដូចជាចំណុចក្បាលស្ពានទាំងសងខាងនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការជូនដំណឹងដូចខាងក្រោម៖
ទី១៖ ចំពោះរថយន្ដធុនធំចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ត្រូវពង្វាង់បត់ចូលតាមផ្លូវ លី យ៉ុងផាត់។
ទី២៖ ចំពោះយានយន្ដគ្រប់ប្រភេទ ដែលធ្វើចរាចរទិសដៅចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ចំណុចថ្នល់កែង ត្រូវបត់ស្ដាំធ្វើចរាចរតាមកំណត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅស្ពានព្រែកក្ដាម និងបន្ដដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥វិញ។
ទី៣៖ ក្នុងករណីមានការកកស្ទះចរាចរណ៍ ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទ ត្រូវអនុវត្តតាមការបង្វែទិសចរាចរណ៍របស់សមត្ថកិច្ចជំនាញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ នេះ នឹងចូលរួមអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក និងសហការយ៉ាងល្អជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ៕


រាជធានីភ្នំពេញ ៖ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសម្រេចនឹងដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ខណដែលសាលាឧទ្ធរណ៍បានបើកសវនាការកាលពីម្សិលមិញ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ដដែល ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីបានពិភាក្សាជាមួយលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនា គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីលោកមេធាវីសំ សុគង់ ដែលបានបញ្ជាក់ថា ក្រុមមេធាវីប្តឹងនឹងសេចក្ដីសម្រេចទាំងមូលនៃសាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយអាចថ្ងៃសុក្រសប្តាហ៍នេះ បណ្តឹងនឹងដាក់ជាផ្លូវការ ៕

រាជធានីភ្នំពេញ ៖ តាមគម្រោងក្រសួងព័ត៌មាននឹងរៀបចំពិធី សម្ពោធស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធដល់អ្នកកាសែតជាតិ និងអន្ដរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧០-១៩៧៥ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មាន ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ពិធីខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅវេលាម៉ោង១០ និង០០នាទីព្រឹក នៅទីតាំងស្ដូបថ្មី ស្ថិតនៅទាល់មុខស្ថានទូតបារាំង៕

ខេត្តកំពង់ចាម ៖ គួរឲ្យរន្ធត់ ខណៈដែលបុរសម្នាក់បានយកពូថៅកាប់ចិញ្ច្រាំក្មួយបង្កើតរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំបណ្ដាលឲ្យសម្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏សាហាវនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ ហួន សារុំ អាយុ៣៧ឆ្នាំ ដោយក្មួយប្រុសបង្កើតដែលជនរងគ្រោះឈ្មោះ ហ៊ឹម សារ័ត្ន អាយុ៣ឆ្នាំ។ លោកបន្តថា ជនសង្ស័យជាមនុស្សវិកលចរឹកដែលក្រុមគ្រួសារ បានដាក់ច្រវ៉ាក់ក្នុងរោងក្រោយផ្ទះ ហើយនៅថ្ងៃកើតហេតុនេះ បានរបូតច្រវ៉ាក់ រួចក៏បានធ្វើសកម្មភាពយកពូថៅកាប់ចិញ្ច្រាំលើជនរងគ្រោះតែម្ដង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម។
ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុ និងចាប់បានជនសង្ស័យភ្លាមៗផងដែរ ដែលបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕


បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានរត់ភៀសខ្លួនទៅកាន់បរទេសកាលពីខែមុន ត្រូវបានតុលាការកំពូលថៃនៅថ្ងៃពុធនេះសម្រេចប្រកាសសាលក្រមកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល០៥ឆ្នាំ។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃពុធនេះ។
ទោះជាបែបនេះក្តី គេមិនទាន់ដឹងនៅឡើយទេថា រដ្ឋាភិបាលយោធាថៃនឹងស្នើធ្វើ បត្យាប័នលោកស្រី ឬយ៉ាងណានោះទេ ខណៈតុលាការចេញដីការចាប់ខ្លួនរួចហើយ។
គួរបញ្ជាក់ថា លោកស្រី Yingluck ដែលត្រូវបានរដ្ឋាភិបាលយោធាថៃសព្វថ្ងៃ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៤ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ០៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស ធ្វើឱ្យខាតបង់ថវិការដ្ឋជាង៨ពាន់លានដុល្លារនៅក្នុងក្របខណ្ឌនៃកម្មវិធីទិញស្រូវក្នុងតម្លៃថ្លៃពីកសិករ។ កម្មវិធីទិញស្រូវ នេះឯងជាគោលនយោបាយដ៏មានប្រជាប្រិយភាពបំផុតដែលបានជួយឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃកាលពី២០១១។
តែយ៉ាងណាក៏ដោយ លោកស្រី Yingluck ធ្លាប់បានអះអាងថា លោកស្រីគ្មានទោសពៃអ្វីទាំងអស់ ហើយថែមទាំង ចោទប្រកាន់ដែរថាវាគ្រាន់តែជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប៉ុណ្ណោះ។ ដោយឡែកក្រុមអ្នកជំនាញមួយយល់ថាសាលក្រមនេះ មានគោលដៅលុបបំបាត់ឥទ្ធិពលនៃគ្រួសារត្រកូល ថាក់ស៊ីន ចេញពីប្រទេសថៃ៕

ភ្នំពេញ ៖ សំរាមទាំងនេះវាធ្វើឱ្យបាក់មុខរដ្ឋាភិបាលកាន់អំណាចច្បាស់ណាស់ គំនរសំរាមដែលគេគរទុកចោលរាលពាសពេញផ្លូវទាំងនេះគឺនៅជាប់នឹងរបងមន្ទីរពេទ្យរុស្ស៊ី ដែលស្ថិតតាមបណ្តោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានរិះគល់យ៉ាងខ្លាំងៗថា រឿងសំរាមដែលគេគរទុកតាំងពិព័រណ៍ឱ្យស្អុយនេះ ប្រហែលជាអាជ្ញាធរទុកបង្អួតភ្ញៀវបរទេសហើយ ស្របពេលដែលរដូវវស្សាកំពុងមានធ្លាក់ភ្លៀង។ អ្វីដែលគួរអោយខ្មាស់គេខ្លាំងថែមទៀតនោះ ត្រង់ថាក្រសួងបរិស្ថានមានដែរ តែហេតុអ្វីដូចជាមិនអើពើរឿងសំរាមនេះសោះ ទុកអោយសំរាមស្អុយ ស្ទះលូ ពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យ កាកសំណល់ សំរាមទាំងនេះ ស្អុយរលួយ ជះក្លិន ទៅលើប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងអ្នកសម្រាកក្នុងមន្ទីរពេទ្យ និងជះក្លិនទៅលើ ភ្ញៀវជាតិ- អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ហើយសំរាមនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាព និងជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង ដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺផ្សេងៗ ។
យោងតាមស្ថានភាពបច្ចុប្បន្ន ប្រព័ន្ធលូធំៗដែលបានតភ្ជាប់រួចរាល់នៅក្នុងខណ្ឌចំការមនគឺនៅមិនទាន់អាចរំដោះទឹកបានទាន់ពេលនៅឡើយទេ ធ្វើឲ្យកំរិតទឹកគំរាមកំហែងមិនធ្លាប់មាននេះ បង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ ដូចជាជនលិចលំនៅដ្ឋាន និងផ្លូវសាធារណៈមួយចំនួន។
ទោះយ៉ាងណា ភ្នាក់ងារសារព័ត៌មាននឹងព្យាយាមទាក់ទងទៅលោកអភិបាលខណ្ឌចំការមន ដើម្បីរៀបចំសណ្តាប់ធ្នាប់គួរមានវិធានការ ហើយក៏សំណមពរដ៏ពលរដ្ឋគួរចូលរួមសហការផងដែរ សូមពេលទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ និងកំទម្លាក់ចោលក្នុងលូរំដោះទឹក ដើម្បីទប់ស្កាត់ការកកស្ទះកាន់តែខ្លាំង៕


ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធរំលោភសេពសន្ថវៈលើអនីតិជន ខណៈដែលការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
នគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុន ចាម ភេទប្រុសអាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរកសិករ។ ចំណែកកុមារីរងគ្រោះឈ្មោះ ធ.ស.ត អាយុ៧ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរសិស្ស។ នគរបាលបញ្ជាក់ថា ករណីចាប់រំលោភបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៤ និង៤០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ នៅត្រង់ចំណុចខ្ទមចាំចម្ការ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

អារ៉ាប៊ីសាអ៊ូឌីត ៖ ទីភ្នាក់ងារសារព័ត៌មានរបស់អារ៉ាប៊ីសាអ៊ូឌីត និងទូរទស្សន៍រដ្ឋបានរាយការណ៍ថា បទបញ្ជាមួយរបស់ព្រះមហាក្សបានប្រកាសអោយចេញប័ណ្ណបើកបរ ទៅដល់ទាំងបុរស និងស្ត្រីក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលនេះជាការអនុញ្ញាតអោយស្ត្រីបើកបររថយន្តជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រអភិរក្សជ្រុលមួយនេះ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសពីការផ្លាស់ប្ដូរនេះកាលពីម្សិលមិញ បន្ទាប់ទទួលរងនូវការរិះគន់ពីអន្តរជាតិជាច្រើនឆ្នាំមកហើយ ដែលជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលបានហាមឃាត់ស្ត្រីមិនអោយបើកបររថយន្ត និងបានចាប់ឃុំខ្លួនស្ត្រីដែលប្រឆាំងនឹងបម្រាមនេះ។
ទោះបីយ៉ាងណាគណៈកម្មាធិការមួយនឹងត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលការអនុវត្តបញ្ជាថ្មីនេះ៕

ប៉េកាំង ៖ អ្នកនាំពាក្យអោយក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េនឹងមិនមានអ្នកឈ្នះឡើយ។ ការលើកឡើងបែបនេះធ្វើឡើង ខណៈដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េត្រូវបានគេមើលឃើញថា បាននិងកំពុងកើនឡើងខ្លាំងនាសប្ដាហ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបង្កើនប្រព័ន្ធការពាររបស់ខ្លួននៅតាមតំបន់ឆ្នេរភាគខាងកើត បន្ទាប់ពីបាននិយាយចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា បានប្រកាសសង្គ្រាមមកលើប្រទេសកូរ៉េខាងជើង ហើយក៏បាននិយាយដែរថា ខ្លួននឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកដែលហោះនៅក្បែរឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ប្រទេសចិនបានអំពាវនាវម្ដងហើយ ម្ដងទៀតអោយមានការចរចាដើម្បីដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េនោះ។ ទន្ទឹមនោះប្រទេសចិនក៏បានចុះហត្ថលេខាយល់ព្រមបង្កើនការ ដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើងផងដែរ៕

រ៉ង់ហ្គូន ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទប្រកាន់មីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៅក្នុងយុទ្ធនាការបោសសំអាតក្រុមសកម្មប្រយុទ្ធមូស្លីម នៅឯរដ្ឋរ៉ាឃីន ភាគខាងជើង នៃប្រទេស និងអំពាវនាវផងដែរឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម និងហាមឃាត់ការលក់អាវុធឱ្យមីយ៉ាន់ម៉ា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាម អង្គការ Human Rights Watch ផ្អែកលើការវិភាគរូបភាពថតដោយផ្កាយរណប ពួកគេបានរកឃើញបទឧក្រិដ្ឋប្រឆាំងរ៉ូហ៊ីងយ៉ា មួយចំនួនដូចជា ការបណ្ដេញ ឬបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែង ការសម្លាប់ ឬការព្យាយាមសម្លាប់ ការរំលោភបំពានផ្លូវភេទ និងការធ្វើទុក្ខបុកម្នេញជាដើម។
ជុំវិញវិបត្តិមនុស្សជាតិនេះដែរ នាយកគោលនយោបាយ និងសមភាពនៃអង្គការ Human Rights Watch លោក James Ross បានលើកឡើងថា «យោធាមីយ៉ាន់ម៉ា បានបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងសាហាវព្រៃផ្សៃចេញរដ្ឋរ៉ាឃីន ភាគខាងជើង នៃប្រទេស…ហើយការសម្លាប់រង្គាលអ្នកភូមិនិង ការដុតបំផ្លាញដែលបង្ខំឱ្យពួកគេរត់គេចចេញផ្ទះសម្បែងគឺជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ»។
បើយោងតាម អ.ស.ប គិតចាប់តាំងពីជម្លោះផ្ទុះឡើងនៅរដ្ឋរ៉ាឃីន កាលពីថ្ងៃទី២៥ ខែសីហាមក មានមនុស្សច្រើនជាង៤០០នាក់ ភាគច្រើនជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាបានស្លាប់ រីឯមនុស្ស ៤៨០,០០០នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់មានប្រតិកម្មអ្វីនោះទេ ក៏ប៉ុន្តែលោកស្រី អ៊ុង សានស៊ូជី ធ្លាប់បានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយផងដែរ ដោយថែមទាំងអះអាងថា ពួកយោធាកំពុងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ទទួលខុសត្រូវលើការវាយប្រហារលើប៉ូលិស និងយោធា រួមទាំងការស្លាប់របស់ជនស៊ីវិល និងការដុតបំផ្លាញភូមិតែប៉ុណ្ណោះ៕


រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា បណ្តារាជធានី ខេត្តចំនួន១៧ នៃប្រទេសកម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
ក្រសួងបញ្ជាក់ថា រាជធានីខេត្តទាំង១៧នោះរួមមាន៖ ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ៕


រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវជាបន្ទាន់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស បញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិន មិនឆ្អិនល្អ ដើម្បី បង្ការជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ខណដែលប្រភេទជំងឺនេះ អាចឲ្យមនុស្សស្លាប់ ក្នុងរយៈពេលដ៏ខ្លី។
តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការរិភោគសាច់ឆៅ បន្ទាប់ពីក្រសួងបានរកឃើញ ពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ក្រោយពេលដែលប្រជាពលរដ្ឋ បានបរិភោគ កាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ហើយបណ្ដាលឲ្យមនុស្ស៨នាក់ បានស្លាប់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា មានប្រជាពលរដ្ឋរស់នៅភូមិច្រកគោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបរិភោគសាច់សត្វព្រៃប្រហែលជា ៣ ទៅ៤សបា្ដហ៍ មុនពួកគាត់ឈឺ ហើយអ្នកឈឺ មានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ រាកក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើមជើង និងឈឺសន្លាក់។ អាការៈរោគនេះ ចាប់ផ្ដើម តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ម្លេះ រហូតមកដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ករណីដដែលបានបន្តកើតមានចំនួន ៣៣ ករណី ក្នុងនោះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៨នាក់។
ក្នុងចំណោមអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យកេតុមាលា ក្រុមគ្រូពេទ្យ បានយកសំណាក កោសិកា សាច់ដុំ ដើមដៃ អ្នកជំងឺ ៣នាក់ និងឈាម អ្នកជំងឺ ៩នាក់ ទៅវិភាគ ក្នុងនោះសំណាកអ្នកជំងឺ ៣នាក់ ត្រូវបានរកឃើញ ដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់ដុំ៕



រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជាផ្លូវការហើយអំពីការផ្អាកសកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន ហើយការផ្អាកនោះនឹងចាប់ផ្តើមពីពេលនេះ រហូតមានបទបញ្ជាជាថ្មីទៀត ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញបានប្រកាសប្រាប់អភិបាលរាជធានី-ខេត្ត អំពីការផ្អាក សកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិក ដែលបាត់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានបទបញ្ជាថ្មី ៕


រាជធានីភ្នំពេញ ៖ លោក សុខ ឥសានមន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម នារសៀលថ្ងៃទី២៦ ខែកញ្ញាថា ទន្ទឹមនឹងការស្នើឲ្យអាមេរិកឈប់រករឿងរុកគួនរដ្ឋាភិបាលកម្ពុជាក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ( UN ) ក៏បានកោតសរសើរកម្ពុជាថាជាប្រទេស ដែលមានភាពចាស់ទុំ អាចទប់ទល់នឹងលំនឹងនៃការបុករុក សាយភាយ ការសាបព្រោះបដិវត្តន៍ពណ៌ពី សហរដ្ឋអាមេរិក បានអស់រយៈពេលជាង២០ឆ្នាំកន្លងទៅ ។
លោក សុខ ឥសាន បានបញ្ជាក់ថា ការថ្លែងបែបនេះរបស់ UN គឺជារផ្តល់យុត្តិធម៌ឲ្យរាជរដ្ឋាភិបាលកម្ពុជានិងជាតុរង្វាន់ដ៏ធំចំពោះកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវ បាននាំប្រទេសទៅរកសន្តិភាព ស្ថេរភាពនយោបាយមនិងការឯកភាពជាតិ ដែលមិនដែលមាននៅកម្ពុជា រាប់រយឆ្នាំមកហើយ។
សូមជម្រាបថា ថ្មីៗនេះក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ( UN ) បានចេញសេចក្តីថ្លែងការណ៍មួយដោយទាមទារឲ្យសហរដ្ឋអាមេរិកឈប់រុកគួនធ្វើទុក្ខបុកម្នេញមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យភាពរបស់កម្ពុជា ។
អ្នកនាំពាក្យ CPP ក៏បានស្នើដល់អ្នកវិភាគ និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងសមាជិកបក្សប្រឆាំងផងឲ្យបើកភ្នែកមើលឲ្យច្បាស់នូវគុណសម្បត្តិដ៏ធំធេងរកអ្វីមក ប្រៀបមិនបានរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានគោលជំហរច្បាស់លាស់ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ដោយឈរលើគោលការណ៍ឯករាជ្យនិង អធិបតេយ្យភាពជាតិ ។
លោក សុខ ឥសាន ថែមទាំងបានបញ្ជាក់ថា ដោយសារគោលការណ៍នេះហើយបានជាអាចរក្សាបានសន្តិភាព ស្ថេរភាពនយោបាយនិងពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា រហូតដល់សព្វថ្ងៃ៕

រាជធានីភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការរង និងជាអ្នកពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការសួរដេញដោលជាអសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍