សេអ៊ូល ៖ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងញួយ៉កកាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានចាត់ទុកសម្តីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន គឺប្រៀបបានទៅនឹងការប្រកាសសង្គ្រាមជាមួយប្រទេសរបស់លោក ហើយថាទីក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់ យន្ដហោះចម្បាំងអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
លោក Ri Yong Ho បានបញ្ជាក់ថា «វាជាសេចក្ដីថ្លែងការណ៍ប្រកាសសង្គ្រាមយ៉ាងច្បាស់ក្រឡែត ពីព្រោះវាជាពាក្យសម្ដីចេញពី មាត់ប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាច…ដូច្នេះបើសិនវាជាការប្រកាសសង្គ្រាម ទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ ក៏យើងនឹងចាត់រាល់វិធានការទាំងអស់ដើម្បីការពារខ្លួនឯង ក្នុងនោះរួមមានទាំងការបាញ់ទម្លាក់ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក»។
គួររំលឹកថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចកូរ៉េខាងជើងទៅជាផេះ បើសិនជា សហរដ្ឋអាមេរិក ត្រូវតែធ្វើបែបនោះជាដាច់ខាត ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ ភ្លាមៗបន្ទាប់ពីការព្រមាននេះដែរ កងកម្លាំងទ័ពអាកាសអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B អមដោយយន្ដហោះចម្បាំង F-15C ជាច្រើនគ្រឿង ទៅហោះឆ្វែលពីលើដែនអាកាសអន្តរជាតិ ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍៕

រាជធានីភ្នំពេញ ៖ ព្រឹកនេះមានតំណាងរាស្ត្រ CNRP តិចតួចប៉ុណ្ណោះដែលបានឈរចាំនៅមុខសាលាឧទ្ធរណ៍តាមដានសវនាការរឿងក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជុំវិញបណ្ដឹងរបស់ក្រុមមេធាវីប្តឹងប្រឆាំង នឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយគេក៏សង្កេតឃើញកងកម្លាំងសាធារណៈបានប្រមូលផ្ដុំគ្នាផងដែរ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់សាធារណៈនៅខាងមុខសាលាឧទ្ធរណ៍ផងដែរ ៕


ភ្នំពេញ ៖ តាំងខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំភ្លៃសមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងសមត្ថកិច្ចខណ្ឌមានជ័យថា មានជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូមិត្តភក្តិរបស់ខ្លួន ហើយបាននាំប៉ូលិសប៉ុស្តិ៍ចោមចៅទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដោយចោទប្រកាន់ថា បានវាយប្លន់យកម៉ូតូ smash Vមួយគ្រឿងរបស់មិត្តភក្តិរបស់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣បានសម្រេច។
លុះព្រឹកឡើងឈ្មោះ សុខ រតនា អាយុ៣៥ឆ្នាំ ដែលដើរតួជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាននាំឈ្មោះ នូវ នឿន អាយុ៤៧ឆ្នាំ ដើរតួជាជនរងគ្រោះបានចុះសហការជាមួយប៉ុស្តិ៍២៤ម៉ោងចោមចៅបានចុះទៅចាប់ឈ្មោះ ទុំ សំណាង អាយុ២៨ឆ្នាំ ដែលត្រូវចោទប្រកាន់ថា ជាចោរប្លន់បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង៣ និង០០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះឡូត៍ភូមិត្រពាំថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍២៤ម៉ោងចោមចៅបានសហការឃាត់ខ្លួនឈ្មោះទុំសំណាង រួចមកជនសង្ស័យទាំង២នាក់បានដឹកឈ្មោះ ទុំ សំណាង មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដោយអះអាងថា ខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃមិនព្រមប្រគល់ជនសង្ស័យអោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យនោះទេ ដោយប្រាប់លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យថា គេនាំជនសង្ស័យទៅកាន់ក្រសួងមហាផ្ទៃ ហើយបានចងខ្សែរិតឈ្មោះ ទុំ សំណាង ដឹកតាមម៉ូតូC125ពណ៌ខ្មៅមួយគ្រឿងអត់ស្លាកលេខរហូតដល់ចំនុចមុខប៉ុស្តិ៍លេខ៣ចាស់សង្កាត់ស្រះចកខណ្ឌដូនពេញធ្វើអោយមានការភ្ញាក់ផ្អើលទើបអាវុធហត្ថដែលឈរជើងនៅទីនោះបានឃាត់អោយឈប់ធ្វើការសាកសួរហើយក៏បានបញ្ជូនជនសង្សយ័ទាំង៣នាក់មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យវិញ លុះបញ្ជូនមកដល់ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការសាកសួរទើបបែកធ្លាយថា ជាករណីអោយម៉ូតូខ្ចីយកទៅទិញគ្រឿងញៀនជក់ជាមួយគ្នាមិនមែនជាករណីវាយប្លន់នោះទេ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


ខេត្តបាត់ដំបង ៖ នៅរលៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧នៅក្នុងសាលគប្រជុំសាលាខេត្តបាត់ដំបង មានកិច្ចប្រជុំមួយស្តីពីការរៀបចំពិធីបុណ្យអុំទូកនៅក្នុងដងស្ទឹងសង្កែនាពេលឆាប់ៗខាងមុខនេះ ។ កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនេះ ។
របាយការណ៍បន្តថា:ក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នាថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ។ ជារៀងរាល់ឆ្នាំខេត្តបាត់ដំបង តែងតែរៀបចំពិធីបុណ្យអុំទូកក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដោយឡែកឆ្នាំនេះមានទូកចំនួន៣០ បានចុះឈ្មោះចូលរួមប្រកួតដែលមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្ត និងមកពីតាមបណ្តាខេត្តផ្សេងៗមួយចំនួន ។ នៅក្នុងពិធីនេះផងដែរក៏មានការរៀបចំស្តង់ពិព័ណ៌ផលិតផល ការប្រគុំតន្ត្រី ដុតកាំជ្រួច បង្ហោះគោម នាពេលរាត្រី ដើម្បីកំដរបរិយាកាសក្នុងពិធីនេះឲ្យមានភាពសប្បាយរីករាយ និងអធិកអធម ៕


រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ១៩៧,០៨៥នាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥៤៣នាក់។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
គួរបញ្ជាក់ថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧៕


តូក្យូ ៖ សារព័ត៌មាន BBC ចេញផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ កាលពីម្សិលមិញបានប្រកាសរំសាយសភាជាន់ទាប និងអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនអាណត្តិក្នុងបរិបទភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើង ខណៈរូបលោកកំពុងជាប់ផុងនឹងរឿងអាស្រូវជួយមិត្តភក្តិម្នាក់នៅក្នុងការរកស៊ីដែលបានធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនជប៉ុន។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងតូក្យូ លោក អាបេ បានបញ្ជាក់ថា ៖ «ខ្ញុំនឹងរំលាយសភាជាន់ទាបនៅថ្ងៃទី២៨ ខែកញ្ញា ហើយការសម្រេចចិត្តភ្លាមៗបែបនេះធ្វើឡើងតាមឆន្ទៈនៃការសាកសួររបស់ប្រជាជនជប៉ុនស្ពីពីសកម្មភាពរបស់ខ្ញុំ ជាពិសេសវិស័យសេដ្ឋកិច្ច»។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានស្នើឡើងនូវផែនការអនុម័តថវិកាជាតិ ប្រមាណជា ២០០០ពាន់លានយ៉េន ឬស្មើនឹង១៧.៨ពាន់លានដុល្លារ សម្រាប់វិស័យអប់រំ និងហិរញ្ញវត្ថុសាធារណៈ ហើយមិនតែប៉ុណ្ណោះលោកក៏បានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងព្យុងយ៉ាងផងដែរ។ «យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធជាអតិបរាម៉ាលើកូរ៉េខាងជើង»។
បើទោះជាលោក អាបេ មិនបានកំណត់ថ្ងៃជាក់លាក់នៃការបោះឆ្នោតសភាមុនអាណត្តិក៏ដោយ ក៏ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក តាមរយៈការប្រកាសរំលោយសភា របស់លោក នឹងបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតនៅរយៈពេល៤០ថ្ងៃបន្ទាប់ ឬគួរតែអាចនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ បន្ទាប់ពីសភាជាន់ទាបត្រូវប្រកាសរំលាយនៅថ្ងៃ បើកសម័យប្រជុំពេញអង្គសភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

ខេត្តឧត្តរមានជ័យ ៖ ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់នៅតំបន់ជួរភ្នំដងរែក បានបង្កឲ្យទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ហក់ឡើងលើសកំរិតប្រកាសឲ្យប្រុងប្រយ័ត្ន គឺដល់កម្ពស់ ៣,៥៥ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៣,៥០ ម៉ែត្រ) ។ ទោះបីយ៉ាងណាពុំបង្កឲ្យមានផលប៉ះពាល់នោះទេ៕



រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រឡាយនិងលូ មួយចំនួនពិតជាត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ មិនមែនចេះតែឃើញដៃយកដៃ ឃើញជើងយកជើងនោះទេ ពោលគឺយើងត្រូវដោះស្រាយ ជាមួយពួកគាត់តាមសម្រួល ទៅតាមអ្វីដែលយើងអាចធ្វើបាន ។
យ៉ាងណាក៏ដោយ លោក ឃួង ស្រេង បានថ្លែងអះអាងថា សកម្មភាពស្តារ កាយប្រឡាយដើម្បីរំដោះទឹកជាការងារមួយដាច់ខាត ត្រូវតែធ្វើដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់នេះ ដោយមិនទុកឲ្យស្ថានភាពដដែលៗនេះនៅបន្តអូសបន្លាយទៀតឡើយ ។
ទន្ទឹមនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ និងអ្នកមានប្រាក់មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុចមួយទៅចំណុចមួយ ហើយផ្ញើទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញ ការងារនេះបានលឿន បំពេញទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន ៕


រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងបញ្ជាក់ប្រាប់ សារព័ត៌មានក្នុងស្រុកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ សម្រេចដាក់ស្លាកសញ្ញា នៅតាមគ្រប់ស្នាក់ ការបក្ស នៅទូទាំង រាជធានី-ខេត្ត ដើម្បីស្នើសុំឲ្យ មានការដោះលែងលោក កឹម សុខា នោះគឺគណបក្សប្រឆាំងមួយនេះ កំពុងដើរចូលជុចដោយខ្លួនឯងហើយ ហើយកុំបន្ទោសអ្នកណាឲ្យសោះ ។
លោក សុខ ឥសាន បានលើកឡើងថា ថ្នាក់ដឹកនាំបក្សប្រឆាំង បានប្រជុំដាក់ផែនការ ឲ្យគណប្រតិបត្តិ គណបក្ស គ្រប់ខេត្ត ក្រុងលើកបដាតវ៉ាឲ្យតុលាការដោះលែង ឯឧ កឹម សុខា នៅទូទាំងប្រទេស ។ នេះសបញ្ជាក់ថា គណបក្សប្រឆាំងទាំងមូលកំពុងតែចូលរួមក្នុង ចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដូច លោក កឹម សុខា ដែរ មិនអាចប្រកែកបានឡើយ ។
អ្នកនាំពាក្យ CPP បានអះអាងថា ប្រសិនបើដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈម ចំពោះ មុខច្បាប់ ស្តីពីគណបក្សនយោបាយហើយ ហើយត្រូវតែទទួលខុសត្រូវខ្លួនឯង មិនអាចបន្ទោស លើអ្នកដទៃ ប្ញគណបក្សដទៃបានទេ ។ លោកបន្តថា បើក្រសួងមហាផ្ទៃ យល់ឃើញថា គណបក្ស ប្រឆាំងមានពិរុទ្ធភាព ចំពោះមាត្រាណាមួយនៃច្បាប់ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃមាន សិទ្ធិធ្វើសំណើរទៅតុលាការកំពូល ដើម្បីពិនិត្យនិងពិចារណាសម្រេចលើពិរុទ្ធភាពនោះបាន ។
ការលើកឡើងរបស់លោក សុខ ឥសាន មានន័យថា គណបក្សសង្គ្រោះជាតិ កំពុងប្រឈមមុខ នឹងការរំលាយចោល ប្រសិនបើគណបក្សនេះអនុវត្តតាមផែនការដែលបានថ្លែងដោយលោក ស៊ុន ឆ័យ កាលពីព្រឹកមិញ ក្នុងសន្និសិទកាសែតនៅទីស្នាក់ការកណ្តាលគណបក្ស ៕

ខេត្តក្រចេះ ៖ តុលាការខេត្តក្រចេះកាលពីរសៀលម្សិលមិញបានសម្រេចដោះលែងបុរសម្នាក់ដែលច្រៀងចម្រៀងជេរប្រមាថ សម្ដេច ហ៊ុន សែន នោះហើយ បន្ទាប់ពីបុរសរូបនោះបានធ្វើការសុំទោសសម្តេចនាយករដ្ឋមន្ត្រី។
សមត្ថកិច្ចនគរបាលខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកកំណើតខាងប្រពន្ធ នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស គឺសម្តេច ហ៊ុន សែន នៅលើបណ្ដាញសង្គម Facebook ។ ជនសងស្ស័យឈ្មោះ ហ៊ុយ ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ៕

ភ្នំពេញ ៖ ម្ចាស់ហាង internet24ម៉ោង ជាច្រើនទីតាំងនៅក្នុងសង្កាត់ស្ទឹងមានជ័យ មិនបានអនុវត្តន៍តាមការណែនាំរបស់អជ្ញាធរឡើយ ផ្ទុយទៅវិញគឺបានបើកទល់ភ្លឺទោះបីជាមានអជ្ញាធរមូលដ្ឋានចុះទៅណែនាំយ៉ាងណាក៏ដោយ។
ក្រោយពីលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ ក្រោយពីបានកោះហៅម្ចាស់ទីតាំងណែត២៤ម៉ោងទាំងអស់ចូលរួមប្រជុំផ្សព្វផ្សាយរួចកន្លងមក គឺពិនិត្យឃើញថា ទីតាំងខ្លះបានហួសសុពលភាពអាជ្ញាប័ណ្ណ ហើយទីតាំងខ្លះមិនទាន់ហួសអាជ្ញាប័ណ្ណនៅឡើយ។ ហើយលោកបានបន្ថែមទៀតថា ចំពោះអ្នកហួសសុពលភាពនឹងមិនអនុញ្ញាតឲ្យបើកទៀតទេ គឺឲ្យឈប់តែម្តង ហើយចំពោះអ្នកដែលមិនទាន់ហួសសុពលភាពនោះ អាជ្ញាធរយើងបានអនុញ្ញាតត្រឹមម៉ោង៨យប់ តែប៉ុណ្ណោះ។
បើយោងតាមអនុសាសន៍សរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៌បានដាក់ចេញនូវវិធានការបង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត២៤ម៉ោង ទាំងអស់ ទោះជាម្ចាស់អាជីវកម្មនោះមានច្បាប់អនុញ្ញាតបើកទីតាំង Internet ក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ៕



រាជធានីភ្នំពេញ ៖ លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា បើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តីពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ ។ ការថ្លែងបែបនេះ បន្ទាប់ពីក្រុមមេធាវីលោក កឹម សុខា បានដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ឲ្យមានវត្តមានជនត្រូវចោទ កឹម សុខា ក្នុងសវនាការនាថ្ងៃស្អែក ។
យោងតាមលិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលចុះហត្ថលេខាដោយមេធាវី៧រូប បញ្ជាក់ថា ក្រុមមេធាវី ចង់ឱ្យមានវត្តមានលោក កឹម សុខា នៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយបានលើកហេតុផលសំខាន់ចំនួន៣ចំណុច ដើម្បីចៀសវាងប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់កូនក្ដី។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានថ្លែងបញ្ជាក់ភ្លាមៗ ថា តាមស្មារតីសាលាឧទ្ធរណ៍គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែប្រសិនបើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ទូច ថារិទ្ធិ សង្កត់ធ្ងន់ថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះគឺពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន ៕

រាជធានីភ្នំពេញ ៖ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែកញ្ញានេះ បានដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដើម្បីឲ្យមានវត្តមានលោក កឹម សុខា ក្នុងសវនាការនោះ ។ ដោយឡែកតំណាងរាស្ត្របក្សប្រឆាំងនៅថ្ងៃនេះក៏បានប្រកាសថា ពួកគេនឹងចូលរួមស្តាប់សវនាការនោះផងដែរ ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ។
ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះ លោក សុន ឆ័យ បានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បានសម្រេចលើកស្លាកស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅស្នាក់ការនានារបស់បក្សសង្គ្រោះជាតិ ទូទាំងប្រទេស ៕

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបិទទ្វារទឹកទំនប់វ៉ារីអគ្គីសនីសេសានក្រោម២ កាលពីព្រឹកមិញ សម្តេច ហ៊ុន សែន បានរិះគន់ខ្លាំងៗ ចំពោះអ្នកវិភាគនយោបាយមួយចំនួនដែលតែងតែវិភាគ ខុសការពិត ខណដែលសមត្ថភាពពួកគេមិនបានស្មើនឹងកូនប្រុសទាំង៣របស់សម្តេចផង ។
សម្តេច ហ៊ុន សែន បានផ្ញើរសារទៅកាន់អ្នកវិភាគខ្លះ ដែលមានងារជាបណ្ឌិត ហើយពេលមាន បញ្ហាអ្វីបន្តិច ត្រូវតែប្រជុំសភា ។ សម្តេចបញ្ជាក់ថា ការប្រជុំសភាទាល់តែប្រជុំសម្រេចថា ធ្វើសង្គ្រាមឬអត់ ដូច្នេះមិនមែនស្អីបន្តិចចេះតែប្រជុំសភាទេ ។
សម្តេច ហ៊ុន សែន បានបន្ថែមថា ត្រូវស្គាល់មុខងារសភាឲ្យច្បាស់ និងត្រូវស្គាល់មុខងារ នាយករដ្ឋមន្ត្រី ឲ្យច្បាស់ផងដែរ ។ ក្រុមអស់លោកកុំគិត សមត្ថភាព របស់អស់លោក មិនទាន់បានស្មើកូនរបស់ខ្ញុំទេ ខ្ញុំសូមប្រដៅ លោកគ្មានបណ្ឌិតយោធា ដូចកូនហ៊ុន សែន ទេ ។ កូនហ៊ុន សែន ៣នាក់ ប្រៀបធៀបជ្រើសមួយទៅ ។ បើខ្លួនឯងល្ងង់ណាស់ ទៅរៀន ឡើងវិញទៅ ។ ខ្លួនកាន់បក្សនយោបាយហើយ ខ្លួនដើរវិភាគ ហើយវិភាគមិនដែលត្រូវទៀត ៕

រាជធានីភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី២៥ កញ្ញា នេះថា គណបក្សសង្គ្រោះជាតិ បានសម្រេចលើកស្លាកសុំដោះលែងលោក កឹម សុខា នៅគ្រប់ស្នាក់ការបក្សទូទាំងប្រទេសចាប់ពីថ្ងៃនេះទៅ។
គេមិនដឹងថា តើការតវ៉ាបែបលើកស្លាកតាមស្នាក់ការគណបក្សសុំដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាដំណើរប្រកបដោយភាពស្ងៀមស្ងាត់ឬយ៉ាងណានោះទេ ខណៈដែលសំណុំរឿងលោក កឹម សុខា អាចនឹងជាឈ្នាន់ផ្ទុះនាំទៅដល់ការរំសាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍