All posts by មេគង្គ ប៉ុស្តិ៍

សង្គម​ស៊ីវិល​នាំគ្នា​ពិគ្រោះ​យោបល់​លើ​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៧​នេះ ក្រសួងផែនការ នឹង​អនុម័ត​លើ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ហៅ​កាត់​ថា​(SDGs)​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ហៅ​កាត់​ថា (CSDGs) ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​ទាំងនេះ​ពី​ឆ្នាំនេះ​តទៅ ដើម្បី​ធានាបាន​ថា ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព ក្នុងប្រទេស​កម្ពុ​ជាមាន​និរន្តរភាព​។​
​ស្របពេល​គ្នា​នេះ អង្គការ​សីល​ការ អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា និង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ថ្ងៃទី​២៩​ខែសីហា​នេះ បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់ ស្តីពី ទស្សនៈវិស័យ​របស់​អង្គការ​សង្ក​ម​ស៊ីវិល ទៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ដោយ​ផ្តោតលើ​ការបង្ហាញ​ពី​បច្ចុប្បន្ន​កម្ម​លើ SDGs និង CSDGs ដោយ​ធ្វើការ​ពន្យល់​ពី​យន្តការ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ស្រាប់​ក្នុងការ​ផ្សារភ្ជាប់​រវាង គោលដៅ​អភិវឌ្ឍ​និង​ការបញ្ជ្រាប​ចំណេះដឹង​យេនឌ័រ​ទៅក្នុង​អន្តរ​វិស័យ​របស់​អង្គការ​សង្គម​ស៊ីវិល​។​
​លោក តឹក វណ្ណ​រ៉ា នាយក​ប្រ​តិ្ត​ប​តិ្ត​នៃ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​លើកឡើងថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាការ​អភិវឌ្ឍ​មួយ​ដែល​បំពេញ​នូវ​តម្រូវការ​របស់​ម​នុស្ស​នាពេល​បច្ចុប្បន្ន​ហើយ​មិន​ធ្វើអោយប៉ះពាល់​ដល់​លទ្ធភាព​ប្រើប្រាស់​អ្នកជំនាន់ក្រោយ​។ ដូច្នេះ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់​ព​ន្ធ័ ទាំង​រដ្ឋាភិបាល វិស័យ​ឯកជន និង អង្គការ​សង្គម​ស៊ីវិល​គឺជា​រឿង​សំខាន់​មួយ ដើម្បី​ធ្វើឱ្យ​ប្រទេស​មានការ​រីកចម្រើន​។​
​នាយក​ប្រតិបត្តិ​រូបនេះ​បន្តថា គោលដៅ​អភិវឌ្ឍ​ន៏​ដែល​ប្រកបទៅដោយ​និរន្តរភាព​ឬ​គោលដៅ​ជាស​កល​គឺជា​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបទៅដោយ​និរន្តរភាព​ដែល​បានអនុម័ត​ដោយ​មេដឹកនាំ​ពិភពលោក​នៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅនោះ​។ ក្នុង​រយៈពេល​១៥​ឆ្នាំ​បន្ទាប់ គោលដៅ​ថ្មី​ទាំងនេះ ដែល​អនុវត្ត​ចំពោះ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក នឹង​ខំប្រឹងប្រែង​បញ្ចប់​គ្រប់​ទម្រង់​នៃ​ភាពក្រីក្រ ការប្រយុទ្ធ​ប្រឆាំងនឹង​វិសមភាព និង​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ជាដើម​។​
​លោក​បញ្ជាក់ថា គោលដៅ​អភិវឌ្ឍ​ន៏​ដែល​ប្រកបទៅដោយ​និរន្តរភាព​ដាក់ចេញ​ជា​១៧ គោលដៅ​ដើម្បី​សម្រាប់​ការអនុវត្ត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០៣០ ដែល​គោលដៅ​ទាំងនោះ​នឹង​បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់ បញ្ចប់​ភាព​ស្រេកឃ្លាន សម្រេច​សន្តិសុខ​ស្បៀង ធ្វើ​ឲ្យ​ប្រសើរ​នូវ​ចំណីអាហារ លើកកម្ពស់​វិស័យ​កសិកម្ម​លើកកម្ពស់​សុខភាព​ប្រព័ន្ធ​អប់រំ​ធ្វើ​ឲ្យ​សម្រេច​នូវ​សមភាព​យេនឌ័រ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ លើកកម្ពស់​ឧស្សា​ហូប​នី​កម្ម និង​គាំទ្រ​ការច្នៃប្រឌិត​ជាដើម​។​
​លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ សីល​ការ បាន​លើកឡើងថា បញ្ហា​យេនឌ័រ បាន​ធ្លាក់ចូល​ទៅគ្រប់​គោលដៅ ពិសេស ភាពក្រីក្រ​។ យ៉ាងណា​លោកស្រី​មើលឃើញថា ការយល់ដឹង​នៃ​ការធ្វើ​សុ​ច្ចនាករ និង​ការធ្វើឱ្យ​សុ​ច្ចនាករ​មាន​ទិសដៅ​និ​មួយៗ នៅមាន​ភាពរអាករអួល​ច្រើន សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ធ្វើឱ្យ​ផែនការ​ដាក់ចេញ​មានការ​យឺតយ៉ាវ ធ្វើឱ្យ​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យមាន​ការចូលរួម​ពិភាក្សាគ្នា​ឱ្យបាន​គ្រប់ភាគី​។ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​មើលឃើញថា រដ្ឋាភិបាល បាននិងកំពុង​ប្តេជ្ញាចិត្ត ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​យ៉ាង​យកចិត្តទុកដាក់ ដើម្បីឱ្យ​សម្រេចបាន​តាម​ផែនការ របស់​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០៣០៕

 

​

ភ្លើងប្រចណ្ឌឡើងកម្តៅ យកកាំបិតចៀរ លើប្រដាប់ភេទប្រពន្ឋ

ក្រចេះ ៖ ទីបំផុតស្រ្តីជាប្រពន្ឋបានសម្រេចប្តឹងទៅនគរបាលឲ្យចាប់ខ្លួនបុរសជាប្តីដៃ ឆៅដែលបានប្រើហិង្សា ដោយយកកូនកាំបិតចៀរលើប្រដាប់ភេទរហូតដាច់រយៈជាង១០ថ្នេរ ដោយសារតែស្រ្តីរងគ្រោះ ខ្លាចភាពអសន្តិសុខបែបនេះ នៅបន្តលើខ្លួន និងកូនដោយមិនអាចទ្រាំនិងការគំរាមរបស់ជនដៃដល់ជាប្តីតទៅទៀត។
ជនដៃដល់ជាប្តីឈ្មោះ អ៊ន ឆាយ អាយុ៥៤ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ខែសីហាហើយបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៩ ខែសីហានេះ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាល ប្រឆាំងការជួញដូរមនុស្ស។
នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សលោកវរសេនីយ៍ត្រី ឌុច អ៊ុច បាន បញ្ជាក់ថា ការចាប់ឃាត់ខ្លួនបុរសដៃដល់ជាប្តី គឺបានធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ ស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះ ឈុំ ច្រឹប អាយុ៣៤ឆ្នាំ។ លោកបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីបង្ក ហេតុស្រ្តីរងគ្រោះមិនហ៊ានដាក់ពាក្យបណ្តឹងមកនគរបាលនោះទេ ដោយខ្លាចការគំរាម របស់ប្តី។ ក្រោយពីរងការបង្កហិង្សាពីជនដៃដល់ជាប្តីដែលបានយកកូនកាំបិតចៀរលើ ប្រដាប់ភេទបណ្តាលឲ្យដាច់រយៈជាង១០ថ្នេរ និងបានព្យាបាលមានរយៈពេលជិត ១ខែមក នេះស្ថានភាពរបួសរបស់ស្រ្តីជាប្រពន្ឋនៅមិនទាន់បានធូរស្បើយនៅឡើយទេ។
នគរបាលស្រុកព្រែកប្រសព្វបាននិយាយថា អំពើហិង្សាមួយនេះ គឺបានកើតឡើងតាំង ពីចុងខែកក្កដា មកម្លេះ ទៅលើគ្រួសារក្រីក្រ នៅតំបន់ដាច់ស្រយ៉ាលក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ តែពេលកើតហេតុភា្លមៗ ស្រ្តីរងគ្រោះជាប្រពន្ឋមិនប្តឹងផ្តល់ឲ្យនគរបាលចាប់ខ្លួនបុរសជាប្តីដើម្បីអនុវត្តតាមច្បាប់នោះទេ ហើយក៏ថែមទាំងអង្វរមកនគរបាលមិនឲ្យចាប់ចងជនដៃដល់ជាប្តីមកដាក់ទោសទៀតផង ដោយសារអាណិត និងគ្មាននណាជួយមើលចិញ្ចឹមថែទាំកូន។
អំពើហិង្សាមួយនេះ ត្រូវបាននគរបាលសន្និដ្ឋានថា គឺអាចផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយបុរសដៃដល់ជាប្តី មានការខឹងសម្បារនៅពេលស្រ្តីជាប្រពន្ឋដែលមានប្រើទូរសព្ទដៃ និងចោទថា ទូរសព្ទនេះ ទុកទាក់ទងជាមួយប្រុស។ មិនតែប៉ុណ្ណោះជនដៃដល់ជាប្តី បានចាប់ ស្រ្តីជាប្រពន្ឋសម្រាតខោ និងបានយកកូនកាំបិតចាប់ចៀរលើប្រដាប់ភេទបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗក្រោយពីបង្កហេតុ បុរសជាប្តីដៃដល់ ក៏ បានជួយដឹកស្រ្តីរងគ្រោះជាប្រពន្ឋមកសង្រ្គោះព្យាបាលនៅមណ្ឌលសុខភាពដែរ។
អ្នកស្រុកបានឲ្យដឹងថា កន្លងគ្រួសារនេះតែងតែកើតមានទំនាស់ក្នុងគ្រួសារជាបន្ត បន្ទាប់ នៅពេលដែលពួកគេទាំងពីរនាក់តែងតែស្រវឹងស្រាដូចគ្នា ហើយមួយរយៈនេះដែរស្រ្តីជាប្រពន្ឋ និងកូនក៏មិនហ៊ានទៅស្នាក់នៅផ្ទះនោះទេ ព្រោះតែខ្លាចប្តីធ្វើបាបម្តងទៀត និងបានដើរសុំផ្ទះអ្នកស្រុកស្គាល់គ្នា ស្នាក់នៅបណ្តោះអាសន្ន ៕

មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែលជា​មេខ្លោង​គ្រឿងញៀន ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប​និង​ដកហូត​គ្រឿងញៀន​ប្រមាណ​២​គីឡូក្រាម កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ឥឡូវនេះ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​បេះដូង ។ មេខ្លោង​រូបនោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​កាលពី​ព្រឹក​ម្សិលមិញ ។​
​សូមបញ្ជាក់ថា កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នៅ​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ បាន​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​ម្នាក់ ដោយ​ដកហូត​គ្រឿងញៀន​២​កញ្ចប់​ធំ នៅ​ចំណុច​បង្គោល​លេខ​០៣៥-០៣៦ ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ។ មេខ្លោង​ជនជាតិ​ឡាវ​នោះ ឈ្មោះ ផែង ផាន់​ណា​ង៉ោ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ណា​ចាន ស្រុក​កូ​ម៉ា ខេត្ត​ចំប៉ា​សាក់ ៕

​

កម្មការិនី​ខ្មែរ​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​បានបញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការសហការ​សម្របសម្រួល​ដោយ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្មការិនី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត នោះ​ឥឡូវនេះ​បាន​មកដល់​កម្ពុជា​ហើយ ។ ស្ត្រី​រងគ្រោះ​បានធ្វើ​ដំណើរ​មកដល់​មាតុភូមិ​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នេះ ។​
​នារី​រងគ្រោះ​មានឈ្មោះ ម៉ាត់ សា​ណាស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត តាំងពី​អាយុ​១៧​ឆ្នាំ​មកម្ល៉េះ តាមរយៈ​ក្រុមហ៊ុន​មួយ​ក្នុងប្រទេស​កម្ពុជា តែ​នាង​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​បោកប្រាស់​នោះទេ​។ នារី​រងគ្រោះ​បញ្ជាក់ថា ពេលទៅដល់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌិ​ត ក្នុង​ការងារ​ជា​ស្ត្រី​មេផ្ទះ នាង​ត្រូវគេ​ប្រើ​តាមតែ​អំពើ​ចិត្ត​ហួសកម្លាំង​ពលកម្ម គ្មាន​សេរីភាព​ទេ ម្ចាស់ផ្ទះ​ក៏​មិន​បើក​ប្រាក់ខែ​ឲ្យ​ទៀត ឯ​ក្រុមហ៊ុន​នាំទៅ និង​ក្រុមហ៊ុន​ទទួល​នោះ ក៏​មិនដែល​ទៅតាម​ដាន​មើល យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ឲ្យ​នាង​នោះទេ ។​
​នារី​រងគ្រោះ​បាន​រៀបរាប់ថា អស់​រយៈពេល​ជិត​១៣​ឆ្នាំ នាង​មិនដែល​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ម្ចាស់ផ្ទះ​ដកហូត និង​បំផ្លាញចោល​អស់ ។ ប្រឈម​ការលំបាក​នោះ​រូបនាង ប៉ុន្តែ​កញ្ញា​បាន​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​តាមរយៈ Facebook ក៏មាន​ការផ្សព្វផ្សាយ​ចែកចាយ​បន្ត រហូតដល់​សាយភាយ​ព័ត៌មាន​នេះ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​មានការ​អន្តរាគមន៍​ជួយ​រូបនាង​វិល​ត្រឡប់មក​កម្ពុជា​វិញ ៕

​

យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយក្រុម​កាប់សម្លាប់​ប្លន់​យក​ម៉ូតូ​

​ភ្នំពេញ ៖ ចេញពី​ក្លិប​ឌុប​គ្នា​ចូល​ចាក់​សាំង​ចេញមក​វិញ​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​ដោយ​ដាវ​សាំ​ម​រ៉ៃ​កាប់​ប្លន់​យកមក​ម៉ូតូ​សម្លាប់​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេ​ល​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Let ពណ៌​សលាយ​ទឹកប្រាក់​ជាមួយ​មិត្តភក្តិ​ចេញពី​ក្លិប​កំសាន្ត​ម្តុំ​ស្តុ​ប​ផ្សារ​ដី​ហុយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅកាន់​រង្វង់​មូល​ចោមចៅ ខណៈពេល​កំពុងតែ​ធ្វើដំណើរ​ដល់​កន្លែង​ស្ងាត់​ក៏​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ប្រហែល​ប្រាំពីរ​ប្រាំ​គ្រឿង​មាន​គ្នា​ប្រហែលជា​១០​នាក់​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ា​រ៉ៃបាន​ដេញតាម​ពីក្រោយ ហើយ​កាប់​ជនរងគ្រោះ​ជាច្រើន​កា​បិត​ត្រូវចំ​ក្បាល និង​ដាច់​ម្រាមដៃ​ខាងស្តាំ​អស់​បណ្តាលអោយ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​។​សព​យុវជន​រងគ្រោះ​ខាងលើ​មានឈ្មោះ ហេង ហ៊​ត អាយុ​១៩​ឆ្នាំ មុខរបរ Odear នៅ​ហាង​ម្តុំ​ពេទ្យ​ចិន​មាន​ស្រុកកំណើត​នៅឯ​ខេត្តកំពត​។​
​សព​ត្រូវបាន​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ក្រោយពី​ប្លន់​សម្លាប់​បាន​រយៈពេល​ពេល​២​ម៉ោង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ហើយ​។ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​កំពុងតែ​ស្រាវជ្រាវ​ចាប់​បន្តរ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

​

UNSC នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជុំវិញ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង

​សេ​អ៊ូ​ល ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ បាន​រាយការណ៍​មុននេះ​ថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នឹង​បើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយនា​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជជែក​ពិភាក្សា​អំពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​យ៉ាង​គគ្លើន​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង ដែល​បាន​ហោះ​ឆ្លងកាត់​ប្រទេស​ជប៉ុន តប​តាម​ការស្នើសុំ​ពី​សំណាក់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​។
​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៥៧​នាទី​ព្រឹក​មិញ​នេះ (​ពេលវេលា​នៅ​ទីក្រុង​សេ​អ៊ូ​ល​) កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ស៊ី​ល​មួយ​គ្រាប់​ចេញពី​តំបន់ Sunan ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ឆ្ពោះទៅ​ភាគ​ឦសាន និង​បាន​ហោះ​ឆ្លងកាត់​ពីលើ​ប្រទេស​ជប៉ុន មុននឹង​ធ្លាក់​ចូលទៅក្នុង​ភាគខាងត្បូង​មហាសាគរ​ប៉ាស៊ីហ្វិក ដោយ​រត់​បាន​ចម្ងាយ​ជាង ២,៧០០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​អតិបរមា​ប្រមាណ​៥៥០​គីឡូម៉ែត្រ​។
​ជាមួយគ្នានេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ហោះ​ឆ្លងកាត់​ពីលើ​តំបន់ភ្នំ ខេ​ប អ៊ី​រី​ម៉ូ (Cape Erimo) ដែល​ស្ថិតនៅ​ខាងចុង​កោះ​ហុក​កៃ​ដូ (Hokkaido) ភាគ​ខាងជើង​ប្រទេស​ជប៉ុន ហើយ​ធ្លាក់​ចូលទៅក្នុង​ដែនទឹក​ចម្ងាយ ១,១៨០​គីឡូម៉ែត្រ​ពី​ទីនោះ​៕

​

អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​កើនឡើង​ជាង​៩០០០​នាក់​ក្នុង​មួយថ្ងៃ​

​រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​ក្រុងមាន ប្រមាណ​ពី​៩,០០០​នាក់ ទៅ​៩,៥០០​នាក់ ក្នុង​មួយថ្ងៃៗ ហើយ​ក្រោយពី​ទទួលបាន​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រួចមក រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត ដើម្បី​កាន់តែ​គៀក​ជិត​កម្មករនិយោជិត​។​
​លោក អ៊ា​ន សុ​ឃីម ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​នៃ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្ថានភាព នៃ​ការគ្រប់គ្រង​ស្ថាប័ន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​
​លោក អ៊ា​ន សុ​ឃីម បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ២៩៣​នាក់ អ្នកបើកបរ ១២០​នាក់ អ្នកលក់​សំបុត្រ ១២០​នាក់​។ ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ មាន​អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​ចំនួន ២,៣៤០,៧៧៧​នាក់ គឺ​ស្មើនឹង ៦,០៨០​នាក់ ក្នុង​មួយថ្ងៃ​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​កើនឡើង​ពី ៩,០០០ ទៅ ៩,៥០០​នាក់ ក្នុង​មួយថ្ងៃ​។​
​លោក​បន្តថា ខ្សែ​រត់​ចំនួន​៥​ខ្សែ​បន្ថែមទៀត នឹងដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ នាពេលខាងមុខ ក្នុងនោះ​ខ្សែ​ទី​៤ និង​ទី​៥ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ខ្សែ​ទី​៦ ទី​៧ និង​ទី​៨ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​០៨ ខែកញ្ញា ខាងមុខ​។ ខ្សែ​រត់​ថ្មី​នេះ នឹង​ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គឺ​ទៅ​ឲ្យ​ដល់​គៀក​ជិត​នឹង​បងប្អូន​កម្មករ​-​កម្មការិនី​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការបង្កើត​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នេះ គឺជា​ការឆ្លើយតប និង​គិតគូរ​ពី​ស្ថានភាព​វិ​វត្ត នៃ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ការរីកចម្រើន និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព សណ្តាប់ធ្នាប់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុង លើកកម្ពស់​ផាសុកភាព និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយក៏​ចង់​ឲ្យ​មាន​ការកែ​ទម្លាប់​ពី​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន មក​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នេះ​វិញ​។​
​លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ទទួលបន្ទុក ក្នុង​ស្ថាប័ន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ទីតាំង​ចំណត និង​រោង​ជាង​សម្រាប់​រថយន្តក្រុង រួមទាំង​ត្រូវមាន​ជាង​ទទួល​ប្រាក់ខែ​សម្រាប់​ជួសជុល​រថយន្ត​ផងដែរ​។ ត្រូវមាន​ការទទួលខុសត្រូវ និង​ចេះ​ច្នៃប្រឌិត កុំ​ចេះ​ត្រឹមតែ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដោះស្រាយ​នោះ​។ ចំណែក អាជ្ញាធរ​ខណ្ឌ​/​សង្កាត់ ក៏ត្រូវ​រួមសហការ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ចំណតរថយន្ត​ក្រុង​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​
​ទន្ទឹម​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ក្រើនរំឭក​ដល់​អ្នកបើកប​រ​រថយន្តក្រុង​សាធារណៈ​ទាំងអស់ ត្រូវមាន​ក្រមសីលធម៌​វ​ជ្ជា​ជីវៈ​ជា​អ្នកបើកបរ មានការ​យោគយល់ គោរព​ច្បាប់​ចរាច​ណ៍ ដើម្បី​បញ្ជៀ​ស​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ រដ្ឋបាល​រាជធានី​គ្រោង​បង្កើតឱ្យមាន​លេខ​ទូរស័ព្ទ​ហ​ត​ឡាញ (Hot Line) និង​បង្ហាញ​នៅក្នុង​រថយន្តក្រុង​ផ្ទាល់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ផ្តល់ដំណឹង​ជូន​អាជ្ញាធរ ងាយស្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ទទួល​សេវាកម្ម​រថយន្តក្រុង​ផងដែរ ៕

​

អ្នកស្រី ថាក់ ឡា​នី នៅជាប់​គុក​១​ឆ្នាំកន្លះ​ដដែល​រឿង​ចោទ​សម្តេច​តេ​ជោ​សម្លាប់​លោក កែម ឡី​

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​សម្រេច​ត​ម្ក​ល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំកន្លះ​ដែល រឿង​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។​
​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​ថា សាលដីកា​នេះ​ត្រូវបាន​ប្រកាស​ដោយ​កំបាំងមុខ​ជនជាប់ចោទ មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែ​ចាត់ទុកជា​ចំពោះមុខ​។​
​អ្នកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។​
​នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី អ្នកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​
​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​៕

​

កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​ទាំងព្រឹក បន្ទាប់ពី​បរាជ័យ​កាលពី​សប្តាហ៍​មុន​

​សេ​អ៊ូ​ល ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ បានចេញ​ផ្សាយ​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គា​នេះ កូរ៉េខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​របស់ខ្លួន ចំនួន​បី​គ្រាប់ បានទទួល​បរាជ័យ​ក្នុងការ​សាកល្បង​កាលពី​ចុង​សប្តាហ៍​មុន​។​
​យោងតាម​យោធា​កូរ៉េ​ត្បូង​បាន​និយាយថា មី​ស៊ី​ល​មួយ​គ្រាប់​ខាងលើ​ត្រូវបាន​បាញ់​ចេញពី​តំបន់ Sunan ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​របស់​កូរ៉េ​ខាង​ដោយ​រំលង​ប្រទេស​ជប៉ុន​ទៅ​ធ្លាក់​ក្នុង​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​តែម្តង​ដោយ​រត់​បាន​ចម្ងាយ​ជាង​២,៧០០​គីឡូម៉ែត្រ ក្នុង​រយៈ​ច​ម្ងា​ត​កម្ពស់​អតិរ​មា​ប្រមាណ​៥៥០​គីឡូម៉ែត្រ​។ ។ ប្រភព​បញ្ជាក់ថា ការបាញ់​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​៥ និង​៥៧​នាទី​ព្រឹក​នេះ (​ពេលវេលា​នៅ​ទីក្រុង​សេ​អ៊ូ​ល​) ។​
​ដោយឡែក​រដ្ឋាភិបាល​ជ​ប៉ុន​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​កូរ៉េខាងជើង បាន​ហោះ​ឆ្លងកាត់​ពីលើ​តំបន់ភ្នំ Cape Erimo ដែល​ស្ថិតនៅ​ខាងចុង​កោះ​ហុក​កៃ​ដូ (Hokkaido) ភាគ​ខាងជើង​ប្រទេស​ជប៉ុន ហើយ​ធ្លាក់​ចូលទៅក្នុង​ដែនទឹក​ចម្ងាយ​១,១៨០​គីឡូម៉ែត្រ​ពី​ទីនោះ​៕

​

អគ្គនាយក​ស៊ីម៉ាក់ ៖ បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង​នៅពេល​បោះឆ្នោត​

​រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ហៅ​កាត់ CMAC បាន​សរសេរ អត្ថបទ​មួយ នៅក្រោម​ចំណងជើង​ថា «​អ្វី​ទៅ​ដែល​ហៅថា បដិវត្តន៍​ពណ៌​? តើ​បដិវត្តន៍​ពណ៌ កើតឡើង​តាមរបៀប​ណា និង​មាន​គោលបំណង​អ្វី​? what is color revolution? How can it happen and serves what purpose?» បង្ហោះ​នៅលើ Facebook ផ្លូវការ​របស់ខ្លួន​។​
​លោក ហេង រតនា អគ្គនាយក CMAC បាន​អះអាងថា បដិវត្តន៍​ពណ៌​ច្រើនតែ​កើតឡើង នៅពេល​បោះឆ្នោត ជាក់ស្តែង​ដូច​កាលពី​ឆ្នាំ​២០១៣-២០១៤​ជាដើម​។​
​អគ្គនាយក CMAC បានសរសេរថា តាម​អ្នកជំនាញ​ខាង​យោធា​បាន​លើកឡើងថា បដិវត្តន៍​ពណ៌​ជា​ចលនា សង្គ្រាម​មនោគមវិជ្ជា តាមរយៈ​បាតុកម្ម​អហឹ​ង្សា កូដកម្ម និង​អន្តរាគមន៍ ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ​មួយ​! តាម​ការសង្កេតឃើញថា បដិវត្តន៍​ពណ៌ មានឱកាស​កកើតឡើង ពីរ​ឱកាស​សំខាន់​គឺ​៖
១៖ ឱកាស​នៅពេល​បក្ស​កាន់អំណាច​នោះ មាន​លេចចេញ​បាតុភាព​អាក្រក់​អ្វីមួយ​កើតឡើង ដូចជា​ការចោទប្រកាន់​ទាក់ទង​អំពើពុករលួយ អស្ថិរភាព​សេដ្ឋកិច្ច បញ្ហា​ជាតិនិយម​លើ​ការប្រកាន់​ពូជសាសន៍ បូរណភាព​ទឹកដី និង​បញ្ហា​បរិស្ថាន​ជាដើម និង ២៖ ឱកាស​នៅពេល​បោះឆ្នោត​។​
​អ្នកដឹកនាំ​អនុវត្ត​បដិវត្តន៍​ពណ៌ ភាគច្រើន​ជា​បក្សប្រឆាំង​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល (NGOs) ហើយ​កំលាំង​ចូលរួម គឺ​មហាជន និង​ពិសេស​យុវជន​។ តាម​អ្នកជំនាញ​សង្កេតឃើញថា របៀប​នៃ​ការ​ដំណើរការ​បដិវត្ត​ន៍ព​ណ៌​មាន​ប្រាំ (៥) ជំ​ហ៊ាន​សំខាន់​គឺ​៖
១៖ ការ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អហឹ​ង្សា (peaceful mass protests)
២៖ ការ​ញុះញង់ និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​រដ្ឋាភិបាល​កំពុង​កាន់អំណាច (provocation and discrediting the government in power)
៣៖ ការ​បន្សាបអំណាច (the neutralization of power)
៤៖ ការបង្ក​ចលាចល​សង្គម និង​នយោបាយ (Social and Political chaos)
៥៖ ការឡើង​ដណ្តើម​អំណាច (a takeover power)
​ការបកស្រាយ​ងាយ​យល់ ចំពោះ​ប​ដិ​ត្ត​ន៍​ពណ៌​នេះ គឺជា​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង (​ស៉ី​វិល​) ប្រជាជន​ដោយ​អហឹ​ង្សា​! ហើយ​អ្នក​នៅ ក្រោយ​បដិវត្តន៍​ពណ៌ ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍ និង​ឥទ្ធិពល​មនោគមវិជ្ជា​សំរាប់​រដ្ឋ​របស់​ពួកគេ​!! បដិវត្តន៍​ពណ៌​ដោយ​សន្ម​ត់ យក​ចលនា​នោះ​ជា​ពណ៌ ជា​ប្រភេទ​ផ្កា ជា​ក្លិន ដើម្បី​ងាយ​ចំណាំ និង​យល់ដឹង​!!
​គេ​ឃើញថា បដិវត្តន៍​ពណ៌​នេះ​ច្រើនតែ​ជាប់ផុង ក្នុងដំណាក់កាល​ទី​៤ គឺ​ចលាចល​សង្គម និង​នយោបាយ នៅពេលដែល​បក្ស​កាន់អំណាច មិន​ព្រម​ចុះចាញ់ ពេលនោះ​នឹង​ប្រែក្លាយ ទៅជា​សង្គ្រាម​ស៉ី​វិល​តែម្តង ដូច​ករណី​នៅ​ប្រទេស ស៉ី​រី និង​លី​បី​ជាដើម​។​
​បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង នៅពេល​ឱកាស​បោះឆ្នោត​! ព្រោះថា នៅក្នុង​ឱកាស​បោះឆ្នោត​នេះ ងាយស្រួល​ក្នុងការ​បង្កើន​សន្ទុះ​ទឹកចិត្ត មហាជន និង​យុវជន​ឲ្យ​ប្រឆាំង​បក្ស​កាន់អំណាច​។ ជា​កលល្បិច និង​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ នៅ​ពេលមុន​បោះឆ្នោត​ពួកគេ​ខិតខំ​ពង្វក់ ស្មារតី និង​អូសទាញ​ជំនឿ​ទុកចិត្ត​មហាជន​ថា ពួកគេ​ដាច់ខាត​នឹង​ឈ្នះ​ក្នុងការ​បោះឆ្នោត នៅពេល​ចាញ់ឆ្នោត​គេ​ត្រូវ​លើ​មូល​ហេតុថា មកពី​ការបោះឆ្នោត​មិន​តម្លាភាព កេង​បន្លំ​សន្លឹកឆ្នោត លួច​សន្លឹកឆ្នោត បំផ្លាញ​សន្លឹកឆ្នោត ទាមទារ​ការបោះឆ្នោត​ឡើងវិញ​ទាមទារ​រាប់ សន្លឹកឆ្នោត​ឡើងវិញ ចោទ​ប្រកាន់បក្ស​កាន់អំណាច និង​គណកម្មការ​បោះឆ្នោត ជា​ក្រុម​តែមួយ​ជាដើម​។​
​នោះ​ជា​ឱកាស​នៃ​ការចាប់ផ្តើម និង​ទាញយក​ស្មារតី​យ៉ាង​មុត​ស្រួច ជា​ឆ​ន្ទះ​គ្មាន​រួញរា​ក្នុងការ​ចលនា តស៊ូ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​! ឱកាស​នេះ​ងាយស្រួល ក្នុងការ​អនុវត្ត​យុទ្ធវិធី​ទី​២ នៃ​កលល្បិច​ក្នុង​ការធ្វើបដិវត្ត​ន៍ព​ណ៍ គឺ​ការ​ញុះញុង និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​បក្ស​កំពុងកាន់​អំណាច​! គេ​បាន​បង្កើត​ក្រុម​ជំនាញ​ការងារ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ ដែល​ហៅថា​មជ្ឈមណ្ឌល សំរាប់​អនុវត្ត​សកម្មភាព និង​យុទ្ធសាស្ត្រ​ដោយ​អហឹ​ង្សា (the Centre for Applied Nonviolation Action and Strategies = CANVAS)!
​នៅ​កម្ពុជា​ឆ្នាំ​២០១៣-២០១៤ ពិតជា​មាន​កើត​បដិវត្តន៍​ពណ៌​នេះ ពិតប្រាកដ​មែន ហើយ​ឥឡូវនេះ គេ​ឃើញ​មាន​ក្រុម​ជំនាញ​មកជា​ច្រើន អង្គការ​បានជា​ប់​ពាក់ព័ន្ធ​! តើ​អ្នកដឹកនាំ បដិវត្តន៍​ពណ៌​ត្រូវ​ទទួលខុសត្រូវ​យ៉ាងណា​?៕

​

ឃុំខ្លួនតារា​លក់​ឡេ​លាប​ស្បែក​តាម Facebook

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញនេះ នគរបាល​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​សាកសួរ​ករណី​លក់​ផលិតផល​ក្លែងក្លាយ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​
​គួ​រម្លឹកថា ប្រតិបត្តិ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ​នោះ​ធ្វើឡើង​នៅ​គេហដ្ឋាន របស់​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ដែលជា​ជនសង្ស័យ​ផ្ទាល់​តែម្តង ស្ថិតនៅក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
​មន្ត្រី​ជំនាញ​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​លក់​ផលិតផល ដែល​គ្មាន​ការចុះបញ្ជី ឬ​ត្រួតពិនិត្យ​គុណភាព ឲ្យ​បានច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ​។ ម្យ៉ាងទៀត​ផលិតផល​ឡេ ដែល​ស្ត្រី​រូបនេះ​លក់​នោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ស្បែក​របស់​អ្នកប្រើប្រាស់។

​ចុងក្រោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន សម្រេច​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​ឃុំខ្លួន​ដាក់​ពន្ធ​នា គារ​បណ្តោះអាសន្ន​ហើយ ដោយ​ជាប់​ពាក់ព័ន្ធ​ការលក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​

ស្ត្រី​ដ៏​ស៊ិ​ច​ស៊ី​រូបនេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​បញ្ជូន​ឲ្យ​សើម​សួរ​តាម​មាត្រា​១៧ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព និង​សេវា​។​

​មាត្រា​១៧​នៃ​ច្បាប់​នេះ​ចែងថា «​ត្រូវបាន​ហាមឃាត់​ដាច់ខាត​ការ​ក្លែង​ផលិតផល​ទំនិញ​ដែល​ធ្វើជា​កម្មវត្ថុ​ពាណិជ្ជកម្ម​ឬ​ទុក​សម្រាប់ធ្វើ​ពាណិជ្ជកម្ម ដោយ​ធ្វើការ​កែច្នៃ​ផលិតផល​ទំនិញ​ដោយ​របៀប​ណាមួយ ដោយ​ធ្វើការ​បញ្ចូល​បន្ថែ​មការ​ដកចេញ ឬ​ប្តូរ​ជំនួស​នៃ​ភាគ​ណាមួយ​ឬ​ភាគ​ទាំងមូល​ដែល​ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដោយ​បទ​ប​ញ្ញ​តិ​ឬ​ទម្លាប់ បើ​ពុំមាន​បទ​ប​ញ្ញ​តិ​ឬ​ដែល​សមស្រប​ទៅនឹង​បទ​ប​ញ្ញ​តិ​»​៕

​

រដ្ឋបាល​ក្រុងភ្នំពេញ បន្ថែម​តម្រាយ​ផ្លូវ​ថ្មី​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ​

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី មានការ​កែសម្រួល​តម្រា​យ​ផ្លូវ​នៃ​ខ្សែ​រត់​ចាស់ ខ្សែរ​ត់ទី​២៖ ចេញពី​ចំណត​ពី​អ៊ី​អន​២( AEON2) តាមផ្លូវ​ឧកញ៉ា​មុង​ឬ​ទ្ធី រង្វង់​មូល​កាំ​កូ​ស៊ី​ធី អង់​តែង​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧(​វត្តភ្នំ​) ផ្លូវ​ព្រះ​នរោត្តម ផ្លូវជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ខ្សែរ​ត់ទី​៣៖ ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ តាមផ្លូវ​ជាតិ​លេខ​៥ ដល់​រង្វង់​មូល​គួច​កាណុង​ផ្លូវ​លេខ​៤៧(​វត្តភ្នំ​)​ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០​ផ្សារ​ធំថ្មី មហាវិថី​កម្ពុជា​ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣ ដល់​ចំណត​បុរី​សន្តិភាព​២​។
​ដាក់អោយ​ដំណើរការ​តម្រាយ​ផ្លូវ​ថ្មី ខ្សែរ​ត់ទី​៤A ៖ ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ តាមផ្លូវ​ជាតិ​លេខ​៥ ដល់​រង្វង់​មូល​គួច​កាណុង ផ្លូវ​លេខ​៤៧ (​វត្តភ្នំ )​ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិថី​ហ្សា​ដឺ​ហ្គោល ស្តុ​ប​នាង​គ​ង្ហី​ញ ស្តុ​ប​អាងទឹក​អូឡាំពិក វិថី​ព្រះ​មុនី​រ៉េត កាត់មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឺ​ង​មានជ័យ ផ្លូវ​វ៉េងស្រេង ស្តុ​ប​អាងទឹក​កាណាឌីយ៉ា ផ្សារ​ទួល​ពង្រ ដល់​ចំណត​បុរី​សន្តិភាព​២​។​
​ខ្សែរ​ត់ទី​៤B ៖ ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ តាមផ្លូវ​ជាតិ​លេខ​៥ ដល់​រង្វង់​មូល​គួច​កាណុង​ផ្លូវ​លេខ​៤៧ (​វត្តភ្នំ​) ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិថី​ហ្សា​ដឺ​ហ្គោល ស្តុ​ប​នាង​គ​ង្ហី​ញ ស្តុ​ប​អាងទឹក​អូឡាំពិក វិថី​ព្រះ​មុនី​រ៉េត កាត់មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឺ​ង​មានជ័យ ផ្លូវ​វ៉េងស្រេង រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
​ខ្សែរ​ត់ទី​៥៖ ចេញពី​ចំណត​ពី​អ៊ី​អន​២ (AEON2 ) តាមផ្លូវ​១០០៣ បត់​ឆ្វេង​តាមផ្លូវ​១៩៦៦ ឆ្ពោះទៅ​ផ្លូវ​លេខ​៥៩៨ ផ្លូវ​លេខ​៣៣៧ បត់​ស្តាំ​តាមផ្លូវ​៥៦៦ សាលាបឋមសិក្សា​ពី​អ៊ំ​ទួលគោក វិថី​គឹមអ៊ី​ល​ស៊ុ​ង កាត់​ក្រោម​ស្ពាន​អាកាស​៥​មករា មហាវិថី​ម៉ៅ​សេទុង ស្តុ​ប​បូកគោ ស្តុ​ប​ជលផល វ​ថី​សុធារស ដល់​ចំណត​ផ្សារ​អ៊ី​អន​១​។​
​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ ខ្សែរ​ត់ទី​៦ ៖ ចេញពី​ចំណត​ផ្សារ​បុរី​រុងរឿង ផ្លូវជាតិ​លេខ​៦ ស្ពាន​ជ្រោយចង្វារ រង្វង់​មូល​គួច​កាណុង ផ្លូវ​លេខ​៧០ រង្វង់​មូល​អង់​តែ​ន​ទួលគោក រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ផ្លូវ​សម្តេច ជា ស៊ីម បត់​ឆ្វេង​តាមផ្លូវ​ឧកញ៉ា ទ្រី ហេង ដល់​មហាវិថី​សហព័ន្ធ​រុស្សី បត់​ឆ្វេង​ទៅដល់​ចំណត​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​។ ខ្សែរ​ត់ទី​៧A ៖ ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពា​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់​តាម​ស្ពាន​អាកាស​ស្ទឺ​ង​មានជ័យ វិថី​ព្រះ​មុនី​រ៉េត វិថី​ព្រះសីហនុ វិថី​ព្រះ​សុធារស​ដល់​ចំណត​ផ្សារ​អ៊ី​អន​១​។ ខ្សែរ​ត់ទី​៧B ៖ ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពា​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់​តាម​ស្ពាន​អាកាស​ស្ទឺ​ង​មានជ័យ ស្តុ​ប​ក្បាលថ្នល់ ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​ច្បារអំពៅ និង​ខ្សែរ​ត់ទី​៨៖​ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ កាត់​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ឧកញ៉ា​លី យ៉ុង​ផាត់ ផ្លូវជាតិ​លេខ​៦​អា ដល់​ចំណត​ផ្សារ​បុរី​រុងរឿង​៕

​

រដ្ឋបាល​ក្រុងភ្នំពេញ នឹង​បង្កើត APP ក្នុង​ទូរស័ព្ទដៃ បង្ហាញ​ពី​ខ្សែ​រត់ និង​ចំណត​រថយន្តក្រុង​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្កើត APP នៅក្នុង​ទូរស័ព្ទដៃ ដើម្បី​បង្កើន​ភាពងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​រថយន្តក្រុង​សាធារណៈ ងាយស្រួល​និង​ដឹង​ពី​ពេលវេលា ទីតាំង​ចំណត តម្រាយ​ផ្លូវ​ធ្វើដំណើរ ជាមួយ​នោះ គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​ទូទាត់​បែប អេ​ឡិ​ក​ត្រូ​និក ពី​សាច់ប្រាក់​មកជា​ការ​ឆូត​កាត​ផងដែរ​។​
​លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​ក្រោយ​កិច្ចប្រជុំ ស្តីពី ស្ថាន​ភា ពនៃ​ការគ្រប់គ្រង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) កាល​ព្រឹក​ថ្ងៃ​២៨​សីហា​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។
​លោក មាស ម៉េ​ត​ភក្តី បាន​បន្ត​ឱ្យដឹងទៀតថា ក្នុង​កិច្ចប្រជុំ​ដែលមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​គ្រប់ភាគី ឯកឧត្តម ឃួ​ង ស្រេង បាន​រំលឹក​ឡើងវិញ ពី​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​បានលើកឡើង​កាលពីពេល​ពេល​កន្លងទៅ​ថ្មី​នេះ ដែល​បាន​អនុញ្ញាតិ​អោយ​កម្មករ​-​កម្មការិនី បាន​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិត​ប្រាក់​រយៈពេល​ពីរ​ឆ្នាំ់ ក្នុងនោះ​ក៏បាន​ណែនាំ​អោយ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ដើម្បី​អោយមាន​ប្រសិទ្ធិភាព​ផងដែរ​។
​គួររំលឹកថា រដ្ឋបាល​រាជធានី កាលពី​ថ្ងៃទី​២០​ខែសីហា​នេះ បានចេញ​សេចក្តី​ជូន​ដំ​ណឺង​មួយ ដល់ក​ម្មករ កម្មការិនី ដើម្បី​ជួយ​សំរួល​ដល់​ការចំណាយ​លើ​ម​ធ្យា​បាយ​ប្រចាំថ្ងៃ សំដៅ​លើកកម្ពស់ ជីវភាព​ប្រចាំថ្ងៃ តាម​ប្រសាសន៍​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​អនុញ្ញាតិ​អ​ឱ្យ​កម្មករ កម្មការិនី ជិះ​រថយន្តក្រុង គ្រប់​ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​សេវា​រយៈពេល​២​ឆ្នាំ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ការងារ​តែប៉ុណ្ណោះ ជាមួយគ្នា​នោះ លិខិត​ដដែល​ក៏បាន​ឱ្យដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ ក៏ដូចជា​សេចក្តីត្រូវកា​រលើ សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី រដ្ឋបាល​រាជធានី ក៏បាន​ធ្វើការ​កែសម្រួល​តម្រាយ​ផ្លូវ​ចាស់ ព្រមទាំង​ដាក់​ដំណើរការ​តម្រាយ​ខ្សែ​រត់​ថ្មី​បន្ថែមទៀត​។​
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី មានការ​កែសម្រួល​តម្រា​យ​ផ្លូវ​នៃ​ខ្សែ​រត់​ចាស់ ខ្សែរ​ត់ទី​២៖ ចេញពី​ចំណត​ពី​អ៊ី​អន​២( AEON2) តាមផ្លូវ​ឧកញ៉ា​មុង​ឬ​ទ្ធី រង្វង់​មូល​កាំ​កូ​ស៊ី​ធី អង់​តែង​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧(​វត្តភ្នំ​) ផ្លូវ​ព្រះ​នរោត្តម ផ្លូវជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ខ្សែរ​ត់ទី​៣៖ ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ តាមផ្លូវ​ជាតិ​លេខ​៥ ដល់​រង្វង់​មូល​គួច​កាណុង​ផ្លូវ​លេខ​៤៧(​វត្តភ្នំ​)​ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០​ផ្សារ​ធំថ្មី មហាវិថី​កម្ពុជា​ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣ ដល់​ចំណត​បុរី​សន្តិភាព​២៕

​

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ជូនដំណឹង​ពី​ការ រៀបចំ​បុណ្យ​ភ្ជុំបិណ្ឌ និង​កឋិនទាន​

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ជូនដំណឹង​ពី​ការ រៀបចំ​បុណ្យ​ភ្ជុំបិណ្ឌ និង​កឋិនទាន​

ចាប់ខ្លួន​ឃាតករ​ករណី​អារ​-​ក និង​ខ្វេះ​ភ្នែក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង​

​រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រហែល​១៣ និង​០០​នាទី នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ កម្លាំង​អន្តរាគមន៍​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទីន បាន​ចុះបង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាមៗ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ខណដែល​ឃាតករ​ធ្វើ​សកម្មភាព​អា​-​ក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ទាំងសងខាង​របស់​ជ​ន​រងគ្រោះ​បោះចោល​រក​ពុំទាន់​ឃើញ​។​
​ជនបង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មីៗ និង​ជា​មនុ​ស្សញៀន​ថ្នាំ​ជោគជាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ជនរងគ្រោះ​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ ត្រូវជា​សាច់ថ្លៃ​ជនបង្ក ស្នាក់នៅ​ជាមួយគ្នា​។​
​តាម​សាក្សី​និយាយថា ដំបូង​ឡើង​ពួកគេ​ផឹកស៊ី​ជាមួយគ្នា​នៅក្រោម​ផ្ទះ ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រីឯ​ជនបង្ក​ក៏​ស្រែក កុំ​ឲ្យ​ឈ្លោះ​គ្នា​ក៏​ក្លាយជា​ទំនាស់ រហូត​ឈានដល់​ជនបង្ក ទាញ​កាំបិត​ច្នៃ​អារក​សម្លាប់​ជនរងគ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំងសងខាង​បោះចោល​អស់​តែម្តង ៕

​