ខេត្តស្វាយរៀង ៖ កម្មករិនីរោងប្រមាណ៩នាក់បានរងរបួស និងកម្មករមួយចំនួនទៀតភ័យញ័រន្ធត់ខ្លួនដូចកូនសត្វក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដោយសាតែរថយន្តដឹកកម្មករកម្មការិនីរោងចក្រដាច់រ៉ូទីចង្កូតរេទៅបុកខ្លោងទ្វារអនុវិទ្យាល័យហ៊ុនសែនស្វាយតាយាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋដែលមកមើលកន្លែងហេតុការនេះបាននិយាយថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តចំណុះ២តោនកន្លះពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 3D 4170បើកបរដោយឈ្មោះ ជា ដាំ អាយុ ប្រហែល ៥០ មុខរបរដឹកកម្មករកម្មការិនីរោងចក្រមានទីលំនៅ ភូមិ របើស ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀងដឹកមនុស្សពេញរថយន្តធ្វើដំណើរពីទិសខាងជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែដាច់រ៉ូទីរេចង្កូតទៅបុកនិងរបងសាលាបណ្តាលអោយអ្នកជិះលើរថយន្តខាងលើនេះបោកខ្ទុបគ្នាតែសំណាងល្អមានអ្នករងរបួស៩នាក់ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យជីភូដើម្បីធ្វើការសង្គ្រោះ ។
ករណីបណ្តាលមកពីដាច់រ៉ូទីរថយន្តគឺកើតមានរហូតនិងបណ្តាលអោយកម្មករកម្មការនីរងគ្រោះរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរកន្លងមកនេះ។ ប្រជាពលរដ្ឋបានធ្វើការរិះគន់ដល់អ្នកបើកមិនអោយចិត្តទុកដាក់ក្នុងការរពិនិត្យយានយន្តរបស់ខ្លួននោះទេ ហើយអោយតែបង្កនិងមានគ្រោះថ្នាក់អាងតែរត់ចោលប៉ុណ្ណោះ បើលុយវិញសឹងតែដល់ខែពុំទាន់ផង។
ជាមួយគ្នានេះប្រជាពលរដ្ឋសូមអោយសម្ថកិច្ចគួរមានវិធានការចំពោះអ្នកបើកបរអោយបានម៉ត់ចត់ជាពិសេសរថយន្តចាស់ៗនៅតែអោយបន្តរថយន្តដឹកកម្មកររោងចក្រទាំងនេះហើយធ្វើអោយពួកគាត់មានការព្រួយបារម្ភអំពីហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតកូនរបស់ពួកគាត់ និងខាតបង់ពេលវេលាផងនោះ៕



ខេត្តក្រចេះ ៖ មេគយច្រកត្រពាំងស្រែ-វ៉ាឡឺ លោក នាង វណ្ណា នៅស្រុកស្នួល សប្បាយចិត្តទទួលលុយខ្មៅងងឹតពីបទល្មើសព្រៃឈើទាំងថ្ងៃដោយផ្សំគំនិត្យជាមួយមេឈ្មួញនិងឡានរម៉កដឹកបន្លែផ្លែឈើរបស់វៀតណាម។
ទោះបីអំណាចជាមេសាខាគយយ៉ាងណាក៏ដោយ លោក នាង វណ្ណា នូវតែមានឥទ្ធិពលក្នុងការបញ្ជាទៅឱ្យមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ ឲ្យធ្វើតាមបង្គាប់និងសប្បាយចិត្តទទួលលុយខ្មៅងងឹតពីបទល្មើសព្រៃឈើពីក្រុមឈ្មួញឈើទាំងនោះ ។
ជាក់ស្តែងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ក្បួនរថយន្តដឹកឈើជាច្រើនគ្រឿងរបស់លោឧកញ៉ា ជ័យ បានឆ្លងកាត់ព្រំដែនច្រកត្រពាំងស្រែ-វ៉ាលឺ បានដោយរលូនដោយគ្មានការបង្ក្រាប។
ទង្វើរនេះធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់ជាខ្លាំងដោយមេគយរដ្ឋាករឈ្មោះ នាង វណ្ណា រូបនេះ មិនដែលគិតពីផលប្រយោជន៍ជាតិគិតតែពីរឿងបុគ្គល ដូចជាបន្លែ ផ្លែឈើ ដឹកចេញពីវៀតណាមយ៉ាងអាណាធិប្បតេយ្យ ដោយមិនគិតងើបក្បាលអើតពិនឹត្យទាល់តែសោះ ដោយដេកចាំតែយកលុយ ដោយជួនកាលមិនចេញសំបុត្រទេ ដោយយកលុយនោះដាក់ហោប៉ៅតែម្ដង ។
ទំនិញវិនិយោគជាផលិតផលក្នុងស្រុក ហើយពន្ធអាករជាបន្ទុករបស់រដ្ឋដដែលប្រភពពីឈ្មួញនិងមន្ត្រីនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹកទំនិញត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នជាមេសាខាគយខេត្តក្រចេះថ្មី នូវតែមានអំណាចក្នុងការបញ្ជា និងបង្កើតឱ្យ មាន អំពើពុករលួយដោយសារតែទំនិញខ្លះមិនបានបង់ពន្ធនាំចូល ព្រោះតែក្រុមមេឈ្មួញទាំងនោះ សុទ្ធសឹងជាម៉ូយចាស់ ត្រូវដងត្រូវផ្លែ ជាមួយនឹងលោក នាង វណ្ណា នោះ ។
តាមមន្ត្រីបាននិយាយផងដែរថា ក្នុងមួយខែៗ លោក នាង វណ្ណា រកសំណូលបានរាប់ម៉ឺនដុល្លារ សម្រាប់ការត្រួតពិនិត្យឯកសារចុះប្រតិវេទន៍ទៅលើទំនិញវិនិយោគនាំចូល និងទំនិញនាំចូលបង់ពន្ធតែប៉ុណ្ណោះ កាលនៅជាអតីតមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ លុះមកក្លាយជាមេសាខាហើយអំណាចរកលុយក្រោមតុរបស់គាត់ក៏នៅ តែមានឥទ្ធិពលទៅលើច្រកនោះ និងច្រកដទៃទៀតយ៉ាងមានប្រសិទ្ធភាពលើសមុនទៅទៀត ។
មន្ត្រីប្រភពទម្លាយថា លោក នាង វណ្ណា ត្រូវបានចំណាយប្រាក់ក្នុងមួយខែៗយ៉ាងច្រើនបែងចែកមកថ្នាក់លើ និងបែង ចែកសម្រាប់ក្រុមមន្ត្រីគយដែលគាត់បានប្រើប្រាស់ក្នុង ការប្រមូលប្រាក់មិនប្រក្រតីទោលើឯកសារចុះប្រតិវេទន៍គយដើម្បីជា ខែលទប់ការឡើងតំណែង៕



រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកកាំងម្នាក់ មានជម្ងឺប្រចាំកាយ បានដេកស្លាប់នៅហាង ហាម៉ឺនី រីវើ អូតែល បង្កការភ្ញាក់ផ្អើលដល់បុគ្គលិក ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាង ហាម៉ឺនី រីវើ អូតែល ក្នុងបន្ទប់លេខ៨២០ ជាន់ទី៥ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសជនជាតិអាមេរិកកាំងដែលស្លាប់នោះមានឈ្មោះ PERKINS BRUCE ADRIAN ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 505473507។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិអាមេរិកដែលស្លាប់រូបនេះ ទើបតែមកស្នាក់នៅហាង ហាម៉ឺនិ រីវើ អូតែល បានរយៈពេល ៣ថ្ងៃហើយ ដោយបុរសរូបនេះមានជម្ងឺប្រចាំកាយ ត្អូញថាចុកដៃចុកជើង ហើយក៏បានឡើងទៅបន្ទប់ ដើម្បីសម្រាករហតូមកដល់វេលាម៉ោង ១១ថ្ងៃត្រង់ ព្រោះដូចសពដង គឺគាត់ចេញក្រៅស្រាប់តែបុគ្គលិកបានយកទូរស័ព្ទខល តែមិនលើកទូរស័ព្ទរបស់បុគ្គលិក ក៏ឡើងទៅមើលដោយមាត់ទ្វារមិនមានចាក់ចោរ ខណៈនោះ ក៏ឃើញបុរសជនជាតិអាមេរិកកាំងដេកស្លាប់ក្នុងបន្ទប់លេខ៨២០ ជាន់ទី៥ នោះតែម្ដង ហើយក៏បង្កការភ្ញាក់ផ្អើល រួចរាយការជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យលើកសាកសពខាងលើ បានប្រើថា បុរសជនជាតិអាមេរិកកាំងនេះស្លាប់ដោយសារជំងឺប្រចាំកាយពិតប្រាកដមែន។ ចំណែកឯសាកសពបុរសជនជាតិអាមេរិកកាំងខាងលើ ត្រូវបានដឹកយកទៅដាក់នៅស្ថានទូកអាមេរិក៕


មូស្គូ ៖ រុស្ស៊ី និងចិន បានចេញសេចក្ដីថ្លែងការណ៍រួមស្នើឱ្យកូរ៉េខាងជើង ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ចំណែកឯ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ត្រូវបញ្ជៀសការធ្វើសមយុទ្ធយោធាផងដែរ។ ម្យ៉ាងវិញទៀត កិច្ចចរចាដោះស្រាយបញ្ហាត្រូវចាប់ផ្ដើមធ្វើឡើង ផ្អែកលើគោលការណ៍ផលប្រយោជន៍ រួម មិនប្រើប្រាស់កម្លាំងយោធា និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
សំណើរបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ធ្វើឡើងនាឱកាសនៃជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុងមូស្គូកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik៕

រាជធានីភ្នំពេញ ៖ កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីម្នាក់ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ ដោយចោទប្រកាន់ពីបទកេងប្រវ័ញ្ចពលកម្មលើកុមារ និងរក្សាទុកកុមារដោយខុសច្បាប់។
សូមជម្រាបថា ស្ត្រីខាងលើ រួមជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀត ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ មន្ទីសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការពន្លកថ្មី និងអង្គការ IJM ធ្វើការបង្ក្រាបជាក់ស្តែង នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារកាហ្សា ផ្លូវ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ការឃាត់ខ្លួននោះ ព្រោះតែមេក្ខោងរូបនោះបានបង្ខំឲ្យក្មេងៗដើរសុំទាន ហើយគេនៅមួយកន្លែងចាំយកលុយពីក្មេងៗ ទាំងនោះ ។
ក្រោយពេលឃាត់ខ្លួន ស្ត្រីជាមេក្លោងខាងលើបានសារភាពថា រូបគេពិតជាបានប្រមូលក្មេងៗ ពីឪពុកម្តាយក្រីក្រ និងអ្នកសុំទានផ្សេងទៀត ឲ្យមកនៅជាមួយក្នុងនាមជាកូនចៅ ឬក្មួយដើម្បីឲ្យដើរសុំទាន ពិតប្រាកដមែន ហើយរូបគេធ្វើបែបនេះប្រហែល៧ទៅ៨ឆ្នាំមកហើយ ៕


ខេត្តក្រចេះ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង និងផលដំណាំជាច្រើនទៀតត្រូវបានខ្យល់កន្ត្រាក់បំផ្លាញស្ទើរតែទាំងស្រុង។ ហេតុការណ៍គ្រោះធម្មជាតិបានកើតឡើង នៅភូមិឃ្លីទទឹងឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក សូម សារិត អភិបាលស្រុកសំបូរបានឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងខូចខាតទាំងស្រុង និងផលដំណាំជាច្រើនទៀតដែលត្រូវបានបំផ្លាញបន្តិចបន្តួច។ លោកបានបន្តទៀតថា ម្ចាស់ផ្ទះដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ទី១/ឈ្មោះ គីម ប៉ាតូមានផ្ទះប្រវែង៩ម៉ែត្រគុណ១២ម៉ែត្រ។ ទី២/ឈ្មោះ តោ គឹមច្រុង មានផ្ទះប្រវែង៤ម៉ែត្រគុណ និង៦ម៉ែត្រ។ ទី៣/ឈ្មោះ ចាន់ ដារ៉ា មានផ្ទះប្រវែង៥ម៉ែត្រគុណនិង១២ម៉ែត្រ និង៤/ឈ្មោះ ចែ យូហេង ផ្ទះប្រវែង៨ម៉ែត្រគុណ១២ម៉ែត្រ។
លោក អភិបាលស្រុកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ទ្រាក់ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ៕




ខេត្តក្រចេះ ៖ យុវជនពីរនាក់ជិះម៉ូតូបានរងរបួលធ្ងន់ធ្ងរ ខណៈពេលដែលមានរថយន្តមួយគ្រឿងម៉ាកស្ការិច បានបើកបញ្ច្រាសទិសបុកចំពីមុខពេញទណហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៨ និង០៥នាទី នៅចំណុចខាងមុខហាងតែបៃតង ឋិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ករម៉ាកស្តារិចកែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 2A-0530 បើកបរដោយឈ្មោះ ខំ រី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិក្រវណ្ណជា ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានបើកបរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះមកដល់ត្រង់ចំណុចខាងលើបានបុកនិងម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ (ចាស់) ចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យ អ្នកបើកបរឈ្មោះ ង៉ុយ នាង ភេទប្រុស អាយុ២៧ឆ្នាំ របួស ធ្ងន់ អ្នករួមដំណើរជាមួយ ឈ្មោះ អ៊ាង ម៉េងតា ភេទប្រុស អាយុ១៨ឆ្នាំ ក៏របួសធ្ងន់ដូចគ្នា ហើយជនរងគ្រោះទាំងពីរនាក់ មានទីលំនៅ នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ ។ ចំណែកឯអ្នកបើកបររថយន្តនិងមធ្យោបាយទាំងពីរ ត្រូវបានឃាត់ខ្លួន និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះជាបណ្តោះអាសន្នដើម្បីកសាងសំណុំតាមនិតិវិធី ៕



ខេត្តសៀមរាប ៖ ជនដៃដល់ចាក់សម្លាប់បុគ្គលិកហាង Internet នៅកណ្តាលក្រុងតាខ្មៅត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមចាប់បាននៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅលើទឹកដីខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ឹង ចាន់រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបលក់ដូរនៅផ្សារតាខ្មៅ មានស្រុកកំណើតនៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបន្តថា យោងតាមចម្លើយសារភាពរបស់ជនដៃដល់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ដែលជាបុគ្គលិកផ្ទះបើក Internet នៅកណ្ដាលក្រុងតាខ្មៅ មូលហេតុមកពីខ្លួនជំពាក់លុយជាង១ពាន់ដុល្លារ ហើយការសម្លាប់នេះដើម្បីប្លន់យកទ្រព្យសម្បត្តិ ប៉ុន្ដែយកមិនបាននោះទេ ដោយសារតែកេះលុយជាប់សោរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យកងរាជអាវុធហត្ថខេត្តបញ្ជូនទៅប្រគល់ឱ្យកងរាជអាវុធហត្ថខេត្តកណ្តាល នៅវេលាម៉ោងជិត៧យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ករណីចាក់សម្លាប់ជនរងគ្រោះបានកើតឡើងកាលពីរវេលាម៉ោង៤ និង៥១នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ទឹក កន្លែងលេងអ៊ិនធឺណែត ភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល៕


កូរ៉េខាងត្បូង ៖ មន្ត្រីយោធារបស់កូរ៉េខាងត្បូងថ្លែងថា នៅព្រឹកថ្ងៃអង្គារនេះកូរ៉េខាងជើងបានបាញ់សាកល្បងម៉ីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យទៀត។ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយមុននេះបន្តិច៕

ប៉ារីស ៖ អាជ្ញាធរបារាំងឃុំខ្លួនបុរសជាជនសង្ស័យស្ដាំនិយមជ្រុលម្នាក់ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសប្រារព្ធពិធីបុណ្យជាតិបារាំង Bastille Day នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា ជនសង្ស័យខាងលើមានអាយុ២៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅជាយទីក្រុងប៉ារីស កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា បន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានពីអ្នកប្រើប្រាស់គេហទំព័រ Videogame មួយមានអាស័យដ្ឋាន jeuxvideo.com ថារូបគេមានបំណងទិញកាំភ្លើងមួយដើមម៉ាក kalachnikov។ បុរសជាជនសង្ស័យរូបនេះត្រូវបានគេរាយការណ៍ថាជាមនុស្សគ្មានការងារធ្វើ, មានបញ្ហាផ្លូវចិត្ត និងជាមនុស្សងប់នឹងមនោគមន៍ជាតិស្ដាំនិយមជ្រុល។
ដោយឡែកបើប៉ូលិសបានឲ្យដឹងថា មិនតែប៉ុណ្ណោះរូបគេក៏មានបំណងចង់វាយប្រហារលើអ្នកកាន់សាសនាអ៊ីស្លាម, ជនជាតិជីព្វ,ជនជាតិស្បែកខ្មៅ និងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរផងដែរ។ ទន្ទឹមនោះក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវថាតើមានជាប់ពាក់ព័ន្ធនឹងក្រុមអង្គការភេរវកម្មណាមួយដែរឬទេ ខណៈពួកគេបានរកឃើញកូនកាំបិតចំនួន០៣នៅក្នុងរថយន្ដរបស់ បុរសម្នាក់នេះ៕

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកំណត់ ថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ ដែលតម្លៃសាំងធម្មតាថ្លៃ ៣៥០០រៀលក្នុង១លីត្រ សាំងស៊ុបពែរ៣៥៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ៣២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះចាប់អនុវត្តន៍ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧៕


រាជធានីភ្នំពេញ ៖ ក្រឡាប់រថយន្តដឹកពលករខ្មែរ នៅខេត្តសាកែវ ប្រទេសថៃ បណ្តាលរបួសធ្ងន់-ស្រាល ១៣នាក់ ខណៈដែលពេលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ស្របពេលដែលច្បាប់នៅក្នុងប្រទេសថៃ កំពុងរឹតបន្តឹងទៅលើជនអន្តោប្រវេសន៍។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង៤៥នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនៅលើកំណាត់ផ្លូវសុវណ្ណនគរ ស្ថិតនៅត្រង់ចំណុចបានផៈកៈ ក្នុងភូមិ៣ ឃុំវឌ្ឍនានគរ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចថៃបានចុះទៅត្រួតពិនិត្យ គឺសង្គេតឃើញថា មានអ្នករងរបួសធ្ងន់ ស្រាលសរុបចំនួន១៣នាក់ ព្រមទាំងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យស្រុកវឌ្ឍនានគរដើម្បីសង្គ្រោះ។ ប្រភពបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារមានរថយន្តមួយគ្រឿងទៀត មកបុកពីចំហៀង ទើបបណ្តាលឲ្យរេធ្លាក់ចេញពីផ្លូវក្រឡាប់តែម្តង។ បច្ចុប្បន្នក្រុមតម្រួតថ បាននាំយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕


រាជធានីភ្នំពេញ ៖ ផ្ទះម៉ាស្សាមួយកន្លែងយីហោឡុងឈានគឺដែលស្ថិតនៅផ្ទះលេខ១០អាក្រុមទី៣០ផ្លូវ៣១៥ភូមិ៨សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនីតិជនស្នងការរាជធានីភ្នំពេញចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនបានស្រី១២នាក់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម ។ កិច្ចប្រតិបត្តិការខាងលើបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
ប្រត្តិបត្តិការឆែកឆេរហាងម៉ាស្សាខាងលើឃាត់ខ្លួនថៅកែ(ប្រុស)ជនជាតិម្នាក់ មេការស្រីជនជាតិវៀតណាមម្នាក់ និងស្ត្រីបំរើសេវាម៉ាស្សា ១០នាក់ សរុប១២នាក់និងស្រោមអនាម័យ ដែលប្រើរួចនិងមិនទាន់ប្រើមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើបអង្កេតឃើញទីតាំងខាងលើ បានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទទើបកម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនីតិជនស្នងការក្រុងភ្នំពេញដឹកនាំដោយលោកចាន់កិក្តិខុមស្នងការរងទទួលការដឹកនាំការិយាល័យជួញដូរមនុស្សនិងមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងការិយាល័យជំនាញ មានការចូលរួមពីនគរបាលមូលដ្ឋាន អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាប ទីតាំងខាងលើដែលបានប្រព្រឹត្តជាក់ស្តែងអំពើសញ្ចាកម្មរកឃើញស្រោមប្រើហើយមួយចំនួនស្រោមមិនទាន់ប្រើមួយចំនួនទៀត ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធទាំង១២នាក់សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញស្នងការរាជធានីភ្នំពេញដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕



រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នៅកាស ចូលកាន់តំណែងនៅថ្ងៃនេះ ដោយរាជធានីខេត្ត ជាអ្នករៀបចំប្រកាស ។
លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ហើយការប្រកាសនេះក្រសួងមហាផ្ទៃប្រគល់ជូនឲ្យរាជធានី-ខេត្តជាអ្នកចាត់ចែង គឺចាប់ផ្ដើមប្រកាសនៅថ្ងៃនេះទូទាំងប្រទេស និយាយរួមគ្រប់រាជធានី-ខេត្តទាំងអស់ប្រកាសចាប់ពីថ្ងៃនេះ ប៉ុន្ដែគ្រាន់តែថាមិនបានខេត្តធ្វើ ខេត្តខ្លះមិនទាន់ធ្វើ»។
គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការរួចហើយ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុប ៦,៥០៣អាសនៈ ស្ត្រី ១,៣៨៦អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ចំនួន ១១៣៩អាសនៈ ជំទប់ទី២ ចំនួន ៥១០អាសនៈ។
គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥០០៧អាសនៈ ស្ត្រី ៥៥៣អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៨អាសនៈ ក្នុងនោះជំទប់ទី១ ចំនួន ១អាសនៈ ជំទប់ទី២ ចំនួន ២៦អាសនៈ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៤អាសនៈ ដែលសុទ្ធតែជាជំទប់ទី២។
គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៤អាសនៈ ក្នុងនោះ មេឃុំចំនួន ១អាសនៈ ជំទប់ទី១ ចំនួន ២អាសនៈ និងជំទប់ទី២ចំនួន ១៦អាសនៈ។
គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈសាមជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១អាសនៈ ជាជំទប់ទី២។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥អាសនៈ ក្នុងនោះជំទប់ទី១ មាន ១អាសនៈ និងជំទប់ទី២ មាន ២អាសនៈ៕


ប៉េកាំង ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានឲ្យដឹងថា ជាការឆ្លើយតបរដ្ឋាភិបាលចិនបានសម្រេចចិត្តបញ្ជូននាវា និងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកំញើញនាវាពិឃាតអាមេរិក USS Stethem ដែលកំពុងធ្វើការចល័តនៅចំងាយប្រមាណជា ២២គីឡូម៉ែត្រពីកោះ Triton ឬហៅជាភាសាចិនថា Xisha ជាផ្នែកមួយនៃទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រខាងត្បូង។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា «ដោយសំអាងលើសេរីភាពនាវាចរ ភាគីសហរដ្ឋអាមេរិកបានបញ្ជូននាវា ចម្បាំងសាជាថ្មី ចូលមកក្នុងដែនទឹកនៃកោះ Xisha របស់ចិនដោយគ្មានការអនុញាត… ហើយអាកប្បកិរិយាបែបនេះរបស់សហរដ្ឋអាមេរិក គឺជាទង្វើរំលោភលើដែនអធិបតេយ្យភាព និងបង្កជាហានិភ័យដល់សន្តិសុខរបស់ចិន, រំលោភលើច្បាប់អន្តរជាតិ, បំផ្លាញសន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់សមុទ្រ… ដូច្នេះចិនបានសម្រេចចិត្តបញ្ជូននាវា និងយន្ដហោះចម្បាំងជាច្រើន គ្រឿងជាការឆ្លើយតបទៅនឹងនាវាចម្បាំងអាមេរិក»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ទោះជាមានការព្រមានក៏ដោយ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តធ្វើសកម្មភាពនាវាល្បាត នៅតំបន់សមុទ្រចិនខាងត្បូងដដែល ពីព្រោះវាគ្រាន់តែធ្វើឡើងក្រោមក្របខណ្ឌ នៃកម្មវិធីសេរីភាពធ្វើនាវាចរដូចទម្លាប់សព្វដងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបញ្ជូននាវាពិឃាត USS Stethem ដោយមានបំពាក់មីស៊ីលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ស្របពេលដែលទំនាក់ទំនងជាមួយចិន កំពុងមានភាពមិនច្បាស់លាស់៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍