រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។
ការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសន្និសីទកាសែតមួយនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាតទៅទៀត។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា “…វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ… វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ…គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន…”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះ ការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ផងដែរ៕


រាជធានីភ្នំពេញ ៖ តាមរយៈហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា សិស្សចំនួន១៦៤៧នាក់ អវត្តមានពេលដំណើរការប្រលងថ្នាក់ទី១២ នៅក្នុងចំណោមសិស្សសរុបប្រមាណ១០ម៉ឺននាក់។
ក្រសួងបញ្ចាក់ថា បេក្ខជនដែលប្រព្រឹត្តកំហុងឆ្គង មានចំនួន១៣ករណី និងដកហូតបានសម្ភារៈមួយចំនួន ហើយបេក្ខជនមានបញ្ហាសុខភាពចំនួន៧០ករណី និង៩ករណីមិនអាចបន្តការប្រឡង ដោយថា មានអាការៈធ្ងន់ធ្ងរ។ ចំពោះស្ថានភាពអាកាសធាតុ អំឡុងដំណើរការនៃការប្រឡងសម័យប្រឡងថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ នៅតាមមណ្ឌលមួយចំនួនថ្វីត្បិតមានភ្លៀងធ្លាក់ ក៏ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការប្រលង របស់បេក្ខជននោះទេ។
គួរបញ្ជាក់ថា សម័យប្រលងថ្នាក់ទី១២ឆ្នាំ២០១៧ ប្រព្រឹត្តទៅកាលពីថ្ងៃទី២១ដល់២២សីហា។ ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រលង នៅរសៀលថ្ងៃទី១២កញ្ញា សម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល។ ចំណែកឯ នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ គឺធ្វើឡើងនៅនៅទូទាំងប្រទេស៕

យ៉េមែន ៖ មនុស្សយ៉ាងតិច ៦០នាក់ និងជាច្រើននាក់រងរបួសកាលពីព្រឹកថ្ងៃពុធម្សិលមិញ បន្ទាប់ពីកងយន្តហោះចម្បាំងដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតទម្លាក់គ្រាប់បែកលើសណ្ឋាគារមួយកន្លែង ក្បែររដ្ឋធានី Sanaa ក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន CGTN។
ការវាយប្រហារនេះស្ថិតក្នុងតំបន់ Bait al-Edhari នៃស្រុក Arhab ភាគខាងជើងទីក្រុង Sanaa ដែលជាទីជម្រករបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល Houthi របស់ប្រទេសយ៉េមែន។ ពុំមាននរណាម្នាក់ដឹងថា មានមនុស្សសរុបចំនួនប៉ុន្មាននាក់ ដែលស្ថិតនៅទីនោះក្នុងអំឡុងពេលកើតហេតុនោះឡើយ ក៏ប៉ុន្តែភ្នាក់ងារជួយសង្គ្រោះបានឲ្យដឹងថា មកទល់ពេលនេះ ពួកគេអូសបានសាកសពចំនួន៦០នាក់ ហើយចេញពីក្រោមគំនរបាក់បែករបស់អគារសណ្ឋាគារ៕


រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការរឿងក្ដី លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលសរសេរប្រមាថដល់កងទ័ព នៅលើបណ្តាញសង្គម Facebookនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ខណៈដែលសវនាការនេះមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកសៀង សុខ ព្រះរាជអាជ្ញារងជាតំណាងអយ្យការ។
សូមរម្លឹកថា លោក សួន សេរីរដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែសីហា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕
សម្រាប់ព័ត៌មានលម្អិតសូមអាចសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាននៅថ្ងៃទី២១សីហាឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសបញ្ឈប់ការផ្សាយរបស់ស្ថានីយវិទ្យុមហានគរ FM93.5MHz នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៣ ខែសីហាដោយសារស្ថានីយវិទ្យុនេះរំលោភកិច្ចសន្យាជាមួយក្រសួង៕

ភ្នំពេញ ៖ សម្ព័ន្ធភាពស្និទនឹងរដ្ឋាភិបាលបានថតចម្លងដោយ គេហទំព័រ Fresh News និងធ្វើការចុះផ្សាយឯកសារបែកធ្លាយនេះ។ ខ្លឹមសារនៃឯកសារបែកធ្លាយនេះក៏ឃើញមាននៅលើ Facebook ឈ្មោះ «កូនខ្មែរ» ដោយបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលធំៗបី របស់អាមេរិក ជាឆ្មបបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេក្លោងជួយបក្សប្រឆាំង រៀបចំការធ្វើបដិវត្តពណ៌នៅកម្ពុជា។
កាលពីសប្តាហ៍មុនវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ត្រូវបានបណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះថា «កូនខ្មែរ» ទម្លាយឯកសារថា ជាអ្នកជួយរៀបចំផែនការក្នុងការផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន។
នៅថ្ងៃទី២៣ សីហា ឆ្នាំ២០១៧ នេះ ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចបញ្ឈប់សកម្មភាព« វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI» ហើយបណ្តេញបុគ្គលិកវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ ក្រោមហេតុផលថា មិនបានអនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីយប់ថ្ងៃទី២២ សីហា ឆ្នាំ២០១៧ បណ្តាញទំនាក់ទំនងសង្គម Facebook ឈ្មោះ «កូនខ្មែរ»ដដែល បានទម្លាយឯកសារថ្មីទៀតថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ International Republican Institute ហៅកាត់ថា IRI និងមូលនិធិជាតិ ដើម្បីប្រជាធិបតេយ្យ National Endowment for Democracy ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ក៏មានចំណែករៀបចំផែនការជួយបក្សប្រឆាំងនៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុន សែន ដូចអង្គការ NDI ដែរ។
ទោះបីជាយ៉ាងនេះក្តី ក៏នៅរសៀលថ្ងៃទី២៣ ខែសីហា នេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃមិន ទាន់មានប្រតិកម្មបែបណានៅឡើយទេ៕

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ សូមអានសេចក្តីប្រកាសខាងក្រោម ៖


វ៉ាស៊ីនតោន ៖ កងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀតនឹងត្រូវចាប់ផ្តើមបញ្ជូនទៅដល់ប្រទេសអាហ្វហ្គានីស្ថាននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អាហ្វហ្គានីស្ថាន។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧នេះ។
មេបញ្ជាការយោធាអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានឲ្យដឹងថា លោកឧត្តមសេនីយ៍ Joseph Votel បានថ្លែងថា កងទ័ពថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅដល់អាហ្វហ្គានីស្ថាន នាពេលឆាប់ៗខាងមុខនេះ ដោយវាអាចចំណាយពេលពីប៉ុន្មានថ្ងៃ ទៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនោះ គឺការបង្កើនសមត្ថភាពខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនារដូវកាលនេះ។
ទោះបីយ៉ាងណាលោកមិនបានបញ្ជាក់ពីចំនួនជាក់លាក់នៃចំនួនកងទ័ពដែលនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននោះនៅឡើយ៕

ខេត្តបាត់ដំបង ៖ បុរសម្នាក់វ៉ៃសមត្ថកិច្ចប៉ុស្តិ៍២នាក់ឲ្យរបួសពេលហៅសួររឿងបើកកាណូតរោទ៍ម៉ាស៊ីន និងបើកលឿន បង្ករលកប៉ើងចានឆ្នាំងពលរដ្ឋនៅវេលាម៉ោង០៨,៤០នាទី ព្រឹកថ្ងៃទី២១.ខែសីហាឆ្នាំ២០១៧ នៅចំណុចក្រុមទី៣ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ បង្កឡើងដោយជនសង្ស័យឈ្មោះសាន ឡេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។
ជនរងគ្រោះចំនួន២នាក់ ១/ឈ្មោះឥន្ទ សេនា ភេទប្រុស អាយុ៤៧ឆ្នាំ ជានាយប៉ុស្ត៏នគរបាលរដ្ឋបាលព្រៃចាស់ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ រងរបួស ភ្នែកខាងស្តាំបណ្តាលអោយហើមប៉ោងជាំខៀវ និងហើមភ្នែកឆ្វេង,ព្រមទាំងរលាត់ស្បែក ក ខាងស្តាំ ចេញឈាម និងរលាត់ស្បែកខ្នងដៃ ខាងស្តាំបណ្តាលអោយហើម ប៉ោង។ ២/ឈ្មោះធឿន ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ (ជាមន្ត្រីប៉ុស្ត៏ព្រៃចាស់)។ រងរបួសត្រង់ខ្ទង់ច្រមុះខាងស្តាំ បណ្តាលឲ្យហើម បែកឈាម និងបាក់ខ្ទង់ច្រមុះ។
បន្ទាប់មកកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យ តាមបញ្ជារបស់លោក ប៉ង់ ចាន់សុយុទ្ធារា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង១៥,២០នាទី ថ្ងៃខែឆ្នាំដដែល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕



ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ។
លោក រដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជា មូល ដ្ឋានកងទ័ព នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ភ្នំពេញ ៖ លោក ជាម យៀប ប្រធានក្រុមជាតិអន្តរសភាអាស៊ានកម្ពុជា ព្រឹកថ្ងៃទី២២ ខែសីហា នេះ បានជួបពិភាក្សាការងារជាមួយមន្ត្រីអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ានលើគម្រោង សិក្ខាសាលាបញ្ជ្រាបចំណេះដឹងស្តីពីការអភិរក្សជីវចរុះ និងបទល្មើសសត្វព្រៃជូនដល់សមាជិកសភាកម្ពុជា។
មន្ត្រីអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ានលោកស្រី Ria Aritonang មានប្រសាសន៍ថា៖ កិច្ច ពិភាក្សាថ្ងៃនេះផ្តោតសំខាន់លើកម្មវិធីអន្តរសភាអាស៊ាន សហការជាអង្គការ USAID Wild life ដែលជាអង្គការមួយផ្តោតលើការអភិរក្សជីវចំរុះ និងបទល្មើសសត្វព្រៃដែលអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន បានចុះកិច្ចព្រមព្រៀងជាមួយអង្គការនេះតាំងពីឆ្នាំ២០១២។ លោក ស្រីបានបន្តថា បន្ទាប់ចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១២កន្លងមក អន្តរសភាអាស៊ាន និងអង្គការ USAID Wild life បានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០១៥ ដល់ពេលបច្ចុប្បន្នក្នុងការធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងដល់សមាជិកសភាអន្តរសភាអាស៊ាន។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះការអញ្ជើញសមាជិក សភាកម្ពុជាអោយទៅចូលរួមសិក្ខាសាលាបញ្ជ្រាបចំណេះដឹងស្តីពីការអភិរក្សជីវចរុះ និងបទល្មើសសត្វព្រៃ ដែលផ្តល់នូវចំណេះដឹង និងបទពិសោធបន្ថែមទៀតដល់សមាជិកសភាកម្ពុជាក្នុងការរួមចំណែកចែកររំលែកនូវព័ត៌មានថ្មីៗដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការអភិរក្សជីវចំរុះ និងបទល្មើសសត្វព្រៃអោយមានការរីកចម្រើនឡើង៕



រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ អង្គការមេត្រីអន្តរជាតិ (AIM) បន្តវត្តមានខ្លួននៅកម្ពុជាតទៅទៀត ។ នេះបើយោងតាមការឲ្យដឹងពីសម្តេចក្រឡាហោម ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីរសៀលម្សិលមិញ ។
គួរម្លឹកថា អង្គការ AIM នាថ្មីៗនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថាជាអ្នកផ្តល់ព័ត៌មានខុសការពិតដល់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក រហូតដល់ទូរទស្សន៍នេះបានផ្សព្វផ្សាយថា «កូនស្រីកម្ពុជាត្រូវបានម្តាយយកទៅលក់ឱ្យបម្រើផ្លូវភេទ»។ ការសង្ស័យបែបនេះធ្វើឡើងបន្ទាប់ពី AIM ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ អនុញ្ញាតឱ្យទូរទស្សន៍ CNN សម្ភាសន៍ក្មេងស្រីរងគ្រោះ៣នាក់ នៅក្នុងអង្គការរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃកុមារី និងស្ត្រីខ្មែរ ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕

ខេត្តកណ្តាល ៖ យោងតាមសេចក្តីប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការចុះហត្ថលេខាដោយសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា មន្ត្រីរាជការចំនួន១៩រូប នៅក្នុងខេត្តកណ្តាល ត្រូវបានផ្ទេរពីអភិបាលរងមកបម្រើការងារនៅសាលាខេត្ត ខណៈដែលមន្ត្រីខ្លះទៀត ត្រូវបានតែងតាំងទៅជាអភិបាលរងក្រុងស្រុកទាំងនោះវិញ ៕
សូមអានសេចក្តីប្រកាសដូចខាងក្រោម៖



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍