បាដាដ ៖ សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយថា ទីក្រុង Tal Afar និងដែនដីទាំងមូលនៃខេត្ត Nineveh ត្រូវបានកងទ័ពអ៊ីរ៉ាក់បានវាយរំដោះទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ហើយ ហើយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Abadi កាលពីម្សិលមិញក៏បានប្រកាសពីជោគជ័យដ៏ធំធេងនេះផង។
ក្នុងសេចក្តីរាយការណ៍ លោក Haider Abadi បានបញ្ជាក់ថា ក្រុង Tal Afar ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ស្ថិតនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ាក់ក្បែរព្រំដែនជាមួយស៊ីរីនោះ ត្រូវវាយរំដោះបានទាំងស្រុងហើយ បន្ទាប់ពីស្ថិតក្រោមការកាន់កាប់របស់ក្រុម ISIS អស់រយៈពេលប្រមាណ០៣ឆ្នាំ និងក្រោយពីកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ បានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការយោធា ដើម្បីរំដោះទីក្រុងនេះ កាលពីថ្ងៃទី២៦ ខែសីហានេះ។
យុទ្ធនាការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីដណ្តើមកាន់កាប់ទីក្រុងខាងលើយកមកវិញ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ជាមួយការចូលរួមពីកងទ័ពអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធ PMU សរុបប្រហែល៤០,០០០នាក់។ ទីក្រុង Tal Afar គឺជាទីជម្រករបស់ប្រជាជនអ៊ីរ៉ាក់ចំនួន៧៥០,០០០នាក់ មុនត្រូវបានក្រុមភេរវករ ISIS ចូលទៅកាន់កាប់កាលពីឆ្នាំ២០១៤៕

វ៉ាស៊ីនតោន ៖ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកបាននិងកំពុងទាមទារឲ្យប្រទេសរុស្ស៊ីបិទប្រស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រួមទាំងអគារឧបសម្ពន្ធចំនួន០២កន្លែងទៀត ដែលស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ការចេញសេចក្តីប្រកាសខាងលើធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូកាលពីខែកក្កដាកន្លងទៅបានបង្ខំឲ្យសហរដ្ឋអាមេរិក កាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួនចំនួនរាប់រយនាក់ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈចំណាត់ការវាយបករបស់ទីក្រុងវ៉ាស៊ីនតោន បានតម្រូវឲ្យភាគីរុស្ស៊ីអនុវត្តន៍តាមឲ្យបានចប់សព្វគ្រប់រួចរាល់នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ ពោលគឺថ្ងៃសៅរ៍សប្តាហ៍នេះ។
សូមរម្លឹកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចបណ្តេញបុគ្គលិកការទូតអាមេរិកជាង៧០០នាក់ ចេញពីទឹកដីប្រទេសរុស្ស៊ី កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក ប្រឆាំងទៅលើទីក្រុងម៉ូស្គូ និងជាការសងសឹក ចំពោះការដែលរដ្ឋបាលអតីតមេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន៣៥នាក់ យ៉ាងតក់ក្រហល់ចេញពីអាមេរិកកាលពីចុងឆ្នាំ២០១៦ផងដែរ៕

ប៉េកាំង ៖ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងសារព្រមានទៅកាន់គ្រប់ភាគីសំខាន់ៗទាំងអស់ដែលពាក់ព័ន្ធបញ្ហានៅតំបន់ឧបទ្វីបកូរ៉េថា ខ្លួននឹងមិនអនុញ្ញាតឲ្យសង្គ្រាម ឬមួយក៏ភាពចលាចលកើតមានឡើងនៅខាងមុខទ្វារផ្ទះរបស់ខ្លួនជាដាច់ខាត (ចិនមានព្រំដែនជាប់កូរ៉េខាងជើង)។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅចំពោះមុខការតំឡើងសាច់ដុំ ខណៈដែលអាមេរិក និងកូរ៉េខាងត្បូង បានរួមគ្នាធ្វើប្រតិបត្តិការតាមផ្លូវការអាកាសមួយនៅលើតំបន់ឧបទ្វីបកូរ៉េ ដោយចូលរួមពីយន្តហោះចម្បាំង០៤គ្រឿង, យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរធុន B-1B ចំនួន០២គ្រឿង មកពីកោះហ្គាំរបស់សហរដ្ឋអាមេរិក និងយន្តហោះប្រយុទ្ធធុន F-35B ០២គ្រឿង មកពីមូលដ្ឋានទ័ពអាមេរិកនៅឯប្រទេសជប៉ុន រួមទាំងយន្តហោះចម្បាំងធុន F-15K ប៉ុន្មានគ្រឿងទៀត របស់កូរ៉េខាងត្បូង ដែលជាការឆ្លើយតបការធ្វើតេស្តមីស៊ីលយ៉ាងគគ្លើនចុងក្រោយបំផុត របស់កូរ៉េខាង។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik ។
ថ្លែងក្នុងការធ្វើសន្និសីទសារព័ត៌មានប្រចាំខែ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់ថា «ទីក្រុងប៉េកាំង នឹងគ្មានថ្ងៃអនុញ្ញាតឲ្យមានសង្គ្រាម ឬភាពវឹកវរ កើតឡើងនៅមុខទ្វារផ្ទះរបស់ខ្លួនជាដាច់ខាត»។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងថា «ស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ គឺជារឿងដ៏សំខាន់ និងមិនមែនជាហ្គេមកុំព្យូទ័រនោះឡើយ»។
គួរបញ្ជាក់ថា ការតំឡើងសាច់ដុំរបស់សម្ព័ន្ធមិត្តទាំងពីរនេះ ត្រូវបានធ្វើឡើង ក្រោយពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ រំលងពីលើដែនអាកាសជប៉ុន និងបានឲ្យតំរុយថែមទៀតថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន នឹងនៅបន្តធ្វើឡើងទៀត ដោយមិនឈប់ងាយឡើយ៕

រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីដែលបានដួលសន្លប់នៅក្នុងរោចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានកើនឡើងរហូតដល់៩០នាក់ហើយ ខណៈដែលម្សិលមិញសន្លប់រហូតដល់ជាង៧០នាក់។ កម្មការិនីដែលដួលសន្លប់ទាំងនោះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលនៅក្បែកន្លែងកើតហេតុ ៕


រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសរួសរាន់ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ ៕


រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣០ ខែសីហា ដំណើរការកំណែមុខវិជ្ជាទាំង១០មណ្ឌល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ សីហា ២០១៧ ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ច យ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។
បណ្ដាញសង្គមដដែល បានបន្តថា ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗ មកទុកនៅនាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ ដើម្បីចាប់ផ្ដើមរៀបចំដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ។
ចំពោះលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃ១២ ខែកញ្ញាខាងមុខ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំណែកនៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសនៅតាមបណ្តាខេត្តនានា។ ក្នុងនោះក្នុងគេហទំព័រ របស់ក្រសួងអប់រំ នឹងមានផ្សព្វផ្សាយពីលទ្ធផលនេះ ផងដែរ ៕


ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបាននិយាយថា មេឃុំអរិយក្សត្រមកពីគណបក្សសង្គ្រោះជាតិ ជាដើមហេតុនាំឲ្យប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយ៉ាងអាណាធិបតេយ្យ ព្រោះថា ពេលឃោសនា បោះឆ្នោតឃុំ/សង្កាត់ គឺបេក្ខភាពមេឃុំនិងជាមេឃុំបច្ចុប្បន្នបានឃោសនាថា បើសង្គ្រោះជាតិជាប់ ឆ្នោតនឹងប្រគល់ដីតំបន់នោះឲ្យទៅប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបពួកគាត់ ទៅចាប់យក ព្រោះខ្លាចទៅមិនទាន់គេ ។
សូមជម្រាបថា ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យ ។ ប៉ុន្តែប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ ដែលបានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ)នោះ បានអះអាងថា មុនពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកស្រី ទូច សាវុធ ដែលជាបេក្ខភាពមកពីគណបក្ស សង្គ្រោះជាតិនោះ បានសន្យាថា នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំខ្លួននឹងឲ្យដីខាងលើនេះទៅប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងពេលដែលប្រជាពលរដ្ឋភ្ញាក់ផ្អើល ទៅចាប់យកដ៏ក៏ស្រាប់តែមេឃុំអរិយក្សត្រ មកពីគណបក្សសង្គ្រោះជាតិ លោកស្រី ទូច សាវុធ បានចេញសេចក្ដីជូនដំណឹងថា នេះជាទង្វើខុសច្បាប់ទៅវិញ ដោយបញ្ជាឲ្យ រុះរើសសំណង់នោះចេញជាបន្ទាន់ ។ យោងតាមលិខិតបានបញ្ជាក់ថា «មេឃុំអរិយក្សត្រ សូមណែនាំថា នេះជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហេតុដូច្នេះ ស្នើរុះរើសសំណង់ដែលបានទន្ទ្រានសាងសង់ខុសច្បាប់ទាំងអស់នេះ ចេញពីទីតាំងទាំងនោះ ជាបន្ទាន់ ដោយទុករយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧)»។
សូមជម្រាបថា ក្នុងរយៈពេល៤-៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយ៍ក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរ និងសមត្ថកិច្ច ក៏បានចុះទៅទប់ស្កាត់ និងធ្វើការសម្របសម្រួលពន្យល់ពីផ្លូវច្បាប់ ក៏ដូចជាណែនាំឲ្យប្រជាពលរដ្ឋទាំងនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន ប៉ុន្ដែលទ្ធផលនៃការសម្របសម្រួលរបស់អាជ្ញាធរ មិនទាន់ទទួលបានប្រសិទ្ធភាពទាំងស្រុងនៅឡើយទេ បើទោះបីប្រជាពលរដ្ឋខ្លះ បានផ្អាកសកម្មភាពនេះក៏ដោយ ៕



រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងផ្អាក ការផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុ ជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖



រាជធានីភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីសម្រេចផ្លូវការ ស្ដីពីការកែសម្រូល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកសម្រាប់កម្មករ-កម្មការិនី និងសិស្ស និស្សិត ដោយគិតក្នុងតម្លៃ ៧០០រៀល ក្នុងមួយម៉ែត្រគូប ខណៈដែលម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ-កម្មការិនី និងសិស្ស និស្សិតត្រូវលក់ក្នុងតម្លៃ៨០០រៀល៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មលម្អិតខាងក្រោម ៖



រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា គិតត្រឹមម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីរោងចក្រ «ប៊ីរី» ដែលដួលសន្លប់បានកើនឡើងដល់៧៣នាក់ដោយសារតែសុខភាពរបស់ពួកគាត់ទន់ខ្សោយ និងតក់ស្លុតតាមគ្នា។
ការដួលសន្លប់នេះបានចាប់ផ្តើមកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹកមិញនេះ ដំបូងមានតែជាង៣០នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់ពេលនេះមានចំនួន៧៣នាក់ហើយ ក្នុងចំណោមកម្មករជាង២ពាន់នាក់ក្នុងរោងចក្រខាងលើនេះ។ ទោះជាយ៉ាងណាកម្មការិនីទាំង៧៣នាក់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន៥ ដោយក្នុងរាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្ដាល។
គួរបញ្ជាក់ថា រោងចក្រខាងលើមានទីតាំងស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

យូអិន ៖ តំណាងជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានថ្លែងថា វាមិនអាចទៅរួចនោះទេ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនោះ។ នេះបើយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរុស្ស៊ី Sputnik។
លោក Nebenzya បានអះអាងថា ការធ្វើឲ្យស្ថានការណ៍ឧបទ្វីបកូរ៉េ វិលទៅរកភាពធម្មតាវិញនោះ គឺតម្រូវឲ្យភាគីទាំងពីរថយមួយជំហានម្នាក់ នោះគឺកូរ៉េខាងជើងត្រូវបញ្ឈប់ការធ្វើតេស្តមីស៊ីល- នុយក្លេអ៊ែរ ហើយអាមេរិក-កូរ៉េខាងត្បូង ក៏ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធយោធារវាងគ្នា និងការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ ដែលហៅថា THAAD នោះផងដែរ។ ទន្ទឹមនោះលោករំពឹងថា ក្រុមប្រឹក្សាសន្តិសុខទៅលើបញ្ហាកូរ៉េខាងជើងនេះនឹងផ្តល់នូវលក្ខខណ្ឌគ្រប់យ៉ាងដើម្បីដោះស្រាយវិបត្តិ។
ជាមួយគ្នានោះលោកក៏បានសង្កត់ធ្ងន់ដែរថា គំនិតរបស់ប្រទេសចិន និងរុស្ស៊ី គឺតំណាងឲ្យដំណោះស្រាយគ្រប់យ៉ាងដែលអាចយកទៅសម្រួលវិបត្តិនានា ឲ្យប្រសើរឡើងវិញបាន៕


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីនៅក្នុងរោងចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជាង៣០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ដោយមិនដឹងមូលហេតុ។
ប៉ុន្ដែទោះជាយ៉ាងណាកម្មការិនីទាំងអស់នោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឃ្លីនីកឯកជន និងខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕


តូក្យូ ៖ លោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុនបានអះអាងថា មីស៊ីលផ្លោងដែលកូរ៉េខាងជើងបាញ់សាកល្បងរំលងពីលើប្រទេសជប៉ុនកាលពីព្រឹកម្សិលមិញអាចរត់ដល់កោះហ្គាំ ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកបានយ៉ាងងាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik។
លោក Onodera បន្តថា ប្រភេទរបស់មីស៊ីលដែលត្រូវបានបាញ់ដោយទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃអង្គារនោះមានសក្តានុពលដែលអាចហោះបានឆ្ងាយរហូតដល់កោះហ្គាំរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារចម្ងាយរត់របស់មីស៊ីលនេះ អាចដល់៥,០០០គីឡូម៉ែត្រ ដូច្នេះហើយវាជាក់ច្បាស់ណាស់ថា វាគឺជាប្រភេទ មីស៊ីលដែលអាចរត់ដល់កោះហ្គាំ។ លោកបញ្ជាក់ថា មីស៊ីលកូរ៉េខាងជើងដែលទើបសាកល្បងមួយគ្រាប់នេះ ទំនងជាប្រភេទ Hawsong-12 ដែលមានរយៈចម្ងាយចន្លោះពី៣,៧០០គីឡូម៉ែត្រដល់៦,០០០គីឡូម៉ែត្រ ខណៈកោះហ្គាំរបស់សហរដ្ឋអាមេរិក ស្ថិតនៅចម្ងាយតែ៣,៤៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសកូរ៉េខាងជើង
គួររម្លឹកថា កាលព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង០១គ្រាប់ ដែលបានហោះរំលងប្រទេសជប៉ុន មុនធ្លាក់ចូលទៅក្នុងមហាសាគរ ប៉ាស៊ីហ្វិកនៅចម្ងាយ១,១៨០គីឡូម៉ែត្រ ភាគខាងកើតកោះហុកកៃដូ ហើយធ្វើដំណើរបានជាង២,៧០០គីឡូម៉ែត្រ៕

ភ្នំពេញ ៖ ដើម្បីការងារ កម្ពុជាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងការពារផលប្រយោជន៍ និងសិទ្ធរបស់បងប្អូនកម្មករ និយោជិត ដោយចេះស្រលាញ់គ្នា ទុកដូចជាបងប្អូន ជួយការពារ ថែទាំពួកគាត់ឱ្យបានល្អបំផុត តាមតែអាចធ្វើទៅបាន។
ការផ្តាំផ្ញើនេះបានធ្វើឡើងក្នុងពេល ដែលលោក ឃួង ស្រេង បានអនុញ្ញាតិឱ្យក្រុមការងារ សហភាពស្មារតី យុវជន ដើម្បីការងារកម្ពុជា ដឹកនាំដោយ លោក មុំ សៀក ប្រធានសហភាពស្មារតី យុវជន ដើម្បីការងារកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី២៩សីហានេះ នៅសាលារាជធានីភ្នំពេញ ។
នៅក្នុងជំនួបនោះលោកអភិបាល បានលើកឡើងពីការខិតខំប្រឹងប្រែងអភិវឌ្ឍរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបង្ខិតសេវាសាធារណៈឱ្យទៅគៀក ជាមួយប្រជាពលរដ្ឋ និងទីកន្លែងធ្វើការ ដោយជួយបំពេញតម្រូវការគ្រប់បែបយ៉ាង ធ្វើយ៉ាងដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងការការពារ សុខដុមនីយកម្ម រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ របស់រាជធានីភ្នំពេញ ក៏ដូចជាគ្រប់គ្រងនូវរាល់សភាពការមួយចំនួនដែលបានកើតឡើង បានល្អប្រសើរ ដោយទទួលបានការសាទរ ពីប្រជាពលរដ្ឋក្នុងរាជធានីទាំងមូល។
លោក មុំ សៀក ប្រធានសហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា បានថ្លែងឱ្យដឹងនៅក្រោយជំនួបនោះថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ សហភាព ស្មារតី យុវជន ដើម្បីការងារកម្ពុជា ក៏ដូចជាក្នុងមានកម្មករ កម្មការិនី ជាង៩ម៉ឺននាក់ ដែលជាសមាជិករបស់ខ្លួនមកសម្តែងការអបអរសាទរ និងអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងតែបានដាក់ក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងដោះស្រាយនូវរាល់បញ្ហា ដែលកើតមានឡើង នៅតាមបណ្តារោងចក្រសហគ្រាសបានទាន់ពេលវេលា ដូចជា ការណី បាតុកម្ម កូដកម្ម និងការងារពាក់ព័ន្ធជាមួយក្រសួងការងារជាដើម។
សូមបញ្ជាក់ផងដែរ សហភាព ស្មារតីវ យុវជន ដើម្បីការងារកម្ពុជា ធ្វើការងារផ្តោតជាសំខាន់លើការងារការពារសិទ្ធិ កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងស្បែកជើង ជាពិសេស ការងារត្រួតពិនិត្យទៅលើក្រុមរថយន្តដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមរោងចក្រកាត់ដេរ ដែលមាន អង្គការ សមាគម ជាច្រើនជាសមាជិក៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍