រាជធានីភ្នំពេញ ៖ ដោយអវត្តមានមេធាវីការពារក្តីតុលាការកំពូលបានសម្រេចលើកពេលសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការសម្រេច របស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញា កម្ពុជា-វៀតណាម។
មន្ត្រីតុលាការកំពូល ថ្លែងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ សវនាការត្រូវតែមាន មេធាវីការពារក្ដីដាច់ខាត ប៉ុន្តែមន្ត្រីរូបនោះមិនបានបញ្ជាក់ថា សវនការនោះនឹងត្រូវបើកនៅថ្ងៃណាច្បាស់លាស់នោះទេ ៕

រាជធានីភ្នំពេញ ៖ ខណៈដែលលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ កំពុងបកស្រាយរឿងចោទប្រកាន់រូបលោកថា បានទូរស័ព្ទទៅលោក អេង ឆៃអ៊ាង ដើម្បីឲ្យសកម្មជនបោះឆ្នោតឲ្យ CNRP នោះ ឥឡូវនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោក ញឹក ប៊ុនឆៃពិតជាបានទូរស័ព្ទទៅលោកប្រាកដមែន ដោយប្រាប់ថា សមាជិកគណបក្សខ្មែររួបរួមជាតិ នឹងបោះឆ្នោតជូន គណបក្សសង្គ្រោះជាតិ នៅឃុំ/សង្កាត់ណា ដែលគណបក្សខ្មែររួបរួមជាតិ មិនបានឈរឈ្មោះ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែនិយាយការពិតថា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ហ្នឹង គាត់ (ញឹក ប៊ុនឆៃ) បានទូរស័ព្ទមករកខ្ញុំពិតមែន គាត់ពិតជាប្រាប់អញ្ចឹងមែន ។ ប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលទេ ព្រោះខ្ញុំយល់ថា បើសិនជាគាត់មានអ្នកគាំទ្រ គឺគាត់រើសបេក្ខជនបានហើយ មិនចាំបាច់បង្គាប់ឱ្យបោះអីទេ»។
យ៉ាងណាក៏ដោយ លោក អ៊េង ឆៃអ៊ាង បានហៅការទូរស័ព្ទចូលទៅលោករបស់ លោក ញឹក ប៊ុនឆៃ ទៅកាន់លោកពេលនោះ គឺជាល្បិចកលមួយ ព្រោះលោកធ្លាប់បានស្គាល់លោក ញឹក ប៊ុនឆៃ ចាប់តាំងពីលោកស្ថិតនៅក្នុងគណបក្សហ្វ៊ុស៊ិនប៉ិចមកម្ល៉េះ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះតុលាការកំពូលនឹងបើកសវនាការរឿងក្ដីលោក អ៊ុ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍។ នេះបើយោងតាមការឲ្យដឹងពីមន្រ្តីតុលាការកំពូល។
គួរបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានសាលាឧទ្ធរណ៍បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម៕


ប៉េកាំង ៖ យ៉ាងហោចណាស់មនុស្សចំនួន០៧នាក់បានស្លាប់ និង៦៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ដ៏ខ្លាំងក្លាមួយ បានកើតឡើង នៅខាងក្រៅសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងក្រុង Xuzhou នៃខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារសាព័ត៌មានរុស្ស៊ី Sputnik។
ប៉ូលិសក្នុងតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍ផ្ទុះនេះកើតឡើងនាវេលាម៉ោងប្រមាណ៤ និង៥០នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងក្នុងតំបន់)។ ប៉ូលិសបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១៩និង៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ហេតុការណ៍ដ៏កក្រើកមួយ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់សិបនាក់ ដោយក្នុងនោះមាន៦៦នាក់របានទទួលរងរបួស និងពីរនាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗតែម្តង ខណៈប្រាំនាក់ផ្សេងទៀតបានស្លាប់ នៅឯមន្ទីរពេទ្យ។
ទោះបីយ៉ាងណាអាជ្ញាធរចិនពុំទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ អំពីមូលហេតុដែលបានបណ្តាលឲ្យមានការផ្ទុះដ៏ខ្លាំងក្លានេះ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើងផងដែរ៕

រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងការលើកឡើរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រកាសថា នឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោកនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេច បានបន្ថែមថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក ។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន ដូច្នេះគឺត្រូវបានគេមើលឃើញ ខណដែលសម្តេចបានចូលទៅ Comment លើ Facebook របស់សារព័ត៌មានមួយ នាយប់ថ្ងៃទី១៤ ខែមិថុនាដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់ ។ មិនទាន់បាន១០ម៉ោងផង អ្នកក្លាហានរូបនេះប្រកាសមិនទាន់ចូលមកតាមការនិយាយតាមវាយប្ញកទៅវិញ ។ រង់ចាំដោះស្រាយឧបសគ្គឲ្យអស់សិនចាំវិលត្រឡប់។ អ្វីទៅជាឧបសគ្គ? នោះគឺគុក ។ គាត់ប្រកាសមិនខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ» ៕

រាជធានីភ្នំពេញ ៖ លោក អេង ឆៃអ៊ាង អនុប្រធាននិងលោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិសុទ្ធតែបានថ្លែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលដែលបានបើកផ្លូវឲ្យលោក សម រង្ស៊ី អតីតបក្សប្រឆាំងចូលស្រុកវិញ ។
លោក អេង ឆៃអ៊ាង អះអាងថា ពេលនេះបក្សប្រឆាំងមិនទាន់រៀបចំពេលវេលាសម្រាប់ការវិលត្រឡប់ របស់អតីតប្រធានបក្សរបស់ខ្លួននៅឡើយទេ ប៉ុន្តែថា លោក សម រង្ស៊ី នឹងវិលត្រឡប់ចូលកម្ពុជា នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ទោះបីត្រូវជាប់ពន្ធនាគារក៏ដោយ ។
ចំណែកលោក យឹម សុវណ្ណ ក៏បានថ្លែងដែរថា ការបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលស្រុកវិញជាសញ្ញាល្អ សម្រាប់ស្ថានការណ៍នយោបាយនៅកម្ពុជា ។ លោកថាទោះបីជាត្រូវប្រឈមមុខផ្លូវច្បាប់ក៏លោក សម រង្ស៊ី សន្យាថា នឹងវិលត្រឡប់មកកម្ពុជាវិញដែរ ៕

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា អ្នកភូមិ ក្នុងឃុំសែនដី ស្រុកសំរោងទង ចំនួនជិត៤០នាក់ បានពុលនំបញ្ចុក បន្ទាប់ពីពួកគាត់បានទិញនំបញ្ចុក ដែលគេលក់តាមភូមិយកមកហូប កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដែលម្នាក់ៗ មានអាក្ការៈចុចពោះក្អួតចង្អោរ និងវិលមុខ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា អ្នកភូមិជិត៤០នាក់ ក្នុងភូមិត្រពាំងកេស និងភូមិស្រះស្រង់ ឃុំសែនដី បានពុលនំបញ្ចុក ខ្លះមានអាការៈចុកពោះ រាគរូស ក្អួតចង្អោរ ហើយការពុលនោះ មានច្រើនភូមិណាស់ មានតាំងពីឃុំពេជមុនី ស្រុកគងពិសី ឃុំសែនដី ឱ្យតែទិញនំបញ្ចុក ដែលគេដឹកលក់តាមម៉ូតូហូប គឺពុលគ្រប់គ្នា ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។
លោក អោ វ៉ាន់ថេន ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងថា អ្នកដែលពុលទាំងនោះ មានគ្នាប្រមាណជា៤០នាក់ ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរ បានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តហើយ ដើម្បីជួយសង្គ្រោះ តែលោកមិនទាន់ហ៊ានសន្និដ្ឋានថា មកពីមូលហេតុអ្វីពិតប្រាកដនោះទេ៕


ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងពីឈ្មោះ ឈឿន វ៉ុង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជន២នាក់ជាច្រើនលើក។
ប្រភពព័ត៌មានបានអោយដឹងថា កុមារីរងគ្រោះទាំង២នាក់ជាបងប្អូនបង្កើត ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ ចំណែកជនល្មើសចិត្តតិរច្ឆានខាងលើត្រូវជាពូបង្កើតរបស់ជនរងគ្រោះ។ តាមការបំភ្លឺរបស់កុមារីរងគ្រោះទាំង២ បានអោយដឹងថា ជនល្មើសបានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើគេទាំងពីរនាក់បងប្អូននេះយូរមកហើយ និងច្រើនលើកទៀតផង ដោយលើកចុងក្រោយកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។ ជនល្មើសខាងលើមានឈ្មោះ សាន និមល ភេទប្រុស អាយុ៣៦ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕


វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយថា ប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាសលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យច្រើនជាង១៩០នាក់ ដាក់ពាក្យប្ដឹងទៅតុលាការសហព័ន្ធកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ ទទួលមូលនិធិពីរដ្ឋាភិបាលបរទេស។
ព្រឹទ្ធសមាជិក៣០រូប និងសមាជិកសភាអាមេរិក ១៦៦រូប នៃគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្ដឹងលោក ដូណាល់ ត្រាំ ដោយផ្អែកលើរដ្ឋធម្មនុញ្ញអាមេរិក ដែលចែងថា មន្ត្រីរាជការសាធារណៈអាមេរិក មិនអាចទទួលយកមូលនិធិ ឬក៏អំណោយណាមួយពីរដ្ឋាភិបាលបរទេសឡើយ បើគ្មានការអនុញ្ញាតពីសភាពអាមេរិក។
យោងតាមភាគីដើមបណ្ដឹង លោក ដូណាល់ ត្រាំ មិនបានស្នើសុំការអនុញ្ញាតពីសភាអាមេរិកឡើយ ក្នុងការទទួលមូលនិធិពីរដ្ឋាភិបាលបរទេស និងការចំណាយប្រាក់ទៅលើក្រុមហ៊ុនរាប់រយរបស់លោក គិតចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក បើទោះជារដ្ឋធម្មនុញ្ញាតម្រូវឱ្យលោកស្នើសុំការយល់ព្រម ពីសភាជាមុនក៏ដោយ។
ទោះបីជាយ៉ាងណាខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា អាជីវកម្មរបស់លោក ត្រាំ មិនបានរំលោភលើរដ្ឋធម្មនុញ្ញនោះទេ៕

ឡុងដ៍ ៖ សារព័ត៌មាន Telegraph ចេញផ្សាយថា មនុស្សយ៉ាងតិចចំនួន១២នាក់បានស្លាប់បាត់បង់ជីវិត និង៧៩នាក់ផ្សេងទៀតរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់មួយកន្លែងនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធម្សិលមិញនេះ។
ប៉ូលិសនៃចក្រភពអង់គ្លេសបានឲ្យដឹងថា អគារខាងលើនេះមានឈ្មោះ Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង១ និង១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គិភ័យដល់ទៅជាង២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គិភ័យដ៏ធំសម្បើមនេះ។
ទោះជាយ៉ាងណាប៉ូលិសបញ្ជាក់ថា ចំនួនអ្នកបាត់បង់ជីវិតទំនងជានឹងបន្តកើនឡើង ដោយសម្អាងថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ ខណៈមូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត បាននិងកំពុងធ្វើឡើង៕


ដោយ ៖ សុផល
បាត់ដំបង ៖ សាកសពពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរនៃប្រទេសថៃដឹកបញ្ជូនប្រគល់មកអោយកម្ពុជានៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង។
មន្ត្រីអាវុធហត្ថស្រុកកំរៀងបានប្រាប់អោយដឹងថា ហេតុការណ៍ បញ្ជូនសាកសពស្ត្រីពលករខ្មែរមកដល់កម្ពុជាបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នៅតាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង។ សាកសពពលករខ្មែរខាងលើមានឈ្មោះ ឌិត សាអែម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង(ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍)កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តចាន់បុរី ប្រទេសថៃ។
បច្ចប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕


រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលបំរាមដែលរារាំងមិនឲ្យលោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ ខណដែលបំរាមនោះត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលបំរាមខាងលើ ដោយមិនបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះឡើយ ។
ទាក់ទងការលុបចោលគួរឲ្យភ្ញាក់ផ្អើលនៅបំរាមរារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកនេះ គេមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬមន្ត្រីគណបក្សកាន់អំណាចនៅឡើយទេ ៕




ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនដល់ ១២៥នាក់ហើយ ដែលក្នុងនោះមានកងកម្លាំងសង្គ្រោះជាង១០នាក់ បន្ទាប់ពីករណីគ្រោះធម្មជាតិរអិលបាក់ដីដ៏អាក្រក់នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងដំណំ។
អាជ្ញាធរបង់ក្លាដែសបានរាយការណ៍ថា ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៥នាក់ ក្នុងនោះមានកងកម្លាំងសង្គ្រោះជាង១០នាក់ នៅក្នុងស្រុកចំនួន០៣ មានដូចជា Chittagong, Cox’s Bazaar និងស្រុក Bandarban គិតចាប់តាំងពីថ្ងៃចន្ទម្សិលមិញមក៕

ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ បុរសស្រវឹងស្រាជោកជាំម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានដួលបោកក្បាលរងរបួសធ្ងន់សំណាងល្អសមត្ថកិច្ចដឹកទៅសង្គ្រោះទាន់ពេលវេលា។
យោងតាមមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ២៣ និង០០ នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ជនរងគ្រោះឈ្មោះ ឃន់ ខុន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបងបានបើកបរក្នុងល្បឿនលឿនស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងក៏ដួលម៉ូតូបណ្តាលអោយរងរបួសធ្ងន់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះខាងលើត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់ដល់ជីវឹតហើយ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍