ម៉ូស្គូ៖តាមសារព័ត៌មាន Daily Mail ផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងតែបញ្ជូនកងទ័ព និងបរិក្ខារយោធាជាច្រើនទៅកាន់ព្រំប្រទល់ដែលមានប្រវែង២០គីឡូម៉ែត្ររវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលមានភាពភ័យព្រួយបារម្ភថាសហរដ្ឋអាមេរិកត្រៀមរៀបចំវាយប្រហារលើទីក្រុងព្យុងយ៉ាង។
ការចល័តកម្លាំងយោធានេះ ត្រូវបានធ្វើឡើងប្រមាណជាមួយសប្តាហ៍ ក្រោយពេលមានសេចក្តីរាយការណ៍ថាចិនបានបញ្ជូនពលទាហានចំនួន១៥០,០០០នាក់ ទៅកាន់ព្រំប្រទល់ភាគខាងត្បូងរបស់ខ្លួន ដើម្បីប្រុងប្រៀបទប់ទល់លំហូរជនភៀសខ្លួនកូរ៉េខាងជើង ដែលទីក្រុងប៉េកាំងបានយល់ថា នឹងរត់គេចឆ្លងដែននៅក្នុងករណីសង្គ្រាមផ្ទុះឡើង។
លោក ពូទីន មានសម្តែងក្តីបារម្ភថានឹងមានជនភៀសខ្លួនកូរ៉េខាងជើងច្រើន ប្រសិនបើមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ សម្រេចប្រើប្រាស់សកម្មភាពយោធាប្រឆាំង នឹងរដ្ឋកុម្មុនិស្តមួយនេះប្រាកដមែននោះ៕

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន៦២នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ខណៈពួកគេកំពុងដើរឆ្លងអូរព្រំដែនចេញពីក្រុងប៉ោយបែត ឆ្ពោះទៅកាន់ទឹកដីថៃដើម្បីរកការងារធ្វើ។
ប្រភពព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងែទី១៨ ខែមេសា ដោយក្នុងចំណោមពលករទាំង៦២នាក់នេះ គឺស្រី២១នាក់គ្មានឯកសារអ្វីទាំងអស់។ ប្រភពបន្តថា ពួកគេដើរឆ្លងកាត់អូរព្រំដែនតាមរយៈមេខ្យល់ដែលយកម្នាក់ៗ២ពាន់បាតទៅ៣ពាន់បាត ដោយធានាជូនដល់គោលដៅតាមបណ្តាខេត្ត ក្នុងប្រទេសថៃ តែមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចថៃចាប់ ។
ប្រភពព័ត៌មានដដែលបន្តថា រីឯពលករ៦នាក់ទៀត ៤នាក់កាន់កាតអន្តោប្រវេសន៍ក្លែងក្លាយ និង២នាក់កាន់លិខិតឆ្លងដែនដែលកន្លងមកឆ្លងព្រំដែនមិនបានបំពេញឯកសារចេញចូល គឺមិនបានវាយបិទឬបើក ។ ទោះបីជាបែបណា ពលករទាំង៦២នាក់នេះ មិនត្រូវបានសមត្ថកិច្ចថៃយកទោសពៃរ៍អ្វីឡើយ ដោយអះអាងថា ក្រោយពីសួរនាំរួចនឹងបញ្ជូនត្រឡប់មកវិញ ។
ប៉ុន្តែមេបញ្ជាការយោធាឈុតខ្មៅកងរយ១២០១ បានសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជានៅក្រុងប៉ោយប៉ែត មេត្តាជួយផ្សព្វផ្សាយយ៉ាងណាដល់ពលករសុំកុំឲ្យឆ្លងដែនខុសច្បាប់និងជួយទប់ស្កាត់ផង ព្រោះបញ្ហាចំណាកស្រុកខុសច្បាប់នេះ ខាងថៃចាប់បានរាល់ថ្ងៃមិនចេះអស់ទាល់តែសោះ ។
ចំពោះពលករស្របច្បាប់ដែលបានវិលត្រឡប់មកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ចាប់ផ្តើមវិលពីស្រុកកំណើតទៅកាន់ប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងច្រើនកុះករដែរ ៕


ភ្នំពេញ៖នគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនធ្វើដកហូតប្រភេទម៉ាទឹកកកបាន៣កញ្ចប់តូច ដែលហេតុការណ៍ក្នុងក្នុងការបង្ក្រាបនេះនៅវេលាម៉ោង២៤ និង១០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៤នាក់ខាងលើជាមុខសញ្ញាណប្រើប្រាស់ និងអុកឡុកបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ហើយដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទើបសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនបានជាក់ស្តែងទេម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់បានធ្វើការសាកសួរនៅ និងពិនិត្យរកសារធាតុញៀន ដើម្បីចាត់ការតាមច្បាប់៕


បាងកក៖មន្ត្រីជាន់ខ្ពស់យោធាថៃបានថ្លែងថា កាលពីយប់ថ្ងៃពុធម្សិលមិញមនុស្សមួយក្រុមបានបើកការវាយប្រហារតាមរយៈការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារដោយកាំភ្លើងនៅភាគខាងត្បូងនៃប្រទេសថៃ បណ្តាលឲ្យមនុស្ស២ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។
មន្ត្រីដដែលបញ្ជាក់ថា ការវាយប្រហារនោះកើតឡើងចំនួន១១កន្លែង នៅក្នុងខេត្តចំនួនបី គឺខេត្ត ណារ៉ាត់ធីវ៉ាត់ ខេត្តប៉ាត់ណានី និងខេត្តសុងក្លា។ ខេត្តទាំងនេះស្ថិតនៅជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ី ជាកន្លែងដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួនធ្វើសកម្មភាពជាច្រើនទសវត្សរ៍មកហើយ។ មន្ត្រីដដែលអះអាងថា ការវាយប្រហារកាលពីយប់ថ្ងៃពុធម្សិលមិញគឺផ្តោតលើកងកម្លាំងប្រដាប់អាវុធ រួមទាំងនគរបាល និង កម្លាំងទាហាន។ ទោះយ៉ាងណា រដ្ឋាភិបាលថៃមិនទាន់កំណត់មុខសញ្ញាថា ក្រុមណាមួយអ្នកបង្កការវាយប្រហារនេះនៅឡើយទេ។
គួរបញ្ជាក់ថា ការបះបោរនៅខេត្តភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សជាង៦៥០០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ខណៈដែលហិង្សាចាប់ផ្តើមផ្ទុះឡើងខ្លាំងតាំងពីឆ្នាំ២០០៤ នៅមិនទាន់បានបញ្ចប់នៅឡើយ បើទោះបីជាមានការចរចាពីតំណាងរដ្ឋាភិបាលថៃជាមួយក្រុមបះបោរក៏ដោយ៕

រាជធានីភ្នំពេញ៖តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា EDC នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី២១ រហូតដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖


រតនគិរី៖នៅថ្ងៃចូលឆ្នាំដំបូង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ ជាបងថ្លៃ មានទំនាស់ពាក្យសម្ដី ជាមួយបងស្រីរបស់ខ្មាន់កាំភ្លើង ជាលក្ខណៈជីវិតប្ដីប្រពន្ធ នៅក្នុងឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
ក្រោយទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធ ជនរងគ្រោះ ឈ្មោះ ពលៈ ក៏ឡើងម៉ូតូចេញពី ផ្ទះម្ដាយក្មេកនេះ សំដៅទៅលំនៅរបស់ខ្លួន នៅក្រុងបានលុង ចំងាយរាប់សិបគីឡូ ដោយកូនស្រីរបស់ខ្លួន ក៏រត់ឡើងម៉ូតូ តាមខ្លួនដែរ។
បន្តិចក្រោយមក ប្អូនថ្លៃឈ្មោះ អ៊ាត កេង ជាទាហាន និងបក្ខពួកជិះឡាន ម៉ូតូ ដេញតាមពីក្រោយ រហូតដល់ទាន់ចំណុចស្ងាត់មួយ។ ពេលនោះ ប្អូនថ្លៃជាខ្មាន់កាំភ្លើង បានដកកាំភ្លើងខ្លី ភ្ជង់ផ្ទប់ក្បាលជនរងគ្រោះ និងរុញច្រានដើមទ្រូង ភ្ជាប់ដោយសម្ដីអាមឹង សំឡុត គំរាមរកបាញ់សំលាប់។ គ្រានោះ កូនស្រីរបស់ ជនរងគ្រោះ ត្រូវជាក្មួយជនល្មើស ផងនោះ ក៏ស្រែកយំឡើង។
ប្រហែលជាជនល្មើស ខ្លាចអ្នកដំណើរ ឆ្លងកាត់ទីនោះ ឃើញហេតុការណ៍ បូករួមទាំងសម្រែកយំ របស់ក្មេងស្រី បានធ្វើឲ្យខ្មាន់កាំភ្លើង បន្ថយសកម្មភាព។
ឃើញឱកាសដកឃ្លាបាន ជនរងគ្រោះ បានលើកកូនស្រីរបស់ខ្លួន ជិះម៉ូតូគេចខ្លួនបន្ត ទៅផ្ទះមេឃុំមួយ តែមិនមែនជាឃុំកើតហេតុទេ។
លោកមេឃុំគណបក្សប្រជាជន ដែលជាជនជាតិដើម បានការពារ ឲ្យផ្ទះស្នាក់នៅ ដោយសុវត្ថិភាព និងព្រមទាំងជួយទំនាក់ទំនង សមត្ថកិច្ចឲ្យជនរងគ្រោះ ដាក់ពាក្យប្ដឹងថែមទៀត នៅថ្ងៃបន្តបន្ទាប់។
នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដោយមិនចង់រំខានលោកឃុំ ប្រកបដោយ ព្រហ្មវិហារធម៌យូរ ជនរងគ្រោះ បានលាទៅទីរួមខេត្តវិញ តែដោយផ្លូវឆ្ងាយជាង ៥០ គីឡូ និងស្ងាត់ អមដោយព្រៃផងនោះ ជនរងគ្រោះ ក៏ហៅបងប្អូន ពីក្រុងបានលុង ឲ្យមកជួយអមដំណើរខ្លួនទៅ។ ថយការភ័យបន្តិច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ បានទាក់ទងលោក មេឃុំចិត្តធម៌នោះ ដើម្បីជួយណែនាំប្ដឹងផ្ដល់។
លោកមេឃុំ បានទាក់ទងអធិការស្រុកវ៉ឺនសៃ។ ទៅដល់អធិការដ្ឋាន លោកអធិការថា ទៅប្ដឹងស្នងការដ្ឋាន នគរបាលខេត្តវិញ។ ជនរងគ្រោះ បានចេញមកក្រុងបានលុង ឆ្ពោះទៅស្នងការដ្ឋាន តែបានបន្តិច លោកមេឃុំ ទូរស័ព្ទហៅត្រឡប់ ឲ្យទៅប្ដឹងខាងប៉េអឹមស្រុកវ៉ឺនសៃវិញ បើខាងនគរបាល មិនទទួលពាក្យ។ ជនរងគ្រោះ ក៏បកទៅប៉េអឹមស្រុកនោះ ជួបមន្ត្រី និងទាក់ទងទៅមេប៉េអឹមស្រុក តាមទូរស័ព្ទ។ មេប៉េអឹម ប្រាប់ថា មិនអីទេចាំលោក ស្រាវជ្រាវ ទៅផ្ទះសិនចុះ។
មកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ មិនអស់ចិត្ត ព្រោះតែមិនទាន់មាន សមត្ថកិច្ចណាទទួល ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរ ខ្លួនបានទៅស្នងការដ្ឋាននគរបាលខេត្ត។ ពេលនោះ នគរបាលខេត្ត ប្រាប់ថា ទៅប្ដឹងខាងប៉េអិមវិញ ព្រោះខ្មាន់កាំភ្លើង ជាទាហាន។ ជនរងគ្រោះ មិនបង្អង់បានទំនាក់ទំនង ទៅខាងប៉េអឹមខេត្ត។ ជួបប៉េអឹមម្នាក់ គាត់ក៏បានប្រាប់ឲ្យ ទៅខាងទទួលផែន។ ខាងទទួលផែនព្រហ្មទណ្ឌ បានទទួលពាក្យប្ដឹងផ្ទាល់មាត់ របស់ជនរងគ្រោះ និងជួយសរសេរពាក្យប្ដឹងនេះ រួចឲ្យជនរងគ្រោះ ផ្ដិតមេដៃ។
ជនរងគ្រោះ សង្ឃឹមថា អាវុធហត្ថខេត្ត នឹងចាត់នីតិវិធី ដូចជា ទូរស័ព្ទហៅខ្មាន់កាំភ្លើង ឲ្យចូលខ្លួន ចេញលិខិតកោះហៅ តាមរយៈក្រុមគ្រួសារ និងចុងក្រោយ បញ្ជូនសំណុំរឿង ទៅស្ថាប័នអយ្យការ ឲ្យចាត់ការបន្ត។
បើតាមឳពុកជនរងគ្រោះ បានទូរស័ព្ទទៅជួយជនល្មើស ជនល្មើសប្រាប់ ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចខាងលើមែន។ ខ្មាន់កាំភ្លើង ប្រាប់ឳពុកជនរងគ្រោះ តាមទូរស័ព្ទថា ទោះយ៉ាងណា គេមិនបានបាញ់ មួយគ្រាប់ណាទេ គឺគ្រាន់តែគំរាមបំភ័យ ជនរងគ្រោះជាបងថ្លៃ កុំឲ្យទាស់ជាមួយប្រពន្ធ ដែលជាបងស្រី របស់ខ្លួនទៀត៕
បាងកក៖មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ព្រះបរមសពក្សត្រ Bhumibol ដែលបានចូលទីវង្គតកាលពីឆ្នាំ២០១៦នោះ នឹងត្រូវបូជាជាផ្លូវការនៅថ្ងៃទី២៦ខែតុលា ហើយពិធីបុណ្យបូជាសពនេះនឹងត្រូវប្រើប្រាស់ពេលចំនួន៥ថ្ងៃ។
ក្រោយការកំណត់កាលបរិច្ឆេទនៃការបូជាសពនេះ ក៏មានការរៀបចំការបរិច្ឆេទនៃការឡើងសោយរាជ្យជាផ្លូវការនៃបុត្ររបស់ក្សត្រអង្គនេះផងដែរ។ ក្សត្រ Maha Vajiralongkorn ត្រូវបានប្រកាសថា ឡើងសោយរាជ្យកាលពីខែធ្នូឆ្នាំ២០១៦ ប៉ុន្តែពិធីនឹងធ្វើឡើងជាផ្លូវការនៅពេលដែលពិធីបូជាសពបីតារបស់ព្រះអង្គរួចរាល់។
ដោយឡែកមន្ត្រីព្រះបរមរាជវាំងបានបញ្ជាក់ថា ក្សត្របច្ចុប្បន្នបានយល់ព្រមជាមួយគម្រោងផែនការរបស់រដ្ឋាភិបាល លើពិធីបូជាសព នៅថ្ងៃទី២៦ខែតុលា៕

ឥណ្ឌា៖មន្ត្រីរដ្ឋាភិបាលឥណ្ឌាថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា រថយន្តក្រុងដឹកអ្នកដំណើរចំនួន៥៦នាក់មួយគ្រឿងបានរអិលធ្លាក់ផ្លូវនៅតាមជើងភ្នំ ហើយធ្លាក់ទៅក្នុងជ្រោះជ្រៅមួយនៅតំបន់ Himalayan នៃរដ្ឋ Himachal Pradesh ចម្ងាយប្រមាណ១១៥គីឡូម៉ែត្រនៃរដ្ឋធានី Shimla ភាគខាងជើងនៃប្រទេសឥណ្ឌាបណ្តាលឲ្យស្លាប់មនុស្សអស់៤៤នាក់។
នគរបាលបានថ្លែងថា ក្រុមអ្នកជួយសង្គ្រោះបានជួយដល់អ្នកដែលធ្លាក់កប់នៅក្នុងជ្រោះ ហើយបានជួយអ្នកដំណើរមួយចំនួននៅមានជីវិត និងរងរបួស។ នគរបាលបានបញ្ជាក់ថា ថយន្តនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារស្ថានភាពផ្លូវអាក្រក់ពេលធ្វើដំណើរ គឺក្នុង១ឆ្នាំស្លាប់១៥០ ០០០នាក់៕

រាជធានីភ្នំពេញ៖យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃ២០ដល់ថ្ងៃទី២៩ ខែមេសា អាចនឹងមានភ្លៀងកក់ខែនៅតែបន្តធ្លាក់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរក កលនឹងភ្លៀង (ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧) ជាពិសេសនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕


អង់គ្លេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា លោកស្រីមានគំរោងក្នុងការស្នើឲ្យមានការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះទិសដៅគឺពង្រឹងអំណាចបក្សអភិរក្សនៅសភាដើម្បីសម្រួលដល់រដ្ឋាភិបាលក្នុងការចរចាប្រិចស៊ីតជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន BBC។
តាមធម្មតាការបោះឆ្នោតសកលទូទៅរបស់អង់គ្លេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ឯណោះទេ ប៉ុន្តែដោយសារអង់គ្លេសត្រូវចរចាជាមួយអឺរ៉ុប២ឆ្នាំ ដើម្បីអាចដើរចេញពីអឺរ៉ុប អោយដាច់ស្រឡះ នៅរវាងឆ្នាំ២០១៩ និងដោយសារតែភាពមិនច្បាស់លាស់ជាច្រើនបានកើតឡើង រួមទាំងបញ្ហាសន្តិសុខដែលនាំឲ្យមានរង្គោះរង្គើដល់រដ្ឋាភិបាលនោះ ទើបលោកស្រីសម្រេចរៀបចំការបោះឆ្នោតជាបន្ទាន់មួយមុនកាលកំណត់ ពោលគឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស បក្សប្រឆាំងនៅសភា សព្វថ្ងៃនេះចង់បង្អាក់ការងាររបស់លោកស្រី ហើយដោយសារជំហរបក្សប្រឆាំង សមត្ថភាពចរចាប្រិចស៊ីតរបស់រដ្ឋាភិបាលអាចនឹងចុះខ្សោយ ប្រឈមនឹងដៃគូចរចាជាសហភាពអឺរ៉ុប។
សារព័ត៌មានដដែលបញ្ជាក់ថា ដើម្បីអាចរៀបចំការបោះឆ្នោតសភាមុនអាណត្តិ នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវតែមានសម្លេងគាំទ្រពីតំណាងរាស្ត្រ ២ភាគ៣។ បក្សប្រឆាំងនិងបក្សមួយចំនួនមិនសប្បាយចិត្តនឹង ការប្រកាសរបស់លោកស្រី Theresa May ចង់បោះឆ្នោតសភាមុនកំណត់នេះទេ។ ទោះយ៉ាងនេះក្តី បក្សការងារដែលជាបក្សប្រឆាំងធ្លាប់ប្រាប់ថា មិនជំទាស់នឹងការរៀបចំបោះឆ្នោតមុនអាណត្តិទេ។
បើយោងតាមការស្ទាបស្ទង់មតិ ប្រជាប្រិយភាពរបស់បក្សអភិរក្សនាំមុខបក្សប្រឆាំង ហើយប្រជាប្រិយភាពរបស់លោកស្រី Theresa May ក៏នាំមុខប្រជាប្រិយភាពលោកចេរេមី ឃរប៊ីន ជាមេដឺកនាំបក្សប្រឆាំងដែរ។ ពលរដ្ឋអង់គ្លេស៥០ភាគរយ ពេញចិត្តអោយលោកស្រី Theresa May ធ្វើជានាយករដ្ឋមន្ត្រី ខណៈលោកឃរប៊ីន មកពីបក្សប្រឆាំង បានទទួលការគាំទ្រត្រឹមតែ១៤ភាគរយ៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ស្តីពីការព្យាករណ៍អាកាសធាតុ លើកទី២ សម្រាប់រដូវវស្សា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី១ នៃខែឧសភា ហើយសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ ខណៈភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើន។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖



រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ១,៦លានទៅ១,៧លាននាក់បានទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្តខេត្តសៀមរាប ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៧។
លោក ថោង ខុន ថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧នេះ កិច្ចការមានសភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលបានទិញសំបុត្រចូលទស្សនាប្រាសាទក្នុងរយៈពេល៣ថ្ងៃ មានចំនួន២០.៧២៨នាក់ កើន២៨%ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដោយមិនទាន់រាប់បញ្ចូលភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្តក្នុងកម្មវិធីអង្គរសង្ក្រាន្ត ហើយមិនទាន់ទិញសំបុត្រចូលទស្សនាអង្គរនោះទេ៕


ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ដោយសារបើករថយន្តមួយគ្រឿងជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់ ដែលករណីនេះកើតឡើងកាលពីយប់រំលងអធ្រាត្រឈានថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ម៉ោង១២ និង៣០នាទី លើវិថីឯករាជ្យ មុខផ្សារទំនើបអូររ៉េន ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក TOYOTA ពណ៌ខ្មៅ ពាក់ស្លលេកខភ្នំពេញ2BB-5858 បើកបរដោយជនជាតិចិន ជិះគ្នា២នាក់ មានទិសដៅពីតោពីរមកផ្សារលើ លុះដល់ចំណុចខាងលើ បានជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។
នគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ជនជាតិចិន១នាក់ និងរងរបួសធ្ងន់១នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចាក់អង្រែ ក្រុងព្រះសីហនុ។ ចំណែកឯមធ្យោបាយ រថយន្ត១គ្រឿង សមត្ថកិច្ចនគរបាល បានស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕


រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជវិសាមញ្ញជាថ្មីម្ដងទៀត ដើម្បីជ្រើសរើសអនុប្រធានឡើងវិញ បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្សតែមិនទទួលស្គាល់អនុប្រធាន៣រូបទៀត ក្រោមហេតុផលមិនត្រូវតាមលក្ខន្តិកៈគណបក្ស។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការធ្វើសមាជវិសាមញ្ញជាថ្មីម្តងទៀត គឺនៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើវិសោធនកម្មលក្ខន្ដិកៈគណបក្ស និងដើម្បីជ្រើសអនុប្រធានបក្ស។ លោកបន្តថា ការរៀបចំធ្វើសមាជវិសាមញ្ញថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានរៀបចំឲ្យមានកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៧ ខែមេសា នៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា ក្រសួងមហាផ្ទៃបានបដិសេធមិនបានទទួលស្គាល់ លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សនោះទេ ដោយលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូបនេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍