ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖បុរសម្នាក់ចាប់បង្ខំរំលោភសេពសន្ថវៈលើកូនចិញ្ចឹមអាយុ១០ឆ្នាំរាប់ដងក្នុងមួយខែៗតាំងពីឆ្នាំ២០១៥រហូតមក ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះតាមពាក្យបណ្តឹងរបស់ប្រពន្ធ។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជើងភ្នំអាយៀ ភូមិរលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឌី អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ គឹម គង្គា អាយុ៣៦ឆ្នាំ ។ ឯកុមារីជាកូនចិញ្ចឹមឈ្មោះ.ឌ.ល.កអាយុ១២ឆ្នាំ រស់នៅជាមួយឪពុកម្តាយចិញ្ចឹមក្នុងភូមិរលច ឃុំកន្ទួត ស្រុកចិត្របុរី ។ សមត្ថកិច្ច បានបន្តថាមុនមានហេតុការណ៍នៅអំឡុងឆ្នាំ២០១៥ ជនសង្ស័យបានសុំកុមារីរងគ្រោះអាយុទើបតែ១០ឆ្នាំ ពីអ្នកភូមិម្នាក់យកមកចិញ្ចឹមចាត់ទុកជាកូនបង្កើតដោយដាក់ឈ្មោះត្រកូលរបស់ខ្លួន(ជនសង្ស័យ)ឲ្យកុមារីនោះទៀតផង។
ប្រភពដដែលបានបន្តថា ក្រោយយកមកចិញ្ចឹមជនសង្ស័យតែងតែយកកុមារីរងគ្រោះទៅដេកចាំចម្ការនៅឆ្ងាយពីភូមិ ។ ដោយមានឱកាសជនសង្ស័យជាឪពុកចិញ្ចឹមបានចាប់រំលោកសេពសន្ថវៈជារៀងរាល់ខែដោយក្នុងមួយខែៗពី៩ទៅ១០ដង។ ក្នុងនោះជនសង្ស័យតែងបានគំរាមសម្លាប់បើកុមារីនោះហ៊ានប្រាប់ទៅម្តាយ(ប្រពន្ធ)ឬប្រាប់អ្នកភូមិ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ លឿត ឌី ជាឪពុកចិញ្ចឹមបានចាប់រំលោភកុមារីរងគ្រោះបានម្តង។ មកដល់ថ្ងៃទី២៣ ខែដដែល បានចាប់រំលោភម្តងទៀត។
ប្រភពបានបន្តថានៅថ្ងៃទី២៤ ខែឆ្នាំដដែល កុមារីរងគ្រោះបានមកភូមិក៏បានយករឿងរ៉ាវដែលឪពុកចិញ្ចឹមប្រព្រឹត្តមកលើខ្លួនទាំងប៉ុន្មានប្រាប់ម្តាយចិញ្ចឹមឲ្យដឹង ។ នៅថ្ងៃខែឆ្នាំដដែលឈ្មោះ គឹម គង្គា ជាម្ដាយចិញ្ចឹមបាននាំកូនស្រីនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿត ឌី យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកន្ទួត ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភនាងតាំងពីឆ្នាំ២០១៥រហូតមកមែន។
ក្រោយពីសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៦ខែមីនាម្សិលមិញនេះដើម្បីផ្តន្ទាទោសតាមច្បាប់៕


សុខភាព៖មនុស្សជាច្រើនបានជួបប្រទះផលប៉ះពាល់អវិជ្ជមានពីការទទួលទានប៊ីចេង។ ផលរំខានអាចរួមមានពិការភាព មិនអាចដកដង្ហើម មានអារម្មរណ៏ចាក់លើស្បែកឆៀបៗ និងហើម។ ប្រតិកម្មអវិជ្ជមានអាចនឹងធ្ងន់ធ្ងរ ដែលការប្រើប្រាស់ប៊ីចេងអាចនឹងបណ្តាលអោយស្លាប់បានសំរាប់មនុស្ស មួយចំនួន។
ជាធម្មតាប៊ីចេងប្រើយ៉ាងច្រើននៅក្នុងអាហារជាគ្រឿងក្លែម។ ព័ត៌មានដែលមិនត្រឹមត្រូវមួយចំនួនបានលើកឡើងថា ប៊ីចេងគឺបានមកពី ធម្មជាតិដូច្នេះវាគឺមានសុវត្ថិភាព។ ខណៈពេលដែលវាគឺជាការពិតដែលថាធាតុផ្សំនៃប៊ីចេង(glutamate)ដែលមិន ទាន់កែច្នៃ។
យោងតាមរបាយការណ៍ថ្មីមួយដោយ UHR បានអោយដឹងថាប៊ីចេងអាចបណ្តាល អោយមានការខូចខាតដល់កោសិកាខួរក្បាល បើទោះជាពួកវាត្រូវបានរកឃើញក្នុងបរិមាណតិចនៅក្នុងអាហារធម្មជាតិ ក៏ដោយ។ ចំពោះហេតុផលនេះហើយទើបប៊ីចេងត្រូវបាន UHR ដាក់ចូលទៅក្នុងបញ្ជីនៃគ្រឿងផ្សំទាំង១០ដែលមានគ្រោះថ្នាក់បំផុត៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានរងការខូចខាតដោយគ្រោះធម្មជាតិ បន្ទាប់ពីមានភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ផ្ទះរងការចំនួន២ខ្នង៖១-ផ្ទះ ឈ្មោះ មុត រតនា ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី របើកស័ង្កសី១២សន្លឹក។ ទី២-ផ្ទះឈ្មោះ យ៉ាត សំយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិព្រៃអំពរ ឃុំ អណ្ដើកហែប ស្រុករតនមណ្ឌល ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូលខូចខាតទាំងស្រុង ៕


អាមេរិក៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Russia Today បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ ថា យន្តហោះឯកជនខា្នតតូចមួយគ្រឿងបានធ្លាក់លើលំនៅឋានមួយខ្នងបណ្តាលឲ្យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងទីក្រុង Marietta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក។
ពុំទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីការរងរបួស ឬបាត់បង់ជីវិតអ្នកដំណើរនៅក្នុងយន្តហោះនៅឡើយទេ ខណៈភ្នាក់ងារសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ។
អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់អាមេរិកបាននិយាយថា យន្តហោះឯកជនធុន Cessna Citation I ដែលអាចផ្ទុកមនុស្សបានពី០៥នាក់ទៅ០៧នាក់នោះ ពេលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះ Fulton County បានធ្លាក់នៅភាគខាងកើតព្រលានយន្តហោះ Cobb County នាព្រឹកថ្ងៃសៅរ៍នេះ៕

មូស្គូ៖គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៊ីបាននិយាយថា កងកម្លាំងការពារជាតិរុស្ស៊ីចំនួន០៦នាក់ស្លាប់ និងក្រុមសកម្មប្រយុទ្ធទាំងអស់០៦នាក់ក៏បាត់បង់ជីវិតដូចគ្នា នៅក្នុងការវាយឆ្មក់មកលើឆ្មាំការពារជាតិរុស្ស៊ីកាលពីម្សិលមិញនៅឯសាធារណរដ្ឋ Chechen។ នេះបើតាមសារព័ត៌មាន Sputnik។
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា «ប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្បែរតំបន់ Naursky នៃសាធារណរដ្ឋ Chechen (ស្ថិតនៅភាគនិរតីរុស្ស៊ី ជាប់ព្រំដែនប្រទេសហ្សកហ្ស៊ី) បានបញ្ចប់នៅម៉ោង ២៣៖០០នាទី (ម៉ោងសកល) ហើយនៅពេលវាយប្រយុទ្ធគ្នានោះដែរ ក្រុមសកម្មប្រយុទ្ធទាំងអស់០៦នាក់ ត្រូវបានសម្លាប់ចោល»។
គណៈកម្មាធិការដដែលខាងលើនេះបន្ថែមថា ឆ្មាំការពារជាតិរុស្ស៊ី ចំនួន ០៦នាក់បានស្លាប់ និងមួយចំនួនទៀតទទួលរងរបួស ខណៈទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB កំពុងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណរបស់ក្រុមសកម្មប្រយុទ្ធទាំងនេះ៕

ខេត្តពោធិ៍សាត់៖ក្រោមហេតុផលអស់ជំនឿលើគណបក្ស សកម្មជនសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ២៣រូប បានដើរចេញពីគណបក្ស ។ សកម្មជនទាំងនោះរស់នៅក្នុងឃុំរំលេច ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះ មានសកម្មជនប្រតិបត្តិភូមិ និងថ្នាក់ដឹកនាំភូមិ បានសម្រេចចិត្តចាកចេញពីគណបក្ស សង្គ្រោះជាតិ ហើយមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ លោក នេត ណាត បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែង៕


រាជធានីភ្នំពេញ៖អតីតមន្ត្រីគណបក្ស សម រង្ស៊ី មួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះបានលើកឡើងថា គណបក្សសង្គ្រោះជាតិ អាចនឹងពុំមានឱកាសចូលរួមការបោះឆ្នោតឃុំ/សង្កាត់ នាពេលខាងមុខនេះទេ ដោយសារសមាជវិសាមញ្ញដែលបានជ្រើសរើសថ្នាក់ដឹកនាំគណបក្ស នាពេលកន្លងទៅ ហើយត្រូវបានក្រសួងមហាផ្ទៃប្រកាសថា មិនស្របច្បាប់។
អតីតមន្ត្រីគណបក្ស សម រង្ស៊ី រូបនោះ បានបន្ថែមថា សារនយោបាយ ប្តូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រដែលកំពុងប្រឈមនឹងបណ្តឹងឲ្យគណបក្សសង្គ្រោះជាតិដកចេញក៏ជាមូលហេតុមួយទៀតដែលបង្ហាញថា គណបក្សប្រឆាំងមួយនេះនឹងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតឃុំ/សង្កាត់នាពេលខាងមុខនោះទេ ។ មន្ត្រីរូបនោះមានជំនឿថា គណបក្សប្រជាជនកម្ពុជានឹងយកបញ្ហានេះ ធ្វើជាមូលហេតុដើម្បីរារាំងគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោត ។
ទាក់ទិនករណីនេះ អ្នកវិភាគនយោបាយមួយចំនួនក៏បានលើកឡើងស្រដៀងគ្នានេះដែរថា អនាគតរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខត្រូវបានគេធ្វើឲ្យស្ថិតនៅក្នុងលក្ខណៈមិនច្បាស់លាស់ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចថាសមាជរបស់គណបក្សដែលបានធ្វើឡើងនាខែនេះដោយជ្រើសរើសលោក កឹម សុខា ធ្វើជាប្រធានគណបក្សគឺផ្ទុយនឹងលក្ខន្តិកៈរបស់គណបក្ស ឆ្នាំ២០១៣ ដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សច្របាច់បញ្ចូលគ្នា ។
ទន្ទឹមនោះក្រសួងមហាផ្ទៃក៏បានសុំឲ្យគណបក្សប្តូរពាក្យស្លោករបស់ខ្លួន «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ផងដែរ ដោយសំអាងថាសារពាក្យស្លោកនេះមិនគោរពទៅតាមរដ្ឋធម្មនុញ្ញច្បាប់ស្តីពីការបោះឆ្នោត និងស្មារតីនៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រសិនបើបក្សសង្គ្រោះជាតិមិនប្តូរទេនោះ គឺជាកំហុសធ្ងន់ធ្ងរណាស់បើនិយាយដល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រុមអ្នកវិភាគបានប្រមើលថា ក្រសួងមហាផ្ទៃនឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិស្ថិតនៅក្នុងស្ថានភាពលំបាកដោយសារបេក្ខជនឈរឈ្មោះឃុំ សង្កាត់របស់ពួកគេត្រូវបានជ្រើសរើសរួចហើយដោយលោក កឹម សុខា ដែលជាប្រធានគណបក្សដែលវានឹងពិបាកក្នុងការកែប្រែវិញ ។ ទង្វើនេះហាក់បីដូចជាមានគោលបំណងធ្វើឲ្យមានការិយាល័យធិបតេយ្យសម្រាប់គណបក្ស និងធ្វើឲ្យគណបក្សមានភាពលំបាកក្នុងការរៀបចំបេក្ខភាពឡើងវិញ សម្រាប់ការបោះឆ្នោតថ្ងៃទី ៤ មិថុនា ជាជាងការរំលាយគណបក្ស៕

ដោយ៖សុខ ណាត
មណ្ឌលគិរី៖មន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តបានបង្ហាញលទ្ធផលអំពីការពិនិត្យលើស្រា.សនាថ្ងៃទី២២ ខែមីនា ដែលសង្ស័យថា បានបង្កឲ្យមានមនុស្សពុលរហូតមានមនុស្ស៣នាក់ស្លាប់នៅខេត្តមណ្ឌលគិរីថា មានផ្ទុកសារធាតុមេតាណុល ក្នុងស្រា.ស លើសកម្រិតកំណត់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណនិងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)បានបញ្ចេញលទ្ធផលវិភាគលើគំរូស្រា.ស ដែលយកពីកន្លែងកើតហេតុ, កន្លែងចែកចាយបន្តនិងផ្ទះជនរងគ្រោះ នោះមានដូចជា ស្រាស នៅផ្ទះរបស់អ្នកផលិត មានកំរិតអាកុល20.00%និងមេតាណុលមិនលើស0.15% ត្រឹមត្រូវតាមបរិមាណកំណត់។ប៉ុន្តែចំពោះស្រាស ដែលយកមកពីផ្ទះអ្នកភូមិឈ្មោះឌៀប ដូរ លក់នោះគឺមានកំរិតអាល់កុលរហូតដល់25.00%និងមេតាណុលរហូតដល់6.90%លើសពីកំរិតកំណត់ដែលអាចបានត្រឹមតែ0.15%តែប៉ុណ្ណោះ។
ចំពោះស្រាដែលសល់ពីជនរងគ្រោះផឹកមានកំរិតជាតិអាលកុល26.00%និងមេតាណុល4.10%.។ដូចច្នេះជនរងគ្រោះបានស្លាប់នោះគឺដោយសារតែបរិមាណមេតាណុលដែលបានរកឃើញនៅក្នុងផ្ទះអ្នកលក់បន្តឈ្មោះឌៀប ដូរ លើសពីកម្រិតអនុញ្ញាតិខាងលើ ជាហេតុធ្វើឲ្យជនរងគ្រោះពុលនិងបង្ករឲ្យស្លាប់ពេលទទួលទានស្រា.សនោះ។
សូមបញ្ជាក់ថា មនុស្សចំនួន០៣នាក់ ត្រូវបានពុលស្រាសស្លាប់ជាបន្តបន្ទាប់និងមនុស្សចំនួន០៩នាក់ផ្សេងទៀតបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ក្រោយទទួលទានស្រាស ក្នុងកម្មវិធីបុណ្យសព កាលពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

ដោយ៖សុខ ណាត
មណ្ឌលគិរី៖ក្មេងតូចស្រី-ប្រុស០២នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្ដាតភ្លើង ខណៈឪពុក-ម្ដាយទុកឲ្យពួកគេ គេងក្នុងផ្ទះតែពីរនាក់បងប្អូន ហើយពួកគាត់បានទៅលេងផ្ទះអ្នកជិតខាង។ ហេតុការណ៍ឆេះផ្ទះបណ្ដាលឲ្យក្មេងតូចស្លាប់០២នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ មីនា ២០១៧ ម្សិលមិញនេះ នៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់លោក ឡេវ វិបុល បានឲ្យដឹងថា មុនពេលកើតហេតុឪពុក-ម្ដាយក្មេងរងគ្រោះ បានចេញទៅលេងផ្ទះបងប្អូនដែលចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះរបស់ខ្លួន ដោយបានទុកឲ្យកូនទាំងពីរនាក់គេងក្នុងផ្ទះ លុះបន្តិចក្រោយមកក៏មានគេស្រែកប្រាប់ភ្លើងឆេះផ្ទះ ទើបឪពុក-ម្ដាយក្មេងរងគ្រោះ រួមនិងអ្នកជិតខាងបាននាំគ្នាជួយពន្លត់ភ្លើង ប៉ុន្តែមិនអាចពន្លត់ភ្លើងបាននោះទេ បណ្ដាលឲ្យក្មេងប្រុសអាយុ០៤ឆ្នាំម្នាក់ និងក្មេងស្រីអាយុ០២ឆ្នាំម្នាក់បានស្លាប់ក្នុងអណ្ដាតភ្លើងគួរឲ្យសង្វេគ។
លោក ឡេវ វិបុល បានឲ្យដឹងទៀតថា ក្មេងរងគ្រោះទាំងពីរបងប្អូនជាជនជាតិដើមភាគតិចព្នង ហើយនៅព្រឹកថ្ងៃទី ២៤ មីនា ២០១៧នេះ សមត្ថកិច្ច រួមជាមួយឪពុក-ម្ដាយក្មេងរងគ្រោះបានកាយរកឃើញឆ្អឹងក្មេងទាំងពីរអ្នកហើយ។ ចំណែកផ្ទះដែលត្រូវភ្លើងឆេះនេះមានទទឹង០៦ម៉ែត្រ បណ្ដោយ០៧ម៉េត្រ ហើយក្នុងផ្ទះនេះក៏មានស្រូវ៤០បេត្រូវភ្លើង ឆេះគ្មានសល់ផងដែរ ហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានថា គឺអាចឆេះបណ្ដាលមកពីភ្លើងទៀន៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ បានបង្ហាញការព្រួយបារម្ភចំពោះបទល្មើសលួច ឆក់ និងប្លន់បន្តកើតមាន ច្រើនជាហូរហែរ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មដោយមិនខ្លាចរអើងអ្វីឡើយ។
នៅព្រឹកថ្ងៃទី២៤ខែមិនឆ្នាំ២០១៧នេះ មានម្តាយនិងកូន២នាក់ត្រូវចោរឆក់កាបូបយកទៅបាត់ដោយសុវត្ថិភាព នៅចំណុចដងន័ង្គលទល់មុខច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យដោយនៅក្នុងកាបូបនោះមានលុយចំនួនខ្មែរចំនួន១លាន៩០ម៉ឺន ទូរស័ព្ទមួយគ្រឿង និងមានអត្តសញ្ញាណប័ត្រកាតក្រីម៉ូតូ ជនសង្ស័យគេចខ្លួនបាត់ដោយសុវត្ថិភាព។
ទោះយ៉ាងណាសមត្ថកិច្ចនៅតែកំណត់មុខសញ្ញាណមិនទាន់បាននៅឡើយទេ៕



ឡុងដ៍៖ការវាយប្រហារនៅជិតវិមានរដ្ឋសភារបស់អង់គ្លេសកាលពីថ្ងៃពុធដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង២៩នាក់ផ្សេងទៀតរងរបួស គ្រាដែលប៉ូលិសចាត់ទុកថា ជាអំពើភេរវកម្មនោះ ពេលនេះប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៤នាក់ដែលជាប់សង្ស័យពាក់ព័ន្ធករណីខាងលើនេះ។
មន្ត្រីនគរបាលនៅ Metropolitan ថ្លែងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសមត្ថកិច្ចបានឆ្មក់ចូលផ្ទះពលរដ្ឋមួយចំនួន ដែលសង្ស័យក្រុមវាយប្រហារបានលាក់ខ្លួននៅដោយបានឃាត់ខ្លួនមនុស្ស៤នាក់ និង កំពុងស្វែងរកអ្នកពាក់ព័ន្ធបន្តទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia។
ទោះយ៉ាងណានគរបាលបញ្ជាក់ថា ពួកគេមិនទាន់អាចបង្ហាញអត្តសញ្ញាណ និងព័ត៌មានលម្អិតផ្សេងៗទៀត ពាក់ករណីនេះទេ ព្រោះស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត។
គួរបញ្ជាក់ថា ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឈ្មោះ Amaq បានអះអាងថា ការវាយប្រហារនៅកណ្ដាលទីក្រុងឡុងដ៏ ជាស្នាដៃរបស់ខ្លួនហើយជន Khalid Masood ជាអ្នកប្រយុទ្ធម្នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធ ISIS ដែលទទួលបញ្ជា និងកំពុងដឹកនាំការវាយប្រហារសងសឹក ទៅលើបណ្ដាប្រទេសបានចូលរួមនៅក្នុង ក្រុមចំរុះអន្តរជាតិជាមួយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងក្រុមរបស់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់៕

រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីប្រកាសមួយ ដោយបង្គាប់ឱ្យរោងចក្រ សហគ្រាស ទាំងអស់នៅកម្ពុជា អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាកពីការងារ រយៈពេល៤ថ្ងៃ ដើម្បីចូលរួមអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពាក់កណ្តាលខែមេសាខាងមុខនេះ។ ការឈប់សម្រាក់ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះតទៅ៕


សុខភាព៖ជំងឺសរសៃឈាមបេះដូង ជំងឺស្ទះសរសៃអាទែ និងបញ្ហាសម្ពាធឈាម ឡើងខ្ពស់ គឺសុទ្ធតែជាកត្តាហានិភ័យ ដែលអាចនាំទៅ រកការដាច់សរសៃ ឈាមបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ហើយជំងឺទាំង នេះអាចសម្លាប់លោក អ្នកយ៉ាងឆាប់រហ័សបំផុត បើលោកអ្នកព្យាបាល មិនបានទាន់ពេលវេលា។
ដើម្បីការពារមិន ឲ្យមានជំងឺស្ទះ សរសៃឈាម និង ធ្វើរាងកាយមានសុខភាពល្អ សូមលោកអ្នកធ្វើ តាមការណែនាំខាងក្រោមនេះ៖
១– ញាំអាហារសុខភាព ឲ្យបានជាប្រចាំដូចជាត្រី បន្លែ ផ្លែឈើ គ្រាប់ធម្មជាតិ ប្រេងអូលីវ ហើយកាត់បន្ថយអាហារ ដែលជាតិជាតិសាច់ ខ្លាញ់ និង គ្រឿងស្រវឹង
២– ប្រសិនបើលោកអ្នកជក់បារី សូមបោះបង់វាចោលជាបន្ទាន់
៣– ធ្វើលំហាត់ប្រាណ អ្វីក៏បានដែរតែត្រូវ ធ្វើឲ្យបានញឹកញាប់ ឬ យ៉ាងហោចណាស់ ៦០ នាទីដែរក្នុង ១ សប្តាហ៍
៤– ក្នុងករណី ដែលកម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ ហើយលោកអ្នក មិនអាចបញ្ចុះវាបាន តាមវិធីធម្មជាតិបាន លោកអ្នកអាច ពិគ្រោះយោបល់ ជាមួយនឹងគ្រូពេទ្យ ដើម្បីប្រើប្រាស់ថ្នាំបញ្ចុះកម្រិត កូឡេស្តេរ៉ុល
៥– ក្នុងករណី ចុងក្រោយបំផុត លោកអ្នកអាច ទៅជួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវះកាត់ និងព្យាបាលជំងឺស្ទះសរសៃឈាម នេះឲ្យបានល្អប្រសើរ មុនពេលដែលវាសម្លាប់លោកអ្នក៕

រាជធានីភ្នំពេញ៖តុលាការកំពូលបានសម្រេចថា នឹងប្រកាសសាលដីកាសំណុំរឿងនៅក្រៅឃុំរបស់ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ ដើម្បីបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូគបានបើកសវនាការលើសំណុំរឿងស្នើសុំនៅក្រៅឃុំរបស់លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បន្ទាប់ពីលោកបានបរាជ័យនៅក្នុងស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍